មេរៀនទី 28
នីហ្វៃទី 2 6–8
សេចក្តីផ្ដើម
នៅពេលនីហ្វៃបានកត់ត្រាការបម្រើរបស់ប្រជាជនគាត់ គាត់រួមបញ្ចូលការបង្រៀនដោយប្អូនប្រុសរបស់គាត់ យ៉ាកុប រយៈពេលពីរថ្ងៃ ។ ការបង្រៀនត្រូវបានរកឃើញនៅក្នុង នីហ្វៃទី 2 6–10ហើយនេះគឺជាមេរៀនទីមួយក្នុងចំណោមមេរៀនបីអំពីវា ។ នៅដើមដំបូងនៃការបង្រៀន យ៉ាកុបបានអានការព្យាករណ៍របស់អេសាយដែលទាក់ទងនឹងការខ្ចាត់ខ្ចាយ និង ការប្រមូលផ្ដុំនៃអ៊ីស្រាអែល ដែលបង្ហាញថា « ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងបំពេញសេចក្ដីសញ្ញាទាំងឡាយរបស់ទ្រង់ ដែលទ្រង់បានធ្វើជាមួយនឹងកូនចៅព្រះអង្គ » ( នីហ្វៃទី 2 6:12 ) ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី 2 6
យ៉ាកុបថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់នឹងចងចាំរាស្ដ្រក្នុងសេចក្ដីសញ្ញារបស់ទ្រង់
ដើម្បីជួយសិស្សឃើញថា ការបង្រៀនរបស់យ៉ាកុបទាក់ទងនឹងជីវិតរបស់ពួកគេ សូមឲ្យពួកគេសញ្ជឹងគិតអំពីរបៀបដែលពួកគេនឹងប្រតិកម្ម ប្រសិនបើមិត្តភក្ដិ ឬ សមាជិកគ្រួសារម្នាក់ធ្វើដាក់គេដោយមិនមានសណ្ដានចិត្ត បានបដិសេធមិនជឿអ្វីដែលពួកគេបាននិយាយ ឬ បានបង្ហាញតាមរយៈសកម្មភាព ឬ ឥរិយាបថរបស់ពួកគេថា ទំនាក់ទំនងនេះលែងមានសារសំខាន់ចំពោះពួកគេទៀតហើយ ។
សុំឲ្យសិស្សសញ្ជឹងគិតដោយស្ងាត់ស្ងៀមនូវសំណួរខាងក្រោម ៖
-
តើអ្នកធ្លាប់បង្ហាញសកម្មភាព ឬ ឥរិយាបថដូចគ្នានេះទៅកាន់ព្រះអម្ចាស់ដែរឬទេ ?
សូមពន្យល់ថា នៅក្នុងនីហ្វៃទី2 6–8យើងឃើញពីរបៀបដែលព្រះអម្ចាស់ឆ្លើយតបនឹងអ្នកដែលបានបែរចេញពីទ្រង់ ។ ជំពូកទាំងនេះរួមមានកំណត់ត្រារបស់នីហ្វៃនៃផ្នែកនៃការបង្រៀនមួយដោយប្អូនប្រុសរបស់គាត់ យ៉ាកុប ។ ការបង្រៀនរបស់យ៉ាកុបទាំងអស់ត្រូវបានកត់ត្រានៅក្នុងនីហ្វៃទី2 9–10 ។ ជំពូកទាំងនេះនឹងត្រូវបង្រៀននៅក្នុងមេរៀនពីរក្រោយទៀត ។
សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី 2 6:3–4និង 9:1, 3 ឮៗ ។ សុំឲ្យសិស្សស្វែងរកហេតុផលដែលយ៉ាកុបផ្ដល់ការបង្រៀននេះ ។
សូមអញ្ជើញសិស្សម្នាក់សម្ដែងជាគ្រូបង្រៀន ។ សុំឲ្យគាត់ ឬ នាងសរសេរចំណងជើងថា គោលបំណងនៃការបង្រៀនរបស់យ៉ាកុប នៅលើក្ដារខៀន ។ បន្ទាប់មក សុំឲ្យសិស្សចែកចាយពីអ្វីដែលពួកគេបានរកឃើញនៅក្នុងខគម្ពីរទាំងឡាយដែលទើបតែបានអានរួច ។ សុំឲ្យគ្រូបង្រៀនសរសេរចម្លើយរបស់ពួកគេនៅក្រោមចំណងជើងនោះ ។ សូមជួយសិស្សឲ្យឃើញថា យ៉ាកុបបានបង្រៀនប្រជាជនរបស់គាត់ដើម្បី « សុខុមាលភាពដល់ព្រលឹងទាំងឡាយ [ របស់ពួកគេ ] » ( នីហ្វៃទី 2 6:3 ) ។ គាត់ចង់ជួយពួកគេ « សរសើរតម្កើងដល់ព្រះនាមនៃព្រះ [ របស់ពួកគេ ] » ( នីហ្វៃទី 2 6:4 ) « ដឹងអំពីសេចក្ដីសញ្ញាទាំងឡាយនៃព្រះអម្ចាស់ » ( នីហ្វៃទី 2 9:1 ) និង « បានត្រេកអរ និង ងើយក្បាលអ្នកឡើងជាដរាប » ( នីហ្វៃទី 2 9:3 ) ។ សូមធានាថា គោលបំណងទាំងនេះត្រូវរួមបញ្ចូលនៅក្នុងបញ្ជីរបស់សិស្ស ។ សូមស្នើថា នៅពេលសិស្សសិក្សាពីការបង្រៀនរបស់យ៉ាកុប ពួកគេអាចស្វែងរកការបង្រៀនដែលជួយបំពេញគោលបំណងទាំងនេះ ។
សូមថតចម្លងបន្ទាត់ពេលវេលាខាងក្រោមនៅលើក្ដារខៀន ។ ( អ្នកអាចថតចម្លងវា មុនពេលចាប់ផ្ដើមថ្នាក់ ។ ) សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី 2 6:4 ។ សូមចង្អុលបង្ហាញថា យ៉ាកុបបានចាប់ផ្ដើមការបង្រៀនរបស់គាត់ដោយការនិយាយថា គាត់នឹងនិយាយអំពីលក្ខខណ្ឌដែលមាននៅក្នុងជំនាន់របស់គាត់ ហើយនឹងមាននៅក្នុងអនាគត ( « រឿងដែលមាន និង រឿងដែលនឹងកើតឡើង » ) ។
សូមចង្អុលទៅលេខ 1 នៅលើបន្ទាត់ពេលវេលា ។
-
នៅក្នុង នីហ្វៃទី 2 6:8 តើយ៉ាកុបនិយាយអ្វីខ្លះដែលបានកើតឡើងដល់សាសន៍យូដា នៅក្នុងទីក្រុងយេរូសាឡិម ដោយសារពួកគេបានងាកចេញពីព្រះអម្ចាស់ ? ( អ្នកខ្លះត្រូវស្លាប់ និង ខ្លះត្រូវបានចាប់ជាឈ្លើយសឹក ។ អ្នកអាចរំឭកសិស្សថា លីហៃ យេរេមា និង ព្យាការីផ្សេងទៀតបានព្យាករណ៍ថា រឿងទាំងនេះនឹងកើតឡើង ។ ការព្យាករណ៍ទាំងនេះ ត្រូវបានបំពេញប្រហែលនៅក្នុង 587 មុន.គ.ស. នៅពេលប្រជាជនបាប៊ីឡូនបានឈ្លានពានបានជោគជ័យលើទីក្រុងយេរូសាឡិម និង ចាប់បានពួកសាសន៍យូដាជាច្រើនជាឈ្លើយសឹកទៅទីក្រុងបាប៊ីឡូន ។ សូមមើល « កាលប្រវត្តិ » នៅក្នុងវចនានុក្រមព្រះគម្ពីរបរិសុទ្ធសម្រាប់កាលបរិច្ឆេទនេះ និង កាលបរិច្ឆេទផ្សេងទៀត ។ )
សូមចង្អុលទៅលេខ 2 ។
-
យោងទៅតាមឃ្លាទីមួយនៃនីហ្វៃទី 2 6:9 តើនៅទីបញ្ចប់នឹងមានអ្វីកើតឡើងចំពោះកូនចៅរបស់សាសន៍យូដាដែលត្រូវបានចាប់ជាឈ្លើយនៅក្នុងទីក្រុងបាប៊ីឡូន ? ( ពួកគេនឹងត្រឡប់ទៅទីក្រុងយេរូសាឡិម ។ ការព្យាករណ៍នេះ ត្រូវបានបំពេញនៅប្រហែលឆ្នាំ ៥៣៧ មុន.គ.ស. នៅពេលសេ្ដចស៊ីរូសអនុញ្ញាតឲ្យសាសន៍យូដាត្រឡប់ទៅកាន់ដែនដីកំណើតរបស់ពួកគេវិញ ។ )
សូមចង្អុលទៅលេខ 3 ហើយសូមពន្យល់ថា យ៉ាកុបបានព្យាករណ៍ថា ព្រះអង្គសង្គ្រោះនឹងរស់នៅជាជីវិតខាងសាច់ឈាមរបស់ទ្រង់ក្នុងចំណោមប្រជាជនយូដា ។
-
នៅក្នុងនីហ្វៃទី 2 6:9–10 តើឃ្លាណាមួយដែលពិពណ៌នាពីរបៀបដែលសាសន៍យូដាខ្លះបានប្រតិកម្ម និង មានអារម្មណ៍ ចំពោះព្រះអង្គសង្គ្រោះ អំឡុងពេលការបម្រើជាសាច់ឈាមរបស់ទ្រង់ ? ( ចម្លើយអាចរួមមាន « វាយទ្រង់ » « ឆ្កាងទ្រង់ » និង « ធ្វើចិត្តរឹងរូស ហើយក្បាលរឹងទាស់នឹង » ទ្រង់ ។ )
-
យោងតាម នីហ្វៃទី 2 6:10–11តើនឹងមានអ្វីកើតឡើងដល់សាសន៍យូដាដែលនឹងបដិសេធព្រះម៊ែស៊ី ? ( ពួកគេនឹងត្រូវឈឺចាប់ខាងសាច់ឈាម ត្រូវបានខ្ចាត់ខ្ចាយ ត្រូវបានគេវាយដំ និង ត្រូវគេស្អប់ ។ )
សូមអញ្ជើញសិស្សអាននីហ្វៃទី 26:6–7, 11–12, 14, 17ដោយស្ងាត់ស្ងៀម ។ អ្នកអាចពន្យល់ថា នៅក្នុងខទី 6–7 យ៉ាកុបអានការព្យាករណ៍មួយរបស់អេសាយអំពីការស្ដារឡើងវិញនៃដំណឹងល្អ និង ការប្រមូលផ្ដុំនៃវង្សអ៊ីស្រាអែល ។ សូមឲ្យសិស្សរកឃ្លាដែលពិពណ៌នាពីរបៀបដែលព្រះអម្ចាស់នឹងឆ្លើយទៅនឹងវង្សអ៊ីស្រាអែល រាស្ដ្រក្នុងសេចក្ដីសញ្ញារបស់ព្រះអម្ចាស់ ទោះបីជាពួកគេនឹងបដិសេធទ្រង់ក្ដី ។ សុំឲ្យសិស្សចែកចាយឃ្លាដែលពួកគេបានរកឃើញ ។ សូមជួយពួកគេឲ្យយល់ពីន័យនៃឃ្លាពីរបីនេះ ដោយការសួរសំណួរខាងក្រោម ៖
-
នៅក្នុងនីហ្វៃទី 2 6:7 តើអ្នកគិតថា « រង់ចាំ » ព្រះអម្ចាស់ មានន័យដូចម្ដេចដែរ ?
-
យ៉ាកុបបានសន្យាថា « ព្រះអម្ចាស់នឹងមានសេចក្ដីមេត្តាករុណា » ដល់អ៊ីស្រាអែល ( នីហ្វៃទី 2 6:11 ) ។ តើឃ្លាខ្លះដែលអ្នកបានរកឃើញ យោងទៅលើសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់តាមរបៀបណា ?
-
យ៉ាកុបក៏បានសន្យាថា ព្រះអម្ចាស់នឹង « ប្រុងចាំជួយ » អ៊ីស្រាអែល ( នីហ្វៃទី 2 6:14 ) ។ តើអ្នកគិតថា វាមានន័យយ៉ាងណាចំពោះព្រះអង្គសង្គ្រោះដើម្បីប្រុងចាំជួយនរណាម្នាក់ ?
-
យោងតាមនីហ្វៃទី 2 6:11–12, 14តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីទទួលបានសេចក្ដីមេត្តាករុណាពីព្រះអម្ចាស់ ?
នៅពេលសិស្សចែកចាយអំពីការយលល់ដឹងរបស់ពួកគេ សូមប្រាកដថា ពួកគេយល់ថា ព្រះអម្ចាស់មានសេចក្ដីមេត្តាករុណាដល់អស់អ្នកណាដែលត្រឡប់ទៅរកទ្រង់ ។
សូមបង្ហាញថា នៅក្នុងនីហ្វៃទី 2 6 យ៉ាកុបប្រាប់អំពីការដែលព្រះអម្ចាស់មានសេចក្ដីមេត្តាករុណាដល់រាស្ដ្រក្នុងសេចក្ដីសញ្ញារបស់ទ្រង់ ទោះបីជាក្រោយពេលដែលពួកគេបានក្លាយជាទុច្ចរិតខ្លាំងក៏ដោយ ។ សូមធានាសិស្សថា ប្រសិនបើព្រះអម្ចាស់មានសេចក្ដីមេត្តាករុណាដល់ប្រជាជនទាំងនេះ ទ្រង់ប្រាកដជានឹងមានសេចក្ដីមេត្តាករុណាចំពោះយើងម្នាក់ៗ នៅពេលយើងចូលមករកទ្រង់ ហើយរក្សាសេចក្ដីសញ្ញារបស់យើងជាមួយនឹងទ្រង់ ។ សូមអញ្ជើញសិស្សឲ្យពិចារណាពីរបៀបដែលព្រះអម្ចាស់មានសេចក្ដីមេត្តាករុណាទៅកាន់ពួកគេ ។ សូមឲ្យពួកគេសរសេរឃ្លាខាងក្រោមនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅកត់ត្រាក្នុងថ្នាក់របស់ពួកគេ ៖ ខ្ញុំដឹងថា ព្រះអម្ចាស់មានសេចក្ដីមេត្តាករុណា ពីព្រោះ ។ … បន្ទាប់មក សូមអញ្ជើញពួកគេសរសេរគំនិត និង អារម្មណ៍របស់ពួកគេឲ្យបំពេញប្រយោគនេះ ។ ក្រោយពីពួកគេមានពេលគ្រប់គ្រាន់សរសេរហើយ អ្នកអាចអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយអ្វីដែលពួកគេបានសរសេរ ។
នីហ្វៃទី 2 7–8
យ៉ាកុបចែកចាយនូវការព្យាករណ៍របស់អេសាយ អំពីសមត្ថភាពរបស់ព្រះអង្គសង្រ្គោះក្នុងការប្រោសលោះរាស្ដ្រក្នុងសេចក្ដីសញ្ញារបស់ទ្រង់
សូមពន្យល់ថា នៅក្នុងនីហ្វៃទី 2 7និង8យ៉ាកុបបានអានការព្យាករណ៍មួយមកពីការសរសេររបស់អេសាយ ។ ជំពូកទី 7 រួមមានព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅកាន់វង្សអ៊ីស្រាអែលដែលត្រូវបានខ្ចាត់ខ្ចាយ និង នៅក្នុងការជាប់ឃុំឃាំងដែលជាលទ្ធផលនៃអំពើបាបរបស់ពួកគេ ។ សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 2 7:1 ។ អ្នកអាចអញ្ជើញសិស្សឲ្យគូសចំណាំសំណួរដែលព្រះអម្ចាស់បានសួរ ។
ដើម្បីជួយសិស្សឲ្យយល់សំណួរនៅក្នុងខគម្ពីរទី 1 សូមពន្យល់ថា ឃ្លា « បណ្ដេញអ្នកចេញ » « សំបុត្រលះលែងរបស់ម្ដាយអ្នក » និង « បានលក់អ្នក » សំដៅលើគំនិតនៃការមិនធ្វើតាម ឬ ការគោរពយ៉ាងត្រឹមត្រូវតាមសេចក្ដីសញ្ញាមួយ ។ សូមជួយសិស្សឲ្យយល់ថា សំណួររបស់ព្រះអម្ចាស់អាចនិយាយម្យ៉ាងទៀតដូចខាងក្រោមថា ៖ « តើយើងបានបែរចេញពីអ្នកឬ ? តើយើងបានបំភ្លេចសេចក្ដីសញ្ញាដែលយើងបានធ្វើឬ ? »
-
តើអ្វីជាចម្លើយចំពោះសំណួរទាំងនេះ ? ( ចម្លើយគឺ ទេ ។ ព្រះអម្ចាស់នឹងមិនដែលងាកចេញពីយើង ឬ បំភ្លេចសេចក្ដីសញ្ញាដែលទ្រង់បានធ្វើនោះទេ ។ )
-
យោងតាមឃ្លាបញ្ចប់នៃនីហ្វៃទី 2 7:1 ហេតុអ្វីបានជាប្រជាជនទាំងនេះត្រូវបានបំបែកចេញពីព្រះអម្ចាស់ ហើយរងទុក្ខនៅក្នុងការជាប់ឃុំឃាំង ? ( ដោយសារតែពួកគេបានធ្វើអំពើបាប និង បានបែរចេញពីព្រះអម្ចាស់ ។ )
សូមបង្ហាញថា នៅក្នុង នីហ្វៃទី 2 7:2 ព្រះអម្ចាស់បានសួរមួយសំណួរទៀតដែលអាចជួយយើងឲ្យឃើញថា ទ្រង់ចង់ជួយយើង ហើយថា ទ្រង់មានអំណាចដើម្បីធ្វើដូច្នោះបាន ។ សូមអញ្ជើញសិស្សរក និង គូសបន្ទាត់ពីក្រោមសំណួរ ។ ( « តើដៃយើងបានរួញខ្លីនឹងជួយលោះអ្នកមិនបាន ឬ តើយើងគ្មានអំណាចនឹងដោះឲ្យរួចទេឬអី ? » )
ដើម្បីជួយសិស្សយល់សំណួរនេះ សូមសួរពួកគេពីរបៀបដែលពួកគេនឹងរៀបសំណួរនេះឡើងវិញជាសម្ដីរបស់ពួកគេផ្ទាល់ ។ ( ប្រសិនបើពួកគេមានការពិបាកយល់ឃ្លា « តើដៃយើងបានរួញខ្លីឬ » សូមអញ្ជើញសិស្សម្នាក់ហុចដៃរបស់គាត់ ឬ នាងឲ្យទៅសិស្សម្នាក់ទៀតចាប់ ហាក់ដូចជាហុចដៃផ្ដល់ជំនួយ ។ បន្ទាប់មក សុំឲ្យសិស្សទីមួយ « បង្រួញ » ដៃរបស់គាត់ ឬ នាង ដោយបង្ហាញគំនិតចង់ដកជំនួយ ឬ ដកដៃមកវិញ ។ ) សិស្សអាចនិយាយសំណួររបស់ព្រះអម្ចាស់ឡើងវិញ ដោយការនិយាយអ្វីមួយដូចនេះ ៖ « តើខ្ញុំដកដៃវិញ ឬ តើខ្ញុំមិនអាចឈោងទៅជួយសង្គ្រោះអ្នកបានឬអី ? តើអ្នកជឿថា ខ្ញុំមានអំណាចសង្គ្រោះអ្នកដែរឬទេ ?
សូមប្រាប់សិស្សថា ដើម្បីឆ្លើយនឹងសំណួរនេះ នីហ្វៃទី 2 7 និង8 ទាំងអស់ រួមមានគំរូជាច្រើនដែលបង្ហាញពីបំណងរបស់ព្រះអង្គសង្គ្រោះដើម្បីប្រោសលោះរាស្ដ្រក្នុងសេចក្ដីសញ្ញារបស់ទ្រង់ និង គំរូដែលបង្ហាញថា ទ្រង់មានអំណាចដើម្បីដូច្នោះមែន ។
ដើម្បីជួយសិស្សរកឃើញភស្ដុតាងដែល ព្រះអង្គសង្គ្រោះមានបំណងចង់ប្រោសលោះរាស្ដ្រក្នុងសេចក្ដីសញ្ញារបស់ទ្រង់ និង អំណាចដើម្បីធ្វើដូច្នោះមែន សូមបែងចែកវគ្គព្រះគម្ពីរខាងក្រោមជាប្រាំមួយផ្នែកនៅក្នុងនីហ្វៃទី 2 8 ក្នុងចំណោមក្រុមសិស្សនោះ ៖ ខគម្ពីរទី 1–3, 4–6, 7–8, 10–11, 12–13, និង 14–16 ។ ( ប្រសិនបើអ្នកមានសិស្ស 12 នាក់ ឬ ច្រើនជាងនេះនៅក្នុងថ្នាក់របស់អ្នក សូមចាត់ចែងវគ្គមួយៗទៅដៃគូ ឬ ក្រុមតូចៗផ្សេងទៀត ។ ប្រសិនបើអ្នកមានសិស្សតិចជាង 12 នាក់ សូមចាត់ចែងវគ្គព្រះគម្ពីរច្រើនជាងមួយទៅដល់ក្រុមខ្លះ ។ ) សុំឲ្យក្រុមនីមួយៗរកឃ្លាមួយនៅក្នុងវគ្គដែលគេអាន ឬ វគ្គដែលបង្ហាញពីបំណងរបស់ព្រះអម្ចាស់ក្នុងការប្រោសលោះយើង និង អំណាចរបស់ទ្រង់ដើម្បីធ្វើដូច្នោះ ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញក្រុមនីមួយៗអានឃ្លាដែលពួកគេបានជ្រើសរើសទៅកាន់ថ្នាក់ ។ សុំឲ្យពួកគេចែកចាយនូវអ្វីដែលពួកគេបានរៀនពីវគ្គនេះ ។ អ្នកអាចអញ្ជើញសិស្សគូសចំណាំឃ្លាដែលមិត្តភក្ដិរបស់ពួកគេបានចែកចាយ ។
ដើម្បីបញ្ចប់ សូមបើកទៅបញ្ជីនៃគោលបំណងរបស់យ៉ាកុប ដែលបានសរសេរនៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សគិតអំពីសេចក្ដីសញ្ញាដែលពួកគេបានធ្វើជាមួយនឹងព្រះអម្ចាស់ និង ពរជ័យដែលទ្រង់បានសន្យានឹងពួកគេ នៅពេលពួកគេកាន់តាមសេចក្ដីសញ្ញាទាំងនោះ ។ សូមចែកចាយទីបន្ទាល់របស់អ្នកអំពីភាពស្មោះត្រង់របស់ព្រះអម្ចាស់ចំពោះយើង និង សេចក្ដីសញ្ញារបស់ទ្រង់ជាមួយនឹងយើង ហើយសូមថ្លែងទីបន្ទាល់អំពីសេចក្ដីមេត្តាករុណា និង ការប្រោសលោះដែលយើងអាចទទួលបាន នៅពេលយើងស្មោះត្រង់ចំពោះសេចក្ដីសញ្ញារបស់យើងជាមួយនឹងទ្រង់ ។