បណ្ណាល័យ
សេចក្តីផ្តើម​នៃសៀវភៅ​ណែនាំ​ការសិក្សា​ព្រះគម្ពីរ​មរមន​សម្រាប់​គ្រូបង្រៀន ថ្នាក់​សិក្ខាសាលា


សេចក្តីផ្តើម​នៃ សៀវភៅ​ណែនាំ​ការសិក្សា​ព្រះគម្ពីរ​មរមន​សម្រាប់​គ្រូបង្រៀន ថ្នាក់​សិក្ខាសាលា

គោលបំណង​របស់​យើង

គោលបំណង​របស់​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន​សាសនា ៖

« គោលបំណង​របស់​យើង គឺ​ដើម្បី​ជួយ​យុវវ័យ និង មជ្ឈិមវ័យ​វ័យក្មេង​ឲ្យ​យល់ និងពឹងផ្អែក​លើ​ការបង្រៀន និងដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ឲ្យ​មានភាព​សក្តិសម​សម្រាប់​ពរជ័យ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​រៀបចំ​ខ្លួនពួកគេ ក្រុមគ្រួសារ​ពួកគេ និងអ្នក​ដទៃទៀត សម្រាប់​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ជាមួយ​នឹង​ព្រះវរបិតា​របស់​ពួកគេ​ដែល​គង់នៅ​ឋានសួគ៌ » ។

ដើម្បី​សម្រេចគោលបំណង​របស់​យើង យើង​បង្រៀន​សិស្ស​អំពី​គោលលទ្ធិ និងគោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ដូច​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ និងពាក្យ​សម្តី​របស់​ព្យាការី​ទាំងឡាយ ។គោលលទ្ធិ និង គោលការណ៍​ទាំងនេះ គឺ​ត្រូវ​បាន​បង្រៀន​តាម​របៀប​មួយ​ដែល​ដឹកនាំ​ឲ្យ​មាន​ការយល់ដឹង និង ការស្អាងឡើង ។យើង​ជួយ​សិស្ស​ទាំងឡាយ​ឲ្យ​បំពេញ​តួនាទី​របស់​ពួកគេ​នៅ​ក្នុង​ដំណើរការ​នៃ​ការរៀនសូត្រ និង រៀបចំ​ពួកគេ​ឲ្យ​បង្រៀន​ដំណឹងល្អ​ដល់​អ្នក​ដទៃ​ទៀត ។

ដើម្បី​ជួយ​សម្រេចបាន​គោលបំណង​ទាំងនេះ អ្នក​និង​សិស្ស​ដែល​អ្នក​បង្រៀន​ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យសហការ​ធ្វើ​តាម​មូលដ្ឋាន​គ្រឹះ​នៃ​ការបង្រៀន និង​ការរៀន​ដំណឹងល្អ នៅពេល​អ្នក​សិក្សា​ព្រះគម្ពីរ​រួមគ្នាដូច​ខាង​ក្រោម ៖

  • បង្រៀន និង រៀនសូត្រ​ដោយ​ព្រះវិញ្ញាណ ។

  • បង្កើត​បរិយាកាស​រៀនសូត្រ​ដែល​ពោរ​ពេញ​​ដោយសេចក្តី​ស្រឡាញ់ ការគោរព និង មាន​គោលបំណង ។

  • សិក្សា​ព្រះគម្ពីរ​រាល់ថ្ងៃ និង អាន​មេរៀន​នៃវគ្គ​សិក្សា ។( តារាង​សម្រាប់​តាមដាន​ការអាន​ព្រះគម្ពីរ អាច​រកឃើញ​នៅក្នុង​សេចក្ដីបន្ថែម​នៅចុងបញ្ចប់​នៃ​សៀវភៅ​ណែនាំ​នេះ ។ )

  • យល់​ពី​បរិបទ និងមាតិកា​នៃ​ព្រះ​គម្ពីរ និងពាក្យ​សម្តី​របស់​ព្យាការី​ទាំងឡាយ ។

  • ស្គាល់ យល់ ដឹង​ពី​សេចក្តី​ពិត និងសារៈសំខាន់ ហើយ​អនុវត្ត​គោលលទ្ធិ និងគោលការណ៍​ទាំងឡាយ​នៃ​ដំណឹង​ល្អ ។

  • ពន្យល់ ចែកចាយ និង ថ្លែង​ទីបន្ទាល់​អំពី​គោលលទ្ធិ និងគោលការណ៍​ទាំងឡាយ​នៃ​ដំណឹង​ល្អ ។

  • ចេះស្ទាត់​នូវ​វគ្គ​បទគម្ពីរ​សំខាន់ៗ និង គោលលទ្ធិ​គ្រឹះ​ទាំងឡាយ ។

សៀវភៅ​ណែនាំ​សម្រាប់​គ្រូបង្រៀន​នេះ បាន​រៀបចំ​ឡើង​ដើម្បី​ជួយ​ដល់​អ្នក​ឲ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ការសម្រេច​នូវ​គោលបំណង​ទាំងនេះ ។

ការរៀបចំ​មេរៀន

ព្រះអម្ចាស់​បាន​បញ្ជា​ដល់​អស់អ្នកណា​ដែល​បង្រៀន​ដំណឹងល្អ​របស់​ទ្រង់​ឲ្យ « ត្រូវបង្រៀន​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​​យើង ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន​គឺជា​ភាពពោរពេញ​នៃ​ដំណឹងល្អ » ( គ. និង ស. 42:12 ) ។ ទ្រង់​បាន​ណែនាំ​បន្ថែម​ទៀត​ថា សេចក្ដីពិត​ទាំងនេះ​គួរ​ត្រូវបាន​បង្រៀន​ដូចជា « ត្រូវបាន​ដឹកនាំ​ពី​ព្រះវិញ្ញាណ » ដែល « ត្រូវបាន​ប្រទាន … ដោយ​ពាក្យ​អធិស្ឋាន​នៃ​សេចក្ដីជំនឿ » ( គ. និង ស. 42:13–14 ) ។ នៅពេល​អ្នក​រៀបចំ​មេរៀននីមួយៗ សូម​ស្វែងរក​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​ប្រកប​ដោយ​ការអធិស្ឋាន​ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​ព្រះគម្ពីរ និង​គោលលទ្ធិ​នានា និង​គោលការណ៍​ទាំងឡាយ​ដែល​មាន ។ ដូចគ្នា​ផងដែរ សូម​ធ្វើការ​តាម​ការបំផុស​គំនិតពី​ព្រះវិញ្ញាណ នៅពេល​ធ្វើ​គម្រោង​ជួយ​ដល់​សិស្ស​របស់​អ្នក​ឲ្យ​យល់ពី​ព្រះគម្ពីរ ត្រូវបាន​បង្រៀន​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ និង​មាន​បំណង​ចង់​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​រៀន ។

នៅក្នុង​វគ្គសិក្សា​នេះ ព្រះគម្ពីរមរមន​គឺជា​អត្ថបទ​ដ៏​សំខាន់​របស់​អ្នក នៅពេល​អ្នក​រៀបចំ​បង្រៀន ។ សូម​សិក្សា​ជំពូក ឬ​ខគម្ពីរ​ទាំងឡាយ​ដែល​អ្នក​នឹង​បង្រៀន​ប្រកប​ដោយ​ការអធិស្ឋាន ។ សូម​ព្យាយាម​យល់​បរិបទ និង​អត្ថបទ​នៃ​បណ្តុំបទគម្ពីរ រួមមាន​ខ្សែ​រឿង ប្រជាជន ទីកន្លែង និង​ហេតុការណ៍ ។ នៅពេល​អ្នក​ដឹង​ពី​ពី​បរិបទ និង​អត្ថបទ​នៃ​បណ្តុំបទគម្ពីរ​នីមួយៗ​ហើយ សូម​ស្វែងរក​គោលលទ្ធិ និង​គោលការណ៍​ដែល​វា​មាន ហើយ​សម្រេចថា​តើ​សេចក្ដីពិត​មួយ​ណា​ដែល​សំខាន់​បំផុត​សម្រាប់​សិស្ស​របស់​អ្នក​ដើម្បី​យល់​ និង​អនុវត្តតាមវា ។ នៅពេល​អ្នក​បាន​រកឃើញ​អ្វី​ដែល​អ្នក​ត្រូវ​ផ្ដោតអារម្មណ៍​លើ​ហើយ អ្នក​អាច​សម្រេច​ថា​តើ​វិធី របៀប​ដោះស្រាយ និង​សកម្មភាព​ណាមួយ​ដែល​នឹង​សម​បំផុត​ដើម្បី​ជួយ​ដល់​សិស្ស​របស់​អ្នក​ក្នុងការ​រៀនសូត្រ និង​អនុវត្ត​នូវ​សេចក្ដីពិត​ដ៏​ពិសិដ្ឋ​ទាំងឡាយ​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ ។

សៀវភៅ​ណែនាំ​នេះ​ត្រូវបាន​រចនា​ឡើង​ដើម្បី​ជួយ​ដល់​អ្នក​នៅក្នុង​ដំណើរការ​នេះ ។ សូម​រំឭក​មេរៀន​ដោយ​ប្រុងប្រយ័ត្ន ចំពោះ​អ្វី​ដែល​ទាក់ទង​ទៅនឹង​បណ្តុំបទគម្ពីរ​ដែល​អ្នក​នឹង​បង្រៀន ។ អ្នក​អាចជ្រើស​រើស​​ប្រើគំនិត​ដែល​បាន​ផ្តល់​ឲ្យ​សម្រាប់​បណ្តុំបទ​​គម្ពីរ​ទាំង​អស់ ឬ​ខ្លះៗ ឬ​អ្នក​អាច​បត់​បែន​គំនិត​បង្រៀន​ទៅតាម​តម្រូវការ និង​កាលៈទេសៈ​នៃ​សិស្ស​ដែល​អ្នក​បង្រៀន ។ នៅពេល​អ្នក​គិតពី​របៀប​ដើម្បីបត់​បន​មេរៀន​នេះ សូម​ប្រាកដ​ថា​នឹង​ធ្វើ​តាម​ការប្រឹក្សា​ពី​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់ ៖

« តាម​ដែល​ខ្ញុំ​បាន​ឮប្រធាន ផាកកឺ បាន​បង្រៀន​ជាញឹកញាប់​ថា ដំបូង យើង​ត្រូវទទួល​យក​​ជា​ដំបូង​សិន ហើយ​បន្ទាប់មក សម្រប​ធ្វើតាម ។ ប្រសិនបើ​យើង​គ្រោង​មេរៀន​ដែល​មាន​នៅក្នុង​សៀវភៅ​ដោយ​យកចិត្ត​ទុកដាក់​មុន​នឹង​យើង​បង្រៀន​នោះ យើងអាច​ធ្វើតាម​ព្រះវិញ្ញាណ​ដើម្បី​សម្រប​តាម​វា​បាន » ( « A Panel Discussion with Elder Dallin H. Oaks » [ ការចាក់ផ្សាយ​តាម​ផ្កាយរណប​នៃ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា នៅថ្ងៃទី 7 ខែ សីហា ឆ្នាំ 2012 ], 6, si.lds.org ) ។

នៅពេល​អ្នក​រៀបចំ​បង្រៀន សូម​ចងចាំ​ពី​សិស្ស​ដែល​ត្រូវការ​ជំនួយ​ជាពិសេស ។ សូម​សម្រប​សកម្មភាព និង​ការរំពឹងទុក​នានា​ដើម្បី​ជួយ​ដល់​ពួកគេ​ឲ្យ​ទទួល​បាន​ជោគជ័យ ។ ទំនាក់ទំនង​ជាមួយ​នឹង​ឪពុកម្ដាយ និង​អ្នកដឹកនាំ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ពី​តម្រូវការ​របស់​សិស្ស ហើយ​ជួយ​អ្នក​ឲ្យ​បាន​ជោគជ័យ​ក្នុងការ​ផ្ដល់​នូវ​បទពិសោធន៍​ដ៏​មាន​ន័យ និង​ជួយ​ដល់​ពួកគេ ។

គ្រូបង្រៀន​រៀបចំ​ជាមួយ​នឹង​ព្រះគម្ពីរ និង​សៀវភៅ​ណែនាំ

ការប្រើ​សៀវភៅ​ណែនាំ​ការសិក្សា​សម្រាប់​គ្រូបង្រៀន​ប្រចាំថ្ងៃ

ឧទាហរណ៍​នៃ​ការប្រើ​សៀវភៅ​ណែនាំ​របស់​គ្រូបង្រៀន

សេចក្ដីផ្ដើម​នៃ​គម្ពីរ

សេចក្ដីផ្ដើម​នៃ​គម្ពីរ​នឹង​ផ្ដល់​នូវ​ទិដ្ឋភាព​ទូទៅ​នៃ​គម្ពីរ​នីមួយៗ​នៅក្នុង​ព្រះគម្ពីរ​មរមន ។ នៅក្នុង​ចំណោម​រឿង​ផ្សេងទៀត ពួកគេ​នឹង​ពន្យល់​ពី​អ្នកដែល​សរសេរ​គម្ពីរ​នេះ វា​រៀបរាប់​ពី​គោលបំណង​ក្នុង​ការសរសេរ​របស់​អ្នកសរសេរ ហើយ​វា​ផ្ដល់​នូវ​សេចក្ដីសង្ខេប​នៃ​អត្ថបទ​នៃ​គម្ពីរ​នីមួយៗ ។

គំរូ​នៃ​ការប្រើ​សៀវភៅ​ណែនាំ​របស់​គ្រូបង្រៀន

សេចក្ដីផ្ដើម​នៃ​បណ្តុំបទគម្ពីរ

សេចក្ដីផ្ដើម​នៃ​បណ្តុំបទគម្ពីរ​ផ្ដល់​នូវ​ទិដ្ឋភាព​ទូទៅ​ដ៏​ខ្លី​មួយ​នៃ​បរិបទ និង​មាតិកា​​នៃ​បណ្តុំបទគម្ពីរ​សម្រាប់​មេរៀន​នីមួយៗ ។

ការផ្ដុំ​ខគម្ពីរ និង​សេចក្ដីសង្ខេប​ពី​បរិបទ

បណ្ដុំ​បទ​គម្ពីរ ជាញឹកញាប់​ត្រូវបាន​ចែក​ចេញ​ជា​ផ្នែក ឬ​ក្រុម​តូចៗ​នៃ​ខគម្ពីរ ដែល​មាន​ការផ្លាស់ប្ដូរ​នៃ​ប្រធានបទ ឬ​សកម្មភាព ។ សេចក្ដី​យោង​នៃ​ក្រុម​ខគម្ពីរ​នីមួយៗ​ត្រូវបាន​បន្ត​ដោយ​សេចក្ដីសង្ខេបដ៏​ខ្លី​នៃ​ហេតុការណ៍ ឬ​ការបង្រៀន​នៅក្នុង​ក្រុម​នៃ​ខគម្ពីរ​នោះ ។

ជំនួយក្នុង​ការបង្រៀន

ជំនួយក្នុងការបង្រៀន​នឹង​ពន្យល់​ពី​គោលការណ៍ និង​វិធីបង្រៀន​ដំណឹងល្អ​នានា ។ វា​អាច​ជួយ​ដល់​អ្នក​នៅក្នុង​ការខិតខំ​ដើម្បី​កែ​លម្អ​ក្នុង​នាម​ជា​​គ្រូបង្រៀន​ម្នាក់ ។

តួ​សេចក្តី​​នៃ​មេរៀន

តួ​សេចក្តី​នៃ​មេរៀន​​នេះ រួមមាន​ការដឹកនាំ​សម្រាប់​អ្នក នៅពេល​អ្នក​សិក្សា និង​បង្រៀន ។ វា​ផ្ដល់​នូវ​គំនិត​ក្នុងការបង្រៀន រួមមាន​សំណួរ សកម្មភាព សម្ដីដកស្រង់ ឌីយ៉ាក្រាម និង​តារាង​នានា ។

គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ

នៅពេល​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​លេចចេញ​មក​ពី​ការសិក្សា​នៃ​វគ្គ​ព្រះគម្ពីរ វា​បញ្ជាក់​ជា​អក្សរក្រាស់​​ខ្មៅ​ដើម្បី​ជួយ​ដល់​អ្នក​ឲ្យ​រកឃើញ និង​បញ្ជាក់​ន័យ​ដល់​វា​នៅក្នុង​ការពិភាក្សា​របស់​អ្នក​ជាមួយ​នឹង​សិស្ស ។

រូបភាព

រូបភាព​នៃ​អ្នកដឹកនាំ​សាសនាចក្រ និង​ហេតុការណ៍​នានា​ពី​ព្រះគម្ពីរ តំណាង​ឲ្យ​ជំនួយ​ដែល​អ្នក​អាច​បង្ហាញ​ឲ្យ​ឃើញ ប្រសិនបើ​វា​មាន នៅពេល​អ្នក​បង្រៀន ។

គំរូ​នៃ​ការប្រើ​សៀវភៅ​ណែនាំ​របស់​គ្រូបង្រៀន

ចំណេះចំណានខគម្ពីរ

វគ្គ​ចំណេះចំណាន​ខគម្ពីរ​ទាំង 25 ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​មរមន​ត្រូវបាន​គូស​បញ្ជាក់​នៅក្នុង​បរិបទ​នៃ​មេរៀន​ដែល​វា​លេចឡើង ។ មេរៀន​ទាំងនេះ​នីមួយៗ​ក៏​រួមមាន​នូវ​គំនិត​ក្នុង​ការបង្រៀន​សម្រាប់​វគ្គ​នីមួយៗ​ដែរ ។ ដើម្បី​ជួយ​អ្នក​ឲ្យ​មាន​ភាពខ្ជាប់​ខ្ជួន​​នៅក្នុង​ការបង្រៀន​ចំណេះចំណានខគម្ពីរ នោះ​មាន​សកម្មភាព​ក្នុង​ការរំឭក​ចំណេះចំណានខគម្ពីរ​ធ្វើឡើង​នៅក្នុង​សៀវភៅ​ណែនាំ​នេះ ។ សម្រាប់​គំនិត​ក្នុង​ការបង្រៀន​ចំណេះចំណានខគម្ពីរ​បន្ថែម សូម​មើល​ក្នុង​សេចក្ដីបន្ថែម​នៅ​ចុងបញ្ចប់​នៃ​សៀវភៅ​ណែនាំ​នេះ ។

ចន្លោះ​ជួរឈរ

ចន្លោះ​ជួរឈរ​អាច​ត្រូវបាន​ប្រើ​សម្រាប់​ការរៀបចំ​មេរៀន រួមមាន​ការ​សរសេរ​កត់ចំណាំ គោលការណ៍ បទពិសោធន៍ ឬ​គំនិត​ផ្សេង​ទៀត នៅពេល​អ្នក​ទទួល​បាន​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណបរិសុទ្ធ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

សម្ដី​ដកស្រង់ និង​ការពន្យល់​បន្ថែម​ត្រូវបាន​ផ្ដល់​នៅ​ចុងបញ្ចប់​នៃ​មេរៀន​មួយ​ចំនួន ដើម្បី​ផ្ដល់​ដល់​អ្នក​នូវ​ការយល់​ដឹង​បន្ថែម​នៃ​គោលគំនិត​ជាក់លាក់​នានា ឬ​វគ្គ​ព្រះគម្ពីរ ។ សូម​ប្រើប្រាស់​​ព័ត៌មាន​នៅក្នុង​ផ្នែក​នេះ​ដើម្បី​រៀបចំ​ឆ្លើយនឹង​សំណួរ ឬ​ផ្ដល់​នូវ​ការយល់ដឹង​បន្ថែម នៅពេល​អ្នក​បង្រៀន ។

គំនិតបន្ថែម​​សម្រាប់​ការបង្រៀន

គំនិតបន្ថែម​សម្រាប់​ការបង្រៀន មាន​​នៅ​ចុងបញ្ចប់​នៃ​មេរៀន​មួយ​ចំនួន ។ វា​នឹង​ផ្ដល់​នូវ​យោបល់​សម្រាប់​ការបង្រៀន​គោលលទ្ធិ និង​គោលការណ៍​ដែល​មិន​អាច​រកឃើញ ឬ​បញ្ជាក់​ន័យ​នៅក្នុងតួ​សេចក្តី​​នៃ​មេរៀន​នេះ ។ វា​ក៏​ផ្ដល់​នូវ​យោបល់​​អំពី​ការប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូចជា​ការចាក់​វីដេអូ ជា​ដើម ។

កម្មវិធីសិក្សា​ថ្នាក់​សិក្ខាសាលា​ប្រចាំថ្ងៃ ( ម៉ោង​ចេញផ្សាយ និងម៉ោង​ព្រឹកព្រលឹម )

សៀវភៅ​ណែនាំ​នេះ​រួមមានមូល​ដ្ឋាន​គ្រឹះ​ដូចខាងក្រោម​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​ប្រចាំ​ថ្ងៃ ៖ មេរៀន​​ប្រចាំថ្ងៃសម្រាប់​គ្រូបង្រៀន​ចំនួន 160 មេរៀន ជំនួយដល់​​ការបង្រៀន និង​ធនធាន​ក្នុង​ការបង្រៀន​ចំណេះចំណានខគម្ពីរ និង​គោលលទ្ធិ​គ្រឹះ​ទាំងឡាយ ។

មេរៀន​​ប្រចាំថ្ងៃសម្រាប់​គ្រូបង្រៀន

ទម្រង់​នៃ​មេរៀន

មេរៀន​នីមួយៗ​នៅក្នុង​ក្នុង​សៀវភៅណែនាំ​នេះ ផ្ដោតលើបណ្តុំ​បទគម្ពីរ​ជាជាង​ផ្តោត​ទៅ​លើ​គំនិត គោលលទ្ធិ ឬ គោលការណ៍​ពិសេស​ណាមួយ ។ទម្រង់​បែបនេះ​នឹង​ជួយ​ដល់​អ្នក និង​សិស្ស​របស់​អ្នក​ឲ្យ​សិក្សា​ព្រះគម្ពីរ​តាម​លំដាប់លំដោយ និង​ពិភាក្សា​ពី​គោលលទ្ធិ និង​គោលការណ៍​ នៅពេល​វា​លេចឡើង​នៅក្នុង​បរិបទ​ព្រះគម្ពីរ ។ នៅពេល​សិស្ស​រៀន​ពី​បរិបទ​ដែល​មាន​គោលលទ្ធិ ឬ គោលការណ៍​មួយ នោះ​ការយល់​ដឹង​ពី​សេចក្ដីពិត​នោះ​អាច​ត្រូវបាន​ធ្វើ​ឲ្យ​ស៊ីជម្រៅ​បន្ថែម​ទៀត ។ លើសពី​នេះ សិស្ស​នឹង​អាច​ឃើញ ហើយ​យល់​កាន់តែ​ច្បាស់​ពី​វិសាលភាព​ដ៏​ពេញលេញ​នៃ​សារលិខិត​ដែល​ត្រូវបាន​បំផុស​ដោយ​អ្នកសរសេរ​ព្រះគម្ពីរ ដែល​មាន​បំណង​ដើម្បី​ផ្ដល់​ឲ្យ ។ ការបង្រៀន​ព្រះគម្ពីរ​តាម​របៀប​នេះ ក៏​នឹង​ជួយ​ដល់​សិស្ស​ឲ្យ​រៀន​ពី​របៀប​ដើម្បី​រក និង​អនុវត្ត​សេចក្ដីពិត​ដ៏​អស់កល្ប​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​ផងដែរ ។

នៅក្នុង​មេរៀន​នីមួយៗ នឹង​មិន​មាន​ផ្នែក​នៃ​បណ្តុំបទគម្ពីរ​ទាំងអស់​ត្រូវ​បញ្ជាក់​នោះទេ ។ ផ្នែក​ខ្លះ​មាន​ការយកចិត្ត​ទុកដាក់​តិចជាង ដោយសារ​វា​មិន​សូវ​ជា​ស្នូល​នៃ​សារលិខិត​ទាំងអស់​ពី​អ្នកសរសេរ​ដ៏​បំផុស​គិត ឬ ដោយសារ​វា​អាច​មិន​សូវ​អនុវត្តចំពោះយុវវ័យ ។ អ្នក​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការសម្រប​សម្ភារ​មេរៀន​ទាំងនេះ ស្របតាម​តម្រូវការ និង​ចំណាប់​អារម្មណ៍​របស់​សិស្ស​ដែល​អ្នក​បង្រៀន ។ អ្នក​អាច​សម្រប​គំនិតក្នុង​​មេរៀនដែល​មាន​​នៅក្នុង​សៀវភៅ​ណែនាំ​នេះ ដើម្បី​ធ្វើ​ការ​សង្កត់​ធ្ងន់​ទៅលើ​គោលលទ្ធិ ឬ​គោលការណ៍​ច្បាស់​លាស់​​ណាមួយ លើស​ពី​អ្វី​ដែល​បាន​ផ្តល់​ឲ្យ​នៅ​ក្នុង​ជំនួយ​មេរៀននេះ ឬ​ជ្រើស​រើសគូស​បញ្ជាក់​បន្តិច​បន្តួច​លើ​វគ្គ​បណ្តុំ​បទ​គម្ពីរ​ដែល​ត្រូវ​បាន​បង្កើត​ឡើងមាន​ភាព​​ស៊ីជម្រៅ​នៅក្នុង​សៀវភៅ​នេះ ។ សូម​ស្វែងរក​ការដឹកនាំ​ពី​ព្រះវិញ្ញាណបរិសុទ្ធ​ដើម្បី​ជួយ​ដល់​អ្នក​ឲ្យ​ធ្វើការ​សម្រប​តាម នៅពេល​អ្នក​រៀបចំ​បង្រៀន ។

គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ

នៅក្នុងតួ​សេចក្តី​នៃ​មេរៀននីមួយៗ អ្នក​នឹង​ឃើញ​ថា គោលលទ្ធិ និង​គោលការណ៍​គន្លឹះ​មួយចំនួន​ត្រូវ​បាន​បញ្ជាក់​ជា​អក្សរក្រាស់​ខ្មៅ​ដិត ។ គោលលទ្ធិ និង​គោលការណ៍​ទាំងនេះ​ត្រូវបាន​រកឃើញ​នៅក្នុង​កម្មវិធី​សិក្សា​ដោយសារ (1) វា​ឆ្លុះបញ្ចាំង​ពី​សារលិខិត​ដ៏​សំខាន់​នៃ​បណ្ដុំបទគម្ពីរ (2) វា​អាច​អនុវត្ត​បាន​ជាពិសេសចំពោះ​​តម្រូវការ និង​កាលៈទេសៈ​របស់​សិស្ស ឬ (3) វា​គឺជា​គន្លឹះ​នៃ​សេចក្ដីពិត​ដែល​អាច​ជួយ​សិស្ស​ឲ្យ​យល់​ស៊ីជម្រៅ​ពី​ទំនាក់ទំនង​របស់​គេ​ជាមួយ​នឹង​ព្រះអម្ចាស់ ។ សូម​ប្រយត័្ន​ថា ព្រះគម្ពីរ​មរមន​បង្រៀន​ពី​សេចក្ដីពិត​ជាច្រើន​លើសពី​អ្វី​ដែល​បានមាន​​នៅក្នុង​កម្មវិធី​សិក្សា​នេះ ។ ប្រធាន ប៊យដ៍ ឃេ. ផាកកឺ បាន​បង្រៀន​ថា ព្រះគម្ពីរ​រួមមាន​នូវ « ការបន្សំ​ដ៏​មិន​ចេះ​ចប់​នៃ​សេចក្ដីពិត​ដែល​នឹង​ស៊ីគ្នា​នឹង​តម្រូវការ​របស់​បុគ្គល​គ្រប់រូប​នៅក្នុង​គ្រប់​ស្ថានភាព » ( « The Great Plan of Happiness” [CES Symposium on the Doctrine and Covenants/Church History ថ្ងៃទី 10 ខែ សីហា ឆ្នាំ 1993 ], ទំព័រ 2, si.lds.org ) ។

នៅពេល​អ្នក​បង្រៀន សូម​ផ្ដល់​ដល់​សិស្ស​នូវ​ឱកាស​ជាបន្ដ​បន្ទាប់​ឲ្យ​រក​មើល​គោលលទ្ធិ និង​គោលការណ៍​នានា​នៅក្នុង​ព្រះគម្ពីរ ។ នៅពេល​សិស្ស​បង្ហាញ​នូវ​សេចក្ដីពិត​ដែល​ពួកគេ​រកឃើញ ជាញឹកញាប់ នោះ​ពួកគេ​អាច​ប្រើ​ពាក្យ​ដែល​ខុសពី​របៀប​ដែល​គោលលទ្ធិ ឬ​គោលការណ៍​នានា​បាន​ចែង​នៅក្នុង​សៀវភៅ​ណែនាំ​នេះ ។ ពួកគេ​ក៏​អាច​រកឃើញ​នូវ​សេចក្ដីពិត​ដែល​មិន​មាន​នៅក្នុង​គម្រោង​នៃ​មេរៀន​នេះ​ដែរ ។ សូម​ប្រយត័្ន​កុំ​និយាយ​ថា ចម្លើយ​របស់​សិស្ស​ខុស ដោយសារតែ​ពាក្យ​ដែល​ពួកគេ​ប្រើ​នោះ​ខុសពី​ពាក្យ​ដែល​បាន​ប្រើ​នៅក្នុង​សៀវភៅ​ណែនាំ​នេះ ឬ​ដោយសារពួកគេ​រកឃើញ​សេចក្ដីពិត​មួយ​ដែល​មិន​មាន​នៅក្នុង​កម្មវិធី​សិក្សា​នេះឡើយ ។ ទោះជាយ៉ាងណាក្ដី ប្រសិនបើ​ប្រយោគ​ដែល​សិស្ស​និយាយ​ខុស​​គោលលទ្ធិ នោះវា​ជា​ភារកិច្ច​របស់​អ្នក​ដើម្បី​ជួយ​ដល់​សិស្ស​ដោយ​រាបទាប​ក្នុងការ​កែតម្រូវ​ប្រយោគ​របស់​គេ ជាមួយ​បរិយាកាស​នៃ​សេចក្ដីស្រឡាញ់ និង​ទំនុកចិត្ត ។ ដោយ​ការធ្វើ​ដូច្នោះ អាច​ផ្ដល់​នូវ​បទពិសោធន៍​រៀនសូត្រ​ដ៏​សំខាន់​មួយ​ដល់​សិស្ស​នៅក្នុង​ថ្នាក់រ​បស់​អ្នក ។

ល្បឿន

សៀវភៅ​ណែនាំ​នេះ​រួមមាន​​មេរៀន​ប្រចាំថ្ងៃ​សម្រាប់​ថ្នាក់​សិក្ខាសាលា​ចំនួន 160 មេរៀន ដែលអាច​បណ្តាល​ឲ្យ​មាន​ការអាក់ខាន​ចំពោះ​កាលវិភាគ​សាលារៀន និង​សហគមន៍ ហើយ​ក៏​មាន​ពេល​ទំនេរ​ខ្លះ​សម្រាប់​រំឭក​បរិបទ​នៃ​ព្រះគម្ពីរ​ឡើងវិញ ឬសូត្រ​ចំណេះចំណានខគម្ពីរ ។ អ្នក​អាច​សម្របសម្រួល​មេរៀន​នេះ និង​ល្បឿន​នៃ​មេរៀន​តាមពេលវេលា​ដែល​អ្នក​​មាន​ដើម្បី​បង្រៀន​វគ្គសិក្សា​នេះ ។ ( សូមមើល​សេចក្ដីបន្ថែម​នៅចុង​បញ្ចប់​នៃ​សៀវភៅណែនាំ​នេះ​សម្រាប់​ការណែនាំ​អំពី​គំរូនៃ​ល្បឿន​បង្រៀន ។ )

កិច្ចការ​ជំនួស​អវត្តមាន

សៀវភៅមគ្គុទេសន៍ការសិក្សា​នៃ​ព្រះគម្ពីរមរមន​សម្រាប់សិស្ស​ថ្នាក់​សិក្ខាសាលា​សិក្សា​នៅផ្ទះ អាច​ត្រូវ​ប្រើ​នៅក្នុង​កម្មវិធី​ថ្នាក់​សិក្ខាសាលា​ប្រចាំថ្ងៃ ជា​ធនធាន​មួយ​ដើម្បី​ផ្ដល់​ដល់​សិស្ស​នូវ​កិច្ចការ​ជំនួស​អវត្តមាន ។ មេរៀន​នៅក្នុង​សៀវភៅមគ្គុទេសន៍ការសិក្សា​សម្រាប់សិស្ស​សិក្សា​នៅ​ផ្ទះ​ស្របគ្នា​ទៅនឹង​អ្វីដែល​មាន​នៅក្នុង​សៀវភៅ​សិក្សា​នេះ ។ សិស្ស​ដែល​មាន​អវត្តមាន​ច្រើន អាច​ដាក់​ឲ្យ​ធ្វើការ​នេះ​ពី​សៀវភៅមគ្គុទេសន៍ការសិក្សា​ដែល​ស្របគ្នា​ទៅនឹង​បរិបទ​ដែល​ពួកគេ​បាន​ខកខាន​មិន​បាន​រៀន​នៅក្នុង​ថ្នាក់ ។ កិច្ចការ​នោះ​អាច​បោះពុម្ព​ចេញ​ពី​គេហទំព័រ ស&វ ដូច្នេះ​អ្នក​មិន​ចាំបាច់​ចែក​សៀវភៅ​ទាំងមូល​ដល់​សិស្ស​ដែល​ត្រូវ​ធ្វើ​កិច្ចការ​ជំនួស​អវត្តមាន​នោះទេ ។ ព័ត៌មាន​បន្ថែម​ទាក់ទង​ទៅនឹង សៀវភៅមគ្គុទេសន៍ការសិក្សា​នៃ​ព្រះគម្ពីរមរមន​សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា​សិក្សា​នៅផ្ទះ ត្រូវបាន​ផ្ដល់​នៅក្នុង​ផ្នែក​ដែល​មាន​ចំណងជើង​ថា « កម្មវិធី​ថ្នាក់​សិក្ខាសាលា​សិក្សា​នៅផ្ទះ » ។

ជំនួយក្នុងការបង្រៀន

ជំនួយក្នុងការបង្រៀន​មាន​​នៅ​រឹម​ទំព័រ​នៃ​សៀវភៅណែនាំ​នេះ ។ ជំនួយក្នុងការបង្រៀន​ទាំងនេះ​ជួយពន្យល់ និង​បង្ហាញ​ពី​របៀប​ដែល​អ្នក និងសិស្ស​ដែល​អ្នក​បង្រៀន​អាច​អនុវត្ត​គោលគ្រឹះ​នៃ​ការបង្រៀន និង​ការរៀនសូត្រ​ដំណឹងល្អ​នៅក្នុង​ការសិក្សា​របស់​អ្នក​អំពី​ព្រះគម្ពីរមរមន ។ វា​ក៏​ផ្ដល់​នូវ​យោបល់​នានា​អំពី​របៀប​ដើម្បី​ប្រើ​វិធីបង្រៀន ជំនាញ និង​ដំណោះស្រាយ​បង្រៀន​ផ្សេងៗ​ដោយ​មាន​ប្រសិទ្ធភាពផង​​ដែរ ។ នៅពេល​អ្នក​យល់​ពី​គោលការណ៍​ដែល​មាន​នៅក្នុង​ជំនួយក្នុងការបង្រៀន​នេះ​ហើយ សូមរកមើល​របៀប​ដើម្បី​អនុវត្ត និង​ធ្វើ​វា​ជាប្រចាំ​នៅក្នុង​ការបង្រៀន​របស់​អ្នក ។

ចំណេះចំណានខគម្ពីរ និង​គោលលទ្ធិ​គ្រឹះ

ដើម្បី​ជួយ​សិស្ស​ឲ្យ​ទទួល​យកបាន​សេចក្ដីពិត​ដ៏​អស់កល្បជានិច្ច និង​ដើម្បី​បង្កើន​ទំនុកចិត្ត​របស់​គេ​ក្នុង​ការរៀនសូត្រ និង​ការបង្រៀន​ពី​ព្រះគម្ពីរ ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា (ស&វ) បាន​ជ្រើសរើស​វគ្គ​ព្រះគម្ពីរ​មួយ​ចំនួន​សម្រាប់​សិស្ស​រៀន​ឲ្យ​ចងចាំ​អំឡុងពេល​រៀន​នៅក្នុង​វគ្គ​នេះ ។ បន្ថែម​លើ​នេះ បញ្ជី​នៃ​គោលលទ្ធិ​គ្រឹះ​ក៏​រួមបញ្ចូល​ដើម្បី​បញ្ជាក់​ពី​គោលលទ្ធិ​គន្លឹះ ដែល​សិស្សត្រូវ​យល់ ជឿ និង​រស់នៅ​តាម​ពេញ​បួន​ឆ្នាំ​នៅក្នុង​ថ្នាក់​សិក្ខាសាលា​នេះ និង​សម្រាប់​ពេញមួយ​ជីវិត​របស់​គេ ។ សៀវភៅណែនាំ​សម្រាប់​វគ្គ​សិក្សា​នីមួយៗ​ត្រូវបាន​រៀបចំ​ដើម្បី​បញ្ជាក់​ពី​គោលលទ្ធិ​គ្រឹះ នៅពេល​វា​បង្ហាញ​ អំឡុងពេល​ការសិក្សា​ជា​ស៊េរី​របស់​សិស្ស​ក្នុង​ព្រះគម្ពីរ​នេះ ។ វគ្គ​ចំណេះចំណានខគម្ពីរ​ជាច្រើន​ត្រូវបាន​ជ្រើសរើស​ដោយ​មាន​គោលលទ្ធិ​គ្រឹះ​នៅក្នុងគំនិត ដូច្នោះ​នៅពេល​អ្នក​បង្រៀន​វគ្គ​ចំណេះចំណានខគម្ពីរ​ដល់​សិស្ស អ្នក​នឹង​បង្រៀន​គោលលទ្ធិ​គ្រឹះ​ផងដែរ ។

នៅពេល​បុគ្គល​ទាំងឡាយ​ទទួល​បាន​សេចក្តី​ពិត​ដ៏​អស់កល្ប​ជានិច្ច​នៅ​ក្នុង​គំនិត និងដួងចិត្ត​របស់​គេហើយ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​នាំ​សេចក្តី​ពិត​ទាំងនេះ​ឲ្យ​ចង​ចាំ នៅពេល​ដែល​ចាំបាច់ និង​ផ្តល់​ភាពក្លាហាន​ដល់​គេ​ដើម្បី​ធ្វើសកម្មភាព​ក្នុង​សេចក្តីជំនឿ ( សូមមើល យ៉ូហាន 14:26 ) ។ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បាន​បង្រៀន ៖

« ខ្ញុំ​សូម​លើកទឹកចិត្ត​អ្នក​យ៉ាងម៉ឺង​មាត់ ឲ្យ​ប្រើ​បា្រស់​ព្រះគម្ពីរ​នៅ​ក្នុង​ការបង្រៀន​របស់​អ្នក ហើយ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ឲ្យ​អស់​ពី​លទ្ធភាព​របស់​អ្នក​ដើម្បី​ជួយ​សិស្ស​ទាំងឡាយ​ឲ្យ​ប្រើប្រាស់​ព្រះគម្ពីរ និងចូល​ចិត្ត​​ប្រើប្រាស់​ព្រះគម្ពីរ ។ ខ្ញុំ​ចង់​ឲ្យ​យុវវ័យ​វ័យ​ក្មេង​របស់​យើង​មាន​ទំនុកចិត្ត​លើ​ព្រះគម្ពីរ ។ …

« … យើង​ចង់​ឲ្យ​សិស្ស​មាន​ទំនុកចិត្ត​លើ​អានុភាព និងសេចក្តី​ពិត​នៃ​ព្រះគម្ពីរ មាន​ទំនុកចិត្ត​ដែល​ព្រះវរបិតា​សួគ៌​របស់​គេ​កំពុង​មាន​ព្រះបន្ទូល​ពិត​ប្រាកដ​ទៅ​កាន់​ពួក​គេ​​តាម​រយៈ​ព្រះគម្ពីរ ហើយទំនុកចិត្តថា​ពួកគេអាចងាក​ទៅ​អាន​ព្រះគម្ពីរ ហើយ​រក​ចម្លើយ​ចំពោះ​បញ្ហា​ទាំងឡាយ និងការអធិស្ឋាន​របស់​គេ ។ …

« … យើង​សង្ឃឹម​ថា គ្មាន​សិស្ស​ណា​ម្នាក់​របស់​អ្នក​នឹង​ចាកចេញ​ពី​ថ្នាក់​របស់​អ្នក​ដោយការ​ភ័យខ្លាច ឬ ខ្មាស់អៀន ឬ អាម៉ាស់​មុខ​ឡើយ ដោយ​ថា​ពួកគេ​មិន​អាច​រក​ឃើញ​ជំនួយ​ដែល​ពួកគេ​ត្រូវការ ដោយសារ​តែ​ពួកគេ​មិន​ដឹង​ពី​ព្រះគម្ពីរ​គ្រប់គ្រាន់​ល្មម ដើម្បី​រកឃើញ​ខ​គម្ពីរ​ត្រឹមត្រូវ​នោះ​ឡើយ » ( « Eternal Investments » [ សុន្ទរកថា​ថ្លែង​ទៅ​កាន់​អ្នកអប់រំ​សាសនា CES នៅថ្ងៃទី 10 ខែ កុម្ភៈ ឆ្នាំ 1989], 2, si.lds.org) ។

សូមមើល​សេចក្ដីបន្ថែម​នៅចុងបញ្ចប់​នៃ​សៀវភៅណែនាំ​នេះ​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ចំណេះចំណានខគម្ពីរ និង​គោលលទ្ធិ​គ្រឹះ​នានា ។

ការប្រើ​មេរៀន​សិក្សា​នៅផ្ទះ

គំរូ​នៃ​ការប្រើ​សៀវភៅ​ណែនាំ​របស់​គ្រូបង្រៀន

សេចក្ដីសង្ខេប​នៃ​មេរៀន​របស់​សិស្ស

សេចក្ដីសង្ខេប​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ស្គាល់​បរិបទ និង​គោលលទ្ធិ ហើយ​គោលការណ៍​ទាំងឡាយ ដែល​សិស្ស​បាន​សិក្សា​ក្នុង​មួយ​សប្ដាហ៍​នៅក្នុង​សៀវភៅមគ្គុទេសន៍ការសិក្សា​របស់​សិស្ស ។

សេចក្ដីផ្ដើម​នៃ​មេរៀន

សេចក្ដីផ្ដើម​ចំពោះ​មេរៀន​នេះ នឹង​ជួយ​អ្នក​ឲ្យ​ស្គាល់​ពី​ផ្នែក​ខ្លះៗ​នៃ​បណ្តុំបទគម្ពីរ​មួយណា ដែល​នឹង​ត្រូវប្រើ​សង្កត់បញ្ជាក់​នៅក្នុង​មេរៀននេះ ។

តួ​សេចក្តី​​នៃ​មេរៀន

តួ​សេចក្តី​​នៃ​មេរៀន​នេះ ផ្តល់​នូវ​​ការដឹកនាំ​សម្រាប់​អ្នក នៅពេល​អ្នក​សិក្សា និង​បង្រៀន ។ វា​ផ្ដល់​នូវ​គំនិត​ក្នុងការបង្រៀន រួមមាន​សំណួរ សកម្មភាព សម្ដីដកស្រង់ ឌីយ៉ាក្រាម និង​តារាង​នានា ។

គំរូ​នៃ​ការប្រើ​សៀវភៅ​ណែនាំ​របស់​គ្រូបង្រៀន

ការផ្ដុំ​ខគម្ពីរ និង​សេចក្ដីសង្ខេប​ពី​បរិបទ

ខគម្ពីរ​ត្រូវបាន​ចាប់​ជា​ក្រុម យោងតាម​ការផ្លាស់ប្ដូរ​នៅក្នុង​បរិបទ ឬ​អត្ថបទ​ដែល​មាន​ពេញ​មួយ​បណ្តុំបទគម្ពីរ ។ សេចក្ដី​យោង​នៃ​ក្រុម​ខគម្ពីរ​នីមួយៗ​ត្រូវបាន​បន្ត​ដោយ​សេចក្ដីសង្ខេបដ៏​ខ្លី​នៃ​ហេតុការណ៍ ឬ​ការបង្រៀន​នៅក្នុង​ក្រុម​នៃ​ខគម្ពីរ​នោះ ។

គោលលទ្ធិ និង គោលការណ៍ទាំងឡាយ​

នៅពេល​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​លេចចេញ​មកដោយ​ឯក​ឯង​​ពី​ការសិក្សា​នៃ​បទ​ព្រះគម្ពីរ វា​គូសបញ្ជាក់​ជា​អក្សរ​ខ្មៅ​ដិត​ដើម្បី​ជួយ​អ្នក​ឲ្យ​រកឃើញ និង​បញ្ជាក់​ន័យ​ដល់​វា​នៅក្នុង​ការពិភាក្សា​របស់​អ្នក​ជាមួយ​នឹង​សិស្ស ។

សេចក្ដីផ្ដើម​ចំពោះ​មេរៀន​បន្ទាប់

​កថាខណ្ឌចុងក្រោយ​នៃ​មេរៀន​នីមួយៗ​នឹង​ផ្ដល់​ជា​តម្រុយ​មួយ​សម្រាប់​មេរៀន​បន្ទាប់ ។ សូម​ចែកចាយ​កថាខណ្ឌ​នេះ​ជាមួយ​នឹង​សិស្ស​របស់​អ្នក​ នៅពេល​​ធ្វើ​សេចក្ដី​សន្និដ្ឋាន​​ពី​មេរៀននីមួយៗ ដើម្បី​ជួយ​ពួកគេ​ឲ្យ​រំពឹង​មើល​ទៅ​ការសិក្សាបទគម្ពីរ​​នៅ​សប្ដាហ៍​ក្រោយ ។

កម្មវិធី​ថ្នាក់​សិក្ខាសាលា​សិក្សា​នៅផ្ទះ

កម្មវិធី​ថ្នាក់​សិក្សា​នៅផ្ទះ​នឹង​អនុញ្ញាត​ឲ្យ​សិស្ស​ទទួល​បាន​ពិន្ទុនៅក្នុង​ថ្នាក់​សិក្ខាសាលា​ដោយការបញ្ចប់​មេរៀន​ផ្ទាល់ខ្លួន​នៅ​ផ្ទះ ជាជាង​ការមក​រៀន​នៅក្នុង​ថ្នាក់​រាល់ថ្ងៃ ។ មេរៀនទាំងនេះ​មាន​នៅក្នុង​សៀវភៅ​ណែនាំ​មួយ​ទៀត​ដែល​ហៅថា សៀវភៅមគ្គុទេសន៍ការសិក្សា​នៃ​ព្រះគម្ពីរមរមន​សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា​សិក្សា​នៅ​ផ្ទះ ។ មួយ​សប្ដាហ៍​ម្ដង សិស្ស​នឹង​ជួប​ជាមួយ​នឹង​គ្រូណែនាំ​ថ្នាក់​សិក្ខាសាលា​ដើម្បី​ប្រគល់​កិច្ចការ​របស់​គេ និង​ចូលរួម​នៅក្នុង​ថ្នាក់​រៀន ។ សៀវភៅមគ្គុទេសន៍ការសិក្សា​របស់​សិស្ស និង​មេរៀន​ក្នុង​ថ្នាក់​ប្រចាំ​សប្ដាហ៍​ត្រូវបាន​ពន្យល់​បន្ថែម​ទៀត​ដូចខាងក្រោម ។

សៀវភៅមគ្គុទេសន៍ការសិក្សា​សម្រាប់​សិស្ស​សិក្សា​នៅផ្ទះ

សៀវភៅមគ្គុទេសន៍ការសិក្សា​នៃ​ព្រះគម្ពីរមរមន​សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា​សិក្សា​នៅ​ផ្ទះ ត្រូវបានរៀបចំ​ឡើង​ដើម្បី​ជួយ​​សិស្ស​សិក្សា​នៅផ្ទះ​ឲ្យ​ទទួល​បាន​នូវ​បទពិសោធន៍​នៅក្នុង​ការសិក្សា​ព្រះគម្ពីរមរមន​ដែល​ស្រដៀងគ្នា​ទៅនឹង​សិស្ស​ថ្នាក់​សិក្ខាសាលា​ដែល​មក​រៀន​ប្រចាំថ្ងៃ ។ ហេតុដូច្នេះហើយ ល្បឿន​នៃ​សៀវភៅមគ្គុទេសន៍ការសិក្សា​របស់​សិស្ស ក៏ដូចជា​គោលលទ្ធិ និង​គោលការណ៍​ដែល​វា​គូសបញ្ជាក់​​លើ​នោះ​ក៏​លឿនប្រហែល​គ្នា​ទៅនឹង​អ្វី​ដែល​នៅក្នុង​សៀវភៅ​ណែនាំ​នេះ​ដែរ ។ សៀវភៅមគ្គុទេសន៍ការសិក្សា​របស់​សិស្ស​ក៏​រួមមាន​នូវ​ការណែនាំ​អំពី​ចំណេះចំណានខគម្ពីរ​ដែរ ។ វគ្គ​ចំណេះចំណានខគម្ពីរ ត្រូវបាន​លើកឡើង​នៅក្នុង​បរិបទ នៅពេល​វា​លេចឡើង​នៅក្នុង​អត្ថបទ​ព្រះគម្ពីរ ។ សកម្មភាព​បន្ថែម​ត្រូវបាន​ផ្ដល់​នៅចុង​បញ្ចប់​នៃ​មេរៀន​ដែល​លើក​ឡើង​ពី​វគ្គ​នោះ ។

រាល់សប្ដាហ៍ សិស្ស​ថ្នាក់​សិក្ខាសាលា​សិក្សា​នៅ​ផ្ទះ ត្រូវបញ្ចប់មេរៀន​បួន​ពី​សៀវភៅមគ្គុទេសន៍ការសិក្សា​របស់​សិស្ស ហើយ​ចូលរួម​នៅក្នុង​ថ្នាក់​ប្រចាំ​សប្ដាហ៍​ដែល​បង្រៀន​ដោយ​គ្រូ​ថ្នាក់​សិក្ខាសាលា​របស់​គេ ។ សិស្ស​បំពេញ​កិច្ចការ​មួយ​ចំនួន​ពី​សៀវភៅមគ្គុទេសន៍ការសិក្សា​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ​របស់​គេ ។ សិស្ស​គួរ​មាន​សៀវភៅកំណត់ហេតុការ​សិក្សាព្រះគម្ពីរ​ពីរ ដើម្បី​ឲ្យ​ពួកគេ​អាច​ទុក​មួយ​ជាមួយ​នឹង​គ្រូបង្រៀន ហើយ​បន្ដ​ធ្វើការ​នៅក្នុង​សៀវភៅ​មួយទៀត ។ នៅពេល​សិស្ស​ជួប​នឹង​គ្រូបង្រៀន​របស់​គេ​រាល់​សប្ដាហ៍ សៀវភៅ​កំណត់ហេតុ​មួយ​ត្រូវ​ដាក់​ឲ្យ​គ្រូ​បង្រៀន​នៅផ្ទះ ហើយ​មួយ​ទៀត​ត្រូវ​ឲ្យ​ទៅសិស្ស​វិញ ដើម្បី​ប្រើ​សម្រាប់​មេរៀន​នៅ​សប្ដាហ៍​ក្រោយ​ទៀត ។ ( ឧទាហរណ៍ ក្នុង​មួយសប្ដាហ៍​ សិស្សបញ្ចប់​កិច្ចការ​​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ទីមួយ ។ បន្ទាប់មក សិស្ស​យក​សៀវភៅ​នេះទៅឲ្យ​​គ្រូ​នៅក្នុង​ថ្នាក់ ។ នៅ​សប្ដាហ៍​ក្រោយ សិស្សបញ្ចប់​កិច្ចការ​​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ទីពីរ ។ នៅពេល​សិស្សឲ្យ​​​សៀវភៅកំណត់ហេតុការ​សិក្សា​ទីពីរ​ទៅ​គ្រូ នោះ​គ្រូបង្រៀន​ត្រូវ​ឲ្យ​សៀវភៅកំណត់ហេតុការ​សិក្សា​ទីមួយ​មក​វិញ ។ ពេល​នោះ​សិស្ស​នឹង​ប្រើ​សៀវភៅកំណត់ហេតុការ​សិក្សា​ទីមួយ​ដើម្បី​ធ្វើ​កិច្ចការ​នៅ​សប្ដាហ៍​ក្រោយ​ទៀត )។

សិស្ស​ថ្នាក់​សិក្ខាសាលា​ទាំងអស់​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​សិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ ហើយ​អាន​មេរៀន​នានា ប៉ុន្ដែ​សិស្ស​សិក្សា​នៅ​ផ្ទះគួរ​​យល់​ថា ពួកគេ​ត្រូវ​បាន​រំពឹង​ឲ្យ​​ចំណាយពេល​បន្ថែម​ពី 30 ទៅ 40 នាទី​សម្រាប់​​មេរៀន​​នីមួយ​នៅ​ក្នុង​មេរៀន​ទាំងបួន​សម្រាប់​ការ​សិក្សា​នៅផ្ទះនៅក្នុងជំពូក​នីមួយៗ និង​ចូលរួម​នៅក្នុង​ថ្នាក់​សិក្សា​នៅផ្ទះ​ប្រចាំ​សប្ដាហ៍ ។

មេរៀន​សម្រាប់​គ្រូបង្រៀន​សិក្សា​នៅផ្ទះ​ប្រចាំ​សប្ដាហ៍

ជំពូកនីមួយៗ​នៅក្នុង សៀវភៅមគ្គុទេសន៍ការសិក្សា​នៃ​ព្រះគម្ពីរមរមន​សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា​នៅផ្ទះ មាន​នូវ​មេរៀន​ប្រាំ​នៅក្នុង​សៀវភៅ​ណែនាំ​សម្រាប់​គ្រូបង្រៀន​ប្រចាំថ្ងៃ ។ នៅចុងបញ្ចប់​នៃ​មេរៀន​នីមួយ​ៗនៃ​មេរៀន​ទាំង​ប្រាំ​​ ​នៅក្នុង​សៀវភៅ​ណែនាំ​នេះ អ្នក​នឹង​រកឃើញ​នូវ​មេរៀន​សម្រាប់​គ្រូបង្រៀន​នៅផ្ទះ​ប្រចាំ​សប្ដាហ៍ ។ មេរៀន​សិក្សា​នៅផ្ទះ​នឹង​ជួយ​សិស្ស​ឲ្យ​រំឭក យល់​កាន់តែ​ស៊ីជម្រៅ ហើយអនុវត្ត​គោលលទ្ធិ និង​គោលការណ៍​នានា​ដែល​ពួកគេ​បាន​រៀន នៅពេល​ពួកគេ​បានបញ្ចប់​មេរៀន​នៅក្នុង​សៀវភៅមគ្គុទេសន៍ការសិក្សា​របស់​សិស្ស​ក្នុង​មួយ​សប្ដាហ៍​នេះ ។ មេរៀនទាំងនេះ​ក៏​មាន​នូវ​សេចក្ដីពិត​បន្ថែមលើស​ពី​អ្វី​ដែល​​មាន​នៅក្នុង​សៀវភៅមគ្គុទេសន៍ការសិក្សា​របស់​សិស្ស​​ទៅ​ទៀត ។ ( សម្រាប់​ជំនួយ​នៅក្នុង​ការគ្រោង​កាលវិភាគ​មេរៀន​របស់​អ្នក សូម​មើល​ការណែនាំ​ល្បឿន​សម្រាប់​គ្រូបង្រៀន​ការសិក្សា​នៅផ្ទះ​នៅក្នុង​សេចក្ដីបន្ថែម​នៅចុងបញ្ចប់​នៃ​សៀវភៅ​ណែនាំ​នេះ )។

ក្នុង​នាម​ជា​គ្រូបង្រៀន​ការសិក្សា​នៅផ្ទះ អ្នក​គួរមាន​ការយល់ដឹង​ទូទៅ​មួយ​អំពី​អ្វីដែល​សិស្ស​របស់​អ្នក​កំពុងសិក្សា​នៅផ្ទះ​រាល់​សប្ដាហ៍ ដើម្បី​ឲ្យ​អ្នក​អាច​ឆ្លើយទៅនឹង​សំណួរ និង​បង្កើត​នូវ​ការពិភាក្សា​ដ៏​មាន​ន័យ​នៅពេល​អ្នក​ជួប​នឹង​ពួកគេ ។ សូម​ឲ្យសិស្ស​យក​ព្រះគម្ពីរ សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ និង​សៀវភៅមគ្គុទេសន៍ការសិក្សា​របស់​សិស្ស​មក​កាន់​ថ្នាក់​ប្រចាំ​សប្ដាហ៍ ដើម្បី​ឲ្យ​ពួកគេ​អាច​បើក​វា​នៅពេល​រៀន ។ សូម​សម្រប​មេរៀន​តាម​តម្រូវការ​របស់​សិស្ស​ដែល​អ្នក​បង្រៀន និង​ស្របតាម​ការដឹកនាំ​ពី​ព្រះវិញ្ញាណបរិសុទ្ធ ។ អ្នក​ក៏​អាច​បើក​ទៅមេរៀន​​ប្រចាំថ្ងៃសម្រាប់​គ្រូបង្រៀននៅក្នុង​សៀវភៅ​ណែនាំ​នេះ នៅពេល​អ្នក​រៀបចំ​បង្រៀន​បាន​ដែរ ។ ការសិក្សា​ក្នុង​ជំនួយខាងការបង្រៀន និង​វិធីបង្រៀន​ដែល​ប្រើ​នៅក្នុង​មេរៀន​ប្រចាំថ្ងៃ អាច​ជួយ​ពង្រឹង​អ្នក​ក្នុងការបង្រៀន​ប្រចាំសប្ដាហ៍​របស់​អ្នក ។ សូម​ត្រៀម​បំពេញ​តម្រូវការ​ជាពិសេស​នានា​ដល់​សិស្ស​ដែល​អ្នកបង្រៀន ។ ឧទាហរណ៍ ប្រសិនបើ​សិស្ស​ម្នាក់​ពិបាក​សរសេរ សូម​ឲ្យ​គាត់​ប្រើ​ប្រដាប់​ថត​សំឡេង ឬ​ហៅ​គំនិត​របស់​គេ​ដល់​សមាជិក​គ្រួសារ ឬ​មិត្ត​ម្នាក់​ដែល​អាច​សរសេរ​ចម្លើយ​របស់​គេ​ឲ្យ​បាន ។

នៅ​ចុងបញ្ចប់​នៃ​មេរៀន​ប្រចាំ​សប្ដាហ៍​នីមួយៗ សូម​ប្រមូល​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ​របស់​សិស្ស និង​លើកទឹកចិត្ត​ពួកគេ​ឲ្យ​បន្ដ​សិក្សា ។ សូម​ចែក​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ​ដល់​គេ​សម្រាប់​កិច្ចការ​នៅ​សប្ដាហ៍​ក្រោយ ។ ដោយសារតែ​កម្រិត​នៃ​ពេលវេលា អ្នក​មិន​អាច​បន្ថែម​សេចក្ដីបញ្ជាក់​ដល់​ចំណេះចំណានខគម្ពីរ​នៅក្នុង​មេរៀន​ប្រចាំ​សប្ដាហ៍​របស់​អ្នក​បាន​ឡើយ ។ នៅពេលអ្នក​អាន​កិច្ចការ​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ​របស់​សិស្ស សូម​ឆ្លើយតប​ទៅនឹង​កិច្ចការ​របស់​គេ​តាមពេល​ដោយ​ការសរសេរ​កំណត់ចំណាំ​តូច​មួយ ឬ​ផ្ដល់​យោបល់​នាពេល​ក្រោយ​នៅពេល​អ្នក​ជួប​ពួកគេ ។ អ្នក​ក៏​អាច​រករបៀប​ផ្សេង​ទៀត​ដើម្បី​បង្ហាញ​នូវ​ការគាំទ្រ និង​ផ្ដល់​យោបល់​កែតម្រូវ​ដ៏​មាន​ប្រយោជន៍ ។ ការណ៍​នេះ​នឹង​ជួយ​ដល់​សិស្ស​ឲ្យ​ដឹង​ថា អ្នក​យកចិត្ត​ទុកដាក់​អំពី​កិច្ចការ​របស់​គេ ហើយ​នឹង​ជួយ​ជម្រុញ​ដល់​ពួកគេ​ឲ្យ​ខ្លាំង​ក្នុងកិច្ចការ​របស់​គេ ។

ធនធាន​ដទៃទៀត

គ្រូបង្រៀន​អាចមើលគេហទំព័រ​របស់​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់វិទ្យាស្ថានសាសនា ( si.lds.org ) រក​ជំនួយ​នៅក្នុង​ការរៀបចំ​មេរៀន និង​ទទួល​បាន​គំនិតបន្ថែម​សម្រាប់​ការបង្រៀន​ថែម​ទៀត ។ ធនធាន​ខាងក្រោម​នេះ​មាន​នៅក្នុង​អ៊ិនធើណិត តាមរយៈ​អ្នកដឹកនាំ​របស់​អ្នក តាមរយៈ​មជ្ឈមណ្ឌល​ចែកចាយ​នៃ​សាសនាចក្រ​ក្នុងស្រុក និង​តាមរយៈ​ហាង​តាម​អ៊ិនធើណិត​នៃ​សាសនាចក្រ ( store.lds.org ) ៖

  • គម្រប ឌី.វី.ឌី

    ធនធាន​ឌី. វី. ឌី. សោតទស្សន៍​​នៃ​ថ្នាក់​សិក្ខាសាលា

  • គម្រប​សៀវភៅ

    សៀវភៅ​រូបភាព​ដំណឹងល្អ

  • គម្រប​កំណត់ហេតុ

    កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ

  • ការកត់​ចំណាំ​ក្នុង​សៀវភៅ

    វត្ថុដាក់ចំណាំក្នុង​សៀវភៅថ្នាក់​សិក្ខាសាលា ( ដែល​រួមមាន​នូវ​កាលសម័យ និង​បញ្ជី​នៃ​សេចក្ដីយោង​ចំណេះចំណានខគម្ពីរ និង​ពាក្យ​គន្លឹះ​ទាំងឡាយ )

  • ប័ណ្ណគំរូ

    ប័ណ្ណ​ចំណេះចំណាន​ខគម្ពីរ

  • គម្រប​សៀវភៅ

    ពិត​ចំពោះ​សេចក្តីជំនឿ ៖ ឯកសារយោង​ដំណឹងល្អ

  • គម្រប​កូនសៀវភៅ

    ដើម្បី​កម្លាំង​នៃយុវជន

  • គម្រប​ប័ណ្ណ​ប្រកាស

    ប័ណ្ណ​ប្រកាស​ពេលវេលា