បណ្ណាល័យ
មេរៀនទី 23 ៖ នីហ្វៃ​ទី ​2 2 ( ផ្នែក​ទី 1 )


មេរៀនទី 23

នីហ្វៃ​ទី ​2 2 ( ផ្នែក​ទី 1 )

សេចក្តី​ផ្ដើម

នីហ្វៃ​ទី ​2 2 រួមមាន​ការបន្ដ​ពី​ការបង្រៀន​របស់​លីហៃ ពីមុន​ពេល​គាត់​ស្លាប់​បន្ដិច ។ ការនិយាយ​ដោយ​ចំៗ​ទៅកាន់​កូនប្រុស​របស់​គាត់ យ៉ាកុប នោះ​លីហៃ​បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះសមត្ថភាព​របស់​ព្រះអម្ចាស់​ដើម្បី​ធ្វើឲ្យ​សេចក្ដីទុក្ខ​ទាំងឡាយ​របស់​យើង​ក្លាយទៅ​ជា​ផលប្រយោជន៍​ដល់​យើង​វិញ ។ ពេលនិយាយ​ទៅកាន់​កូនប្រុស​របស់​គាត់​ទាំងអស់ គាត់​បាន​បង្រៀន​អំពី​ការធ្លាក់​នៃ​អ័ដាម —ហេតុអ្វី​បាន​ជា​វា​ចាំបាច់ និង របៀប​ដែល​វា​ជះ​ឥទ្ធិពល​ដល់​មនុស្សជាតិ— និង អំពី​តម្រូវការចំពោះ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ( លីហៃ​ក៏​បាន​បង្រៀន​អំពី​គោលលទ្ធិ​នៃ​ការជ្រើសរើសផង​​ដែរ ។ គោលលទ្ធិ​នេះ នឹង​ត្រូវ​បាន​និយាយ​នៅក្នុង​មេរៀន​ក្រោយ ។ )

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី 2 2:1–4

លីហៃ​និយាយ​ទៅកាន់​យ៉ាកុប​អំពី​ឧបសគ្គ និង ពរជ័យ​នានា

ដើម្បី​ជួយ​សិស្ស​ឃើញ​ថា នីហ្វៃ​ទី 2 2ទាក់ទង​នៅក្នុង​ជីវិត​របស់​ពួកគេ សូម​ឲ្យ​ពួកគេ​គិត​អំពី​នរណាម្នាក់​ដែល​ពួកគេ​ស្គាល់ ដែល​បាន​ជួបប្រទះ​នឹង​ការលំបាក ឬ ទុក្ខវេទនា​យ៉ាង​ខ្លាំង ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សញ្ជឹងគិត​អំពី​អ្វី​ដែល​ពួកគេ​អាច​និយាយ​ដើម្បី​លើកទឹកចិត្ត​បុគ្គល​នោះ ។ សុំ​ឲ្យ​ពួកគេ​រៀបចំ​ដើម្បី​ចែកចាយ​គំនិត​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។

សូម​ពន្យល់​ថា នីហ្វៃ​ទី ​2 2 រួម​មាន​កំណត់ត្រា​មួយ​អំពី​លីហៃ ដែល​និយាយ​ទៅកាន់​កូនប្រុស​ម្នាក់​ដែល​បាន​ជួប​ប្រទះ​នឹង​ការលំបាក ។ សូម​អញ្ជើញ​សិស្ស​អាន នីហ្វៃ​ទី ​2 2:1 ដោយ​ស្ងាត់ស្ងៀម ។ សុំ​ឲ្យ​ពួកគេ​ស្វែងរក​ថា​តើកូន​ប្រុស​ម្នាក់​ណា​ដែល​លីហៃ​បាន​បង្រៀន ( យ៉ាកុប ) និង អ្វី​ដែល​បាន​បង្ក​ឲ្យ​កូនប្រុស​របស់​គាត់​រងទុក្ខ ( ការទ្រគោះ​របស់​បងៗ​របស់​គាត់ ) ។ បន្ទាប់​មក សុំ​ឲ្យ​សិស្ស​អាន នីហ្វៃ​ទី ​2 2:2–3ដោយ​ស្ងាត់ស្ងៀម ។ អ្នក​អាច​ផ្ដល់​យោបល់​ថា ពួកគេ​គួរតែ​គូសចំណាំ​ពាក្យ និង ឃ្លា​ទាំងឡាយ​ដែល​ពិពណ៌នា​អ្វី​ដែល​ព្រះអម្ចាស់​នឹង​ធ្វើ​សម្រាប់​យ៉ាកុប ។

សុំ​ឲ្យ​សិស្ស​ចែកចាយ​ឃ្លា​ដែល​ពួកគេ​បាន​រកឃើញ ។ បន្ទាប់មក សូម​សួរ​នូវ​សំណួរ​ខាងក្រោម​នេះ ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់​ថា ព្រះអម្ចាស់​អាច​ធ្វើឲ្យ​ការឈឺចាប់​ទាំងឡាយ​របស់​យើង​ក្លាយទៅ​ជា​ផលប្រយោជន៍​ដល់​យើង​វិញ ៖ 

  • តើ​ឃ្លា « ធ្វើឲ្យ​សេចក្ដីទុក្ខ​ទាំងឡាយ​របស់​ពួកគេ​ក្លាយទៅ​ជា​ផលប្រយោជន៍​ដល់​អ្នក​វិញ » មាន​ន័យ​យ៉ាង​ដូចម្ដេច​ចំពោះ​អ្នក ? ( អ្នក​គួរតែ​ពន្យល់​ថា ធ្វើឲ្យ​ក្លាយជា មានន័យ​ថា​ឧទ្ទិស ឬ ធ្វើ​ឲ្យ​បរិសុទ្ធ ។ )

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​ឃើញ​ថា ព្រះអម្ចាស់​អាច​ធ្វើឲ្យ​សេចក្ដីទុក្ខ​ទាំងឡាយ​របស់​យើង​ក្លាយទៅ​ជា​ផលប្រយោជន៍​ដល់​យើង​ វិញ ?

នីហ្វៃទី 2 2:5–25

លីហៃ​បង្រៀន​កូនៗ​របស់​គាត់​អំពី​ការធ្លាក់ និង អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ

សូម​ពន្យល់​ថា លីហៃ​បាន​បង្រៀន​យ៉ាកុប និង កូនៗ​គាត់​ផ្សេង​ទៀតអំពី​ការធ្លាក់​របស់​លោកអ័ដាម និង នាងអេវ៉ា ។ អ្នក​គួរតែពន្យល់​ថា ឃ្លា « ការធ្លាក់ » សំដៅ​លើ​លក្ខខណ្ឌ​ដែល​បានធ្លាក់លើ​លោកអ័ដាម និង នាងអេវ៉ា ហើយនិង កូនចៅ​របស់​ពួកគេ ដោយសារ​តែ​ការជ្រើសរើស​របស់​អ័ដាម និង អេវ៉ា​ដើម្បី​ទទួលទាន​ផ្លែឈើ​ហាមឃាត់​នៅក្នុង​សួនច្បារ​អេដែន ។

  • តើ​ជម្រើស​អ្វី​ដែល​ព្រះអម្ចាស់​បាន​ផ្ដល់​ទៅ​ឲ្យលោក​អ័ដាម និង នាងអេវ៉ា​នៅក្នុង​សួនច្បារ​អេដែន ? ( ទ្រង់​បាន​អនុញ្ញាត​ឲ្យ​ពួកគេ​ជ្រើសរើស​ថា​ត្រូវ​ទទួលទាន ឬ មិន​ទទួលទាន​នូវ​ផ្លែ​ឈើ​ហាមឃាត់​នោះ ។ )

  • យោង​តាម នីហ្វៃ​ទី ​2 2:15ហេតុអ្វី​បានជា​ព្រះអម្ចាស់​ទ្រង់​ប្រទាន​ដល់​ពួកគេ​នូវ​ជម្រើស​នេះ ? ( « ដើម្បី​ធ្វើ​ឲ្យ​គោលបំណង​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ទ្រង់​មក​ដល់​ទីបញ្ចប់​នៃ​មនុស្ស ។ » អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​គូសចំណាំ​ឃ្លា​នេះ ។ )

  • តើ​គោលបំណង​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ព្រះ​សម្រាប់​យើង​មាន​អ្វីខ្លះ ? ( ដើម្បី​ផ្ដល់​ឲ្យ​យើង​នូវ​ឱកាស​ដើម្បី​ទទួល​បាន​នូវ​ជីវិត​ដ៏​អស់កល្ប​ជានិច្ច និង ក្លាយ​ដូចជា​ទ្រង់ ។ អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​សរសេរ​កំណត់ចំណាំ​មួយ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​អំពី​ការណ៍​នេះ ក្បែរ​ឃ្លា « គោលបំណង​ដ៏​នៅ​អស់កល្ប​ជានិច្ច » ។ អ្នក​ក៏​អាច​ចង់​ឲ្យ​ពួកគេ​អាន ម៉ូសេ 1:39 ។ )

សូម​ចម្លង​តារាង​ខាងក្រោម​ដាក់​លើ​ក្ដារខៀន ដោយ​ទុក​ប្រអប់​ពីរ​ខាងក្រោម​នៅ​ទំនេរ ។ ( អ្នក​អាច​ស្នើ​ថា សិស្ស​គួរតែ​ចម្លង​តារាង​នេះ​ចូល​ក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​ ឬ សៀវភៅ​កត់ត្រា​ក្នុង​ថ្នាក់​របស់​ពួកគេ ។ )

ដោយ​គ្មាន​ការធ្លាក់

ដោយសារ​ការធ្លាក់

អ្វីៗ​សព្វសារពើ​ដែល​បាន​បង្កើត​ឡើង​នឹង​នៅក្នុង​សណ្ឋាន​ដើម​ដដែល បន្ទាប់​ពី​បាន​បង្កើត​មក ( សូម​មើល នីហ្វៃ​ទី ​2 2:22 ) ។

លោកអ័ដាម និង នាងអេវ៉ា​នឹង​ពុំមាន​កូនចៅ​នោះ​ទេ ( សូម​មើល នីហ្វៃ​ទី ​2 2:23 ) ។

អ័ដាម និង អេវ៉ា​នឹង​នៅក្នុង​ភាពឆោតល្ងង់ ដោយ​មិន​ស្គាល់​សេចក្ដី​អំណរ ឬ សេចក្ដី​ទុក្ខវេទនា អំពើ​ល្អ ឬ អំពើ​បាប​ឡើយ ( សូម​មើល នីហ្វៃ​ទី ​2 2:23 ) ។

លោកអ័ដាម និង នាងអេវ៉ា​ត្រូវ​បានបណ្តេញ​ចេញ​ពី​សួនច្បារ ដើម្បី​ទៅ​ភ្ជួររាស់​នៅលើ​ផែនដី ( សូម​មើល នីហ្វៃ​ទី ​2 2:19) ។

លោកអ័ដាម និង នាងអេវ៉ា​បាន​បង្កើត​កូន —គ្រួសារ​ទាំងឡាយ​នៃ​អស់​ទាំង​ផែនដី ( សូម​មើល នីហ្វៃ​ទី ​2 2:20 ) ។

លោកអ័ដាម និង នាងអេវ៉ា និង កូនចៅ​របស់​ពួកគេ​មាន​បទពិសោធន៍​ពី​ជីវិត​ខាង​សាច់ឈាម រួមមាន​សេចក្ដី​ទុក្ខវេទនា សេចក្ដី​អំណរ និង សមត្ថភាព​ដើម្បី​ធ្វើ​អំពើល្អ និង ប្រព្រឹត្ត​អំពើ​បាប ( សូម​មើល នីហ្វៃ​ទី ​2 2:23, 25) ។

យើង​ត្រូវ​មាន​នឹង​សេចក្ដី​ស្លាប់​ខាងសាច់ឈាម និង ខាង​វិញ្ញាណ ( សូម​មើល នីហ្វៃ​ទី ​2 9:6;ហេលេមិន 14:16 ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឡើងមក​ក្ដារខៀន និង ធ្វើជា​អ្នកសរសេរ​សម្រាប់​ថ្នាក់ ។ សុំ​ឲ្យ​សិស្ស​ស្រាវជា្រវ នីហ្វៃ​ទី ​2 2:19–25ដោយ​ស្ងាត់ស្ងៀម ដោយ​ស្វែងរក (1) លទ្ធផល​ដែល​នឹង​កើតមាន ប្រសិន​បើ​លោកអ័ដាម និង នាងអេវ៉ា​មិន​បាន​ទទួលទាន​ផ្លែ​ដែល​ហាមឃាត់ និង មិន​បាន​ធ្លាក់​ទេ និង (2) លទ្ធផល​ដែល​ចេញមក​ពី​ការធ្លាក់ ។ សុំ​ឲ្យ​អ្នកសរសេរ​កត់ត្រា​នូវ​ចម្លើយ​របស់​សិស្ស​នៅក្នុង​តារាង ។ ចម្លើយ​អាច​រួមមាន​អ្វី​ដែល​បាន​កត់ត្រា​នៅ​ខាងលើ ( លើកលែង​តែ​សាច់រឿង​អំពី​សេចក្ដី​ស្លាប់​ខាង​សាច់ឈាម និង ខាងវិញ្ញាណ ដែល​នឹង​ត្រូវ​បាន​បន្ថែម​តាម​ក្រោយ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​ចម្លើយ​របស់​ពួកគេ​នៅក្រោម​ចំណងជើង « ដោយ​គ្មាន​ការធ្លាក់ » ។

  • តើ​លក្ខខណ្ឌ​នៅក្នុង​សួនច្បារ​អេដែន បាន​រារាំង​លោកអ័ដាម និងនាង អេវ៉ា​ពី​ការរីកចម្រើន​នៅក្នុង​ផែនការ​សង្គ្រោះ​របស់​ព្រះវរបិតាសួគ៌​យ៉ាង​ដូចម្ដេច ? ( សូមមើល នីហ្វៃទី 2 2:22–23 ) ។

សូម​អញ្ជើញ​សិស្ស​រំឭក​បញ្ជី​នៅក្រោម​ចំណងជើង « ដោយសារ​ការធ្លាក់ » ។ សូម​ប្រាកដ​ថា ពួកគេ​យល់​ថា ដោយសារ​យើង​គឺជា​កូនចៅ​របស់​លោកអ័ដាម និង នាងអេវ៉ា នោះ​យើង​ត្រូវ​ទទួល​លក្ខខណ្ឌ​ដែល​បាន​មក​ដល់​ពួកគេ ក្រោយពី​ការធ្លាក់​នោះ ( សូម​មើល នីហ្វៃ​ទី ​2 2:21 ) ។

  • ឃ្លា « ភ្ជួររាស់​នៅលើ​ផែនដី » មានន័យ​ថា ក្រោយពី​លោកអ័ដាម និង នាងអេវ៉ា​ត្រូវ​បានបណ្តេញចេញ​ពី​សួនច្បារ នោះ​ពួកគេ​ត្រូវ​ធ្វើការ​ដើម្បី​ទទួល​បាន​អាហារ ។ តើ​អ្នក​គិត​ថា ការងារ​ជួយ​យើង​ឲ្យ​រីកចម្រើន​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌​យ៉ាង​ដូចម្ដេច ?

  • តើ​ការមាន​កូនចៅ​ជួយ​អ័ដាម និង អេវ៉ា​ឲ្យ​ក្លាយ​ដូចជា​ព្រះវរបិតាសួគ៌​យ៉ាង​ដូចម្ដេច ? តើ​តាម​របៀបណា​ដែល​គ្រួសារ​មាន​សារៈសំខាន់​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ?

  • តើ​ឱកាស​ដើម្បី​ទទួល​បាន​សេចក្ដី​អំណរ និង សេចក្ដី​ទុក្ខវេទនា​អាច​ជួយ​យើង​ឲ្យ​រីកចម្រើន​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌​យ៉ាង​ដូចម្ដេច ?

ក្រោយពី​ពិភាក្សា​សំណួរ​ទាំងនេះ​ហើយ សូម​សង្កត់ធ្ងន់​ថា ការធ្លាក់​របស់​អ័ដាម និង អេវ៉ា​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ផែនការ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌ ។

សូម​ចង្អុលបង្ហាញ​ថា នីហ្វៃ​ទី ​2 2:25 គឺជា​វគ្គ​ចំណេះចំណាន​ខគម្ពីរ​មួយ ។ អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​គូសចំណាំ​វា​ទុក ។ ដោយសារខគម្ពីរ​នេះ​ខ្លី អ្នក​អាច​យក​ពេល​ដើម្បី​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​វា​បាន ។

សូម​ពន្យល់​ថា ទោះបីជា​ការធ្លាក់​បាន​បើក​ផ្លូវ​សម្រាប់​យើង​ឲ្យ​រីកចម្រើន​ក្ដី ក៏​វា​នាំ​ឲ្យ​ការឈឺចាប់ ការរងទុក្ខ អំពើបាប និង សេចក្ដី​ស្លាប់​មកកាន់​ពិភពលោក​ដែរ ។ ដើម្បី​ជួយ​សិស្ស​ពង្រីក​ការយល់ដឹង​របស់​ពួកគេ​អំពី​សេចក្ដីពិត​នេះ សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី ​2 9:6 ឮៗ ។ បន្ទាប់មក សុំ​ឲ្យ​ម្នាក់​ទៀត​អាន ហេលេមិន 14:15–17 ឮៗ ។ សុំ​ឲ្យ​សិស្ស​រក​មើល​លទ្ធផល​នៃ​ការធ្លាក់​ដែល​បាន​ពិពណ៌នា​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វីខ្លះ​អំពី​ការធ្លាក់ ? ( វា​នាំមក​នូវ​សេចក្ដីស្លាប់​ខាង​សាច់ឈាម ដែល​ជា​សេចក្ដីស្លាប់​ខាង​រូបកាយ ហើយ​សេចក្ដីស្លាប់​ខាង​វិញ្ញាណ ដែល​ជា​សភាព​មួយ​ដែល​ត្រូវ​បាន​កាត់ចេញ​ពី​វត្តមាន​នៃ​ព្រះ ។ សូម​សរសេរ យើង​ត្រូវ​ជួប​នឹង​សេចក្ដី​ស្លាប់​ខាងសាច់ឈាម និង ខាង​វិញ្ញាណ នៅលើ​ក្ដារខៀន​ក្រោម « ដោយសារ​ការធ្លាក់ » ។ )

ដើម្បី​ជួយ​សិស្ស​ឲ្យ​គិត​អំពី របៀប​ដែល​ពួកគេ​បាន​ជួប​នឹង​លទ្ធផល​នៃ​ការធ្លាក់​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​សញ្ជឹងគិត​ដោយ​ស្ងាត់ស្ងៀម​នូវ​សំណួរ​ខាងក្រោម ។ ( សូម​អាន​សំណួរ​យឺតៗ ហើយ​ឈប់​នៅ​ចន្លោះ​សំណួរ​ដើម្បី​ឲ្យ​សិស្ស​មាន​ពេល​គ្រប់គ្រាន់​គិត ។ )

  • តើ​អ្វីខ្លះ​ជា​មូលហេតុ​នៃ​សេចក្ដីទុក្ខវេទនា​នៅក្នុង​ជីវិត​នេះ ?

  • តើ​ហេតុអ្វី​បានជា​សេចក្ដីស្លាប់​ជា​ផ្នែក​មួយ​ចាំបាច់​នៃ​ផែនការ​សង្គ្រោះ ?

  • តើ​បញ្ហា និង ទុក្ខសោក​ទាំងឡាយ​អាច​ជួយ​យើង​ឲ្យ​រៀន និង រីកចម្រើន​ដោយ​របៀប​ណា ?

សូម​ពន្យល់​ថា នៅពេល​យើង​យល់​ពី​របៀប​ដែល​ការធ្លាក់​ប៉ះពាល់​ដល់​យើង នោះ​យើង​នឹង​យល់​ថា យើង​ត្រូវការ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ សូមអាន​សុន្ទរកថា​ខាងក្រោម​នេះ ដែល​ថ្លែង​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« វា​ដូចជា​មនុស្ស​ម្នាក់​ដែល​មិន​ត្រូវការ​អាហារ រហូតដល់​គាត់​ឃ្លាន ដូច្នេះ​គាត់​ក៏​មិន​ត្រូវការ​ការសង្គ្រោះ​ពី​ព្រះគ្រីស្ទ​ដែរ រហូតដល់​គាត់​ដឹង​ថា​ហេតុអ្វី​បានជា​គាត់​ត្រូវការ​ព្រះគ្រីស្ទ ។

« គ្មាន​នរណាម្នាក់​ដឹង​គ្រប់គ្រាន់ និង ពេញលេញ​ថា​ហេតុអ្វី​បាន​ជា​គាត់​ត្រូវការ​ព្រះគ្រីស្ទ​នោះ​ទេ រហូតដល់​គាត់​យល់ និង ទទួល​យក​គោលលទ្ធិ​នៃ​ការធ្លាក់ និង ឥទ្ធិពល​របស់​វា​មកលើ​មនុស្ស​ជាតិ​ទាំងអស់ ។ ហើយ​គ្មាន​សៀវភៅ​ណា​នៅក្នុង​ពិភពលោក​នេះ ពន្យល់​អំពី​គោលលទ្ធិ​ដ៏​សំខាន់​នេះ​បាន​ច្បាស់​ដូចជា​ព្រះគម្ពីរ​មរមន​នោះ​ទេ » ( « ព្រះគម្ពីរ​មរមន និង គោលលទ្ធិ និង សេចក្ដី​សញ្ញា » Ensignខែ ឧសភា ឆ្នាំ 1987 ទំព័រ 85 ) ។

ក្រោយពី​សិស្ស​មាន​ពេល​គ្រប់គ្រាន់​សញ្ជឹងគិត​អំពី​សំណួរ​ទាំងនេះ​ហើយ សូម​បង្ហាញ​រូបភាព​ព្រះអង្គ​សង្គ្រោះ​មួយ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា តាមរយៈ​ដង្វាយធួន ព្រះយេស៊ូវគ្រីស្ទ​បាន​សង្គ្រោះ​យើង​ចេញពី​ឥទ្ធិពល​នៃ​ការធ្លាក់ និង ផ្ដល់​នូវ​ការសង្គ្រោះ​ចេញពី​អំពើបាប​របស់​យើង ។

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮ​នៅក្នុង នីហ្វៃ​ទី ​2 2:5–10, 21និង អាលម៉ា 7:11–13 ។ សុំ​ឲ្យ​សិស្ស​រក​ឃ្លា​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ដែល​បង្ហាញ​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​ដើម្បី​សង្គ្រោះ​យើង​ចេញ​ពី​ឥទ្ធិពល​នៃ​ការធ្លាក់ និង ចេញពី​អំពើបាប​ផ្ទាល់ខ្លួន​យើង ។ ( ទាក់ទង​នឹង​ខ 9 អ្នក​គួរតែពន្យល់​ថា​ឃ្លា « អង្វរ » មានន័យ​ថា អង្វរ​ជំនួស​មនុស្ស​ម្នាក់​ទៀត ឬ ធ្វើ​សកម្មភាព​ជំនួស​កន្លែង​មនុស្ស​ម្នាក់​ទៀត ។ ) ដើម្បី​ជួយ​សិស្ស​វិភាគ​ឃ្លា​ដែល​ពួកគេ​បាន​រកឃើញ សូម​សួរ ៖

  • តើ​ឃ្លា​ណា​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដែល​បង្ហាញ​ថា​តាមរយៈ​ដង្វាយធួន នោះ​ព្រះអង្គសង្គ្រោះ​នឹង​សង្គ្រោះ​យើង​ចេញពី​សេចក្ដីស្លាប់​ខាង​សាច់ឈាម ?

  • តើ​ឃ្លា​ណា​ដែល​បង្ហាញ​ថា ព្រះអង្គ​សង្គ្រោះ​នឹង​សង្គ្រោះ​យើង​ចេញពី​សេចក្ដី​ស្លាប់​ខាងវិញ្ញាណ ( ការកាត់​ចេញ​ពី​វត្តមាន​នៃ​ព្រះ ) ?

  • តើ​ឃ្លា​ណា​ដែល​បង្ហាញ​ថា ព្រះអង្គ​សង្គ្រោះ​អាច​សង្គ្រោះ​យើង​ចេញពី​អំពើ​បាប​របស់​យើង ?

  • តើ​ឃ្លា​ណា​ដែល​បង្ហាញ​ថា ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​យើង​ឆ្លងកាត់​ពេល​មាន​ឧបសគ្គ​ដូចជា ជំងឺ និង ការឈឺចាប់ ?

យោងតាម​នីហ្វៃ​ទី ​2 2:7–9, 21តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​បាន​នូវ​ពរជ័យ​ទាំងអស់​ដែល​មាន​តាមរយៈ​ដង្វាយធួន ? ( ទាក់ទង​នឹង​ខ 7 អ្នក​គួរតែ​ពន្យល់​ថា មនុស្ស​ម្នាក់​ដែល​មាន « ដួងចិត្ត​សោកសង្រេង និង វិញ្ញាណ​ទន់ទាប » គឺ​ជា​មនុស្ស​បន្ទាបខ្លួន និង ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើតាម​ព្រះឆន្ទៈ​ព្រះ ។ មនុស្ស​បែប​នោះ​មានអារម្មណ៍​សោកសា្ដយ​យ៉ាងខ្លាំង​ចំពោះ​អំពើបាប និង មាន​បំណង​ចង់​ប្រែចិត្ត​ដោយ​អស់ពី​ចិត្ត ។ )

ក្រោយពី​ការពិភាក្សា​សំណួរ​ទាំងនេះ​ហើយ សូម​ឲ្យ​សិស្ស​ពិនិត្យ​ខគម្ពីរ​ដែល​ដាក់​ឲ្យ​អាន​ដោយ​ស្ងាត់ស្ងៀម ដោយ​ស្វែងរក​ឃ្លា​ដែល​មានន័យ​ចំពោះ​ពួកគេជា​ពិសេស ។ សុំ​ឲ្យ​សិស្ស​ចែក​គ្នា​ជា​ដៃគូ និង ចែកចាយ​ឃ្លា​ដែល​ពួកគេ​បាន​ជ្រើសរើស​ជាមួយ​គ្នា ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ថា ហេតុអ្វី​បានជា​ឃ្លា​ទាំងនេះ​មាន​ន័យ​ចំពោះ​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ ឬ ពីរ​នាក់​ឲ្យ​សង្ខេប​ប្រាប់​ថ្នាក់​ពី​មូលហេតុ​ដែល​ការធ្លាក់ គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ផែនការ​សង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​ចែកចាយ​អារម្មណ៍​របស់​ពួកគេ​អំពី​របៀប​ដែល​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ជួយ​សង្គ្រោះ​យើង​ចេញ​ពី​ការធ្លាក់ ។

និមិត្ត​សញ្ញា​ចំណេះចំណាន​ខគម្ពីរចំណេះចំណាន​ខគម្ពីរ—នីហ្វៃ​ទី ​2 2:25

កំណត់​សម្គាល់ ៖ សូម​គិត​អំពី​ការប្រើ​សកម្មភាព​ខាងក្រោម​ដើម្បី​ជួយ​សិស្ស​ឲ្យ​ប្រើ នីហ្វៃ​ទី ​2 2:25 នៅពេល​ពួកគេ​បង្រៀន​ដំណឹងល្អ ។ ដោយសារ​តែ​លក្ខណៈ និង ថិរវេលា​នៃ​មេរៀន​ថ្ងៃនេះ អ្នក​អាច​ប្រើ​សកម្មភាព​នេះ​នៅ​ថ្ងៃ​ផ្សេង​ទៀត នៅពេល​អ្នក​មាន​ពេលវេលា​ធ្វើ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រៀបចំ​មេរៀន​មួយ​អំពី​គោលលទ្ធិ​នៃ​ការធ្លាក់ ដោយ​ប្រើ​នីហ្វៃ​ទី ​2 2:25 ។ ពួកគេ​អាច​បង្រៀន​មេរៀន​នេះ​នៅក្នុង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ឬ នៅតាមសកម្មភាព​ផ្សេង​ទៀត ។ សូម​សួរ​សិស្ស​ពីរបី​នាក់ ប្រសិនបើ​ពួកគេ​ចង់​រាយការណ៍​ពី​បទពិសោធន៍​របស់​ពួកគេ​ក្រោយពី​ពួកគេ​បាន​បង្រៀន ។ សូម​អនុញ្ញា​ឲ្យ​សិស្ស​ចាប់ផ្ដើម​ការរៀបចំ​របស់​ពួកគេ​នៅក្នុង​ថ្នាក់ បើ​សិន​មាន​ពេល ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃទី 2 2:15 ។ ផ្លែ​ដែល​ហាមឃាត់

ព្រះអម្ចាស់​ផ្ដល់​សិទ្ធិ​ជ្រើសរើស​ដល់​អ័ដាម និង អេវ៉ា ក្រោយពី​ការបង្រៀន​ពួកគេ​អំពី​លទ្ធផល​នៃ​ការទទួលទាន​ផ្លែ​ឈើ​ហាមឃាត់ ។ ព្រះ​បាន​មាន​ព្រះបន្ទូល​ថា « អ្នក​អាច​ជ្រើសរើស​សម្រាប់​ខ្លួន​ផ្ទាល់ » ( ​ម៉ូសេ 3:17 ) ។ ប្រធាន យ៉ូសែបហ៉្វីលឌីង ស៊្មីធ ជួយ​យើង​យល់​ពី​ការណែនាំ​របស់​ព្រះអម្ចាស់​ទៅកាន់​អ័ដាម និង អេវ៉ា​អំពី​ផ្លែ​ដែល​ហាមឃាត់ ៖

« ដូចជា​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ទៅកាន់​អ័ដាម​ថា ទ្រង់​ហាម​គាត់​មិន​ឲ្យ​ទទួលទាន​ផ្លែឈើ​ពី​ដើមឈើ​ជីវិត វា​មិន​បាន​បញ្ជាក់​ច្បាស់​នៅក្នុង​ដំណើររឿង​នៃ​ព្រះគម្ពីរ​បរិសុទ្ធ​នោះ​ទេ [ សូម​មើល [ សូមមើល លោកុប្បត្តិ 2:17] ប៉ុន្ដែ​នៅក្នុង​ច្បាប់ដើម នៅពេល​វា​ចេញ​មកកាន់​យើង​នៅក្នុង​ព្រះគម្ពីរ​ម៉ូសេ [ សូមមើល ម៉ូសេ 3:17] វា​ពិតជា​បញ្ជាក់​ច្បាស់​ខ្លាំង​ណាស់ ។ គឺ​ថា​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ទៅកាន់​អ័ដាម​ថា ប្រសិនបើ​គាត់​ចង់​នៅ​ដូចដើម ដូច​កាល​គាត់​នៅក្នុង​សួនច្បារ នោះ​គាត់​មិនត្រូវ​ទទួលទាន​ផ្លែឈើ​នោះ​ទេ ប៉ុន្ដែ​ប្រសិនបើ​គាត់​ចង់​ទទួលទាន​វា ហើយ​ទទួល​យក​នូវ​សេចក្ដីស្លាប់ នោះ​គាត់​មាន​សិទ្ធិ​សេរីភាព​ដើម្បី​ធ្វើ​ដូច្នោះ » ( (Answers to Gospel Questions, ចងក្រង​ដោយ Joseph Fielding Smith Jr., 5 vols. [1957–66], 4:81 ) ។

នីហ្វៃទី 2 2:14, 25–26 ។ ការបង្កើត ការធ្លាក់ និង ដង្វាយធួន

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

« ព្រឹត្តិការណ៍​ដ៏​សំខាន់​បំផុត​ដែល​ធ្លាប់​មាន ឬ ដែល​នឹង​កើតឡើង​នៅក្នុង​គ្រប់​ទាំង​ភាពអស់កល្ប … គឺជា​ការបង្កើត ការធ្លាក់ និង ដង្វាយធួន ។

« មុនពេល​យើង​អាច​ចាប់ផ្ដើម​យល់​អំពី​ការបង្កើត​អ្វីៗ​ទាំងអស់​ខាង​សាច់ឈាម យើង​ត្រូវតែ​ដឹង​ពី​របៀប និង តាម​វិធី​ណា​ដែល​ភាពពិត​ដ៏​អស់កល្ប​ទាំងបី​នេះ —ការបង្កើត ការធ្លាក់ និង ដង្វាយធួន— គឺ​ត្រូវ​ត្បាញ​ជាប់​គ្នា​បំបែក​មិន​បាន​ដើម្បី​បង្កើត​ជា​ផែនការ​សង្គ្រោះ​មួយ ។ គ្មាន​ចំណុច​ណា​មួយ​នៅ​ឈរ​ម្នាក់​ឯង​ឡើយ ចំណុច​មួយៗ​ភ្ជាប់​ទៅ​នឹង​ចំណុច​ពីរ​ទៀត ហើយ​ដោយ​គ្មាន​ចំណេះដឹង​មួយ​នៃ​ចំណុច​ទាំងអស់ នោះ​វា​មិន​អាច​ទៅ​រួច​ទេ ដែល​ដឹង​ពី​សេចក្ដីពិត​អំពី​ចំណុច​វា​នីមួយៗនោះ ។…

« … សូម​ឲ្យ​ចងចាំ​ថា ដង្វាយធួន​បាន​មក​ដោយសារ​ការធ្លាក់ ។ ព្រះគ្រីស្ទ​បង់​ថ្លៃ​សម្រាប់​អំពើ​រំលង​របស់​អ័ដាម ។ ប្រសិនបើ​គ្មាន​ការធ្លាក់​ទេ​នោះ វា​នឹង​គ្មាន​ដង្វាយធួន​ជាមួយ​នឹង​អមតភាព និង ជីវិត​ដ៏​អស់កល្ប​ជានិច្ច​ជា​លទ្ធផល​របស់​វា​នោះ​ទេ ។ ហេតុដូច្នេះហើយ វា​ប្រាកដ​ជាក់​ដូចជា​សេចក្ដីសង្គ្រោះ​មក​ដោយសារ​ដង្វាយធួន ដូច្នេះ​សេចក្ដីសង្គ្រោះ​ក៏​មក​ដោយសារ​តែ​ការធ្លាក់​ដែរ » ( « ព្រះគ្រីស្ទ និង ការបង្កើត » Ensign ខែ មិថុនា ឆ្នាំ 1982 ទំព័រ 9 ) ។

នីហ្វៃទី 2 2:24 ។ « តាម​ប្រាជ្ញា​របស់​ទ្រង់ ដែល​ជ្រាប​គ្រប់​ការណ៍​ទាំងអស់ »

ប្រធាន ព្រិកហាំ យ៉ង់ បាន​បង្រៀន​ថា ការធ្លាក់​នៃ​អ័ដាម និង អេវ៉ា​គឺជា​ផ្នែក​នៃ​ផែនការ​សង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ ៖

« តើ [ អ័ដាម និង អេវ៉ា ] បាន​ចេញ​មក​នៅក្នុង​ការផ្ទុយគ្នា​ផ្ទាល់​ទៅនឹង​ព្រះ និង ការដឹកនាំ​របស់​ទ្រង់​ឬ ? អត់ទេ ។ ប៉ុន្ដែ​ពួកគេ​បាន​រំលង​បញ្ជា​មួយ​របស់​ព្រះអម្ចាស់ ហើយ​តាមរយៈ​ការរំលង​នោះ អំពើ​បាប​បាន​មក​កាន់​ពិភពលោក ។ ព្រះអម្ចាស់​បាន​ដឹង​ថា​ពួកគេ​នឹង​ធ្វើ​ការណ៍​នេះ ហើយ​ទ្រង់​បាន​រៀបចំ​ថា​ពួកគេ​នឹង​ធ្វើ » ( ការបង្រៀន​របស់​ព្រិកហាំ យ៉ង់ [1954sel. John A. Widtsoe] ទំព័រ 103 ) ។