មេរៀនទី 9 ៖ ថ្ងៃទី 1
នីហ្វៃទី 2 32
សេចក្តីផ្ដើម
បន្ទាប់ពីការបង្រៀនអំពី « ផ្លូវតូច ហើយចង្អៀតនោះដែលនាំទៅឯជីវិតដ៏នៅអស់កល្បជានិច្ច » ( នីហ្វៃទី 2 31:18 ) នីហ្វៃបានឃើញថា ប្រជាជនរបស់លោកឆ្ងល់ថា តើពួកគេគួរតែធ្វើអ្វីបន្ទាប់ពីការចាប់ផ្តើមនៅលើផ្លូវនោះ ។លោកបានឆ្លើយសំណួររបស់ពួកគេដោយការលើកទឹកចិត្តពួកគេឲ្យ « ទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ » ហើយ « អធិស្ឋានជានិច្ច » ( នីហ្វៃទី 2 32:3, 9 ) ។លោកបានបញ្ជាក់ដល់ពួកគេថា បើសិនពួកគេនឹងធ្វើនូវរឿងទាំងនេះ នោះព្រះវិញ្ញាណបរិសុទ្ធនឹងជួយពួកគេឲ្យដឹងនូវអ្វីដែលត្រូវធ្វើ ។
នីហ្វៃទី 2 32:1–7
នីហ្វៃទូន្មានយើងឲ្យស្វែងរកទិសដៅដ៏ទេវភាពតាមរយៈព្រះបន្ទូលទាំងឡាយនៃព្រះយេស៊ូវគ្រីស្ទ
សូមគិតដល់គ្រាមួយ នៅពេលអ្នកណាម្នាក់បានផ្តល់ទិសដៅដល់អ្នក ដើម្បីទៅពីកន្លែងមួយទៅកន្លែងមួយទៀត ។តើវាងាយស្រួល ឬ ពិបាកដើម្បីយល់ទិសដៅទាំងនោះ ?តើហេតុអ្វីវាសំខាន់ដើម្បីមានអ្នកណាម្នាក់ផ្តល់ឲ្យអ្នកនូវទិសដៅដ៏ច្បាស់លាស់ ?
កាលពីមេរៀនមុន អ្នកបានសិក្សាទិសដៅមួយចំនួនដែលនីហ្វៃបានផ្តល់ឲ្យប្រជាជនរបស់លោក ។បន្ទាប់ពីការចែកចាយទិសដៅទាំងនេះហើយ លោកបានមានប្រសាសន៍ថា « នេះគឺជាផ្លូវ » ( នីហ្វៃទី 2 31:21 ) ។សូមពិនិត្យមើលមួយភ្លែតក្នុង នីហ្វៃទី 2 31:17–18 ហើយពិនិត្យមើលរបៀបដែលមនុស្សម្នាក់ចាប់ផ្តើមដើរនៅលើផ្លូវទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច ។បន្ទាប់មកសូមអាន នីហ្វៃទី 2 32:1 ហើយរកមើលសំណួរមួយដែលមាននៅក្នុងចិត្តប្រជាជន ដែលទាក់ទងនឹងអ្វីដែលនីហ្វៃបានបង្រៀនទៅកាន់ពួកគេ ។សូមពិពណ៌នាពីសំណួររបស់ប្រជាជន ជាពាក្យសម្ដីរបស់អ្នកផ្ទាល់ ៖
សូមអាន នីហ្វៃទី 2 32:2–3 ហើយរកមើលអ្វីដែលនីហ្វៃបានមានប្រសាសន៍ថា យើងត្រូវធ្វើបន្ទាប់ពីយើងបានចូលទៅតាមផ្លូវនោះហើយ ។វាអាចមានប្រយោជន៍ដើម្បីដឹងថា ការនិយាយដោយភាសានៃពួកទេវតា យោងតាម ប្រធាន ប៊យដ៍ ឃេ ផាកកឺ ប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ គឺ « ជាធម្មតាមានន័យថា អ្នកអាចនិយាយដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ » ( «The Gift of the Holy Ghost: What Every Member Should Know» Ensign ខែ សីហា ឆ្នាំ 2006 ទំព័រ 50 ) ។
អ្នកអាចចង់គូសចំណាំឃ្លា « ទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ » ក្នុង នីហ្វៃទី 2 32:3 ( ខនេះគឺជាវគ្គចំណេះចំណានខគម្ពីរ ) ។នីហ្វៃបានប្រើប្រាស់ឃ្លា « ព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ » ដើម្បីពិពណ៌នាពីការបង្រៀនទាំងឡាយដែលបានបំផុសដោយព្រះវិញ្ញាណបរិសុទ្ធ ។សូមសរសេរវិធី ឬ ទីកន្លែងមួយចំនួនដែលអ្នកអាចអាន ឮៗ ឬ ទទួលការបង្រៀនទាំងឡាយដែលបានបំផុសដោយព្រះវិញ្ញាណបរិសុទ្ធ ។
ព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទរួមទាំងព្រះគម្ពីរ និង ពាក្យសម្ដីរបស់ពួកព្យាការីសម័យបច្ចុប្បន្ន ។ដើម្បីជួយអ្នកសញ្ជឹងគិតពីអ្វីដែលឃ្លា « ទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ » អាចមានន័យយ៉ាងណា នោះសូមអានកាដកស្រង់ខាងក្រោមនេះ ៖
អែលឌើរ រ័សុល អិម ណិលសុននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖ « ទទួលទាន មានន័យខ្លាំងជាង ភ្លក់ ។ទទួលទាន មានន័យថា ក្រេបឱជារស ។យើងក្រេបឱជារសនៃព្រះគម្ពីរតាមរយៈការសិក្សាព្រះគម្ពីរនោះ ក្នុងវិញ្ញាណនៃការរកមើលដោយអំណរអរ និង ការគោរពប្រតិបត្តិដ៏ស្មោះត្រង់ ។នៅពេលយើងទទួលទានព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ នោះព្រះបន្ទូលទាំងនោះ … ក្លាយជាផ្នែកទាំងមូលមួយនៃលក្ខណៈសម្បត្តិរបស់យើង » ( «Living by Scriptural Guidance,» Ensign ខែ វិច្ឆិកា ឆ្នាំ 2000 ទំព័រ 17 ) ។
អែលឌើរ រ៉ូបឺត ឌី ហែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ ៖ « បើសិនអ្នក និង ខ្ញុំត្រូវទទួលទានព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ នោះយើងត្រូវតែសិក្សាព្រះគម្ពីរ និង ក្រេបជញ្ជក់ព្រះបន្ទូលរបស់ទ្រង់ តាមរយៈការសញ្ចឹងគិតព្រះបន្ទូលទាំងនោះ ហើយធ្វើឲ្យព្រះបន្ទូលទាំងនោះក្លាយជាផ្នែកមួយនៃរាល់ការគិត និង សកម្មភាពទាំងអស់ » ( «Healing Soul and Body» Ensign ខែ វិច្ឆិកា ឆ្នាំ 1998 ទំព័រ 15 ) ។
-
ក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរជាពាក្សសម្ដីអ្នកផ្ទាល់ថាអ្នកគិតថា ទទួលទានព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ មានន័យយ៉ាងណា ។
សូមពិចារណានូវភាពខុសគ្នារវាងពាក្យ ទទួលទាន អាហារសម្រន់ និង ស្រេកឃ្លាន ។ សូមគិតមួយភ្លែតអំពីរបៀបដែលវិធីគ្មានប្រសិទ្ធិភាពមួយចំនួននៃការសិក្សាព្រះបន្ទូលនៃព្រះគ្រីស្ទ អាចប្រៀបធៀបទៅនឹងការទទួលទានអាហារសម្រន់ ឬ ក៏ការស្រេកឃ្លាន ។
សូមបំពេញគោលការណ៍ដែលនៅសេសសល់តទៅនេះយោងទៅតាម នីហ្វៃទី 2 32:3 ៖ នៅពេលយើងទទួលទានព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ នោះព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទនឹង ។
-
ក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរអំពីគ្រាមួយនៅពេលដែលការទទួលទានព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទបានជួយអ្នកដឹងពីអ្វីដែលត្រូវធ្វើក្នុងជីវិតរបស់អ្នក ឬ ពិពណ៌នាពីស្ថានភាពមួយដែលអ្នកប្រឈមមុខឥឡូវនេះ ដែលការទទួលទានព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ អាចជួយដល់អ្នក ។
សូមបំពេញនៅកន្លែងចន្លោះខាងក្រោម ដើម្បីវាយតម្លៃថាតើអ្នកកំពុងទទួលទានព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទបានល្អប៉ុណ្ណា ហើយថាតើអ្នកអាចធ្វើឲ្យប្រសើរឡើងយ៉ាងដូចម្តេច ។នៅក្នុងឧទាហរណ៍នីមួយខាងក្រោម សូមសរសេរពាក្យ—ទទួលទាន អាហារសម្រន់ ឬ ស្រេកឃ្លាន—ដែលពិពណ៌នាយ៉ាងល្អបំផុត ថាតើអ្នកព្យាយាមបានល្អយ៉ាងណា ដើម្បីដឹងពីព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ ។ឧទាហរណ៍ អ្នកអាចទទួលទានព្រះគម្ពីរនៅក្នុងការសិក្សាផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្តែគ្រាន់តែទទួលទានអាហារសម្រន់នូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទក្នុងសន្និសីទទូទៅ ។
ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ៖
ការប្រជុំសាក្រាម៉ង់ ៖
សន្និសីទទូទៅ ៖
ការសិក្សាព្រះគម្ពីរជាគ្រួសារ ៖
ថ្នាក់សិក្ខាសាលា ៖
រាត្រីជួបជុំក្រុមគ្រួសារ ៖
ការប្រជុំកូរ៉ុមបព្វជិតភាពអើរ៉ុន ឬ ថ្នាក់យុវនារី ៖
សាលាថ្ងៃអាទិត្យ ៖
ការអធិស្ឋានផ្ទាល់ខ្លួន ៖
-
សូមចំណាយពេលមួយភ្លែតដើម្បីជ្រើសរើសសកម្មភាពមួយពីសកម្មភាពទាំងឡាយដែលអ្នកបានសរសេរថា អ្នក « ទទួលទានអាហារសម្រន់ » ឬ « ស្រេកឃ្លាន » នៅពេលថ្មីៗនេះ ។នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរថាតើអ្នកនឹងទទួលទានព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទកាន់តែល្អឡើងក្នុងស្ថានភាពនោះយ៉ាងដូចម្តេច ។បន្ទាប់មក អាន ហើយធ្វើតាមសេចក្តីនោះ ។
សូមអាន នីហ្វៃទី 2 32:4–7 ហើយសញ្ជឹងគិតចម្លើយទាំងឡាយចំពោះសំណួរខាងក្រោមនេះ ( អ្នកនឹងសរសេរចម្លើយរបស់អ្នកពីសំណួរមួយនៃសំណួរទាំងឡាយសម្រាប់កិច្ចការលេខ 4 ) ៖
-
ក្នុងខទី 4 តើអ្នកគិតថា វាមានន័យបែបណាចំពោះពាក្យ « សូម » ឬ « គោះ » ?តើការអធិស្ឋានអាចជាគំរូល្អមួយអំពីការសូម ឬ ការគោះដោយរបៀបណា ?
-
នៅក្នុងខទី 4 នេះផងដែរ តើនីហ្វៃបាននិយាយថា អ្វីដែលជាលទ្ធផលទាំងឡាយសម្រាប់ពួកអ្នកដែលនឹងមិនសូម ឬ មិនគោះនោះ ?
-
ក្នុងខទី 5 តើនីហ្វៃបានសន្យាថា អ្វីដែលយើងអាចមាននៅពេលយើងទទួលព្រះវិញ្ញាណបរិសុទ្ធ ?
-
ក្នុងខទី 7 តើប្រជាជនរបស់នីហ្វៃបានមានអាកប្បកិរិយាបែបណា ដែលបានធ្វើឲ្យលោកសោកសៅជំនួសពួកគេនោះ ?តើអ្នកគិតថា ហេតុអ្វីបានជាអាកប្បកិរិយាទាំងនេះរារាំងពួកគេពីការស្វែងរក និង ការយល់នូវ « ការចេះដឹងដ៏ធំ ? »
-
សូមសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកនូវសេចក្តីពិតមួយដែលអ្នកបានរៀនពី នីហ្វៃទី 2 32:4–7 ហើយពន្យល់ពីមូលហេតុដែលសេចក្តីពិតនេះសំខាន់ក្នុងជីវិតរបស់អ្នក ។
ចំណេះចំណានខគម្ពីរ—នីហ្វៃទី 2 32:3
-
តើអ្នកគិតថា អ្នកត្រូវការពេលវេលាយូរប៉ុណ្ណាដើម្បីទន្ទេញ នីហ្វៃទី 2 32:3 បើសិនអ្នកសូត្រវានៅរាល់ពេលអ្នកទទួលទានអាហារនោះ ?សូមសរសេរខនេះនៅលើកាត មួយ ឬកូនក្រដាសមួយសន្លឹក ហើយយកវាតាមខ្លួន ។សម្រាប់ពេលពីរឬបីថ្ងៃក្រោយមកទៀត សូមទទួលទានព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទដោយការព្យាយាមទន្ទេញ នីហ្វៃទី 2 32:3 ពីមុន និង បន្ទាប់ពីរាល់ពេលអ្នកទទួលទានអាហារគ្រប់ពេល ។នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមរាយការណ៍ថា តើអ្នកត្រូវទទួលទានប៉ុន្មានដងដើម្បីទន្ទេញចាំបទគម្ពីរនោះ ។
នីហ្វៃទី 2 32:8–9
នីហ្វៃទូន្មានយើងឲ្យអធិស្ឋានជានិច្ច
មនុស្សជាច្រើននិយាយថា បន្ទាប់ពីពួកគេបានធ្វើអំពើបាបហើយ នោះពួកគេមិនចង់អធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ទេ ។សូមគិតមួយភ្លែតអំពីមូលហេតុដែលការណ៍នេះអាចជាការដូច្នោះ ។តើអ្នកណាដែលមិនចង់ឲ្យអ្នកអធិស្ឋានគ្រប់ពេល ជាពិសេស បន្ទាប់ពីអ្នកបានធ្វើអំពើបាបហើយនោះ ?ហេតុអ្វី ?សូមរកមើលក្នុង នីហ្វៃទី 2 32:8 ពីអ្វីដែលព្រះវិញ្ញាណបរិសុទ្ធបង្រៀនយើងឲ្យធ្វើ ទាក់ទងនឹងការអធិស្ឋាន ។សូមសញ្ជឹងគិតសំណួរតទៅនេះ ៖ តើអ្នកគិតថា ហេតុអ្វីព្រះអម្ចាស់ចង់ឲ្យអ្នកអធិស្ឋាន ?តើអ្នកគិតថា ហេតុអ្វីសាតាំងមិនចង់ឲ្យអ្នកអធិស្ឋាន ?
សូមអាន នីហ្វៃទី 2 32:9 ហើយរកមើលថា តើយើងគួរអធិស្ឋានញឹកញាប់ប៉ុណ្ណា ហើយតើព្រះអម្ចាស់សន្យាពរជ័យអ្វីខ្លះដល់យើងបើសិនយើងអធិស្ឋាន ។នៅពេលអ្នកអានខនេះ វាអាចមានប្រយោជន៍ដើម្បីដឹងថា ញែកចេញជាបរិសុទ្ធ មានន័យថា ថ្វាយការបម្រើដល់ព្រះ ឬ ធ្វើឲ្យបរិសុទ្ធ ។
ចេញពី នីហ្វៃទី 2 32:9 យើងរៀនពីគោលការណ៍នេះ ៖ នៅពេលយើងអធិស្ឋានជានិច្ច នោះយើងនឹងអាចធ្វើនូវអ្វីៗទាំងអស់ដែលព្រះអម្ចាស់ចង់ឲ្យយើងធ្វើសម្រាប់សុខុមាភាពដល់ព្រលឹងរបស់យើង ។ ( សូមកត់សម្គាល់ថា នីហ្វៃទី2 32:8–9 គឺជាវគ្គចំណេះចំណានខគម្ពីរ ។អ្នកអាចនឹងចង់គូសចំណាំវានៅក្នុងរបៀបមួយដែលងាយសម្គាល់ ដើម្បីអ្នកអាចងាយរកវាឃើញនៅពេលខាងមុខ ) ។
សូមសញ្ជឹងគិត ថាតើអធិស្ឋានជានិច្ច មានន័យបែបណា ។នៅពេលអ្នកអានសេចក្ដីថ្លែងការណ៍តទៅនេះដោយ អែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ សូមគូសបន្ទាត់ពីក្រោមវិធីមួយ ឬ ច្រើនជាងនោះដែលយើងអាចធ្វើតាមការបញ្ជាដែលឲ្យ « អធិស្ឋានជានិច្ច » ៖
« អាចមានរឿងទាំងឡាយក្នុងចរិកលក្ខណៈរបស់យើង ក្នុងអាកប្បកិរិយារបស់យើង ឬ ទាក់ទងនឹងការរីកចម្រើនខាងវិញ្ញាណរបស់យើង ដែលយើងត្រូវការពិគ្រោះជាមួយព្រះវរបិតាសួគ៌នៅក្នុងការអធិស្ឋានពេលព្រឹក ។បន្ទាប់ពីបង្ហាញអំណរគុណដ៏ត្រឹមត្រូវសម្រាប់ពរជ័យដែលបានទទួលរួចហើយ យើងទូលសុំការយល់ដឹង ការដឹកនាំ និង ជំនួយ ដើម្បីធ្វើរឿងទាំងឡាយដែលយើងមិនអាចធ្វើបាន នៅក្នុងកម្លាំងយើងផ្ទាល់តែម្នាក់ឯង ។ …
« អំឡុងថ្ងៃនោះ យើងរក្សាការអធិស្ឋានមួយនៅក្នុងចិត្តរបស់យើងដើម្បីបានជំនួយ និង ការដឹកនាំដែលយើងនៅតែត្រូវការ ។ …
« យើងកត់សម្គាល់ក្នុងអំឡុងថ្ងៃដ៏ពិសេសនេះថា មានឱកាសជាច្រើន ដែលជាធម្មតា យើងនឹងទំនងជាចង់និយាយអ្វីដែលមិនពិរោះស្តាប់ ហើយយើងមិននិយាយទេ ឬ យើងអាចនឹងឆាប់ខឹង ប៉ុន្តែយើងមិនបានខឹងទេ ។យើងមើលឃើញពីជំនួយ និង កម្លាំងពីស្ថានសួគ៌ ហើយបន្ទាបខ្លួនទទួលស្គាល់ចម្លើយទាំងឡាយដែលត្រូវបានប្រទានដល់ការអធិស្ឋានរបស់យើង ។បើទោះជាស្ថិតនៅក្នុងពេលនៃការទទួលស្គាល់នោះក៏ដោយ ក៏យើងធ្វើការអធិស្ឋានដោយអំណរគុណយ៉ាងស្ងៀមស្ងាត់ ។
« នៅចុងបញ្ចប់នៃថ្ងៃរបស់យើង យើងលុតជង្គង់ម្តងទៀត ហើយរាយការណ៍ទៅកាន់ព្រះវរបិតារបស់យើង ។យើងរំឭកឡើងវិញពីព្រឹត្តិការណ៍ទាំងឡាយនៅថ្ងៃនោះ ហើយបង្ហាញអំណរគុណដោយអស់ពីចិត្តសម្រាប់ពរជ័យទាំងឡាយ និង ជំនួយដែលយើងបានទទួល ។យើងប្រែចិត្ត ហើយដោយមានជំនួយពីព្រះវិញ្ញាណនៃព្រះអម្ចាស់ យើងស្គាល់របៀបដែលយើងអាចធ្វើ ហើយប្រែក្លាយល្អឡើងនៅថ្ងៃស្អែក ។ហើយដោយបែបនោះហើយ ដែលការអធិស្ឋាននៅពេលល្ងាចរបស់យើងត្រូវផ្អែកលើ ហើយជាការបន្តនៃការអធិស្ឋានពេលព្រឹករបស់យើងទៀត ។ហើយការអធិស្ឋានពេលល្ងាចរបស់យើងក៏ជាការរៀបចំសម្រាប់ការអធិស្ឋានពេលព្រឹកដែលប្រកបដោយអត្ថន័យ ។
« ការអធិស្ឋានទាំងឡាយនៅពេលព្រឹក និង ពេលល្ងាច—ហើយនិងការអធិស្ឋានទាំងអស់នៅពេលចន្លោះនោះ—គឺជាព្រឹត្តិការណ៍ដែលពាក់ព័ន្ធគ្នា មិនមែនដាច់ដោយឡែកពីគ្នានោះឡើយ ការអធិស្ឋានទាំងអស់នោះគឺជាប់ទាក់ទងគ្នាពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយសប្ដាហ៍ទៅមួយសប្តាហ៍ ពីមួយខែទៅមួយខែ និង សូម្បីតែពីមួយឆ្នាំទៅមួយឆ្នាំផង ។ការណ៍នេះគឺនៅក្នុងផ្នែកនៃរបៀបដែលយើងបំពេញតាមពាក្យទូន្មាននៃបទគម្ពីរដែលឲ្យ ‹ អធិស្ឋានជានិច្ច › ( លូកា 21:36; នីហ្វៃទី 3 18:15, 18 គ. និង ស. 31:12 ) ។ការអធិស្ឋានដែលប្រកបដោយអត្ថន័យបែបនេះ គឺជាឧបករណ៍ក្នុងការទទួលបានពរជ័យទាំងឡាយដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះរក្សាទុកនៅក្នុងឃ្លាំងសម្រាប់កូនចៅដ៏ស្មោះត្រង់របស់ទ្រង់ » ( «Pray Always» Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ 2008 ទំព័រ 41–42 ) ។
-
សូមសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ថាតើអ្នកគិតថា ការធ្វើតាមសេចក្តីណែនាំរបស់អែលឌើរ បែដណា តទៅនេះ ស្ដីពីរបៀបដែល « អធិស្ឋានជានិច្ច » អាចជួយអ្នកក្នុងជីវិតរបស់អ្នកយ៉ាងណាដែរ ។
ដើម្បីបញ្ចប់មេរៀននេះ សូមអានទីបន្ទាល់តទៅនេះពី អែលឌើរ ស្ពែនស៊ើរ ជេ ខនឌី ដែលពេលនោះបានបម្រើជាសមាជិកម្នាក់នៃពួកចិតសិបនាក់ ទាក់ទងនឹងការទទួលទានព្រះបន្ទូលទាំងឡាយរបស់ព្រះគ្រីស្ទ ៖ « អ្នកអាចប្រឈមនឹងការធ្វើការសម្រេចចិត្តទាក់ទងនឹងបេសកកម្ម អាជីពរបស់អ្នកនាពេលអនាគត ហើយនៅទីបំផុតជាការរៀបការ ។នៅពេលអ្នកអានព្រះគម្ពីរ ហើយអធិស្ឋានដើម្បីបានការដឹកនាំ តាមពិតទៅ អ្នកអាចនឹងមិនមើលឃើញចម្លើយនៅក្នុងទម្រង់ជាអក្សរដែលបោះពុម្ពនៅលើទំព័រក្រដាសនោះទេ ប៉ុន្តែនៅពេលអ្នកអាន នោះអ្នកនឹងទទួលបានចំណាប់អារម្មណ៍ជាក់ច្បាស់ និង ការបំផុសគំនិតទាំងឡាយ ហើយដូចដែលបានសន្យា ព្រះវិញ្ញាណបរិសុទ្ធ ‹ នឹងបង្ហាញដល់អ្នកនូវគ្រប់អ្វីទាំងអស់ដែលយើងត្រូវធ្វើ › [ នីហ្វៃទី 2 32:5 ] » ( «Becoming a Great Benefit to Our Fellow Beings» Ensign ខែ ឧសភា ឆ្នាំ 2002 ទំព័រ 45 ) ។
ចំណេះចំណានខគម្ពីរ— នីហ្វៃទី 2 32:8–9
-
អំឡុងពេល 24 ម៉ោងខាងមុខនេះ សូមព្យាយាមដាក់បញ្ចូលអ្វីដែលអ្នកបានរៀនអំពីរបៀប « អធិស្ឋានជានិច្ច » ទៅក្នុងជីវិតរបស់អ្នក ។នៅខាងដើមនៃមេរៀនបន្ទាប់ អ្នកនឹងត្រូវបានអញ្ជើញឲ្យរាយការណ៍នូវគំនិត និង អារម្មណ៍របស់អ្នកអំពីបទពិសោធន៍នេះ ។សូមសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ពីរបៀបដែលការខិតខំប្រឹងប្រែង « អធិស្ឋានជានិច្ច » អាចធ្វើឲ្យមានភាពខុសប្លែកគ្នាយ៉ាងណានៅក្នុងការអធិស្ឋានទាំងឡាយរបស់អ្នក ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅក្រោមផ្នែកកិច្ចការសម្រាប់ថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា នៅហ្វៃទី 2 32 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖