មេរៀនសិក្សានៅផ្ទះ
នីហ្វៃទី 1 7–14 ( មេរៀនទី 3 )
សេចក្តីផ្ដើម
ការផ្ដោតលើមេរៀនក្នុងសប្ដាហ៍នេះ គឺជាទស្សននិមិត្តរបស់លីហៃនៅក្នុង នីហ្វៃទី1 8 ។ នៅពេលអ្នកបង្រៀនមេរៀននេះ សូមបញ្ជាក់លើសេចក្ដីអំណរដែលដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ អាចនាំមកដល់ក្នុងជីវិតរបស់យើង និង របៀបដែលយើងអាចជួបនូវពរជ័យនៃដង្វាយធួនតាមរយៈការរស់នៅតាមព្រះបន្ទូលនៃព្រះ ។ សិស្សនឹងប្រើព្រះគម្ពីររបស់ពួកគេ ការណែនាំការសិក្សាសិស្ស និង សៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីរតាមរយៈមេរៀននេះ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី1 7
ព្រះអម្ចាស់បញ្ជាកូនប្រុសរបស់លីហៃ ឲ្យត្រឡប់ទៅទីក្រុងយេរូសាឡិមវិញទៅយកអ៊ីសម៉ាអែល និង គ្រួសាររបស់គាត់
សូមបង្ហាញរូបភាពគូស្វាមីរៀបការរួច និង កូនៗរបស់ពួកគេ — ប្រហែលជារូបភាពនៃគ្រួសារផ្ទាល់ខ្លួនរបស់អ្នកមួយ ឬ រូបរបស់សិស្សម្នាក់ ដែលអ្នកបានអញ្ជើញគេឲ្យយករូបភាពនោះមក ។
សូមសួរសិស្សថា ៖ ហេតុអ្វីបានជាគ្រួសារមានសារៈសំខាន់ចំពោះផែនការរបស់ព្រះ ក្នុងការសង្គ្រោះរបស់យើង ?
សូមអញ្ជើញសិស្សរំឭកឡើងវិញ និងសង្ខេប នីហ្វៃទី1 7:1–5 ។ សូមសួររកគោលការណ៍ណា ដែលពួកគេបានរៀនពីខគម្ពីរទាំងនេះ ។ ( សិស្សអាចចែកចាយគោលការណ៍ផ្សេងៗគ្នា ។ គោលការណ៍ដែលបានបញ្ជាក់នៅក្នុងសៀវភៅសិក្សារបស់សិស្សគឺថា ព្រះអម្ចាស់ដាក់បញ្ញត្តិដល់យើងឲ្យរៀបការ និងចិញ្ចឹមកូនៗយើងថ្វាយទៅទ្រង់ ។ )
នៅក្នុងមេរៀនរបស់ពួកគេសម្រាប់ថ្ងៃទី 1 សិស្សត្រូវបានសុំឲ្យសួរទៅឪពុក ឬ ម្ដាយ អ្នកដឹកនាំសាសនាចក្រ ឬ គ្រូបង្រៀនដើម្បីស្នើរបៀបបីយ៉ាង ដែលយុវជនសព្វថ្ងៃនេះ អាចរៀបចំចំពោះអាពាហ៍ពិពាហ៍ និង ការចិញ្ចឹមកូន « ថ្វាយ ព្រះអម្ចាស់ » ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀន ។
នីហ្វៃទី 1 8
លីហៃ មានការនិមិត្តពីដើមឈើជីវិត
សូមរំឭកសិស្សថា ក្រោយពីនីហ្វៃ និង បងប្រុសរបស់គាត់ បាននាំអ៊ីសម៉ាអែល និង គ្រួសាររបស់គាត់មកកាន់ទីរហោស្ថាន លីហៃបានមានសុបិន្តមួយ ។ នៅពេលសិស្សម្នាក់អាន នីហ្វៃទី1 8:10–13 ឮៗ សូមឲ្យសិស្សម្នាក់ទៀត គូរអ្វីដែលខគម្ពីរនោះបានពិពណ៌នាដាក់លើក្ដារខៀន ឬ នៅលើក្រដាសមួយ ។ ប្រសិនបើអ្នកមានអារម្មណ៍ថា វាសមរម្យជាងសម្រាប់សិស្សក្នុងថ្នាក់របស់អ្នក អ្នកអាចបង្ហាញរូបភាពនៃសុបិនសុបិនរបស់លីហៃ (62620; សៀវភៅរូបភាពដំណឹងល្អ [2009] ទំព័រ 69) និង ឲ្យសិស្សរកមើលរូបផ្សេងៗក្នុងខគម្ពីរនោះ ។
សូមសួរសិស្សថា ៖ តើការពិពណ៌នារបស់លីហៃអ្វី ដែលធ្វើឲ្យផ្លែឈើនៃដើមនោះ ទាក់ទាញចិត្តអ្នកបាន ?
សូមរំឭកសិស្សថា ផ្លែឈើនៃដើមនោះ តំណាងឲ្យ « អំណោយទានដ៏មហិមាបំផុតនៃព្រះ » ( នីហ្វៃទី1 15:36 )—ពរជ័យនៃដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើអ្នកមានសិស្សម្នាក់គូររូបភាព អ្នកអាចសរសេរចំណាំពីអ្វីដែលផ្លែឈើនោះ តំណាងនៅគំនូរនោះ ។
សូមសួរសិស្សថា ៖ តើយើងអាចរៀនអ្វីពី នីហ្វៃទី1 8:10–13ពីការទទួលបាននូវពរជ័យនៃដង្វាយធួន ? ( ទោះបីជាសិស្ស អាចប្រើពាក្យខុសគ្នាដើម្បីបង្ហាញក៏ដោយ សូមប្រាកដថាគោលការណ៍ខាងក្រោមគឺច្បាស់ ៖ ការចូលមករកព្រះយេស៊ូវគ្រីស្ទ និង ការទទួលទាននូវដង្វាយធួន នាំមកនូវសុភមង្គល និង សេចក្ដីអំណរ ។ អ្នកអាចសរសេរគោលការណ៍នេះ នៅលើក្ដារខៀន ) ។
នៅក្នុងមេរៀនរបស់ពួកគេសម្រាប់ថ្ងៃទី 2 សិស្សត្រូវឆ្លើយនឹងសំណួរ « តើនៅពេលណាដែលដង្វាយរបស់ព្រះអង្គសង្គ្រោះ បាននាំមកនូវសុភមង្គល និង សេចក្ដីអំណរមកក្នុងជីវិតរបស់អ្នក ? » សូមអញ្ជើញសិស្សបើកសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេ ហើយអានចម្លើយរបស់ពួកគេដោយស្ងាត់ៗ ។
ដើម្បីជួយសិស្សចែកចាយសេចក្ដីពិត និង ទីបន្ទាល់ដ៏មានន័យជាមួយនឹងគ្នាទៅវិញទៅមក សូមលើកទឹកចិត្តសិស្សបីបួននាក់អាន ឬ ជជែកអំពីអ្វីដែលពួកគេបានសរសេរ ។ អ្នកក៏អាចប្រាប់អំពីគ្រាមួយ នៅពេលដង្វាយធួនបាននាំមកនូវសុភមង្គល និង សេចក្ដីអំណរមកក្នុងជីវិតរបស់អ្នក ។
សូមពន្យល់ថា ទស្សននិមិត្តរបស់លីហៃមិនត្រឹមតែបង្រៀនថា ដង្វាយធួននាំមកនូវសេចក្ដីអំណរដ៏មហិមានោះទេ វាក៏បានបង្ហាញពីអ្វីដែលយើងត្រូវធ្វើដើម្បីទទួលបាននូវពរជ័យនៃដង្វាយធួន ។ សូមអញ្ជើញសិស្សរំឭកឡើងវិញ នីហ្វៃទី1 8:19–26និង គូសនិមិត្តសញ្ញាផ្សេងទៀត ចេញពីារនិមិត្តរបស់លីហៃ ឬ ឲ្យពួកគេរកនិមិត្តសញ្ញាផ្សេងទៀតនៅក្នុងរូបភាពសុបិនរបស់លីហៃ ។ នៅពេលពួកគេគូរ ឬ រកមើលនិមិត្តសញ្ញា សូមអញ្ជើញពួកគេឲ្យពន្យល់ពីន័យនៃនិមិត្តសញ្ញាដែលខុសគ្នា ។ ( ប្រសិនបើពួកគេត្រូវការជំនួយ សូមលើកទឹកចិត្តពួកគេឲ្យប្រើតារាង ដែលពួកគេបានបំពេញនៅក្នុងសៀវភៅមគ្គុទេសន៍ការសិក្សារបស់សិស្ស ។ )
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី1 8:30 ឮៗ ។ បន្ទាប់មក សួរពួកគេនូវសំណួរដូចខាងក្រោមនេះ ៖
-
តើអ្វីជាតួនាទីនៃដំបងដែក —ព្រះបន្ទូលនៃព្រះ —នៅក្នុងទស្សននិមិត្តរបស់លីហៃ ?
-
នៅពេលអ្នកសិក្សា នីហ្វៃទី1 8 តើអ្នកបានរៀនអ្វីខ្លះអំពីសារៈសំខាន់នៃព្រះបន្ទូលនៃព្រះ ?
-
តើឃ្លាណានៅក្នុង នីហ្វៃទី1 8:30 បង្ហាញអ្វីដែលយើងត្រូវធ្វើ ដើម្បីទទួលបាននូវពរជ័យនៃដង្វាយធួន ?
-
តើអ្នកគិតថា វាមានន័យដូចម្ដេចដើម្បី « ប្រជ្រៀតគ្នាទៅមុខ ដោយកាន់ដំបងដែកយ៉ាងខ្ជាប់ជានិច្ច » ?
សូមសរសេរនៅលើក្ដារខៀននូវគោលការណ៍នៃដំណឹងល្អពីរផ្សេងទៀត ដែលពួកគេបានសិក្សានៅក្នុងសៀវភៅមគ្គុទេសន៍ការសិក្សារបស់សិស្ស ៖ ប្រសិនបើយើងកាន់ខ្ជាប់តាមព្រះបន្ទូលនៃព្រះជានិច្ច វានឹងជួយយើងឲ្យយកឈ្នះលើការល្បួង និង ឥទ្ធិពលខាងលោកិយ ។ ការកាន់ខ្ជាប់តាមព្រះបន្ទូលនៃព្រះ ជួយយើងឲ្យខិតកាន់តែជិតទៅរកព្រះអម្ចាស់ ហើយទទួលបាននូវពរជ័យនៃដង្វាយធួន ។
សុំឲ្យសិស្សគិតស្រមៃថា ពួកគេគឺជាអ្នកផ្សព្វផ្សាយសាសនា និង មានឱកាសដើម្បីថ្លែងទីបន្ទាល់អំពីសារៈសំខាន់នៃការសិក្សាព្រះបន្ទូលរបស់ព្រះ និង រស់នៅតាមគោលការណ៍នោះ ។ សូមឲ្យពួកគេចែកចាយនូវអ្វីដែលពួកគេនឹងនិយាយ ដោយផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ ។ សូមគិតពីការចែកចាយអារម្មណ៍របស់អ្នកអំពីអំណាចនៃព្រះគម្ពីរ និង ពាក្យសម្ដីរបស់ព្យាការី ដែលបានជួយអ្នកឲ្យចូលមកកាន់តែជិតព្រះអង្គសង្គ្រោះ ។
នីហ្វៃទី1 10–14
ដោយសារតែសេចក្ដីជំនឿ និង សេចក្ដីព្យាយាមរបស់គាត់ នីហ្វៃទទួលបាននូវវិវរណៈផ្ទាល់ខ្លួនអំពីអ្វីៗទាំងឡាយដែលឪពុករបស់គាត់បានបង្រៀន និង រឿងផ្សេងៗជាច្រើនទៀត ។
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី1 10:17, 19ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលពរជ័យដែលកើតមាន នៅពេលយើងស្វែងរកការណែនាំរបស់ព្រះអម្ចាស់ដោយឧស្សាហ៍ព្យាយាម ។ សូមឲ្យសិស្សម្នាក់ ឬ ពីរនាក់ចែកចាយអ្វីដែលពួកគេគិត ថាមានន័យចំពោះពាក្យថា « ស្វែងរកដោយឧស្សាហ៍ព្យាយាម » ។ ( អំឡុងពេលមេរៀនថ្ងៃទី 3 របស់ពួកគេ ពួកគេត្រូវបានស្នើឲ្យសរសេរពីន័យវា នៅក្នុងសៀវភៅមគ្គុទេសន៍ការសិក្សារបស់សិស្សរបស់ពួកគេ ) ។
សូមសង្ខេប នីហ្វៃទី1 11– 14 ដោយនិយាយថា នីហ្វៃបានទទួលនូវវិវរណៈផ្ទាល់ខ្លួន ដោយសារគាត់បានស្វែងរកព្រះអម្ចាស់ដោយឧស្សាហ៍ព្យាយាម ។ គាត់បានឃើញការបម្រើ និង ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ( នីហ្វៃទី1 11 ) ការបំផ្លាញនៅថ្ងៃអនាគតរបស់ប្រជាជនគាត់ ដោយសារតែអំនួត និង អំពើទុច្ចរិតរបស់ពួកគេ ( នីហ្វៃទី1 12 ) ពួកអាណានិគមសាសន៍ដទៃពីដើមនៅដែនដីសន្យា និង ការស្ដារឡើងវិញនូវសេចក្ដីពិតដ៏ច្បាស់ និងពិសេសៗ ( នីហ្វៃទី1 13) និង ប្រជាជនដែលសុចរិតបានប្រឆាំងនឹងការងារនៃព្រះវិហារដ៏ធំ និង គួរខ្ពើមឆ្អើមនៅក្នុងថ្ងៃចុងក្រោយ ( នីហ្វៃទី1 14 ) ។
កំណត់សម្គាល់ ៖ ដើម្បីរៀបចំសកម្មភាពខាងក្រោម អ្នកអាចរំឭកឡើងវិញពីមេរៀនដែលឆ្លើយតបនឹងសៀវភៅសិក្សានេះ និង សម្ភារនៅក្នុងសៀវភៅមគ្គុទេសន៍ការសិក្សារបស់សិស្សសម្រាប់ថ្ងៃទី 4 នៃមេរៀននេះ ។
សុំឲ្យសិស្សជ្រើសរើសជំពូកមួយ នៅក្នុងនីហ្វៃទី1 11– 14 ហើយធ្វើដូចខាងក្រោម ។ ( អ្នកអាចឲ្យពួកគេធ្វើការណ៍នេះ នៅលើក្ដារខៀន ឬ លើក្រដាសមួយ ) ។
-
សូមសរសេរសេចក្ដីសង្ខេបមួយ នៃជំពូកដែលបានរើសនេះ ។
-
សូមសរសេរគោលការណ៍ដំណឹងល្អមួយ ដែលបានបង្រៀននៅក្នុងជំពូកនោះ ។ ( ពួកគេអាចប្រើគោលការណ៍ដែលបានគូសចំណាំមួយ នៅក្នុងសៀវភៅមគ្គុទេសន៍ការសិក្សា ឬ រកមើលគោលការណ៍មួយដោយខ្លួនឯងគេផ្ទាល់ ) ។
-
សូមសរសេររបៀបដែលគោលការណ៍នោះ អនុវត្តចំពោះយើងសព្វថ្ងៃនេះ ។
ក្រោយពីពួកគេមានពេលគ្រប់គ្រាន់ក្នុងការរៀបចំហើយ សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានសរសេរ ។ សូមអញ្ជើញសិស្សម្នាក់ ឬ ពីរនាក់ឲ្យចែកចាយទីបន្ទាល់របស់ពួកគេអំពីគោលការណ៍ ដែលពួកគេបានដឹង នៅពេលពួកគេសិក្សានីហ្វៃទី1 7 –14 នៅក្នុងសប្ដាហ៍នេះ ។
ពីមុនឲ្យសិស្សក្នុងថ្នាក់របស់អ្នកចេញទៅ សូមកុំភ្លេចប្រមូលសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេ និង តាមដានកិច្ចការខ្លះរបស់គេ ។
មេរៀនក្រោយ ( នីហ្វៃទី1 15–19)
នៅក្នុងមេរៀនក្រោយ សិស្សនឹងសិក្សាបន្ថែមទៀតអំពីឧបសគ្គរបស់លីហៃ និង រាស្ដ្ររបស់គាត់ នៅពេលពួកគេបន្ដដំណើរនៅក្នុងទីរហោស្ថាន និង ចេញនាវាទៅដែនដីសន្យា ។ សូមគិតស្រមៃពីការភ្ញាក់ផ្អើលរបស់ពួកគេ នៅពេលពួកគេក្រោកឡើងនៅពេលព្រឹកមួយ ហើយឃើញ « ដុំមូលមួយនៅលើដីដែលមានក្បូរក្បាច់ចម្លែក »—លីអាហូណា ។ តើលីអាហូណាធ្វើការដោយរបៀបណា ហើយតើវាណែនាំពួកគេដោយរបៀបណា ? ហេតុអ្វីបានជានីហ្វៃស្តីបន្ទោសដល់បងៗរបស់គាត់នៅក្នុងសំពៅ ? តើនីហ្វៃពិពណ៌នាដែនដីសន្យាយ៉ាងដូចម្ដេចដែរ ?