សេចក្ដីផ្ដើមអំពី អំពីអេណុស
ហេតុអ្វីត្រូវសិក្សាអំពីនេះ ?
គម្ពីរអេណុសបង្ហាញពីព្រះចេស្ដានៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ដើម្បីលាងសម្អាតមនុស្សពីអំពើបាប និង ធ្វើឲ្យពួកគេពេញលេញ ។ អេណុសតស៊ូនៅចំពោះព្រះ ដោយការអធិស្ឋានដ៏ខ្លាំងក្លា មុនពេលអំពើបាបរបស់គាត់ត្រូវបានអភ័យទោសឲ្យនោះ ។ បន្ទាប់មក គាត់បានអធិស្ឋានសម្រាប់សុខុមាលភាពខាងវិញ្ញាណដល់សាសន៍នីហ្វៃ និង សាសន៍លេមិន ហើយគាត់បានចំណាយពេលនៅសល់ក្នុងជីវិតរបស់គាត់បម្រើសម្រាប់សេចក្ដីសង្គ្រោះរបស់ពួកគេ ។ នៅពេលសិស្សសិក្សាគម្ពីរអេណុស ពួកគេអាចរកឃើញនូវមេរៀនដ៏សំខាន់អំពីការអធិស្ឋាន ការប្រែចិត្ត និង វិវរណៈ ។ ពួកគេក៏អាចដឹងថា នៅពេលបុគ្គលម្នាក់ៗទទួលបានពរជ័យនៃដង្វាយធួន នោះពួកគេនឹងមានបំណងដើម្បីចែកចាយនូវពរជ័យទាំងនោះជាមួយនឹងអ្នកដទៃដែរ ។
តើនរណាជាអ្នកសរសេរគម្ពីរនេះ ?
អេណុស កូនប្រុសរបស់យ៉ាកុប និង ជាចៅប្រុសរបស់លីហៃ និង សារ៉ា បានសរសេរគម្ពីរនេះ ។ អេណុសបានកត់ត្រាថា ឪពុករបស់គាត់បានបង្រៀនគាត់ « តាមដំបូន្មាន និង សេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់ » ( អេណុស 1:1 ) ។ នៅជិតចុងបញ្ចប់នៃជីវិតរបស់គាត់ អេណុសបានសរសេរថា គាត់បានប្រកាសពី « សេចក្ដីពិតដែលមាននៅក្នុងព្រះគ្រីស្ទ » អស់មួយជីវិតរបស់គាត់ ( អេណុស 1:26 ) ។ មុនពេលការស្លាប់របស់គាត់ អេណុសបានបន្ដផ្ទាំងនីហ្វៃតូចទៅឲ្យកូនប្រុសរបស់គាត់ គឺយ៉ារ៉ុម ( សូមមើល យ៉ារ៉ុម 1:1 ) ។ អេណុសបានបញ្ចប់កំណត់ត្រារបស់គាត់ ដោយការនិយាយថា គាត់បានអររីករាយនៅក្នុងថ្ងៃ នៅពេលដែលគាត់បានឈរនៅចំពោះព្រះភ័ក្ដ្រព្រះប្រោសលោះរបស់គាត់ ។ គាត់បានប្រកាសថា « ខណៈនោះ ខ្ញុំនឹងបានឃើញព្រះភក្ដ្រទ្រង់ ដោយសេចក្ដីសោមនស្ស ហើយព្រះអង្គនឹងមានព្រះបន្ទូលមកខ្ញុំថា ៖ ចូរមករកយើងចុះ អ្នកមានពរហើយ មានទីកន្លែងមួយដែលបានរៀបចំសម្រាប់អ្នកនៅក្នុងវិមានរបស់ព្រះវរបិតាយើង » ( អេណុស 1:27 ) ។
តើគម្ពីរនេះត្រូវបានសរសេរសម្រាប់អ្នកណា ហើយហេតុអ្វី ?
នៅពេលអេណុសទទួលបានផ្ទាំងតូចពីឪពុករបស់គាត់ គាត់បានសន្យានឹងឆ្លាក់ទុកតែការសរសេរដែលគាត់គិតថាមានតម្លៃបំផុត ដែលរួមមានការបង្រៀនដ៏ពិសិដ្ឋ វិវរណៈ និង ការព្យាករណ៍ ( សូមមើល យ៉ាកុប 1:1–4; 7:27 ) ។ អេណុសបានដឹងថា ប្រជាជនរបស់គាត់ គឺសាសន៍នីហ្វៃ នឹងត្រូវបំផ្លាញនៅទីបញ្ចប់ ។ គាត់បានអធិស្ឋានថា ព្រះអម្ចាស់នឹងរក្សាបញ្ជីនៃសាសន៍នីហ្វៃមួយ « ដើម្បីវាអាចបានយកចេញមកផ្សាយក្នុងពេលអនាគតដល់ពួកសាសន៍លេមិន ដើម្បីក្រែងពួកគេអាចបាននាំមកឯសេចក្ដីសង្គ្រោះ » ( អេណុស 1:13 ) ។
តើនៅពេលណា និង នៅកន្លែងណាដែលវាត្រូវបានសរសេរនោះ ?
អេណុសបានបញ្ចប់កំណត់ត្រារបស់គាត់ ដោយការប្រកាសថា 179 ឆ្នាំបានកន្លងទៅចាប់តាំងពីលីហៃបានចាកចេញពីទីក្រុងយេរូសាឡិម ( សូមមើល អេណុស 1:25 ) ។ នោះវាបញ្ជាក់ពីកាលបរិច្ឆេទនៃការសរសេររបស់គាត់ថា រវាងប្រហែលឆ្នាំ 544មុន.គ.ស. ( នៅពេលយ៉ាកុបបានបញ្ចប់កំណត់ត្រារបស់គាត់ ) និង ឆ្នាំ 421 មុន.គ.ស. អេណុសបានសរសេរកំណត់ត្រានេះ ពេលកំពុងរស់នៅក្នុងដែនដីនីហ្វៃ ។
តើមានផ្នែកខុសគ្នាអ្វីខ្លះនៅក្នុងគម្ពីរនេះ ?
គម្ពីរអេណុសបង្ហាញពីគំរូមួយដែលបង្ហាញពីរបៀបដែលបុគ្គលអាចទទួលបានពរជ័យនៃដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ និង ចែកចាយនូវពរជ័យទាំងនោះជាមួយនឹងអ្នកដទៃ ។ ដំបូង អេណុសត្រូវបានបង្រៀនអំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល អេណុស 1:1, 3 ) ។ បន្ទាប់មក គាត់បានទទួលស្គាល់តម្រូវការរបស់គាត់ចំពោះព្រះអង្គសង្គ្រោះ ហើយបានអធិស្ឋានសម្រាប់ការអភ័យទោស ( សូមមើល អេណុស 1:2–4 ) ។ បន្ទាប់មកទៀត ក្រោយពីការទទួលបានការផ្ដាច់បាបរបស់គាត់ហើយ គាត់បានអធិស្ឋាន និង បានបម្រើដោយឧស្សាហ៍ព្យាយាមដើម្បីនាំអ្នកផ្សេងមកឯសេចក្ដីសង្គ្រោះ ។ ( សូមមើល អេណុស 1:5–27 ) ។ គំរូនេះលេចចេញឡើងពាសពេញក្នុងព្រះគម្ពីរមរមន ។ គំរូរួមមាន អាលម៉ា ( សូមមើលម៉ូសាយ 17:1–2; 18:1–2 )អាលម៉ាតូច និង កូនប្រុសរបស់ម៉ូសាយ ( សូមមើលម៉ូសាយ 27–28 )និង ឡាម៉ូណៃ និង ប្រជាជនរបស់គាត់ ( សូមមើលអាលម៉ា 18–19 ) ។
លើសពីនេះទៀត គម្ពីរអេណុសគឺជាគម្ពីរដំបូងដែលពិពណ៌នាពីសេចក្ដីលម្អិតនៃស្ថានភាពក្បត់សាសនានៃកូនចៅរបស់លេមិន និង លេមយួល ( សូមមើល អេណុស 1:20 ) ។ វាក៏បានលើកឡើងដែរថាមាន « ព្យាការីជាច្រើនណាស់ » នៅក្នុងចំណោមពួកសាសន៍នីហ្វៃ ទោះបីជាភាគច្រើននៃសាសន៍នីហ្វៃជា « ប្រជាជនរឹងចចេស » ដែលត្រូវដាស់តឿនជាញឹកញយ « ដើម្បីធ្វើឲ្យពួកគេកោតខ្លាចដល់ព្រះអម្ចាស់ » ( អេណុស 1:22–23 ) ។
គម្រោង
អេណុស 1:1–8 អេណុសអធិស្ឋានសម្រាប់ការផ្ដាច់បាបរបស់គាត់ ហើយទទួលបានការអភ័យទោស ដោយសារតែសេចក្ដីជំនឿរបស់គាត់ទៅលើព្រះយេស៊ូវគ្រីស្ទ ។
អេណុស 1:9–18 អេណុសអធិស្ឋានសម្រាប់ប្រជាជននីហ្វៃ និង ប្រជាជនលេមិន ហើយបានសុំឲ្យព្រះអម្ចាស់រក្សាបញ្ជីនៃសាសន៍នីហ្វៃទុក ។
អេណុស 1:19–24 អេណុសពិពណ៌នាពីសេចក្ដីទុច្ចរិតរបស់ពួកសាសន៍លេមិន និង ភាពចចេសរឹងរូសរបស់ពួកសាសន៍នីហ្វៃ ។ គាត់ និង ព្យាការីផ្សេងទៀតបានធ្វើការយ៉ាងខ្ជាប់ខ្ជួនសម្រាប់សេចក្ដីសង្គ្រោះរបស់ពួកគេ ។
អេណុស 1:25–27 អេណុសបញ្ចប់កំណត់ត្រារបស់គាត់ ហើយបានសរសេរអំពីការធានាពីជីវិតដ៏នៅអស់កល្បជានិច្ចដែលគាត់បានទទួលតាមរយៈព្រះប្រោសលោះរបស់គាត់ ។