មេរៀនទី 117
នីហ្វៃទី 3 2–5
សេចក្តីផ្ដើម
ក្រោយពីប្រជាជនបានឃើញទីសម្គាល់នៃការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទហើយ ពួកគេបានចាប់ផ្ដើមលែងមានការភ្ញាក់ផ្អើលអំពីទីសម្គាល់ទាំងឡាយ ហើយពួកគេបានមាន ចិត្តរឹងរូស ។ ប្រជាជនជាច្រើនបានបដិសេធទីសម្គាល់ និងការដ៏អស្ចារ្យជាច្រើនទៀត ហើយកាន់តែបន្តសេចក្ដីទុច្ចរិត ។ ជាលទ្ធផល ក្រុមពួកចោរកាឌីអានតុនបានរីកចម្រើនយ៉ាងរឹងមាំ រហូតដល់ពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិនត្រូវបង្ខំឲ្យលើកអាវុធឡើងប្រយុទ្ធនឹងពួកគេ ។ ពួកសាសន៍លេមិនដែលបានប្រែចិត្តបានចូលរួមនឹងសាសន៍នីហ្វៃ ហើយត្រូវបានហៅថា សាសន៍នីហ្វៃ ។ ឡាកូនីអូស ជាមេចៅក្រមនៃពួកសាសន៍នីហ្វៃ បានអំពាវនាវដល់ប្រជាជនឲ្យប្រែចិត្ត ហើយរៀបចំខ្លួនគេដើម្បីទៅច្បាំង ។ ដោយសារតែការប្រែចិត្តរបស់ពួកគេ សេចក្ដីជំនឿគេទៅលើព្រះអម្ចាស់ និងការរៀបចំដ៏ឧស្សាហ៍ព្យាយាមរបស់គេ សាសន៍នីហ្វៃបានយកឈ្នះលើពួកចោរកាឌីអានតុន ។ បន្ទាប់ពីការរំដោះរបស់ពួកគេ ប្រជាជនបានទទួលស្គាល់ព្រះចេស្ដារបស់ព្រះក្នុងការថែរក្សាពួកគេ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃ ទី3 ជំពូក 2
ពួកសាសន៍លេមិនដែលបានប្រែចិត្តរួបរួមជាមួយនឹងពួកសាសន៍នីហ្វៃ ដើម្បីការពារខ្លួនគេពីពួកចោរកាឌីអានតុន
សូមឲ្យសិស្សចំណាយពេលពីរបីនាទី ដើម្បីសរសេរពីបទពិសោធន៍ខ្លះខាងវិញ្ញាណដែលពួកគេបានមានទៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេររបស់ពួកគេ ។ សូមរំឭកពួកគេថា បទពិសោធន៍ខាងវិញ្ញាណមិនចាំបាច់តែជារឿងដែលគួរឲ្យរំភើប ឬអស្ចារ្យដើម្បីឲ្យមានន័យនោះឡើយ ។ សូមណែនាំថា ពួកគេគួរសញ្ជឹងគិតពីពេលដែលពួកគេបានមានអារម្មណ៍ពីសេចក្ដីស្រឡាញ់នៃព្រះវរបិតាសួគ៌ ឬពីឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ។ ឧទាហរណ៍ ពួកគេអាចសរសេរអំពីបទពិសោធន៍ដែលពួកគេបានមាន នៅពេលពួកគេបានទទួលចម្លើយចំពោះការអធិស្ឋាន នៅពេលពួកគេបានទទួលពរជ័យនៃបព្វជិតភាព ឬនៅពេលពួកគេបានបម្រើដល់អ្នកដទៃ ។ នៅពេលពួកគេសរសេរចប់ហើយ សូមសួរពួកគេថា ហេតុអ្វីបានជាពួកគេគិតថា វាអាចមានសារៈសំខាន់ដើម្បីចងចាំពីបទពិសោធន៍ខាងវិញ្ញាណទាំងនេះនៅថ្ងៃនេះ និងនៅក្នុងរយៈពេល 10 ឬ 20 ឆ្នាំនាពេលអនាគតនោះ ។
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 2:1–3 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលអ្វីដែលបានកើតឡើងនៅពេលប្រជាជនបានចាប់ផ្ដើមភ្លេចពីទីសម្គាល់ដែលទាក់ទងទៅនឹងការប្រសូតរបស់ព្រះអង្គសង្គ្រោះ ។
-
តើសេចក្ដីពិតអ្វីខ្លះដែលដំណើររឿងនេះបានបង្រៀនយើងអំពីគ្រោះថ្នាក់នៃការបំភ្លេចបទពិសោធន៍ខាងវិញ្ញាណ ?
នៅពេលសិស្សចែកចាយពីសេចក្ដីពិតដែលពួកគេបានរកឃើញ សូមបញ្ជាក់ពីគោលការណ៍ខាងក្រោម ៖ ប្រសិនបើយើងភ្លេចពីបទពិសោធន៍ខាងវិញ្ញាណពីមុនៗ នោះយើងនឹងកាន់តែងាយរងការល្បួង និងការបោកបញ្ឆោតរបស់សាតាំង ។ អ្នកអាចសរសេរគោលការណ៍នេះនៅលើក្ដារខៀន ។ អ្នកក៏អាចជម្រុញឲ្យសិស្សសរសេរវានៅក្នុងបញ្ជីនៃបទពិសោធន៍ខាងវិញ្ញាណរបស់ពួកគេដែរ ។
-
តើអ្នកគិតថា ហេតុអ្វីបានជាការបំភ្លេចនូវបទពិសោធន៍ខាងវិញ្ញាណអាចធ្វើឲ្យយើងងាយនឹងរងគ្រោះពីសាតាំង ?
-
តើយើងអាចធ្វើអ្វីខ្លះ ដើម្បីធានាថា យើងមិនភ្លេចបទពិសោធន៍ខាងវិញ្ញាណដែលយើងបានមាននោះ ? ( ចម្លើយអាចរួមមាន ការចែកចាយបទពិសោធន៍ជាមួយនឹងអ្នកដទៃតាមដែលសមរម្យ ការសរសេរវាក្នុងកំណត់ហេតុផ្ទាល់ខ្លួន ឬការកត់ត្រាបទពិសោធន៍ពីសកម្មភាពក្នុងសៀវភៅ កាតព្វកិច្ចចំពោះព្រះ ឬការអភិវឌ្ឍន៍ខ្លួន ) ។
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោម ដែលប្រធានហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយបានពន្យល់ពីរបៀបដែលការកត់ត្រាបទពិសោធន៍ខាងវិញ្ញាណនៅក្នុងកំណត់ហេតុ បានជួយដល់លោក ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកនូវពរជ័យនានា ដែលអាចមកពីការរក្សាកំណត់ហេតុបែបនោះ ។
« ខ្ញុំបានសរសេររឿងពីរបីបន្ទាត់ជារៀងរាល់ថ្ងៃអស់ជាច្រើនឆ្នាំ ។ ខ្ញុំមិនដែលខកខានមួយថ្ងៃណាឡើយ មិនថាខ្ញុំនឿយហត់ប៉ុណ្ណា ឬ មិនថាព្រលឹមយ៉ាងណាដែលខ្ញុំត្រូវចាប់ផ្ដើមថ្ងៃថ្មីនោះទេ ។ មុនពេលខ្ញុំចាប់សរសេរ ខ្ញុំបានសញ្ជឹងគិតពីសំណួរនេះ ៖ ‹ តើខ្ញុំបានឃើញព្រះហស្ដរបស់ព្រះឈោងមកពាល់យើង ឬកូនចៅយើង ឬគ្រួសារយើងនាថ្ងៃនេះទេ ? › នៅពេលខ្ញុំរក្សាទម្លាប់នេះបាន អ្វីមួយបានចាប់ផ្ដើមកើតឡើង ។ នៅពេលខ្ញុំនឹងគិតទៅដល់ ថ្ងៃមួយនោះ ខ្ញុំបានឃើញភស្ដុតាងដែលព្រះបានធ្វើសម្រាប់សមាជិកម្នាក់ [ ក្នុងគ្រួសាររបស់យើង ] ដែលខ្ញុំមិនបានចាប់អារម្មណ៍ក្នុងពេលដ៏រវល់នាថ្ងៃនេះ ។ នៅពេលដែលការណ៍នោះកើតឡើង ហើយវាបានកើតឡើងជាញឹកញាប់ នោះខ្ញុំបានយល់ថា ការព្យាយាមចងចាំនេះបានអនុញ្ញាតឲ្យព្រះបង្ហាញដល់រូបខ្ញុំនូវអ្វីដែលទ្រង់បានធ្វើ ។
« វាលើសពីសេចក្ដីអំណរគុណដែលបានចាប់ផ្ដើមដុះដាលឡើងនៅក្នុងចិត្តរបស់ខ្ញុំ ។ ទីបន្ទាល់បានរីកចម្រើនឡើង ។ ខ្ញុំកាន់តែមានភាពច្បាស់លាស់បន្ថែមទៀតថា ព្រះវរបិតាសួគ៌របស់យើងឮ និងឆ្លើយតបនូវការអធិស្ឋានទាំងឡាយ ។ ខ្ញុំបានមានអារម្មណ៍ដឹងគុណកាន់តែច្រើនចំពោះការបន្ទន់ចិត្ត និងការបន្សុទ្ធដែលកើតមានដោយសារដង្វាយធួនរបស់ព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ។ ហើយខ្ញុំកាន់តែមានទំនុកចិត្តជាងមុនថា ព្រះវិញ្ញាណបរិសុទ្ធអាចធ្វើឲ្យយើងចងចាំអ្វីៗទាំងអស់— សូម្បីតែរឿងដែលយើងមិនបានកត់សម្គាល់ ឬចាប់អារម្មណ៍ នៅពេលវាបានកើតឡើងក្ដី » ( « O Remember, Remember » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ 2007 ទំព័រ 67 ) ។
សូមឲ្យសិស្សចែកចាយពីរបៀបដែលការចងចាំដល់បទពិសោធន៍ខាងវិញ្ញាណ— តាមរយៈការសរសេរក្នុងកំណត់ហេតុ ឬរបៀបផ្សេងទៀត— បានជួយពួកគេឲ្យនៅបន្ដស្មោះត្រង់ ទោះបីជាសាតាំងបានខិតខំល្បួង ឬបោកបញ្ឆោតពួកគេក្ដី ។
សូមសង្ខេប នីហ្វៃទី 3 2:4–19 ដោយពន្យល់ថា នៅពេលប្រជាជនបានបន្ដនៅក្នុងសេចក្ដីទុច្ចរិត នោះពួកចោរកាឌីអានតុនបានកើនឡើងទាំងចំនួន និងកម្លាំង ។ ពួកចោរកាឌីអានតុនបានក្លាយជាឆេវឆាវប្រើហិង្សាកាន់តែខ្លាំង ហើយពួកសាសន៍លេមិនដែលបានប្រែចិត្តបានចូលរួមជាមួយនឹងកម្លាំងរបស់សាសន៍នីហ្វៃដើម្បីប្រយុទ្ធប្រឆាំងនឹងពួកគេ ។ ទោះបីជាពួកគេមានជ័យជំនះខ្លះៗនៅក្នុងការបណ្ដេញពួកចោរកាឌីអានតុនចេញពីដែនដីរបស់ពួកគេក្ដី ក៏ពួកសាសន៍នីហ្វៃ ( ជាមួយនឹងពួកសាសន៍លេមិនដែលបានប្រែចិត្ត ដែលឥឡូវនេះត្រូវបានហៅថាជា សាសន៍នីហ្វៃ ) នៅតែស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់រយៈពេល 15 ឆ្នាំ ក្រោយពីមានទីសម្គាល់នៃការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទ ។
នីហ្វៃទី 3 1–10
អ្នកដឹកនាំពួកចោរកាឌីអានតុនទាមទារឲ្យពួកសាសន៍នីហ្វៃចុះចាញ់
សូមពន្យល់ថានៅក្នុង នីហ្វៃទី 33:1–10 ពេលខ្លះ យើងឃើញពីគំរូមួយ ដែលមារសត្រូវអាចប្រើប្រាស់អ្នកដទៃ ក្នុងការព្យាយាមធ្វើឲ្យសេចក្ដីជំនឿរបស់យើងចុះខ្សោយ ហើយដឹកនាំយើងឲ្យវង្វេង ។ គីឌឌីអានហៃ ជាអ្នកដឹកនាំរបស់ពួកចោរកាឌីអានតុន បានសរសេរសំបុត្រមួយច្បាប់ទៅឡាកូនីអូស ដែលជាមេចៅក្រមនៃពួកសាសន៍នីហ្វៃ ដើម្បីបញ្ចុះបញ្ចូលលោកឲ្យចុះចាញ់ពួកក្រុមចោរកាឌីអានតុន ។
សូមសរសេរ គីឌឌីអានហៃ ល្បួងឡាកូនីអូស នៅលើក្ដារខៀន ។ សូមឲ្យសិស្សពាក់កណ្ដាលថ្នាក់អាន នីហ្វៃទី 3 3:2–5 ដោយស្ងៀមស្ងាត់ ហើយសិស្សដទៃទៀតអាន នីហ្វៃទី 3 3:6–10 ដោយស្ងៀមស្ងាត់ ។ នៅពេលសិស្សអាន សូមឲ្យពួកគេរកមើលពាក្យ ឬឃ្លាដែលបង្ហាញពីវិធីសាស្ដ្រដែល គីឌឌីអានហៃ បានប្រើដើម្បីព្យាយាមធ្វើឲ្យសេចក្ដីជំនឿរបស់ឡាកូនីអូសទន់ខ្សោយ ហើយដឹកនាំលោកឲ្យវង្វេង ។ ក្រោយពីសិស្សអានចប់ហើយ សូមឲ្យពួកគេរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញ ។ សូមឲ្យសិស្សសរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ។
ដើម្បីសង្ខេបពីវិធីសាស្ដ្រដែលសិស្សបានរកឃើញនៅក្នុង នីហ្វៃទី 3 3:2–10 សូមសរសេរសេចក្ដីពិតខាងក្រោមនៅលើក្ដារខៀន នៅក្រោមបញ្ជីចម្លើយរបស់សិស្ស ៖ ជារឿយៗ សាតាំង និងអ្នកដើរតាមវា ប្រើនូវពាក្យបញ្ជោរ ការសន្យាក្លែងក្លាយ និងការគំរាមកំហែងដើម្បីនាំមនុស្សឲ្យវង្វេង ។ សូមឲ្យសិស្សរើសយកវិធីសាស្ដ្រមួយដែលគីឌឌីអានហៃប្រើ ដែលមានសរសេរស្រាប់នៅលើនៅលើក្ដារខៀន ហើយពន្យល់ពីរបៀបដែលសាតាំង និងពួកអ្នកដើរតាមវាអាចប្រើរបៀបស្រដៀងគ្នានេះទៅលើយុវជននាសព្វថ្ងៃនេះ ។ ដើម្បីជួយសិស្សឲ្យរកឃើញនូវការប្រៀបធៀបទាំងនេះមួយចំនួន អ្នកអាចសួរសំណួរដូចខាងក្រោម ៖
-
តើគំរូមួយចំនួននៃរបៀបដែលសាតាំងអាចប្រើពាក្យបញ្ជោរ ( ការសរសើរដោយមិនស្មោះត្រង់ ឬហួសហេតុពេក ) ទៅលើយុវជននាសព្វថ្ងៃនេះមានអ្វីខ្លះ ? តើការសន្យាក្លែងក្លាយឬការគំរាមទទេអ្វីខ្លះ ដែលបច្ចាមិត្តអាចប្រើ ? តើអ្នកគិតថា យុវជនអាចយកឈ្នះលើវិធីសាស្ដ្រទាំងនេះតាមរបៀបណា ?
នីហ្វៃទី 3 3:11–5:7
ប្រជាជនរបស់ឡាកូនីអូសរៀបចំការពារខ្លួន ហើយបានបង្ក្រាបពួកចោរកាឌីអានតុន
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 3:11–12 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលរបៀបដែលឡាកូនីអូសបានឆ្លើយតបទៅនឹងសំបុត្រគំរាមរបស់គីឌឌីអានហៃ ។
-
តើសេចក្ដីពិតអ្វីខ្លះដែលយើងអាចរៀនពីរបៀបដែលឡាកូនីអូសបានឆ្លើយតបនឹងគីឌឌីអានហៃ ? ( សេចក្ដីពិតមួយដែលសិស្សអាចរកឃើញនោះគឺ បុរស និងស្ដ្រីសុចរិតមិនត្រូវខ្លាចពួកទុច្ចរិតឡើយ ហើយមិនគួរចុះចាញ់ការគំរាមរបស់ពួកគេដែរ ) ។
សូមបំបែកសិស្សក្នុងថ្នាក់ទៅជាបួនក្រុម ។សូមចែកក្រដាសមួយផ្ទាំងធំមួយឲ្យក្រុមនីមួយៗ ។ សូមឲ្យក្រុមទាំងឡាយគូសចែកក្រដាសរបស់គេជាពីរជួរឈរ ដោយជួរមួយដាក់ចំណងជើងថា ការរៀបចំរបស់ឡាកូនីអូស ហើយមួយទៀតដាក់ចំណងជើងថា រឿងដូចគ្នាក្នុងសម័យទំនើប ។ សូមសរសេរវគ្គព្រះគម្ពីរខាងក្រោមនៅលើក្ដារខៀន ហើយឲ្យវគ្គគម្ពីរមួយទៅក្រុមនីមួយៗ ៖ នីហ្វៃទី 3 3:12–15, នីហ្វៃទី 3 3:16–21, នីហ្វៃទី 3 3:22–26, នីហ្វៃទី 3 4:1–4 ។ សូមឲ្យសិស្សអានខគម្ពីរដែលពួកគេមាន ដោយរកមើលរបៀបដែលឡាកូនីអូសបានរៀបចំប្រជាជនរបស់លោកខាងវិញ្ញាណ និងខាងសាច់ឈាមដើម្បីប្រឈមនឹងការវាយប្រហារពីពួកចោរកាឌីអានតុន ។ នៅក្រោមចំណងជើង ការរៀបចំរបស់ឡាកូនីអូស សូមឲ្យសិស្សម្នាក់ពីក្រុមនីមួយៗសរសេរនូវអ្វីដែលប្រជាជនបានធ្វើក្នុងការរៀបចំខ្លួន ។ ( កំណត់ចំណាំ ៖ នៅពេលសិស្សសិក្សាពីខគម្ពីរទាំងនេះ សូមប្រាកដថា ពួកគេបែងចែកភាពខុសគ្នារវាងគីឌឌីអានហៃ ជាអ្នកដឹកនាំរបស់ពួកចោរកាឌីអានតុន និងគីឌគីឌដូណៃ ដែលជាព្យាការីដ៏អស្ចារ្យ និងជាមេទ័ពដ៏សំខាន់ក្នុងចំណោមពួកសាសន៍នីហ្វៃ ។
ក្រោយពីសិស្សបានមានពេលគ្រប់គ្រាន់ដើម្បីបញ្ចប់បញ្ជីរបស់គេនៅក្រោមចំណងជើង ការរៀបចំរបស់ឡាកូនីអូស ហើយសូមឲ្យពួកគេសរសេរនៅក្រោម រឿងដូចគ្នាក្នុងសម័យទំនើប នូវការរៀបចំខាងវិញ្ញាណ និងខាងសាច់ឈាមដែលយើងត្រូវបានណែនាំឲ្យធ្វើតាមនៅក្នុងថ្ងៃចុងក្រោយនេះ ។ នៅពេលសិស្សបានមានពេលគ្រប់គ្រាន់ដើម្បីបញ្ចប់កិច្ចការនេះហើយ សូមឲ្យសិស្សម្នាក់ពីក្រុមនីមួយៗចែកចាយនូវអ្វីដែលក្រុមរបស់គេបានរៀនដល់សិស្សដទៃទៀត ។ ដើម្បីជួយសិស្សឲ្យកំណត់ពីរបៀបដែលពួកគេអាចអនុវត្តនូវអ្វីដែលពួកគេបានរៀន សូមសួរសំណួរដូចខាងក្រោមអំឡុងពេល ឬក្រោយពីការធ្វើបទបង្ហាញរបស់គេ ៖
-
តើយើងអាចការពារផ្ទះរបស់យើងប្រឆាំងនឹងការវាយប្រហាររបស់សាតាំងដោយរបៀបណា ?
-
ហេតុអ្វីបានជាការរៀបចំខាងសាច់ឈាម —ដូចជាការទទួលបានការអប់រំ និងការស្តុកទុកក្នុងគេហដ្ឋាន— មានសារៈសំខាន់នៅថ្ងៃចុងក្រោយ ?
-
តើការជួបជុំក្នុងក្រុមគ្រួសារ និងនៅក្នុងវួដ ឬសាខាផ្ដល់នូវការការពារដល់យើងយ៉ាងដូចម្ដេចខ្លះ ?
-
តើនៅពេលណាដែលការអធិស្ឋានបានជួយដល់អ្នកឲ្យទទួលបានកម្លាំងខាងវិញ្ញាណ ?
-
តើការប្រែចិត្តអាចរៀបចំយើងសម្រាប់ពេលអនាគតដោយរបៀបណា ?
-
តើពរជ័យអ្វីខ្លះនឹងកើតមាន នៅពេលយើងធ្វើតាមព្យាការី និងសាវកដែលនៅរស់ទាំងឡាយ ?
-
តើយើងអាចអញ្ជើញឲ្យវិញ្ញាណនៃវិវរណៈចូលមកក្នុងជីវិតរបស់យើងដោយរបៀបណា ?
សូមឲ្យសិស្សពីរបីនាក់ប្ដូរវេណគ្នាអានឮៗក្នុង នីហ្វៃទី 3 4:7–12 ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលរបៀបដែលប្រជាជនត្រូវបានប្រទានពរដោយសារតែការរៀបចំខាងវិញ្ញាណ និងខាងសាច់ឈាមរបស់ពួកគេ ។
-
តើសេចក្ដីពិតអ្វីខ្លះដែលអ្នកបានរៀនពីដំណើររឿងនេះ ? ( នៅពេលសិស្សចែកចាយចម្លើយរបស់គេ សូមសង្កត់ធ្ងន់លើគោលការណ៍ដូចខាងក្រោម ៖ នៅពេលយើងរៀបចំខ្លួនយើងខាងវិញ្ញាណ និងខាងសាច់ឈាម នោះព្រះអម្ចាស់នឹងពង្រឹងយើងឲ្យយកឈ្នះលើឧបសគ្គទាំងឡាយ ) ។
សូមសង្ខេប នីហ្វៃទី 34:13–29 ដោយពន្យល់ថា ឡាកូនីអូស និងប្រជាជនរបស់លោកបានវាយបង្រ្កាបពួកចោរកាឌីអានតុន ហើយបានកាត់ទោសអ្នកដឹកនាំរបស់វា ។ សូមអាន នីហ្វៃទី 3 4:30–33 ឮៗ ។សូមឲ្យសិស្សមើលតាម ដោយរកមើលរបៀបដែលប្រជាជនបានឆ្លើយតបទៅនឹងជ័យជំនះនេះ ។
-
តើប្រជាជនបានឆ្លើយតបយ៉ាងណា ក្រោយពីព្រះអម្ចាស់បានដោះលែងពួកគេពីពួកសត្រូវរបស់គេ ?
-
តើប្រជាជនបានទទួលស្គាល់អ្វីខ្លះ ដែលជាបុព្វហេតុនៃសេរីភាពរបស់ពួកគេរួចផុតពីពួកចោរកាឌីអានតុន ? ( ការប្រែចិត្ត និងការបន្ទាបខ្លួនរបស់ពួកគេ និងសេចក្ដីល្អរបស់ព្រះ ។ អ្នកអាចបង្ហាញថា នៅពេលយើងប្រែចិត្ត ហើយបន្ទាបខ្លួនយើង នោះព្រះនឹងទ្រទ្រង់យើងឲ្យឆ្លងផុតពីឧបសគ្គ ហើយធ្វើឲ្យយើងរួចផុតពីការសាកល្បងរបស់យើង ) ។
អ្នកអាចចែកចាយបទពិសោធន៍មួយដែលអ្នកបានទុកចិត្តលើព្រះ ហើយទ្រង់បានជួយអ្នកឲ្យស៊ូទ្រាំ ឬយកឈ្នះនឹងឧបសគ្គនោះ ។ អ្នកក៏អាចសុំឲ្យសិស្សម្នាក់ ឬពីរនាក់ចែកចាយបទពិសោធន៍បែបនោះផងដែរ ។
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 5:1–4 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលអ្វីដែលពួកសាសន៍នីហ្វៃបានធ្វើ ដែលជាលទ្ធផលនៃជំនួយ និងពរជ័យដែលពួកគេបានទទួលនៅក្នុងចម្បាំងរបស់គេជាមួយនឹងពួកចោរកាឌីអានតុន ។ នៅពេលសិស្សចែកចាយអ្វីដែលពួកគេរកឃើញ សូមបញ្ជាក់ថា របៀបមួយដែលប្រជាជននោះបានឆ្លើយតបគឺ ការប្រកាសដំណឹងល្អដល់អ្នកដទៃ ។
នីហ្វៃទី 3 5:8–26
សេចក្ដីសុខសាន្ដត្រូវបានកើតមានឡើងវិញនៅក្នុងចំណោមពួកប្រជាជន មរមនពន្យល់នូវសេចក្ដីសង្ខេបរបស់លោកស្ដីពីកំណត់ត្រាទាំងឡាយ
សូមប្រាប់សិស្សថា ផ្នែកផ្សេងទៀតនៃ នីហ្វៃទី 3 5 មាននូវការពន្យល់របស់មរមនស្ដីពីមូលហេតុដែលលោកសង្ខេបកំណត់ត្រានេះ ។ សូមឲ្យសិស្សអាន នីហ្វៃទី 3 5:12–15 ដោយស្ងៀមស្ងាត់ ដោយរកមើលអ្វីដែលមរមនបានថ្លែងអំពីទំនួលខុសត្រូវរបស់លោក ក្នុងការសរសេរសេចក្ដីសង្ខេបនៃកំណត់ត្រារបស់ពួកសាសន៍នីហ្វៃ ។
-
តើសេចក្ដីពិតអ្វីខ្លះដែលអ្នកបានរៀនពីខគម្ពីរទាំងនេះ ដែលពិពណ៌នាពីទំនួលខុសត្រូវរបស់យើងក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ? ( ទោះបីជាសិស្សអាចប្រើពាក្យខុសគ្នាក្ដី ក៏ពួកគេគួររកឃើញនូវសេចក្ដីពិតដូចខាងក្រោមនេះ ៖ ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ យើងមានការទទួលខុសត្រូវដើម្បីបង្រៀនដល់អ្នកដទៃពីរបៀបទៅរកជីវិតដ៏នៅអស់កល្បជានិច្ច ។ អ្នកអាចសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ) ។
សូមបង្ហាញថា របៀបដ៏មានសារៈសំខាន់បំផុតមួយដែលយើងអាចបង្ហាញអំណរគុណរបស់យើងចំពោះព្រះអម្ចាស់សម្រាប់ពរជ័យដែលទ្រង់ប្រទានដល់យើងគឺ ដោយការជួយអ្នកដទៃឲ្យចូលមករកទ្រង់ ហើយទទួលបានពរជ័យទាំងនោះដូចគ្នា ។ សូមឲ្យសិស្សលើកឡើងនូវរបៀបមួយចំនួនដែលពួកគេអាចបង្រៀនដល់អ្នកដទៃពីផ្លូវទៅរកជីវិតដ៏នៅអស់កល្បជានិច្ច ក្នុងនាមគេជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមលើកទឹកចិត្តសិស្សឲ្យជ្រើសរើសការណែនាំទាំងនេះមួយ ឬពីរដើម្បីចែកចាយដំណឹងល្អ និងដើម្បីស្វែងរកជំនួយរបស់ព្រះអម្ចាស់ប្រកបដោយការអធិស្ឋាននៅក្នុងការអនុវត្តអ្វីដែលពួកគេជ្រើសរើសធ្វើនោះ ។
វិចារណកថា និង ព័ត៌មានសាច់រឿង
នីហ្វៃទី 3 2:15 ។ « បណ្ដាសារបស់ពួកគេត្រូវបានដកចេញពីពួកគេ »
សម្រាប់ជំនួយដើម្បីយល់ពីបណ្ដាសារដែលបានដាក់លើពួកសាសន៍លេមិន សូមមើលសេចក្ដីថ្លែងការណ៍ដោយប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ នៅក្នុងមេរៀនទី 27 នៅក្រោមគំនិតក្នុងការបង្រៀនសម្រាប់ នីហ្វៃទី 2 5:19–25 ។ សូមមើលផងដែរវិចារណកថា និង ព័ត៌មានសាច់រឿងសម្រាប់ អាលម៉ា 3:6–17 នៅចុងបញ្ចប់នៃមេរៀនទី 70 ។
នីហ្វៃទី 3 2:5–8 ។ ប្រតិទិននៃពួកសាសន៍នីហ្វៃ
ក្នុងប្រវត្តិសាស្ដ្រទាំងមូលរបស់ពួកគេ ពួកសាសន៍នីហ្វៃបានប្រើចំណុចខុសគ្នាបីនៃសេចក្ដីយោងក្នុងការវាស់ពេលវេលាជាមួយនឹងប្រតិទិនរបស់ពួកគេ ៖ (1) សម័យដែលលីហៃបានចាកចេញពីទីក្រុងយេរូសាឡិម ; (2) សម័យដែលរដ្ឋាភិបាលបានផ្លាស់ប្ដូរពីរាជ្យស្ដេច ទៅជារជ្ជកាលចៅក្រម ; និង (3) សម័យដែលទីសម្គាល់នៃការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទត្រូវបានប្រទាន ។ យើងមិនដឹងច្បាស់ថានៅពេលណាដែលពួកសាសន៍នីហ្វៃបានចាប់ផ្ដើមសម្គាល់ពីប្រតិទិនរបស់ពួកគេអំពីពេលនៃការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទនោះទេ ប៉ុន្ដែមរមនទទួលស្គាល់ពីការផ្លាស់ប្ដូរនេះនៅក្នុង នីហ្វៃទី 3 2:7–8 ។
ចំណុចយោង |
ប្រហែលជាពេល នៅពេលប្រើ |
បណ្តុំបទគម្ពីរ |
---|---|---|
ពីពេលដែលលីហៃបានចាកចេញពីទីក្រុងយេរូសាឡិម |
ឆ្នាំ 600–92 ម.គ.ស. | |
ពីពេលដែលរដ្ឋាភិបាលបានផ្លាស់ប្ដូរពីរាជ្យស្ដេចទៅជារជ្ជកាលចៅក្រម |
ឆ្នាំ 92 ម.គ.ស.–គ.ស. 1 | |
ពេលដែលទីសម្គាល់នៃការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទត្រូវបានប្រទាន |
ឆ្នាំ 1–421គ.ស. |