បណ្ណាល័យ
មេរៀនទី 115 ៖ ហេលេមិន 15–16


មេរៀនទី 115

ហេលេមិន 15–16

សេចក្តី​ផ្ដើម

សាំយូអែល​ជា​សាសន៍​លេមិន​បាន​ព្រមាន​សាសន៍​នីហ្វៃ​ថា ដរាបណា​ពួកគេ​មិន​ប្រែចិត្ត​ទេ នោះ​ពួកគេ​នឹង​ត្រូវ​បំផ្លាញ​បង់ ។ លោក​បាន​ប្រកាស​ថា ព្រះអម្ចាស់​នឹង​ពន្យារ​ពេលរបស់​​សាសន៍​លេមិន ដែល​បាន​ក្លាយជា​សុចរិត​ជាង​សាសន៍​នីហ្វៃ ។ សាសន៍​នីហ្វៃ​ខ្លះ​ជឿ​តាម​ការបង្រៀន​របស់​សាំយូអែល ហើយ​ត្រូវបាន​ជ្រមុជទឹក​ដោយ​នីហ្វៃ ។ អ្នក​ទាំងឡាយ​ដែល​មិន​ជឿ​តាម​សាំយូអែល មាន​បំណង​ចង់​សម្លាប់​លោក ។ ប៉ុន្ដែ សាំយូអែល​ត្រូវ​បាន​ការពារ​ដោយ​ព្រះចេស្តា​នៃ​ព្រះ ហើយ​លោក​បាន​ត្រឡប់​ទៅដែនដី​របស់​លោក​វិញ ។

យោបល់​សម្រាប់​ការបង្រៀន

ហេលេមិន 15

សាំយូអែល​ព្រមាន​ដល់​សាសន៍​នីហ្វៃ ហើយ​ពន្យល់​ពី​របៀប​ដែល​សាសន៍​លេមិន​បាន​ក្លាយជា​ប្រជាជន​នៃ​សេចក្ដីសន្យា

សូម​អាន​ការពិពណ៌នា​ខាងក្រោមនេះ​ឮៗ ៖

យុវជន​ម្នាក់​ត្រូវ​បាន​ចិញ្ចឹម​ដោយ​ឪពុកម្ដាយ​ដែល​មិន​មែន​ជា​សមាជិក​នៃ​សាសនាចក្រ ហើយ​មិន​បាន​បញ្ជាក់​ពី​ការបង្រៀនរបស់​ព្រះយេស៊ូវគ្រីស្ទ​ឡើយ ។ ពួកគេ​អនុញ្ញាត​ឲ្យ​គាត់​ផឹក​ស្រា ជា​ទម្លាប់​ដែល​គាត់​បាន​បន្ដ​ដល់​មហាវិទ្យាល័យ ។ បន្ទាប់មក គាត់​បាន​ជួប​នឹង​អ្នកផ្សព្វផ្សាយ​សាសនា​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ក្រោយពី​ការជួប​ជាមួយ​នឹង​អ្នកផ្សព្វផ្សាយ​សាសនា​ពីរ​បីដង គាត់​បាន​ឈប់​ផឹក​ស្រា ។ ពីរ​បីថ្ងៃ​ក្រោយមក គាត់​បាន​នៅ​ជាមួយ​នឹង​​មិត្តភក្ដិ​មួយក្រុម ។ ពួកគេ​បាន​ឲ្យ​ស្រា​គាត់មួយ​កែវ ។

យុវជន​ម្នាក់​ទៀត​ត្រូវ​បាន​ចិញ្ចឹម​នៅក្នុង​គ្រួសារ​នៃ​ពួកបរិសុទ្ធថ្ងៃ​ចុងក្រោយ​មួយ ។ ឪពុកម្ដាយ​របស់​គាត់​បាន​ធ្វើ​រាត្រីជួបជុំក្រុមគ្រួសារ និង​ការសិក្សា​ព្រះគម្ពីរ​ជាគ្រួសារ ។ គាត់​បាន​មាន​ទម្លាប់​សិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ និង​អធិស្ឋាន​ផ្ទាល់ខ្លួន ។ គាត់​បាន​ចូលរួម​ថ្នាក់​កុមារ បម្រើនៅក្នុង​កូរ៉ុម​បព្វជិតភាពអើរ៉ុន ហើយ​បាន​បញ្ចប់​ពី​ថ្នាក់​សិក្ខាសាលា ដោយ​ទទួល​បាន​ចំណេះដឹង​ពី​ព្រះបញ្ញត្តិ និង​របៀប​ទាំងឡាយ​របស់​ព្រះអម្ចាស់ ។ ខណៈ​រៀន​នៅក្នុង​មហាវិទ្យាល័យ គាត់​បាន​មាន​មិត្ត​ថ្មី​ជាច្រើន ។ យប់​មួយ​មិត្ត​ម្នាក់​បាន​ឲ្យ​គាត់​នូវ​ស្រា​មួយ​កែវ ។

  • តើ​ការទទួល​យក​ស្រា​នោះ​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​​មួយ​សម្រាប់​យុវជន​ទីមួយ ឬ យុវជន​ទីពីរ ? ហេតុអ្វី ?

សូម​សរសេរ​ប្រយោគ​ខាង​ក្រោម​នៅ​លើ​ក្តាខៀន ៖

ស្ថានភាព​ខាង​វិញ្ញាណ​របស់​សាសន៍​នីហ្វៃ—ហេលេមិន 15:1–3, 17

ស្ថានភាព​ខាង​វិញ្ញាណ​របស់​សាសន៍​លេមិន—ហេលេមិន 15:4–6

សូម​ឲ្យ​សិស្ស​អាន​វគ្គ​ព្រះគម្ពីរ​ដែល​មាន​នៅលើ​ក្ដារខៀនស្ងៀម​ស្ងាត់ ។ ( មុនពេល​ពួកគេ​អាន អ្នក​អាច​ណែនាំ​ចំណាប់អារម្មណ៍​របស់​គេ​ទៅលើ​ពាក្យ ដោយ​ប្រយត័្នប្រយែង នៅក្នុង ហេលេមិន 15:5 ។ ដើម្បី​ធ្វើ​អ្វី​មួយ​ដោយ​ប្រយត័្នប្រយែងមាន​ន័យ​ថា ធ្វើ​ដោយ​ការយកចិត្ត​ដាក់​ខ្លាំង ) ។ សូម​ឲ្យ​សិស្ស​សរសេរ​ប្រយោគ​ពីរ—ប្រយោគ​មួយ​​សង្ខេប​ពី​លក្ខខណ្ឌ​ខាង​វិញ្ញាណ​នៃ​សាសន៍​នីហ្វៃ និង​ប្រយោគ​មួយ​ទៀត​សង្ខេប​ពី​លក្ខខណ្ឌ​ខាង​វិញ្ញាណ​នៃ​សាសន៍​លេមិន ។ ក្រោយពីមានពេល​គ្រប់គ្រាន់​ហើយ សូម​សួរថា ៖

  • ​យុវជនទាំងពីរនាក់​ដែល​យើង​បាន​ពិភាក្សា​នៅ​ដើម​ដំបូង​នៃ​មេរៀន​ តើ​យុវជន​ម្នាក់ណា​មាន​ភាពស្រដៀង​គ្នា​ទៅនឹង​សាសន៍​នីហ្វៃ​ដែល​បាន​ពិពណ៌នា​នៅក្នុង​ខគម្ពីរ​ទាំងនេះ ? តើ​យុវជនម្នាក់​ណា​ស្រដៀង​នឹង​សាសន៍​លេមិន ?

  • ទោះបីជា​សាសន៍​លេមិន​មាន​ប្រវត្តិធ្វើ​អំពើ​ទុច្ចរិតដ៏​យូរក្ដី ហេតុអ្វីបានជា​ពួកគេ​អាច​ទទួល​បាន​ពរជ័យ​ដ៏​ច្រើន​បែបនេះ ?

  • ហេតុអ្វីបានជា​សាសន៍​នីហ្វៃ​ស្ថិត​ក្នុង​គ្រោះថ្នាក់​នៃ​ការ​​ត្រូវ​បំផ្លាញបង់ដូច្នេះ ?

  • តើ​ការផ្ចាញ់ផ្ចាល​របស់​ព្រះអម្ចាស់​ជា​សញ្ញា​មួយ​នៃ​សេចក្ដីស្រឡាញ់​របស់​ទ្រង់​ដោយ​របៀបណា ? ( អ្នក​អាច​ពន្យល់​ថា​ពាក្យ ផ្ចាញ់ផ្ចាល មាន​ន័យ​ថា ​ការកែតម្រូវ​នរណា​ម្នាក់​តាមរយៈ​ការដាក់​ទោស ឬ​ការរងទុក្ខ​មួយ​ចំនួន ។ )

សូម​សរសេរ​ប្រយោគ​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖

នៅពេល​ប្រជាជន​ដឹង​ពី​សេចក្ដីពិត ហើយ​ជឿលើ​ព្រះគម្ពីរ ពួកគេ​ត្រូវ​បាន​ដឹកនាំ​ទៅ … និង … ដែល​នាំ​មក​នូវ …

សូម​ឲ្យ​សិស្ស​អាន ហេលេមិន 15:7 ដោយស្ងៀម​ស្ងាត់ ​ដោយ​រកមើល​របៀប​ដែល​ពួកគេ​អាច​បំពេញ​ប្រយោគ​នៅលើ​ក្ដារខៀន ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​សួរ​សិស្ស​ពីរ​បី​នាក់​ថា តើ​ពួកគេ​នឹង​បំពេញ​ប្រយោគ​នេះ​ដោយ​របៀបណា ។ ( ឧទាហរណ៍ សិស្ស​អាច​និយាយ​ពី​គោលការណ៍​ខាងក្រោម ៖ នៅពេល​ប្រជាជន​ដឹង​ពី​សេចក្ដីពិត ហើយ​ជឿលើ​ព្រះគម្ពីរ ពួកគេ​ត្រូវបាន​ដឹកនាំ​ទៅរក​សេចក្ដីជំនឿ និង​ការប្រែចិត្ត ដែល​នាំ​មក​នូ​ការផ្លាស់ប្ដូរ​ក្នុង​ដួងចិត្ត ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ហេលេមិន 15:8 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​ការរៀបរាប់​របស់​សាំយូអែល​អំពី​សាសន៍​លេមិន​ដែល​បាន​ទទួល​ការផ្លាស់ប្តូរចិត្តគំនិត​មួយ ។ ( ពួកគេ « រឹងមាំ និង​ខ្ជាប់ខ្ជួន​នៅក្នុង​សេចក្ដីជំនឿ » ) ។

សូម​ឲ្យ​សិស្ស​មាន​ពេល​សញ្ជឹងគិត​ថា​តើ​ការសិក្សា​ព្រះគម្ពីរ​បាន​នាំ​ពួកគេ​ឲ្យ​មាន​សេចក្ដីជំនឿ​ដ៏​អស្ចារ្យ​មួយ​ទៅលើ​ព្រះអម្ចាស់​ឬទេ ។ សូម​ឲ្យ​ពួកគេ​សញ្ជឹងគិត​ដែរ​ថា​តើ​ការណ៍​នេះ​បាន​នាំ​ពួកគេ​ឲ្យ​រឹងមាំ និង​ខ្ជាប់ខ្ជួន​នៅក្នុង​សេចក្ដីជំនឿ ឬ​ទេ ។ សូម​គិត​ពី​ការឲ្យ​សិស្ស​ម្នាក់ ឬ​ពីរ​នាក់​ពន្យល់​ពី​របៀប​ដែល​ការសិក្សាបទគម្ពីរ​បាន​បង្កើន​សេចក្តីជំនឿ​របស់​គេ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។

សូម​ទាញ​ចំណាប់​អារម្មណ៍​របស់​សិស្ស​លើ ហេលេមិន 15:9–17 ។ សូម​ពន្យល់​ថា នៅក្នុង​ខគម្ពីរ​ទាំងនេះ ពាក្យ អ្នក សំដៅ​លើ​សាសន៍​នីហ្វៃ​ហើយ​ពាក្យ ពួកគេ និង ពួកគេ សំដៅ​លើ​សាសន៍​លេមិន ។ សូម​អាន​ខគម្ពីរ​ទាំងនេះ​ឮៗ​ដល់​សិស្ស ដោយ​ឈប់​ពេល​ត្រូវការ​ពន្យល់ ឬ​ឆ្លើយ​នឹង​សំណួរ ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​មាន​ពេល​មើល​ខនោះ​ម្ដងទៀត ហើយ​សរសេរ​ប្រយោគ​មួយ​ដែល​បញ្ជាក់​ពី​សេចក្ដីពិត​ដែល​បាន​បង្រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។

សូម​ឲ្យ​សិស្ស​បី​បួន​នាក់​អាន​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ នៅក្នុង​ចំណោម​សេចក្ដីពិត​ផ្សេង​ទៀត សិស្ស​អាច​សរសេរ​អ្វី​មួយ​ដូចនេះ ៖ ប្រសិនបើ​ប្រជាជន​ក្លាយជា​មិន​ជឿ បន្ទាប់ពី​ទទួល​បាន​ភាពពោរពេញនៃដំណឹងល្អ​ហើយ នោះពួកគេ​នឹង​ទទួល​ការដាក់​ទោស​ដ៏​ខ្លាំង ។ អ្នក​អាចណែនាំ​ថា សិស្ស​គួរ​សរសេរ​សេចក្ដីពិត​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​គេ​ក្បែរ ហេលេមិន 15:9–17 ។

នៅពេល​សិស្ស​ពិភាក្សា​ពី​សេចក្ដីពិត​នេះ សូម​បញ្ជាក់​ពី​ពរជ័យ​ដ៏​អស្ចារ្យ​ដែល​កើតមាន​ពី​ការយល់ និង​ការរស់នៅ​តាម​ដំណឹងល្អ​នាពេលនេះ ។ ការបង្រៀន​របស់​សាំយូអែល​មិន​បាន​អត់ទោស​ដល់​សមាជិក​សាសនាចក្រ​ថ្មី​ដែល​បាន​ប្រព្រឹត្ត​អំពើបាប​នោះទេ ។ ហើយ​ក៏​វា​មិន​បង្កប់​ថា យើង​អាច​រត់ចេញ​ពី​ការទទួលខុសត្រូវ និង​ការដាក់ទោស​ដោយ​ការបដិសេធ​មិន​រៀន​អំពី​ដំណឹងល្អដែរ ។ ខណៈដែល​វា​ពិត​ថា ការមាន​ចំណេះដឹង​អំពី​ដំណឹងល្អ​នាំ​ទៅរក​ការទទួលខុសត្រូវ​កើនឡើង ប្រសិនបើ​យើង​ធ្វើ​អ្វីមួយ​ខុស វា​ក៏​នាំ​ទៅរក​កម្លាំង​ដ៏​ខ្លាំង​ជាង​ក្នុង​ការដែល​យើង​ខិតខំ​ធ្វើអ្វី​ដែល​ត្រូវ​ដែរ ។ ហើយ​នៅពេល​យើង​ធ្វើ​តាម​ឆន្ទៈ​របស់​ព្រះ និង​ជួយ​អ្នកដទៃ​ឲ្យ​ធ្វើ​ដូច្នោះ ទ្រង់​នឹង​ប្រទានពរ​ដល់​យើង​ឲ្យ​មាន​សន្ដិភាព និង​សុភមង្គល​ដែល​យើង​មិន​អាច​ទទួល​បានតាម​របៀប​ផ្សេង​ទៀត ។

ហេលេមិន 16

អ្នក​ទាំងឡាយ​ណា​ដែល​ជឿលើ​សាំយូអែលបាន​ប្រែចិត្ត ហើយ​បាន​ជ្រមុជទឹក ខណៈ​ដែល​អ្នក​ផ្សេងទៀត​មាន​ចិត្ត​រឹងរូស

សូម​បង្ហាញ​រូបភាព​មួយ​របស់​ប្រធាន​សាសនាចក្រ​នៃព្រះយេស៊ូវគ្រីស្ទ​នៃពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ចុងក្រោយ​បច្ចុប្បន្ន ។ សូម​ឲ្យ​សិស្ស​ពិពណ៌នា​ពី​របៀប​ខុសគ្នា​ដែល​ពួកគេ​បាន​ឃើញ​ប្រជាជន ( ទាំង​ខាងក្នុង និង​ក្រៅ​សាសនាចក្រ ) ឆ្លើយតប​នឹង​សារលិខិត​របស់​ព្យាការី ។

សូម​ឲ្យ​សិស្ស​ពាក់កណ្ដាល​អាន ហេលេមិន 16:1–5 ដោយស្ងៀមស្ងាត់ ​ដោយ​រកមើល​សកម្មភាព​នៃ​ប្រជាជន​ដែល​ជឿ​លើ​សារលិខិត​របស់​សាំយូអែល ។ សូម​ឲ្យ​សិស្ស​ពាក់កណ្ដាល​ទៀត​អាន ហេលេមិន 16:2–3, 6–7 ដោយ​ស្ងៀមស្ងាត់ ​ដោយ​រកមើល​សកម្មភាព​របស់​មនុស្ស​ដែល​មិន​ជឿលើ​សារលិខិត​របស់​សាំយូអែល ។ ( អ្នក​អាច​សរសេរ​សេចក្ដីយោង​ព្រះគម្ពីរ​ទាំងនេះ​នៅលើ​ក្ដារខៀន ) ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​រៀបរាប់​ពី​អ្វីដែល​ពួកគេ​បាន​រៀន ។

  • តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​មនុស្ស​ឆ្លើយតប​នឹង​ព្យាការី និង​សារលិខិត​របស់​លោក​តាម​របៀប​ខុសៗ​គ្នា ?

  • តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​មនុស្ស​ខឹង​សម្បារ នៅពេល​ព្យាការី​ផ្ដល់​ការណែនាំ​ដូចជា​ពាក្យ​នៅក្នុង​កូនសៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែង​ការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« នៅពេល​ព្យាការី​បង្ហាញ​ពី​អំពើបាបនៃមនុស្សលោក នោះ​មនុស្ស​ខាង​លោកិយ ដោយ​មិន​បាន​ប្រែចិត្ត​ពី​អំពើបាប​របស់​គេ​ហើយ ថែម​ទាំង​ចង់​បិត​មាត់​របស់​ព្យាការី ឬ​ធ្វើ​ទង្វើ​ហាក់​ដូចជា​គ្មាន​ព្យាការីទៅវិញ ។ ភាពល្បីល្បាញ​មិនដែល​ជា​ការសាកល្បង​នៃ​សេចក្ដីពិត​នោះទេ ។ ជាច្រើន​ដងដែល​ព្យាការីមួយ​រូប​​ត្រូវ​បាន​សម្លាប់ ឬ​បណ្ដេញ​ចេញ ។ នៅពេល​យើង​ខិតកាន់តែជិត​​ការយាងមក​ជាលើកទីពីរ​របស់​ព្រះអម្ចាស់ អ្នក​អាច​សង្ឃឹម​ថា នៅពេល​មនុស្ស​ក្នុង​លោកិយ​កាន់​តែ​មានភាព​​ទុច្ចរិត​កាន់តែ​ខ្លាំង នោះ​ព្យាការី​នឹង​មាន​តម្លៃ​​ចំពោះ​ពួកគេ​កាន់តែ​តិច​ទៅ » ( The Teachings of Ezra Taft Benson [ ឆ្នាំ 1988 ] ទំព័រ 133 ) ។

  • តើ​គំរូ​ណាខ្លះ​នៃ​ប្រជាជន​ដែល​ធ្វើ​តាម​ការណែនាំ​របស់​ព្យាការី ទោះបីជា​អ្នកដទៃ​បាន​បដិសេធ​ការណែនាំ​នោះ​ក្ដី ?

សូម​ឲ្យ​សិស្ស​បិទ​ព្រះគម្ពីរ​របស់​គេ ។ សូម​ឲ្យ​សិស្ស​ម្នាក់​បើក​គម្ពីរ​របស់​គេ ហើយ​អាន ហេលេមិន 16:13–14 ខណៈពេល​សិស្ស​ផ្សេង​ទៀត​ស្ដាប់ ។ សូម​សួរ​សិស្ស​ តើ​ពួកគេ​គិត​ថា​ពួកអ្នក​មិន​ជឿ​នឹង​ឆ្លើយតបចំពោះ​ទីសម្គាល់ និង​ការលេចឡើង​ទាំងនេះ​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​បើក​គម្ពីរ​របស់​គេ ហើយ​មើល​តាម​នៅពេល​អ្នក​អាន ហេលេមិន 16:15–16 ដល់​គេ ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​ស្រមៃ​ថា ពួកគេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​ជាមួយ​នឹង​ប្រជាជន​ដែល​នៅក្នុង​ដែនដី​សារ៉ាហិមឡា​នៅពេល​ទីសម្គាល់​បាន​ផ្ដល់​មក ។ សូម​ឲ្យ​ពួកគេ​គិត​អំពី​សំណួរ ដែល​ពួកគេ​នឹង​សួរ​អ្នកជឿ ឬ​អ្នក​មិន​ជឿ​ម្នាក់ ។ ក្រោយពី​សិស្ស​មាន​ពេល​គិត​ពី​សំណួរ​ហើយ សូម​ឲ្យ​ពួកគេ​ពីរ​បី​នាក់​ចែកចាយ​សំណួរ​របស់​គេ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។

សូម​ឲ្យ​សិស្ស​សញ្ជឹងគិត​ពី​សំណួរ​ខាងក្រោមនេះ​នៅ​ក្នុង​ចិត្ត​។

  • ប្រសិនបើ​អ្នក​បាន​នៅ​ទីនោះ ហើយ​ធ្វើ​ជា​សាក្សី​ពី​ទីសម្គាល់ និង​ការអស្ចារ្យ​ទាំងឡាយ តើ​អ្នក​គិត​ថា អ្នក​នឹង​ឆ្លើយតប​ដោយ​របៀបណា ?

នៅពេល​សិស្ស​មាន​ពេល​សញ្ជឹងគិត​ហើយ សូម​សួរ ៖

  • យោងតាម ហេលេមិន 16:16 ហេតុអ្វី​បានជា​មនុស្ស​ខ្លះ​បដិសេធ​ការបំពេញ​តាម​ការព្យាករណ៍​របស់​ព្យាការី រួមមាន​ទីសម្គាល់​មក​ពី​ស្ថានសួគ៌ ?

សូម​ឲ្យ​សិស្ស​មាន​ពេល​ពីរ​បី​នាទី​អាន ហេលេមិន 16:17–21 ដោយ​ស្ងាត់ៗ​ដោយ​រកមើល​ការ​ដោះសារ​បន្ថែម​នានា​ដែល​ពួកទុច្ចរិត​មាន​ក្នុង​ការដែល​មិន​ជឿ​ដល់​ការព្យាករណ៍​របស់​សាំយូអែល ។ សូម​ហៅ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ប្រាប់​ថាតើ​មាន​ការ​ដោះសារ​អ្វីខ្លះ​​ដែល​ពួកគេ​បាន​រកឃើញ​នៅក្នុង​ខ​ទាំងនេះ ។

  • នៅ​ក្នុង​ចំណោម​ការដោះសារ ឬ​ទស្សនៈទាំងនេះដែល​ប្រឆាំង​នឹង​ព្យាការី តើ​អ្នក​គិត​ថាការដោះសារ ឬ ទស្សនៈមួយណា​ដែលកើត​មាន​ច្រើន​ជាងគេ​​នៅក្នុង​ជំនាន់​យើង ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ហេលេមិន 16:22–23 ឮៗ​ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​បាន​កើតឡើង​នៅពេល​ប្រជាជន​ជាច្រើន​បាន​បន្ដ​ព្រងើយ​កន្ដើយ​នឹង​ការព្រមាន​របស់​សាំយូអែល ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វីដែល​ពួកគេ​រកឃើញ ។

  • តើ​នឹង​មាន​អ្វី​កើតឡើង​ដល់​យើង ប្រសិនបើ​យើង​បដិសេធ​ព្យាការី​ថ្ងៃចុងក្រោយ​របស់​ព្រះអម្ចាស់ ?

នៅពេល​សិស្ស​ឆ្លើយ សូម​បញ្ជាក់​នូវ​គោលការណ៍​ខាងក្រោម ៖ នៅពេល​យើង​បដិសេធ​សាក្សី​របស់​ព្រះអម្ចាស់ យើង​នឹង​អនុញ្ញាត​ឲ្យ​សាតាំង​ក្ដាប់​ដួងចិត្ត​របស់​យើង ។ ( អ្នក​អាច​សរសេរ​ប្រយោគ​នេះ​នៅលើ​ក្ដារខៀន ) ។

ដើម្បី​បញ្ចប់​មេរៀន​ថ្ងៃនេះ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ ។ សូម​ឲ្យ​សិស្ស​ផ្សេងទៀត​​ស្ដាប់​រកមើល​​អ្វី ដែល​យើង​ពិត​ជា​កំពុង​ជ្រើសរើស​នៅពេល​យើង​បដិសេធ​មិន​​សា្ដប់តាម​​ការណែនាំ​ពី​ព្រះ ដែល​ភាគច្រើន​មក​តាមរយៈ​ព្យាការី​ថ្ងៃចុងក្រោយ ៖

« នៅពេល​យើង​បដិសេធ​ការណែនាំ​មក​ពី​ព្រះ យើង​មិន​បាន​ជ្រើសរើស​ដើម្បី​ឯករាជ្យ​ពី​ឥទ្ធិពល​ខាងក្រៅ​នោះទេ ។ យើង​ជ្រើសរើស​ឥទ្ធិពល​ផ្សេង​ទៀត ។ យើងបដិសេធ​ការ​ការពារ​ពី​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​ដ៏​ជាទីស្រឡាញ់​ឥត​ខ្ចោះ ដែល​មាន​ព្រះចេស្ដា​ទាំងអស់ ដែល​ជ្រាប​នូវ​គ្រប់ការណ៍​ទាំងអស់ ដែល​មាន​គោលបំណង​ទាំងមូល​ដូចជា​ព្រះរាជបុត្រា​ជាទីស្រឡាញ់​របស់​ទ្រង់​ដែរ គឺ​ដើម្បី​ប្រទានដល់​យើង​នូវ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ដើម្បី​ប្រទាន​ដល់​យើង​នូវ​អ្វីៗ​ទាំងអស់​ដែល​ទ្រង់​មាន និង​ដើម្បី​នាំ​យើង​ទៅ​ផ្ទះ​វិញជាក្រុម​​គ្រួសារ​ទៅកាន់​ព្រះហស្ដ​នៃ​សេចក្ដីស្រឡាញ់​របស់​ទ្រង់ ។ ដោយ​ការបដិសេធ​ការណែនាំ​របស់​ទ្រង់ យើង​ជ្រើសរើស​យក​ឥទ្ធិពល​នៃ​អំណាច​ផ្សេង​ទៀត ដែល​មាន​បំណង​ធ្វើ​ឲ្យ​យើង​វេទនា និង​ដែល​ការជម្រុញ​របស់​វា​គឺ​ឲ្យ​ស្អប់ ។ យើង​មាន​សិទ្ធិជ្រើសរើស​ខាង​សីលធម៌ ដែល​ជា​អំណោយ​ទាន​មួយ​មក​ពី​ព្រះ ។ ជាជាង​សិទ្ធិ​ជ្រើសរើស​ដើម្បី​មាន​សេរីភាព​ចេញពី​ឥទ្ធិពល វា​ជា​សិទ្ធិ​ដ៏ជាក់ច្បាស់​ដើម្បី​ដាក់​ខ្លួនយើង​ទៅនឹង​អំណាច​អ្វីក៏​ដោយ​ដែល​យើង​ជ្រើសរើស » ( « Finding Safety in Counsel » Ensign ខែ ឧសភា ឆ្នាំ 1997 ទំព័រ 25 ) ។

  • យោងតាម​ប្រធាន អាវរីង តើ​យើង​ពិត​ជា​កំពុង​ជ្រើសរើស​អ្វី ប្រសិនបើ​យើង​បដិសេធ​ការណែនាំ​ពី​ព្រះ និង​ព្យាការី​របស់​ទ្រង់ ?

សូម​ឲ្យ​សិស្ស​ពិចារណា​ដោយ​ស្ងប់ស្ងាត់​ថា​តើ​ពួកគេ​ធ្លាប់​ធ្វើ​ឲ្យ​ចិត្ត​ពួកគេ​រឹងរូស​ទាស់នឹង​ការណែនាំ​ដែល​ព្រះ​បាន​ប្រទានឲ្យ​តាមរយៈ​ព្យាការី និង​សាវកដែរឬ​ទេ ។ សូម​លើកទឹកចិត្ត​ឲ្យ​ពួកគេ​រឹងមាំ ហើយ​​ខ្ជាប់ខ្ជួន​នៅក្នុង​ការរស់នៅ​តាម​ដំណឹងល្អ និង​នៅក្នុង​ការធ្វើតាម​ការណែនាំ​របស់​ព្រះអម្ចាស់មកពី​ព្យាការី​របស់​ទ្រង់ ។ សូម​ធ្វើទីបន្ទាល់​អំពី​សេចក្តីពិត​ដែល​អ្នក​បាន​ពិភាក្សា​នៅក្នុង​មេរៀន​នេះ ។

ការរំឭក​ហេលេមិន​ឡើងវិញ

សូម​យក​ពេល​ខ្លះ​ជួយ​សិស្ស​ឲ្យ​រំឭក​គម្ពីរ​ហេលេមិន​ឡើងវិញ ។ សូម​ឲ្យ​ពួកគេគិត​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​គម្ពីរ​នេះ ទាំង​នៅក្នុង​ថ្នាក់​សិក្ខាសាលា និង​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​គេ ។ សូម​ឲ្យ​ពួកគេ​រំឭក​ដោយ​ខ្លី​នូវ​សេចក្ដីសង្ខេប​ជំពូក​នៅក្នុង​ហេលេមិន​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចងចាំ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​អ្វីមួយ​​ពី​ហេលេមិន ដែល​បាន​បំផុស​ដល់​ពួកគេ ឬ​ដែល​បាន​ជួយ​ដល់​ពួកគេ​ឲ្យ​មាន​សេចក្ដីជំនឿ​កាន់តែ​ខ្លាំង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ចែកចាយ​គំនិត និង​អារម្មណ៍​របស់​គេ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

ហេលេមិន 15:3–4 ។ សេចក្ដីស្រឡាញ់​ដ៏​ទេវភាព​របស់​ព្រះ

សិស្ស​អាច​សួរ​អំពី​សម្ដី​របស់​សាំយូអែល​ថា ព្រះអម្ចាស់​បាន​ស្រឡាញ់​សាសន៍​នីហ្វៃ ហើយ​បាន​ស្អប់​សាសន៍​លេមិន ( សូមមើល ហេលេមិន 15:3–4) ។ ព្រះអម្ចាស់​ស្រឡាញ់​មនុស្ស​ទាំងអស់ ប៉ុន្ដែ​មិន​អាច​ប្រណី​ដល់​អំពើបាប​ឡើយ ។ សាំយូអែល​បាន​បង្រៀន​ថា « ពួក​សាសន៍​លេមិន​ដែល​ទ្រង់​បានស្អប់ ព្រោះ​ពួកគេ​ធ្លាប់​បាន​ធ្វើ​អំពើ​អាក្រក់​ជា​បន្ដបន្ទាប់ » ប៉ុន្ដែ​លោក​ក៏​បាន​មាន​ប្រសាសន៍​ថា​ព្រះអម្ចាស់ « ទ្រង់​ពន្យា​ថ្ងៃ​ទាំងឡាយ​របស់​ពួកគេ » ដើម្បី​ឲ្យ​ពួកគេ​អាច​ទទួល​បាន​ដំណឹងល្អ ( សូម​មើល ហេលេមិន 15:4) ។

អែលឌើរ រ័សុល អិម ណិលសុន នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់​បាន​ថ្លែងទីបន្ទាល់​អំពី​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​ដល់​មនុស្ស​ទាំងអស់ ហើយ​​បាន​បង្រៀន​ថា ពរជ័យ​ដ៏​ពេញលេញ​នៃ​សេចក្ដីស្រឡាញ់​ដ៏ទេវភាព​របស់​ព្រះអម្ចាស់ កើត​មាន​តែ​ចំពោះ​ជន​ណា​ដែល​ព្យាយាម​កាន់​ព្រះបញ្ញត្តិ​របស់​ទ្រង់ ហើយ​​ប្រែចិត្ត​ពី​អំពើបាប​របស់​គេប៉ុណ្ណោះ ៖

« សេចក្ដីស្រឡាញ់​ដ៏​ទេវភាព​គឺ​និរន្ដរ៍ និង​ជា​សាកល ។ ព្រះអង្គសង្គ្រោះ​ស្រឡាញ់​ទាំង​ពួកបរិសុទ្ធ និង​អ្នក​មាន​បាប ។ សាវក​យ៉ូហាន​បាន​បញ្ជាក់​ថា ‹ យើង​ស្រឡាញ់​ទ្រង់ ដោយសារ​ទ្រង់​បាន​ស្រឡាញ់​យើង​មុន › [យ៉ូហានទី 1 4:19] ។ ហើយ​នីហ្វៃ ដោយ​មើល​ឃើញ​នៅក្នុង​ការនិមិត្ត​អំពី​ការបម្រើក្នុងជីវិតរមែងស្លាប់​របស់​ព្រះអម្ចាស់ បាន​ប្រកាស​ថា ៖ ‹ ហើយ​មនុស្ស​លោក ដោយ​ព្រោះ​សេចក្ដីទុច្ចរិត​របស់​ពួកគេ នោះ​នឹង​ចាត់​ទ្រង់​ទុក​ជា​គ្មាន​តម្លៃ​ទៅវិញ ហេតុដូច្នោះហើយ ពួកគេ​វាយទ្រង់​ក៏​ទ្រង់​អត់ធ្មត់ ពួកគេ​ទះទ្រង់​ក៏​ទ្រង់​អត់ធ្មត់ ។ មែនហើយ ពួកគេ​ស្ដោះ​ដាក់​ទ្រង់​ក៏​ទ្រង់​អត់ធ្មត់ ពីព្រោះ​មក​ពី សេចក្ដីមេត្តាករុណា និង​ការអត់ធ្មត់​ដែល​ទ្រង់​មាន​ចំពោះ​កូនចៅ​មនុស្ស › ។នីហ្វៃទី 1 19:9 អក្សរទ្រេត​បាន​ដាក់បន្ថែម ] ។ យើង​ដឹង​ពី​​សេចក្ដីស្រឡាញ់ដ៏ធំធេង​របស់​ព្រះដ៍ប្រោសលោះ ដោយសារ​ទ្រង់​បាន​សុគត​ដើម្បី​ឲ្យ មនុស្ស​ទាំងអស់ ដែល​ស្លាប់​អាច​រស់ឡើង​វិញ​ម្ដងទៀត ។

« … ផ្កា​ដ៏​ពេញលេញ​នៃ​សេចក្ដីស្រឡាញ់​ដ៏​ទេវភាព និង​ពរជ័យ​ដ៏​អស្ចារ្យ​បំផុត​របស់​យើង​មក​ពី​ការស្រឡាញ់​នោះ​គឺ​មាន​លក្ខខណ្ឌ—ដែល​បាន​បង្ហាញ​មុន​តាម​ការគោរព​តាម​ច្បាប់​ដ៏​អស់កល្ប​របស់​យើង » ( « Divine Love » Ensign ខែ កុម្ភៈ ឆ្នាំ 2003 ទំព័រ 24–25 ) ។

បោះពុម្ព