មេរៀនទី 21 ៖ ថ្ងៃទី 3
អាលម៉ា 53; 56–58
សេចក្តីផ្ដើម
ហេលេមិន និង មេទ័ពមរ៉ូណៃបានវាយពួកលេមិននៅផ្នែកផ្សេងៗនៃដែនដី ។ ហេលេមិនបានផ្ញើរសំបុត្រមួយទៅមរ៉ូណៃ ដោយពិពណ៌នាពីចម្បាំងរបស់ពលទ័ពលោកដែលច្បាំងនឹងពួកលេមិន ហើយបង្ហាញពីទំនុកចិត្ត និង ការពេញចិត្តរបស់លោកទៅលើសេចក្ដីជំនឿរបស់អ្នកចម្បាំងកំលោះ 2,060 នាក់ ។ ដោយសារសេចក្ដីជំនឿ និង សេចក្ដីក្លាហានរបស់ពួកអ្នកចម្បាំងសាសន៍នីហ្វៃទាំងនេះ នោះព្រះអម្ចាស់បានជួយពួកគេឲ្យឈ្នះលើចម្បាំង ហើយបានប្រទានពរដល់ពួកគេជាមួយនឹងការអះអាង និង សេចក្ដីសង្ឃឹមអំឡុងពេលនៃទុក្ខវេទនារបស់ពួកគេ ។
អាលម៉ា 53; 56
ពលទ័ពរបស់អាន់ទីផុស និង ហេលេមិនវាយឈ្នះពលទ័ពដ៏រឹងមាំបំផុតរបស់ពួកលេមិន ។
ខណៈដែលមេទ័ពមរ៉ូណៃបានវាយប្រហារពួកលេមិននៅផ្នែកមួយនៃដែនដី នោះហេលេមិនបានដឹកនាំពលទ័ពរបស់លោកនៅក្នុងផ្នែកផ្សេងមួយទៀតនៃដែនដី ។ ពលទ័ពរបស់លោករួមមានពួកកូនប្រុសក្មេងៗ 2,000 នាក់ របស់ប្រជាជនអាំម៉ូន ។ ឪពុកម្ដាយរបស់យុវជនទាំងនេះបានធ្វើសេចក្ដីសញ្ញាមួយថា នឹងមិនដែលលើកអាវុធទាស់នឹងពួកមារសត្រូវរបស់ពួកគេម្ដងទៀតឡើយ ប៉ុន្តែកូនប្រុសទាំងឡាយរបស់ពួកគេពុំបានធ្វើសេចក្ដីសញ្ញានេះទេ ដូច្នេះពួកគេអាចជួយពួកពលទ័ពសាសន៍នីហ្វៃបាន ( សូមមើល អាលម៉ា 53:10–18 ) ។
-
សូមគូររូបខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ សូមអាន អាលម៉ា 53:18–21 ហើយរកមើលឃ្លាទាំងឡាយដែលពិពណ៌នាអំពីលក្ខណៈទាំងឡាយ ដែលពួកយុវជន 2,000 នាក់ បានអភិវឌ្ឍពីមុនពេលការបម្រើទាហានរបស់ពួកគេ ។ សូមរាយនូវឃ្លាទាំងឡាយដែលអ្នករកឃើញនៅខាងក្រោមចំណងជើង « លក្ខណៈដែលបានអភិវឌ្ឍមុនចម្បាំង » ។ អ្នកអាចនឹងចង់គូសចំណាំឃ្លាទាំងនេះនៅក្នុងព្រះគម្ពីររបស់អ្នក ។
អាន់ទីផុស ជាអ្នកដឹកនាំទាហានម្នាក់របស់សាសន៍នីហ្វៃ មានទាហានតិចជាងពលទ័ពសាសន៍លេមិនឆ្ងាយណាស់ ពេលដែលលោក និង ពលទ័ពរបស់លោកការពារផ្នែកនៃដែនដីរបស់ពួកគេ ។ អាន់ទីផុសមានសេចក្ដីរីករាយ ពេលហេលេមិនបាននាំពួកអ្នកចម្បាំងវ័យក្មេង 2,000 នាក់ មកជួយលោក ( សូមមើល អាលម៉ា 56:9–10 ) ។
នៅក្នុងចម្បាំងលើកដំបូងរបស់ពួកគេតទល់នឹងមារសត្រូវ នោះពួកអ្នកចម្បាំងវ័យក្មេងទាំង 2,000 នាក់ បានបណ្ដេញពួកពលទ័ពដ៏រឹងមាំបំផុតរបស់ពួកលេមិន ហើយអាន់ទីផុសជាមេបញ្ជាការរបស់ពួកសាសន៍នីហ្វៃ បានបញ្ជាពលទ័ពលោកឲ្យតាមពីក្រោយពលទ័ពរបស់ពួកសាសន៍លេមិន ។ ពលទ័ពរបស់អាន់ទីផុសបានតាមទាន់ពលទ័ពរបស់ពួកលេមិន ដែលបានឈប់ដើម្បីប្រយុទ្ធនឹងពួកគេ ។ ពួកអ្នកចម្បាំងកំលោះ ដែលបានបន្តឆ្ពោះទៅមុខនោះ បានកត់សម្គាល់ថា ពួកលេមិនបានឈប់តាមពួកគេ ។ ពួកគេពុំបានដឹងទេថា បើពួកលេមិនបានឈប់ ដើម្បីបញ្ឆោតពួកគេឲ្យត្រឡប់ទៅវិញ ដើម្បីពួកគេអាចត្រូវបំផ្លាញ ឬ ថាបើពួកលេមិនបានឈប់ ដោយសារពលទ័ពរបស់អាន់ទីផុសបានតាមពីក្រោយទាន់ពួកគេ ។ ហេតុដូច្នោះហើយ ហេលេមិនពុំបានដឹងទេថា គួរត្រឡប់ក្រោយវិញ ហើយវាយប្រហារពួកលេមិនឬទេ ។ ( សូមមើល អាលម៉ា 56:29–43 ) ។
សូមអាន អាលម៉ា 56:43–48 ហើយរកមើលឃ្លាទាំងឡាយដែលពិពណ៌នាពីលក្ខណៈទាំងឡាយ ដែលពួកយុវជនទាំងនេះបានបង្ហាញនៅក្នុងគ្រាស្លាប់រស់អំឡុងពេលចម្បាំងនេះ ។ សូមរាយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក នូវអ្វីដែលអ្នកបានរកឃើញ នៅខាងក្រោមចំណងជើង « លក្ខណៈដែលបានបង្ហាញអំឡុងពេលចម្បាំង » ។ អ្នកអាចនឹងចង់ជ្រើសរើសគូសចំណាំឃ្លាទាំងនេះនៅក្នុងព្រះគម្ពីររបស់អ្នកផងដែរ ។
សូមសិក្សា អាលម៉ា 56:49, 54–56 ដើម្បីឃើញពីអ្វីដែលបានកើតឡើងនៅពេលដែលពួកអ្នកចម្បាំងវ័យក្មេងទាំង 2,000 នាក់ បានត្រឡប់ទៅច្បាំងនឹងពួកលេមិនវិញ ។ សូមរកមើលឃ្លាទាំងឡាយដែលបង្ហាញពីសេចក្ដីពិតនេះ ៖ ពេលយើងប្រព្រឹត្តដោយសេចក្ដីជំនឿ នោះយើងអាចទទួលបានកម្លាំងពីព្រះ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើការអភិវឌ្ឍន៍លក្ខណៈទាំងឡាយរបស់ពួកអ្នកចម្បាំងកំលោះ អាចជួយអ្នកឲ្យប្រព្រឹត្តដោយសេចក្ដីជំនឿ ពេលអ្នកប្រឈមនឹងស្ថានភាពលំបាកយ៉ាងណាដែរ ?
-
សូមពិពណ៌នាពីពេលមួយដែលអ្នក ( ឬ នរណាម្នាក់ដែលអ្នកស្គាល់ ) បានប្រព្រឹត្តដោយសេចក្ដីជំនឿ ហើយទទួលកម្លាំងពីព្រះ ដើម្បីដោះស្រាយនឹងស្ថានភាពលំបាកមួយដោយជោគជ័យ ។
-
អាលម៉ា 57
ពលទ័ពរបស់ហេលេមិន យកបានមកវិញនូវទីក្រុងអាន់ទីប៉ារ៉ា និង ទីក្រុងគូមេណៃ
ហេលេមិន និង ពលទ័ពរបស់លោក អាចយកបានទីក្រុងអាន់ទីប៉ារ៉ា និង គូមេណៃ ពីពួកសាសន៍លេមិន ។ អំឡុងពេលនេះ ហេលេមិនបានទទួលកម្លាំងបន្ថែមលើពលទ័ពរបស់លោក ។ ពលទ័ពរាប់ពាន់នាក់ពីដែនដីសារ៉ាហិមឡា បានចូលបម្រើទ័ព ក៏មានពួកកូនប្រុសរបស់ប្រជាជនអាំម៉ូន 60 នាក់ ទៀតផងដែរ ( សូមមើល អាលម៉ា 57:1–12 ) ។
មិនយូរប៉ុន្មាន បន្ទាប់ពីពលទ័ពរបស់ហេលេមិនយកបានទីក្រុងគូមេណៃហើយ ពួកសាសន៍លេមិនបានវាយប្រហារពួកគេសារជាថ្មីម្ដងទៀត ។ ពលទ័ពរបស់ហេលេមិនបានប្រឈមនឹងការលំបាកយ៉ាងធំធេង ដែលពួកអ្នកចម្បាំងកំលោះទាំង 2,060 នាក់ គឺជាកម្លាំងដ៏អស្ចារ្យដល់ពលទ័ពទាំងមូល ។ សូមអាន អាលម៉ា 57:19–21 ដើម្បីរកមើលលក្ខណៈមួយចំនួនដែលពួកអ្នកចម្បាំងកំលោះបានបង្ហាញនៅក្នុងចម្បាំងនេះ ។ អ្នកអាចនឹងចង់បន្ថែមលក្ខណៈទាំងនេះទៅក្នុងបញ្ជី « លក្ខណៈដែលបានបង្ហាញអំឡុងពេលចម្បាំង » នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ហើយគូសចំណាំវានៅក្នុងព្រះគម្ពីររបស់អ្នក ។
-
ចរិតលក្ខណៈមួយក្នុងចំណោមចរិតលក្ខណៈដ៏ច្បាស់លាស់ទាំងឡាយរបស់ពួកអ្នកចម្បាំងកំលោះទាំងនោះ គឺថាពួកគេបានគោរពប្រតិបត្តិ « ដោយត្រូវឥតល្អៀង » ( អាលម៉ា 57:21 ) ។ សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថា ការគោរពប្រតិបត្តិនូវបទបញ្ញត្តិមួយ « ដោយត្រូវឥតល្អៀង » មានន័យយ៉ាងណា ?
-
តើអ្នកគិតថា ការគោរពប្រតិបត្តិតាមពាក្យសម្ដីរបស់មេបញ្ជាការរបស់ពួកគេដោយឥតល្អៀង បានជួយពួកអ្នកចម្បាំងកំលោះទាំងនោះឲ្យឈ្នះចម្បាំងយ៉ាងណាដែរ ?
-
តើការគោរពប្រតិបត្តិបទបញ្ញត្តិរបស់ព្រះអម្ចាស់ដោយឥតល្អៀង នឹងជួយអ្នកនៅក្នុងចម្បាំងខាងវិញ្ញាណដែលអ្នកមានក្នុងជីវិតដោយរបៀបណាដែរ ?
-
សូមពិចារណាក្នុងការសរសេរគោលការណ៍តទៅនេះនៅក្នុងព្រះគម្ពីររបស់អ្នក ឬ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ ពេលយើងគោរពប្រតិបត្តិព្រះអម្ចាស់ដោយឥតល្អៀង នោះទ្រង់នឹងពង្រឹងយើងនៅក្នុងចម្បាំងទាំងឡាយដែលយើងមានក្នុងជីវិត ។ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដែលថ្លែងដោយ អែលឌើរ រ័សុល អិម. ណិលសុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដែលបានពន្យល់ពីមូលហេតុដែលការគោរពប្រតិបត្តិដល់បទបញ្ញត្តិរបស់ព្រះ « ដោយត្រូវឥតល្អៀង » សំខាន់ខ្លាំងម្ល៉េះនោះ ៖
« [ អ្នក ] នឹងជួបមនុស្សដែលរើសថា បទបញ្ញត្តិមួយណាដែលពួកគេនឹងរក្សា ហើយមិនអើពើនឹងបទបញ្ញត្តិផ្សេងទៀត ដែលពួកគេជ្រើសរើសមិនគោរពតាម ។ ខ្ញុំហៅការណ៍នេះថាជាយុទ្ធសាស្ត្រហាងអាហាររើសដោយខ្លួនឯងចំពោះការគោរពប្រតិបត្តិ ។ ការអនុវត្តនៃការរើស និងការជ្រើសរើសនេះ នឹងមិនដំណើរការទេ ។ វានឹងនាំទៅរកសេចក្ដីវេទនា ។ ដើម្បីរៀបចំទៅជួបនឹងព្រះ មនុស្សម្នាក់ត្រូវរក្សាបទបញ្ញត្តិរបស់ទ្រង់ទាំងអស់ ។ វាតម្រូវឲ្យមានសេចក្ដីជំនឿដើម្បីគោរពប្រតិបត្តិបទបញ្ញត្តិ ហើយការរក្សាបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ នឹងពង្រឹងសេចក្ដីជំនឿនោះ ។
« ការគោរពប្រតិបត្តិអនុញ្ញាតឲ្យពរជ័យរបស់ព្រះហូរមកដោយគ្មានការរារាំង ។ ទ្រង់នឹងប្រទានពរដល់កូនចៅរបស់ទ្រង់ដែលគោរពប្រតិបត្តិ ឲ្យមានសេរីភាពពីសេវកភាព និង សេចក្ដីវេទនា ។ ហើយទ្រង់នឹងប្រទានពរពួកគេឲ្យកាន់តែមានពន្លឺ ។
« … ការគោរពប្រតិបត្តិដល់បទបញ្ញត្តិទាំងឡាយរបស់ព្រះ នឹងផ្ដល់ការការពារខាងរូបកាយ និង ខាងវិញ្ញាណ » ( “Face the Future with Faith” Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2011 ទំព័រ 34–35 ) ។
សូមអាន អាលម៉ា 57:25–27 ដោយរកមើលមូលហេតុមួយចំនួនដែលព្រះបានប្រទានអំណាចទ្រង់ដើម្បីការពារពួកអ្នកចម្បាំងកំលោះទាំងនោះ ។ តើអ្វីខ្លះដែលធ្វើឲ្យអ្នកចាប់អារម្មណ៍បំផុត អំពីពួកអ្នកចម្បាំងកំលោះទាំងនោះនៅក្នុងខទាំងនេះ ?
សូម្បីតែនៅពេលដែលយើងសុចរិតក៏ដោយ ក៏ព្រះនឹងពុំតែងតែការពារយើងពីការលំបាកនោះទេ ។ ទោះបីជាពួកអ្នកចម្បាំងកំលោះត្រូវបានរក្សាការពារពីការស្លាប់ តែពួកគេទាំងអស់មានរបួស ( សូមមើល អាលម៉ា 57:25 ) ហើយពួកសាសន៍នីហ្វៃដែលសុចរិតជាច្រើនត្រូវបានសម្លាប់ ( សូមមើល អាលម៉ា 57:26 ) ។ ទោះយ៉ាងណា ព្រះនឹងតែងតែពង្រឹងយើង នៅអំឡុងពេលនៃការលំបាកទាំងឡាយ ហើយប្រទានពរយើងជាមួយនឹងអ្វីៗដែលយើងត្រូវការ ។ នៅទីបំផុត ទ្រង់នឹងប្រទានពរជ័យដ៏អស់កល្បជានិច្ចទាំងឡាយដល់អ្នកទាំងអស់ដែលគោរពប្រតិបត្តិបទបញ្ញត្តិរបស់ទ្រង់ ។
អាលម៉ា 58
ពលទ័ពរបស់សាសន៍នីហ្វៃរង់ចាំស្បៀង ហើយបន្ទាប់មកយកទីក្រុងម៉ាន់តៃមកវិញ
បន្ថែមពីលើចម្បាំងទាំងឡាយដែលពួកគេបានច្បាំងជាមួយនឹងពួកលេមិន ពលទ័ពហេលេមិនបានប្រឈមនឹងភាពមិនអនុគ្រោះមួយទៀត ។ ចម្បាំងរបស់ពួកគេកើតឡើងនៅឆ្ងាយពីទីក្រុងសារ៉ាហិមឡា ដែលជាចំណុចកណ្ដាលនៃរដ្ឋាភិបាលរបស់សាសន៍នីហ្វៃ ។ ពលទ័ពរបស់ហេលេមិនបានឈ្នះចម្បាំងដ៏លំបាកបំផុតមួយចំនួន ប៉ុន្តែពួកគេពុំបានទទួលអាហារ សម្ភារ និង ទាហានបន្ថែមដែលពួកគេត្រូវការពីរដ្ឋាភិបាលនោះទេ ។ ពួកគេពុំបានដឹងថា មូលហេតុអ្វីដែលរដ្ឋាភិបាលពុំបានផ្គត់ផ្គង់ពួកគេនោះទេ ។ ( សូមមើល អាលម៉ា 58:7–9 ) ។
-
សូមអាន អាលម៉ា 58:10–12 ហើយឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើពួកសាសន៍នីហ្វៃបានធ្វើអ្វីខ្លះ ពេលដែលពួកគេប្រឈមនឹងស្ថានភាពលំបាកនេះ ?
-
តើព្រះអម្ចាស់បានឆ្លើយតបចំពោះការអង្វរក និង ការអធិស្ឋានដ៏ស្មោះអស់ពីចិត្តរបស់ពួកគេយ៉ាងដូចម្ដេច ?
-
យោងតាម អាលម៉ា 58:12 តើការអះអាងរបស់ព្រះអម្ចាស់ បានជួយដល់ហេលេមិន និង ពលទ័ពរបស់លោកយ៉ាងណាដែរ ?
-
សូមសរសេរគោលការណ៍តទៅនេះនៅក្នុងព្រះគម្ពីរ ឬ សៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ ប្រសិនបើយើងបែរទៅរកព្រះនៅក្នុងគ្រាដ៏លំបាកទាំងឡាយ នោះយើងនឹងទទួលនូវការអះអាងដ៏ទេវភាព ដែលអាចពង្រឹងសេចក្ដីជំនឿរបស់យើង ហើយផ្ដល់នូវសេចក្ដីសង្ឃឹមដល់យើង ។
ថ្វីបើពលទ័ពរបស់លោកទន់ខ្សោយក៏ដោយ ក៏ហេលេមិន និង ពួកបុរសៗរបស់លោកអាចកាន់កាប់បានទីក្រុងម៉ាន់តៃដែរ ( សូមមើល អាលម៉ា 58:13–41 ) ។ ហេលេមិនបានកំណត់ថា ភាពជោគជ័យទាំងអស់របស់ពលទ័ព គឺបានមកពីជំនួយរបស់ព្រះអម្ចាស់ ( សូមមើល អាលម៉ា 58:37 ) ។
ហេលេមិនបានបន្តស្ញប់ស្ញែងពីភាពជោគជ័យរបស់ពួកអ្នកចម្បាំងកំលោះទាំងនោះ ។ សូមសិក្សា អាលម៉ា 58:39–40 ហើយរកមើលពាក្យ និង ឃ្លាទាំងឡាយដែលបង្ហាញពីរបៀបដែលពួកអ្នកចម្បាំងកំលោះមានសេចក្ដីក្លាហាន នៅអំឡុងពេលនៃកាលៈទេសៈដ៏លំបាកទាំងឡាយ ។ សូមពិចារណាក្នុងការគូសចំណាំពាក្យ ឬ ឃ្លាទាំងនេះនៅក្នុងព្រះគម្ពីររបស់អ្នក ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក អំពីពេលមួយដែលអ្នកបានបែរទៅរកព្រះដើម្បីទទួលបានជំនួយ អំឡុងគ្រាដ៏លំបាក ហើយទទួលអារម្មណ៍នៃការគាំទ្ររបស់ទ្រង់ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា អាលម៉ា 53; 56–58 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖