មេរៀនទី 143
អេធើរ 1
សេចក្តីផ្ដើម
លោកមរ៉ូណៃបានសង្ខេបគម្ពីរអេធើរពីផ្ទាំងមាសទាំង 24 ដែលបានរកឃើញដោយក្រុមស្រាវជ្រាវដែលបានបញ្ជូនទៅដោយស្ដេចលិមហៃ ( សូមមើល ម៉ូសាយ 8:7–11 ) ។ ផ្ទាំងទាំងនេះ បានរួមមាននូវប្រវត្តិសាស្ដ្រនៃប្រជាជនសាសន៍យ៉ារេឌ ។ ដំណើររឿងនៃពួកសាសន៍យ៉ារេឌចាប់ផ្ដើមដោយលោកយ៉ារេឌ និងបងប្រុសរបស់លោកក្នុងការស្វែងរកសេចក្ដីមេត្តាករុណា និងការដឹកនាំពីព្រះអម្ចាស់សម្រាប់គ្រួសារ និងមិត្តទាំងឡាយរបស់លោក នៅពេលព្រះអម្ចាស់បានបំភាន់ភាសារបស់ប្រជាជននៅឯប៉មបាបិល ( សូមមើល លោកុប្បត្តិ 11 ) ។ ដោយសារបងប្រុសរបស់យ៉ារេឌបានអធិស្ឋានទៅរកព្រះអម្ចាស់ដោយស្មោះត្រង់ នោះព្រះអម្ចាស់បានរក្សាភាសារបស់យ៉ារេឌ បងប្រុសរបស់លោក និងគ្រួសាររបស់លោក និងមិត្តទាំងឡាយ ។ ព្រះអម្ចាស់បានប្រកាសថា ទ្រង់នឹងដឹកនាំពួកគេទៅកាន់ដែនដីសន្យា ជាកន្លែងដែលពួកគេនឹងក្លាយជាជាតិសាសន៍ដ៏អស្ចារ្យ ។
យោបល់សម្រាប់ការបង្រៀន
អេធើរ 1:1–32
លោកមរ៉ូណៃកត់ត្រាពីពង្សាវតានៃលោកអេធើរ រហូតដល់ជំនាន់របស់យ៉ារេឌនៅឯប៉មបាបិល
ដើម្បីជួយសិស្សឲ្យចងចាំពីប្រភពដែលគម្ពីរអេធើរបានចេញមក សូមរំឭកពួកគេអំពីការសង្ខេបនៃការធ្វើដំណើរនៅក្នុង ម៉ូសាយ 7–24 នៅក្នុងឧបសម្ព័ន្ធនៃសៀវភៅណែនាំនេះ ។ សូមឲ្យពួកគេយោងទៅការធ្វើដំណើរទី 4 ៖ បំណងដើម្បីស្វែងរកដែនដីសារ៉ាហិមឡា ។ បន្ទាប់មក សូមឲ្យពួកគេរកមើលអ្វីដែលប្រជាជនរបស់លិមហៃបានរកឃើញនៅក្នុងការធ្វើដំណើរនេះ ។ បន្ទាប់មក សូមឲ្យពួកគេបើកទៅទំព័រទីមួយនៃគម្ពីរអេធើរ ។ សេចក្ដីសង្ខេបនៅខាងក្រោមចំណងជើងពន្យល់ថា គម្ពីរអេធើរ ត្រូវបានដកស្រង់ចេញពីផ្ទាំងទាំង 24 ដែលបានរកឃើញដោយប្រជាជនលិមហៃ ។
សូមពន្យល់ថា ក្រោយពីលោកមរ៉ូណៃបានបញ្ចប់កំណត់ត្រារបស់ឪពុកលោក លោកបានសរសេរនូវសេចក្ដីសង្ខេប ឬវគ្គសង្ខេបនៃកំណត់ត្រាដែលមាននៅក្នុងផ្ទាំងមាសទាំង 24 ។ កំណត់ត្រានេះរួមមានប្រវត្តិសាស្ដ្រនៃពួកសាសន៍យ៉ារេឌ ដែលបានរស់នៅលើទ្វីបអាមេរិក មុនជំនាន់ពួកសាសន៍នីហ្វៃ និងសាសន៍លេមិន ។ សូមឲ្យសិស្សអាន អេធើរ 1:1–5 ដោយស្ងាត់ៗដោយរកមើលអ្វីដែលលោកមរ៉ូណៃបានជ្រើសរើសដើម្បីបញ្ចូលនៅក្នុងសេចក្តីសង្ខេបរបស់លោកអំពីកំណត់ត្រានៃពួកសាសន៍យ៉ារេឌ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
ប្រសិនបើអ្នកមានរូបភាពប៉មបាបិល សូមគិតពីការដាក់តាំងវាបង្ហាញ ។ សូមឲ្យសិស្សសង្ខេបអ្វីដែលពួកគេដឹងអំពីប៉មនេះ ដោយសំដៅទៅលើ អេធើរ 1:5 និងអ្វីដែលបានកើតឡើងដល់អស់អ្នកដែលបានព្យាយាមកសាងវា ។ ( វាត្រូវបានហៅថា ប៉មបាបិល ។ ព្រះអម្ចាស់បានបំភាន់ភាសារបស់ប្រជាជន ដែលបានព្យាយាមកសាងវា និងបានកម្ចាយវាដោយសារតែអំពើទុច្ចរិតរបស់ពួកគេ ; សូមមើល លោកុប្បត្តិ 11:1–9 ) ។
ដើម្បីជួយសិស្សឲ្យយល់ពីទំនាក់ទំនងរវាងប្រវត្តិសាស្ដ្ររបស់ប្រជាជនយ៉ារេឌ និងប្រវត្តិសាស្ដ្ររបស់ប្រជាជននីហ្វៃ អ្នកគួរប្រាប់ឲ្យពួកគេបើកទៅកាលប្រវត្តិនៅលើប្រដាប់សៀតសៀវភៅនៃព្រះគម្ពីរមរមន ( លេខកូដ 32336 ) ។ សូមពន្យល់ថា លោកមរ៉ូណៃបានចាប់ផ្ដើមដំណើររឿងរបស់លោកអំពីប្រវត្តិសាស្ដ្ររបស់ប្រជាជនយ៉ារេឌ ដោយការកត់ត្រាពូជរបស់ព្យាការីអេធើរ ដែលបានសរសេរប្រវត្តិសាស្ដ្រនៅលើផ្ទាំងមាស 24 ។ លោកមរ៉ូណៃបានកត់ត្រាពូជពង្សរបស់អេធើរ ត្រឡប់ទៅរកបុរសម្នាក់ឈ្មោះថា យ៉ារេឌ ដែលបានរស់នៅអំឡុងពេលនៃប៉មបាបិល ។
អេធើរ 1:33–43
តាមរយៈការអធិស្ឋានរបស់បងប្រុសយ៉ារេឌ នោះគ្រួសារ និងមិត្តទាំងឡាយរបស់លោកបានទទួលសេចក្ដីមេត្តា និងការដឹកនាំ
សូមសួរសិស្ស ថាតើមានពួកគេណាខ្លះធ្លាប់បានទៅកន្លែងណាមួយ ដែលពួកគេមិនអាចយល់ភាសាដែលប្រជាជននៅជុំវិញខ្លួននិយាយដែរទេ ។ សូមឲ្យពួកគេចែកចាយនូវអារម្មណ៍ដែលពួកគេបានមាននៅក្នុងស្ថានភាពនោះ ។ បន្ទាប់មក សូមឲ្យពួកគេស្រមៃថាតើប្រជាជននៅជុំវិញប៉មបាបិលបានមានអារម្មណ៍យ៉ាងណា នៅពេលពួកគេបានដឹងថា ភាសារបស់មនុស្សគ្រប់គ្នាត្រូវបានបំភាន់នោះ ។ សូមឲ្យពួកគេសញ្ជឹងគិតដោយស្ងាត់ៗអំពីសំណួរដូចខាងក្រោមនេះ ៖
-
ប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាពនោះ តើទំនាក់ទំនងរបស់អ្នកណាដែលអ្នកនឹងនឹកខ្លាំងបំផុត ? ហេតុអ្វី ?
សូមឲ្យសិស្សអាន អេធើរ 1:33–34 ដោយស្ងាត់ស្ងៀម ។ មុនពេលពួកគេអាន សូមឲ្យពួកគេរកមើល (1) អ្នកដែលលោកយ៉ារេឌចង់អាចនិយាយជាមួយ និង (2) របៀបដែលលោកបានស្នើឡើងដើម្បីដោះស្រាយបញ្ហា ។ ( លោកចង់អាចនិយាយជាមួយនឹងគ្រួសាររបស់លោក ហើយលោកបានសុំឲ្យបងប្រុសរបស់លោកអធិស្ឋានថា ភាសារបស់ពួកគេនឹងមិនត្រូវបានបំភាន់ឡើយ ) ។ ក្រោយពីពួកគេរៀបរាប់អ្វីដែលពួកគេបានរកឃើញ សូមសួរ ៖
-
តើឃ្លា « អំពាវនាវដល់ព្រះអម្ចាស់ » មានអត្ថន័យយ៉ាងណាដល់អ្នក ?
-
ចេញពី អេធើរ 1:33–34 តើអ្នកបានរៀនអ្វីខ្លះអំពីអារម្មណ៍របស់លោកយ៉ារេឌអំពី បងប្រុសរបស់លោក និងអំពីការអធិស្ឋានរបស់បងប្រុសលោក ?
សូមបែងចែកសិស្សជាគូៗ ។ ចំពោះគូនីមួយៗ សូមឲ្យសិស្សប្ដូរវេនគ្នាអានឮៗពីអេធើរ 1:35–42 ។ សូមឲ្យពួកគេរកមើលការអធិស្ឋានរបស់បងប្រុសយ៉ារេឌ និងរកមើលចម្លើយរបស់ព្រះអម្ចាស់ចំពោះការអធិស្ឋានទាំងនោះ ។ នៅពេលសិស្សបានមានពេលគ្រប់គ្រាន់ក្នុងការអានហើយ សូមសួរ ៖
-
តើអ្វីដែលបំផុសគំនិតអ្នកអំពីការអធិស្ឋានរបស់បងប្រុសយ៉ារេឌ ?
-
តើព្រះអម្ចាស់បានឆ្លើយតបទៅនឹងការអធិស្ឋានរបស់បងប្រុសយ៉ារេឌយ៉ាងដូចម្ដេច ?
-
តើយើងអាចរៀនគោលការណ៍អ្វីខ្លះ ពីរបៀបដែលបងប្រុសយ៉ារេឌបានអធិស្ឋាន និងរបៀបដែលព្រះអម្ចាស់បានឆ្លើយតបចំពោះការអធិស្ឋានរបស់លោក ? ( នៅពេលសិស្សចែកចាយនូវគំនិតរបស់ពួកគេ សូមលើកទឹកចិត្តពួកគេឲ្យពិចារណាពីសេចក្ដីមេត្តាករុណារបស់ព្រះវរបិតាសួគ៌ និងសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះពួកគេ ។ សូមសរសេរគោលការណ៍ខាងក្រោមនេះនៅលើក្តារខៀន ៖ នៅពេលយើងអំពាវនាវដល់ព្រះដោយសេចក្ដីជំនឿគ្រប់ពេលវេលា នោះទ្រង់នឹងមានសេចក្ដីមេត្តាករុណាមកដល់យើង ។)
មុនចាប់ផ្ដើមបង្រៀន សូមសរសេរសំណួរខាងក្រោមនៅលើក្ដារខៀន ៖ ( ឬ អ្នកអាចចែកជាក្រដាស ឬអានវាឮៗយឺតៗដើម្បីឲ្យសិស្សអាចកត់ត្រាវាបាន ) ។
សូមឲ្យសិស្សឆ្លើយនឹងសំណួរទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់ ។ អ្នកអាចផ្ដល់ឱកាសមួយដល់ពួកគេដើម្បីចែកចាយនូវអ្វីដែលពួកគេបានសរសេរ ។ សូមធ្វើទីបន្ទាល់ថា អ្នកដឹងថា ព្រះវរបិតាសួគ៌ស្រឡាញ់យើង ហើយចង់ប្រទានពរដល់យើង នៅពេលយើងអំពាវនាវដល់ទ្រង់ជាទៀងទាត់ ។
សូមពន្យល់ថា ដំណើររឿងនៅក្នុង អេធើរ 1 អាចផ្ដល់នូវការយល់ជ្រៅជ្រះបន្ថែមទៀតដល់យើងអំពីសេចក្ដីស្រឡាញ់របស់ព្រះចំពោះយើង និងពរជ័យទាំងឡាយដែលនឹងមកតាមរយៈការអធិស្ឋាន ។ សូមឲ្យសិស្សរំឭក អេធើរ 1:34, 36, 38 ដោយស្ងាត់ៗដោយរកមើលអ្វីដែលយ៉ារេឌបានសុំឲ្យបងប្រុសរបស់លោកទូលសុំនៅក្នុងការអធិស្ឋានរបស់គាត់ ។ សូមឲ្យសិស្សម្នាក់ធ្វើជាអ្នកកត់ត្រា និងសរសេរនូវចម្លើយរបស់សិស្សនៅលើក្ដារខៀន ។ អ្នកអាចផ្តល់ជាយោបល់ថា អ្នកកត់ត្រាគួរសរសេរនូវចម្លើយទាំងនេះនៅក្រោមពាក្យ « អំពាវនាវដល់ព្រះវរបិតាសួគ៌ » នៅក្រោមគោលការណ៍ដែលអ្នកបានសរសេរនៅលើក្ដារខៀន ។
អ្នកអាចណែនាំ សិស្សគួរគូសចំណាំឃ្លា « ចូរយើងមានចិត្តស្មោះត្រង់ចំពោះព្រះអម្ចាស់ » នៅចុងបញ្ចប់នៃ អេធើរ 1:38 ។ សូមបញ្ជាក់ថា សកម្មភាពរបស់យ៉ារេឌ និងបងប្រុសលោកបង្ហាញពីសេចក្តីជំនឿរបស់ពួកលោក និងឆន្ទៈដើម្បីគោរពតាមព្រះអម្ចាស់ ។ ពួកលោកបានសុំពរជ័យដែលពួកលោកត្រូវការ ដោយសេចក្តីជំនឿ ។
សូមឲ្យសិស្សរំឭក អេធើរ 1:35, 37, 40–42 ដោយស្ងាត់ៗដោយរកមើលរបៀបដែលព្រះបានប្រទានពរដល់យ៉ារេឌ និងបងប្រុសលោក និងគ្រួសារ ព្រមទាំងមិត្តភក្ដិរបស់ពួកគេ ។ សូមឲ្យសិស្សដែលធ្វើជាអ្នកកត់ត្រា សរសេរនូវការរកឃើញរបស់សិស្សនៅលើក្ដារខៀននៅក្រោមពាក្យ សេចក្ដីមេត្តាករុណា នៅក្រោមគោលការណ៍ដែលអ្នកបានសរសេរនោះ ។ សូមប្រាកដថា សិស្សឃើញពីទំនាក់ទំនងរវាងការស្នើសុំរបស់បងប្រុសយ៉ារេឌ និងពរជ័យដែលព្រះអម្ចាស់បានប្រទាន ។
សូមឲ្យសិស្សម្នាក់អាន អេធើរ 1:43 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលពរជ័យដែលព្រះបានសន្យា ទោះបីជាបងប្រុសរបស់យ៉ារេឌមិនបានសុំវាដោយជាក់លាក់ក្ដី ។
-
តើពរជ័យបន្ថែមអ្វីខ្លះ ដែលព្រះអម្ចាស់បានសន្យាដល់ប្រជាជននេះ ? ( យ៉ារេឌបានសុំឲ្យបងប្រុសលោកទូលសុំដល់ព្រះអម្ចាស់ ពីកន្លែងដែលពួកគេគួរទៅ ។យ៉ារេឌបានគិតថា ព្រះអម្ចាស់អាចដឹកនាំពួកគេទៅកាន់ដែនដីមួយដែលជា « ជម្រើសលើដែនដីឯទៀតនៅលើផែនដី » [ អេធើរ 1:38] ។ ព្រះអម្ចាស់បានសន្យាថានឹងដឹកនាំពួកគេទៅកាន់ដែនដីសន្យាមួយ ។
សូមអញ្ជើញសិស្សឲ្យបើកទៅកាន់ នីហ្វៃទី 2 4:35។ (អ្នកអាចនឹងឲ្យយោបល់ថា ពយកគេសរសេរនីហ្វៃទី 2 4:35នៅជិតនឹងអេធើរ 1:43 នៅក្នុងគម្ពីររបស់ពួកគេ)។ បន្ទាប់មកសុំពួកគេឲ្យអាននីហ្វៃទី 2 4:35 និង អេធើរ 1:43 ស្ងាត់ៗ ស្វែងរកមើលនូវអ្វីដែលខគម្ពីរទាំងនេះបង្រៀនអំពីពរជ័យទាំងឡាយដែលព្រះអម្ចាស់ប្រទានដល់យើងក្នុងការឆ្លើយតបចំពោះការអធិស្ឋានរបស់យើង ។
-
នៅក្នុង នីហ្វៃទី 2 4:35 តើលោកនីហ្វៃបង្រៀនអ្វីខ្លះអំពីចម្លើយរបស់ព្រះចំពោះការអធិស្ឋាន ?( ព្រះនឹងប្រទានដល់អ្នកទាំងឡាយណាដែលស្វែងរកទ្រង់នៅក្នុងការអធិស្ឋានចិត្តស្មោះ ។ អ្នកអាចពន្យល់ថាពាក្យ ដោយសទ្ធា មានន័យថាដោយសប្បុរស ) ។ តើដំណើររឿងនៅក្នុង អេធើរ 1:43 បញ្ជាក់ពីអ្វីដែលលោកនីហ្វៃបានប្រកាសនៅក្នុង នីហ្វៃទី 2 4:35 ដោយរបៀបណា ?
-
យោងតាម អេធើរ 1:43 តើមានមូលហេតុអ្វីដែលព្រះអម្ចាស់បានប្រទានក្នុងការសន្យាថានឹងប្រទាននូវពរជ័យលើសពីអ្វីដែលពួកសាសន៍យ៉ារេឌបានទូលសុំទៅទៀតនោះ ? ( ព្រះអម្ចាស់បានសន្យាថានឹងប្រទានពរជ័យបន្ថែម ដោយសារពួកគេបាននៅស្មោះត្រង់នៅក្នុងការអធិស្ឋានរបស់ពួកគេ ។ អ្នកអាចណែនាំ សិស្សគួរគូសចំណាំឃ្លាខាងក្រោមនៅក្នុង អេធើរ 1:43 ៖ « ដោយសារពេលដ៏យូរនេះ អ្នករាល់គ្នាបានអង្វរដល់យើង » ) ។
-
តើគោលការណ៍អ្វីដែលយើងអាចរៀនពី អេធើរ 1:43 ? ( ចម្លើយរបស់សិស្សអាចខុសគ្នា ប៉ុន្ដែពួកគេគួររកឃើញនូវគោលការណ៍ដូចខាងក្រោមនេះ ៖ ប្រសិនបើយើងអធិស្ឋានទៅដល់ព្រះដោយសេចក្ដីជំនឿជាទៀងទាត់ នោះយើងអាចនឹងទទួលបាននូវពរជ័យទាំងឡាយដែលហួសពីអ្វីដែលយើងបានសុំទៅទៀត ។ អ្នកអាចណែនាំ សិស្សគួរសរសេរគោលការណ៍នេះនៅក្នុងព្រះគម្ពីររបស់គេ ។
-
តើអ្នកធ្លាប់បានឃើញគោលការណ៍នេះនៅក្នុងជីវិតរបស់អ្នក ឬ នៅក្នុងជីវិតរបស់នរណាម្នាក់ដែលអ្នកស្គាល់ដែរឬទេ ?
ក្រោយពីសិស្សបានចែកចាយនូវចម្លើយរបស់ពួកគេហើយ អ្នកអាចចែកចាយនូវឧទាហរណ៍ពីជីវិតរបស់អ្នក ឬជីវិតរបស់អ្នកដទៃបាន ។ ព្យាការី យ៉ូសែប ស្ម៊ីធ គឺជាគំរូមួយដ៏ល្អពីគោលការណ៍នេះ ។ លោកបានទទួលនូវពរជ័យនានា ដែលហួសពីអ្វីដែលលោកបានទូលសុំ នៅពេលលោកបានអធិស្ឋានសុំដើម្បីដឹងថា តើសាសនាចក្រមួយណាដែលពិតនោះ ( សូមមើល យ៉ូសែប ស៊្មីធ—ប្រវត្តិ 1:10–20 ) និងនៅពេលដែលលោកបានអធិស្ឋានសុំដើម្បីដឹងពីគោលជំហររបស់លោកនៅចំពោះព្រះអម្ចាស់ ( សូមមើល យ៉ូសែប ស៊្មីធ—ប្រវត្តិ 1:29–47 ) ។
ដើម្បីបញ្ចប់ សូមអញ្ជើញសិស្សឲ្យខិតខំអធិស្ឋានដោយមានចិត្តដ៏ស្មោះត្រង់ ។ សូមអញ្ជើញពួកគេឲ្យចងចាំផងដែរថា ព្រះវរបិតាសួគ៌គឺពោរពេញទៅដោយសេចក្ដីមេត្តាករុណា ហើយថាទ្រង់នឹងឆ្លើយតបចំពោះការអធិស្ឋានរបស់ពួកគេ ស្របតាមសេចក្ដីស្មោះត្រង់របស់គេ និងស្របតាមអ្វីដែលទ្រង់បានជ្រាបថានឹងនាំមកនូវពរជ័យដ៏អស្ចារ្យដល់ជីវិតរបស់ពួកគេ ។