មេរៀនទី 3
ផែនការនៃសេចក្តីសង្រ្គោះ
សេចក្តីផ្ដើម
ប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានណែនាំគ្រូបង្រៀនថ្នាក់សិក្ខាសាលាទាំងឡាយ ឲ្យបង្ហាញពីសេចក្ដីសង្ខេបនៃផែនការនៃសេចក្ដីសង្គ្រោះ នៅដើមឆ្នាំនៃឆ្នាំសិក្សាថ្មី ៖
« សេចក្ដីសង្ខេបនៃ ‹ ផែនការនៃសុភមង្គល › … បើត្រូវបានឲ្យនៅពេលចាប់ផ្ដើមដំបូងបំផុត ហើយរំឭកឡើងវិញម្ដងម្កាល វានឹងកាន់តែមានតម្លៃដ៏មហិមាចំពោះសិស្សរបស់អ្នក ។ …
« យុវវ័យឆ្ងល់ថា ‹ ហេតុអ្វី ? › —ហេតុអ្វីបានជាយើងត្រូវបានបញ្ជា ឲ្យធ្វើ រឿងអ្វីមួយ ហើយហេតុអ្វីបានជាយើងត្រូវបញ្ជា មិន ឲ្យធ្វើរឿងផ្សេងៗទៀត ? ចំណេះដឹងពីផែនការនៃសុភមង្គល ទោះបីជានៅក្នុងទម្រង់បែបណាក្ដី ក៏អាចផ្ដល់ដល់គំនិតខ្ចីនូវ ‹ ហេតុអ្វី › ផងដែរ។ …
« … ផ្ដល់នូវអារម្មណ៍ជាមូលដ្ឋាន សម្រាប់ផែនការទាំងមូល ទោះបីគ្រាន់តែជាសេចក្ដីលម្អិតពីរបីក៏ដោយ ។ … សូមឲ្យពួកគេដឹងថាផែនការនៃសុភមង្គលគឺជាអ្វី បន្ទាប់មកពួកគេនឹងមាននូវសំណួរ ‹ ហេតុអ្វី › ។’ …
« … ប្រសិនបើអ្នកព្យាយាមផ្ដល់ដល់ពួកគេនូវសំណួរ ‹ ហេតុអ្វី › សូមធ្វើតាមគំរូ [ នេះ ] ៖ ‹ ព្រះបានប្រទាននូវព្រះបញ្ញត្តិដល់ពួកគេ ក្រោយពីប្រាប់ដល់ពួកគេនូវផែនការប្រោសលោះ ។› [អាលម៉ា 12:32អក្សរទ្រេតបានបន្ថែម ។]” ( “ ផែនការដ៏អស្ចារ្យនៃសុភមង្គល ” [ ការប្រជុំពិភាក្សារបស់ CES ស្តីអំពីគោលលទ្ធិ និង សេចក្តីសញ្ញា/ប្រវត្តិសាសនាចក្រ ថ្ងៃទី 10 ខែ សីហា ឆ្នាំ 1993] ទំព័រ 2–3, si.lds.org ) ។
ដើម្បីឆ្លើយតបនឹងការប្រឹក្សារបស់ប្រធាន ផាកកឺ មេរៀននេះផ្ដល់នូវសេចក្ដីសង្ខេបពីផែនការសង្គ្រោះ ដូចដែលវាបានបង្រៀននៅក្នុងព្រះគម្ពីរ ។ មេរៀននេះ ផ្ដោតទៅលើដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ដែលជា « ការពិតដ៏សំខាន់បំផុត គ្រឹះដ៏ចាំបាច់ និង គោលលទ្ធិដ៏សំខាន់នៃផែនការសង្គ្រោះដ៏អស្ចារ្យ និង ដ៏អស់កល្ប « ( ជែហ្វ្រី អ័រ ហូឡិន « កិច្ចការផ្សព្វផ្សាយសាសនា និង ដង្វាយធួន » Ensign ខែ មីនា ឆ្នាំ 2001 ទំព័រ 8 ) ។ នៅពេលសិស្សចាប់យល់ពីផែនការសង្គ្រោះ នោះសេចក្ដីជំនឿរបស់ពួកគេលើព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ នឹងកើនឡើងផងដែរ ។ ពួកគេនឹងរីកចម្រើនឡើង នៅក្នុងការតាំងចិត្តដើម្បីធ្វើតាមព្រះបញ្ញត្តិទាំងឡាយ ទទួលបាននូវពិធីបរិសុទ្ធនៃការសង្គ្រោះ ហើយនៅស្មោះចំពោះសេចក្ដីសញ្ញារបស់ពួកគេ ។
យោបល់សម្រាប់ការបង្រៀន
ផែនការសង្គ្រោះក្នុងព្រះគម្ពីរមរមន
សូមពន្យល់ថា នៅក្នុងពិភពវិញ្ញាណមុនជីវិតលើផែនដីនេះ យើងបានរៀនអំពីផែនការរបស់ព្រះវរបិតាសួគ៌របស់យើង សម្រាប់សេចក្តីសង្គ្រោះរបស់យើង ( សូមមើល ម៉ូសេ 4:1–2 ; អ័ប្រាហាំ 3:22–28 ) ។ តាមរយៈផែនការនេះ យើងអាចក្លាយដូចជាទ្រង់ ហើយរស់នៅក្នុងវត្តមានរបស់ទ្រង់ជារៀងរហូត ។
នៅលើក្ដារខៀន សូមសរសេរ ផែនការសង្គ្រោះ រួមមាន …
សុំឲ្យសិស្សបំពេញគំនិតនេះ នៅក្នុងកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេ ឬ សៀវភៅសរសេរក្នុងថ្នាក់ ។
ក្រោយពីសិស្សបានសរសេរហើយ សូមចែកចាយនូវនិយមន័យនៃផែនការសង្គ្រោះដូចខាងក្រោម ។ អ្នកអាចសរសេរនៅលើក្ដារខៀន ឬ លើក្រដាស មុនពេលថ្នាក់ចាប់ផ្ដើម ។
ផែនការសង្គ្រោះ គឺជា « ភាពពេញលេញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដែលបានរៀបចំឡើង ដើម្បីនាំមកនូវអមតភាព និង ជីវិតដ៏អស់កល្បជានិច្ចដល់មនុស្ស ។ វារួមមាន ការបង្កើត ការធ្លាក់ និង ដង្វាយធួន រួមជាមួយនឹងព្រះបញ្ញត្តិដែលព្រះបានប្រទាន ពិធីបរិសុទ្ធ និង គោលលទ្ធិទាំងអស់ ។ ផែនការនេះ ធ្វើឲ្យវាអាចកើតមានចំពោះមនុស្សទាំងអស់ ដើម្បីត្រូវបានតម្កើងឡើង និងរស់នៅជាមួយព្រះជារៀងរហូត » ( សេចក្តីណែនាំដល់បទគម្ពីរ « ផែនការប្រោសលោះ » scriptures.lds.org ) ។
សុំឲ្យសិស្សលើកដៃឡើង ប្រសិនបើពាក្យដែលគេបានសរសេរ ត្រូវនឹងនិយមន័យនេះ តាមរបៀបណាក៏ដោយ ។ បន្ទាប់មកសូមសួរសំណួរដូចខាងក្រោមទៅសិស្សមួយចំនួនដែលបានលើកដៃឡើង ៖
-
តើនិយមន័យរបស់អ្នក មានចំណុចរួមជាមួយនឹងនិយមន័យនេះយ៉ាងម៉េចខ្លះ ? ហេតុអ្វីបានជាអ្នករួមបញ្ចូលចំណុចនេះ នៅក្នុងនិយមន័យរបស់អ្នក ?
សូមចាត់ឲ្យសិស្សធ្វើការជាគូ ។ សុំឲ្យសិស្សម្នាក់ក្នុងមួយគូៗ អាន អាលម៉ា 22:12–14 ហើយសិស្សម្នាក់ទៀតអាន នីហ្វៃទី 2 2:25–28 ។ ( អ្នកអាចសរសេរឯកសារយោងទាំងនេះ លើក្ដារខៀនបាន ។ ) សុំឲ្យសិស្សរកមើលផ្នែកនានានៃផែនការសង្គ្រោះ ដែលបានលើកឡើងនៅក្នុងវគ្គដែលពួកគេបានអាន ។ ក្រោយពីសិស្សបានអានរួចហើយ សុំឲ្យដៃគូនីមួយៗ ប្ដូរវេនគ្នាចែកចាយនូវអ្វីដែលពួកគេបានរកឃើញ ។
សូមសរសេរព្រះគម្ពីរយោងខាងក្រោមនៅលើក្ដារខៀន ៖ នីហ្វៃទី 2 9:6; នីហ្វៃទី 2 11:5; អាលម៉ា 12:25; អាលម៉ា 24:14; អាលម៉ា 42:8; អាលម៉ា 42:15 ។( អ្នកអាចសរសេរវា នៅលើក្ដារខៀន មុនចាប់ផ្ដើមថ្នាក់ ។ )
សូមពន្យល់ថា នៅក្នុងព្រះគម្ពីរមរមន ព្យាការីបានប្រើចំណងជើងផ្សេងៗគ្នា ដើម្បីយោងទៅលើផែនការរបស់ព្រះវរបិតាសូគ៌ា ។ សូមអញ្ជើញសិស្សឲ្យបើកទៅ នីហ្វៃទី 2 9:6ហើយ សុំឲ្យសិស្សម្នាក់អានខនោះ ឲ្យឮ ៗ ។
-
នៅក្នុងខនេះ តើឃ្លាណាដែលសំដៅលើផែនការរបស់ព្រះ ? ( « ផែនការនៃការប្រោសប្រណីរបស់ព្រះបង្កបង្កើតដ៏ធំ ។ » សូមសរសេរខនេះ នៅលើក្ដារខៀន ក្បែរនីហ្វៃទី 2 9:6 ។ )
សូមសិស្សឲ្យអានស្ងាត់ៗ នូវវគ្គព្រះគម្ពីរផ្សេងទៀត ដែលបានសរសេរនៅលើក្ដារខៀន ដោយរកមើលឃ្លានានាដែលយោងទៅលើផែនការរបស់ព្រះវរបិតាសួគ៌ា ។ នៅពេលសិស្សរកឃើញនូវឃ្លាមួយ ដែលនិយាយអំពីផែនការរបស់ព្រះវរបិតាសួគ៌ សូមអញ្ជើញគាត់ឲ្យសរសេរវាលើក្ដារខៀន ក្បែរនឹងសេចក្តីយោងបទគម្ពីរដែលគាត់បានរកឃើញ ។ បញ្ជីដែលបានបំពេញចប់នៅលើក្ដារខៀន គួរតែមានទម្រង់បែបនេះ ៖
( ដើម្បីជួយសិស្សឲ្យកាន់តែមានអំណរគុណចំពោះការបង្រៀន ដែលមាននៅក្នុងព្រះគម្ពីរមរមន អ្នកអាចបង្ហាញថា ឃ្លាដូចជា « ផែនការសង្គ្រោះ » « ផែនការនៃសុភមង្គល » និង « ផែនការសេចក្តីប្រោសលោះ » ត្រូវបានលើកឡើងជាច្រើនដង នៅក្នុងព្រះគម្ពីរមរមន ប៉ុន្ដែមិនមាននៅក្នុងព្រះគម្ពីរបរិសុទ្ធទេ ) ។
-
តើចំណងជើងទាំងនេះ បញ្ជាក់យ៉ាងហ្មត់ចត់អំពីផែនការរបស់ព្រះវរបិតាសួគ៌អ្វីខ្លះ ? ( សូមប្រាកដថា សិស្សយល់ថា ផែនការរបស់ព្រះវរបិតាសួគ៌គឺត្រូវបានរៀបចំឡើងដើម្បីនាំមកនូវសេចក្តីសង្គ្រោះ និង សុភមង្គលដ៏អស់កល្បជានិច្ច ដល់កូនចៅរបស់ទ្រង់ ។ )
សូមថ្លែងទីបន្ទាល់ថា យើងមិនអាចត្រឡប់ទៅកាន់ទីវត្តមានរបស់ព្រះ ហើយទទួលបាននូវសេចក្ដីសង្រ្គោះដ៏អស់កល្បជានិច្ច ដោយគ្មានជំនួយដ៏ទេវភាពបានទេ ។ សូមអញ្ជើញសិស្សឲ្យអាន ម៉ូសាយ 3:17 រៀងៗខ្លួន ដោយស្វែងរកនូវរូបភាពដ៏សំខាន់បំផុត នៅក្នុងផែនការសង្គ្រោះ ។ ក្រោយពីពួកគេបានរាយការណ៍អ្វីដែលពួកគេបានរកឃើញហើយ សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 2 2:8 ឲ្យឮៗ ។ សូមបញ្ជាក់យ៉ាងហ្មត់ចត់ថា ព្រះយេស៊ូវគ្រីស្ទគឺជារូបភាពស្នូលនៅក្នុងផែនការសង្គ្រោះ ហើយដង្វាយធួនរបស់ទ្រង់ គឺជាអ្វីដែលធ្វើឲ្យផែនការនេះដំណើរការដល់កូនចៅរបស់ព្រះទាំងអស់ ។សុំឲ្យសិស្សម្នាក់អានប្រសាសន៍ខាងក្រោម ថ្លែងដោយព្យាការី យ៉ូសែប ស្ម៊ីធ ៖
« គោលការណ៍ដ៏សំខាន់នៃសាសនារបស់យើង គឺជាទីបន្ទាល់ពីសាវក និង ព្យាការីទាំងឡាយដែលទាក់ទងនឹងព្រះយេស៊ូវគ្រីស្ទ ថាទ្រង់បានសុគត បានត្រូវគេបញ្ចុះ ហើយបានរស់ឡើងវិញម្ដងទៀតនៅថ្ងៃទីបី ហើយបានយាងទៅស្ថានសួគ៌វិញ ហើយរឿងផ្សេងទៀតទាំងអស់ ដែលជាប់ពាក់ព័ន្ធដល់សាសនារបស់យើង គឺគ្រាន់តែជាសេចក្តីបន្ថែមលើវាប៉ុណ្ណោះ » ( ការបង្រៀនរបស់ប្រធាននៃសាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ [2007] ទំព័រ 49 ) ។
អ្នកអាចពន្យល់ថា ពាក្យថា សេចក្តីបន្ថែម យោងទៅលើវត្ថុមួយ ឬ គំនិតមួយ ដែលទាក់ទងនឹងអ្វីមួយដែលមានសារៈសំខាន់ខ្លាំងជាង ដូចជាមែកមួយ ដែលជាផ្នែកមួយនៃដើមឈើមួយដើម ។ ដើមឈើមួយដើមអាចរស់បានដោយគ្មានមែកធាង ប៉ុន្ដែមែកមួយមិនអាចរស់ដោយឃ្លាតចេញពីឬស និងដើមរបស់ដើមឈើនោះឡើយ ។ ប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា គោលលទ្ធិនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ គឺជា « ឬសដ៏សំខាន់នៃគោលលទ្ធិរបស់ពួកបរិសុទ្ធ ។ អ្នកអាចដឹងយ៉ាងច្រើនអំពីដំណឹងល្អ ដូចដែលវាបំបែកពីមែកទីនោះ ប៉ុន្ដែប្រសិនបើអ្នកគ្រាន់តែដឹងថាមែក និងធាងទាំងនោះ ដោយមិនបានជាប់នឹងឬសទេ នោះប្រសិនបើវាត្រូវបានកាត់ចេញពីសេចក្ដីពិត វានឹងគ្មានជីវិត គ្មានសារធាតុ ហើយក៏គ្មានការប្រោសលោះលើពួកគេដែរ » ( « អង្គបង្កបង្កើត » Ensign ខែ ឧសភា ឆ្នាំ 1977 ទំព័រ 56 ) ។
សូមពន្យល់ថា ផែនការរបស់ព្រះវរបិតាសួគ៌ ជារឿយៗត្រូវបានហៅថាជា ផែនការសង្គ្រោះ ដោយសារវាទាក់ទងនឹងការសង្រ្គោះយើង ។ ក្នុងនាមជាតួអង្គតែមួយគត់ដែល ធ្វើឲ្យសេចក្តីសង្រ្គោះរបស់យើងអាចកើតឡើងបាន តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ត្រូវបានហៅថា ព្រះអង្គសង្គ្រោះ ។
សូមសរសេរ យើងត្រូវការបានសង្គ្រោះពី … នៅលើក្ដារខៀន ។
សុំឲ្យសិស្សម្នាក់អាន នីហ្វៃទី 2 9:6–10 ឲ្យឮៗ ហើយបន្ទាប់មក សុំឲ្យសិស្សផ្សេងទៀតអាននីហ្វៃទី 3 9:21–22 ឲ្យឮៗ ។ សូមអញ្ជើញសិស្សទាំងអស់ ឲ្យធ្វើតាមគ្នា ដោយស្វែងរកពីរបៀបដើម្បីបំពេញឃ្លានៅលើក្ដារខៀន ។ អ្នកអាចស្នើពួកគេឲ្យគូសការរកឃើញនានារបស់ពួកគេ នៅក្នុងព្រះគម្ពីររបស់ពួកគេ ។
សុំឲ្យសិស្សចែកចាយនូវអ្វីដែលពួកគេបានរកឃើញ ហើយសរសេរចម្លើយរបស់គេ នៅលើក្ដារខៀន ។ សូមប្រាកដថា ពួកគេយល់ថា តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ មនុស្សទាំងអស់ នឹងត្រូវបានសង្គ្រោះពីសេចក្ដីស្លាប់ខាងសាច់ឈាម ។ សូមបញ្ជាក់ផងដែរថា តាមរយៈដង្វាយធួន យើងអាចបានសង្គ្រោះពីអំពើបាបរបស់យើង ដែលបើមិនដូច្នោះទេ យើងនឹងមិនគ្មានផ្លូវសម្រាប់ខ្លួនយើងអាចបានទៅរស់នៅក្នុងវត្តមានរបស់ព្រះឡើយ ។
សូមអានប្រសាសន៍ខាងក្រោមដែលដកស្រង់ចេញពីព្យាការី យ៉ាកុប ៖ « ឱ សេចក្ដីល្អសប្បុរសនៃព្រះរបស់យើងធំណាស់ហ្ន៎ » (នីហ្វៃទី 2 9:10) ។ « ឱសេចក្ដីល្អសប្បុរសនៃព្រះរបស់យើងធំណាស់ហ្ន៎ ! » នីហ្វៃទី 2 9:13 ។
-
តើប្រសាសន៍របស់យ៉ាកុប នៅក្នុង នីហ្វៃទី 2 9: 6–10 ជួយអ្នកឲ្យយល់ពីហេតុផល ដែលគាត់បាននិយាយនូវសម្ដីសរសើរទាំងនេះ យ៉ាងដូចម្ដេច ?
-
យោងតាម នីហ្វៃទី 2 9:7, 9តើនឹងមានអ្វីកើតឡើង ប្រសិនបើគ្មានដង្វាយធួនទេនោះ ? ( រូបកាយរបស់យើងនឹងស្លាប់ ហើយនឹងមិនអាចរស់ឡើងវិញម្ដងទៀតនោះទេ ហើយវិញ្ញាណរបស់យើងនឹងស្ថិតនៅក្រោមពួកអារក្ស ) ។
សូមមើលទៅប្រយោគចុងក្រោយ នៅក្នុងនិយមន័យនៃផែនការសង្គ្រោះ ដែលអ្នកបានចែកចាយពីលើកមុន នៅក្នុងមេរៀន ៖ « ផែនការនេះ ធ្វើឲ្យវាកើតមានចំពោះមនុស្សទាំងអស់ ដើម្បីបានតម្កើងឡើង និង រស់នៅជាមួយព្រះជារៀងរហូត » ។
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីយល់ថា ផែនការនេះ ធ្វើឲ្យភាពតម្កើងឡើងរបស់យើងអាចកើតមានបាន ប៉ុន្ដែមិនជាក់លាក់ ?( នៅពេលសិស្សឆ្លើយតបនឹងសំណួរនេះ សូមប្រាកដថា ពួកគេយល់ថា យើងមានសិទ្ធិជ្រើសរើស សមត្ថភាពដើម្បីរើស ហើយធ្វើសម្រាប់ខ្លួនយើង ។ ភាពតម្កើងឡើងរបស់យើងពឹងផ្អែកលើផ្នែកលើរបៀបដែលយើងឆ្លើយតបនឹងពរជ័យ ដែលព្រះបានប្រទានដល់យើង ) ។
សូមសរសេរនូវសេចក្តីយោងបទគម្ពីរដូចខាងក្រោម នៅលើក្ដារខៀន ៖នីហ្វៃទី 2 2:25–28; នីហ្វៃទី 2 31:17–20; អាលម៉ា 34:15–16 ។សុំឲ្យសិស្សសិក្សាពីវគ្គទាំងនេះដោយស្ងៀមស្ងាត់ និង សរសេរក្នុងកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេ នូវរឿងនានា ដែលព្រះគម្ពីរទាំងនេះបាននិយាយ ដែលយើងត្រូវធ្វើ ដើម្បីទទួលនូវអ្វីៗទាំងអស់ ដែលព្រះបានប្រទានដល់យើង តាមរយៈផែនការសង្គ្រោះរបស់ទ្រង់ ។
នៅពេលសិស្សមានពេលគ្រប់គ្រាន់ ដើម្បីបំពេញកិច្ចការនេះរួច សូមអញ្ជើញពួកគេឲ្យចែកចាយនូវចម្លើយរបស់ពួកគេជាមួយគ្នាទៅវិញទៅមក ។ នៅពេលពួកគេធ្វើដូច្នោះ សូមបង្ហាញនូវគំរូនៃការគោរពប្រតិបត្តិចំពោះ « ព្រះបញ្ញត្តិដែលព្រះបានប្រទាន ពិធីបរិសុទ្ធ និង គោលលទ្ធិ » ដែលបានលើកឡើងនៅក្នុងនិយមន័យ ដែលអ្នកបានចែកពេលមុន ។ ( គំរូពីខទាំងនេះ រួមមានការអនុវត្តន៍សេចក្ដីជំនឿលើការប្រែចិត្ត ការជ្រមុជទឹក និង ការទទួលព្រះវិញ្ញាណបរិសុទ្ធ ) ។ ក្រោយពីការរាយការណ៍របស់សិស្ស សូមគិតពីការសួរនូវសំណួរខាងក្រោមនេះ ៖
-
តើសកម្មភាពរបស់យើង មានឥទ្ធិពលលើសមត្ថភាពយើង ដើម្បីទទួលបាននូវពរជ័យទាំងឡាយនៃដង្វាយធួនយ៉ាងដូចម្ដេច ? ( នៅពេលសិស្សឆ្លើយ សូមរកឱកាសដើម្បីថ្លែងទីបន្ទាល់ថា នៅពេលយើងជ្រើសរើស ដើម្បីរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ហើយធ្វើតាមផែនការរបស់ព្រះ នោះយើងរៀបចំដើម្បីទទួលបាននូវជីវិតដ៏នៅអស់កល្បជានិច្ច តាមរយៈដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ) ។
-
តើការយល់ពីផែនការសង្គ្រោះ អាចជួយយើងឲ្យធ្វើតាមព្រះបញ្ញត្តិយ៉ាងដូចម្ដេច ?
សុំឲ្យសិស្សអាននីហ្វៃទី 2 2:25 ឲ្យឮ ។
-
តើតាមរបៀបណាខ្លះ ដែលផែនការសង្គ្រោះបាននាំមកនូវសេចក្ដីអំណរដល់អ្នក ?
ដើម្បីបញ្ចប់មេរៀននេះ សូមពន្យល់ថា នៅពេលសិស្សសិក្សាព្រះគម្ពីរមរមន ពួកគេនឹងរៀននូវគោលលទ្ធិជាច្រើនទៀតដែលទាក់ទងនឹងផែនការសង្គ្រោះ មេរៀននេះ បានបង្ហាញតែត្រឹមសេចក្ដីសង្ខេបតែប៉ុណ្ណោះ ។ សូមលើកទឹកចិត្តសិស្ស នៅពេលពួកគេសិក្សាឲ្យរកមើលដោយយកចិត្តទុកដាក់នូវអ្វីៗទាំងអស់ ដែល ព្រះបានធ្វើសម្រាប់ពួកគេ ដែលជាផ្នែកនៃផែនការសង្គ្រោះរបស់ទ្រង់ និង ដើម្បីរកមើលដោយយកចិត្តទុកដាក់លើអ្វីៗទាំងអស់ ដែលពួកគេត្រូវធ្វើដើម្បីទទួលបាននូវពរជ័យដ៏ពេញលេញ ដែលព្រះបានគ្រោងសម្រាប់ពួកគេ ។ សូមថ្លែងទីបន្ទាល់របស់អ្នកពីសេចក្ដីពិត ដែលបានពិភាក្សានៅក្នុងមេរៀននេះ ។