មេរៀនទី 31
នីហ្វៃទី 2 11 និង 16
សេចក្តីផ្ដើម
នៅក្នុង នីហ្វៃទី 2 11 នីហ្វៃបានបង្ហាញសេចក្ដីស្រឡាញ់របស់គាត់ចំពោះពាក្យពាក្យសម្ដីរបស់អេសាយ ។ គាត់ក៏បានថ្លែងទីបន្ទាល់ថា យ៉ាកុប និង អេសាយបានឃើញ « ព្រះដ៏ប្រោសលោះ ដូចជាខ្ញុំបានឃើញទ្រង់ដែរ » ( នីហ្វៃទី 2 11:2 ) ។ នីហ្វៃទី 2 16រួមមានដំណើររឿងរបស់អេសាយអំពីការសម្អាតអំពើបាបរបស់គាត់ ហើយបានហៅថាជាព្យាការីម្នាក់ នៅពេលគាត់ « បានឃើញ … ព្រះអម្ចាស់ទ្រង់គង់លើបល្ល័ង្កនៅទីខ្ពស់ » ( សូមមើល នីហ្វៃទី 2 16:1, 5–8 ) ។ ទាំងនីហ្វៃ និង យ៉ាកុបបានបង្រៀនពីតម្លៃនៃការប្រៀបធៀបការសរសេររបស់អេសាយទៅនឹងខ្លួនយើង ( សូមមើល នីហ្វៃទី 1 19:23; នីហ្វៃទី 2 6:5; 11:2 ) ហើយព្រះអម្ចាស់បានប្រកាសថា « ពាក្យពេចន៍របស់អេសាយ ជាពាក្យដ៏មហិមា » ( នីហ្វៃទី 3 23:1 ) ។ នីហ្វៃទី 2 11 រួមមានការពន្យល់របស់នីហ្វៃខ្លះៗសម្រាប់ការរាប់បញ្ចូលការព្យាករណ៍របស់អេសាយនៅក្នុងកំណត់ត្រារបស់គាត់ ហេតុដូច្នេះហើយ វាធ្វើជាសេចក្ដីផ្ដើមមួយចំពោះពាក្យពេចន៍របស់អេសាយនៅក្នុង នីហ្វៃទី 2 12–24 ។ នីហ្វៃទី 2 25ធ្វើជាសេចក្ដីបញ្ចប់មួយចំពោះជំពូកទាំងនេះ ដែលរួមមានពាក្យទូន្មានរបស់នីហ្វៃពីរបៀបដើម្បីយល់ពាក្យពេចន៍របស់អេសាយ ( សូមមើល មេរៀនទី 35 នៅក្នុងសៀវភៅសិក្សានេះ ) ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី 2 11–25
នីហ្វៃបង្ហាញការត្រេកអររបស់គាត់នៅក្នុងការថ្លែងទីបន្ទាល់ថា សេចក្ដីសង្គ្រោះមកតាមរយៈព្រះយេស៊ូវគ្រីស្ទ
សូមអញ្ជើញសិស្សបីនាក់ឲ្យសរសេរដោយស្ងាត់ស្ងៀមនូវប្រយោគមួយម្នាក់ អំពីអ្វីដែលបានកើតឡើងលើកចុងក្រោយបង្អស់ដែលសិស្សក្នុងថ្នាក់បានជួប ។ សូមកុំអនុញ្ញាតឲ្យពួកគេប្រៀបធៀប ឬ ពិភាក្សាពីអ្វីដែលពួកគេកំពុងសរសេរឡើយ ។ ដើម្បីបង្ហាញពីគុណសម្បត្តិនៃការមានសាក្សីលើសពីម្នាក់ សូមឲ្យសិស្សបីនាក់អានប្រយោគរបស់ពួកគេឮៗ ។ ក្រោយពីសិស្សទីមួយបានអានប្រយោគរបស់គេហើយ សូមសួរសិស្សក្នុងថ្នាក់ បើសិនវាជាការតំណាងពេញលេញមួយនៃអ្វីដែលបានកើតឡើងនៅក្នុងថ្នាក់របស់ពួកគេលើកមុន ។ បន្ទាប់មកសូមឲ្យសិស្សទីពីរចែកចាយប្រយោគរបស់គេ ហើយសួរថាតើវាជាការតំណាងដ៏ពេញលេញមួយនៃថ្នាក់របស់ពួកគេលើកមុនឬទេ ។ ក្រោយពីសិស្សទីបីអានហើយ សូមសួរសំណួរដដែល ។
-
តើមានគុណសម្បត្តិអ្វីខ្លះ ពេលមានសាក្សីជាច្រើន ?
សូមពន្យល់ថា ព្រះអម្ចាស់បានហៅព្យាការីទាំងឡាយឲ្យធ្វើជាសាក្សីដល់ទ្រង់ដល់ពិភពលោក ។ សូមលើកទឹកចិត្តសិស្សឲ្យសញ្ជឹងគិតពីអត្ថន័យដែលវាមានចំពោះពួកគេ ពេលឮព្យាការីទាំងឡាយថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។
សូមសរសេរសេចក្ដីថ្លែងការណ៍ខាងក្រោមនៅលើក្ដារខៀន ៖ ដោយការសិក្សាពីទីបន្ទាល់របស់ព្យាការីអំពីព្រះយេស៊ូវគ្រីស្ទ យើងអាចពង្រឹងសេចក្ដីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ ហើយអររីករាយនៅក្នុងទ្រង់ ។
សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី 2 11:2–3 ។
-
យោងតាមខគម្ពីរទាំងនេះ តើនីហ្វៃ អេសាយ និង យ៉ាកុបបានជួបបទពិសោធន៍អ្វីដែលអាចជួយពួកគេឲ្យក្លាយជាសាក្សីដ៏ពិសេសនៃព្រះយេស៊ូវគ្រីស្ទ ?
-
តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ដើម្បីមានសាក្សីម្នាក់នៃព្រះយេស៊ូវគ្រីស្ទមកពីព្យាការីជាច្រើននោះ ? ( សូមមើលផងដែរ ម៉ូសាយ 13:33–35 ។ )
សូមអញ្ជើញសិស្សឲ្យអានច្បោលៗក្នុងជួរទីមួយនៃខគម្ពីរនីមួយៗក្នុង នីហ្វៃទី 2 11:4–6 ដោយស្វែងរកឃ្លាមួយដែលនីហ្វៃបាននិយាយសារឡើងវិញនៅក្នុងខគម្ពីរមួយៗនេះ ។
-
តើពាក្យ « ត្រេកអរចំពោះ » អ្វីមួយ មានន័យយ៉ាងដូចម្ដេច ? ( អ្នកអាចពន្យល់ថា ពាក្យ ត្រេកអរ ស្នើពីអារម្មណ៍មួយដែលជ្រៅជាងការគ្រាន់តែចូលចិត្ត ឬ ការចាប់អារម្មណ៍លើអ្វីមួយ ។ វាបង្កប់ពីបទពិសោធន៍មួយនៃសេចក្ដីអំណរ និង ការពេញចិត្ត) ។
សូមឲ្យសិស្សអាន នីហ្វៃទី 2 11:4–7 ដោយស្ងាត់ស្ងៀម ដោយស្វែងរកអ្វីៗដែលធ្វើឲ្យនីហ្វៃត្រេកអរ ។ បន្ទាប់មកសូមបែងចែកសិស្សក្នុងថ្នាក់ជាដៃគូ ។ សូមឲ្យសិស្សចែកចាយពីឃ្លាដែលបំផុសគំនិតដល់ពួកគេខ្លាំងបំផុត និង ប្រាប់ពីមូលហេតុផង ។ សូមអញ្ជើញពួកគេឲ្យចែកចាយពីអ្វីដែលធ្វើឲ្យពួកគេត្រេកអរ ឬ ដឹកនាំពួកគេទៅកាន់ការអររីករាយអំពីព្រះយេស៊ូវគ្រីស្ទផងដែរ ។
សូមអាន នីហ្វៃទី 2 11:8 ឮៗ ហើយសូមឲ្យសិស្សស្វែងរកពីមូលហេតុមួយដែលនីហ្វៃបានរួមបញ្ចូលការសរសេររបស់អេសាយនៅក្នុងកំណត់ត្រារបស់គាត់ ។
-
តើនីហ្វៃបានសង្ឃឹមពីប្រជាជនរបស់គាត់ និង អ្នកអានព្រះគម្ពីរមរមនក្នុងពេលអនាគត ថានឹងជួបបទពិសោធន៍អ្វី នៅពេលពួកគេអានពាក្យពេចន៍របស់អេសាយ ?
បញ្ជីខាងក្រោមផ្ដល់នូវគំរូខ្លះអំពីមូលហេតុដែលនីហ្វៃបានរួមបញ្ចូលការសរសេររបស់អេសាយនៅក្នុងកំណត់ត្រារបស់គាត់ ៖
-
អេសាយបានឃើញព្រះអង្គសង្គ្រោះ ដូចជានីហ្វៃ និង យ៉ាកុបដែរ ( សូមមើល នីហ្វៃទី 2 11:2–3; សូមមើលផងដែរ នីហ្វៃទី 2 16:1–5 ដែលរួមបញ្ចូលនូវការពិពណ៌នារបស់អេសាយអំពីទស្សនៈនិមិត្តមួយដែលគាត់បានឃើញព្រះអង្គសង្គ្រោះ ) ។
-
នីហ្វៃបានត្រេកអរចំពោះការថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ ហើយអេសាយក៏បានថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទដែរ ( សូមមើល នីហ្វៃទី 2 11:4, 6; សូមមើលផងដែរ នីហ្វៃទី 2 17:14និង 19:6–7 គំរូពីរនៃការព្យាករណ៍របស់អេសាយអំពីព្រះអង្គសង្គ្រោះ ) ។
-
នីហ្វៃបានត្រេកអរចំពោះសេចក្ដីសញ្ញានៃព្រះអម្ចាស់ ( សូមមើល នីហ្វៃទី 2 11:5 ) ។ ការព្យាករណ៍របស់អេសាយ បានទាក់ទងទៅនឹងសេចក្ដីសញ្ញានៃព្រះអម្ចាស់ ។ ឧទាហរណ៍ គាត់បានព្យាករណ៍អំពីកិច្ចការព្រះវិហារបរិសុទ្ធនៅជំនាន់ចុងក្រោយ ( សូមមើល នីហ្វៃទី 2 12:1–3 ) ។
សូមពន្យល់ថា នៅក្នុងមេរៀននេះ និង មេរៀនបីបន្ទាប់ទៀត សិស្សនឹងសិក្សា ព្រមទាំងពិភាក្សាពីពាក្យពេចន៍របស់អេសាយនៅក្នុង នីហ្វៃទី 2 12–24 ។ សូមលើកទឹកចិត្តពួកគេឲ្យស្វែងរកសេចក្ដីពិតនៅក្នុងជំពូកទាំងនេះ ដែលពង្រឹងទីបន្ទាល់របស់ពួកគេអំពីព្រះអង្គសង្គ្រោះ ហើយជួយពួកគេឲ្យអររីករាយក្នុងទ្រង់ ។ សូមអញ្ជើញសិស្សឲ្យចែកចាយខគម្ពីរដែលពួកគេចូលចិត្តខ្លះ ពីជំពូកទាំងនេះជាមួយនឹងសមាជិកគ្រួសារ និង មិត្តភក្ដិរបស់ពួកគេ ។
នីហ្វៃទី 2 16
អេសាយត្រូវបានហៅឲ្យបម្រើជាព្យាការីម្នាក់
សូមពន្យល់ថា សិស្សក្នុងថ្នាក់នឹងសិក្សានៅក្នុង នីហ្វៃទី 2 16 បន្ទាប់ពីនេះ ដោយសារវាមាននូវដំណើរទស្សននិមិត្តមួយរបស់អេសាយដែលគាត់បានទទួលការហៅបម្រើជាព្យាការី ។ ដើម្បីជួយសិស្សរៀបចំឲ្យយល់ពីទស្សនៈនិមិត្តនេះ សូមពន្យល់ថាការសរសេររបស់អេសាយរួមមានភាសាប្រៀបធៀប ។ ព្រះគម្ពីរគឺជាសម្បួរទៅដោយនិមិត្តសញ្ញា ប្រភេទនានា និង សំនួនពាក្យប្រៀបធៀបជាច្រើន ។ សូមបង្ហាញថា ខគម្ពីរមួយដែលពួកគេបានអានពីមុនមក នីហ្វៃបាននិយាយថា « អស់ទាំងអ្វីដែលព្រះទ្រង់បានប្រទានដល់មនុស្សចាប់តាំងពីកំណើតលោកិយមក គឺជាគំរូអំពី [ ព្រះយេស៊ូវគ្រីស្ទ ] » ( នីហ្វៃទី 2 11:4 ) ។ ការប្រើនិមិត្តសញ្ញា និង ប្រភេទ គឺជារបៀបមួយដែលព្រះគម្ពីរបង្រៀនយើងអំពីបេសកកម្មសង្គ្រោះរបស់ព្រះអម្ចាស់ ។
សូមសរសេរពាក្យ និង ឃ្លាខាងក្រោមដាក់លើក្ដារខៀន ៖ រំភាយព្រះពស្ដ្រ សេរភីម ( ពួកទេវតា ) ដែលម្នាក់ៗមានស្លាបប្រាំមួយ ផ្សែង រងើកភ្លើង ។
សូមសួរសិស្សថា តើគំនិតអ្វីដែលមកក្នុងចិត្តរបស់ពួកគេ នៅពេលពួកគេឃើញ ឬ ឮពាក្យទាំងនេះ ។ ក្រោយពីការពិភាក្សាដ៏ខ្លីមួយ សូមពន្យល់ថាអេសាយបានប្រើពាក្យទាំងនេះនៅក្នុងដំណើរនៃការហៅបម្រើរបស់គាត់ឲ្យធ្វើជាព្យាការីនៃព្រះ ។ ( សូមព្យាយាមជួយសិស្សឲ្យយល់ពីអត្ថន័យដែលអេសាយចង់ប្រាប់ ។ សូមប្រយ័ត្នក្រែងវិភាគហួសពីអត្ថន័យនៃភាសាប្រៀបធៀបនេះ ។ ផ្ទុយទៅវិញ សូមជួយសិស្សឲ្យឃើញពីរបៀបដែលសារលិខិតរបស់អេសាយអាចអនុវត្តនៅក្នុងជីវិតរបស់យើង) ។
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 2 16:1 ។ ( ប្រសិនបើសិស្សមានកំណែរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយនៃព្រះគម្ពីរបរិសុទ្ធនៃកំណែថ្មីរបស់ស្ដេច ជេម អ្នកអាចឲ្យពួកគេបើកទៅ អេសាយ 6 ដែលមានលេខយោង និង ជំនួយក្នុងការសិក្សាដែលនឹងជួយបន្ថែមការយល់អំពីវគ្គព្រះគម្ពីរដែលគ្របដណ្ដប់នៅក្នុងមេរៀននេះ) ។
សូមពន្យល់ថា នៅក្នុងខគម្ពីរនេះពាក្យ រំភាយព្រះពស្ដ្រ យោងទៅលើជាយសំពត់ ឬ សំពត់នៃអាវផាយមួយ ។
សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី 2 16:2–3ឮៗ ។ សូមពន្យល់ថា « សេរភីម » គឺជាទេវតាដែលរស់នៅក្នុងវត្តមាននៃព្រះ ( សូមមើល វចនានុក្រមព្រះគម្ពីរបរិសុទ្ធ « សេរភីម » ) ។
-
តើស្លាបទាំងប្រាំមួយនៃសេរភីមនោះអាចតំណាងឲ្យអ្វី ? ( អ្នកអាចស្នើថា សិស្សគួរតែអាន គោលលទ្ធិ និង សេចក្ដីសញ្ញា 77:4 សម្រាប់ជាតម្រុយ ។ រូបភាពនៃស្លាបនេះ គឺជានិមិត្តសញ្ញានៃអំណាចដើម្បីទៅមុខ និង ធ្វើសកម្មភាព) ។
-
តើពាក្យអ្វីដែលបង្ហាញពីឥរិយាបថរបស់សេរភីមចំពោះព្រះអម្ចាស់ ?
-
តើនៅពេលណាដែលអ្នកមានអារម្មណ៍ថាមានឥរិយាបថស្រដៀងគ្នានេះចំពោះព្រះ ?
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 2 16:4 និង វិវរណៈ 15:8 ឮ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្វែងរកអត្ថន័យនៃឃ្លាថា « បានពេញទៅដោយផ្សែង » ។ ( អ្នកគួរតែជួយសិស្សឲ្យយល់ថា ផ្សែងតំណាងឲ្យវត្តមាន ព្រះចេស្ដា និង សិរីល្អនៃព្រះអម្ចាស់) ។ សូមពិចារណាអំពីការស្នើឲ្យសិស្សសរសេរ វិវរណៈ 15:8 នៅរឹមទំព័រនៃព្រះគម្ពីររបស់ពួកគេក្បែរ នីហ្វៃទី 2 16:4 ។
សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី 2 16:5 ឮ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្វែងរកឃ្លាដែលបង្ហាញពីអារម្មណ៍របស់អេសាយនៅក្នុងវត្តមាននៃព្រះអម្ចាស់ ។ ( ប្រសិនបើមានកំណែរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយនៃព្រះគម្ពីរបរិសុទ្ធនៃកំណែថ្មីរបស់ស្ដេច ជេម សូមឲ្យសិស្សស្វែងរកអេសាយ 6:5 លេខយោង ក និង ខ)។
-
តើអ្នកគិតថា អេសាយចង់មានន័យយ៉ាងណា នៅពេលលោកបាននិយាយថា « ខ្ញុំត្រូវវិនាសជាពិត ត្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនស្អាត » ? ( អ្នកគួរតែពន្យល់ថា នៅក្នុង អេសាយ 6:5 ពាក្យ វិនាស គឺត្រូវបានបកប្រែមកពីពាក្យភាសាហេព្រើរមួយដែលមានន័យថា « កាត់ចេញ » ហើយឃ្លា បបូរមាត់មិនស្អាតសំដៅទៅលើវិចារណញ្ញាណរបស់អេសាយ នៃអំពើបាបរបស់គាត់ និង អំពើបាបនៃប្រជាជនគាត់ ។ អេសាយបានបង្ហាញថា គាត់មានអារម្មណ៍មិនស័ក្ដិសមដើម្បីនៅក្នុងវត្តមាននៃព្រះអម្ចាស់) ។
សូមផ្ដល់ពេលដល់សិស្សឲ្យសញ្ជឹងគិតពីមូលហេតុដែលធ្វើឲ្យអេសាយអាចមានអារម្មណ៍បែបនេះ ។ សូមពន្យល់ថា ព្យាការីជាច្រើនបានបង្ហាញពីអារម្មណ៍មិនគ្រប់គ្រាន់ដែលពួកគេមាន នៅពេលពួកគេទទួលបានការហៅរបស់ខ្លួន ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ. ឃឹមបឹល បានពិពណ៌នាការហៅទូរស័ព្ទដែលប្រធាន ជេ. រ៉ូប៊ីន ក្លាក ជុញ្ញ័រ នៃគណៈប្រធានទីមួយបានប្រាប់គាត់ថា គាត់បានហៅទូរស័ព្ទទៅកូរ៉ុមនៃពួកដប់ពីរនាក់ ៖
« ឱ ! បងប្រុស ក្លាក ! មិនមែនខ្ញុំឬ ? អ្នកនិយាយថា មិនមែនខ្ញុំឬ ? វាប្រាកដជាមានបញ្ហាខ្លះហើយ ។ ខ្ញុំប្រាកដជាមិនអាចស្ដាប់អ្នកបានច្បាស់ហើយ ។ នៅពេលនោះ ខ្ញុំក៏បានដួលពីកៅអីទៅលើឥដ្ឋ ។ …
« ឱ ! បងប្រុស ក្លាក ! វាមើលទៅហាក់ដូចជាមិនអាចទៅរួចទាល់តែសោះ ។ ខ្ញុំ ពិតជាខ្សោយ ហើយតូច ហើយមានកម្រិត និង មិនមានសមត្ថភាព ›» ( អែឌវើដ អិល. ឃឹមបឹល និង អេនឌ្រូ អ៊ី ឃឹមបឹល ជុញ្ញ័រ ;ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ៖ ប្រធាននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយទីដប់ពីរ[ ឆ្នាំ 1977 ] ទំព័រ 189 ) ។
សូមជួយសិស្សឲ្យយល់ថា អេសាយ ជាបុរសដ៏សុចរិតម្នាក់ មានអារម្មណ៍ថា « ត្រូវវិនាស » និង « មិនស្អាត » នៅក្នុងវត្តមាននៃព្រះអម្ចាស់ ។ តើនរណាខ្លះនៅក្នុងចំណោមយើង ដែលមិនមានអារម្មណ៍ថាមិនស័ក្ដិសមពេលឈរនៅខាងមុខព្រះ ?
សូមចម្លងសេចក្ដីពិតខាងក្រោមដាក់លើក្ដារខៀន ៖ យើងអាចបានស្អាតពីភាពមិនស័ក្ដិសមរបស់យើង តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។
បើសិនជាអាច សូមបង្ហាញសិស្សនូវធ្យូង ឬ ឈើឆេះហើយមួយដុំ ។ សូមសួរពួកគេថា តើវានឹងមើលទៅដូចជាអ្វី បើវាទើបតែបានយកចេញពីភ្លើងភ្លាមនោះ ។
-
តើនឹងមានអ្វីកើតឡើងដល់នរណាម្នាក់ដែលបានប៉ះធ្យូងក្ដៅនោះ ?
សូមអាន នីហ្វៃទី 216:6–7 ឮៗ ។ សូមឲ្យសិស្សអានតាមដោយស្ងាត់ៗ ដោយស្វែងរកបទពិសោធន៍របស់អេសាយទាក់ទងនឹងរងើកភ្លើងមួយ ។ ( ប្រសិនបើមានកំណែរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយនៃព្រះគម្ពីរបរិសុទ្ធ កំណែថ្មីរបស់ស្ដេច ជេម សូមឲ្យសិស្សស្វែងរកអេសាយ 6:6 លេខយោង aនិង អេសាយ 6:7 លេខយោង a និង b) ។
-
យោងតាម នីហ្វៃទី 2 16:7 តើវាមានន័យយ៉ាងណា នៅពេលដែលទេវតាបានប៉ះបបូរមាត់របស់អេសាយជាមួយនឹងធ្យូងក្ដៅមួយក្នុងន័យប្រៀបធៀបនោះ ? ( អ្នកគួរតែពន្យល់ថា រងើកភ្លើងគឺជានិមិត្តសញ្ញានៃការសម្អាតមួយ ។ នៅពេលទេវតានៅក្នុងវិវរណៈរបស់អេសាយបានប៉ះបបូរមាត់របស់គាត់ដោយធ្យូងនោះ វាតំណាងថា ព្រះអម្ចាស់បានសម្អាតភាពមិនស័ក្ដិសមរបស់អេសាយ និង បានអភ័យទោសដល់គាត់ចំពោះអំពើបាបរបស់គាត់) ។
សូមឲ្យពេលដល់សិស្សពីរបីនាទី ដើម្បីគិតអំពីពេលដែលពួកគេមានអារម្មណ៍អំពីអំណាចសម្អាតនៃដង្វាយរបស់ព្រះយេស៊ូវគ្រីស្ទ ។
សូមអញ្ជើញសិស្សឲ្យអាន នីហ្វៃទី 2 16:8–13ដោយស្ងាត់ស្ងៀម ។ សូមអញ្ជើញសិស្សម្នាក់ឲ្យសង្ខេបពីអ្វីដែលព្រះអម្ចាស់បានមានព្រះបន្ទូលអំពីការបម្រើរបស់អេសាយក្នុងចំណោមប្រជាជន ។ ( អ្នកគួរតែពន្យល់ថា ព្រះអម្ចាស់បានទូន្មានដល់អេសាយថា ការផ្សព្វផ្សាយរបស់គាត់ដល់សាសន៍អ៊ីស្រាអែលដែលបះបោរនោះនឹងត្រូវបានគេបដិសេធយ៉ាងខ្លាំង ប៉ុន្ដែក៏បានទូន្មានដែរថា គាត់ត្រូវបន្ដផ្សព្វផ្សាយរហូតដល់ « ផ្ទះទាំងប៉ុន្មានផងឥតមានមនុស្ស ដរាបដល់ស្រុកនេះបានទៅជាទីស្ងាត់ឈឹងទាំងអស់ទៅ » ។ និយាយម៉្យាងទៀតថា ព្រះអម្ចាស់នឹងបន្ដបេសកកម្មនៃសេចក្ដីសង្គ្រោះរបស់ទ្រង់យ៉ាងល្អ តាមរយៈអ្នកបម្រើរបស់ទ្រង់ « ដរាបណាពេលវេលានៅមាន ហើយតើនឹងមានផែនដីឬ ឬតើនឹងមានមនុស្សម្នាក់នៅលើផែនដីដែលនឹងបានសង្គ្រោះឬ » [ មរ៉ូណៃ 7:36 ] ) ។
សូមពន្យល់ថា អេសាយបានក្លាយជាសាក្សីដ៏មានអំណាចម្នាក់ចំពោះព្រះអម្ចាស់យេស៊ូវគ្រីស្ទ និង ដំណឹងល្អរបស់ទ្រង់ ។ សូមថ្លែងទីបន្ទាល់ថា ព្រះអង្គសង្គ្រោះគឺពិត ហើយអាចអភ័យទោសដល់យើងចំពោះអំពើបាបរបស់យើង ហើយថានៅពេលយើងជួបនឹងព្រះចេស្ដានៃដង្វាយធួននៅក្នុងជីវិតរបស់យើង យើងក៏អាចក្លាយជាសាក្សីរបស់ព្រះអង្គសង្គ្រោះផងដែរ ។