មេរៀនទី 15
នីហ្វៃទី 1 14
សេចក្តីផ្ដើម
នីហ្វៃទី1 14 បញ្ចប់ដំណើររឿងនៃទស្សននិមិត្តរបស់នីហ្វៃ ។ នៅក្នុងផ្នែកនៃទស្សននិមិត្តនេះ នីហ្វៃដឹងពីពរជ័យទាំងឡាយដែលបានសន្យាទៅដល់អស់អ្នកណា ដែលកែប្រែចិត្ត និង ស្ដាប់តាមព្រះអម្ចាស់ និង បណ្ដាសាដែលនឹងមកលើពួកទុច្ចរិត ដែលពង្រឹងចិត្តរបស់ពួកគេទាស់នឹងព្រះអម្ចាស់ ។ នីហ្វៃក៏បានឃើញថា ព្រះអម្ចាស់នឹងជួយ និង ការពារដល់អស់អ្នកណាដែលរស់នៅដោយសុចរិត និង កាន់តាមសេចក្ដីសញ្ញារបស់ពួកគេ ហើយថាទ្រង់នឹងបំផ្លាញព្រះវិហារដ៏ធំ និង គួរខ្ពើមឆ្អើមរបស់ពួកអារក្ស ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី1 14:1–7
នីហ្វៃឃើញពីលទ្ធផល សម្រាប់ជំនាន់ក្រោយនៃការគោរព ឬ ការមិនគោរពព្រះអម្ចាស់
សូមអញ្ជើញសិស្សបើកព្រះគម្ពីររបស់ពួកគេទៅ នីហ្វៃទី1 14 ។ សូមពន្យល់ថា សព្វថ្ងៃនេះ ពួកគេនឹងបន្ដសិក្សាទស្សននិមិត្តរបស់នីហ្វៃ ។ សុំឲ្យសិស្សសញ្ជឹងគិតអំពីរបៀបដែលពួកគេនឹងបំពេញនូវប្រយោគខាងក្រោម ៖
-
ប្រសិនបើខ្ញុំធ្វើតាមព្រះអម្ចាស់ នោះ …
-
ប្រសិនបើខ្ញុំបដិសេធធ្វើតាមព្រះអម្ចាស់ នោះ …
នៅពេលសិស្សបានចែកចាយនូវចម្លើយរបស់ពួកគេ សូមបង្ហាញថាពាក្យ ប្រសិនបើ ស្តីអំពីជម្រើស ។ ដោយពឹងផ្អែកលើអ្វីដែលយើងជ្រើសរើស យើងទទួលនូវលទ្ធផលខុសគ្នា ។ សូមពន្យល់ថា នីហ្វៃបានឃើញជំនាន់ក្រោយ និង បានកត់ត្រាថា ប្រសិនបើពួកគេសុចរិត នោះពួកគេនឹងត្រូវបានប្រទានពរ ឬ ប្រសិនបើពួកគេជ្រើសរើសអំពើទុច្ចរិត នោះពួកគេនឹងត្រូវបណ្ដាសា ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យគិតពីមេរៀន ថាការជ្រើសរើសដើម្បីគោរពតាមព្រះអម្ចាស់ បាននាំពួកគេឲ្យទទួលបាននូវពរជ័យ ។
សូមគូសឌីយ៉ាក្រាមខាងក្រោមនៅលើក្ដារខៀន ៖
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី1 14:1–2ឮៗ ។ សុំឲ្យសិស្សក្នុងថ្នាក់រក (1) ជម្រើសដែលនីហ្វៃបានបង្ហាញថា សាសន៍ដទៃអាចធ្វើបាន និង (2) ពរជ័យដែលនីហ្វៃបានឃើញ ដែលនឹងមកដល់សាសន៍ដទៃ ប្រសិនបើពួកគេធ្វើជម្រើសនោះ ។ នៅពេលសិស្សចែកចាយអ្វីដែលពួកគេបានរកឃើញ សូមបំពេញនៅក្នុងចន្លោះនៅលើក្ដារខៀន ដូច្នេះវាមើលទៅដូចអ្វីដែលមានខាងក្រោមនេះ ៖
អ្នកអាចពន្យល់ថា នៅក្នុងព្រះគម្ពីរ ឃ្លា « ថ្មជំពប់ » ( នីហ្វៃទី1 14:1 ) ជាញឹកញាប់ សំដៅលើឧបសគ្គដែលរារាំងមនុស្សពីការធ្វើតាមព្រះអម្ចាស់ ។ ដើម្បីបាន « រាប់ក្នុងចំណោមវង្សអ៊ីស្រាអែល » ( នីហ្វៃទី1 14:2 ) មានន័យថាត្រូវបានរាប់ក្នុងចំណោមប្រជាជនសេចក្ដីសញ្ញារបស់ព្រះអម្ចាស់ ។
-
ហេតុអ្វីបានជាវាសំខាន់ ដើម្បីរាប់ក្នុងចំណោមប្រជាជនសេចក្ដីសញ្ញារបស់ព្រះអម្ចាស់ ? ( ដើម្បីទទួលបាននូវពរជ័យនៃសេចក្ដីសញ្ញាអ័ប្រាហាំ [ សូមមើល គ. និង ស. 132:30–31 ] ) ។
-
តើវាមានន័យដូចម្ដេចក្នុងការ « ស្ដាប់តាមកូនចៀមនៃព្រះ » ?
-
ក្នុងចំណោមរង្វាន់ចំពោះការគោរពប្រតិបត្តិ ដែលបានចុះបញ្ជីនៅក្ដារខៀន តើរង្វាន់មួយណាដែលមានន័យបំផុតចំពោះអ្នក ? ហេតុអ្វី ?
-
តើនៅពេលណាដែលអ្នកបានស្ដាប់តាមព្រះអម្ចាស់ និង បានឃើញនូវពរជ័យរបស់ទ្រង់នៅក្នុងជីវិតរបស់អ្នក ? ( សូមរំឭកសិស្សថា ពួកគេមិនត្រូវការចែកចាយបទពិសោធដែលផ្ទាល់ខ្លួនខ្លាំងពេកទេ ) ។
នៅលើផ្នែកផ្សេងទៀតលើក្ដារខៀន សូមគូសឌីយ៉ាក្រាមដូចខាងក្រោម ៖
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី1 14:5–7ឮៗ ។ សុំឲ្យសិស្សក្នុងថ្នាក់ស្វែងរកនូវ (1) ពរជ័យដែលមកដល់អស់អ្នកណាដែលប្រែចិត្ត និង (2) លទ្ធផលអវិជ្ជមានដែលមកដល់អស់អ្នកណាដែលពង្រឹងដួងចិត្តរបស់ពួកគេ ។ សូមបំពេញឌីយ៉ាក្រាម នៅពេលអ្នកធ្វើលំហាត់ពីមុនៗ ។ ( ប្រសិនបើមនុស្សព្រមប្រែចិត្ត « នោះនឹងបានស្រួលដល់ពួកគេហើយ » [ នីហ្វៃទី1 14:5 ] ហើយពួកគេនឹងទទួលបាន « សេចក្ដីសុខសាន្ដ និង ជីវិតដ៏នៅអស់កល្បជានិច្ច » [ នីហ្វៃទី1 14:7 ] ។ ប្រសិនបើមនុស្សពង្រឹងចិត្តរបស់ពួកគេ ពួកគេនឹង « ត្រូវវិនាស » [ នីហ្វៃទី1 14:5 ] និង « ត្រូវធ្លាក់ទៅក្នុងការជាប់ឃុំឃាំង » និង « សេចក្ដីបំផ្លិចបំផ្លាញ » [ នីហ្វៃទី1 14:7 ] ) ។
នៅពេលសិស្សឆ្លើយតប អ្នកអាចពន្យល់ថា « កិច្ចការដ៏ធំ ហើយអស្ចារ្យ » ដែលបានលើកឡើងនៅក្នុងនីហ្វៃទី1 14:7 សំដៅលើការស្ដារឡើងវិញនៃបព្វជិតភាព ដំណឹងល្អ និង សាសនាចក្ររបស់ព្រះអម្ចាស់នៅក្នុងថ្ងៃចុងក្រោយ ។
-
តើសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយជា « កិច្ចការដ៏ធំ ហើយអស្ចារ្យ » ចំពោះអ្នកដោយរបៀបណា ? តើវានាំមកនូវសេចក្ដីសុខសាន្ដមកដល់អ្នកដោយវិធីណា ? តើវានាំសេចក្ដីសង្ឃឹមមកដល់អ្នកចំពោះជីវិតដ៏នៅអស់កល្បជានិច្ចយ៉ាងដូចម្ដេច ?
សូមគិតពីការឲ្យពេលទៅសិស្សដើម្បីសញ្ជឹងគិតដោយស្ងាត់ៗពីផ្លូវដែលបានគូសនៅលើក្ដារខៀនដែលពួកគេកំពុងតែស្វែងរកថ្មីៗនេះ ។ សូមថ្លែងទីបន្ទាល់ថា ការគោរពតាមព្រះអម្ចាស់ និង ការកែប្រែចិត្តពីអំពើបាបរបស់យើង នាំទៅរកពរជ័យដ៏មហិមា ។អ្នកក៏អាចថ្លែងទីបន្ទាល់ថា ការពង្រឹងចិត្តរបស់យើង ទាស់នឹងព្រះអម្ចាស់ និង សាសនាចក្ររបស់ទ្រង់ នឹងនាំទៅរកការជាប់ឃុំឃាំង និង ការបំផ្លាញខាងវិញ្ញាណ ។
នីហ្វៃទី1 14:8–17
នីហ្វៃឃើញពីសង្គ្រាម រវាងសាសនាចក្រនៃកូនចៀមនៃព្រះ និង សាសនាចក្រដ៏ធំ និង គួរខ្ពើមឆ្អើម ។
សូមអញ្ជើញសិស្សឲ្យគិតស្រមៃថា ពួកគេទើបតែបានចុះបញ្ជីដើម្បីទៅធ្វើសង្គ្រាមមួយ ។
-
តើអ្នកនឹងធ្វើអ្វីដើម្បីរៀបចំសម្រាប់សង្គ្រាមនោះ ?
សូមពន្យល់ថា ទេវតាបានបង្រៀននីហ្វៃអំពីសង្គ្រាមមួយដ៏អស្ចារ្យ ដែលនឹងកើតឡើងនៅក្នុងថ្ងៃចុងក្រោយ ។
សូមអញ្ជើញសិស្សបីនាក់ ឲ្យប្ដូរវេនគ្នាអានឮៗ នៅក្នុងនីហ្វៃទី1 14:9–11 ។ សុំឲ្យសិស្សក្នុងថ្នាក់ស្វែងរកក្រុមពីរដែលស្ថិតនៅក្នុងជម្លោះទាស់គ្នា ។ ( អ្នកអាចរំឭកសិស្សថា ព្រះវិហារដ៏ធំ និង គួរខ្ពើមឆ្អើម ប្រកាសដល់បុគ្គល ឬ ក្រុមខ្លះដែលដឹកនាំមនុស្សចេញឆ្ងាយពីព្រះ និង ច្បាប់របស់ទ្រង់ ) ។
-
តើពាក្យ និង ឃ្លាណាដែលត្រូវបានប្រើដើម្បីពិពណ៌នា « ព្រះវិហារដ៏ធំ និង គួរខ្ពើមឆ្អើម » ?
-
យោងតាមទស្សននិមិត្តរបស់នីហ្វៃ តើ « ព្រះវិហារដ៏ធំ និង គួរខ្ពើមឆ្អើម » នឹងត្រូវបានរកឃើញនៅកន្លែងណា នៅក្នុងថ្ងៃចុងក្រោយ ?
សុំឲ្យសិស្សបីនាក់ទៀត ប្ដូរវេនគ្នាអានឮៗនៅក្នុង នីហ្វៃទី1 14:12–14 ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យរកមើលមូលហេតុដែលយើងអាចមានសង្ឃឹមអំពីអនាគត ។
-
យោងតាមនីហ្វៃទី1 14:12 តើព្រះវិហារណាមួយនឹងមានមនុស្សច្រើនជាង ?
-
ហេតុអ្វីបានជាសាសនាចក្រនៃកូនចៀម នឹងមានមនុស្សតិចជាងសាសនាចក្រដ៏ធំ និង គួរខ្ពើមឆ្អើម ?
-
យោងតាម នីហ្វៃទី1 14:13 តើសាសនាចក្រដ៏ធំ និង គួរខ្ពើមឆ្អើម ប្រមូលផ្ដុំហ្វូងមនុស្សជាច្រើនដើម្បីគោលបំណងអ្វី ?
សូមថ្លែងទីបន្ទាល់ថា យើងបានជាប់នៅក្នុងសង្គ្រាមដែលនីហ្វៃពិពណ៌នា—សង្រ្គាមខាងវិញ្ញាណនៅថ្ងៃចុងក្រោយប្រឆាំងនឹងអំពើអាក្រក់ ។ ក្នុងនាមជាសមាជិកនៃសាសនាចក្រនៃកូនចៀម យើងមានចំនួនច្រើន ហើយយើងត្រូវការជំនួយ ប្រសិនបើយើងត្រូវឲ្យឈ្នះប្រឆាំងនឹងកម្លាំងនៃអារក្ស ។
-
តើអ្នកបានអានអ្វីនៅក្នុង នីហ្វៃទី1 14:14 ដែលផ្ដល់ឲ្យអ្នកនូវសេចក្ដីសង្ឃឹម ?
សូមសង្កត់ធ្ងន់ថា សេចក្ដីសន្យាដែលបានផ្ដល់នៅក្នុងព្រះគម្ពីរទាំងនេះ អនុវត្តជាពិសេសចំពោះអ្នកណាដែលធ្វើ និង រក្សាសេចក្ដីសញ្ញាជាមួយនឹងព្រះអម្ចាស់ ។ សូមរំឭកសិស្សថា ពួកគេបានចូលទៅក្នុងសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹកជាមួយនឹងព្រះអម្ចាស់ ។ សូមទាមទារការយកចិត្តទុកដាក់លើឃ្លា « ប្រដាប់អាវុធដោយសេចក្ដីសុចរិត និង ដោយព្រះចេស្ដានៃព្រះ » នៅក្នុងនីហ្វៃទី1 14:14 ។
-
តើឃ្លា « ប្រដាប់អាវុធដោយសេចក្ដីសុចរិត និង ដោយព្រះចេស្ដានៃព្រះ » មានន័យដូចម្ដេចចំពោះអ្នក ?
-
តើតាមរបៀបណាដែលការ « ប្រដាប់អាវុធដោយសេចក្ដីសុចរិត និង ដោយព្រះចេស្ដានៃព្រះ » អាចដូចជាការមានសព្វាវុធ និង អាវុធ នៅក្នុងសង្គ្រាមរបស់យើង ប្រឆាំងនឹងអំពើអាក្រក់ ?
-
តើនៅពេលណាដែលអ្នកមានអារម្មណ៍ថា អ្នកត្រូវបាន « ប្រដាប់អាវុធដោយសេចក្ដីសុចរិត និង ដោយព្រះចេស្ដានៃព្រះ » ? តើអ្នកមានអារម្មណ៍យ៉ាងដូចម្ដេចដែរ ?
សូមសួរសិស្សថា តើពួកគេនឹងសង្ខេបសារលិខិត នៅក្នុងនីហ្វៃទី1 14:1–14ដោយរបៀបណា ។ សូមធ្វើយ៉ាងណា ពួកគេយល់ថា ប្រសិនបើយើងរស់នៅដោយសុចរិត និង កាន់តាមសេចក្ដីសញ្ញារបស់យើង នោះព្រះចេស្ដានៃព្រះ នឹងជួយយើងឲ្យមានជ័យជំនះលើអំពើអាក្រក់ ។
សូមអញ្ជើញសិស្សឲ្យវាយតម្លៃជីវិតរបស់ពួកគេ និង គិតថាតើពួកគេអាចធ្វើអ្វី ដើម្បីប្រដាប់អាវុធដោយសេចក្ដីសុចរិត ។ សូមជម្រុញឲ្យពួកគេធ្វើសកម្មភាពតាមការបំផុសគំនិតដែលពួកគេបានទទួល ។ សូមធានាពួកគេថា នៅពេលពួកគេនៅតែស្មោះត្រង់ ពួកគេនឹងមានឱកាសដើម្បីចូលទៅក្នុងព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋ និង ធ្វើសេចក្ដីសញ្ញាបន្ថែមជាមួយនឹងព្រះអម្ចាស់ ។ សេចក្ដីសន្យា និង សេចក្ដីសញ្ញា ដែលពួកគេធ្វើនៅទីនោះ នឹងនាំអំណាច ហើយការការពារដ៏អស្ចារ្យទៅក្នុងជីវិតរបស់ពួកគេ ។
សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី1 14:3–4ឮៗ ។ សូមឲ្យសិស្សម្នាក់ទៀតអាន នីហ្វៃទី1 14:15–17ឮៗ ។
-
តើនឹងមានអ្វីកើតឡើងចំពោះព្រះវិហារដ៏ធំ និង គួរខ្ពើមឆ្អើម ?
-
តើអ្វីដែលនឹងជាលទ្ធផលចុងក្រោយនៃសង្រ្គាមរវាងសាសនាចក្រនៃកូនចៀម ( នគរនៃព្រះ ) និង ថាមពលនៃអារក្ស ?
-
តើការដឹងអំពីលទ្ធផលនៃការតស៊ូនេះ អាចជួយអ្នកយ៉ាងដូចម្ដេច ?
សូមអានប្រាប់សិស្សក្នុងថ្នាក់នូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« យើង [ សមាជិកនៃសាសនាចក្រ ] គឺជាចំណែកតូចមួយ នៅពេលប្រៀបធៀបទៅនឹងមនុស្សរាប់ពាន់លាននាក់នៅលើផែនដី ។ ប៉ុន្ដែយើង គឺជាយើង ហើយយើងដឹងពីអ្វីដែលយើងដឹង ហើយយើងនឹងទៅមុខ ហើយផ្សព្វផ្សាយដំណឹងល្អ ។
« ព្រះគម្ពីរមរមន ប្រាប់ច្បាស់ថា យើងនឹងមិនដែលត្រួតត្រាដោយចំនួននោះទេ ។ ប៉ុន្ដែយើងមានអំណាចនៃបព្វជិតភាព [ សូមមើល នីហ្វៃទី1 14:14] ។ …
« យើងអាច និង នៅក្នុងពេលកំណត់ច្បាស់ យើងនឹងមានឥទ្ធិពលលើមនុស្សជាតិទាំងអស់ ។ យើងនឹងត្រូវបានគេដឹងថា យើងជានរណា និង ហេតុអ្វីបានយើងធ្វើ ។ វាហាក់បីដូចជាអស់សង្ឃឹម វាពិតជាពិបាកខ្លាំងណាស់ ប៉ុន្ដែវាមិនត្រឹមតែអាចធ្វើបាននោះទេ គឺវាច្បាស់ថា យើងនឹងឈ្នះលើសង្គ្រាម ប្រឆាំងនឹងសាតាំងនេះ » ( « អំណាចនៃបព្វជិតភាព » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2010 ទំព័រ 7 ) ។
សូមធានាសិស្សថា នគររបស់ព្រះ នឹងមានជ័យជំនះនៅក្នុងថ្ងៃចុងក្រោយ ។សូមបង្ហាញការជឿជាក់ថា ពួកគេអាចទុកចិត្តលើព្រះ ហើយថាអំណាចរបស់ទ្រង់នឹងយកឈ្នះលើអំពើអាក្រក់ទាំងអស់ ។ សូមលើកទឹកចិត្តពួកគេ ឲ្យក្លាយជាកម្លាំងមួយសម្រាប់ការល្អ ក្នុងការមានឥទ្ធិពលដល់អ្នកដទៃ ។
នីហ្វៃទី1 14:18–27
នីហ្វៃបានឃើញយ៉ូហាន អ្នកទទួលវិវរណៈ
សូមសរសេរសំណួរខាងក្រោមនៅលើក្តារខៀន ៖
សូមអញ្ជើញសិស្សអាន នីហ្វៃទី1 14:18–27ដោយស្ងាត់ៗ។ បន្ទាប់មកពិភាក្សាដោយខ្លីៗពីចម្លើយ ចំពោះសំណួរនៅលើក្ដារខៀន ។
សូមពន្យល់ថា យោងយ៉ាងហោចណាស់ខគម្ពីរទាំងនេះសំដៅ លើផ្នែកនៃការសរសេររបស់យ៉ូហាននៅក្នុងព្រះគម្ពីរវិវរណៈ ។ គំនិតសំខាន់មួយនៃព្រះគម្ពីរនោះគឺថា ព្រះនឹងយកជ័យជំនះលើកម្លាំងនៃអារក្ស ។ ដូចជាយ៉ូហានដែរ នីហ្វៃក៏បានឃើញទស្សននិមិត្តមួយអំពីចុងបញ្ចប់នៃពិភពលោក ប៉ុន្ដែគាត់ត្រូវបានបញ្ជាមិនឲ្យសរសេរការណ៍ទាំងនោះទេ ដោយសារយ៉ូហានបានទទួលខុសត្រូវធ្វើកិច្ចការនេះ ។ បើមានពេល អ្នកអាចបញ្ចប់មេរៀននេះ ដោយការពិភាក្សាខ្លីមួយ អំពីរបៀបដែលព្រះគម្ពីរបរិសុទ្ធ និង ព្រះគម្ពីរមរមនធ្វើការជាមួយគ្នាដើម្បី « តាំងនូវសេចក្ដីពិត » ពីគ្នាទៅវិញទៅមក ហើយក្លាយជា « តែមួយ » ( នីហ្វៃទី1 13:40–41) ។