មេរៀនសិក្សានៅផ្ទះ
អាលម៉ា 33–38 ( មេរៀនទី 19 )
សេចក្តីផ្ដើម
អាលម៉ាបានបង្រៀនដល់ពួកសាសន៍សូរាំថា ដង្វាយធួនគឺ « និរន្ដរ៍ និងអស់កល្បជានិច្ច » ( អាលម៉ា 34:10 ) ។ សិស្សបានរៀនពីសេចក្ដីពិតនេះនៅក្នុងការសិក្សាប្រចាំសប្ដាហ៍របស់ពួកគេ ហើយមេរៀននេះនឹងផ្ដល់ដល់ពួកគេនូវឱកាសបន្ថែមទៀតដើម្បីយល់ និងកោតសរសើរដល់ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា 33–35
អាលម៉ា និងអាមូលេកបង្រៀនដល់ពួកសាសន៍សូរាំអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ
សូមសួរ ៖ ហេតុអ្វីបានជាព្រះយេស៊ូវគ្រីស្ទគឺជាអង្គតែមួយគត់ ដែលអាចធួនសម្រាប់អំពើបាបនៃពិភពលោក ?
សូមរំឭកសិស្សថា ជាផ្នែកនៃកិច្ចការប្រចាំសប្ដាហ៍របស់ពួកគេ សូមអាន អាលម៉ា 34:10–14 ហើយគូសចំណាំឃ្លាដែលរួមមានពាក្យ និរន្ដរ៍ និងអស់កល្ប ។សូមឲ្យសិស្សម្នាក់អានខគម្ពីរទាំងនេះឮៗ ហើយបន្ទាប់មកសូមឲ្យសិស្សចែកចាយឃ្លាដែលពួកគេបានរកឃើញ ។
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រ័សុល អិម ណិលសុននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ដើម្បីជួយពួកគេឲ្យយល់ពីរបៀបដែលដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទគឺនិរន្ដរ៍ និងអស់កល្ប ៖
« ដង្វាយធួនរបស់ទ្រង់គឺនិរន្ដរ៍ —ដោយគ្មាទីបញ្ចប់ឡើយ ។ វាក៏ជានិរន្ដរ៍ដែលមនុស្សជាតិទាំងអស់នឹងត្រូវបានសង្គ្រោះពីសេចក្ដីស្លាប់ដែលមិនចេះចប់ ។ វាជានិរន្ដរ៍ក្នុងន័យការរងទុក្ខដ៏ខ្លាំងមហិមារបស់ទ្រង់ ។ … វាជានិរន្ដរ៍ក្នុងបរិបទ —វាត្រូវធ្វើតែម្ដងសម្រាប់មនុស្សទាំងអស់ ។ ហើយសេចក្ដីមេត្តាករុណានៃដង្វាយធួនពង្រីកមិនត្រឹមតែដល់ចំនួនមនុស្សដ៏និរន្ដរ៍ប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងដល់ចំនួនដ៏និរន្ដរ៍នៃពិភពលោកទាំងឡាយដែលត្រូវបានបង្កើតដោយទ្រង់ ។ វាជានិរន្ដរ៍លើសពីការស្មាននៃរង្វាស់របស់មនុស្ស ឬ លើសពីការយល់ដឹងខាងសាច់ឈាម ។
« ព្រះយេស៊ូវគឺជាអង្គតែមួយគត់ ដែលអាចផ្ដល់នូវដង្វាយធួនជានិរន្ដរ៍មួយបែបនោះបាន ដោយសារទ្រង់បានប្រសូត្រពីម្ដាយជាសាច់ឈាមម្នាក់ និង ពីព្រះវរបិតាខាងវិញ្ញាណ ។ ដោយសារតែការប្រសូត្រដែលមានតែមួយគត់នោះ ព្រះយេស៊ូវគឺជាអង្គដ៏និរន្ដរ៍មួយ » ( « The Atonement »Ensign,ខែ វិច្ឆិកា ឆ្នាំ 1996, ទំព័រ 35 ) ។
សូមសួរ ៖ តើការបង្រៀនរបស់អាមូលេក និងការពន្យល់ពីអែលឌើរ ណែលសុន នេះបានជួយយើងឲ្យយល់ថា ហេតុអ្វីព្រះយេស៊ូវគ្រីស្ទគឺជាយេស៊ូវគឺជាអង្គតែមួយគត់ ដែលអាចផ្ដល់នូវដង្វាយធួនសម្រាប់អំពើបាបនៃលោកិយដោយរបៀបណា ?
សូមឲ្យសិស្សសង្ខេបអ្វីដែលពួកគេបានរៀនកន្លងមកពី អាលម៉ា 34 អំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមពន្យល់ថា គោលការណ៍ដ៏សំខាន់មួយដែលយើងអាចរៀនពីផ្នែកនេះគឺថា ដង្វាយធួនដ៏និរន្ដរ៍ និងអស់កល្បជានិច្ចរបស់ព្រះយេស៊ូវគ្រីស្ទធ្វើឲ្យមានសេចក្ដីសង្គ្រោះសម្រាប់មនុស្សទាំងអស់ ។
សូមសរសេរឃ្លាខាងក្រោមនៅលើក្ដារខៀន ឬ ក្រដាសមួយ ៖ សូមស្រមៃពីជីវិតដែលគ្មាន …
សូមលើកវត្ថុមួយដែលយុវវ័យជាច្រើនឲ្យតម្លៃ ( ដូចជាទូរស័ព្ទដៃមួយ ) ។ សូមសួរ ៖ តើជីវិតនឹងទៅជាយ៉ាងណាបើគ្មានវត្ថុនេះ ?
បន្ទាប់មក សូមលើកដប ឬ កែវទឹកមួយ ( ឬអ្វីមួយផ្សេងទៀតដែលសំខាន់ដើម្បីចិញ្ចឹមជីវិត ) ។ សូមសួរ ៖ តើជីវិតនឹងទៅជាយ៉ាងណាបើគ្មានទឹក ?
ក្រោយពីសិស្សបានឆ្លើយនឹងសំណួរនេះហើយ សូមបំពេញប្រយោគនៅលើក្ដារខៀន ៖ សូមស្រមៃពីជីវិតដែលគ្មានដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
សូមសួរសំណួរខាងក្រោម ៖
-
តើអ្នកស្រមៃមនុស្សនឹងមើលទៅជីវិតយ៉ាងណាដែរ ប្រសិនបើពួកគេមិនស្គាល់ព្រះយេស៊ូវគ្រីស្ទ ឬ ប្រសិនបើពួកគេមិនជឿថាមានព្រះនោះ ?
-
តើអ្នកស្រមៃថាជីវិតនឹងខុសគ្នាយ៉ាងណាសម្រាប់អ្នក បើគ្មានដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ? ( សូមឲ្យសិស្សសញ្ជឹងគិតមួយស្របក់នូវសំណួរនេះ មុនពេលឲ្យពួកគេឆ្លើយ ។ )
សូមពន្យល់ថា អាមូលេកបានបង្រៀនពួកសាសន៍សូរាំថា ពួកគេត្រូវប្រែចិត្តដើម្បីនាំមកនូវពរជ័យនៃដង្វាយធួនមកកាន់ជីវិតរបស់ពួកគេ ( សូមមើល អាលម់ា 34:15–17 ) ។ សូមសួរសិស្សថាតើពួកគេធ្លាប់ពន្យារពេលប្រែចិត្ត ដោយសារពួកគេខ្លាចនឹងសារភាពអំពើបាបរបស់ពួកគេ ឬ ខ្លាចថាពួកគេមិនរឹងមាំល្មមដើម្បីផ្លាស់ប្ដូរទេ ។ បន្ទាប់មកសូមសួរ ៖ ហេតុអ្វីបានជាវាគ្រោះថ្នាក់ក្នុងការពន្យារពេលប្រែចិត្ត ?
សូមឲ្យសិស្សប្ដូរវេនគ្នាអានឮពី អាលម៉ា 34:30–35 ដោយរកមើលអ្វីដេលអាមូលេកបានបង្រៀនអំពីមូលហេតុដែលយើងមិនគួរពន្យារពេលប្រែចិត្ត ។ សូមពិភាក្សាខគម្ពីរទាំងនេះដោយការសួរសំណួរខាងក្រោម ៖
-
សូមមើលទៅ អាលម៉ា 34:32 ។ ហេតុអ្វីបានជាយើងគួរប្រែចិត្តថ្ងៃនេះ ? ( នៅពេលសិស្សឆ្លើយតប សូមជួយពួកគេឲ្យយល់ពីគោលការណ៍នេះ ៖ ជីវិតនេះគឺជាពេលវេលាសម្រាប់ឲ្យយើងប្រុងប្រៀបខ្លួនទៅជួបនឹងព្រះ ។ )
-
សូមមើលទៅ អាលម៉ា 34:33 ។ តើអ្វីគឺជាគោលបំណងនៃជីវិតនេះ ? តើនឹងមានអ្វីកើតឡើងដល់អស់អ្នកពន្យារពេលប្រែចិត្ត ?
-
សូមមើលទៅអាលម៉ា 34:31 ។ តើសេចក្ដីសន្យាអ្វីដែលត្រូវបានផ្ដល់ទៅអ្នកដែលប្រែចិត្តនាពេលឥឡូវ ?
សូមអានសេចក្ដីថ្លែងការណ៍ដោយប្រធាន ប៊យដ៍ ឃេ ផាកកឺនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« អ្នកមិនត្រូវដឹងអ្វីៗ មុនពេលព្រះចេស្ដានៃដងា្វយធួននឹងធ្វើការសម្រាប់អ្នកនោះទេ ។ សូមមានសេចក្ដីជំនឿលើព្រះគ្រីស្ទ ; វាចាប់ផ្ដើមមានអំណាចនៅថ្ងៃដែលអ្នកសុំ ! » ( « Washed Clean »Ensign,ខែ ឧសភា ឆ្នាំ 1997,ទំព័រ 10 ។ )
សូមសួរ ៖ តើសេចក្ដីថ្លែងការណ៍ដោយប្រធានផាកកឺនេះបង្រៀនអ្នកអ្វីខ្លះ ? ហេតុអ្វីបានជាវាជួយដល់អ្នក ?
អាលម៉ា 36
អាលម៉ាបង្រៀនកូនប្រុសរបស់គាត់ ហេលេមិន
សិស្សរបស់អ្នកបានសិក្សាការបង្រៀនរបស់អាលម៉ាដល់កូនប្រុសរបស់គាត់ ហេលេមិន នៅក្នុង អាលម៉ា 36 ហើយបានរៀនអំពីសេចក្ដីអំណរដែលអាលម៉ាបានមាន នៅពេលគាត់បានប្រែចិត្តដោយស្មោះត្រង់ពីអំពើបាបរបស់គាត់ ។ សិស្សត្រូវបានសុំឲ្យអាន អាលម៉ា 36:19–22 ហើយបន្ទាប់មកសរសេរនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេអំពីអ្វីដែលខគម្ពីរទាំងនេះបានបង្រៀនដល់ពួកគេអំពីព្រះចេស្ដានៃដង្វាយធួន ( ថ្ងៃទី 2 កិច្ចការទី 3 ) ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយអ្វីដែលពួកគេបានសរសេរ ។ សូមបញ្ចប់ដោយទីបន្ទាល់ផ្ទាល់របស់អ្នកអំពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ និងសេចក្ដីអំណរដែលមកពីការប្រែចិត្ត ។
មេរៀនបន្ទាប់ ( អាលម៉ា 39–44 )
សូមឲ្យសិស្សគិតអំពីរបៀបដែលឪពុកម្ដាយដែលបារម្ភ និងស្រឡាញ់ម្នាក់ដែលអាចកែតម្រូវកូនប្រុស ឬ កូនស្រីដែលបានរំលងច្បាប់ផ្លូវភេទយ៉ាងខ្លាំង ។ អាលម៉ាបានជួបនឹងស្ថានភាពនេះ ហើយបានបង្រៀនសេចក្ដីពិតដ៏សំខាន់ដល់កូនប្រុសរបស់គាត់ កូរីអានតុន ដែលបានប្រព្រឹត្តអំពើបាបអំឡុងពេលបម្រើបេសសកម្ម ។