មេរៀនទី 100
អាលម៉ា 43–44
សេចក្តីផ្ដើម
នៅពេលអាលម៉ា និងកូនប្រុសរបស់គាត់បានបន្ដបង្រៀនដំណឹងល្អ ពួកសាសន៍សូរាំបានចូលរួមនឹងកងទ័ពពួកសាសន៍លេមិនដើម្បីវាយប្រហារពួកសាសន៍នីហ្វៃ ។ មេទ័ពមរ៉ូណៃបានបង្ហាញសេចក្ដីជំនឿ និងប្រាជ្ញាក្នុងការដឹកកនាំពួកសាសន៍នីហ្វៃឲ្យការពារខ្លួនគេប្រឆាំងនឹងកងទ័ពពួកសាសន៍លេមិន ។ ទោះបីជាពួកគេមានចំនួនច្រើនក្ដី ការរៀបចំរបស់កងទ័ពសាសន៍នីហ្វៃ និងសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទបានផ្ដល់ប្រយោជន៍ដល់ពួកគេនៅក្នុងចម្បាំង ។ នៅពេលពួកសាសន៍លេមិនបានប្រឈមមុខនឹងការបរាជ័យមួយចំនួន ពួកគេបានធ្វើសេចក្ដីសញ្ញាសន្ដិភាពមួយ ហើយចាកចេញពីដែនដីមួយរដូវកាល ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា 43
ការរៀបចំ និងយុទ្ធសាស្ដ្ររបស់មេទ័ពមរ៉ូណៃធ្វើឲ្យរំខានដល់ការគ្រោងរបស់កងទ័ពសាសន៍លេមិន
សូមឲ្យសិស្សសរសេរនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេនូវបញ្ជីនៃផែនការ គោលដៅ និងបំណងទាំងឡាយសម្រាប់អនាគតរបស់ពួកគេ ។ នៅពេលពួកគេសរសេរ សូមរំឭកពួកគេឲ្យគិតអំពីគោលដៅ និងបំណងប្រាថ្នាខាងវិញ្ញាណដូចជាការបម្រើបេសកកម្ម ការផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ និងការចិញ្ចឹមថែទាំគ្រួសារ ។ មុនចាប់ផ្ដើមថ្នាក់ អ្នកអាចសរសេរបញ្ជីនៃគោលដៅ និងបំណងរបស់អ្នកផ្ទាល់ខ្លួន ។ អ្នកអាចចែកចាយគម្រោង និងបំណងរបស់អ្នកខ្លះជាគំរូដើម្បីជួយសិស្សឲ្យចាប់ផ្ដើមសរសេរ ។
ក្រោយពីសិស្សសរសេរគម្រោងរបស់ពួកគេហើយ សូមឲ្យពួកគេរកមើលបំណង និងគោលដៅដែលពួកគេមានអារម្មណ៍ថា សាតាំងនឹងមិនចង់ឲ្យពួកគេសម្រេចវាបាន ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយគោលដៅដែលពួកគេបានរកឃើញ ។ សូមឲ្យពួកគេពន្យល់ពីមូលហេតុដែលសាតាំងនឹងមិនចង់ឲ្យពួកគេសម្រេចគោលដៅទាំងនោះ ។ អ្នកក៏អាចសួរឲ្យពួកគេពីមូលហេតុដែលពួកគេមានអារម្មណ៍ខ្លាំងមាំអំពីការសម្រេចបានគោលដៅទាំងនោះ ។ សូមស្នើថាការសិក្សាមួយលើ អាលម៉ា 43–44 អាចជួយយើងឲ្យឃើញពីរបៀបដែលយើងអាចសម្រេចគោលដៅ ដ៏សុចរិតរបស់យើង ទោះបីមានឧបសគ្គនៃការខិតខំដើម្បីបំផ្លាញក្ដី ។
សូមសង្ខេប អាលម៉ា 43:1–4 ដោយការពន្យល់ថា ថ្វីបើអាលម៉ាខិតខំដើម្បីនាំពួកសាសន៍សូរាំឲ្យត្រឡប់មកកាន់សាសនាចក្រវិញក្ដី ក៏ពួកគេជាច្រើនបានចូលរួមនឹងពួកសាសន៍លេមិន ហើយបានរៀបចំវាយប្រហារពួកសាសន៍នីហ្វៃ ។ ពួកគេក៏បានចូលរួមដោយពួកសាសន៍អាម៉ាលេកៃ ដែលដូចជាពួកសាសន៍សូរាំដែរ ធ្លាប់បានជាសាសន៍នីហ្វៃ ប៉ុន្ដែបានវង្វេងពីសេចក្ដីពិត ។
សូមឲ្យសិស្សម្នាក់អាន អាលម៉ា 43:5–8 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលគម្រោង ឬ « គោលបំណងទាំងឡាយ» របស់អ្នកដឹកនាំពួកសាសន៍នីហ្វៃឈ្មោះថា សេរ៉ាហិមណា ។
សូមពន្យល់ថា នៅពេលសិស្សសិក្សាពីដំណើររឿងនៃការច្បាំងខាងរូបកាយនៅក្នុងព្រះគម្ពីរមរមន យើងអាចប្រៀបធៀបពួកគេទៅនឹងចម្បាំងខាងវិញ្ញាណដែលយើងជួប ។
-
តើគោលបំណងរបស់សេរ៉ាហិមណាប្រឆាំងនឹងពួកសាសន៍នីហ្វៃអាចដូចជាគោលបំណងដែលសាតាំងមានប្រឆាំងនឹងយើងដោយរបៀបណា ?
សូមឲ្យសិស្សម្នាក់អាន អាលម៉ា 43:9–12 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលគោលបំណងរបស់ពួកសាសន៍នីហ្វៃ ។
-
តើអ្វីជាគោលបំណងរបស់ពួកសាសន៍នីហ្វៃ ?
សូមឲ្យសិស្សអាន អាលម៉ា 43:16–19 ដោយស្ងាត់ៗ ។ សូមឲ្យពួកគេរកមើលអ្វីដែលមរ៉ូណៃ ជាមេទ័ពនៃពួកសាសន៍នីហ្វៃបានធ្វើដើម្បីរៀបចំប្រជាជនឲ្យការពារដែនដី និងគ្រួសាររបស់ពួកគេ ។
-
តើរឿងជាក់លាក់អ្វីខ្លះដែលសាសន៍នីហ្វៃបានធ្វើ ដើម្បីរៀបចំសម្រាប់ការវាយប្រហារពួកសាសន៍លេមិន ?
សូមឲ្យសិស្សម្នាក់អាន អាលម៉ា 43:20–22 ឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់រកមើលប្រតិកម្មរបស់ពួកសាសន៍លេមនទៅនឹងការរៀបចំរបស់សាសន៍នីហ្វៃ ។
-
ហេតុអ្វីបានជាពួកសាសន៍លេមិនបានដកថយការវាយប្រហាររបស់ពួកគេ ទោះបីជាពួកគេមានចំនួនដ៏ច្រើនក្រៃលើសពួកសាសន៍នីហ្វៃក្ដី ?
-
តើយើងអាចរៀនអ្វីខ្លះពីហេតុការណ៍នេះអំពីការការពារខ្លួនយើងប្រឆាំងនឹងគោលបំណងរបស់សាតាំង ?
សូមឲ្យសិស្សអាន អាលម៉ា 43:23–24 ដោយស្ងាត់ៗដើម្បីរកមើលអ្វីដែលមរ៉ូណៃបានធ្វើ នៅពេលគាត់មិនប្រាកដពីរបៀបដែលសត្រូវរបស់គាត់បានគ្រោងដើម្បីវាយលុកលើកក្រោយ ។
-
ហេតុអ្វីបានជាមរ៉ូណៃបានបញ្ជូនអ្នកនាំសារទៅនិយាយជាមួយនឹងអាលម៉ា ?
-
តើគំរូរបស់មរ៉ូណៃអាចបង្រៀនយើងអ្វីខ្លះ អំពីរបៀបដែលយើងអាចត្រូវបានរៀបចំខាងវិញ្ញាណប្រឆាំងនឹងឧបសគ្គ ? ( សូមជួយសិស្សឲ្យរកឃើញនូវគោលការណ៍ខាងក្រោម ៖ ប្រសិនបើយើងស្វែងរក និងធ្វើតាមការប្រឹក្សារបស់ព្យាការី យើងនឹងអាចការពារខ្លួនយើងកាន់តែប្រសើរប្រឆាំងនឹងឧបសគ្គ ។
សូមសង្ខេប អាលម៉ា 43:25–43 ដោយការនិយាយថា មរ៉ូណៃបានធ្វើសកម្មភាពតាមចំណេះដឹងដែលគាត់បានទទួលពីព្យាការី ។ គាត់បានបែងចែកកងទ័ពរបស់គាត់ជាពីរផ្នែក ។ ទាហានខ្លះស្នាក់នៅក្នុងទីក្រុងយើសុនដើម្បីការពារប្រជាជនអាំម៉ូន ។ កងទ័ពផ្សេងទៀតឆ្ពោះទៅដែនដីម៉ាន់តៃ ។ មរ៉ូណៃបានបញ្ជូនគិញសម្ងាត់ដើម្បីរកមើលកន្លែងដែលពួកសាសន៍លេមិនស្នាក់នៅ ហើយគាត់បានឲ្យទាហានផ្សេងទៀតលាក់ខ្លួនតាមបណ្ដោយផ្លូវដែលពួកសាសន៍លេមិនធ្វើដំណើរ ។ នៅពេលពួកសាសន៍លេមិនទៅដល់ ទាហានសាសន៍នីហ្វៃបានឡោមព័ទ្ធពួកគេ ។ នៅពេលពួកសាសន៍លេមិនបានឃើញថា ពួកគេត្រូវបានឡោមព័ទ្ធហើយ ពួកគេបានប្រយុទ្ធយ៉ាងសាហាវ ។ សាសន៍នីហ្វៃជាច្រើនបានស្លាប់ ប៉ុន្ដែពួកសាសន៍លេមិនបានរងទុក្ខនិងមានរបួសជាច្រើនអនេក ។
សូមឲ្យសិស្សបីបួននាក់ប្ដូរវេនគ្នាអានឮៗពី អាលម៉ា 43:43–54 ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលភាពខុសគ្នារវាងការលើកទឹកចិត្ត និងប្រភពនៃកម្លាំងរបស់សាសន៍លេមិន និង ការលើកទឹកចិត្ត និងប្រភពនៃកម្លាំងរបស់សាសន៍នីហ្វៃ ។
-
តើអ្នកបានកត់សម្គាល់អ្វីអំពីមូលហេតុសម្រាប់ការប្រយុទ្ធរបស់ពួកសាសន៍លេមិន ? តើអ្នកបានកត់សម្គាល់អ្វីអំពីមូលហេតុសម្រាប់ការប្រយុទ្ធរបស់ពួកសាសន៍នីហ្វៃ ? តើប្រភពនៃកម្លាំងរបស់សាសន៍នីហ្វៃខុសពីប្រភពនៃកម្លាំងរបស់សាសន៍លេមិនដោយរបៀបណា ? ( នៅពេលចាំបាច់ សូមបង្ហាញថាខណៈពេលដែលពួកសាសន៍លេមិនបានប្រយុទ្ធដោយសារការស្អប់ និងកំហឹង ពួកសាសន៍នីហ្វៃត្រូវបានបំផុសដោយបុព្វហេតុដ៏ល្អជាង [ សូមមើលអាលម៉ា 43:45–47] ។ ពួកគេបានស្រែកសុំជំនួយពីព្រះអម្ចាស់ ហើយទ្រង់បានពង្រឹងដល់ពួកគេ [ សូមមើលអាលម៉ា 43:49–50] ។ )
-
តើយើងអាចរៀនអ្វីខ្លះ ពីគំរូរបស់មរ៉ូណៃ និងកងទ័ពរបស់គាត់ដើម្បីជួយយើងនៅក្នុងចម្បាំងរបស់យើងប្រឆាំងនឹងឧបសគ្គ ?
សូមឲ្យសិស្សសរសេរចម្លើយរបស់ពួកគេទៅនឹងសំណួរនេះ ។ បន្ទាប់មក សូមឲ្យពួកគេចែកចាយអ្វីដែលពួកគេបានសរសេរ ។ ពួកគេអាចលើកឡើងនូវគោលការណ៍ខាងក្រោមខ្លះ ៖
នៅពេលយើងអធិស្ឋានសុំជំនួយដើម្បីសម្រេចគម្រោង និងបំណងដ៏សុចរិតរបស់យើង ព្រះនឹងជួយយើងឲ្យសម្រេចវាបាន ។
យើងត្រូវបានបំផុសដោយបុព្វហេតុដ៏ល្អជាងអ្នកដែលប្រឆាំងនឹងសេចក្ដីពិត ។
ព្រះអម្ចាស់នឹងជួយយើងឲ្យបំពេញកាតព្វកិច្ចរបស់យើងដើម្បីការពារគ្រួសារ សេរីភាព និងសាសនារបស់យើង ។
សូមឲ្យសិស្សប្រាប់ពីពេលខ្លះដែលពួកគេបានទទួលជំនួយពីព្រះអម្ចាស់ដើម្បីសម្រេចបានគោលដៅដ៏សុចរិត ។ សូមគិតពីការចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនអ្នក ។ សូមថ្លែងទីបន្ទាល់ពីសមត្ថភាពរបស់ព្រះអម្ចាស់ដើម្បីជួយយើងឲ្យសម្រេចបានការធ្វើសុចរិត ។ សូមឲ្យសិស្សដាក់គោលដៅសុចិរតជាផ្នែកមួយនៃការអធិស្ឋានដ៏ឥតដាច់របស់ពួកគេ ។
អាលម៉ា 44
មេទ័ពមរ៉ូណៃបញ្ជាពួកសាសន៍លេមិនឲ្យធ្វើសេចក្ដីសញ្ញាសន្ដិភាព
សូមឲ្យយុវជនម្នាក់ដែលចង់អានឮៗ ឲ្យឡើងមកខាងមុខថ្នាក់ជាមួយនឹងព្រះគម្ពីររបស់គាត់ ។ សូមរំឭកសិស្សក្នុងថ្នាក់ថា នៅពេលមេទ័ពមរ៉ូណៃបានឃើញការភ័យខ្លាចរបស់ពួកសាសន៍លេមិន គាត់បានបញ្ជាឲ្យកងទ័ពរបស់គាត់ឈប់ប្រយុទ្ធ ( សូមមើល អាលម៉ា 43:54) ។ សូមឲ្យយុវជននោះអានសម្ដីរបស់មរ៉ូណៃនៅក្នុង អាលម៉ា 44:1–6 ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកនូវ ការពន្យល់របស់មរ៉ូណៃនៃជ័យជំនះរបស់ពួកសាសន៍នីហ្វៃ ។
-
តើមរ៉ូណៃចង់ឲ្យសេរ៉ាហិមណាយល់អំពីប្រភពនៃកម្លាំងរបស់ពួកសាសន៍នីហ្វៃនៅក្នុងចម្បាំង ? តើគាត់បានផ្ដល់អ្វីដល់ពួកសាសន៍លេមិន ? ( គាត់បាននិយាយថា ពួកសាសន៍នីហ្វៃនឹងមិនធ្វើបាបពួកគេទៀតឡើយ ប្រសិនបើពួកគេទម្លាក់អាវុធ ហើយចូលទៅក្នុងសេចក្ដីសញ្ញាសន្ដិភាពមួយ ។
-
តើសេចក្ដីពីតអ្វីដែលយើងអាចរៀនពី អាលម៉ា 44:4–6 ដែលអាចជួយយើងនៅក្នុងចម្បាំងខាងវិញ្ញាណរបស់យើង ? ( សិស្សអាចចែកចាយគោលការណ៍បីបួន ដែលបានរៀនរួចហើយនៅក្នុងមេរៀននេះ ។ សូមប្រាកដថា ពួកគេរាប់បញ្ចូលសេចក្ដីពិតខាងក្រោមនេះ ៖ ព្រះអម្ចាស់នឹងពង្រឹង ហើយការរពារយើងស្របតាមសេចក្ដីជំនឿរបស់យើងលើទ្រង់ ។អ្នកអាចផ្ដល់យោបល់ថា សិស្សគួរគូសចំណាំខគម្ពីរទាំងនេះដែលបង្រៀនពីសេចក្ដីពិតនេះ ។
សូមឲ្យសិស្សម្នាក់អានឮៗនូវការប្រឹក្សាខាងក្រោមដល់យុវវ័យនៃសាសនាចក្រ ពីប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ អ្នកអាចចែកច្បាប់ចម្លងដល់សិស្សម្នាក់ៗ ។
« យុវវ័យសព្វថ្ងៃនេះត្រូវបានចិញ្ចឹមធំធាត់ឡើងនៅក្នុងដែនដីសត្រូវដោយមានបទដ្ឋានសីលធម៌ធ្លាក់ចុះយ៉ាងខ្លាំង ។ ប៉ុន្ដែក្នុងនាមជាអ្នកបម្រើរបស់ព្រះអម្ចាស់ ខ្ញុំសន្យានឹងអ្នកថា អ្នកនឹងត្រូវបានការពារ និងបាំងពីការវាយប្រហារនៃឧបសគ្គ ប្រសិនបើ អ្នកធ្វើតាមការបំផុសដែលមកពីព្រះវិញ្ញាណបរិសុទ្ធ ។
« សូមស្លៀកពាក់ឲ្យបានសមរម្យ សូមនិយាយដោយមានគារវភាព សូមស្ដាប់តន្ដ្រីណាដែលលើកកម្លាំង ។ សូមចៀសវាងការអនុវត្តជីវិតរមែងស្លាប់ទាំងអស់ និងការអនុវត្តដែលបន្ថោកផ្ទាល់ខ្លួន ។ សូមក្ដាប់ជីវិតរបស់អ្នក ហើយបញ្ជាខ្លួនអ្នកឲ្យឆ្លាតវៃ ។ ដោយសារយើងពឹងលើអ្នកខ្លាំង អ្នកនឹងត្រូវបានពរជ័យយ៉ាងខ្លាំងដែរ ។ អ្នកនឹងមិនដែលចេញឆ្ងាយពីក្រសែព្រះនេត្រនៃព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់អ្នកឡើយ » ( « Counsel to Youth »Ensignឬលេអាហូណា,ខែ វិច្ឆិកា ឆ្នាំ 2011, ទំព័រ 18 ) ។
-
នៅក្នុងប្រសាសន៍របស់ប្រធាន ផាកកឺ តើអ្វីដែលអ្នកចាប់អារម្មណ៍ ? ហេតុអ្វី ?
សូមសង្ខេប អាលម៉ា 44:7–10 ដោយការពន្យល់ថា សេរ៉ាហិមណាបានប្រកាសថា គាត់និងប្រជាជនរបស់គាត់មិនជឿថា ពួកសាសន៍នីហ្វៃត្រូវបានពង្រឹងដោយព្រះនោះទេ ។ គាត់បានឲ្យពួកសាសន៍លេមិនទម្លាក់អាវុធចុះ ប៉ុន្ដែគាត់បានបដិសេធធ្វើសេចក្ដីសញ្ញាសន្ដិភាពមួយ ។ សូមឲ្យសិស្សដែលអាន អាលម៉ា 44:1–6 បន្ដអានឮៗនូវសម្ដីរបស់មរ៉ូណៃដល់សេរ៉ាហិមណា ដែលមាននៅក្នុង អាលម៉ា 44:11 ។ សូមសួរសិស្ស ៖
-
តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ខ្លាំងម្ល៉េះដែលមរ៉ូណៃឲ្យពួកសាសន៍លេមិនធ្វើសេចក្ដីសញ្ញាសន្ដិភាពមួយនោះ ?
សូមសង្ខេប អាលម៉ា 44:12–20 ដោយការពន្យល់ថា ខណៈពេលដែលសាសន៍លេមិនជាច្រើនបានធ្វើសេចក្ដីសញ្ញាសន្ដិភាពមួយ សេរ៉ាហិមំណាបានប្រជុំពួកទ័ពរបស់គាត់ផ្សេងទៀតឲ្យប្រយុទ្ធនឹងទ័ពរបស់មរ៉ូណៃ ។ នៅពេលសាសន៍នីហ្វៃបានចាប់ផ្ដើមសម្លាប់ពួកគេ សេរ៉ាហិមណាបានឃើញការបំផ្លាញដ៏ខ្លាំង ហើយបានសន្យាថានឹងធ្វើសេចក្ដីសញ្ញាសន្ដិភាពមួយ ។
សូមថ្លែងទីបន្ទាល់អំពីព្រះហស្ដការពាររបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់អ្នកដែលស្មោះត្រង់នឹងទ្រង់ ។ សូមលើកទឹកចិត្តសិស្សឲ្យប្រយុទ្ធដោយក្លាហានសម្រាប់គោលដៅ និងបំណងដ៏សុចរិតរបស់ពួកគេ ហើយទុកចិត្តលើសេចក្ដីសន្យារបស់ព្រះថានឹង « ទ្រទ្រង់ ហើយនឹងថែរក្សាយើងឲ្យគង់វង្ស ដរាបណាយើងមានចិត្តស្មោះត្រង់ចំពោះទ្រង់ » ( អាលម៉ា 44:4 ) ។