សេចក្ដីផ្ដើមអំពី គម្ពីរយ៉ារ៉ុម
ហេតុអ្វីបានជាត្រូវសិក្សាគម្ពីរនេះ ?
នៅពេលសិស្សសិក្សាសៀវភៅយ៉ារ៉ុម ពួកគេនឹងឃើញថា ព្រះបានរក្សាសេចក្ដីសន្យារបស់ទ្រង់ក្នុងការប្រទានពរដល់អ្នកទាំងឡាយណាដែលកាន់តាមព្រះបញ្ញត្តិរបស់ទ្រង់ ។ ពួកគេក៏នឹងរៀនអំពីការខិតខំរបស់សេ្ដច ព្យាការី គ្រូបង្រៀន និង ពួកសង្ឃសាសន៍នីហ្វៃនៃជំនាន់របស់យ៉ារ៉ុម ដើម្បីជួយប្រជាជនឲ្យប្រែចិត្ត និង ចៀសវាងការបំផ្លាញ ។
តើនរណាបានសរសេរគម្ពីរនេះឡើង ?
កូនប្រុសរបស់អេណុស គឺយ៉ារ៉ុម បានសរសេរគម្ពីរនេះ ។ ដូចជាឪពុករបស់គាត់ —និង ដូចជាជីតារបស់គាត់គឺ យ៉ាកុប និង ជីតាទួតរបស់គាត់គឺលោក លីហៃ ដែរ —យ៉ារ៉ុមបានមានវិញ្ញាណនៃការព្យាករណ៍ និង វិវរណៈ ( សូមមើល យ៉ារ៉ុម 1:2 ) ។ នៅពេលគាត់បានបញ្ចប់កំណត់ត្រារបស់គាត់ គាត់បានប្រគល់ផ្ទាំងនោះទៅដល់កូនប្រុសរបស់គាត់ អោមណៃ ។
តើគម្ពីរនេះត្រូវបានសរសេរទៅដល់អ្នកណា ហើយហេតុអ្វី ?
យ៉ារ៉ុមបាននិយាយថា គាត់បានសរសេរ « ស្របតាមបញ្ជាពីឪពុក [ គាត់ ] គឺអេណុស ដើម្បីឲ្យពង្សាវតារ [ របស់ពួកគេ ] អាចបានកត់ទុក » ( យ៉ារ៉ុម 1:1 ) ។ គាត់ក៏បានបង្ហាញថា កំណត់ត្រារបស់គាត់ « ត្រូវបានសរសេរកត់ត្រាទុក … ដើម្បីជាប្រយោជន៍ដល់បងប្អូន គាត់ គឺពួកសាសន៍លេមិន » ( យ៉ារ៉ុម 1:2 ; សូមមើលផងដែរ អេណុស 1:13–18 ) ។ យ៉ារ៉ុមមិនបានកត់ត្រាការព្យាករណ៍ និង វិវរណៈផ្ទាល់ខ្លួនរបស់គាត់នោះទេ ដោយសារគាត់ជឿថាអ្វីដែលបានសរសេរដោយអយ្យកោរបស់គាត់គឺល្មមគ្រប់គ្រាន់ « ដើម្បីបើកសម្ដែងប្រាប់នូវផែនការនៃសេចក្ដីសង្គ្រោះ » ហើយ ( យ៉ារ៉ុម 1:2 ) ។ ផ្ទុយទៅវិញ គាត់បានពិពណ៌នាពីការងាររបស់ពួកអ្នកដឹកនាំសាសន៍នីហ្វៃ អំឡុងពេលនៃការបម្រើរបស់គាត់ ។ អ្នកដឹកនាំទាំងនេះ « សុទ្ធតែជាមនុស្សខ្លាំងពូកែ ដែលមានសេចក្ដីជំនឿជឿដល់ព្រះអម្ចាស់ » ( យ៉ារ៉ុម 1:7 ) ដែលបានបន្ដសុំឲ្យប្រជាជនប្រែចិត្ត និង កាន់តាមព្រះបញ្ញត្តិ ( សូមមើល យ៉ារ៉ុម 1:3–5, 10–12 ) ។ យ៉ារ៉ុមបានសង្កេតឃើញថា នៅពេលមនុស្សជ្រើសរើសដើម្បីធ្វើតាមការទូន្មានរបស់អ្នកដឹកនាំដ៏សុចរិតរបស់ពួកគេ ពួកគេបានរីកចម្រើន ហើយអាចលើកកម្លាំងខ្លួនគេទាស់នឹងសាសន៍លេមិនបាន ។ គាត់បានថ្លែងទីបន្ទាល់ថា « ព្រះបន្ទូលនៃព្រះអម្ចាស់ត្រូវបានបញ្ជាក់នូវអ្វីដែលទ្រង់មានព្រះបន្ទូលទៅកាន់ពួកអយ្យកោយើងពីមុនថា ៖ ដរាបណាអ្នករាល់គ្នាកាន់តាមបញ្ញត្តិទាំងឡាយរបស់យើង នោះអ្នករាល់នឹងបានចម្រើនឡើងនៅលើដែនដី » ( យ៉ារ៉ុម 1:9; សូមមើលផងដែរ នីហ្វៃទី1 2:19–20 ) ។
តើនៅពេលណា និង នៅកន្លែងណាដែលវាត្រូវបានសរសេរនោះ ?
គម្ពីរយ៉ារ៉ុមគ្របដណ្ដប់ប្រហែល 59 ឆ្នាំ ប្រហែលពីឆ្នាំ 420 ម. គ. ស. ដល់ ឆ្នាំ 361 ម. គ. ស. ( សូមមើល អេណុស 1:25; យ៉ារ៉ុម 1:13 ) ។ វាត្រូវបានសរសេរនៅក្នុងដែនដីនីហ្វៃ ។
តើមានផ្នែកខុសគ្នាអ្វីខ្លះនៅក្នុងគម្ពីរនេះ ?
គម្ពីរយ៉ារ៉ុម គឺជាគម្ពីរដ៏ខ្លីបំផុតនៅក្នុងព្រះគម្ពីរមរមន ។ គម្ពីរនេះផ្ដល់សេចក្ដីលម្អិតអំពីការរីកចម្រើននៃអារ្យធម៌សាសន៍នីហ្វៃ ដោយនិយាយថាពួកគេបាន « កើនចំនួនជាច្រើន ហើយបានរាលពាសពេញលើផ្ទៃដែនដី » ( យ៉ារ៉ុម 1:8 ) ។ ពួកគេក៏បានក្លាយទៅជាអ្នកមានធនធានដ៏លើសលប់ ហើយបានមានជំនាញធ្វើការខាងវិស័យឈើក្បាច់ និង ដែក ការសាងសង់អគារ ប៉ិនប្រសប់ផ្នែកខាងគ្រឿងម៉ាស៊ីន និង ធ្វើឧបករណ៍ ព្រមទាំងគ្រឿងសាស្ដ្រាវុធគ្រប់យ៉ាង ( សូមមើល យ៉ារ៉ុម 1:8 ) ។
គម្រោង
យ៉ារ៉ុម 1:1–2 យ៉ារ៉ុមទទួលបានផ្ទាំងមាស និង បានពន្យល់ពីគោលបំណងរបស់គាត់ក្នុងការសរសេរនេះ ។
យ៉ារ៉ុម 1:3–12 យ៉ារ៉ុមកត់ត្រាការបំពេញសេចក្ដីសន្យារបស់ព្រះអម្ចាស់ក្នុងការប្រទានពរ និង ចម្រើនសាសន៍នីហ្វៃឡើង នៅពេលពួកគេបានរក្សាព្រះបញ្ញត្តិរបស់ទ្រង់ ។ គាត់បានថ្លែងទីបន្ទាល់អំពីព្រះចេស្ដានៃព្រះអង្គសង្គ្រោះដើម្បីសង្គ្រោះមនុស្សចេញពីអំពើបាប តាំងពីមុនការបម្រើរបស់ទ្រង់ខាងសាច់ឈាមទៅទៀត ដែលអនុញ្ញាតឲ្យមនុស្ស « ជឿដល់ទ្រង់ … ហាក់ដូចជាទ្រង់បានយាងមករួចហើយដូច្នោះ » ( យ៉ារ៉ុម 1:11 ) ។
យ៉ារ៉ុម 1:13–15 យ៉ារ៉ុមបាននិយាយថា ដំណើររឿងនៃសង្គ្រាមរវាងសាសន៍នីហ្វៃ និង សាសន៍លេមិនត្រូវបានសរសេរនៅលើផ្ទាំងធំរបស់នីហ្វៃ ។ គាត់បានបន្ដប្រគល់ផ្ទាំងតូចទៅឲ្យកូនប្រុសរបស់គាត់ អោមណៃ ។