បណ្ណាល័យ
មេរៀន​ទី 36 ៖ នីហ្វៃទី 2 26


មេរៀន​ទី 36

នីហ្វៃទី 2 26

សេចក្តីផ្ដើម

នីហ្វៃ​បាន​ព្យាករ​ថា កូនចៅ​របស់​គាត់​នឹង​ត្រូវ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​រស់ឡើង​វិញ​យាង​មក​ជួប​នៅ​ថ្ងៃ​ណាមួយ ហើយ​ថា​ក្រោយពី​បាន​ជួប​នឹង​បទពិសោធន៍​នេះ ពួកគេ​បាន​រស់នៅ​អស់​បី​ជំនាន់​ក្នុង​ភាពសុចរិត ។ ទោះជា​យ៉ាងណា​ក្ដី នីហ្វៃ​បាន​សោកសៅ​ដែល​នៅក្នុង​ជំនាន់​ទី​បួន​នៃ​ពួកកូនចៅ​របស់​គាត់ ខ្លះ​បាន​ធ្លាក់​ចេញពី​សេចក្ដី​សុចរិត បដិសេធ​ព្រះម៊ែស៊ី ហើយ​ទីបំផុត​ក៏​ត្រូវ​បាន​បំផ្លាញ​បង់​ទៅ ។ នីហ្វៃ​បាន​ព្រមាន​អស់​អ្នក​ដែល​រស់នៅ​ក្នុង​ជំនាន់​ចុងក្រោយ​ពី​អំនួត ការរួម​គំនិត​សម្ងាត់​នានា និង ឧបាយកល​ផ្នែក​សង្ឃ ។ គាត់​បាន​បង្រៀន​ថា ព្រះអម្ចាស់​ស្រឡាញ់​មនុស្ស​ទាំងអស់ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​មក​រក​ទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី 2 26:1–13

នីហ្វៃ​ព្យាករ​ថា ប្រជាជន​របស់​គាត់​នឹង​ត្រូវ​បាន​បំផ្លាញ ដោយសារ​ពួកគេ​នឹង​បដិសេធ​ព្រះយេស៊ូវគ្រីស្ទ

សូម​សរសេរ​លើ​ក្ដារខៀន​នូវ​ឃ្លា ការកាត់​សេចក្ដី​របស់​ព្រះ ។

  • តើ​នៅពេល​ណា​ដែល​អ្នក​ឃើញ ឬ ឮ​ឃ្លា​នេះ តើ​មាន​គំនិត​អ្វី​ចូល​មក​ក្នុង​ចិត្ត​អ្នក ?

សូម​ពន្យល់​ថា ទោះបីជា​មនុស្ស​ជាច្រើន​មាន​គំនិត​អវិជ្ជមាន​នៅពេល​ពួកគេ​បាន​ឃើញ​ពាក្យ​ទាំងនេះ​ក្ដី ក៏​ការកាត់​សេចក្ដី​នៃ​ព្រះ​ពិត​ជា​នាំ​មក​នូវ​ពរជ័យ​ដល់​មនុស្ស​ជាច្រើន​មែន ។ នៅក្នុង នីហ្វៃទី 2 26 យើង​អាន​អំពី​លទ្ធផល​ដែល​សេចក្ដី​យុត្តិធម៌​បាន​នាំ​មក​ដល់​ពួកទុច្ចរិត និង ដល់​ពួកសុចរិត ។

ដើម្បី​បង្កើត​បរិបទ​សម្រាប់​សារលិខិត​ដ៏​សំខាន់​នៃ នីហ្វៃទី 2 26 នេះ សូម​ពន្យល់​ថា នីហ្វៃ​បាន​និយាយ​ថា​ទីសម្គាល់​ជាច្រើន​នឹង​អម​មក​ជាមួយ​នឹង​ការប្រសូត ការសុគត និង ការរស់ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ គាត់​បាន​ព្យាករ​ថា មនុស្ស​ជាច្រើន​នឹង​ត្រូវ​វិនាស​ភ្លាម មិនយូរ​ក្រោយមកពី​ការសុគត​របស់​ព្រះអង្គ​សង្គ្រោះ ដោយសារ​ពួកគេ​បាន​បណ្ដេញ​ពួកព្យាការី និង អ្នកដើរតាម​ដ៏​ស្មោះត្រង់​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​រស់នៅ​ក្នុង​ចំណោម​ពួកគេ ។ គាត់​ក៏​បាន​ព្យាករ​ថា ទោះបីជា​ក្រោយ​ពី​មាន​ការយាង​មក​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​រស់ឡើង​វិញ​ហើយ​ក្ដី ភាគច្រើន​នៃ​កូនចៅ​របស់​គាត់​បាន « រើស​ឲ្យ​កិច្ចការ​ទាំងឡាយ​នៃ​សេចក្ដី​ងងឹត​ជាជាង​ពន្លឺ » ហើយ​នឹង​ត្រូវ​បាន​បំផ្លាញ ។ ( សូមមើល នីហ្វៃទី 2 26:1–11 ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន នីហ្វៃទី 2 26:7 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថា្នក់​ស្វែងរក​ប្រតិកម្ម​របស់​នីហ្វៃ​ចំពោះ​ការនិមិត្ត​នៃ​ការបំផ្លាញ​ប្រជាជន​នេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ អ្នក​អាច​ស្នើ​ថា ពួកគេ​គួរតែ​គូសចំណាំ​ការប្រកាស​របស់​នីហ្វៃ​នៅ​ចុង​ឃ្លា​នៃ​ខគម្ពីរ​នេះ ៖ « ផ្លូវ​របស់​ទ្រង់​ពិត​ជា​ត្រឹមត្រូវ​មែន ។ »

  • តើ​ប្រយោគ « ផ្លូវ​របស់​ទ្រង់​ពិត​ជា​ត្រឹមត្រូវ​មែន » មាន​ន័យ​យ៉ាង​ណា​ដែរ​ចំពោះ​អ្នក ? ( អ្នក​គួរតែ​ពន្យល់​ថា នរណា​ម្នាក់​ដែល​ត្រឹមត្រូវ នឹង​តែងតែ​ធ្វើ​ដាក់​មនុស្ស​ផ្សេង​ដោយ​យុត្តិធម៌ ។

ក្រោយពី​ការជួយ​សិស្ស​ឲ្យ​យល់​ថា សេចក្ដី​យុត្តិធម៌​របស់​ព្រះ​តម្រូវ​ឲ្យ​ថា ពួកទុច្ចរិត​នឹង​ត្រូវ​ដាក់ទោស​ចំពោះ​សកម្មភាព​របស់​ពួកគេ សូម​ពន្យល់​ថា​សេចក្ដី​យុត្តិធម៌​របស់​ព្រះ​ក៏​តម្រូវ​ថា ពួកសុចរិត​នឹង​ត្រូវ​បាន​រង្វាន់​ចំពោះ​សកម្មភាព​របស់​ពួកគេ​ដែរ ។ ដោយ​សារជាផ្នែក​នៃ​ការពន្យល់​នេះ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា 130:20–21 ។ សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 2 26:8–9, 13 ដោយ​ស្វែងរក​ពរជ័យ​ដែល​នីហ្វៃ​បាន​និយាយ​ថា​នឹង​មក​ដល់​កូនចៅ​សុចរិត​របស់​គាត់ ។

  • នៅក្នុង​ខ​ទី 8 និង 13 តើ​ឃ្លា​ណា​ដែល​ពិពណ៌នា​ពី​សកម្មភាព​នៃ​ពួកសុចរិត​នោះ ?

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​ធ្វើ​ជា​សាក្សី​ពី​ពរជ័យ​ដែល​បាន​លើកឡើង​នៅក្នុង​ខគម្ពីរ​ទី 13 នោះ ? តើ​មាន​របៀប​ខុសគ្នា​ណា​ខ្លះ ដែល​ព្រះអម្ចាស់​បាន​សម្ដែង​ព្រះអង្គ​ទ្រង់​ដល់​យើង ?

សូម​សរសេរ​គោលការណ៍​ខាងក្រោម​ដាក់​លើ​ក្ដារខៀន ៖ នៅពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ទ្រង់​នឹង​សម្ដែង​ព្រះអង្គ​ទ្រង់​ដល់​យើង​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • តើ​ការដឹង​ពី​សេចក្ដី​ពិត​នេះ អាច​បង្កើន​សេចក្ដីជំនឿ​របស់​អ្នក​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ?

នីហ្វៃទី 2 26:14–33

នីហ្វៃ​ព្យាករ​ទាកទង​នឹង​ថ្ងៃ​ចុងក្រោយ ហើយ​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​រក​ព្រះគ្រីស្ទ

សូម​សង្ខេប នីហ្វៃទី 2 26:14–19ដោយ​ការពន្យល់​ថា នីហ្វៃ​បាន​ព្យាករ​ថា ព្រះគម្ពីរ​មរមន​នឹង​លេច​ចេញ​មក​នៅក្នុង​ថ្ងៃ​ចុងក្រោយ អំឡុងពេល​ពេល​មួយ​នៅពេល​មនុស្ស​ជាច្រើន​នឹង​មាន​អំនួត និង មិន​មាន​ជំនឿ ។

សូម​ឲ្យ​សិស្ស​គិត​អំពី​ពេល​មួយ នៅពេល​ពួកគេ​ជំពប់​នឹង​អ្វី​មួយ ( ឬ អ្នក​អាច​ឲ្យ​ពួកគេ​ស្រមៃ​ថា​បាន​ជំពប់​នឹង​ឧបសគ្គ​មួយ​នៅក្នុង​ទី​ងងឹត ) ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្រាវជ្រាវ នីហ្វៃទី 2 26:20–21 យ៉ាង​ស្ងាត់ស្ងៀម ដោយ​ស្វែងរក​ឧបសគ្គ​ដែល​មនុស្ស​អាច​នឹង​ជំពប់​នៅក្នុង​ថ្ងៃ​ចុងក្រោយ​នេះ ។

  • យោង​តាម នីហ្វៃទី 2 26:20–21 តើ​ឧបសគ្គ​អ្វី​ខ្លះ​ដែល​នីហ្វៃ​បាន​ឃើញ​ដែល​នឹង​បណ្ដាល​ឲ្យ​សាសន៍​ដទៃ​ជំពប់​ដួល​នោះ ?

  • តើ​គំរូ​នៃ​ឧបសគ្គ​ផ្សេង​ទៀត​ណា​ខ្លះដែល​សាតាំង​ប្រើ​ដើម្បី​ដឹកនាំ​មនុស្ស​ឲ្យ​ជំពប់​នោះ ?

សូម​ពន្យល់​ថា បន្ថែម​លើ​ការដាក់ « ថ្ម​ជំពប់ » នៅលើ​ផ្លូវ​របស់​យើង​ដើម្បី​ដឹកនាំ​យើង​ចេញ​ពី​ព្រះ សាតាំង​ចង់​ចង​យើង​ទៀត​ផង ។ សូម​លើក​សរសៃ​អំបោះ​មួយ​សរសៃ​ឡើង ហើយ​អញ្ជើញ​សិស្ស​ឲ្យ​មើល នីហ្វៃទី 2 26:22 ដោយស្វែងរក​អ្វី​ដែល​នីហ្វៃ​បាន​សរសេរ​អំពី​វត្ថុ​ស្រដៀង​គ្នា​នេះ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ឡើងមក​ខាង​មុខ​ថ្នាក់ ។ សូម​ចង​កដៃ​សិស្ស​នោះ​រួម​គ្នា​នឹង​សរសៃ​អំបោះ​មួយ​សរសៃ​ប៉ុណ្ណោះ​ដោយ​ចង​រលង់ ។ សូម​ឲ្យ​គាត់​ផ្ដាច់​អំបោះ​នោះ ។ សូម​បន្ដ​ដំណើរការ​នេះ ពេល​នេះ​ដោយ​ចង​អំបោះ​ជុំវិញ​ក​ដៃ​គាត់​បី​បួន​ជុំ ។ សូម​បន្ដ​ធ្វើ​ដូច្នេះ រហូត​ដល់​សិស្ស​នោះ​មិន​អាច​ផ្ដាច់​អំបោះ​នោះ​បាន —ដោយ​ដាស់​តឿន​សិស្ស​ឲ្យ​ប្រយ័ត្ន​កុំ​ឲ្យ​មាន​របួស ។ ( ប្រសិនបើ​អ្នក​មិន​មាន​អំបោះ​ទេ អ្នក​អាច​ឲ្យ​សិស្ស​ស្រមៃ​ពី​ការបង្ហាញ​នេះ​បាន ) ។ សូម​ឲ្យ​សិស្ស​សិក្សា នីហ្វៃទី 2 26:22 ដោយ​ស្វែងរក​ពី​របៀប​ដែល​ខគម្ពីរ​ទាក់ទង​នឹង​ការបង្ហាញ​នេះ ។

  • នៅក្នុង នីហ្វៃទី 2 26:22 តើ​អ្វី​ដែល​សំខាន់​អំពី​ឃ្លា « រហូត​ដល់​វា​ចង​ពួកគេ » ? តើ​ខគម្ពីរ​នេះ​បង្រៀន​អ្នក​អ្វី​ខ្លះ អំពី​របៀប​ដែល​សាតាំង​ធ្វើការ​នោះ ?

  • តើ​អ្នក​ធ្លាប់​បាន​ឃើញ​សាតាំង​ដឹកនាំ​មនុស្ស​ដោយ « ខ្សែ​ដាប់ » ដោយ​របៀប​ណា ? ( ដាប់ គឺជា​សម្ភារ​មួយ​ដែល​គេ​ប្រើ​ដើម្បី​ធ្វើ​សំពត់​ម្យ៉ាង ។

  • តើ​អំពើ​បាប​ទាំងនេះ​មួយ​ណា ( ខ្សែ​ដាប់ ) ដែល​អ្នក​គិត​ថា​មាន​គ្រោះថ្នាក់​បំផុត​ដល់​មនុស្ស​អាយុ​ស្របាល​អ្នក ?

សូម​រំឭក​សិស្ស​ថា សាតាំង​ល្បួង​យើង​ឲ្យ​ធ្វើ​កិច្ចការ​ខាង​ភាពងងឹត ដើម្បី​វា​អាច​ចង​យើង ហើយ​នាំ​យើង​ចេញ​ពី​ផ្លូវ​នៃ​សេចក្ដី​សុចរិត ។ សូម​ពន្យល់​ថា ខគម្ពីរ​ចុងក្រោយ​គេ​នៅក្នុង នីហ្វៃទី 2 26 បង្ហាញ​ពី​ភាពផ្ទុយគ្នា​មួយ​រវាង​ផ្លូវ​របស់​សាតាំង និង ផ្លូវ​របស់​ព្រះ ។ សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 2 26:23–24ដោយ​ស្ងាត់ស្ងៀម ។

  • យោងតាម​ខគម្ពីរ​ទាំងនេះ តើ​ព្រះអម្ចាស់​ធ្វើ​កិច្ចការ​ដោយ​របៀបណា ? តើ​អ្វី​ជា​គោលបំណង​​ទាំងអស់​ដែល​ព្រះអម្ចាស់​ធ្វើ​នេះ ? ( អ្នក​អាច​ស្នើ​ថា សិស្ស​គួរតែ​គូស​ចំណាំ​ផ្នែក​នៃ នីហ្វៃទី 2 26:24 ដែល​បង្រៀន​ថា អ្វីៗ​គ្រប់យ៉ាង​ដែល​ព្រះអម្ចាស់​ធ្វើ គឺ​សម្រាប់​ជា​ប្រយោជន៍​ដល់​មនុស្ស​លោក ) ។

សូម​ឲ្យ​សិស្ស​គិត​អំពី​ពេល​មួយ​នៅពេល​ពួកគេ​មាន​អារម្មណ៍​ថា​បាក់​ទឹកចិត្ត ឬ ឃ្លាត​ឆ្ងាយ​ពី​ព្រះអម្ចាស់ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ថា សារលិខិត​របស់​នីហ្វៃ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះអម្ចាស់ អនុវត្ត​នៅក្នុង​ជីវិត​របស់​ពួកគេ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សិក្សា នីហ្វៃទី 2 26:24–28, 33 ។ អ្នក​អាច​ស្នើ​ថា ពួកគេ​គួរតែ​គូសចំណាំ​ពាក្យ ទាំងអស់ ណា​ម្នាក់ និង មិន ( លើកលែង​តែ​គំរូ​ទីមួយ​នៃ​ពាក្យ មិន នៅក្នុង​ខគម្ពីរ​ទី 33 ) ។ សូម​ឲ្យ​សិស្ស​ចំណាយ​ពេល​ពីរ​បី​នាទី​អាន​ប្រយោគ​នេះ​ដែល​មាន​ពាក្យ​ទាំងនេះ​សារឡើងវិញ ។

សូម​ឲ្យ​សិស្ស​ម្នាក់ៗ​បែរ​ទៅ​សិស្ស​ផ្សេង​ទៀត​ក្នុង​ថ្នាក់ ហើយ​ពិភាក្សា​ដោយ​ខ្លីៗ​ពី​អ្វី​ដែល​យើង​អាច​យល់​ពី​ខគម្ពីរ​ទាំងនេះ ។ ក្រោយពី​សិស្ស​បាន​ចែកចាយ​គំនិត​របស់​ពួកគេ​ជាមួយ​នឹង​គ្នា​ហើយ សូម​គិត​ពី​ការអញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ពី​គំនិត​សំខាន់​បំផុតនៃ​ការសន្ទនា​របស់​ពួកគេ ។ គំនិត​សំខាន់​បំផុតមួយ​ដែល​អាច​ចេញ​មក​ពី​ការពិភាក្សា​គ្នា​នេះ​គឺ​ថា ព្រះអម្ចាស់​ស្រឡាញ់​មនុស្ស​ទាំងអស់​គ្នា ហើយ​អញ្ជើញ​ឲ្យ​មនុស្ស​ទាំងអស់​ចូល​មក​រក​ទ្រង់ ហើយ​ទទួល​ទាន​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ ។អ្នក​អាច​សរសេរ​ប្រយោគ​នេះ​ដាក់​លើ​ក្ដារខៀន ។ អ្នក​ក៏​អាច​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅសរសេរ​របស់​ពួកគេ​ដែរ ៖

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​ស្គាល់​សេចក្ដី​ល្អ​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​អ្នក ?

  • តើ​វា​អាច​ជួយ​អ្នក​ឲ្យ​ដឹង​ថា ព្រះអម្ចាស់​ស្រឡាញ់​មនុស្ស​ទាំងអស់​គ្នា ហើយ​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ចូល​មក​រក​ទ្រង់​ដោយ​របៀប​ណា ?

ដើម្បី​បញ្ចប់ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន នីហ្វៃទី 2 26:25, 33 ឮៗ ។ មុន​ពេល​គាត់​ ឬនាងអាន សូម​ស្នើ​ថា សិស្ស​គួរតែ​គូស​ចំណាំ​ឃ្លា​ដែល​លើក​ទឹកចិត្ត​ដល់​ពួកគេ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​ឃើញ​ពី​ការអនុវត្ត​ន៍បន្ថែម​មួយ​នៅក្នុង​ខគម្ពីរ​នេះ សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ឌៀថើរ អេស្វ. អុជដូហ្វ នៃ​គណៈប្រធាន​ទីមួយ ៖

ប្រធាន ឌៀថើរ អេស្វ. អុជដូហ្វ

« ខ្ញុំ​សង្ឃឹម​ថា យើង​ស្វាគមន៍ និង ស្រឡាញ់​កូនចៅ​របស់​ព្រះ​ទាំងអស់ រួម​ទាំង​អស់​អ្នកណា​ដែល​អាច​ស្លៀកពាក់ មើល និយាយ ឬ គ្រាន់​តែ​ធ្វើ​រឿង​អ្វីៗ​ខុស​គ្នា​នោះ ។ វា​មិន​ល្អ​ទេ ដែល​ធ្វើ​ឲ្យ​អ្នកដទៃ​មាន​អារម្មណ៍​ថា​ពួកគេ​មិន​គ្រប់គ្រាន់​នោះ ។ ចូរ​យើង​លើក​អ្នក​ទាំងឡាយ​ដែល​នៅ​ជុំវិញ​យើង​ឡើង ។ ចូរ​យើង​សន្ធឹង​ដៃ​ស្វាគមន៍​ឡើង ។ ចូរ​យើង​ផ្ដល់​ដល់​បងប្អូន​ប្រុស​ស្រី​នៅក្នុង​សាសនាចក្រ​របស់​យើង​នូវ​រង្វាស់​ដ៏​ពិសេស​មួយ​នៃ​មនុស្សធម៌ សេចក្ដី​មេត្តា​ករុណា និង សប្បុរសធម៌ ដើម្បី​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា​ពួកគេ​បាន​រក​ឃើញ​ផ្ទះ​មួយ​ក្នុង​ពេល​ដ៏​យូរ​នៅ​ទីបញ្ចប់​នេះ ។ …

« វា​ហាក់​ដូចជា​ត្រឹមត្រូវ និង សមរម្យ​តែ​ថា យើង​លាត​ត្រដាង​ដល់​អ្នកផ្សេង​ដូចជា​យើង​មាន​បំណង​ដោយ​ស្មោះ​អស់​ពី​ចិត្ត​សម្រាប់​ខ្លួន​យើង​ដែរ ។

« ខ្ញុំ​មិន​បាន​ស្នើ​ថា យើង​ទទួល​យក​អំពើ​បាប ឬ មើល​រំលង​អំពើ​អាក្រក់​នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់​យើង​ឬ នៅក្នុង​ពិភពលោក​នោះ​ទេ ។ ហេតុដូច្នេះហើយ នៅក្នុង​បំណង​ដ៏​មោះមុត​របស់​យើង ពេល​ខ្លះ​យើង​យល់​ច្រឡំ​អំពើ​បាប​ជាមួយ​នឹង​អ្នកធ្វើ​បាប ហើយ​យើង​ដាក់​ទោស​លឿន​ពេក ហើយ​ដោយ​មាន​សេចក្ដី​មេត្តា​ករុណា​តិចតួច​បំផុត ។ …

« … ចូរ​ឲ្យ​ដួងចិត្ត និង ដៃ​របស់​យើង​លាត​សន្ធឹង​ចេញ​នៅក្នុង​សេចក្ដី​មេត្តា​ករុណា​ចំពោះ​អ្នក​ដទៃ ដោយសារ​មនុស្ស​គ្រប់រូប​កំពុង​ដើរ​នៅលើ​ផ្លូវ​ដ៏​ពិបាក​រៀង​ខ្លួន​គាត់ » ( « You Are My Hands » Ensignខែ ឧសភា ឆ្នាំ 2010 ទំព័រ 68–69 ) ។

  • តើ​យើង​អាច​អនុវត្ត នីហ្វៃទី 2 26:33 ហើយ​និង​ការបង្រៀន​របស់​ប្រធាន អុជដូហ្វ នោះ ដោយ​របៀប​ណា​ខ្លះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ជួយ​អ្នកដទៃ​ដែល​ត្រូវការ​ជំនួយ ហើយ​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះអម្ចាស់ ។