បណ្ណាល័យ
មេរៀន​ទី 150 ៖ អេធើរ 12:23–41


មេរៀន​ទី 150

អេធើរ 12:23–41

សេចក្តីផ្ដើម

ដោយ​ការអធិស្ឋាន​ដ៏​រាបសា លោក​មរ៉ូណៃ​បាន​បង្ហាញ​នូវ​ការបារម្ភ​មួយ ។ លោក​បាន​បារម្ភ​អំពី​ភាពទន់ខ្សោយ ដែល​លោក​បាន​ទទួល​នៅក្នុង​ការសរសេរ​របស់​លោក និង​នៅក្នុង​ការសរសេរ​របស់​ព្យាការី​ក្នុង​ព្រះគម្ពីរមរមន​ផ្សេងទៀត ។ ព្រះអម្ចាស់​បាន​ឆ្លើយតប​ដោយ​សេចក្ដីសន្យា​មួយ​ដើម្បី​ពង្រឹង​ដល់​អស់អ្នកណា​ដែល​បន្ទាបខ្លួន​គេ ហើយ​មាន​សេចក្ដីជំនឿ​ទៅលើ​ទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

អេធើរ 12:23–41

លោក​មរ៉ូណៃ​បង្រៀន​ថា សេចក្ដីជំនឿ សេចក្ដីសង្ឃឹម និង​សេចក្ដីសប្បុរស គឺជា​ការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​សេចក្តីសង្គ្រោះ ។

សូម​សរសេរ​ពាក្យ រឹងមាំ នៅ​ផ្នែក​ម្ខាង​នៃ​ក្ដារខៀន និង​ពាក្យ ទន់ខ្សោយ នៅលើ​ផ្នែក​ម្ខាងទៀត​នៃ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​មាន​ពេល​ដើម្បី​សញ្ជឹងគិត​ពី​អ្វី​ដែល​ពួកគេ​គិត​ថា​ជា​ភាពរឹងមាំ​របស់​ពួកគេ ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​គិត​អំពី​ភាពទន់ខ្សោយ ឬ​ភាពមិនគ្រប់គ្រាន់​របស់​ពួកគេ​ពីរ​បី ។ សូម​ឲ្យ​ពួកគេ​លើកដៃ ប្រសិនបើ​ពួកគេ​ចង់​ឲ្យ​ចំណុច​ទន់ខ្សោយ​របស់​គេ​ក្លាយទៅជា​ចំណុច​រឹងមាំ ។ សូម​ពន្យល់​ថា លោក​មរ៉ូណៃ​បាន​បង្រៀន​អំពី​មូលហេតុ​ដែល​យើង​មាន​ភាពទន់ខ្សោយ និង​របៀប​ដែល​យើង​អាច​យកឈ្នះ​លើ​វា​បាន ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អេធើរ 12:23–25 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម ដោយ​រកមើល​ភាពទន់ខ្សោយ​ដែល​លោក​មរ៉ូណៃ​បាន​មាន​អារម្មណ៍​ថា លោក និង​អ្នកសរសេរ​ដទៃ​ទៀត​នៃ​ព្រះគម្ពីរមរមន​បាន​មាន ។ មុនពេល​សិស្ស​អាន អ្នក​អាច​ពន្យល់​ថា​ពាក្យ ពួកសាសន៍​ដទៃ នៅក្នុង​ខគម្ពីរ​ទាំងនេះ​សំដៅ​ទៅលើ​មនុស្ស​ដែល​នឹង​រស់នៅ​ឯ​ស្រុក​នៃ​ជាតិសាសន៍​ដទៃ​នៅក្នុង​ថ្ងៃចុងក្រោយ ។

  • តើ​លោក​មរ៉ូណៃ​បាន​ព្រួយបារម្ភ​ថា​នឹង​មាន​អ្វី​កើតឡើង ដោយសារតែ​ភាពទន់ខ្សោយ​នៃ​អស់អ្នក​ដែល​បាន​សរសេរ​ព្រះគម្ពីរមរមន ?

សូម​ឲ្យ​សិស្ស​អាន​ដោយ​ស្ងាត់ស្ងៀម​នូវ​ចម្លើយ​របស់​ព្រះអម្ចាស់​ចំពោះ​ការបារម្ភ​របស់​លោក​មរ៉ូណៃ​នៅក្នុង អេធើរ 12:26–27 ។ សូម​ឲ្យ​ពួកគេ​រកមើល​មូលហេតុ​មួយ​ដែល​ព្រះ​ប្រទានដល់​យើង​នូវ​ភាពទន់ខ្សោយ​ទាំងនោះ ។ សូម​បង្ហាញ​ថា អេធើរ 12:27 នេះ​គឺជា​វគ្គ​ព្រះគម្ពីរ​ចំណេះចំណាន ។ អ្នក​អាច​ស្នើ​ សិស្ស​គួរ​គូសចំណាំ​វគ្គ​នេះ​ដើម្បី​ឲ្យ​ងាយស្រួល​នឹង​រកឃើញ​វា ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​ពាក្យ ភាពទន់ខ្សោយ នៅពេល​វា​ត្រូវ​បាន​ប្រើ​នៅក្នុង​ខគម្ពីរ​ទាំងនេះ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ នែល អេ ម៉ាក់ស្វែល នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់ ។ មុនពេល​អាន​សេចក្ដីថ្លែងការណ៍​នេះ សូម​ឲ្យ​សិស្ស​ស្ដាប់រកមើល​ភាពទន់ខ្សោយ​ពីរ​ប្រភេទ​ដែល​អែលឌើរ ម៉ាក់ស្វែល បាន​លើកឡើង​នេះ ។

អែលឌើរ ណែល អេ ម៉ាកស្វែល

« នៅពេល​យើង​អាន​នៅក្នុង​ព្រះគម្ពីរ​អំពី ‹ ភាពទន់ខ្សោយ › របស់​មនុស្ស ពាក្យ​នេះ​រួមមាន … ភាពទន់ខ្សោយ​ដែល​មាន​នៅក្នុង​លក្ខខណ្ឌ​ជា​មនុស្ស​ទូទៅ ដែល​ក្នុង​ភាពជា​សាច់ និង​ឈាម​វា​មាន​ឥទ្ធិពល​ដ៏​ឥតឈប់ឈរ [ ឬ ឥតដាច់ ] បែបនេះ​មក​លើ​ភាព​ជា​វិញ្ញាណ ( សូមមើល អេធើរ 12:28–29 ) ។ ប៉ុន្ដែ ដូចគ្នា​នឹង​ភាពទន់ខ្សោយ​នេះ​ដែរ វា​រួមមាន​ភាពទន់ខ្សោយ​ជាពិសេស និង​ជាបុគ្គល​របស់​យើង ដែល​យើង​ត្រូវ​តែ​យកឈ្នះ​លើ​វា ( សូមមើល គ. និង ស. 66:3; យ៉ាកុប 4:7 ) ។ ជីវិត​នេះ​មាន​របៀប​មួយ​នៃ​ការបង្ហាញ​នូវ​ភាពទន់ខ្សោយ​ទាំងនេះ » ( Lord, Increase Our Faith [ ឆ្នាំ 1994 ], ទំព័រ 84 ) ។

  • យោងតាម​សម្ដី​របស់​អែលឌើរ ម៉ាក់ស្វែល តើ​អ្វី​ជា​ភាពទន់ខ្សោយ​របស់​មនុស្ស​ពីរ​ប្រភេទ​ដែល​យើង​អាន​អំពី​វា​នៅក្នុង​ព្រះគម្ពីរ ? ( អ្នក​អាច​ពន្យល់​ថា​ឃ្លា « លក្ខខណ្ឌ​ជា​មនុស្ស​ទូទៅ » សំដៅទៅលើ​ភាពទន់ខ្សោយ​ដែល​បន្សល់​ទុក​មកពី​ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា ឬ​និយាយ​ម៉្យាងទៀត​ថា ភាពទន់ខ្សោយ​ដែល​ភា្ជប់​ទៅនឹង « មនុស្ស​ខាង​សាច់ឈាម » ដែល​បាន​និយាយ​នៅក្នុង ម៉ូសាយ 3:19 ) ។

សូម​រំឭក​សិស្ស​ថា ពេលខ្លះ ព្រះគម្ពីរ​បង្ហាញ​ពី​គោលការណ៍​មួយ​ដោយ​ប្រើ​ពាក្យ បើសិនជា និងពាក្យ នោះ ។ ពាក្យ បើសិនជា ប្រាប់​ពី​អ្វីមួយ​ដែល​យើង​ត្រូវតែ​ធ្វើ ហើយ​ពាក្យ នោះ ប្រាប់​ពី​ការពន្យល់​នៃ​អ្វី​ដែល​នឹង​កើតឡើង​ដែល​ជាលទ្ធផល​នៃ​សកម្មភាព​របស់​យើង ។ សូម​ឲ្យ​សិស្ស​រំឭក អេធើរ 12:27 ដោយ​ស្ងាត់ស្ងៀម​ដោយរកមើល​គោលការណ៍ « បើសិនជា-នោះ » ដែល​បានបង្រៀន​នៅក្នុង​ខគម្ពីរ​នេះ ។ សិស្ស​គួរ​រកឃើញ​នូវ​គោលការណ៍​ខាងក្រោម ( សូម​សរសេរ​វា​នៅលើ​ក្ដារខៀន ) ៖

បើសិនជា​យើង​មក​រក​ព្រះយេស៊ូវគ្រីស្ទ នោះ​ទ្រង់​នឹង​បង្ហាញ​យើង​នូវ​ភាពទន់ខ្សោយ​របស់​យើង ។

បើសិនជា​យើង​បន្ទាបខ្លួនយើង ហើយ​អនុវត្ត​សេចក្ដីជំនឿ​ជឿ​លើ​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ធ្វើឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយទៅជា​ខ្លាំងពូកែ​ចំពោះ​យើង​វិញ ។

  • តើ​អ្នកគិត​ថា ហេតុអ្វីបានជា​វា​សំខាន់​សម្រាប់​យើង​ដើម្បីស្គាល់​ពី​ភាពទន់ខ្សោយ​របស់​យើង ?

  • សូម​បង្ហាញ​ឃ្លា « មករក​ព្រះយេស៊ូវគ្រីស្ទ » នៅក្នុង​គោលការណ៍​ទីមួយ ។ តើ​មាន​អ្វីខ្លះ​ដែល​យើង​អាច​ធ្វើ​ដើម្បី « មករក​ព្រះយេស៊ូវគ្រីស្ទ » ? ( ចម្លើយ​អាច​រួមមាន យើង​អាច​អធិស្ឋាន តមអាហារ ប្រែចិត្ត សិក្សា​ព្រះគម្ពីរ ចូលរួម​ក្នុង​ការថ្វាយបង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ បម្រើ​ដល់​អ្នកដទៃ និង​ស្វែងរក​ដើម្បី​អភិវឌ្ឍ​ឥរិយាបថ​ដើម្បី​ក្លាយដូចជា​ព្រះគម្ពីរ ។ អ្នក​អាច​បង្ហាញ​ថា នៅក្នុង​កាលៈទេសៈ​ចាំបាច់​បំផុត ការយកឈ្នះ​លើ​ភាពទន់ខ្សោយ មាន​ន័យ​ថា​លើសពី​ការស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់ នោះ​យើង​ត្រូវតែ​ធ្វើ​នូវ​ចំណែក​របស់​យើង ) ។

  • តើ​ន័យ​បង្កប់​នៃ​គោលការណ៍​ទីពីរ​នឹង​កើតមាន​អ្វីខ្លះ ប្រសិនបើ​យើង​ជ្រើសរើស មិនព្រម បន្ទាបខ្លួន​យើង និង​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​ទេ​នោះ ? ( ភាពទន់ខ្សោយ​របស់​យើង​នឹង​នៅ​តែ​មាន ដោយសារ​យើង​បាន​បដិសេធ​នូវ​សិរីល្អ​របស់​ព្រះអម្ចាស់​ក្នុង​ការជួយយើង​ឲ្យ​យកឈ្នះ​លើ​វា ) ។

  • តើ​អ្នក​គិត​ថា​ឃ្លា « គុណ​របស់​យើង​មាន​គ្រប់គ្រាន់​សម្រាប់​មនុស្ស​ទាំងអស់​ដែល​បន្ទាបខ្លួន​នៅ​ចំពោះ​យើង » មាន​ន័យ​យ៉ាងណា​ដែរ ? ( ដើម្បី​ជួយ​សិស្ស​ឲ្យ​ឆ្លើយនឹង​សំណួរ​នេះ អ្នក​អាច​ពន្យល់​ថា​គុណ គឺជា « របៀប​ដ៏​ទេវភាព​មួយ​នៃ​ជំនួយ ឬ​កម្លាំង ដែល​ត្រូវបាន​ប្រទាន​តាមរយៈ​សេចក្ដីមេត្តាករុណា និង​សេចក្ដីស្រឡាញ់​ដ៏​មហិមា​របស់​ព្រះយេស៊ូវគ្រីស្ទ » ហើយ​វា​ធ្វើ​ឲ្យ​កើតមាន​ឡើង​ដោយសារ​តែ​ដង្វាយធួន [ Bible Dictionary, “Grace” ] ។ ព្រះចេស្ដា​ធ្វើឲ្យ​កើតមាន​នេះ ឬ​ជំនួយ​នេះ នឹង​មិន​ដែល​អស់ —មិន​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​ចូលមក​រក​វា​នោះ​ទេ ) ។

សូម​ឲ្យ​សិស្ស​ចែករំលែក បទពិសោធន៍ ដែល​ពួកគេ​បាន​មាន នៅពេល​ព្រះអម្ចាស់​បាន​ជួយ​ដល់​ពួកគេ ( ឬ​ដល់​នរណាម្នាក់​ដែល​ពួកគេ​ស្គាល់ ) ដើម្បី​ឲ្យ​យកឈ្នះ​លើ​ភាពទន់ខ្សោយ ។ ( សូម​រំឭក​សិស្ស​ថា ពួកគេ​មិន​គួរ​មាន​អារម្មណ៍​ថា​ត្រូវតែ​ចែករំលែក​អំពី​បទពិសោធន៍​ដែល​ផ្ទាល់ខ្លួន ឬ​ឯកជន​ពេក​នោះទេ ) ។ អ្នក​ក៏​អាច​ចែករំលែក​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន​ដែរ ។

ដើម្បី​អញ្ជើញ​ឲ្យ​មាន​ការអនុវត្ត​លើ​គោលការណ៍​ដែល​បាន​បង្រៀន​នៅក្នុង អេធើរ 12:27 នេះ សូម​សរសេរ​ឃ្លា​ដូចខាងក្រោម​នៅលើ​ក្ដារខៀន ៖

1. ​ស្គាល់​ភាពទន់ខ្សោយ​របស់​ខ្ញុំ 2. បន្ទាបខ្លួន​ខ្ញុំ 3. អនុវត្ត​សេចក្ដីជំនឿ​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ

សូម​ឲ្យ​សិស្ស​សរសេរ​ឃ្លា​ទាំងនេះ​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់ ។ នៅក្រោម​ឃ្លា​ត្រឹម​ត្រូវ​ សូម​ឲ្យ​ពួកគេ​សរសេរ (1) ភាពទន់ខ្សោយ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​ពួកគេ​មាន (2) របៀប​មួយ​ដែល​ពួកគេ​អាច​បន្ទាបខ្លួន​គេ​បាន និង (3) របៀប​មួយ​ដែល​ពួកគេ​អាច​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ឲ្យ​ពួកគេ​អាច​ទទួល​បាន​ជំនួយ​របស់​ទ្រង់ ឬ​គុណ​របស់​ទ្រង់​ដើម្បី​យកឈ្នះ​លើ​ភាពទន់ខ្សោយ​ដែល​ពួកគេ​បាន​សរសេរ​មក​នោះ ។ សូម​បញ្ជាក់​ដល់​​សិស្ស​ថា នៅពេល​ពួកគេ​ធ្វើតាម​អ្វី​ដែល​ពួកគេ​បាន​សរសេរ នោះ​ព្រះអម្ចាស់​នឹង « ធ្វើឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយទៅជា​ខ្លាំង​ពូកែ​ចំពោះ​ពួកគេវិញ » ( អេធើរ 12:27 ) ។

សូម​ឲ្យ​សិស្ស​អាន អេធើរ 12:26, 28 ដោយ​ស្ងាត់ស្ងៀម ​ដោយ​រកមើល​របៀប​ដែល​ព្រះអម្ចាស់​ឆ្លើយតប​ទៅនឹង​ការបារម្ភ​របស់​លោក​មរ៉ូណៃ​អំពី​ភាពទន់ខ្សោយ​របស់​លោក​បន្ដ​ទៀត ។

សូម​បង្ហាញ​ប្រយោគ « ពួក​អ្នកភ្លើ​ទេ ដែល​ចំអក តែ​ពួកគេ​នឹង​យំ​សោក » ( អេធើរ 12:26 ) ។

  • ដោយផ្អែកលើ​អ្វី​ដែល​យើង​បាន​សិក្សា​នៅ​ថ្ងៃនេះ តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​វា​ភ្លើ​ទៅវិញ​ដែល​ចំអក​ដល់​ភាពទន់ខ្សោយ​របស់​អ្នកដទៃ ?

សូម​បង្ហាញ​ថា អេធើរ 12:26 លើកឡើង​ពី​ភាពស្លូតត្រង់ ។ ( អ្នក​អាច​ពន្យល់​ថា ការស្លូតត្រង់​គឺជា​ការបន្ទាបខ្លួន និង​ឲ្យ​គេ​បង្រៀន​បាន និង​ការអត់ធ្មត់​នៅក្នុង​ពេល​លំបាក ) ។

  • តើ​អ្នកគិត​ថា ហេតុអ្វីបានជា​យើង​ត្រូវតែ​ស្លូតត្រង់​ដើម្បី​មើលរំលង​ពី​ភាពទន់ខ្សោយ​របស់​អ្នកដទៃ ?

មុនពេល​បន្ដ​ទៀត សូម​បញ្ជាក់​ថា ប្រសិនបើ​យើង​ស្លូតត្រង់ នោះ​យើង​អាច​ទទួល​បាន​គុណ​របស់​ព្រះអម្ចាស់​ក្នុង​ការជួយ​យើង​ឲ្យ​មើល​រំលង​ភាពទន់ខ្សោយ​របស់​អ្នកដទៃ​បាន ។

សូម​សង្ខេប អេធើរ 12:29–32 ដោយ​ការពន្យល់​ថា លោក​មរ៉ូណៃ​បាន​បង្រៀន​អំពី​សារៈសំខាន់​នៃ​ការអនុវត្ត​សេចក្ដីជំនឿ និង​ការមាន​សេចក្ដីសង្ឃឹម និង​សេចក្ដីសប្បុរស ។ អ្នក​អាច​ពន្យល់​ថា « សេចក្ដីសប្បុរស​គឺជា​សេចក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ » ( មរ៉ូណៃ 7:47 ) ។

សូម​ឲ្យ​សិស្ស​អាន អេធើរ 12:33–35 ដោយ​ស្ងាត់ស្ងៀម​ ដោយ​រកមើល​មូលហេតុ​ដែល​វា​សំខាន់​ដើម្បី​មាន​សេចក្ដីសប្បុរស នៅពេល​ជួប​នឹង​ភាពទន់ខ្សោយ​របស់​អ្នកដទៃ ។

  • យោងតាម អេធើរ 12:34 តើ​អ្វី​ជា​លទ្ធផល​ដែល​យើង​នឹង​ជួប ប្រសិបើ​យើង​មិន​មាន​សេចក្ដីសប្បុរស​ទេ​នោះ ?

ដើម្បី​បញ្ចប់ សូម​ឲ្យ​សិស្ស​អាន អេធើរ 12:38–41 ដោយ​ស្ងាត់ស្ងៀម ។ សូម​ឲ្យ​ពួកគេ​សរសេរ​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​អំពី​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការអញ្ជើញ​ដែល​បាន​កត់ត្រា​នៅក្នុង អេធើរ 12:41—« ស្វែងរក​ព្រះយេស៊ូវគ្រីស្ទ ដែល​ពួក​ព្យាការី និង​ពួកសាវក​បាន​សរសេរ​មក​នេះ » ។

សូម​ថ្លែងទីបន្ទាល់​ថា នៅពេល​យើង​បន្ទាបខ្លួន និង​អនុវត្ត​សេចក្ដីជំនឿ​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ នោះ​ទ្រង់​នឹង « ធ្វើឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយទៅជា​ខ្លាំងពូកែ​ចំពោះ [ យើង ] » ( អេធើរ 12:27 ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើតាម​ផែនការ​ដែល​ពួកគេ​បាន​សរសេរ ។ អ្នកក៏​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់​ក្នុង​ការមាន​សេចក្ដីសប្បុរស នៅពេល​ពួកគេ​ជួប​នឹង​ភាពទន់ខ្សោយ​របស់​អ្នកដទៃ​ដែរ ។

និមិត្ត​សញ្ញា​ចំណេះចំណាន​ខគម្ពីរចំណេះចំណានខគម្ពីរ —អេធើរ 12:27

ដើម្បី​ជួយ​សិស្ស​ឲ្យ​ចងចាំ អេធើរ 12:27 សូម​សរសេរ​ពាក្យ​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ហើយ​សូម​ឲ្យ​សិស្ស​ចម្លង​វា​នៅលើ​ក្រដាស​មួយ ៖

ហើយ​បើសិនជា … មករក … បង្ហាញ​ដល់ …ភាពទន់ខ្សោយ … ឲ្យ … ភាពទន់ខ្សោយ … បាន​រាបសា … គុណ … មនុស្ស​ទាំងអស់ … បន្ទាបខ្លួន … បើសិនជា … បន្ទាបខ្លួន … សេចក្ដីជំនឿ … អ្វីដែល​ទន់ខ្សោយ … ខ្លាំងពូកែ ។

សូម​ឲ្យ​សិស្ស​អាន អេធើរ 12:27 ដោយ​ស្ងាត់ៗ​ដោយ​កត់ចំណាំ​ពាក្យ​ទាំងនេះ ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​ទន្ទេញ​ខគម្ពីរ​នេះ​ឲ្យ​ចាំ​តាម​ដែល​ពួកគេ​អាច​ធ្វើ​ទៅបាន ដោយ​មើល​តែ​ពាក្យ​ដែល​នៅលើ​ក្រដាស​តែប៉ុណ្ណោះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ដាក់​ក្រដាស​នោះ​នៅ​មួយ​កន្លែង ដែល​ពួកគេ​អាច​រកវា​ឃើញ​នៅ​ថ្ងៃនេះ​ពេលក្រោយ ឬ​នា​ថ្ងៃស្អែក ( ឧទាហរណ៍ នៅក្នុង​ហោប៉ាវ ឬ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ) ។​ សូម​ឲ្យ​ពួកគេ​រំឭក អេធើរ 12:27 ពេលណា​ដែល​ពួកគេ​ឃើញ​ក្រដាស​នោះ រហូត​ដល់​ពួកគេ​ទន្ទេញ​ចាំ​វគ្គ​ទាំងមូល ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

អេធើរ 12:27 ។ « យើង​នឹង​បង្ហាញ​ដល់​ពួកគេ​នូវ​ភាពទន់ខ្សោយ​របស់​ពួកគេ »

អែលឌើរ ប្រូស ស៊ី ហាហ្វន នៃ​ក្រុម​ចិតសិប​នាក់​បាន​បង្ហាញ​ថា ការតស៊ូ​របស់​យើង​ដើម្បី​យកឈ្នះ​លើ​ភាពទន់ខ្សោយ គឺជា​ស្នូល​នៃ​គោលបំណង​របស់​យើង​នៅលើ​ផែនដី​នេះ ៖

« ផែនការ​របស់​ព្រះវរបិតា​របស់​យើង​ធ្វើឲ្យ​យើង​រង​ការល្បួង និង​ទុក្ខវេទនា​នៅក្នុង​លោកិយ​ដែល​បាន​ធ្លាក់​មួយ​នេះ ។ …

« ដូច្នេះ ប្រសិនបើ​អ្នក​មាន​បញ្ហា​នៅក្នុង​ជីវិត​បរស់​អ្នក សូម​កុំ​គិត​ថា មាន​អ្វីមួយ​ខុស​នឹង​អ្នកឡើយ ។ ការតស៊ូ​នឹង​បញ្ហា​ទាំងនោះ គឺជា​ស្នូល​ដ៏​ខ្លាំង​នៃ​គោលបំណង​ក្នុង​ជីវិត​របស់​យើង ។ នៅពេល​យើង​ខិតទៅជិត​ព្រះ ទ្រង់​នឹង​បង្ហាញ​ដល់​យើង​នូវ​ភាពទន់ខ្សោយ​របស់​យើង ហើយ​តាមរយៈ​ភាពទន់ខ្សោយ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​វាងវៃ និង​រឹងមាំ​ជាងមុន ។ ប្រសិនបើ​អ្នក​មើលឃើញ​ភាពទន់ខ្សោយ​របស់​អ្នក​ច្រើនជាងមុន នោះ​គ្រាន់តែ​មានន័យ​ថា អ្នក​កំពុង​តែ​ខិតកាន់តែ​ជិត​ទៅរក​ព្រះ​ហើយ មិនមែន​ឃ្លាត​កាន់តែ​ឆ្ងាយ​នោះទេ » ( « The Atonement: All for All » EnsignLiahona ខែ ឧសភា ឆ្នាំ 2004 ទំព័រ 97 ) ។

រឿង​ខាងក្រោម​នេះ​គឺ​និយាយ​អំពី​យុវជនម្នាក់​ដែល​បាន​ជួប​នឹង​ការបំពេញ​នៃ​សេចក្ដីសន្យា​របស់​ព្រះអម្ចាស់​នៅក្នុង អេធើរ 12:27

យុវជន​ទាំងឡាយ​នៅក្នុង​សាសនាចក្រ ត្រូវបាន​អញ្ជើញ​ឲ្យ​សម្រេច​បាន​គោលដៅ​តាមរយៈ​កម្មវិធី កាតព្វកិច្ច​ចំពោះ​ព្រះ និង​នៅក្នុង​ផ្នែកខ្លះ​នៃ​កម្មវិធី​កាយរិទ្ធិ ។ ឪពុកម្ដាយ​របស់​ចូណាថាន ប៉េរេស ជាប់​រវល់​នឹង​ចិញ្ចឹម​គ្រួសារ​ដ៏​ធំ​របស់​គាត់ ហើយ​មិត្ត​ភក្ដិ​របស់​គាត់​បាន​សើចចំអក​ដល់​ការខិតខំ​របស់​គាត់​ក្នុង​ការសម្រេច​ឲ្យ​បាន​នូវ​ឋានៈ​ឥន្រ្ទីយ៍​នៅក្នុង​កម្មវិធី​កាយរិទ្ធិ ។ ថ្វីបើ​មាន​ការលំបាក​ទាំងនេះ​ក្ដី ចូណាថាន បាន​ដាក់គោលដៅ ហើយ​បាន​ធ្វើតាម​ការណ៍​នោះ ។ មួយរយៈ​កន្លង​ទៅ និង​ដោយ​មាន​ជំនួយ ហើយការគាំទ្រ​ពី​អ្នកដឹកនាំ​ថ្នាក់​យុវជន​របស់​គាត់ គាត់​បាន​សម្រេច​បាន​គោលដៅ​របស់​គាត់ ។ គាត់​បាន​សរសេរ​ថា « បទពិសោធន៍​នេះ​បាន​បង្រៀន​ខ្ញុំ​ថា មិន​ថា​មាន ​ឧបសគ្គ ឬ​ការប្រជែង​អ្វី​ដែល​មក​រារាំង​ផ្លូវ​របស់​ខ្ញុំ​នោះទេ ព្រះអម្ចាស់​នឹង​ជួយ​ខ្ញុំ​ឲ្យ​យកឈ្នះ​លើ​ការល្បួង និង​ភាពទន់ខ្សោយ​របស់​ខ្ញុំ (អេធើរ 12:27) ។ វា​មិន​មាន​បញ្ហា​ចំពោះ​សាវតា​មួយ​ណា​ដែល​យើង​មក​ពី ឬ​មិនថា​យើង​មាន ឬក្រ​នោះ​ទេ ។ យើង​អាច​សម្រេច​បាន​គោលដៅ​របស់​យើង ដោយសារ​យើង​មាន​ព្រះអម្ចាស់​នៅក្បែរ​ខ្លួន​យើង » ( « Jonathan Perez An Honor Earned » New Era ខែ វិច្ឆិកា ឆ្នាំ 2007, ទំព័រ 45 ) ។