បណ្ណាល័យ
អាលម៉ា


សេចក្ដី​ផ្ដើម​អំពី គម្ពីរ​អាលម៉ា

ហេតុអ្វី​បានជា​ត្រូវ​សិក្សា​គម្ពីរ​នេះ ?

តាមរយៈ​ការសិក្សា​គម្ពីរ​អាលម៉ា សិស្ស​នឹងរៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង ភាពចាំបាច់​នៃ​ដង្វាយធួន​របស់​ទ្រង់ និង ការរស់ឡើងវិញ​ក្នុង​ផែនការណ៍​នៃ​សេចក្ដីសង្គ្រោះ ។ ពួកគេ​ក៏​នឹង​រៀន​អំពី​អំណាច​នៃ​ព្រះបន្ទូល​របស់​ព្រះ​ក្នុង​ការយកឈ្នះ​លើ​ល្បិចកល​ផ្នែក​សង្ឃ គោលលទ្ធិ​ក្លែងក្លាយ អំពើបាប ការស្អប់ និង ការក្បត់​សាសនា និង ដើម្បី​ដឹកនាំ​បុគ្គលៗ​ម្នាក់​ឲ្យ​ទទួល​បទពិសោធន៍​នៃ​ការផ្លាស់ប្ដូរដួង​ចិត្ត​ដ៏​ធំ ។ សិស្ស​អាច​យល់ដឹង និង​បំផុស​គំនិត នៅពេល​ពួកគេ​អាន​អំពី​ការខិតខំ​ប្រឹងប្រែង​របស់​អ្នកផ្សព្វផ្សាយ​សាសនា​អាលម៉ា អាម៉ូលេក និង បុត្រា​របស់​ម៉ូសាយ ក៏ដូចជា​ការប្រែចិត្ត​ជឿ និង​ភក្ដីភាព​នៃ​សាសន៍​ប្រឆាំង​នីហ្វៃ​លីហៃ ( ប្រជាជន​នៃ​អាំម៉ូន ) ផងដែរ ។ នៅពេល​ពួកគេ​សិក្សា​ពី​ជំពូក​ទាំងឡាយ ដែល​រៀបរាប់​យ៉ាងល្អិតល្អន់​ពី​សង្រ្គាម​រវាង​សាសន៍​នីហ្វៃ និង សាសន៍​លេមិន ពួកគេ​អាច​រៀន​ពី​គោលការណ៍​ដែល​នឹង​ដឹកនាំ​ពួកគេ​នៅក្នុង​ពេល​ជ្រួលច្របល់​ដែល​ពួកគេ​រស់នៅ ហើយ​ជួយ​គេ​ឲ្យ​យកឈ្នះ​លើ​ចម្បាំង​ផ្ទាល់ខ្លួន​ប្រឆាំង​នឹង​បច្ចាមិត្ត ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

មរមន​បាន​ចងក្រង និង សង្ខេប​កំណត់ត្រា​ទាំងឡាយ​ពី​ផ្ទាំង​នីហ្វៃ​ធំ ដើម្បី​បង្កើត​ជា​គម្ពីរ​អាលម៉ា ។ គម្ពីរ​នេះ​ដាក់​ឈ្មោះ​តាម​អាលម៉ា ដែល​ជា​កូនប្រុស​របស់​អាលម៉ា ដែល​ជាញឹកញាប់​ត្រូវបាន​ហៅ​ថា អាលម៉ា​ជា​កូន ។ នៅពេល​ស្ដេច​ម៉ូសាយ​បាន​បង្កើត​រជ្ជកាល​នៃ​ពួកចៅក្រម​ក្នុង​ចំណោម​សាសន៍​នីហ្វៃ​ហើយ អាលម៉ា​ជា​កូន​បាន​ក្លាយជា​មេចៅក្រមទីមួយ ហើយ​បាន​បន្ដ​ពី​ឪពុក​របស់​គាត់​ជា​សង្ឃ​ជាន់ខ្ពស់​គ្រប់គ្រង​សាសនាចក្រ ( សូម​មើល ម៉ូសាយ 29:42 ) ។ ទីបញ្ចប់ គាត់​បាន​លាលែង​ពី​តំណែង​របស់​គាត់​ជាមេ​ចៅក្រម ដើម្បី​ថ្វាយ​ខ្លួន “ ទាំងស្រុង​ទៅលើ​តំណែង​នៃ​សង្ឃ​ជាន់ខ្ពស់ ” និង “ ដើម្បី​ប្រកាស​ប្រាប់​ព្រះបន្ទូល​នៃ​ព្រះ​ដល់​ប្រជាជន ” នៅទូទាំង​ដែនដី​នីហ្វៃ ( (អាលម៉ា 4:20; 5:1 ) ។ មរមន​បាន​ប្រើ​កំណត់ត្រា​នៃ​ការបម្រើ​របស់​អាលម៉ា ( សូមមើល អាលម៉ា 1–44 ) និង ការសរសេរ​របស់​កូនប្រុស​អាលម៉ា ហេលេមិន ( សូម​មើល អាលម៉ា 45–62 ) និង ស៊ិបឡុន ( សូមមើល អាលម៉ា 63 ) ដើម្បី​ធ្វើ​ជា​គម្ពីរ​អាលម៉ា ។

តើ​សៀវភៅ​នេះ​ត្រូវ​សរសេរ​ទៅ​ដល់​អ្នកណា និង ហេតុអ្វី ?

មរមន​មិន​បាន​និយាយ​ដល់​អ្នកអាន​ជាក់លាក់​ណាមួយ ឬ និយាយ​ពី​មូលហេតុ​ដែល​គាត់​សរសេរ​វា​នៅក្នុង​គម្ពីរ​អាលម៉ា​នេះ​ឡើយ ។ ទោះជា​យ៉ាងណាក្ដី ការបង្រៀន​ដ៏​ច្រើន​នៃ​គម្ពីរ​នេះ​អំពី​បេសកកម្ម​ប្រោសលោះ​របស់​ព្រះអង្គ​សង្គ្រោះ បាន​រួមចំណែក​ដល់​គោលបំណង​ដ៏​សំខាន់​នៃ​ព្រះគម្ពីរ​មរមន ដែល​ត្រូវ​ថ្លែង​ទីបន្ទាល់ “ ថា​ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ជា​ព្រះ​ដ៏​នៅ​អស់កល្ប​ជានិច្ច ” ( ទំព័រ​ចំណងជើង​នៃ​ព្រះគម្ពីរ​មរមន ; សូម​មើល​ផងដែរ អាលម៉ា 5; 7; 13; 32–34; 36; 39–42 ) ។

តើ​នៅពេល​ណា និង នៅ​កន្លែង​ណា​ដែល​គេ​សរសេរ​គម្ពីរ​នេះ ?

កំណត់ត្រា​ដើម​ដែល​ត្រូវបានប្រើ​ជា​ប្រភព​សម្រាប់​គម្ពីរ​អាលម៉ា ត្រូវបាន​សរសេរ​ប្រហែល​នៅ​រវាង​ឆ្នាំ ឆ្នាំ ៩១ មុន គ. ស. និង ៥២ មុន គ. ស. មរមន​បាន​សង្ខេប​កំណត់ត្រា​ទាំងនោះ​ក្នុង​ពេល​រវាង​ឆ្នាំ 345ក្រោយ​គ្រិស្ដសករាជនិង ឆ្នាំ 385 ក្រោយ​គ្រិស្ដសករាជ ។ មរមន​មិន​បាន​កត់ត្រា​ពី​ទីកន្លែង​ដែល​គាត់​នៅ នៅពេល​គាត់​បាន​ចងក្រង​គម្ពីរ​នេះ​ទេ ។

តើ​មាន​ផ្នែក​ខុសគ្នា​អ្វី​ខ្លះ​នៅក្នុង​គម្ពីរនេះ ?

ទោះបីជា​គម្ពីរ​អាលម៉ា ជា​គម្ពីរ​ដែល​វែង​ជាងគេ​បំផុត​នៅក្នុង​ព្រះគម្ពីរ​មរមន វាពិពណ៌នា​តែ​ក្នុង​រយៈពេល 39 ឆ្នាំ​ប៉ុណ្ណោះ —ប្រហែល ឆ្នាំ ៩១ មុន គ. ស. ដល់ ៥២ មុន គ. ស. ។ គម្ពីរ​នេះ​ប្រាប់​ពី​គំរូ​ដំបូង​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ដ៏​មាន​ជោគជ័យ​ក្នុង​ចំណោម​ពួកសាសន៍​លេមិន ។ វា​ក៏​បាន​ប្រាប់​ពី​ភក្ដីភាព​នៃ​សាសន៍​លេមិន​ដែល​បាន​ប្រែចិត្ត​ជឿ​ក្នុង​ការកាន់តាម​សេចក្ដី​សញ្ញា​របស់​ពួកគេ ( សូមមើល អាលម៉ា 23:6–7; 24 ) ។ បន្ថែម​លើ​នេះ គម្ពីរ​អាលម៉ា​រួមមាន​ការបង្រៀន​អំពី​គោលលទ្ធិ​នៃ​ការតែងតាំង​ពី​មុន​កំណើត​លោកិយ និង ការបម្រើ​របស់​មីលគីស្សាដែក ( សូមមើល អាលម៉ា 13 ) ; អំណាច​នៃ​ព្រះបន្ទូល​របស់​ព្រះ ( សូមមើលអាលម៉ា 31 ) ; របៀប​ដើម្បី​អភិវឌ្ឍ​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ( សូមមើលអាលម៉ា 32–34 ) ; ភាពតឹងរ៉ឹង​នៃ​ការមិន​ធ្វើតាម​ច្បាប់​នៃ​ព្រហ្មចារីយភាព( សូមមើលអាលម៉ា 39 ) ; សភាព​នៃ​វិញ្ញាណ​ទាំងឡាយក្រោយពី​ការស្លាប់ ( សូមមើលអាលម៉ា 40 ) ; គោលលទ្ធិ​នៃ​ការរស់ឡើងវិញ និង ការស្ដារឡើងវិញ ( សូមមើល អាលម៉ា 40–41 ) និង តួនាទី​នៃ​សេចក្ដី​យុត្តិធម៌ និង សេចក្ដីមេត្តា​ករុណា​ក្នុង​ផែនការ​នៃ​សេចក្ដីប្រោសលោះ​របស់​ព្រះវរបិតាសួគ៌ ( សូមមើល អាលម៉ា 42 ) ។ គម្ពីរ​នេះ​ក៏​រួមមាន​នូវ​ការណែនាំ​របស់​ព្រះអម្ចាស់​ទាក់ទង​នឹង​ការការពារ​ខ្លួន និង យុត្តិកម្ម​នៃ​សង្រ្គាម ( សូមមើល អាលម៉ា 43:45–47 ) ។

គម្រោង

អាលម៉ា 1–3 នីហូរ​ចាប់ផ្ដើម​ឧបាយកល​សង្ឃ​ក្នុង​ចំណោម​សាសន៍​នីហ្វៃ ។ អាលម៉ា​ដឹកនាំ​សាសន៍​នីហ្វៃ​សុចរិត​ក្នុង​ការការពារ​ខ្លួន​គេ​ប្រឆាំង​នឹង​អាំលីសៃ និង អ្នកដើរតាម​គាត់ ដែល​បាន​រួមគ្នា​នឹង​កងទ័ព​សាសន៍​លេមិន ។ ក្រោយពី​ខកខាន​បំណង​ក្នុង​ការធ្វើ​ជា​ស្ដេច និង ដើម្បី​បំផ្លាញ​សាសនាចក្រ​របស់​អាំលីសៃ សាសន៍​នីហ្វៃ​បាន​យកឈ្នះ​លើ​កងទ័ព​សាសន៍​លេមិន​ម្ដងទៀត ។

អាលម៉ា 4–16 អាលម៉ា​លាលែង​ពី​តំណែង​ជា​ចៅក្រម​សំខាន់ ។ គាត់​បាន​ធ្វើ​ដំណើរ​ទូទាំង​ដែនដី​នីហ្វៃ​ដើម្បី​ប្រឆាំង​នឹង​អំណួត និង ភាពទុច្ចរិត​ដោយ​ការបង្រៀន​ព្រះបន្ទូល​នៃ​ព្រះ ។ អាម៉ូលេក​បាន​ចូលរួម​នឹង​អាលម៉ា ហើយ​ពួកគេ​បង្រៀន​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ការរស់ឡើងវិញ និង តម្រូវការ​មាន​សេចក្ដីជំនឿ​ទៅលើ​ព្រះអម្ចាស់ និង​ការប្រែចិត្ត ។ ស៊ីអ៊ែសរ៉ុម​បាន​ប្រែចិត្ត​ជឿ និង​ជ្រមុជទឹក ។

អាលម៉ា 17–28 បុត្រា​ទាំងឡាយ​នៃ​ម៉ូសាយ និង អ្នកដទៃ​បាន​បង្រៀន​ព្រះបន្ទូល​នៃ​ព្រះ​ក្នុង​ចំណោម​សាសន៍​លេមិន​នៅក្នុង​ដែនដី​នីហ្វៃ ។ មនុស្ស​រាប់ពាន់​នាក់​បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ ។ អ្នកប្រែចិត្តជឿ​បាន​បោះបង់​អាវុធ​ប្រដាប់​សង្គ្រាម​របស់​ពួកគេចោល ហើយ​ទៅ​រស់នៅ​ក្នុង​ចំណោម​សាសន៍​នីហ្វៃ ។ មនុស្ស​ជាច្រើន​បាន​សា្លប់​នៅក្នុង​សង្គ្រាម​ដ៏​ធំ​មួយ​រវាង​សាសន៏​នីហ្វៃ និង​សាសន៍​លេមិន ។

អាលម៉ា 29–42 អាលម៉ា​មាន​បំណង​នាំ​ព្រលឹង​ទាំងឡាយ​ឲ្យ​ប្រែចិត្ត ។ គាត់​បាន​ធ្វើ​ឲ្យ​កូរីហូរ ដែល​ជា​អ្នកប្រឆាំង​នឹង​ព្រះគ្រីស្ទ​ជ្រប់មុខ ។ ខណៈពេល​បង្រៀន​ដល់​សាសន៍​សូរាំ មាន​ក្រុម​អ្នកបែកចេញពីសាសន៍​នីហ្វៃ​មួយ​ក្រុម​បាន​ជំទាស់ អាលម៉ា​ប្រៀបធៀប​ព្រះបន្ទូល​របស់​ព្រះ​ទៅនឹង​គ្រាប់ពូជ​មួយ​ដែល​ត្រូវតែ​ថែទាំ​ដោយ​សេចក្ដីជំនឿ ។ អាម៉ូលេក​ថ្លែងទីបន្ទាល់​អំពី​ដង្វាយធួន ហើយ​បាន​បង្រៀន​ដល់​សាសន៍​សូរាំ​ឲ្យ​អនុវត្ត​សេចក្ដីជំនឿ​ដើម្បី​មាន​ការប្រែចិត្ត ។ អាលម៉ា​ប្រឹក្សា​ដល់​បុគ្គល​ម្នាក់ៗ និង ចែកចាយ​ទីបន្ទាល់​ដល់​កូនប្រុស​របស់​គាត់ ហេលេមិន ស៊ិបឡុន និង កូរីអានតុន ។ អាលម៉ា​បន្ដ​កំណត់ត្រា​ដ៏​ពិសិដ្ឋ​ឲ្យ​ហេលេមិន​ទុក ។ គាត់​បង្រៀន​អំពី​ពិភព​វិញ្ញាណ​បន្ទាប់​ពី​ជីវិត​នេះ​ទៅ ការរស់ឡើងវិញ និង តួនាទី​នៃ​សេចក្ដីយុត្តិធម៌ និង​សេចក្ដី​មេត្តាករុណា​នៅក្នុង​ផែនការ​របស់​ព្រះ ។

អាលម៉ា 43–45 ដោយ​បាន​បង្ក​ឲ្យ​មាន​កំហឹង​ដោយសារ​ក្រុម​អ្នកបែកចេញពីសាសន៍​នីហ្វៃ​ នោះ​សាសន៍​លេមិន​បាន​មក​ធ្វើ​សង្គ្រាម​នឹង​សាសន៍នីហ្វៃ ។ មរ៉ូណៃ​ដឹកនាំ​សាសន៍​នីហ្វៃ​ឲ្យ​យកឈ្នះ​លើ​កងទ័ព​របស់​សេរ៉ាហិមណា ។ អាលម៉ា​បាន​និយាយ និង​ប្រទានពរ​ដល់​ហេលេមិន ព្យាករណ៍​ពី​ការបំផ្លាញ​ដល់​សាសន៍​នីហ្វៃ ហើយ​បាន​ចាកចេញ​ពី​ដែនដី​ទៅ ។

អាលម៉ា 46–63 មរ៉ូណៃ លីហៃ ទីអានគុម ហេលេមិន និង ពេហូរ៉ាន​ដឹកនាំ​សាសន៍​នីហ្វៃ​ឲ្យ​មាន​ជ័យជំនះ​លើ​កងទ័ព​សាសន៍​លេមិន​ដែល​គ្រប់គ្រង​ដោយ​អាម៉ាលិកាយ និង អាំម៉ូរ៉ុន ។ មរ៉ូណៃ និង ពេហូរ៉ាន​ក៏​បង្ក្រាប​ការបះបោរ​នៃ​ក្រុម​អ្នកបែកចេញពីសាសន៍​នីហ្វៃ​ដែល​ជំទាស់​ឡើង ដែល​ត្រូវបាន​ស្គាល់​ថា​ជា ស្ដេច-ប្រជាជន ។ ស៊ិបឡុន​ទទួល​កំណត់ត្រា​នៃ​សាសន៍​នីហ្វៃ ហើយ​ក្រោយមក​ប្រគល់​កំណត់ត្រា​នោះ​ដល់​កូនប្រុស​របស់​ហេលេមិន ឈ្មោះ​ហេលេមិន ។ កងទ័ព​របស់​មរ៉ូណៃហា​យកឈ្នះ​លើ​សាសន៍​នីហ្វៃ​ក្នុង​ចម្បាំង​ផ្សេង​ទៀត ។