បណ្ណាល័យ
មេរៀន​ទី 22 ៖ នីហ្វៃ​ទី ​2 1


មេរៀនទី 22

នីហ្វៃទី 2 1

សេចក្តី​ផ្ដើម

សេចក្ដី​ពិត​នៅក្នុង នីហ្វៃ​ទី ​2 1 ត្រូវ​បាន​និយាយ​ដោយ​ឪពុក និង អ្នកដឹកនាំ​ដែល​មាន​ក្ដីស្រឡាញ់​ម្នាក់ ដែល​ជិតនឹង​ស្លាប់ ។ លីហៃ​បាន​អង្វរ​កូនប្រុស​របស់​គាត់ កូនប្រុស​របស់​អ៊ីសម៉ាអែល និង សូរ៉ាំ​ឲ្យ​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ។ គាត់​បាន​សន្យា​នឹង​ពួកគេ​ថា ប្រសិន​បើ​ពួកគេ​រក្សា​ព្រះបញ្ញត្តិ​របស់​ព្រះ នោះ​ពួកគេ​នឹង​បាន​រីកចម្រើន​នៅ​លើ​ដែនដី ។ គាត់​ក៏​បាន​ដាស់តឿន​ពួកគេ​ឲ្យ​ធ្វើតាម​ការដឹកនាំ​ក្នុង​នាម​ជា​ព្យាការី​របស់​នីហ្វៃ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី 2 1:1–23

លីហៃ​ដាស់តឿន​ប្រជាជន​របស់​គាត់​ឲ្យ​រស់នៅ​ដោយ​សុចរិត

សុំ​ឲ្យ​សិស្ស​ស្រមៃ​ថា ពួកគេ​ត្រូវ​ចាកចេញ​ពី​សមាជិក​គ្រួសារ​របស់​ពួកគេ​ភ្លាមៗ និង ប្រហែល​មិន​អាច​ជួប​នឹង​ពួក​គេ​ម្ដងទៀត​ឡើយ ។

  • ប្រសិនបើ​អ្នក​ត្រូវ​និយាយ​ពាក្យ​ផ្ដែផ្ដាំ​ចុង​ក្រោយខ្លះៗ​ដល់​គ្រួសារ​អ្នក តើ​អ្នក​នឹង​និយាយ​អ្វី ? ហេតុអ្វី ?

ក្រោយពី​ស្ដាប់​សិស្ស​ពីរ​បី​នាក់រួច​ហើយ សូម​ពន្យល់​ថា​ជំពូក​ទី ​1–4 នៃ​នីហ្វៃ​ទី 2 រួម​មាន​កំណត់ត្រា​របស់​នីហ្វៃ​អំពី​ការប្រឹក្សា​ចុងក្រោយ​បំផុត​របស់​ឪពុក​របស់​គាត់ ។ មេរៀន​នេះ ផ្ដោត​ទៅ​លើ នីហ្វៃ​ទី ​2 1 ដែល​រួម​មាន​ការប្រឹក្សា​ដែល​លីហៃ​បាន​ចែកចាយ​ជាមួយ​នឹង​កូនប្រុស​របស់​គាត់ កូនប្រុស​របស់​អ៊ីសម៉ាអែល និង សូរ៉ាំ ។

  • តើ​ហេតុអ្វី​បាន​ជា​ការប្រឹក្សា​ចុងក្រោយ​របស់​ឪពុក ឬ ព្យាការី​ម្នាក់​មាន​សារសំខាន់​យ៉ាងពិសេស​ម្ល៉េះនោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី ​2 1:1–5ឮៗ ។ សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រក « រឿង​ដ៏​អស្ចារ្យ​ដែល​ព្រះអម្ចាស់​បាន​ធ្វើ » សម្រាប់​គ្រួសារ​របស់​លីហៃ ។

  • តើ​រឿង​ដ៏​អស្ចារ្យ​ទាំងនេះ បាន​បង្ហាញ​ពី​សេចក្ដី​មេត្តាករុណា​របស់​ព្រះអម្ចាស់​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​មាន​គំរូ​ណា​មួយ​​ដ៏​អស្ចារ្យ ដែល​ព្រះអម្ចាស់​បាន​ធ្វើ​សម្រាប់​អ្នក ឬ គ្រួសារ​របស់​អ្នក ?

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា នៅពេល​អ្នក​គិត​អំពី​សេចក្ដី​មេត្តាករុណា​របស់​ព្រះ​ចំពោះ​អ្នក និង គ្រួសារ​របស់​អ្នក ?

នៅលើ​ក្ដារខៀន​ម្ខាង សូម​សរសេរពាក្យសកម្មភាព ។នៅ​លើ​ក្ដារខៀន​ម្ខាង​ទៀត សូម​សរសេរពាក្យលទ្ធផល ។សូម​បែងចែក​សិស្ស​ជា​ពីរ​ក្រុម ។ សូម​អញ្ជើញ​ក្រុម​ទី​មួយ​អាន នីហ្វៃ​ទី ​2 1:6–9ហើយ​ក្រុម​ទី​ពីរ​អាន នីហ្វៃ​ទី​2 1:10–12 ។ សុំ​ឲ្យ​ក្រុម​ទាំងពីរ​ស្វែងរក​​សកម្មភាព​ដែល​លីហៃ​បាន​និយាយ​ថា កូនចៅ​របស់​គាត់​អាច​ធ្វើ ។ សុំ​ឲ្យ​ពួកគេ​រក​មើល​លទ្ធផល​នៃ​សកម្មភាព​ទាំងនោះ​ផងដែរ ។ ឧទាហរណ៍ លីហៃ​បាន​និយាយ​ថា ប្រសិន​បើ​មនុស្ស​បម្រើ​ព្រះអម្ចាស់​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ នោះ​ដែនដី​នោះ​នឹង​ជា​ដែនដី​មួយ​នៃ​សេរីភាព​សម្រាប់​ពួកគេ ( សូម​មើល នីហ្វៃ​ទី ​2 1:7 ) ។ នៅពេល​សិស្ស​ចែកចាយ​ចម្លើយ​របស់​ពួកគេ សុំ​ឲ្យ​សិស្ស​ម្នាក់​សរសេរ​វា​នៅ​លើ​ក្ដារខៀន ។

  • នៅពេល​អ្នក​សិក្សា​ចម្លើយ​នៅ​លើ​ក្ដារខៀន តើ​អ្នក​នឹង​សង្ខេប​សារលិខិត​របស់​លីហៃ​ទៅកាន់​គ្រួសារ​របស់​អ្នក​ដោយ​របៀប​ណា ? ( សិស្ស​អាច​ឆ្លើយ​ដោយ​ប្រើ​ពាក្យ​ខុសគ្នា ប៉ុន្ដែ​សូម​ប្រាកដ​ថា សារលិខិត​ខាងក្រោម​វា​ច្បាស់​ថា ៖ ព្រះអម្ចាស់​ប្រទានពរ​ដល់​យើង នៅពេល​យើង​កាន់តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ហើយ​ទ្រង់​នឹង​ដកយក​នូវ​ពរជ័យ នៅពេល​យើង​មិន​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។ )

  • នៅក្នុង​នីហ្វៃ​ទី ​2 1:9 ឃ្លា « ដែនដី​នេះ » យោង​លើ​ប្រទេស​អាមេរិក ។ តើ​ព្រះអម្ចាស់​បាន​សន្យា​អ្វី​ខ្លះ​ចំពោះ​អ្នកគោរព ​ប្រតិបត្តិ​ដែល​បាន​រស់នៅ​ក្នុង « ដែនដី​នេះ » ?

ដើម្បី​ជួយ​សិស្ស​យល់​ពីអត្ថ​ន័យ​នៃ​ការប្រៀបធៀប​ន័យ​ដែល​លីហៃ​បាន​ប្រើ​ដើម្បី​ណែនាំ​កូនប្រុស​របស់​គាត់​ឲ្យ​កាន់តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ សូម​បង្ហាញ​នាឡិកា​រោទិ៍ ច្រវ៉ាក់ និង អ្វី​មួយ​ដែល​មាន​ដី​ប្រឡាក់​លើ​វា ( សូម​ប្រាកដ​ថា សង្កត់​ន័យ​លើ​ដី មិនមែន​វត្ថុ​នោះ​ទេ ) ។

សូម​អញ្ជើញ​សិស្ស​អាន នីហ្វៃ​ទី ​2 1:13–14ដោយ​ស្ងាត់ស្ងៀម ដោយ​ស្វែងរក​មើល​ពាក្យ និង ឃ្លា​ដែល​ទាក់ទង​នឹង​វត្ថុ​ទាំង​បី​នេះ ។ ក្រោយពី​ពួកគេ​បាន​អាន​ហើយ សូម​លើក​វត្ថុ​នីមួយៗ​ឡើង ហើយ​សុំ​ឲ្យ​សិស្ស​ចែកចាយ​នូវ​ពាក្យ និង ឃ្លា​ដែល​ពួកគេ​បាន​រក​ឃើញ ។ ( ចម្លើយ​អាច​រួមមាន « ភ្ញាក់​ឡើង » « ដំណេក​នរក » « រលាស់ចោល​នូវ​ច្រវាក់​ដ៏​អប្រីយ៍ » « ច្រវាក់​ចង » និង « ងើប​ឡើង​ពី​ធូលី​ដី » ។ ) សូម​សួរ​សិស្ស​ពី​អ្វី​ដែល​វា​អាច​មាន​ន័យ​នៅក្នុង « ដំណេក​ដ៏​លង់លក់ » ដែល​ចង​ដោយ « ច្រវាក់​ដ៏​អប្រិយ៍ » ឬ ត្រូវ « ងើប​ពី​ធូលី​ដី » ។

  • នៅពេល​លីហៃ​ប្រើ​ពាក្យ និង ឃ្លា​ទាំងនេះ តើ​គាត់​កំពុង​ដាស់តឿន​កូនប្រុស​របស់​គាត់​ឲ្យ​ធ្វើ​អ្វី ? ( ដើម្បី​កែប្រែចិត្ត ដើម្បី​ផ្លាស់ប្ដូរ​ផ្លូវ​របស់​ពួកគេ ។ )

  • តើ​លីហៃ​បាន​ព្រមាន​អ្វីខ្លះ ដែល​នឹង​កើតឡើង ប្រសិនបើ​កូនប្រុស​របស់​គាត់​មិន​ព្រម « រលាស់​ចោល​នូវ​ច្រវាក់ [ របស់​ពួកគេ ] ? ( សូមមើល នីហ្វៃទី ​2 1:13 ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​នីហ្វៃ​ទី ​2 1:14–18ដោយ​ស្ងាត់ស្ងៀម ។ សូម​ពន្យល់​ថា លីហៃ​បាន​ផ្ដល់​ការប្រឹក្សា​នេះ​ដោយ​សន្ដានចិត្ត​ល្អ និង សេចក្ដី​ស្រឡាញ់ និង ដោយ​ការបារម្ភ​ដ៏​ខ្លាំង ( « អន្ទះសារ » ) ចំពោះ​សុខុមាលភាព​របស់​កូនៗ​របស់​គាត់ ។ សុំ​ឲ្យ​សិស្ស​ស្វែងរក​មូលហេតុ​ដែល​លីហៃ​ចង់​ឲ្យ​គ្រួសារ​របស់​គាត់​កាន់តាម​ព្រះបញ្ញត្តិ​នៃ​ព្រះអម្ចាស់ ។

  • តើ​ហេតុអ្វី​បានជា​លីហៃ​ព្រួយ​បារម្ភ​ពី​កូនចៅ​របស់​គាត់ ? ( គាត់​ព្រួយ​បារម្ភ​អំពី​លទ្ធផល ដែល​ពួកគេ​នឹង​រងទុក្ខ​ដោយសារ​តែ​សកម្មភាព​របស់​ពួកគេ ហើយ​គាត់​ចង់​ឲ្យ​ពួកគេ​ទទួល​បាន​នូវ​បទពិសោធន៍​ពី​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ដូច​ដែល​គាត់​បាន​ទទួល ។ )

សុំ​ឲ្យ​សិស្ស​អាន​រៀងៗ​ខ្លួន​នៅក្នុង នីហ្វៃ​ទី ​2 1:15​ ម្ដង​ទៀត ។

  • តើ​ពរជ័យ​អ្វី​ដែល​លីហៃ​បាន​ទទួល ដោយសារ​តែ​ភាពស្មោះត្រង់​របស់​គាត់ ?

  • តើ​​អ្នក​មាន​អារម្មណ៍​ហ៊ុំព័ទ្ធ​នៅក្នុង​ព្រះហស្ដ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ នៅពេល​ណា ?

សូម​បំបែក​សិស្ស​ជា​គូៗ ។ សុំ​ឲ្យ​សិស្ស​ម្នាក់​នៅក្នុង​គូ​នីមួយៗ​ស្រាវជ្រាវ នីហ្វៃ​ទី ​2 1:19–22រក​មើល​សេចក្ដី​សន្យា​ដែល​អាច​បំផុស​គំនិត​កូនប្រុស​របស់​លីហៃ​ឲ្យ​កែប្រែ​ចិត្ត ។ សុំ​ឲ្យ​សិស្ស​ម្នាក់​ទៀត​នៅក្នុង​ដៃគូ​នីមួយៗ​ស្រាវជ្រាវ​ខគម្ពីរ​ដដែល​រក​មើល​លទ្ធផល​ដែល​លីហៃ​បាន​និយាយ​ថា​នឹង​មក ប្រសិន​បើ​កូនប្រុស​របស់​គាត់​ជ្រើសរើស​បដិសេធ​ការប្រឹក្សា​របស់​គាត់ ។ ( អ្នក​អាច​សរសេរ​កិច្ចការ​នេះ​នៅ​លើ​ក្ដារខៀន ។ ) សុំ​ឲ្យ​សិស្សរយៈពេល​បី ឬ បួន​នាទី​ម្នាក់ ដើម្បី​បំពេញ​កិច្ចការ​នេះ ហើយ​ចែកចាយ​របកគំហើញ​របស់​ពួកគេ​ជាមួយ​នឹង​គ្នា​ទៅវិញទៅមក ។ អ្នក​អាច​ដើរ​មើល​ថ្នាក់ នៅពេល​ពួកគេ​រៀបរាប់​ការរកឃើញ​របស់​គេ ដូច្នេះ​អ្នក​អាច​ជួយ​ណែនាំ​ការពិភាក្សា​របស់​ពួកគេ ។

សូម​អាន​ឧបសគ្គ​របស់​លីហៃ​នៅក្នុង នីហ្វៃ​ទី ​2 1:23 ឮៗ​ទៅ​កាន់​សិស្ស ។ អ្នក​អាចអញ្ជើញសិស្ស​ឲ្យ​គូសចំណាំ​ខគម្ពីរ​នេះ ។ អ្នក​ក៏​អាច​លើកទឹកចិត្ត​ពួកគេ​ឲ្យ​សរសេរ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​កត់ត្រា​ក្នុង​ថ្នាក់​របស់​ពួកគេ​អំពី​រឿង​មួយ​ដែល​ពួកគេ​គួរតែ​ធ្វើ​ដើម្បី « ភ្ញាក់ឡើង » ឬ « រលាស់​ចោល​នូវ​ច្រវាក់ » ឬ « ងើប​ពី​ធូលី​ដី » ដើម្បី​ពួកគេ​អាច​ទទួល​បាន​នូវ​ពរជ័យ​ដែល​លីហៃ​បាន​និយាយ​ប្រាប់​នោះ ។

  • តើ​វា​មាន​ន័យ​ដូចម្ដេច​ចំពោះ​អ្នក​ក្នុង​ការ « ពាក់​សេចក្ដី​សុចរិត​ទុក​ជា​ប្រដាប់​បាំង​ដើមទ្រូង » ? ( សូម​មើល គ. និង ស. 27:15–18 ។ )

នីហ្វៃទី ​2 1:24–32

លីហៃ​បាន​ដាស់តឿន​កូនប្រុស​របស់​គាត់​ឲ្យ​ធ្វើតាម​ការដឹកនាំ​បែប​ព្យាការី​របស់​នីហ្វៃ

សូម​ពន្យល់​ថា លីហៃ​បាន​បង្រៀន​អំពី​ប្រភព​មួយ​នៃ​កម្លាំង និង ការបំផុស​គំនិត​ដែល​ព្រះអម្ចាស់​បាន​ផ្ដល់​ដល់​គ្រួសារ​របស់​គាត់ ។ សូម​អញ្ជើញ​សិស្ស​ស្វែងរក​ប្រភព​នោះ​នៅក្នុង នីហ្វៃ​ទី ​2 1:24 ។ ( ប្រភព​នោះ​គឺ​នីហ្វៃ ដែល​បាន​បម្រើ​ដូចជា​ព្យាការី​របស់​ពួកគេ ក្រោយពី​លីហៃ​បាន​ស្លាប់​ទៅ ។ )

សុំ​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី ​2 1:25–28ឮៗ ។ សុំ​ឲ្យ​សិស្ស​រក​មើល​មូលហេតុ​ដែល​លីហៃ​បាន​ផ្ដល់​ដល់​ប្រជាជន ដើម្បី​ឲ្យ​ពួកគេ​ធ្វើតាម​នីហ្វៃ ។

  • តើ​គុណសម្បត្តិ​អ្វី​ខ្លះ ដែល​លីហៃ​បាន​ញ្ជាក់ នៅពេល​គាត់​បាន​និយាយ​អំពី​ការដឹកនាំ​របស់​នីហ្វៃ ? ហេតុអ្វី​បាន​ជា​អ្នក​ទុកចិត្ត​លើ​អ្នកដឹកនាំ​ម្នាក់​ដែល​មាន​គុណសម្បត្តិ​ទាំងនេះ ?

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​ឃើញ​អ្នកដឹកនាំ​សាសនាចក្រ ធ្វើជា​គំរូ​នូវ​គុណសម្បត្តិ​ទាំងនេះ ?

សូម​អញ្ជើញ​សិស្ស​អាន នីហ្វៃ​ទី ​2 1:30–32ដោយ​ស្ងាត់ៗ ។ សុំ​ឲ្យ​ពួកគេ​ស្វែងរក​សេចក្ដី​សន្យា​ដែល​លីហៃ​បាន​ផ្ដល់​ទៅ​សូរ៉ាំ ។

  • តើ​អ្នក​រក​ឃើញ​សេចក្ដី​សន្យា​អ្វី​ខ្លះ ?

  • តើ​សេចក្ដី​សន្យា​ទាំងនេះ​អាច​អនុវត្ត​ចំពោះ​យើង និង គ្រួសារ​របស់​យើង នៅពេល​យើង​ធ្វើតាម​ព្យាការី​បាន​យ៉ាង​ដូចម្ដេច ?

ក្រោយពី​ការពិភាក្សា​នេះ សូម​ប្រាកដ​ថា សិស្ស​យល់​ថា នៅពេល​យើង​ធ្វើ​តាម​អ្នកទាំងឡាយ​ណា​អ្នក​ព្រះ​បាន​ហៅ​ឲ្យ​ដឹកនាំ​យើង យើង​នឹង​ត្រូវ​បាន​ប្រទានពរ​ឲ្យ​រីកចម្រើន និង មាន​សុវត្ថិភាព​ខាង​វិញ្ញាណ ។ដើម្បី​គាំទ្រ​គោលការណ៍​នេះ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ពរជ័យ​ដែល​បាន​មក នៅពេល​យើង​ធ្វើតាម​អ្នកដឹកនាំ​សាសនាចក្រ​របស់​យើង ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃទី 2 1:22 « សេចក្ដី​បំផ្លិចបំផ្លាញ​ដ៏​អស់កល្ប​ជានិច្ច »

នៅក្នុង នីហ្វៃ​ទី 2 1:22 លីហៃ​បាន​និយាយ​អំពី « សេចក្ដី​បំផ្លិចបំផ្លាញ​ដ៏​អស់កល្ប​ជានិច្ច​នៃ​ព្រលឹង និង ទាំង​រូបកាយ​ដែរ ។ » សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន យ៉ូសែប ហ្វ៊ីងឌីង ស្ម៊ីធ អាច​ជួយ​អ្នក​ពន្យល់​ប្រសាសន៍​របស់​លីហៃ ៖

« សេចក្ដី​បំផ្លិចបំផ្លាញ មិន​មែន​មាន​ន័យ​ថា​ការសូន្យសុង​នោះ​ទេ ។ យើង​ដឹងដោយសារ​យើង​ត្រូវ​បាន​បង្រៀន​នៅក្នុង​វិវរណៈ​នៃ​ព្រះអម្ចាស់ ថា​ព្រលឹង​មួយ​មិន​អាច​ត្រូវ​បាន​បំផ្លាញ​បាន​ឡើយ ។

« រាល់​ព្រលឹង​វិញ្ញាណ​ទាំងអស់​ដែល​បាន​កើត​មក​ក្នុង​ពិភពលោក​នេះ នឹង​ទទួល​បាន​ការរស់ឡើងវិញ និង អមតភាព ហើយ​ត្រូវ​ស៊ូទ្រាំ​ជារៀង​រហូត​តទៅ ។ ដូច្នេះ ការបំផ្លិចបំផ្លាញ មិនមែន​មាន​ន័យ​ថា ការសូន្យសុង​នោះ​ទេ ។ នៅពេល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា ពួកគេ​នឹង​ត្រូវ​បាន​បំផ្លាញ នោះ​ទ្រង់​មាន​ន័យ​ថា ពួកគេ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​វត្តមាន​របស់​ទ្រង់ នោះ​ពួកគេ​នឹង​ត្រូវ​កាត់ចេញ​ពី​វត្តមាន​នៃ​ពន្លឺ និង សេចក្ដីពិត ហើយ​នឹង​មិន​ត្រូវ​ទទួល​បាន​អភ័យឯកសិទ្ធិ​នៃ​ការតម្កើង​នេះ​ទេ ហើយ​នោះ​គឺជា​ការបំផ្លិចបំផ្លាញ » ( Doctrines of Salvation ចងក្រង​ដោយ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី 3 វ៉ុល [1954–56], 2:227–28 ) ។

នីហ្វៃទី 2 1:28 ។ « បើសិនជា​អ្នករាល់គ្នា​ប្រុងស្ដាប់​តាម​សំឡេង​របស់​នីហ្វៃ អ្នករាល់គ្នា​នឹង​មិនត្រូវ​វិនាស​ឡើយ »

លីហៃ​បាន​សន្យា​ថា អស់អ្នក​ដែល​នឹង « ប្រុងស្ដាប់​តាម​សំឡេង​របស់​នីហ្វៃ » នឹង​ត្រូវ​បាន​ប្រទានពរ ( សូម​មើល នីហ្វៃ​ទី 2 1:28) ។ ដើម្បី​អាន​អំពី​សេចក្ដីសន្យា​ទាំងឡាយ ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ជាមួយ​នឹង​អស់​អ្នក​ដែល​ធ្វើតាម​ព្យាការី​ដែល​នៅ​រស់​នៅក្នុង​ជំនាន់​របស់​យើង សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា 21:5–6

ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បាន​មាន​ប្រសាសន៍​ថា ៖ « ខ្ញុំ​សង្ឃឹម​ថា យើង​អាច​ដេញ​តាម​ផ្លូវ​ដែល​ដាក់​ចុះ​សម្រាប់​យើង​ទាំងអស់​គ្នា​បាន ដោយសារ​អ្នកបម្រើ​របស់​ព្រះអម្ចាស់ ដ្បិតប្រសិនបើ​យើង​ធ្វើ​ការណ៍​នេះ ខ្ញុំ​ដឹង​ថា យើង​នឹង​មាន​សុវត្ថិភាព​នៅក្នុង​ពិភពលោក​នេះ ហើយ​ទទួល​បាន​នូវ​សុភមង្គល និង ការតម្កើង​​នៅក្នុង​ពិភព​ដែល​នឹង​មក​ខាង​មុខ ។… ប្រសិនបើ​យើង​ស្មោះត្រង់ ពួកគាត់​នឹង​នាំ​យើង​ទៅ​តាម​ផ្លូវ​នៃ​ជីវិត ហើយ​ដរាបណា​យើង​មាន​សេចក្ដីជំនឿ​ជឿ​ដល់​ការណែនាំ​របស់​ពួកគាត់ នៅក្នុង​ការបង្រៀន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​តាមរយៈ​ពួកគាត់ យើង​នឹង​​នៅលើ​ផ្លូវ​ដែល​មាន​សុវត្ថិភាពជានិច្ច ហើយ​នឹងជឿជាក់​ថា​បាន​រង្វាន់​របស់​យើង » (Teachings of Presidents of the Church: Wilford Woodruff [2004] ទំព័រ 199) ។