មេរៀនទី 144
អេធើរ 2
សេចក្តីផ្ដើម
ក្រោយពីការចាកចេញពីប៉មបាបិល លោកយ៉ារេឌ និងបងប្រុសរបស់លោក និងគ្រួសារព្រមទាំងមិត្តភក្ដិរបស់លោក ត្រូវបានដឹកនាំដោយព្រះអម្ចាស់ឆ្លងកាត់ទីរហោស្ថាន ។ ព្រះអម្ចាស់បានបញ្ជាបងប្រុសរបស់យ៉ារេឌឲ្យសាងសង់ទូកធំចំនួនប្រាំបី ដើម្បីដាក់ប្រជាជនរបស់លោកឆ្លងកាត់សមុទ្រទៅកាន់ដែនដីសន្យា ។ នៅពេលបងប្រុសរបស់យ៉ារេឌ និងប្រជាជនរបស់លោកបានគោរពតាមព្រះអម្ចាស់ដោយសេចក្ដីជំនឿ នោះព្រះអម្ចាស់បានប្រទានការណែនាំ និងការដឹកនាំដែលចាំបាច់ណាដល់ពួកគេដើម្បីទទួលបានជោគជ័យនៅក្នុងការធ្វើដំណើររបស់ពួកគេ ។
យោបល់សម្រាប់ការបង្រៀន
អេធើរ 2:1–12
ប្រជាជនយ៉ារេឌចាប់ផ្ដើមការធ្វើដំណើររបស់ពួកគេទៅកាន់ដែនដីសន្យា
ដើម្បីជួយសិស្សឲ្យឃើញពីលំដាប់នៃការណែនាំដែលយើងទទួលបានពីព្រះ អាចរៀបចំយើងឲ្យទទួលបានការណែនាំ និងការដឹកនាំផ្សេងទៀតពីទ្រង់ សូមធ្វើ សកម្មភាពខាងក្រោម ៖
មុនពេលចាប់ផ្ដើមថ្នាក់ សូមលាក់អ្វីមួយដែលតំណាងឲ្យរបស់មានតម្លៃនៅក្នុងបន្ទប់ដែលអ្នកបង្រៀន ។ សូមរៀបចំតម្រុយបី ឬបួនដែលអាចដឹកនាំសិស្សឲ្យរកឃើញរបស់ដ៏មានតម្លៃនោះ ។ អ្នកនឹងត្រូវផ្ដល់នូវតម្រុយទីមួយដល់សិស្ស ។ តម្រុយនោះនឹងនាំទៅរកតម្រុយមួយទៀត ដែលនឹងដឹកនាំទៅរកតម្រុយមួយថែមទៀត ហើយបន្ដទៀតរហូតដល់សិស្សរកឃើញនូវរបស់មានតម្លៃនោះ ។ ក្រោយពីពួកគេបានរកឃើញរបស់នោះហើយ សូមសួរ ៖
-
តើនឹងមានអ្វីកើតឡើង ប្រសិនបើអ្នកមិនបានយកចិត្តទុកដាក់នឹងតម្រុយទីមួយទេនោះ ? ( ពួកគេនឹងមិនរកឃើញនូវតម្រុយទីពីរឡើយ ) ។
សូមឲ្យសិស្សរំឭកពី អេធើរ 1:41–42 ដោយស្ងាត់ស្ងៀម ដោយរកមើលវគ្គនៃការណែនាំដំបូងរបស់ព្រះអម្ចាស់ក្នុងការដឹកនាំដល់ពួកសាសន៍យ៉ារេឌទៅកាន់ដែនដីសន្យា ។
ដើម្បីជួយសិស្សឲ្យឃើញពីចម្លើយរបស់ពួកសាសន៍យ៉ារេឌចំពោះការណែនាំទាំងនេះ សូមឲ្យសិស្សម្នាក់អាន អេធើរ 2:1–3 ឮៗ ។
-
តើពួកសាសន៍យ៉ារេឌបានឆ្លើយតបយ៉ាងណាចំពោះវគ្គនៃការណែនាំដំបូងរបស់ព្រះអម្ចាស់ ?
សូមឲ្យសិស្សម្នាក់អាន អេធើរ 2:4–6 ឮ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលពរជ័យដែលពួកសាសន៍យ៉ារេឌបានទទួល ក្រោយពីពួកគេបានធ្វើតាមវគ្គនៃការណែនាំដំបូង ។
-
តើមានអ្វីកើតឡើង ក្រោយពីពួកសាសន៍យ៉ារេឌបានធ្វើតាមវគ្គនៃការណែនាំដំបូងរបស់ព្រះអម្ចាស់ ? ( ព្រះអម្ចាស់បានប្រទានដល់ពួកគេនូវការណែនាំបន្ថែមទៀត តាមរយៈបងប្រុសរបស់យ៉ារេឌ ) ។
-
តើយើងអាចរៀនអ្វីខ្លះពីដំណើររឿងនេះអំពីរបៀបដើម្បីទទួលបានការដឹកនាំពីព្រះអម្ចាស់ ? ( សិស្សអាចប្រើពាក្យខុសៗគ្នា ប៉ុន្ដែចម្លើយរបស់ពួកគេគួរបង្ហាញពីគោលការណ៍ដូចខាងក្រោម ៖ នៅពេលយើងធ្វើសកម្មភាពដោយសេចក្ដីជំនឿតាមការដឹកនាំដែលព្រះអម្ចាស់បានប្រទានដល់យើង នោះយើងអាចទទួលបាននូវការដឹកនាំបន្ថែមទៀតពីទ្រង់ ។ អ្នកអាចណែនាំ ពួកគេគួរសរសេរសេចក្ដីពិតនេះនៅក្នុងព្រះគម្ពីររបស់ពួកគេនៅក្បែរ អេធើរ 2:6 ) ។
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់ និងអាចអនុវត្តគោលការណ៍នេះ សូមឲ្យពួកគេគិតអំពីអារម្មណ៍ ឬការបំផុសគំនិតណាមួយដែលពួកគេបានទទួលនាពេលថ្មីៗនេះពីព្រះអម្ចាស់ ។ បន្ទាប់មក សូមឲ្យសិស្សម្នាក់អាននូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រីឆាត ជី ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ អំពីរបៀបដែលយើងទទួលបានវិវរណៈជាញឹកញាប់ ៖
« វានឹងមកម្ដងបនិ្ដចៗ ជាបំណែក ជាកញ្ចប់ ដើម្បីឲ្យសមត្ថភាពរបស់អ្នកអាចរីកចម្រើនឡើង ។ នៅពេលបំណែកនីមួយៗបានធ្វើឡើងដោយសេចក្ដីជំនឿ អ្នកនឹងត្រូវបានដឹកនាំទៅរកបំណែកផ្សេងទៀត រហូតដល់អ្នកទទួលបានចម្លើយទាំងមូល ។ ទម្លាប់នោះតម្រូវឲ្យអ្នកអនុវត្តសេចក្ដីជំនឿទៅលើសមត្ថភាពនៃព្រះវរបិតាយើង ដើម្បីឆ្លើយតបការអធិស្ឋានរបស់យើង។ ខណៈពេលដែលពេលខ្លះវាពិបាកជាខ្លាំង វាផ្ដល់នូវលទ្ធផលយ៉ាងសំខាន់ក្នុងការរីកចម្រើនផ្ទាល់ខ្លួន » ( « Using the Supernal Gift of Prayer » Ensign ឬ លីអាហូណា, ខែ ឧសភា ឆ្នាំ 2007, ទំព័រ 9 ) ។
សូមឲ្យសិស្សឆ្លើយនឹងសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់ ។ អ្នកអាចសរសេរសំណួរនេះនៅលើក្ដារខៀន ឬអានវាយឺតៗដើម្បីឲ្យសិស្សអាចកត់វាបាន ។
-
តើនៅពេលណាដែលអ្នកបានធ្វើតាមការបំផុសគំនិតខាងវិញ្ញាណ ហើយបន្ទាប់មកបានទទួលនូវការដឹកនាំបន្ថែមទៀតពីព្រះនោះ ?
-
តើអ្នកគិតថា ហេតុអ្វីបានជាពេលខ្លះយើងត្រូវឆ្លើយតបទៅនឹងការបំផុសគំនិតខាងវិញ្ញាណ មុនពេលយើងអាចទទួលបាននូវវិវរណៈបន្ថែម ?
សូមសង្ខេប អេធើរ 2:8–12 ដោយការពន្យល់ថា ព្រះអម្ចាស់បានមានបន្ទូលទៅកាន់បងប្រុសរបស់យ៉ារេឌថា នៅពេលពួកសាសន៍យ៉ារេឌបានមកដល់ដែនដីសន្យា ពួកគេនឹងត្រូវ « បម្រើទ្រង់ ដែលជាព្រះដ៏ពិតតែមួយ » ( អេធើរ 2:8 ) ប្រសិនបើពួកគេចង់ក្លាយជាប្រជាជាតិដ៏ខ្លាំងក្លាមួយ ដែលទ្រង់បានសន្យាថា ពួកគេនឹងអាចធ្វើបាន ។ ប្រសិនបើពួកគេមិនបម្រើដល់ទ្រង់នោះទេ ពួកគេនឹងត្រូវ « កំចាត់ចេញ » ពីដែនដី ( អេធើរ 2:8–10 ) ។ លោកមរ៉ូណៃ បានមានប្រសាសន៍ថា នេះគឺជា « ក្រិតក្រមដ៏អស់កល្បជានិច្ចនៃព្រះ » ( អេធើរ 2:10 ) ដែលមានន័យថា វានឹងអនុវត្តដល់មនុស្សទាំងឡាយដែលនឹងរស់នៅក្នុងដែនដីនោះ ។
អេធើរ 2:13–15
ព្រះអម្ចាស់វាយផ្ចាលដល់បងប្រុសរបស់យ៉ារេឌ ដោយសារលោកមិនបានអំពាវនាវដល់ទ្រង់នៅក្នុងការអធិស្ឋាន
សូមឲ្យសិស្សអាន អេធើរ 2:13–15 ដោយស្ងាត់ស្ងៀម ដោយរកមើលអ្វីដែលពួកសាសន៍យ៉ារេឌបានធ្វើ នៅពេលពួកគេបានទៅដល់មាត់សមុទ្រ ។
-
តើពួកសាសន៍យ៉ារេឌបានធ្វើអ្វីខ្លះ ? ( ពួកគេបានបោះតង់របស់ពួកគេ ហើយបានស្នាក់នៅក្បែរមាត់សមុទ្រអស់រយៈពេលបួនឆ្នាំ ) ។
-
ហេតុអ្វីបានជាព្រះអម្ចាស់បានវាយផ្ចាលដល់បងប្រុសរបស់យ៉ារេឌ ?
-
តើមេរៀនអ្វីខ្លះដែលយើងអាចរៀនពី អេធើរ 2:14 ? ( សិស្សអាចរកឃើញនូវសេចក្ដីពិតខុសគ្នា ដែលរួមមានដូចខាងក្រោមនេះ ៖ ព្រះអម្ចាស់ចង់ឲ្យយើងអំពាវនាវដល់ទ្រង់ជាទៀងទាត់នៅក្នុងការអធិស្ឋាន ; ព្រះអម្ចាស់នឹងមិនសព្វព្រះទ័យឡើយ នៅពេលយើងខកខានមិនបានអំពាវនាវដល់ទ្រង់នៅក្នុងការអធិស្ឋាននោះ ; ហើយ ព្រះវិញ្ញាណនឹងមិនអាចគង់នៅជាមួយយើងឡើយ ប្រសិនបើយើងមានអំពើបាបនោះ ) ។
សូមឲ្យសិស្សគិតអំពីការអធិស្ឋានផ្ទាល់ខ្លួនរបស់ពួកគេ នៅពេលអ្នកអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ដូណាល អេល. ស្ដាហេលី នៃក្រុមចិតសិបនាក់ ៖
« ការអធិស្ឋានដែលពោរពេញដោយការប្រឹងប្រែងប្រចាំថ្ងៃក្នុងការស្វែងរកការអភ័យទោស និងជំនួយព្រមទាំងការដឹកនាំជាពិសេស គឺជាការសំខាន់ដល់ជីវិតរបស់យើង និងការរីកចម្រើននៃទីបន្ទាល់របស់យើង ។ នៅពេលយើងប្រញាប់ប្រញាល និយាយដដែលៗ គិតថាធម្មតា ឬភ្លេចអធិស្ឋានរបស់យើង យើងហាក់នឹងបាត់បង់ភាពជិតដិតទៅនឹងព្រះវិញ្ញាណ ដែលជាការណ៍ដ៏សំខាន់មួយនៅក្នុងការដឹកនាំជាបន្ដបន្ទាប់ដែលយើងត្រូវការដើម្បីយកឈ្នះលើឧបសគ្គនៅក្នុងជីវិតរបស់យើងរាល់ថ្ងៃនេះដោយជោគជ័យ » ( « Securing Our Testimonies » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2004, ទំព័រ 39 ) ។
សូមសរសេរសំណួរខាងក្រោមនៅលើក្ដារខៀនមុនចាប់ផ្ដើមបង្រៀន ។ ( ឬ អ្នកអាចរៀបចំសំណួរជាក្រដាសចម្លងចែកដល់សិស្ស ឬអានវាយឺតៗដើម្បីឲ្យសិស្សអាចកត់វាបាន ) ។ សូមឲ្យសិស្សមានពេលពីរបីនាទីដើម្បីសរសេរចម្លើយខ្លីៗរបស់ពួកគេទៅនឹងសំណួរទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់ ។
អេធើរ 2:16–25 ( សូមមើលផងដែរ អេធើរ 3:1–6; 6:4–9 )
ពួកសាសន៍យ៉ារេឌធ្វើទូកដ៏ធំដើម្បីឆ្លងកាត់មហាសមុទ្រទៅកាន់ដែនដីសន្យា
សូមឲ្យសិស្សគិតអំពីឧបសគ្គមួយដែលពួកគេអាចមាន ឬការសម្រេចចិត្តដ៏សំខាន់មួយដែលពួកគេអាចត្រូវធ្វើ នាពេលនេះ ឬនាពេលអនាគត ។ ឧទាហរណ៍ ពួកគេអាចគិតអំពីស្ថានភាពគ្រួសារដ៏ពិបាកមួយ ឧបសគ្គនៅក្នុងសាលារៀន ការសម្រេចចិត្តថារៀបការជាមួយនឹងអ្នកណា ឬការជ្រើសរើសជំនាញការងារ ។ សូមឲ្យពួកគេសញ្ជឹងគិតអំពីរបៀបដែលព្រះអម្ចាស់អាចប្រទានដល់ពួកគេនូវការដឹកនាំ ឬជំនួយ ។ នៅពេលពួកគេសិក្សាពី អេធើរ 2 ទាំងមូល សូមអញ្ជើញពួកគេឲ្យរកមើលគោលការណ៍នានាដែលនឹងជួយពួកគេឲ្យទទួលបានជំនួយពីព្រះអម្ចាស់នៅក្នុងការធ្វើការសម្រេចចិត្តដ៏ល្អមួយ ។
សូមឲ្យសិស្សម្នាក់អាន អេធើរ 2:16–17 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលអ្វីដែលព្រះអម្ចាស់បានមានបន្ទូលទៅកាន់ពួកសាសន៍យ៉ារេឌថា ពួកគេត្រូវធ្វើដើម្បីបន្ដដំណើរឆ្ពោះទៅដែនដីសន្យា ។ នៅពេលសិស្សបានបញ្ចប់ការអានហើយ សូមសួរពួកគេថា តើមាននរណាម្នាក់ចង់ឡើងមកខាងមុខថ្នាក់ ហើយគូសព្រាងនូវអ្វីដែលពួកគេគិតថាទូកដ៏ធំរបស់ពួកសាសន៍យ៉ារេឌអាចមានរូបរាងដូចម្តេច ។
សូមចម្លងតារាងខាងក្រោមដាក់លើក្ដារខៀន ដោយកុំបញ្ចូលចម្លើយនៅក្នុងជួរបីខាងក្រោមឡើយ ។ សូមចែកតារាងនេះជាក្រដាសដល់សិស្ស ឬសូមឲ្យសិស្សចម្លងវានៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់ ។
បញ្ហាជាមួយនឹងទូកដ៏ធំនេះ |
ដំណោះស្រាយ |
អ្វីដែលព្រះអម្ចាស់បានធ្វើ |
អ្វីដែលបងប្រុសរបស់យ៉ារេឌបានធ្វើ |
---|---|---|---|
គ្មានខ្យល់ |
ចោះរន្ធដែលអាចបើក និងបិទបាននៅលើដំបូល និងបាតនៃទូកដ៏ធំនេះ |
បានផ្ដល់ការណែនាំដល់យ៉ារេឌ |
បានចោះរន្ធ |
គ្មានចង្កូត |
ខ្យល់នឹងបក់ទូកដ៏ធំនេះទៅកាន់ដែនដីសន្យា |
បានធ្វើឲ្យខ្យល់បក់ |
បានទុកចិត្តលើព្រះអម្ចាស់ |
គ្មានពន្លឺ |
រៀបចំគ្រួសពិសេស និងសុំឲ្យព្រះអម្ចាស់ពាល់វា ដើម្បីឲ្យវានឹងមានពន្លឺ |
បានប្រឹក្សាដល់បងប្រុសរបស់យ៉ារេឌអំពីអ្វីៗដែលនឹងមិនកើតឡើងបាន និងបានណែនាំលោកឲ្យស្វែងរកដំណោះស្រាយដែលនឹងដំណើរការ បានពាល់គ្រួសទាំងអស់ ក្រោយពីបងប្រុសរបស់យ៉ារេឌបានរៀបចំរួច |
បានរៀបចំគ្រួស និងបានសុំឲ្យព្រះអម្ចាស់ពាល់ពួកវា ដើម្បីឲ្យវានឹងមានពន្លឺនៅក្នុងទីងងឹត |
សូមឲ្យសិស្សស្រាវជ្រាវនៅក្នុង អេធើរ 2:18–19 ដោយខ្លួនគេដើម្បីស្វែងរកបញ្ហាបីដែលបងប្រុសរបស់យ៉ារេឌបានកត់ចំណាំពីទូកដ៏ធំនេះ ។
-
តើមានបញ្ហាអ្វីខ្លះដែលបងប្រុសរបស់យ៉ារេឌបានកត់សម្គាល់ ? ( សូមសរសេរចម្លើយរបស់សិស្សនៅក្នុងកូឡោនទីមួយនៃតារាង ដូចដែលបានបង្ហាញ ។ សូមអញ្ជើញពួកគេឲ្យសរសេរដូចគ្នាពីក្ដារខៀនទៅក្នុងតារាងរបស់ពួកគេ ) ។
ក្រោយពីសិស្សបានរកឃើញនូវបញ្ហាទាំងឡាយហើយ សូមឲ្យពួកគេសិក្សា អេធើរ 2:20–25; 3:1–6; 6:4–9 ។ ( កំណត់ចំណាំ ៖ វគ្គនៅក្នុង អេធើរ 3 និង 6 នឹងត្រូវបង្រៀនកាន់តែ ក្បោះក្បាយជាក់ច្បាស់នៅក្នុងមេរៀនទី 145 និង 147 ) ។ សូមឲ្យពួកគេមានពេលបំពេញតារាងទាំងអស់រៀងៗខ្លួន ។
នៅពេលសិស្សបានមានពេលគ្រប់គ្រាន់ដើម្បីបំពេញតារាងនេះហើយ សូមសួរសំណួរខាងក្រោមនេះដើម្បីជួយពួកគេឲ្យរកឃើញនូវគោលការណ៍នានាពីបទពិសោធន៍របស់បងប្រុសរបស់យ៉ារេឌ ៖
-
ដោយផ្អែកលើដំណោះស្រាយដែលទាក់ទងទៅនឹងខ្យល់ តើពេលខ្លះព្រះអម្ចាស់ជួយយើងឲ្យដោះស្រាយនឹងបញ្ហារបស់យើង ឬឆ្លើយតបទៅនឹងសំណួររបស់យើងយ៉ាងដូចម្ដេចដែរ ? ( ពេលខ្លះព្រះអម្ចាស់មានបន្ទូលប្រាប់យើងនូវរបៀបដើម្បីដោះស្រាយបញ្ហា ហើយសង្ឃឹមថាយើងនឹងធ្វើតាមការណែនាំរបស់ទ្រង់ ) ។
-
ដោយផ្អែកលើដំណោះស្រាយដែលទាក់ទងទៅនឹងចង្កូត តើពេលខ្លះព្រះអម្ចាស់ជួយយើងឲ្យដោះស្រាយនឹងបញ្ហារបស់យើង ឬឆ្លើយតបទៅនឹងសំណួររបស់យើងយ៉ាងដូចម្ដេចដែរ ? ( ពេលខ្លះព្រះអម្ចាស់យកចិត្តទុកដាក់ចំពោះដំណោះស្រាយដោយអង្គទ្រង់ ) ។
-
ដោយផ្អែកលើដំណោះស្រាយដែលទាក់ទងទៅនឹងពន្លឺ តើពេលខ្លះព្រះអម្ចាស់ជួយដល់យើងឲ្យដោះស្រាយនឹងបញ្ហារបស់យើង ឬឆ្លើយតបទៅនឹងសំណួររបស់យើងយ៉ាងដូចម្ដេចដែរ ? ( ពេលខ្លះព្រះអម្ចាស់តម្រូវឲ្យយើងមានដំណោះស្រាយមួយ និងសុំការអនុម័ត ហើយនិងជំនួយពីទ្រង់ក្នុងការអនុវត្តវា ) ។
សូមសរសេរគោលការណ៍ខាងក្រោមនៅលើក្តារខៀន ៖ នៅពេលយើងអំពាវនាវហៅដល់ព្រះអម្ចាស់ និងធ្វើនូវចំណែករបស់យើងដើម្បីដោះស្រាយបញ្ហាយើងហើយ នោះយើងអាចទទួលបាននូវជំនួយពីព្រះអម្ចាស់ ។ ដើម្បីជួយសិស្សឲ្យអនុវត្តគោលការណ៍នេះ សូមឲ្យពួកគេពិចារណាពីការសម្រេចចិត្តដ៏សំខាន់ដែលពួកគេបានគិតរយៈពេលពីរបីនាទីកន្លងទៅនេះ ។ បន្ទាប់មក សូមឲ្យពួកគេសញ្ជឹងគិតពីសំណួរខាងក្រោម ៖
-
តើអ្នកគិតថា ព្រះអម្ចាស់នឹងរំពឹងថាអ្នកនឹងធ្វើដូចម្តេចខ្លះ នៅក្នុងការធ្វើការសម្រេចចិត្តនេះ ?
-
តើព្រះអម្ចាស់នឹងធ្វើអ្វីខ្លះដើម្បីជួយដល់អ្នកនោះ ?
-
តើអ្នកអាចបង្ហាញពីទំនុកចិត្តទៅលើព្រះអម្ចាស់ នៅពេលអ្នកគិតអំពីការសម្រេចចិត្តនេះដោយរបៀបណា ?
សូមឲ្យសិស្សមានពេលពីរបីនាទីសរសេរអំពីអ្វី ដែលពួកគេបានរៀននៅថ្ងៃនេះ ។ សូមចែកចាយទីបន្ទាល់របស់អ្នកថា នៅពេលយើងអំពាវនាវដល់ព្រះអម្ចាស់ដោយសេចក្ដីស្មោះត្រង់ និងធ្វើនូវចំណែករបស់យើងដើម្បីដោះស្រាយបញ្ហាយើងនោះ ទ្រង់នឹងដឹកនាំយើង និងជួយយើងស្របតាមព្រះបញ្ញា និងព្រះចេស្ដារបស់ទ្រង់ ។