មេរៀនទី 10
នីហ្វៃទី 1 6 និង 9
សេចក្តីផ្ដើម
ដូចដែលនីហ្វៃបាននិយាយថា « ត្បិតភាពពោរពេញនៃចេតនារបស់ខ្ញុំ គឺដើម្បីឲ្យខ្ញុំអាចបញ្ចុះបញ្ចូលមនុស្ស ឲ្យមករកព្រះនៃអ័ប្រាហាំ និង ព្រះនៃអ៊ីសាក និង ព្រះនៃយ៉ាកុប ហើយបានសង្គ្រោះ » ( នីហ្វៃទី1 6:4 ) ។ គាត់បានរក្សាទុកនូវកំណត់ត្រាពីរផ្ទាំង ៖ ផ្ទាំងនីហ្វៃតូច និង ផ្ទាំងនីហ្វៃធំ ។ ព្រះអម្ចាស់បានដាក់បញ្ញត្តិគាត់ ឲ្យសង្ខេបដំណើររឿងរបស់លីហៃនៅលើផ្ទាំងតូច ( សូមមើល នីហ្វៃទី2 5:28 –31 ) ។ ក្រោយមក មរមន ត្រូវបានបំផុសគំនិតឲ្យរួមបញ្ចូលផ្ទាំងតូចនៅក្នុងការចងក្រងព្រះគម្ពីរមរមន ( សូមមើល ពាក្យសម្ដីនៃមរមន 1:6–7 ) ។ ទាំងនីហ្វៃ និង មរមន មិនបានដឹងពីមូលហេតុនោះទេ ប៉ុន្ដែទាំងពីរនាក់បានធ្វើតាមការណែនាំនៃព្រះអម្ចាស់ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី1 6
នីហ្វៃសរសេរដើម្បីបញ្ចុះបញ្ចូលមនុស្សទាំងអស់ ឲ្យមកកាន់ព្រះយេស៊ូវគ្រីស្ទ
សូមបង្ហាញសៀវភៅ ឬ រឿងសមរម្យបីបួន ដែលល្បីៗសម្រាប់យុវវ័យនាពេលបច្ចុប្បន្ន ។ សូមសួរសិស្សពីអារម្មណ៍របស់ពួកគេដែលជាគោលបំណងរបស់អ្នកនិពន្ធ ឬ អ្នកបង្កើតចំពោះសៀវភៅ ឬ រឿងនីមួយឡើង ។ សូមលើកព្រះគម្ពីរមរមនមួយក្បាលឡើង ។ សូមប្រាប់សិស្សថា នៅក្នុងនីហ្វៃទី1 6 នីហ្វៃបានពន្យល់ពីគោលបំណងរបស់គាត់ចំពោះការសរសេរកំណត់ត្រារបស់គាត់ ដែលនៅទីបញ្ចប់ កា្លយជាផ្នែកនៃព្រះគម្ពីរមរមន ។
សូមឲ្យសិស្សអាន នីហ្វៃទី 1 6:3 –6 ហើយស្វែងរកពាក្យ និង ឃ្លា ដែលបង្ហាញពីបំណងរបស់នីហ្វៃក្នុងការរក្សាទុកនូវកំណត់ត្រារបស់គាត់ ។ ( អ្នកអាចស្នើថា សិស្សគួរតែគូសចំណាំពាក្យទាំងនេះ ) ។
-
ហេតុអ្វីបានជាវាមានសារៈសំខាន់ដែល នីហ្វៃបានសរសេររឿង « ដែលសព្វព្រះហឬទ័យដល់ព្រះ » និង មិនមែនជារឿង « ដែលបំពេញចិត្តលោកិយ » ដូច្នេះ ?
-
តើអ្នកនឹងនិយាយពីបំណងរបស់នីហ្វៃជាសម្ដីរបស់អ្នកផ្ទាល់យ៉ាងដូចម្ដេច ? ( វាអាចជាជំនួយដល់អ្នកដើម្បីពន្យល់ថា ឃ្លា « ព្រះនៃអ័ប្រាហាំ និង ព្រះនៃអ៊ីសាក និង ព្រះនៃយ៉ាកុប » សំដៅលើព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចលើកទឹកចិត្តសិស្សឲ្យសរសេរ ព្រះយេស៊ូវគ្រីស្ទ នៅក្នុងព្រះគម្ពីររបស់ពួកគេ ក្បែរនីហ្វៃទី1 6:4 ។ អ្នកក៏អាចពន្យល់ថា ព្រះនាមព្រះយេហូវ៉ា ក៏សំដៅលើ ព្រះយេស៊ូវគ្រីស្ទផងដែរ ។ [ សូមមើល នីហ្វៃទី1 19:10 ; នីហ្វៃទី2 11:4, 6– 7 ; សូមមើលផងដែរ វចនានុក្រមព្រះគម្ពីរបរិសុទ្ធ « ព្រះគ្រីស្ទ » « ព្រះគ្រីស្ទ ព្រះនាម » ] ) ។
ដើម្បីជួយសិស្សឲ្យមានអំណរគុណថា ព្រះគម្ពីរមរមន គឺជាសក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ សូមអញ្ជើញពួកគេឲ្យបើកទៅលិបិក្រម និង មើលសង្ខេបពាក្យក្បាលរឿងទាំងអស់ ដែលទាក់ទងនឹងព្រះយេស៊ូវគ្រីស្ទ ។ សុំឲ្យពួកគេរកមើលវិធីពីរបីដែលព្រះគម្ពីរមរមនបង្រៀនអំពីបេសកកម្មនៃព្រះអង្គសង្គ្រោះ ។
សូមអញ្ជើញសិស្សម្នាក់សរសេរសេចក្ដីពិតខាងក្រោមនៅលើក្ដារខៀន ៖ គោលបំណងមួយនៃព្រះគម្ពីរមរមន គឺដើម្បីបញ្ចុះបញ្ចូលមនុស្សទាំងអស់ដើម្បីឲ្យមកកាន់ព្រះយេស៊ូវគ្រីស្ទ ។
-
តើការយល់ពីគោលបំណងរបស់នីហ្វៃ ក្នុងការសរសេរនេះ មានឥទ្ធិពលលើការគ្រោងទុក សិក្សាព្រះគម្ពីរមរមនរបស់អ្នកនៅក្នុងឆ្នាំនេះ យ៉ាងដូចម្ដេច ?
សូមចែកចាយពីរបៀបដែលព្រះគម្ពីរមរមន បានជួយអ្នកឲ្យខិតកាន់តែជិតទៅព្រះវរបិតាសួគ៌ និង ព្រះអង្គសង្គ្រោះ ។ សូមអញ្ជើញសិស្សឲ្យចែកចាយពីរបៀបដែលព្រះគម្ពីរមរមន បានមានឥទ្ធិពលដល់ជីវិតរបស់ពួកគេ និង បាននាំពួកគេខិតទៅជិតព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។ សូមលើកទឹកចិត្តពួកគេ ឲ្យចែកចាយពីអារម្មណ៍របស់ពួកគេអំពីព្រះគម្ពីរមរមន និង ទីបន្ទាល់របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ជាមួយនឹងមិត្តភក្ដិ ឬ សមាជិកគ្រួសាររបស់គេម្នាក់ក្នុងអំឡុងពេលបីបួនថ្ងៃទៀត ។
នីហ្វៃទី1 9
នីហ្វៃ រក្សាផ្ទាំងពីរដុំ
សូមបង្ហាញសៀវភៅប្រវត្តិសាស្ដ្រមួយក្បាលទៅកាន់សិស្សក្នុងថ្នាក់ និង បញ្ជាក់ពីពេលវេលាដែលសៀវភៅនេះកត់ត្រា ។ បន្ទាប់មក សូមបង្ហាញសិស្សក្នុងថ្នាក់នូវប្រវត្តិសាស្ដ្រផ្ទាល់ខ្លួន ទិន្នានុប្បវត្តិ ឬ សៀវភៅកំណត់ហេតុ ដែលកត់ត្រាពីរយៈពេលដូចគ្នានោះដែរ ។ ( នៅពេលសមរម្យ សូមអានបទពិសោធន៍ខាងវិញ្ញាណចេញពីសៀវភៅកំណត់ហេតុ ) ។
-
តើអត្ថបទទាំងពីរនេះ ខុសគ្នាយ៉ាងដូចម្ដេចពីរបៀបពួកគេក្នុងការកត់ត្រាប្រវត្តិសាស្ដ្រ ?
-
តើអត្ថបទមួយមានតម្លៃជាងអត្ថបទមួយទៀតឬ ? ដោយរបៀបណា ? ( អត្ថបទនីមួយៗ មានតម្លៃក្នុងហេតុផលខុសៗគ្នា ) ។
-
តើអត្ថបទទាំងនេះ ប្រៀបធៀបជាមួយនឹងព្រះគម្ពីរមរមនយ៉ាងដូចម្ដេច ?
សូមពន្យល់ថា នៅក្នុងនីហ្វៃទី1 9:1– 5 នីហ្វៃប្រាប់អំពីការខិតខំរបស់គាត់ដើម្បីរក្សាទុកនូវកំណត់ត្រាទាំងឡាយនៅលើផ្ទាំងទាំងពីរនេះ ។
នៅក្នុងផ្ទាំងមួយ ដែលឥឡូវស្គាល់ថាជា ផ្ទាំងនីហ្វៃធំ គាត់បានកត់ត្រានូវ « ប្រវត្តិរបស់ប្រជាជន [ របស់គាត់ ] » ( នីហ្វៃទី1 9:2 ) ។ ប្រវត្តិសាស្ដ្រនេះ រួមមាន « ដំណើររឿងនៃរជ្ជកាលរបស់ស្ដេចនានា និង សង្គ្រាម និង ការទាស់ទែងទាំងឡាយនៃប្រជាជន [ របស់គាត់ ] » ( នីហ្វៃទី1 9:4 ) ។ វាគឺជាកំណត់ត្រាទីមួយដែលនីហ្វៃបានកត់ ប៉ុន្ដែវាមិនបានរួមបញ្ចូលនៅក្នុងអ្វីដែលយើងបច្ចុប្បន្នមានជា ព្រះគម្ពីរមរមននោះទេ ។
នៅលើផ្ទាំងមួយទៀត ដែលឥឡូវយើងស្គាល់ថាជាផ្ទាំងនីហ្វៃតូច គាត់បានកត់ត្រា « ការបម្រើនៃប្រជាជន [ របស់គាត់ ] » ( នីហ្វៃទី1 9:3 ) ។ អ្នកអាចពន្យល់ថា ពាក្យ ការបម្រើ សំដៅលើការបង្រៀន និង សកម្មភាពខាងសាសនា ។ កំណត់ត្រារបស់នីហ្វៃ នៅក្នុងផ្ទាំងតូច ឥឡូវត្រូវបានរកឃើញនៅក្នុងសៀវភៅ នីហ្វៃទី1 និង នីហ្វៃទី2 ។
ដើម្បីជួយសិស្សឲ្យបែងចែកភាពខុសគ្នារវាងផ្ទាំងតូច និង ផ្ទាំងធំ នៅពេលពួកគេអាននីហ្វៃទី1 9 សូមសរសេរពាក្យខាងក្រោមនៅលើក្ដារខៀន ៖ « ផ្ទាំងទាំងនេះ » = ផ្ទាំងតូច និង « ផ្ទាំងផ្សេងទៀត » = ផ្ទាំងធំ ។( អ្នកអាចផ្ដល់យោបល់ថា សិស្សគួរតែសរសេរពាក្យទាំងនេះ នៅក្នុងព្រះគម្ពីររបស់គេ ក្បែរខគម្ពីរដែលសមស្រប ) ។ នៅក្នុង នីហ្វៃទី1 9 ឃ្លា « ផ្ទាំងទាំងនេះ » តែងតែសំដៅលើផ្ទាំងតូច ។ ឃ្លា « ផ្ទាំងផ្សេងទៀត » សំដៅលើផ្ទាំងធំ ។
សុំឲ្យសិស្សអាន នីហ្វៃទី1 9:3, 5 –6 ឮៗ ។
-
តើនីហ្វៃបានផ្ដល់ហេតុផលអ្វី អំពីការធ្វើផ្ទាំងតូច បន្ថែមលើផ្ទាំងធំ ? តើការពន្យល់ទាំងនេះ បង្ហាញពីសេចក្ដីជំនឿរបស់នីហ្វៃលើព្រះអម្ចាស់ដោយរបៀបណា ?
សូមពន្យល់ថា ជិត 1000 ឆ្នាំក្រោយមក ព្យាការីមរមន បានធ្វើសេចក្ដីសង្ខេប ឬ ចងក្រងវគ្គខ្លី នៃកំណត់ត្រាទាំងអស់ដែលបានសរសេរដោយប្រជាជនរបស់គាត់ ។ នេះក្លាយជាអ្វីដែលយើងហៅសព្វថ្ងៃនេះថាជា ព្រះគម្ពីរមរមន ។ នៅពេលដែលគាត់បានធ្វើសេចក្ដីសង្ខេបនេះ គាត់បានរកឃើញផ្ទាំងនីហ្វៃតូច និង រួមបញ្ចូលវានៅក្នុងកំណត់ត្រារបស់គាត់ ។
សូមអញ្ជើញសិស្សម្នាក់អាន ពាក្យសម្ដីនៃមរមន 1:3 –7 ឮៗ ។ សូមពន្យល់ថា មរមនបានសរសេរពាក្យទាំងនេះនៅប្រហែលឆ្នាំ 385 គ. ស. នៅពេលចុងបញ្ចប់នៃសង្រ្គាម រវាងសាសន៍នីហ្វៃ និង សាសន៍លេមិន ។ នៅពេលសិស្សអានខគម្ពីរទាំងនេះ សូមឲ្យពួកគេរកមើលហេតុផលដែលមរមន បានផ្ដល់ចំពោះការបញ្ចូលផ្ទាំងនីហ្វៃតូច នៅក្នុងសេចក្ដីសង្ខេបរបស់គាត់ ។
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ម៉ាវីន ជេ អាស្តុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ពេលខ្លះ នៅពេលយើងត្រូវបានសុំឲ្យគោរពប្រតិបត្តិ យើងមិនដឹងពីមូលហេតុនោះទេ លើកលែងតែព្រះអម្ចាស់បានបញ្ជា ។ … នីហ្វៃ បានធ្វើតាមការណែនាំ ទោះបីជាគាត់មិនយល់ពេញលេញពីគោលបំណងដ៏ឈ្លាសវៃដ៏ដោយ ។ ការគោរពប្រតិបត្តិរបស់គាត់ ផ្ដល់ជាពរជ័យដល់គ្រប់ជាតិពូជសាសន៍នៅទូទាំងពិភពលោក » ( « តើនរណានឹងបាត់បង់ការច្រូតកាត់ ? » Ensign ខែ វិច្ឆិកា ឆ្នាំ 1978 ទំព័រ 51 ។
សូមបង្ហាញថា ដោយសារគំរូរបស់នីហ្វៃ និងមរមន យើងរៀនថា យើងត្រូវកាន់តាមព្រះបញ្ញត្តិរបស់ព្រះ និង ធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណ ទោះបីជានៅពេលយើងមិនយល់ពេញលេញពីមូលហេតុចំពោះរឿងនោះក៏ដោយ ។
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីកាន់តាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ និង ធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណ ទោះបីជានៅពេលយើងមិនយល់ពេញលេញពីមូលហេតុចំពោះរឿងនោះក្តី ?
-
តើនៅពេលណាដែលអ្នកបានគោរពតាមព្រះអម្ចាស់ ឬ ធ្វើតាមការបំផុសគំនិតពិសេសណាមួយ ដោយពុំបានយល់ដឹងច្បាស់ពីមូលហេតុនោះ ?
-
តើយើងអាចអភិវឌ្ឍទំនុកចិត្ត និង កម្លាំងចិត្តខ្លាំងជាងមុន ដើម្បីស្មោះត្រង់នឹងការណែនាំរបស់ព្រះដោយរបៀបណា ?
សូមថ្លែងទីបន្ទាល់ថា នៅពេលយើងកាន់តាមតាមព្រះបញ្ញត្តិរបស់ព្រះ និង ធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ការយល់ដឹងរបស់យើងពីគោលបំណងនៅពីក្រោយការណ៍នោះនឹងរីកចម្រើនឡើង ហើយព្រះអម្ចាស់នឹងប្រទានពរដល់យើង សម្រាប់ការគោរពប្រតិបត្តិរបស់យើង ។
សុំឲ្យសិស្សម្នាក់អាន ការពន្យល់ខាងក្រោមឮៗ ។ ( អ្នកអាចឲ្យសិស្សម្នាក់ៗនូវក្រដាសចម្លងតូចមួយសន្លឹក ដើម្បីឲ្យពួកគេអាចមើលតាម និង សៀតវានៅក្នុងព្រះគម្ពីររបស់គេ សម្រាប់ការយោងនៅថ្ងៃក្រោយ ) ។
យ៉ាងហោចណាស់ ផ្នែកនៃ « គោលបំណងដ៏គតិបណ្ឌិត » របស់ព្រះអម្ចាស់ ( នីហ្វៃទី1 9:5 ; ពាក្យសម្ដីនៃមរមន 1:7 ) ក្នុងការដែលឲ្យនីហ្វៃរក្សាទុកកំណត់ត្រាទាំងពីរនោះ បានឃើញច្បាស់ នៅពេលដែលយ៉ូសែប ស្ម៊ីធ បានបកប្រែព្រះគម្ពីរមរមន ។ យ៉ូសែប បានបកប្រែដំបូងគេនូវសេចក្ដីសង្ខេបរបស់មរមន ពីផ្ទាំងនីហ្វៃធំ ។ ម៉ាទីន ហារីស ដែលបានជួយយ៉ូសែប ចង់បង្ហាញការបកប្រែនេះ ទៅប្រពន្ធ និង គ្រួសាររបស់គាត់ ។ ដោយស្ទាក់ស្ទើរ ព្យាការីបានអនុញ្ញាតឲ្យម៉ាទីន ខ្ចីអត្ថបទដែលសរសេរដោយដៃចំនួន 116 ទំព័រនោះ ដែលបានបញ្ចប់រួចហើយនៅពេលនោះ ។ អត្ថបទទាំង 116 ទំព័រនោះ ត្រូវបានគេលួចពីម៉ាទីន ហើយជាលទ្ធផល ផ្ទាំង យូរីម និង ធូមីម និង អំណោយទានដើម្បីបកប្រែ ត្រូវបានដកវិញជាបណ្ដោះអាសន្នពីយ៉ូសែប ស្ម៊ីធ ( សូមមើល គ. និង ស. 3:14 ) ។
ក្រោយពី យ៉ូសែប ស្ម៊ីធ បានឆ្លងកាត់រយៈពេលនៃការកែប្រែចិត្ត ( សូមមើល គ. និង ស. 3:10 ) ព្រះអម្ចាស់បានប្រាប់គាត់ មិនឲ្យបកប្រែសារឡើងវិញនូវចំណែកដែលបានបាត់នោះទេ ( សូមមើល គ. និង ស. 10:30 ) ។ ផ្ទុយទៅវិញ ទ្រង់បានបញ្ជាឲ្យគាត់បកប្រែផ្ទាំងនីហ្វៃតូច ( សូមមើល គ. និង ស. 10:41 ) ដែលមានរយៈពេលដូចគ្នា ។ គាត់បានប្រាប់យ៉ូសែបថា អស់អ្នកដែលបានយកអត្ថបទ 116 ទំព័រនោះ បានផ្លាស់ប្ដូរពួកគេ និង មានគម្រោងដើម្បីប្រើវា ដើម្បីទម្លាក់តម្លៃកិច្ចការនេះ ( សូមមើល គ. និង ស. 10:10– 19 ) ។ ព្រះអម្ចាស់បានដឹងពីព្រឹត្តិការណ៍ទាំងនេះ ជាច្រើនឆ្នាំមុន ហើយបានផ្ដល់កំណត់ត្រាទីពីរ ដើម្បីធ្វើឲ្យគម្រោងរបស់សាតាំងបរាជ័យ ។ ( សូមមើល History of the Church 1:20–23; គ. និង ស. 10:38–46 ។ )
សូមអញ្ជើញសិស្សអាន នីហ្វៃទី1 9:6 រៀងៗខ្លួន ។ សុំឲ្យពួកគេស្វែងរកគោលលទ្ធិ ដែលនីហ្វៃបង្រៀននៅក្នុងខគម្ពីរនេះ ។ សូមឲ្យសិស្សម្នាក់សរសេរគោលការណ៍ខាងក្រោមនៅលើក្ដារខៀន ៖ ព្រះទ្រង់ញាណគ្រប់ការណ៍ទាំងអស់ និង រៀបចំមធ្យោបាយមួយដើម្បីសម្រេចកិច្ចការរបស់ទ្រង់ទាំងអស់ ។
-
តើហេតុអ្វីបានជាវាមានអត្ថប្រយោជន៍ ដើម្បីដឹងថា « ព្រះអម្ចាស់ទ្រង់ញាណគ្រប់ការណ៍ទាំងអស់ពីដើមដំបូង » ? ( នីហ្វៃទី1 9:6 ; សូមមើលផងដែរ នីហ្វៃទី2 9:20; ពាក្យសម្ដីនៃមរមន 1:7 ។ )
-
តើគោលលទ្ធិនេះ អាចមានឥទ្ធិពលលើរបៀបរស់នៅរបស់អ្នកយ៉ាងណាដែរ ? ( នៅពេលសិស្សឆ្លើយសំណួរនេះ អ្នកអាចចែកចាយគំនិតរបស់អ្នកអំពី របៀបដែលគោលលទ្ធិនេះបានបង្កើនសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និង ការទុកចិត្តរបស់អ្នកលើព្រះ ) ។
-
តើគោលលទ្ធិនេះ អាចជួយអ្នក នៅពេលអ្នកជួបនឹងបញ្ហាយ៉ាងដូចម្ដេចខ្លះ ? ( ចម្លើយដែលអាចមាន អាចថា យើងអាចស្វែងរកការលួងលោមនៅក្នុងការការពារដែលព្រះ អាចឃើញលទ្ធផលនៃឧបសគ្គ និង ការប្រកួតប្រជែងរបស់យើង ទោះបីជាយើងមិនអាចឃើញក្ដី ។ ហើយតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ទ្រង់អាចប្រទានដល់យើងនូវកម្លាំង ការលួងលោម និង ការណែនាំដើម្បីយកឈ្នះ ឬ ស៊ូទ្រាំនឹងការលំបាកនៃជីវិត ) ។
សូមបង្ហាញការជឿជាក់របស់អ្នកថា ព្រះទ្រង់ញាណគ្រប់ការណ៍ទាំងអស់ រួមមានអ្វីដែលល្អបំផុត សម្រាប់កូនចៅរបស់ទ្រង់ម្នាក់ ។ សូមជួយសិស្សឲ្យឃើញថា ពេញមួយជីវិតរបស់ពួកគេ ពួកគេនឹងជួបនឹងព្រះបញ្ញត្តិ និង ទទួលបាននូវការបំផុសគំនិតពីព្រះដែល ពួកគេមិនអាចដឹងច្បាស់លាស់នាពេលដំបូង ។ ការគោរពប្រតិបត្តិរបស់ពួកគេចំពោះព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ និង ការបំផុសគំនិតនៃព្រះវិញ្ញាណបរិសុទ្ធ នឹងប្រទានពរដល់ជីវិតរបស់ពួកគេផ្ទាល់ និង ជីវិតរបស់អ្នកដទៃទៀត ។