មេរៀនទី 7
នីហ្វៃទី 1 2
សេចក្តីផ្ដើម
ដំណើររឿងនៅក្នុង នីហ្វៃទី1 ជំពូក 2 បង្ហាញពីចម្លើយខុសគ្នាចំពោះព្រះបញ្ញត្តិមកពីព្រះអម្ចាស់ ។ លីហៃ បានធ្វើតាមបញ្ញត្តិរបស់ព្រះអម្ចាស់ ដើម្បីដឹកនាំគ្រួសាររបស់គាត់ទៅក្នុងទីរហោស្ថាន ។ ដោយប្រឈមមុខនឹងភាពលំបាកនៃបញ្ញត្តិនេះ លេមិន និង លេមយួលបានបះបោរ ។ ផ្ទុយទៅវិញ នីហ្វៃបានស្វែងរកសាក្សីបញ្ជាក់មួយ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី1 2:1–7
ព្រះបានដាក់បញ្ញត្តិដល់លីហៃឲ្យចាកចេញទៅទីរហោស្ថាន
សុំឲ្យសិស្សគិតស្រមៃថា ឪពុកម្ដាយរបស់ពួកគេបានប្រាប់ពួកគេថា គ្រួសាររបស់ពួកគេត្រូវតែចាកចេញពីផ្ទះរបស់គេនៅថ្ងៃស្អែក ដោយបោះបង់ចោលទ្រព្យសម្បត្តិស្ទើរតែទាំងអស់ ។ ពួកគេនឹងដើរទៅទីរហោស្ថាន ដោយគ្រាន់តែយកវត្ថុបម្រុងទុក ដែលពួកគេត្រូវការដើម្បីមានជីវិត ។
-
តើអ្នកនឹងឆ្លើយតបយ៉ាងណា ?
-
តើចម្លើយរបស់អ្នកផ្លាស់ប្ដូរយ៉ាងណា ប្រសិនបើអ្នកដឹងថា ដាក់បញ្ញត្តិឲ្យចាកចេញទៅទីរហោស្ថានបានមកពីព្រះ ?
សូមអញ្ជើញឲ្យសិស្សម្នាក់អាន នីហ្វៃទី1 2:1–6 ឲ្យឮៗ ។ សុំឲ្យសិស្សក្នុងថ្នាក់ស្វែងរកហេតុផលដែលលីហៃ បានដឹកនាំគ្រួសាររបស់គាត់ទៅទីរហោស្ថាន ។
-
តើព្រះបញ្ញត្តិអ្វី ដែលលីហៃបានទទួលមកពីព្រះអម្ចាស់ ? ( សូមមើល នីហ្វៃទី1 2:2 ) ។
-
តើអ្នកអាចរៀនអ្វីពីការសម្រេចចិត្តរបស់លីហៃ អំពីអ្វីដែលត្រូវយក និង អ្វីដែលត្រូវទុកចោល ?
សុំឲ្យសិស្សម្នាក់អាន នីហ្វៃទី1 2:7 ឮៗ ។
-
លីហៃ បានថ្លែងអំណរគុណដល់ព្រះអម្ចាស់ ក្រោយពីចាកចេញពីផ្ទះ និង ទ្រព្យសម្បត្តិរបស់គាត់ភ្លាម ។ តើយើងអាចរៀនអ្វីខ្លះពីការណ៍នេះ ?
-
តើលីហៃមានអ្វី ដែលត្រូវមានអំណរគុណនោះ ?
សូមសរសេរសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ នៅលើក្ដារខៀន ៖ នៅពេលដែលយើងស្មោះត្រង់ និង គោរពប្រតិបត្តិ ព្រះអម្ចាស់នឹងជួយយើងក្នុងពេលលំបាក ។
-
តើនៅពេលណាខ្លះ ដែលអ្នកមានអារម្មណ៍ថា ព្រះអម្ចាស់បានជួយអ្នកក្នុងគ្រាលំបាក ? ( សូមលើកទឹកចិត្តសិស្សឲ្យស្វែងរកការណែនាំពីព្រះវិញ្ញាណ ក្នុងការឆ្លើយតបនឹងសំណួរនេះ ។ ជួយពួកគេឲ្យយល់ថា ពួកគេមិនត្រូវការចែកចាយពីបទពិសោធន៍ដែលមានលក្ខណៈបុគ្គល ឬ ផ្ទាល់ខ្លួនពេកនោះទេ ) ។
នីហ្វៃ1 2:8–15
លេមិន និង លេមយួល បានរអ៊ូរទាំទាស់នឹងឪពុករបស់ពួកគេ
សុំឲ្យសិស្ស សួរខ្លួនគេដោយស្ងាត់ៗ ថាតើពួកគេធ្លាប់មានរអ៊ូរទាំទេ ទាំងបញ្ចេញជាពាក្យសម្ដី ឬ គិតក្នុងចិត្តក៏ដោយ អំពីព្រះបញ្ញត្តិមួយមកពីព្រះអម្ចាស់ ឬ អំពីសំណើរមួយមកពីឪពុកម្ដាយ ឬ អ្នកដឹកនាំសាសនាចក្រ ។ សូមផ្ដល់ពេលឲ្យគេដើម្បីគិតពីបទពិសោធន៍របស់ពួកគេ ។
-
ហេតុអ្វីបានជាពេលខ្លះយើងរអ៊ូ នៅពេលយើងត្រូវបានប្រាប់ឲ្យធ្វើអ្វីមួយនោះ ?
សូមសរសេរ ទន្លេ និង ច្រកភ្នំ នៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី1 2:8– 10 ឲ្យឮៗ ។
-
ហេតុអ្វីបានជាលីហៃ ចង់ឲ្យលេមិនក្លាយដូចជាទន្លេ ? ហេតុអ្វីបានជាគាត់ ចង់ឲ្យលេមយួលក្លាយដូចជាច្រកភ្នំ ? ( អ្នកអាចសុំឲ្យសិស្សសរសេរចម្លើយរបស់ពួកគេ នៅលើក្ដារខៀន ក្បែរពាក្យ ទន្លេ និង ច្រកភ្នំ ) ។
-
តើលីហៃព្យាយាមបង្រៀនលេមិន និង លេមយួលពីអ្វីខ្លះ ?
សុំឲ្យសិស្សអាន នីហ្វៃទី1 2:11–14 ដោយស្ងាត់ៗ។
-
តើហេតុផលអ្វីខ្លះ ដែលលេមិន និង លេមយួល រអ៊ូរទាំទាស់នឹងឪពុករបស់ពួកគេ ?
-
នៅក្នុង នីហ្វៃទី1 2:11 ពាក្យ ការរឹងទទឹង សំដៅលើអំនួត ឬ ការចចេស ។ ហេតុអ្វីបានជាអារម្មណ៍អំនួត ពេលខ្លះនាំមនុស្សឲ្យរអ៊ូដូច្នោះ ?
-
ហេតុអ្វីបានជាអ្នកគិតថា ការរអ៊ូ ពេលខ្លះចេញលទ្ធផល នៅពេលមនុស្សមិនយល់ពីទំនាក់ទំនងនៃព្រះ ?
សូមពន្យល់ថា ហេតុផលមួយ ដែលសាតាំងចង់ឲ្យយើងរអ៊ូ គឺថា វារារាំងយើងពីការដើរតាមព្យាការីដែលនៅរស់ អ្នកដឹកនាំដែលទទួលការបំផុសផ្សេងទៀត និង ឪពុកម្ដាយ ។ នៅផ្នែកមួយនៃការពិភាក្សារបស់អ្នក អ្នកអាចចែកចាយនូវប្រសាសន៍ដូចខាងក្រោម ដោយផ្អែកលើសេចក្ដីថ្លែងការណ៍ ដោយអែលឌើរ អេច រ៉ូស វើកមេន នៃក្រុមចិតសិបនាក់ថា ៖
« ការរអ៊ូរទាំង រួមមាននូវជំហានបី ដែលជំហាននីមួយៗនាំទៅរកជំហានបន្ទាប់ទៀត នៅក្នុងផ្លូវទៅកាន់ការមិនគោរពប្រតិបត្តិ » ។ ទីមួយ មនុស្សចាប់ផ្ដើមសួរ ។ ពួកគេសួរ « ដំបូងនៅក្នុងគំនិតផ្ទាល់របស់ពួកគេ » ហើយបន្ទាប់មក ពួកគេបណ្តុះសំណួរ « នៅក្នុងគំនិតរបស់អ្នកផ្សេងទៀត » ។ ទីពីរ អ្នកដែលរអ៊ូរទាំចាប់ផ្ដើម « រកហេតុផល និង ដោះសារខ្លួនគេពីការធ្វើអ្វី ដែលពួកគេ ត្រូវ [ បាន ] បង្គាប់ឲ្យធ្វើ ។ … ហេតុដូច្នេះ ពួកគេដោះសារចំពោះការមិនគោរពប្រតិបត្តិ » ។ ការដោះសាររបស់ពួកគេ នាំទៅរកជំហានទីបី ៖ « ភាពខ្ជិលច្រអូសនៅក្នុងការធ្វើតាមព្រះបញ្ញត្តិរបស់លោកចៅហ្វាយ ។ …
« ខ្ញុំសូមអញ្ជើញឲ្យអ្នក ផ្ដោតលើព្រះបញ្ញត្តិមកពីព្យាការីដែលនៅរស់ ដែលធ្វើឲ្យអ្នកខ្វល់ជាងគេបំផុត ។ តើអ្នកសួរ ថាតើព្រះបញ្ញត្តិនេះ អនុវត្តបានចំពោះអ្នកដែរឬទេ ? តើអ្នកមានរកលេស ដោះសារនូវមូលហេតុបានជាអ្នកមិនអាចគោរពតាមព្រះបញ្ញត្តិនាពេលឥឡូវនេះទេ? តើអ្នកមានអារម្មណ៍ស្មុគស្មាញ ឬ ខឹងនឹងអ្នកដែលរំឭកអ្នកពីព្រះបញ្ញត្តិដែរឬទេ ? តើអ្នកមានខ្ជិលច្រអូសក្នុងការរក្សាព្រះបញ្ញត្តិដែរឬទេ ? សូមដឹងពីការបោកបញ្ឆោតនៃពួកសត្រូវ ។ សូមដឹងពីការរអ៊ូរទាំ » ( « សូមដឹងពីការរអ៊ូរទាំ » Ensign ខែ វិច្ឆិកា ឆ្នាំ 2001 ទំព័រ 85–86 ) ។
សូមអញ្ជើញសិស្សឆ្លើយនូវសំណួរខាងក្រោម នៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេ ឬ សៀវភៅកត់ត្រាក្នុងថ្នាក់ ៖
-
តើអ្នកអាចធ្វើអ្វី ប្រសិនបើអ្នកឃើញថាខ្លួនអ្នក កំពុងស្ថិតក្នុងការរអ៊ូរទាំអំពីព្យាការី និង ព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ?
នីហ្វៃ1 2: 16–19
នីហ្វៃ ស្វែងរកចំណេះដឹងពីព្រះអម្ចាស់
សូមឲ្យសិស្សអាន និង សញ្ជឹងគិតពី នីហ្វៃ1 2: 16 , 19 ដោយស្ងាត់ៗ។
-
តើនីហ្វៃ ឆ្លើយតបនឹងសារលិខិតរបស់ឪពុករបស់គាត់យ៉ាងដូចម្ដេច ?
-
តើនៅពេលណាដែលអ្នកបានអំពាវនាវរកព្រះ និង មានអារម្មណ៍ថាដួងចិត្តរបស់អ្នកត្រូវបានបន្ទន់ ?
សូមផ្ដល់ឱកាសដល់សិស្សដើម្បីប្រាប់អំពីពេលដែលព្រះអម្ចាស់ បានបន្ទន់ដួងចិត្តរបស់ពួកគេ ( ប៉ុន្ដែសូមរំឭកពួកគេថា ពួកគេមិនគួរមានអារម្មណ៍ថាត្រូវតែចែកចាយបទពិសោធន៍ដែលមានលក្ខណៈផ្ទាល់ខ្លួនពេកនោះទេ ) ។ ជាងនេះទៅទៀត អ្នកអាចប្រាប់អំពីគ្រាមួយ នៅពេលដែលព្រះអម្ចាស់បានបន្ទន់ដួងចិត្តរបស់អ្នក ។ សូមបញ្ជាក់ដល់សិស្សថា នៅពេលដែលយើងអំពាវនាវរកព្រះ ទ្រង់អាចបន្ទន់ដួងចិត្តរបស់យើងឲ្យជឿដល់ព្រះបន្ទូលរបស់ទ្រង់ ។
សូមអាន នីហ្វៃទី1 2:19 ឮៗ ។ សូមឲ្យសិស្សពន្យល់ជាសម្ដីរបស់ខ្លួនគេ ពីអត្ថន័យនៃពាក្យ « យ៉ាងព្យាយាម » និង « ចិត្តសុភាពរាបសា » ។ សូមលើកទឹកចិត្តពួកគេឲ្យស្វែងរកព្រះអម្ចាស់ ដូចជានីហ្វៃបានធ្វើ ។
សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី1 2:17–18ឮៗ ។
-
តើគោលការណ៍អ្វីដែលយើងអាចរៀនពីចម្លើយខុសគ្នារបស់នីហ្វៃ សាំ លេមិន និង លេមយួល ?
-
តើនៅពេលណាដែលពាក្យសម្ដីរបស់សមាជិកគ្រួសារ ឬ មិត្តភក្ដិណាម្នាក់ បានពង្រឹងសេចក្ដីជំនឿរបស់អ្នក ដូចជាពាក្យសម្ដីរបស់នីហ្វៃបានពង្រឹងដល់សេចក្ដីជំនឿរបស់សាំ ?
នីហ្វៃ1 2: 20–24
អស់អ្នកដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយនឹងចម្រើនឡើង
សូមឲ្យសិស្សអាន នីហ្វៃទី1 2:20–21 ។ សូមអញ្ជើញពួកគេឲ្យរក ឬ គូសចំណាំនូវសេចក្ដីសន្យា ដែលថា « ដរាបណាអ្នកកាន់តាមបញ្ញត្តិទាំងឡាយរបស់យើង នោះអ្នកនឹងចម្រើនឡើង » ។ សូមពន្យល់ថា នៅពេលពួកគេសិក្សាព្រះគម្ពីរមរមន ពួកគេនឹងអានអំពីគំរូជាច្រើននៃសេចក្ដីសន្យានេះ ដែលត្រូវបានបំពេញ ។
សូមគិតពីការចែកចាយនូវសេចក្ដីថ្លែងការណ៍ខាងក្រោម ដោយអែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ការប្រតិ្តបត្តិ គឺជាក្រិត្យវិន័យទីមួយនៃស្ថានសួគ៌ ។ ការរីកចម្រើនទៅមុខទាំងអស់ ភាពឥតខ្ចោះទាំងអស់ សេចក្ដីសង្គ្រោះទាំងអស់ ជំនឿស៊ប់ទាំងអស់ អ្វីៗទាំងអស់ ដែលត្រូវ និង យុត្តិធម៌ និង ពិត រឿងល្អៗទាំងអស់មកដល់អ្នកដែលរស់នៅតាមច្បាប់របស់ទ្រង់ ដែលអស់កល្បជានិច្ច ។ គ្មានអ្វី នៅក្នុងភាពអស់កល្បទាំងអស់ សំខាន់ជាងការកាន់តាមព្រះបញ្ញត្តិរបស់ព្រះនោះទេ » ( ព្រះមែស៊ីដែលបានសន្យា ៖ ការយាងមកលើកទីមួយនៃព្រះគ្រីស្ទ [1978], 126 ) ។
សូមចែកចាយទីបន្ទាល់របស់អ្នកថា ព្រះប្រទានពរដល់អស់អ្នកណាដែលគោរពប្រតិបត្តិតាម និង ស្មោះត្រង់ ។ដូចជានីហ្វៃដែរ សិស្សអាចអភិវឌ្ឍនូវទំនុកចិត្តក្នុងការទទួលបាននូវការណែនាំមកពីព្រះអម្ចាស់ ។ សូមលើកទឹកចិត្តពួកគេឲ្យខិតខំព្យាយាមគោរពប្រតិបត្តិតាមច្រើនជាងនេះ និង ធ្វើតាមការណែនាំដែលពួកគេបានទទួលមកពីព្រះវិញ្ញាណបរិសុទ្ធ ។