បណ្ណាល័យ
មេរៀនទី 136 ៖ នីហ្វៃទី 4 1


មេរៀនទី 136

នីហ្វៃទី 4

សេចក្តីផ្ដើម

ក្រោយពី​ការបម្រើ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ចំណោម​កូនចៅ​របស់​លីហៃ នោះ​ប្រជាជន​បាន​អនុវត្ត​តាម​ការបង្រៀន​របស់​ទ្រង់ និង​បាន​រីករាយ​អស់​រយៈពេល​ជាង 100 ឆ្នាំ​នៃ​ការសាមគ្គីភាព ការរីកចម្រើន និង​សុភមង្គល ។​ ពួកគេ​រួបរួម​គ្នា​ជា « កូនចៅ​នៃ​ព្រះគ្រីស្ទ » ហើយ​លែង​ហៅ​ខ្លួន​គេ​ថា​ជា​សាសន៍​នីហ្វៃ ឬ​សាសន៍​លេមិន​ទៀត​ហើយ ( នីហ្វៃទី 4 1:17 ) ។ ទោះជាយ៉ាងណាក្ដី នៅទីបំផុត​ពួកគេ​បាន​ក្លាយជា​មាន​ភាពឆ្មើងឆ្មៃ និង​រីកចម្រើន​ឡើង​នៅក្នុង​ការណ៍​ទុច្ចរិត ហើយ​ពួកគេ​បាន​បែងចែក​ខ្លួនគេ​ជា​សាសន៍​នីហ្វៃ និង​សាសន៍​លេមិន​ម្ដងទៀត ។ ប្រហែល 300 ឆ្នាំ​ក្រោយពី​ការយាងមក​របស់​ព្រះអង្គសង្គ្រោះ មនុស្ស​ស្ទើរ​តែ​ទាំងអស់​បាន​ក្លាយជា​ទុច្ចរិត ។

យោបល់​ទំាងឡាយ​សម្រាប់​ការបង្រៀន

នីហ្វៃទី 4 1:1–18

មនុស្ស​ទាំងអស់​បានផ្លាស់​ប្រែចិត្ត ហើយ​ទទួល​បាន​សេចក្ដីសុខសាន្ដ និង​សុភមង្គល

មុនពេល​ចាប់ផ្ដើម​ការបង្រៀន សូម​រៀបចំ​ក្រដាស​ទទេរ​ពីរ​សន្លឹក​សម្រាប់​សិស្ស​ម្នាក់ៗ— ប្រសិនបើ​អាច ក្រដាស​មួយ​ស ហើយ​ក្រដាស​មួយ​ទៀត​មាន​ពណ៌ផ្សេង ( ក្រដាស​មួយ​ចំហៀង​ក៏​បាន​ដែរ ) ។សូម​ដាក់​ក្រដាស​ពណ៌​ស​នៅលើ​តុ ឬ​កៅអី​របស់​សិស្ស មុនពេល​ពួកគេ​មក​ដល់​ថ្នាក់ ។ សូម​ដាក់​ក្រដាស​ពណ៌​មួយ​ឡែក​សម្រាប់​ប្រើ​ពេលក្រោយ​នៅក្នុង​មេរៀន ។សូម​សរសេរ​សំណួរ​ខាង​ក្រោម​នៅ​លើ​ក្តាខៀន៖តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ពិតជា​រីករាយ ? នៅពេល​សិស្ស​មក​ដល់ សូម​ឲ្យ​ពួកគេ​សរសេរ​ចម្លើយ​របស់​គេ​ចំពោះ​សំណួរ​នេះ​នៅលើ​ក្ដារខៀន ។

សូម​ចាប់ផ្ដើម​ថ្នាក់​ដោយ​ការពិភាក្សា​ពី​ចម្លើយ​ដែល​ពួកគេ​បាន​សរសេរ​នៅលើ​ក្ដារខៀន ។ សូម​សួរ​សិស្ស​នូវ​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​អ្វី​ជា​ភាពខុសគ្នា​រវាង​រឿង​ដែល​ធ្វើ​ឲ្យ​យើង​រីករាយ​ម្ដងកាល និង​រឿង​ដែល​នាំ​ទៅរក​ការរីករាយ​ជា​និរន្ដរ៍ ? ( នៅពេល​សិស្ស​ឆ្លើយ អ្នក​អាច​បញ្ជាក់​ថា សេចក្ដីរីករាយ​ដ៏​ពិត​មិន​អាច​រកបាន​នៅ​ក្នុង​អ្វីៗ​ដែល​មិន​ឋិតថេរ​ដូចជា​ភាពល្បីល្បាញ ភាពមានបាន និង​កម្មសិទ្ធិ​ខាង​សម្ភារ​នោះ​ឡើយ ) ។

សូម​ពន្យល់​ថា នីហ្វៃទី 4 គឺជា​កំណត់ត្រា​មួយ​នៃ​បីបួន​ជំនាន់​នៃ​កូនចៅ​របស់​លីហៃ ដែល​បាន​រស់នៅ​ក្រោយពី​ការយាង​មក​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 4 1:16 ដោយ​ស្ងាត់ៗ​ដោយ​រកមើល​របៀប​ដែល​មរមន​បាន​រៀបរាប់​ប្រជាជន​ដែល​បាន​រស់នៅ​ប្រហែល 100 ឆ្នាំ​ក្រោយពី​ការយាងមក​របស់​ព្រះអង្គសង្គ្រោះ ។ អ្នក​អាច​ស្នើ​ថា សិស្ស​អាច​គូសចំណាំ​ឃ្លា « ពិត​ជា​គ្មាន​ប្រជាជន​ណា​ដែល​រីករាយ​សប្បាយ​ជាង​ប្រជាជន​នេះ​ឡើយ » ។ សូម​ឲ្យ​សិស្ស​សរសេរ ពិត​ជា​គ្មាន​ប្រជាជន​ណា​ដែល​រីករាយ​សប្បាយ​ជាង​ប្រជាជន​នេះ​ឡើយ នៅ​ផ្នែក​ខាង​លើ​នៃ​ក្រដាស​ពណ៌​ស ដែល​អ្នក​បាន​ចែក​ឲ្យ ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​គូស​រង្វង់​ដ៏​ធំ​មួយ​នៅ​ចំ​កណ្ដាល​នៃ​ក្រដាស​ពួកគេ ។

រង្វង់

សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 4 1:1–2 ដោយ​រកមើល​អ្វី​ដែល​ប្រជាជន​បាន​ធ្វើ​ដើម្បី​ឲ្យ​សុភមង្គល​នេះ​កើតឡើង​បាន ។ សូម​ឲ្យ​ពួកគេ​សរសេរ​អ្វី​ដែល​ពួកគេ​រកឃើញ​នៅក្នុង​រង្វង់​នេះ ។ ( ចម្លើយ​គួរ​រួមមាន ប្រជាជន​ដែល​បាន​ប្រែចិត្ត បាន​ជ្រមុជទឹក បាន​ទទួល​ព្រះវិញ្ញាណបរិសុទ្ធ និង « ប្រជាជន​ទាំងអស់​បានប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ » ។

  • តើ​ការ​ប្រែចិត្តជឿ​មាន​ន័យ​ដូចម្តេច ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ថា ការផ្លាស់ប្រែចិត្ត​គឺ​ជ្រៅ​ជាង​ការគ្រាន់តែ​មាន​ទីបន្ទាល់​មួយ ឬ​ការក្លាយជា​សមាជិក​នៃ​សាសនាចក្រ នោះ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​ពី​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រីឆាត ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ ប្រសិនបើ​អាច សូម​ចែក​ក្រដាស​នៃ​ប្រយោគ​នេះ​ដល់​សិស្ស ហើយ​សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​រកមើល​ពាក្យ និង​ឃ្លា​ដែល​ផ្ដល់​និយមន័យ​ដល់​ពាក្យ​ការ​ប្រែចិត្តជឿ ។

« សុភមង្គល​របស់​អ្នក​នាពេល​នេះ និង​ជារៀងរហូត​តទៅ​គឺ​ស្ថិត​នៅ​លើ​កម្រិត​នៃ​ការប្រែចិត្តជឿ​របស់​អ្នក និង​ការកែប្រែដែល​វា​នាំ​មក​ដល់​ជីវិត​របស់​អ្នក ។ ដូច្នេះ តើ​អ្នក​អាច​ប្រែចិត្តជឿ​យ៉ាង​ពិតប្រាកដ​ដោយ​របៀបណា ? ប្រធាន [ ម៉ារ៉ុន ជី ] រ៉មនី រៀបរាប់​ពី​ជំហាន​ដែល​អ្នក​ត្រូវតែ​ធ្វើតាម ៖

អែលឌើរ រីឆាដ ជី ស្កត

“« ‹ សមាជិកភាព​នៅ​ក្នុង​សាសនាចក្រ និង​ការប្រែចិត្តជឿ​មិន​មែន​ជា​ពាក្យ​ដែល​មានន័យ​ដូច​ដ៏​ចាំបាច់​ឡើយ ។ ការប្រែចិត្តជឿ និង​ការមាន​ទីបន្ទាល់​មួយ​ក៏​មិន​មែន​ជា​រឿង​ដូចគ្នា​ដែល​ចាំបាច់​ផងដែរ ។ ទីបន្ទាល់​មួយ​កើតឡើង នៅ​ពេល​ព្រះវិញ្ញាណ​បរិសុទ្ធ​ផ្ដល់​ដល់​អ្នក​ស្វែងរក​ដ៏​ស្មោះត្រង់​ម្នាក់​នូវ​សាក្សី​មួយ​នៃ​សេចក្ដីពិត ។ ទីបន្ទាល់​ដ៏​រស់រវើក​មួយ​បង្ហាញ​ពី​សេចក្ដី​ជំនឿ ។ នោះមាន​ន័យ​ថា វា​នាំ​ឲ្យ​មាន​ការប្រែចិត្តជឿ និង​ការគោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ។ ការប្រែចិត្តជឿ គឺជា​ផល​ផ្លែ ឬ​រង្វាន់​សម្រាប់​ការប្រែចិត្ត និង​ការគោរព​ប្រតិបត្តិ​តាម › ។ [ នៅក្នុង Conference Report, Guatemala Area Conference ឆ្នាំ 1977 ទំព័រ 8–9 ] ។

« បើ​និយាយ​ដោយ​សាមញ្ញ ការប្រែចិត្តជឿ​ដ៏​ពិត​គឺជា​ផល​ផ្លែ​នៃ សេចក្ដីជំនឿ ការប្រែចិត្ត និង ការគោរព​តាម​ដ៏​ខ្ជាប់ខ្ជាន់ ។ …

« ការប្រែចិត្តជឿ​ដ៏​ពិត​នាំមក​នូវផល​ផ្លែ​នៃ​សុភមង្គល​ដ៏​រឹងមាំ ដែល​អាច​រីករាយ​ទោះបីជា​នៅ​ពេល​ពិភពលោក​នេះ​ស្ថិត​នៅ​ក្នុង​ភាព​ចលាចលក្ដី ហើយ​ភាគច្រើន​គឺជា​ការរីករាយ » ( « Full Conversion Brings Happiness » Ensign ខែ ឧសភា ឆ្នាំ 2002 ទំព័រ 25, 26 ) ។

  • តើ​ពាក្យ និង​ឃ្លា​អ្វី​ដែល​អ្នក​បាន​ឮ ផ្ដល់​នូវ​និយមន័យ​ដល់​ពាក្យ​ការប្រែចិត្តជឿ ?

  • តើ​អ្នក​គិតថា វា​នឹង​ទៅ​ជា​យ៉ាងណា ប្រសិនបើ​មនុស្ស​គ្រប់គ្នា​នៅ​ជុំវិញ​អ្នក​បាន​ប្រែចិត្តជឿ​ដល់​ព្រះអម្ចាស់​នោះ ?

សូម​សរសេរ​សេចក្ដីយោង​ព្រះគម្ពីរ​ខាងក្រោម​នៅ​លើ​ក្ដារខៀន ៖ នីហ្វៃទី 4 1:2–3, 5, 7, 10–13, 15–18 ។ សូម​ឲ្យ​សិស្ស​បីបួន​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​ពី​ខគម្ពីរ​ទាំងនេះ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម ដោយ​រកមើល​ពាក្យ និង​ឃ្លា​ដែល​រៀបរាប់​ពី​អ្វី​ដែល​ប្រជាជន​បាន​ជួប ដោយសារ​ពួកគេ​ទាំងអស់​គ្នា​បាន​ប្រែចិត្តជឿ​ដល់​ព្រះអម្ចាស់ ។ សូម​ឲ្យ​សិស្ស​សរសេរ​ពាក្យ និង​ឃ្លា​ទាំងនេះ​នៅ​ជុំវិញ​រង្វង់​លើ​ក្រដាស​របស់​ពួកគេ ។ ( ចម្លើយ​អាច​រួម​មាន​ដូច​ខាង​ក្រោម ៖ គ្មាន​ការទាស់ទែង ឬ​ការឈ្លោះគ្នា ពួកគេ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​គ្នា​ទៅវិញទៅមក​ដោយ​សេចក្ដីយុត្តិធម៌ ពួកគេ​មាន​របស់​របរ​ទាំងអស់​រួមគ្នា មាន​អព្ភូតហេតុ​ជាច្រើន​បាន​កើតឡើង​នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ព្រះអម្ចាស់​បាន​ពង្រឹង​ដល់​ប្រជាជន ពួកគេ​បាន​កសាង​ទីក្រុង​ជាច្រើន​ដែល​ត្រូវបាន​បំផ្លាញ ពួកគេ​បាន​រៀបការ និង​បាន​បង្កើត​គ្រួសារ​ជាច្រើន ពួកគេ​បាន​មាន​ចំនួន​ច្រើន ហើយ​បាន​ក្លាយជា​រឹងមាំ សេចក្តី​ស្រឡាញ់​នៃ​ព្រះ​ស្ថិត​នៅ​ក្នុង​ដួងចិត្ត​របស់​ពួកគេ ហើយ​ពួកគេ​រីករាយ និង​មាន​សាមគ្គីភាព )។

សូម​ឲ្យ​សិស្ស​រកមើល​គោលការណ៍​មួយ​អំពី​សុភមង្គល​ដែល​ពួកគេ​បាន​រៀន​ពី នីហ្វៃទី 4 1 ពាក់​កណ្ដាល​ដំបូង ។ ទោះបីជា​សិស្ស​អាច​រកឃើញ​គោលការណ៍​បី​បួន​ក្ដី សូម​ប្រាកដ​ថា ពួកគេ​បង្ហាញ​ថា នៅពេល​ប្រជាជន​ធ្វើការ​រួមគ្នា​ដើម្បី​ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ ពួកគេ​បាន​សាមគ្គី​គ្នា ហើយ​ទទួល​បាន​សុភមង្គល​កាន់តែ​ច្រើន​ឡើង ។ អ្នក​អាច​សរសេរ​គោលការណ៍​នេះ​នៅ​លើ​ក្ដារខៀន ។

  • តើ​អ្នក​គិត​ថា ពរជ័យ​អ្វី​នឹង​កើត​មាន​ដល់​ថ្នាក់​របស់​យើង ប្រសិនបើ​យើង​ទាំងអស់​គ្នា​រស់នៅ​ដូចជា​ប្រជាជន​ទាំងនេះ​បាន​រស់នៅ​នោះ ? តើ​អ្នក​គិត​ថា ពរជ័យ​អ្វី​នឹង​កើត​មាន​ដល់​គ្រួសារ​របស់​អ្នក ? តើ​អ្នក​គិត​ថា ពរជ័យ​អ្វី​នឹង​កើត​មាន​ដល់​វួដ ឬ សាខា​របស់​អ្នក ?

សូម​ឲ្យ​សិស្ស​ប្រាប់​អំពី​ពេល​មួយ​ដែល​ពួកគេ​គឺជា​ផ្នែក​នៃ​ក្រុម​មួយ ដែល​បាន​រួបរួមគ្នា​នៅ​ក្នុង​សេចក្ដីសុចរិត ដូចជា​គ្រួសារ​របស់​គេ កូរ៉ុម ឬ​ថ្នាក់​មួយ ឬ​មិត្តភក្ដិ​មួយ​ក្រុម ។ អ្នក​ក៏​អាច​ចែកចាយ​បទពិសោធន៍​មួយ​ដែរ ។

  • តើ​ការខិតខំ​របស់​អ្នក​ដើម្បី​មាន​ភាព​សុចរិត អាច​ជះឥទ្ធិពល​ដល់​សុភមង្គល និង​សុខុមាលភាព​នៃ​អ្នក​ដែល​នៅ​ជុំវិញ​អ្នក​ដោយ​របៀបណា ? ( សូម​ប្រាកដ​ថា សិស្ស​យល់​ថា ការប្រែចិត្តជឿ និង​សកម្មភាព​សុចរិត​របស់​យើង​រួមចំណែក​មិន​ត្រឹមតែ​ដល់​សុភមង្គល​របស់​យើង​ផ្ទាល់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ដល់​សុភមង្គល និង​សុខុមាលភាព​របស់​អ្នកដទៃ​ផងដែរ ។ នៅពេល​សមាជិក​គ្រួសារ កូរ៉ុម ថ្នាក់ ឬ​ក្រុម​ផ្សេង​ទៀត​បាន​រួបរួមគ្នា​នៅក្នុង​សេចក្ដីសុចរិត ពួកគេ​អាច​ទទួល​បាន​សេចក្ដីរីករាយ​ដ៏​អស្ចារ្យ​ជាង​ដែល​ពួកគេ​នឹង​អាច​ទទួល​បាន​ដោយ​ខ្លួនឯង​ទៅ​ទៀត )។

  • តើ​អំពើបាប​របស់​មនុស្ស​ម្នាក់​អាច​ជះឥទ្ធិពល​ដល់​ក្រុមទាំងមូល ដែល​កំពុង​ខិតខំ​ក្លាយទៅ​ជា​សុចរិត​ដោយ​របៀបណា ?

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ពង្រឹង​ការផ្លាស់ប្រែចិត្ត​របស់​ពួកគេ​ជឿ​លើ​ព្រះអម្ចាស់ ហើយ​ជួយ​ដល់​អ្នក​ដែល​នៅ​ជុំវិញ​ពួកគេ​ឲ្យ​ធ្វើ​ដូចគ្នា​ដែរ ។ ដើម្បី​ជួយ​សិស្ស​ជាមួយ​នឹង​ការតាំងចិត្ត​នេះ សូម​ឲ្យ​ពួកគេ​រំឭក​ពាក្យ និង​ឃ្លា​ដែល​ពួកគេ​បាន​សរសេរ​នៅ​លើ​ក្រដាស​របស់​ពួកគេ ។ សូម​ឲ្យ​ពួកគេ​ជ្រើសរើស​ឃ្លា​មួយ ឬ​ពីរ​ដែល​ពិពណ៌នា​ពី​របៀប​នៃ​ការរស់នៅ ដែល​ពួកគេ​នឹង​អាច​ជួប ។ សូម​ឲ្យ​ពួកគេ​មាន​ពេល​ពីរ​បី​នាទី​ដើម្បី​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​អំពី​របៀប​ដែល​ពួកគេ​នឹង​ព្យាយាម​រស់នៅ​តាម​របៀប​ទាំងនេះ ។ សូម​ធ្វើ​ទីបន្ទាល់​អំពី​សុភមង្គល​ដែល​កើតមក​ពី​ការប្រែចិត្តជឿ​ដ៏​ពិត និង​ការរួបរួម​គ្នា​នៅ​ក្នុង​សេចក្តីសុចរិត ។​

នីហ្វៃទី 4 1:19–49

ពួក​សាសន៍​នីហ្វៃ​ក្លាយជា​ទុច្ចរិត​កាន់តែ​ខ្លាំង រហូត​ដល់​សល់​តែ​ប្រជាជន​សុចរិត​ពីរ​បី​នាក់​ប៉ុណ្ណោះ

  • តើ​អ្នក​គិត​ថា អ្វីទៅ​ដែល​បាន​បំផ្លាញ​សង្គម​មួយ​ដូចជា​សង្គម​ដែល​បាន​ពិពណ៌នា​នៅក្នុង នីហ្វៃទី 4 1:1–18 ?

សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 4 1:20, 23–24 ដោយ​ស្ងៀមស្ងាត់ ដោយ​រកមើល​អ្វី​ដែល​បាន​គំរាមកំហែង​ដល់​សាមគ្គី​ភាព និង​សុភមង្គល​របស់​ប្រជាជន ។ អ្នក​អាច​ស្នើ​ថា ពួកគេ​គួរ​គូសចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ ។ ក្រោយពី​ពួកគេ​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ហើយ សូម​សរសេរ​នៅលើ​ក្ដារខៀន​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ ។ ( សេចក្ដីថ្លែង​ការណ៍​នេះ​ត្រូវបាន​រកឃើញ​នៅក្នុង « Our Hearts Knit as One » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2008 ទំព័រ 70 ។ ) អ្នក​អាច​សុំ​ឲ្យ​សិស្ស​ចម្លង​សេចក្ដីថ្លែងការណ៍​នេះ​ទៅ​ក្នុង​ក្នុង​ព្រះគម្ពីរ​របស់​គេ​ក្បែរ នីហ្វៃទី 41:24  ។

« ភាពឆ្មើងឆ្មៃ​គឺជា​សត្រូវ​ដ៏​ធំ​នៃ​សាមគ្គីភាព » ( ប្រធាន ហិនរី ប៊ី អាវរិង ) ។

  • តើ​អ្នក​គិត​ថា ភាពឆ្មើងឆ្មៃ​គឺជា​សត្រូវ​ដ៏​ធំ​នឹង​សាមគ្គីភាព​តាម​របៀប​ណា ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃ​គណៈប្រធាន​ទី​មួយ ៖ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​ពី​របៀប​មួយ​ដែល​ភាពឆ្មើងឆ្មៃ​អាច​បំផ្លាញ​សាមគ្គីភាព ។

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« ចំណុច​ដ៏​សំខាន់​គឺថា ភាពឆ្មើងឆ្មៃ​គឺជា​អំពើបាប​នៃ​ការប្រៀបផ្ទឹម ទោះបីជា​វា​ជាទូទៅ​ចាប់ផ្ដើម​ដោយ ‹ មើល​ន៎! ខ្ញុំ​ជា​មនុស្ស​ដ៏​អស្ចារ្យ ហើយ​ខ្ញុំ​បាន​ធ្វើ​រឿង​ដ៏​អស្ចារ្យ › វា​តែង​ហាក់​ដូចជា​បង្ហាញ​ថា ‹ ហេតុដូច្នេះ ខ្ញុំ​ធ្វើ​បាន​ល្អ​ជាង​អ្នក › ។

« នៅ​ពេល​ដួងចិត្ត​របស់​យើង​បាន​ពោរពេញ​ដោយ​ភាពឆ្មើងឆ្មៃ នោះ​យើង​បាន​ធ្វើ​អំពើបាប​ដ៏​ធ្ងន់​មួយ ដោយសារ​យើង​បាន​រំលង​ច្បាប់​ដ៏​ធំ​ពីរ [ សូមមើល ម៉ាថាយ 22:36–40] ។ ជំនួសឲ្យ​ការថ្វាយ​បង្គំ​ព្រះ និងការ​ស្រឡាញ់​អ្នក​ជិតខាង​របស់​យើង យើង​បង្ហាញ​នូវ​កម្មវត្ថុ​ដ៏​ពិត​នៃ​ការថ្វាយបង្គំ និង​សេចក្ដីស្រឡាញ់​របស់​យើង —គឺជារូបភាព​ដែល​យើង​ឃើញ​នៅក្នុង​កញ្ចក់ » ( « Pride and the Priesthood » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 56 ) ។

  • ដោយ​ផ្អែកលើ​សេចក្ដីថ្លែងការណ៍​របស់​ប្រធាន អុជដូហ្វ តើ​ភាពឆ្មើងឆ្មៃ​អាច​បំផ្លាញ​សាមគ្គីភាព​ដោយ​របៀប​ណា ?

​សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេនគ្នា​អាន​ឮៗ​ក្នុង នីហ្វៃទី 4 1:24–35, 38–45 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​ឥទ្ធិពល​នៃ​ភាពឆ្មើងឆ្មៃ​នៅក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ ។ អ្នក​អាច​ស្នើ​ថា សិស្ស​គួរ​គូសចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ ។ ( ចម្លើយ​អាច​រួម​មាន​ដូចខាងក្រោម ៖ ការស្លៀក​សម្លៀកបំពាក់​ដែល​មាន​តម្លៃ​ថ្លៃ ការបែងចែក​ជា​ឋានៈ​សង្គម ឬ​បែងចែក​ក្រុម​មិន​មែន​ជា​មិត្តភក្ដិ ការកសាង​សាសនាចក្រ​ដើម្បី​ទទួល​បាន​ផលចំណេញ ការបដិសេធ​សាសនាចក្រ​ដ៏​ពិត ការបៀតបៀន​លើ​ពួកអ្នក​ស្មោះត្រង់ ការបង្កើត​បក្សសម្ព័ន្ធ​សម្ងាត់ និង​អំពើទុច្ចរិត )។

សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​រឿង​មួយ​ដែល​គេ​បាន​រកឃើញ​ម្នាក់​ម្ដងៗ ។ ( សិស្ស​អាច​ឆ្លើយ​ចម្លើយ​ដូចគ្នា​ម្ដង​ទៀត ) ។ នៅពេល​សិស្ស​ម្នាក់ៗ​ឆ្លើយ​ហើយ សូម​សរសេរ​ចម្លើយ​របស់​គេ​នៅលើ​ក្រដាស​ពណ៌​មួយ ដែល​អ្នក​បាន​ដាក់​ទៅ​មួយ​កន្លែង​មុនពេល​ចាប់ផ្ដើម​នោះ ។ សូម​ឲ្យ​ក្រដាស​ពណ៌​នោះ​ទៅ​សិស្ស​ដើម្បី​ប្ដូរ​នឹង​ក្រដាស​ស​របស់​គេ ដែល​រៀបរាប់​ពី​សុភមង្គល និង​សាមគ្គីភាព​របស់​ប្រជាជន ។ សូម​ធ្វើ​សកម្មភាព​នេះ​ម្ដង​ហើយ​ម្ដង​ទៀត រហូត​ដល់​សិស្ស​ទាំងអស់​គ្នា​នៅ​ក្នុង​ថ្នាក់​បាន​ប្ដូរ​ក្រដាស​ស​របស់​គេ​ជាមួយ​នឹង​ក្រដាស​ពណ៌​ទាំង​អស់​គ្នា ។

សូម​ឲ្យ​សិស្ស​មើល​ជុំវិញ និង​រកមើល​ថា គ្រប់គ្នា​នៅក្នុង​ថ្នាក់​មាន​ក្រដាស​ពណ៌ ដែល​តំណាង​ឲ្យ​ភាពឆ្មើងឆ្មៃ ។ សូម​ឲ្យ​ពួកគេ​សញ្ជឹងគិត​ពី​អារម្មណ៍​ដែល​សិស្ស​ទាំង​បី​នាក់​របស់​ព្រះគ្រីស្ទ​មាន ​នៅពេល​ពួកលោក​បាន​ឃើញ​ភាពឆ្មើងឆ្មៃ និង​អំពើទុច្ចរិត​ដែល​បាន​រីករាលដាល​នៅ​ក្នុង​ចំណោម​ប្រជាជន​មួយ​ដែល​ធ្លាប់​តែ​រីករាយ និង​រួបរួម​គ្នា​ជា​ខ្លាំង ។

  • តើ​សេចក្តីពិត​អ្វី​ដែល​យើង​អាច​រៀន​ពី​ខគម្ពីរ​ទាំងនេះ ? ( ទោះបីជា​សិស្ស​អាច​ប្រើ​ពាក្យ​ខុសគ្នា​ក្ដី ក៏​ពួកគេ​គួរ​រកឃើញ​នូវ​គោលការណ៍​ខាងក្រោម​នេះ ៖ អំពើបាប​នៃ​ភាពឆ្មើងឆ្មៃ​នាំ​ឲ្យ​មាន​ការបែកបាក់ ហើយ​ដឹកនាំ​ទៅ​រក​អំពើទុច្ចរិត ។​ អ្នក​អាច​សរសេរ​សេចក្ដីពិត​នេះ​នៅ​លើ​ក្ដារខៀន )។

  • តើ​ភាពឆ្មើងឆ្មៃ​របស់​មនុស្ស​ពីរ​បី​នាក់​អាច​មាន​ឥទ្ធិពល​លើ​សុភមង្គល​របស់​ក្រុម​ទាំងមូល​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​គិត​ពី​របៀប​ដែល​ភាពឆ្មើងឆ្មៃ​របស់​មនុស្ស​ម្នាក់​អាច​មាន​ឥទ្ធិពល​លើ​អ្នកដទៃ នៅ​ក្នុង​ឧទាហរណ៍​ដូច​ខាងក្រោម ៖

  1. ជំនួស​ឲ្យ​ការលើកទឹកចិត្ត​ពី​គ្រួសារ​របស់​គាត់ បងប្រុស​ម្នាក់​សម្រេចចិត្ត​ធ្វើតាម​ចំណាប់​អារម្មណ៍​ផ្ទាល់ខ្លួន ជាជាង​ទៅ​បម្រើ​បេសកកម្ម ។

  2. សមាជិក​ម្នាក់​នៃ​ថ្នាក់​យុវនារី ឬ​កូរ៉ុម​បព្វជិតភាព​អើរ៉ុន​មាន​បំណង​បង្កើត​បញ្ហា បដិសេធ​មិន​ចូលរួម​ក្នុង​ថ្នាក់ ហើយ​រឹងទទឹង​មិន​ធ្វើ​តាម​ការណែនាំ ។

  3. យុវជន ឬ​យុវនារី​ម្នាក់​ចំអក ឬ​បង្អាប់​សមាជិក​ផ្សេង​ទៀត​នៃ​ក្រុម​មិត្តភក្ដិ​របស់​គេ​ជា​ញឹកញយ ។

សូម​ឲ្យ​សិស្ស​គិត​អំពី​ពេល​ដែល​ពួកគេ​បាន​ឃើញ​សេចក្ដី​ឆ្មើងឆ្មៃ​បំផ្លាញ​សុភមង្គល និង​សាមគ្គីភាព ។

សូម​ឲ្យ​សិស្ស​គិត​ពី​តួនាទី​របស់​ពួកគេ​នៅក្នុង​ក្រុម​ផ្សេងៗ​គ្នា​ដែល​ពួកគេ​ជា​សមាជិក ដូចជា​គ្រួសារ​របស់​ពួកគេ កូរ៉ុម ឬ​ថ្នាក់ វួដ ឬ​សាខា និង​ថ្នាក់​សិក្ខាសាលា ។ ( អ្នក​អាច​ចង់​លើកឡើង​ពី​ក្រុម​ផ្សេង​ទៀត​ដែល​សិស្ស​របស់​អ្នក​ជា​សមាជិក )​។ សូម​ឲ្យ​ពួកគេ​សញ្ជឹងគិត​ថា​តើ ពួកគេ​បាន​ធ្វើ ឬ​កំពុង​ធ្វើ​អ្វី​ដែល​បង្ហាញ​ពី​ភាពឆ្មើងឆ្មៃ​នៅក្នុង​ទំនាក់ទំនង​របស់​គេ​ជាមួយ​នឹង​មនុស្ស​ផ្សេង​ទៀត​នៅក្នុង​ក្រុម​ទាំងនេះ​ដែរ​ឬ​ទេ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ប្រែចិត្ត ហើយ​គិត​អំពី​របៀប​ដែល​ពួកគេ​អាច​យកឈ្នះ​លើ​ភាពឆ្មើងឆ្មៃ និង​បង្កើន​សាមគ្គីភាព និង​សេចក្តីសុចរិត​នៅក្នុង​ក្រុម​ទាំងនេះ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​សញ្ជឹងគិត​ផងដែរ​ពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ​អំពី​របៀប​ដែល​ពួកគេ​គ្រោង​នឹង​រស់នៅ​តាម​ឲ្យ​បាន​កាន់តែ​ដូចជា​កូនចៅ​របស់​លីហៃ ដែល​បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ ។

សូម​ថ្លែងទីបន្ទាល់​ថា នៅពេល​យើង​ព្យាយាម​ប្រែចិត្ត​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​កាន់តែខ្លាំង ហើយ​រស់នៅ​ជាមួយ​នឹង​អ្នកដទៃ​ដោយ​សាមគ្គីភាព នោះ​យើង​អាច​ទទួល​បាន​សុភមង្គល​ដូចជា​អ្វី​ដែល​បាន​រៀបរាប់​នៅ​ក្នុង នីហ្វៃទី 4 1:1–18 ដូច្នោះ​ដែរ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃទី 4 1:1–2 ។ « ប្រជាជន​ទាំងអស់​បាន​ប្រែចិត្ត​ជឿ​លើ​ព្រះអម្ចាស់ »

ប្រធាន ម៉ារ៉ុន ជី. រ៉មនី នៃ គណៈប្រធាន ទី មួយ បាន ពន្យល់ ពី ដំណើរការ នៃ ការប្រែចិត្តជឿ ថា ៖

« ការប្រែចិត្តជឿ​កើត​ឡើង​ដោយ​ការអភ័យទោស​ដ៏​ទេវភាព ដែល​អត់ឱន​ដល់​អំពើបាប ។ លទ្ធផល​គឺ​ជា​អ្វី​ដូចគ្នា​នេះ ។ អ្នកស្វែងយល់​ដ៏​ស្មោះត្រង់​ស្ដាប់​តាម​សារលិខិតនេះ ។ គាត់​ទូល​សុំ​ព្រះអម្ចាស់​នៅក្នុង​ការអធិស្ឋាន ថាតើ​វា​ជា​ការពិត​ដែរ​ឬ​ទេ ។ ព្រះវិញ្ញាណបរិសុទ្ធ​ប្រទាន​ដល់​គាត់​នូវ​សាក្សី​មួយ ។ នេះ​គឺជា​ទីបន្ទាល់​មួយ ។ ប្រសិនបើ​ទីបន្ទាល់​របស់​មនុស្ស​ម្នាក់​រឹងមាំ​ល្មម គាត់​នឹង​ប្រែចិត្ត ហើយ​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ ។ ដោយ​ការគោរព​តាម​បែបនោះ គាត់​ទទួល​បាន​ការអត់ទោស​ពី​ស្ថានសូគ៌​ដែល​អត់ឱន​ដល់​អំពើបាប ។ ហេតុដូច្នេះហើយ គាត់​ត្រូវ​បាន​ប្ដូរទៅ​ជីវិត​ដ៏​ថ្មី​មួយ ។ ព្រលឹង​របស់​គាត់​ត្រូវបាន​ព្យាបាល » ( នៅក្នុង​ Conference Report ខែ តុលា ឆ្នាំ 1963 ទំព័រ 24 ) ។

នីហ្វៃទី 4 1:1–18 ។ តម្រូវការ​ឲ្យ​មាន​សាមគ្គីភាព

ប្រធាន ហិនរី ប៊ី អាវរិង នៃ គណៈប្រធានទីមួយ បាន បង្រៀន ៖

« ព្យាការី​របស់​ព្រះអម្ចាស់​តែងតែ​អំពាវនាវ​ឲ្យ​មាន​សាមគ្គីភាព​ជានិច្ច ។ តម្រូវការ​ឲ្យ​មាន​អំណោយទាន​នោះ​ដែល​ត្រូវបាន​ប្រទាន​ដល់​យើង និង​ឧបសគ្គ​ដើម្បី​រក្សា​វា​នឹង​រីកចម្រើន​ឡើង​នា​ថ្ងៃអនាគត ដែល​យើង​នឹង​ត្រូវបាន​រៀបចំ​ជា​ប្រជាជន​មួយ​សម្រាប់​ជោគវាសនា​ដ៏​រុងរឿង​របស់​យើង ។…

« …យើង​បាន​ដឹង​មកពី​បទបពិសោធន៍​ដែល​ថា​ក្ដីអំណរ​កើត​មាន នៅពេល​យើង​ត្រូវ​បាន​ប្រទាន​ពរ​ជាមួយនឹង​ភាព​សាមគ្គី​គ្នា ។ យើង​ចង់​បាន​សេចក្ដីអំណរ​នោះ ដែល​យើង​ធ្លាប់​បាន​មាន​ជាមួយ​នឹង​ទ្រង់​នៅក្នុង​ជីវិត​មុនពេល​ជីវិត​នេះ ក្នុង​នាម​ជា​កូនចៅ​ខាងវិញ្ញាណ​នៃ​ព្រះវរបិតាសួគ៌​យើង ។ ព្រះរាជបំណង​របស់​ទ្រង់​គឺ​ដើម្បី​ប្រទាន​ដល់​យើង​តាម​ប្រាថ្នា​ពិសិដ្ឋ​ដើម្បី​មាន​សាមគ្គីភាព ចេញពី​សេចក្ដីស្រឡាញ់​របស់​ទ្រង់​សម្រាប់​យើង ។

« ទ្រង់​ពុំ​អាច​ប្រទានវា​ដល់​យើង​ម្នាក់ៗ​នោះទេ ។ ក្ដីអំណរ​នៃ​សាមគ្គីភាព ដែលទ្រង់​ចង់​ប្រទាន​ឲ្យ​យើង​យ៉ាង​ខ្លាំង​នោះ គឺ​មិនឲ្យយើងតែ​ម្នាក់​ឯង​ទេ ។ យើង​ត្រូវ​តែ​ស្វែង​រក​វា ហើយ​នឹង​មាន​លក្ខណៈសម្បត្តិគ្រប់​គ្រាន់​សម្រាប់មាន​វា ជាមួយ​នឹង​អ្នកផ្សេងទៀត ។ វា​មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេដែល​ព្រះ​ជម្រុញ​យើង​ឲ្យ​ប្រមូល​ផ្ដុំគ្នា ដូច្នេះ​ទើបទ្រង់​អាច​ប្រទាន​ពរ​ដល់​យើង ។ ទ្រង់​ចង់ឲ្យ​យើង​រួបរួម​គ្នា​នៅ​ក្នុង​ក្រុម​គ្រួសារ ។ ទ្រង់​បាន​បង្កើត​ថ្នាក់ វួដ និង​សាខា​ជា​ច្រើន ហើយ​បាន​បញ្ជាយើង​ឲ្យ​ជួប​ជុំ​គ្នា​ជា​រឿយៗ ។ នៅក្នុង​ការ​រួបរួមគ្នាទាំង​នោះ ដែលព្រះ​បាន​រៀបចំ​សម្រាប់​យើង នោះជា​ឱកាស​ដ៏អស្ចារ្យ​របស់​យើង ។ យើង​អាច​អធិស្ឋាន​ហើយ​ធ្វើ​ការ​ស្វែង​រក​​ភាព​សាមគ្គី ដែល​នឹង​នាំ​យើង​នូវ​សេចក្ដី​អំណរ និង​ពង្រីក​អំណាច​របស់​យើង​ដើម្បី​បម្រើ » ( « Our Hearts Knit as One » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2008 ទំព័រ 68, 69 ) ។