មេរៀនទី 131
នីហ្វៃទី 3 ជំពូក 23
សេចក្តីផ្ដើម
ក្រោយពីដកស្រង់ពាក្យរបស់អេសាយហើយ ( សូមមើល 3នីហ្វៃទី 3 22 ) ព្រះយេស៊ូវគ្រីស្ទបានបញ្ជាពួកសាសន៍នីហ្វៃឲ្យសិក្សាពាក្យរបស់ព្យាការីនេះ ។ ទ្រង់បានមានបន្ទូលថា ពាក្យរបស់អេសាយគឺជាពរជ័យ ដោយសារអេសាយ « បានមានប្រសាសន៍ជាប្រាកដពីគ្រប់ទាំងការណ៍ដែលទាក់ទងនឹងរាស្ដ្រយើង គឺជាវង្សអ៊ីស្រាអែល » ( នីហ្វៃទី 3 23:2 ) ។ ទ្រង់ក៏បានមានព្រះបន្ទូលថា ពាក្យរបស់អេសាយទាំងឡាយត្រូវបាន ឬនឹងត្រូវបានបំពេញ ។ បន្ទាប់មក ព្រះអង្គសង្គ្រោះបានបញ្ជាពួកសាសន៍នីហ្វៃឲ្យសិក្សាពាក្យនៃព្យាការីទាំងឡាយ និងបានណែនាំពួកគេឲ្យបន្ថែមសម្ភារដើម្បីកត់ត្រា ។
យោបល់ទំាងឡាយសម្រាប់ការបង្រៀន
នីហ្វៃទី 3 23:1–5
ព្រះយេស៊ូវគ្រីស្ទបញ្ជាប្រជាជនឲ្យសិក្សាពាក្យទាំងឡាយរបស់ពួកព្យាការី
សូមសរសេរឃ្លាខាងក្រោមនៅលើក្តារខៀន៖ ពរជ័យពីការសិក្សាព្រះគម្ពីរ ។ សូមឲ្យសិស្សគិតពីបទពិសោធន៍របស់ពួកគេក្នុងការសិក្សាព្រះគម្ពីរមរមននៅផ្ទះ និងនៅក្នុងថ្នាក់សិក្ខាសាលាឆ្នាំនេះ ។ សូមឲ្យពួកគេឡើងមកកាន់ក្ដារខៀន ហើយសរសេរពាក្យមួយ ឬឃ្លាមួយខ្លីដែលបង្ហាញពីពរជ័យដែលបានមកដល់ជីវិតរបស់ពួកគេ ជាលទ្ធផលនៃការសិក្សាព្រះគម្ពីរ ។ អ្នកអាចសុំឲ្យសិស្សពីរបីនាក់រៀបរាប់លម្អិតបន្ថែមទៀតពីអ្វីដែលពួកគេបានសរសេរ ។ បន្ទាប់មក សូមចង្អុលទៅពរជ័យដែលបានសរសេរនៅលើក្ដារខៀន ។
-
តើអ្នកគិតថា ហេតុអ្វីបានជាយើងត្រូវបានប្រទានពរឲ្យតាមរបៀបទាំងនេះ នៅពេលយើងអានព្រះគម្ពីរ ?
សូមឲ្យសិស្សរំឭកពីមេរៀនមុនដែលព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទត្រូវបានដកស្រង់ នៅពេលទ្រង់បានបង្រៀនដល់ពួកសាសន៍នីហ្វៃ ។ ( ពាក្យរបស់អេសាយ សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 23:1–3 ឮៗ ។ អ្នកគួរណែនាំឲ្យសិស្សគូសចំណាំពាក្យ និងឃ្លាដែលលេចធ្លោដល់ពួកគេនៅក្នុងខគម្ពីរទាំងនេះ ។ សូមឲ្យពួកគេចែកចាយអ្វីដែលពួកគេរកឃើញ ។
-
ហេតុអ្វីបានជាព្រះអម្ចាស់ចង់ឲ្យប្រជាជនសិក្សាពាក្យរបស់អេសាយ ? ( សូមមើល នីហ្វៃទី 3 23:2–3 ) ។
-
ហេតុអ្វីបានជាវាគឺជាពរជ័យមួយដែលដឹងថា ពាក្យទាំងឡាយរបស់អេសាយនឹងត្រូវបានបំពេញ ?
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 23:4–5 ឮៗ ។ សូមបង្ហាញថា ក្រោយពីព្រះអង្គសង្គ្រោះបានមានបន្ទូលឲ្យសិក្សាពាក្យរបស់អេសាយហើយ ទ្រង់បានមានបន្ទូលថាឲ្យ « សិក្សាស្រាវជ្រាវពីព្យាការីទាំងឡាយ » ។ សូមសរសេរសេចក្ដីពិតខាងក្រោមនៅលើក្តារខៀន៖ ព្រះអង្គសង្គ្រោះបញ្ជាឲ្យយើងសិក្សាស្រាវជ្រាវដោយឧស្សាហ៍ព្យាយាមនូវពាក្យរបស់អេសាយ និងពីព្យាការីផ្សេងទៀត ។
-
យោងតាម នីហ្វៃទី 3 23:5 តើយើងត្រូវធ្វើអ្វីដើម្បីត្រូវបានសង្គ្រោះ ? តើពាក្យរបស់ព្យាការីជួយយើងឲ្យធ្វើតាមព្រះបញ្ញត្តិទាំងនេះដោយរបៀបណា ?
-
តើការសិក្សាពាក្យរបស់ព្យាការីដោយឧស្សាហ៍ព្យាយាមខុសពីការគ្រាន់តែអានពាក្យរបស់ព្យាការីដោយរបៀបណា ? តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ដើម្បីសិក្សាពាក្យរបស់អេសាយ និងព្យាការីផ្សេងទៀតដោយឧស្សាហ៍ព្យាយាម ?
-
តើរបៀបសិក្សាព្រះគម្ពីរអ្វីខ្លះ ដែលជួយអ្នកឲ្យសិក្សាពាក្យរបស់អេសាយ និងព្យាការីផ្សេងទៀតជាផ្នែកដ៏មានន័យខ្លាំងនៅក្នុងជីវិតរបស់អ្នក ?
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ មើរិល ជេ ប៊ែតមែន នៃពួកចិតសិបនាក់ ៖
« មានពរជ័យជាក់លាក់ដែលមានជាប់ នៅពេលបុគ្គលម្នាក់សិក្សាស្រាវជ្រាវព្រះគម្ពីរ ។ នៅពេលបុគ្គលម្នាក់សិក្សាព្រះបន្ទូលរបស់ព្រះអម្ចាស់ និងគោរពតាមវា គេនឹងខិតកាន់តែជិតទៅរកព្រះអង្គសង្គ្រោះ ហើយទទួលបានបំណងប្រាថ្នាដ៏ធំជាងមុនមួយដើម្បីរស់នៅដ៏សុចរិត ។ អំណាចដើម្បីប្រឆាំងនឹងការល្បួងកើនឡើង ហើយភាពទន់ខ្សោយខាងវិញ្ញាណនឹងត្រូវយកឈ្នះ ។ របួសខាងវិញ្ញាណនឹងត្រូវបានព្យាបាល » ( « Coming unto Christ by Searching the Scriptures » Ensign ខែ វិច្ឆិកា ឆ្នាំ 1992 ទំព័រ 28 ) ។
-
តើយើងអាចស្វែងរកពាក្យរបស់ព្យាការីនៅឯណាទៀត ក្រៅពីព្រះគម្ពីរ ?
សូមឲ្យសិស្សឆ្លើយនឹងសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់ ។
-
តើការផ្លាស់ប្ដូរអ្វីខ្លះដែលអ្នកអាចធ្វើដើម្បីសិក្សាពាក្យរបស់ព្យាការីទាំងឡាយដោយឧស្សាហ៍ព្យាយាម ?
សូមឲ្យសិស្សពីរបីនាក់ថ្លែងទីបន្ទាល់អំពីពរជ័យដែលកើតមានពីការសិក្សាស្រាវជ្រាវពាក្យរបស់ព្យាការីទាំងឡាយ ។
នីហ្វៃទី 3 23:6–14
ព្រះអង្គសង្គ្រោះណែនាំពួកសិស្សរបស់ទ្រង់ឲ្យបន្ថែមហេតុការណ៍ដ៏សំខាន់មួយនៅក្នុងកំណត់ត្រាព្រះគម្ពីររបស់ពួកគេ
សូមឲ្យសិស្សពីរបីនាក់រៀបរាប់ពីចំណងជើងដំណើររឿងដែលគេចូលចិត្តនៅក្នុងព្រះគម្ពីរមរមន ។ សូមសរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ។ បន្ទាប់មក សូមលុបចម្លើយមួយ ។ សូមឲ្យសិស្សស្រមៃថា មរមន ឬនីហ្វៃ ឬអ្នករក្សាទុកកំណត់ត្រាផ្សេងទៀតបានធ្វេសប្រហែសមិនបញ្ចូលដំណើររឿងនោះ ។
-
តើមេរៀនដ៏សំខាន់អ្វីខ្លះនឹងមិនត្រូវបានកត់ត្រានៅក្នុងព្រះគម្ពីរមរមន ប្រសិនបើដំណើរឿងនេះមិនត្រូវបានបញ្ចូលនោះ ?
សូមពន្យល់ថា នៅពេលព្រះអង្គសង្គ្រោះបានបង្រៀនដល់ពួកសាសន៍នីហ្វៃ ទ្រង់បានបង្ហាញថា អ្នករក្សាកំណត់ត្រារបស់ពួកគេបានប្រហែសមិនបានបញ្ចូលនូវព្រឹត្តិការណ៍ដ៏សំខាន់មួយដែលត្រូវបានបំពេញតាមការព្យាករណ៍ ។ សូមឲ្យសិស្សបីបួននាក់ប្ដូរវេនគ្នាអានឮៗក្នុង នីហ្វៃទី 3 23:6–13 ។ សូមឲ្យសិស្សផ្សេងទៀតមើលតាម ដោយរកមើលអ្វីដែលពួកសាសន៍នីហ្វៃមិនកត់ត្រានោះ ។
-
ពួកសាសន៍នីហ្វៃបានមានកំណត់ត្រាមួយអំពីការព្យាករណ៍របស់លោក សាំយូអែល រួចហើយ ( សូមមើល ហេលេមិន 14:25 ) ។ តើអ្នកគិតថា ហេតុអ្វីបានជាវាជាការណ៍ដ៏សំខាន់សម្រាប់ពួកគេដើម្បីមានកំណត់ត្រាមួយអំពីការបំពេញនេះ ?
សូមបង្ហាញថា ទោះបីជាយើងមិនត្រូវបានបញ្ជាឲ្យរក្សាកំណត់ត្រាខាងវិញ្ញាណសម្រាប់សាសនាចក្រក្ដី យើងត្រូវបានប្រឹក្សាឲ្យរក្សាកំណត់ហេតុផ្ទាល់ខ្លួន ។
-
តើការណែនាំរបស់ព្រះអង្គសង្គ្រោះនៅក្នុង នីហ្វៃទី 3 23:6–13 អាចអនុវត្តចំពោះការខិតខំរបស់យើងដើម្បីរក្សាកំណត់ហេតុផ្ទាល់ខ្លួនដោយរបៀបណា ?
ដើម្បីជួយសិស្សឲ្យឃើញពីរបៀបមួយដែលពួកគេអាចរក្សាកំណត់ហេតុមួយ សូមឲ្យសិស្សម្នាក់អានឮៗនូវបទពិសោធន៍ខាងក្រោមដែលបានចែកចាយដោយប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ ៖
« ខ្ញុំបានធ្វើកិច្ចការសាសនាមួយហើយមកដល់ផ្ទះយឺត ។ មេឃងងឹតខ្លាំងណាស់ ។ ឪពុកក្មេករបស់ខ្ញុំ ដែលបានរស់នៅក្បែរយើង បានធ្វើឲ្យខ្ញុំភ្ញាក់នៅពេលខ្ញុំបានដើរឆ្ពោះទៅទ្វារមុខផ្ទះខ្ញុំ ។ គាត់កំពុងលីបំពង់លើស្មារបស់គាត់ ដោយដើរយ៉ាងលឿន ក្នុងសំលៀកបំពាក់ធ្វើការរបស់គាត់ ។ ខ្ញុំបានដឹងថា គាត់កំពុងសង់ប្រព័ន្ធបូមទឹកពីស្ទឹងមួយមកដល់ដីរបស់យើង ។
« គាត់បានញញឹម ហើយនិយាយដោយស្រទន់ រួចប្រញាប់ដើរទៅក្នុងទីងងឹតដើម្បីបន្ដកិច្ចការរបស់គាត់ ។ ខ្ញុំបានដើរពីរបីជំហានទៅផ្ទះ ដោយគិតអំពីអ្វីដែលគាត់បានកំពុងធ្វើសម្រាប់យើង ហើយនៅពេលខ្ញុំបានដើរទៅដល់មាត់ទ្វារ ខ្ញុំបានឮនៅក្នុងគំនិតរបស់ខ្ញុំ —មិនមែនជាសំឡេងរបស់ខ្ញុំឡើយ— នូវពាក្យទាំងនេះថា ៖ ‹ យើងមិនបានប្រទានដល់អ្នកនូវបទពិសោធន៍ទាំងនេះសម្រាប់ខ្លួនអ្នកនោះទេ ។ សូមសរសេរវាទុក ។ ›
« ខ្ញុំបានដើរទៅក្នុងផ្ទះ ។ ខ្ញុំមិនបានចូលទៅដេកនោះទេ ។ ទោះបីជាខ្ញុំហត់នឿយយ៉ាងណាក្ដី ខ្ញុំបានយកសៀវភៅចេញមកសរសេរវា ។ ហើយនៅពេលខ្ញុំបានធ្វើវា ខ្ញុំបានយល់ពីសារលិខិតដែលខ្ញុំបានឮនៅក្នុងគំនិតរបស់ខ្ញុំ ។ ខ្ញុំត្រូវកត់វាទុកឲ្យកូនចៅរបស់ខ្ញុំដើម្បីអាននៅថ្ងៃណាមួយនាពេលអនាគត អំពីរបៀបដែលខ្ញុំបានឃើញព្រះហស្ដរបស់ព្រះប្រទានពរដល់គ្រួសាររបស់យើង ។ លោកតាមិនចាំបាច់ធ្វើអ្វីដែលគាត់បានធ្វើសម្រាប់យើងនោះទេ ។ គាត់អាចឲ្យនរណាម្នាក់ទៀតធ្វើវា ឬមិនចាំបាច់ធ្វើវាឡើយ ។ ប៉ុន្ដែគាត់បានបម្រើដល់យើង ដែលជាគ្រួសាររបស់គាត់ តាមរបៀបដែលសិស្សនៃសេចក្ដីសញ្ញារបស់ព្រះយេស៊ូវគ្រីស្ទតែងតែធ្វើ ។ ខ្ញុំបានដឹងថា វាគឺជាការពិត ។ ដូច្នេះហើយទើបខ្ញុំបានសរសេរវាទុក ដើម្បីឲ្យកូនចៅរបស់ខ្ញុំអាចចងចាំ នៅពេលពួកគេត្រូវការវានៅថ្ងៃណាមួយ ។
« ខ្ញុំបានសរសេររឿងពីរបីបន្ទាត់ជារៀងរាល់ថ្ងៃអស់រយៈពេលជាច្រើនឆ្នាំ ។ ខ្ញុំមិនដែលខកខានមួយថ្ងៃណាឡើយ មិនថាខ្ញុំនឿយហត់ប៉ុណ្ណា ឬ មិនថាព្រលឹមយ៉ាងណាដែលខ្ញុំត្រូវចាប់ផ្ដើមថ្ងៃថ្មីនោះទេ ។ មុនពេលខ្ញុំចាប់សរសេរ ខ្ញុំបានសញ្ជឹងគិតពីសំណួរនេះ ៖ ‹ តើខ្ញុំបានឃើញព្រះហស្ដរបស់ព្រះកំពុងឈោងមកប៉ះយើង ឬកូនចៅរបស់យើង ឬគ្រួសាររបស់យើងនៅថ្ងៃនេះដោយរបៀបណា ? › » ( « O Remember, Remember » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ 2007 ទំព័រ 66–67 ) ។
-
តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់សម្រាប់យើងដើម្បីសរសេរអំពីបទពិសោធន៍ដែលពង្រឹងដល់យើងខាងវិញ្ញាណ ?
-
តើយើងអាចទទួលបានប្រយោជន៍ពីការធ្វើតាមគំរូរបស់ប្រធាន អាវរិង ដោយរបៀបណា ? តើកំណត់ត្រារបស់យើងអាចជួយអ្នកដទៃដោយរបៀបណា ?
សូមពន្យល់ថា ប្រធាន អាវរិង បានប្រាប់អំពីពរជ័យដែលលោកបានទទួល ដោយសារលោកបានរក្សាកំណត់ត្រាប្រចាំថ្ងៃពីពរជ័យរបស់ព្រះចំពោះគ្រួសារលោក ។ សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមឲ្យឮៗ ។ ( អ្នកអាចចែកចាយផ្នែកនៃសេចក្ដីថ្លែងការណ៍នេះនៅក្នុងមេរៀនទី 117 ។ សិស្សអាចទទួលបានប្រយោជន៍ពីការស្ដាប់វាម្ដងទៀត ) ។
« នៅពេលខ្ញុំបន្ដធ្វើវា នោះអ្វីមួយបានចាប់ផ្ដើមកើតឡើង ។ នៅពេលខ្ញុំគិតពីថ្ងៃនោះ ខ្ញុំបានឃើញពីភស្ដុតាងនៃអ្វីដែលព្រះបានធ្វើសម្រាប់យើងម្នាក់ៗដែលខ្ញុំមិនបានកត់ចំណាំនៅក្នុងពេលដ៏រវល់នាថ្ងៃនេះ ។ នៅពេលវាបានកើតឡើង ហើយវាបានកើតឡើងជាញឹកញាប់ ខ្ញុំបានយល់ថា ការព្យាយាមចងចាំបានអនុញ្ញាតឲ្យព្រះបង្ហាញដល់ខ្ញុំនូវអ្វីដែលទ្រង់បានធ្វើ ។
« វាលើសពីអំណរគុណទៅទៀតដែលបានចាប់ផ្ដើមដុះដាលឡើងនៅក្នុងចិត្តរបស់ខ្ញុំ ។ ទីបន្ទាល់បានរីកចម្រើនឡើង ។ ខ្ញុំកាន់តែមានការជឿជាក់ថា ព្រះវរបិតាសួគ៌របស់យើងឮ ហើយឆ្លើយនូវការអធិស្ឋានទាំងឡាយ ។ ខ្ញុំមានអារម្មណ៍នូវការដឹងគុណបន្ថែមទៀតចំពោះការបន្ទន់ចិត្ត និងការបន្សុទ្ធដែលកើតមាន ដោយសារតែដង្វាយធួនរបស់ព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ។ ហើយខ្ញុំកាន់តែមានទំនុកចិត្តជាងមុនថា ព្រះវិញ្ញាណបរិសុទ្ធអាចធ្វើឲ្យយើងចងចាំអ្វីៗទាំងអស់— ទោះបីជារឿងដែលយើងមិនចាប់អារម្មណ៍ ឬយកចិត្តទុកដាក់លើ នៅពេលវាបានកើតឡើងក្ដី » ( « O Remember, Remember » ទំព័រ 67 ) ។
-
តើគោលការណ៍អ្វីដែលយើងអាចរៀនពីដំណើររឿងនៅក្នុង នីហ្វៃទី 323 និងពីបទពិសោធន៍របស់ប្រធាន អាវរិង ? ( សិស្សអាចឆ្លើយនឹងសំណួរនេះតាមរបៀបខុសៗគ្នា ។ ចម្លើយរបស់ពួកគេគួរបង្ហាញពីសេចក្ដីពិតដូចតទៅនេះ ៖ នៅពេលយើងកត់ត្រាពីបទពិសោធន៍ខាងវិញ្ញាណ នោះខ្លួនយើងផ្ទាល់ និងគ្រួសាររបស់យើងនឹងត្រូវបានប្រទានពរឲ្យ ) ។
សិស្សខ្លះអាចមានអារម្មណ៍ថា ពួកគេមិនធ្លាប់មានអ្វីមួយដែលមានតម្លៃសមនឹងឲ្យពួកគេកត់ត្រានោះឡើយ ។ ដើម្បីជួយដល់ពួកគេ អ្នកអាចសុំឲ្យសិស្សម្នាក់អានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ចន អេច ហ្គ្រូបេក នៃក្រុមចិតសិបនាក់ ៖
« មនុស្សខ្លះនិយាយថា ‹ ខ្ញុំគ្មានអ្វីដែលត្រូវកត់ត្រានោះទេ ។ គ្មានរឿងខាងវិញ្ញាណណាមួយកើតឡើងចំពោះខ្ញុំសោះ › ។ ខ្ញុំនិយាយថា ‹ សូមចាប់ផ្ដើមកត់ត្រា ហើយរឿងខាងវិញ្ញាណនឹងកើតឡើង ។ វានៅទីនោះគ្រប់ពេល ប៉ុន្ដែយើងនឹងដឹងពីវាកាន់តែខ្លាំង នៅពេលយើងសរសេរវា ›» ( « Writing Your Personal and Family History » Ensign ខែ ឧសភា ឆ្នាំ 1980 ទំព័រ 48 ) ។
សូមឲ្យសិស្ស សួរខ្លួនឯងថាតើពួកគេធ្លាប់ធ្វេសប្រហែសមិនបានសរសេរអំពីបទពិសោធន៍ដែលបានពង្រឹងដល់ពួកគេខាងវិញ្ញាណដែរទេ ។ សូមលើកទឹកចិត្តពួកគេឲ្យសរសេរអំពីបទពិសោធន៍ទាំងនេះ ហើយបន្ដកត់ត្រាបទពិសោធន៍ផ្សេងទៀតពេញមួយជីវិតរបស់គេ ។ អ្នកអាចណែនាំថា ពួកគេគួរធ្វើតាមគំរូរបស់ប្រធាន អាវរិង ដោយសរសេរពីអ្វីមួយជារៀងរាល់ថ្ងៃ ។