បណ្ណាល័យ
មរមន


សេចក្ដីផ្ដើម​អំពី គម្ពីរ​មរមន

ហេតុអ្វី​បានជា​ត្រូវសិក្សាព្រះ​គម្ពីរ​នេះ ?

នៅពេល​សិស្ស​សិក្សា​គម្ពីរ​នេះ ពួកគេ​នឹង​រៀន​នូវ​មេរៀន​ដ៏​មាន​តម្លៃ​ពី​មរមន ដែល​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​បាន​រស់នៅ​ដោយ​ស្មោះត្រង់ ទោះបីជា​ក្នុង​មួយ​ជីវិត​របស់​លោក​បាន​ព័ទ្ធជុំវិញ​ទៅ​ដោយ « ឆាក​អំពី​អំពើ​ទុច្ចរិត និង​អំពើគួរ​ខ្ពើមឆ្អើម​ទាំងឡាយ​កើតឡើង​មិន​ឈប់ឈរ » ( មរមន 2:18 ) ។ សិស្ស​ក៏​នឹង​ទទួល​បាន​ប្រយោជន៍​ពី​ការសិក្សា​ប្រសាសន៍​របស់​មរ៉ូណៃ ដែល​បាន​ថ្លែង​ទីបន្ទាល់​ដល់​អ្នកអាន​នៅ​ថ្ងៃចុងក្រោយ​ថា « ព្រះយេស៊ូវគ្រីស្ទ​ទ្រង់​បង្ហាញ​អ្នករាល់​គ្នា​ដល់​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​នូវ​អ្វីៗ​ដែល​អ្នករាល់​គ្នា​ធ្វើ » ( មរមន 8:35 ) ។ នៅពេល​សិស្ស​អាន​អំពី​សេចក្តីបំផ្លិចបំផ្លាញ​ដែល​បានកើត​ឡើង​ដោយសារ​អំពើទុច្ចរិត​របស់​ពួកសាសន៍​នីហ្វៃ នោះ​ពួកគេ​នឹង​រៀន​ពី​សារៈសំខាន់​នៃ​ការរស់នៅ​តាម​បទបញ្ញត្តិ​ទាំងឡាយ និង​សេចក្ដីសញ្ញា​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

តើ​នរណា​ជា​អ្នក​សរសេរ​ព្រះ​គម្ពីរ​នេះ ?

មរមន បាន​សរសេរ​ប្រាំពីរ​ជំពូក​ដំបូង​នៃ​គម្ពីរ​នេះ ជា​ដំណើររឿង​សង្ខេប​មួយ​នៃ​អំពើទុច្ចរិត និង​សង្គ្រាម​នៅក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ និង​ពួកសាសន៍​លេមិន​នៅក្នុង​ជំនាន់​របស់​លោក ។ លោក​ក៏​បាន​ដំណាល​ពី​រឿង​ទាំងមូល​នៃ​ហេតុការណ៍​ពី​ជីវិត​របស់​លោក​នៅក្នុង​ផ្ទាំង​ចំណារ​នីហ្វៃ​ធំ ( សូមមើល មរមន 2:18 , 5:9 ) ។ នៅពេល​មរមន មាន​អាយុ​ប្រហែល 10 ឆ្នាំ អ្នករក្សា​បញ្ជី​ទាំងឡាយ​គឺ អាម៉ូរ៉ុន បាន​ប្រគល់​ទំនួលខុសត្រូវ​ដល់​លោក​ដើម្បី​រក្សា​ផ្ទាំង​ពិសិដ្ឋ​ទាំងឡាយ នៅពេល​លោក​បាន​ពេញវ័យ ។ លោក​ត្រូវ​ឆ្លាក់​កត់ត្រា​នូវ​ការណ៍​ទាំងអស់​ដែល​លោក​បាន​សង្កេត​ឃើញ​អំពី​ប្រជាជន ( សូមមើល មរមន 1:4 ) ។ នៅ​អាយុ 15 ឆ្នាំ ​មរមន បាន​ជួប​នឹង​ព្រះអម្ចាស់ ហើយ​បាន​ភ្លក់ ហើយ​បាន​ស្គាល់​នូវ​សេចក្ដីល្អ​សប្បុរស​នៃ​ព្រះយេស៊ូវ » ( មរមន 1:15 ) ។ នា​ឆ្នាំ​ដដែល​នោះ​ដែរ ពួកសាសន៍​នីហ្វៃ​បាន​តែងតាំង​មរមន​ឲ្យ​ដឹកនាំ​កងទ័ព​របស់​ពួកគេ ( សូមមើល មរមន 2:1 ) ។ ដោយ​គោរព​តាម​ការណែនាំ​របស់ អាំម៉ូរ៉ុន លោក​បាន​ទទួល​នូវ​ផ្ទាំង​ចំណារ​នីហ្វៃ​ធំ​នាពេល​ក្រោយមក ហើយ​បាន​ចាប់ផ្ដើម​ធ្វើ​ការកត់ត្រា ។ លោក​ក៏​បាន​សង្ខេប​នូវ​ផ្ទាំង​ចំណារ​នីហ្វៃ​ធំ ដែល​បាន​រួមមាន​នូវ​ការសរសេរ​ពី​ព្យាការី និង​អ្នករក្សា​ផ្ទាំង​ទាំងឡាយ​ពី​លីហៃ រហូតដល់​អាំម៉ូរ៉ុន ហើយបាន​បញ្ចូល​នូវ​ផ្ទាំង​ចំណារ​នីហ្វៃ​តូច​ទៅក្នុង​ការសង្ខេប​នោះ​ដែរ ។ នៅជិត​ពេល​ចុងបញ្ចប់​នៃ​ជីវិត​របស់​លោក មរមន​បាន​លាក់​ផ្ទាំងចំណារ​ទាំងឡាយ​នៅក្នុង​កូនភ្នំ​គូមូរ៉ា លើកលែង​តែ​ផ្ទាំង​មួយ​ចំនួន​ដែល​លោក​បាន​ប្រគល់​ដល់​កូនប្រុស​របស់​លោក​គឺ មរ៉ូណៃ ( សូមមើល មរមន 6:6 ) ។ បន្ទាប់​មក លោក​បាន​ដឹកនាំ​ពួកសាសន៍​នីហ្វៃ​ទៅក្នុង​សង្គ្រាម​ដ៏​ធំ​ចុងក្រោយ​ប្រឆាំង​នឹង​ពួកសាសន៍​លេមិន ។ មុនពេល​មរមន​បាន​ស្លាប់ លោក​បាន​ណែនាំ​មរ៉ូណៃ​ឲ្យ​បញ្ចប់​កំណត់ត្រា​របស់​លោក ។ មរ៉ូណៃ បាន​បន្ថែម​ពាក្យ​ទាំងឡាយ​ដែល​បង្កើត​បាន​ជា​ជំពូក​ទី 8 –9 នៃ​គម្ពីរ​នេះ ។

តើ​គម្ពីរ​នេះ​ត្រូវបាន​សរសេរ​ដល់​នរណា ហើយ​តើ​ហេតុអ្វី ?

មរមន​បាន​សរសេរ​ទៅកាន់​ពួកសាសន៍​ដទៃ និង​សមាជិក​នៃ​វង្ស​អ៊ីស្រាអែល​នៅ​ថ្ងៃចុងក្រោយ ដោយ​មាន​បំណង​ចង់ « បញ្ចុះបញ្ចូល​អស់​អ្នករាល់គ្នា​នៅ​ចុងផែនដី​ឲ្យ​ប្រែចិត្ត ហើយ​ប្រុង​ប្រៀប​ឈរ​នៅចំពោះ​វេទិកា​ជំនុំជម្រះ​នៃ​ព្រះគ្រីស្ទ » ( មរមន 3:22 ) ។ នៅពេល​ មរ៉ូណៃ បាន​បញ្ចប់​គម្ពីរ​របស់​ឪពុក​លោក​ហើយ លោក​បាន​បញ្ជាក់​ដោយ​ចំៗ​នូវ​អស់អ្នក​ដែល​នឹង​អាន​ប្រសាសន៍​របស់​លោក ។ លោក​បាន​ព្រមាន​ពួកគេ​ពី​លទ្ធផល​នៃ​អំពើបាប​របស់​ពួកគេ និង​បាន​អញ្ជើញ​ឲ្យ​ពួកគេ « មក​រក​ព្រះអម្ចាស់​ដោយ​អស់​ពី​ដួងចិត្ត [ របស់​ពួកគេ ] ចុះ » ( « មរមន 9:27 ) ។

តើ​នៅពេលណា និង​នៅកន្លែងណា​ដែល​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ឡើង ?

មរមន ប្រហែល​ជា​បាន​សរសេរ​ជំពូក​ទី 1–7 នៃ​គម្ពីរ​នេះ នៅ​ចន្លោះ​ឆ្នាំ 345 នៃ​គ្រិស្ដសករាជ និង​ឆ្នាំ 401 នៃ​គ្រិស្ដសករាជ ( សូមមើល មរមន 2:15–17; 8:5–6  ) ។ លោក​បាន​បញ្ចប់​ការសរសេរ​របស់​លោក ក្រោយពី​ចម្បាំង​ចុងក្រោយ​រវាង​ពួកសាសន៍​នីហ្វៃ និង​ពួកសាសន៍​លេមិន​នៅ​ឯ​គូមូរ៉ា នៅក្នុង​ឆ្នាំ 385 នៃ​គ្រិស្ដសករាជ ( សូមមើល មរមន 6:10–15; 7:1 ) ។ លោកមរ៉ូណៃ ប្រហែល​ជា​បាន​ធ្វើ​ការកត់ត្រា​នៅក្នុង​ជំពូកទី 8–9 រវាង​ឆ្នាំ 401 នៃ​គ្រិស្ដសករាជ និង​ឆ្នាំ 421 នៃ​គ្រិស្ដសករាជ នៅពេល​លោក​បាន​ទៅ « ដើម្បី​សុវត្ថិភាព​នៃ​ជីវិត​របស់​លោក » ( សូមមើល មរមន 8:4–6; មរ៉ូណៃ 1:1–3) ។1–3 ) ។

តើ​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ​នៅក្នុង​គម្ពីរ​នេះ ?

គម្ពីរ​នេះ​រៀបរាប់​ពី​ការព្យាករណ៍​ដែល​បាន​បំពេញ​ដោយ​នីហ្វៃ អាលម៉ា សាំយូអែល​ជា​សាសន៍​លេមិន និង​ព្រះយេស៊ូវ​គ្រីស្ទ​ទាក់ទង​ទៅ​នឹង​សេចក្តីបំផ្លិចបំផ្លាញ​នៃ​សាសន៍​នីហ្វៃ ( សូមមើល នីហ្វៃទី 1 12:19; អាលម៉ា 45:9–14; ហេលេមិន 13:8–10; នីហ្វៃទី 3 27:32  ) ។ លោក​មរមន សំដៅ​លើ​ការសរសេរ​របស់​លោក​ខ្លះ​ថា​ជា « បញ្ជី​ខ្ញុំ​អំពី​សេចក្តីបំផ្លិចបំផ្លាញ​នៃ​អំពើទុច្ចរិត​របស់​ពួកគេ » ( មរមន 6:1 ) ។ លោក​បាន​បង្ហាញ​ថា ការធ្លាក់​របស់​ពួកសាសន៍​នីហ្វៃ គឺជា​លទ្ធផល​មួយ​នៃ​អំពើទុច្ចរិត​របស់​ពួកគេ ( សូមមើល មរមន 4:12; 6:15 –18 ) ។

គម្រោង

មរមន 1 អាំម៉ូរ៉ុន​តែងតាំង​មរមន​ឲ្យ​រក្សា​កំណត់ត្រា​នៃ​ប្រជាជន​នៅក្នុង​ជំនាន់​របស់​លោក ។ ពួកសាសន៍​នីហ្វៃ​យកឈ្នះ​លើ​សាសន៍​លេមិន​នៅក្នុង​ចម្បាំង ។ អំពើទុច្ចរិត​ផ្សព្វផ្សាយ​ទូទាំង​ដែនដី ពួកសាវក​សាសន៍​នីហ្វៃ​បី​រូប​បាន​ឈប់​បម្រើ​ដល់​ប្រជាជន ហើយ​អំណោយទាន​នៃ​ព្រះវិញ្ញាណ​ត្រូវបាន​ដកចេញ​ទាំង​ស្រុង ។ ទោះជាយ៉ាងណាក្ដី លោក​មរមន​បាន « ជួប​នឹង​ព្រះអម្ចាស់ » ។

មរមន 2–3 ពួកសាសន៍​នីហ្វៃ​តែងតាំង​មរមន​ឲ្យ​ដឹកនាំ​កងទ័ព​របស់​ពួកគេ ។ ទោះបីជា​មាន​សេចក្តី​បំផ្លិចបំផ្លាញ​ដ៏​ខ្លាំង និង​ការរងទុក្ខ​ដ៏​ធំ​ក្ដី ពួកសាសន៍​នីហ្វៃ​បដិសេធ​មិន​ព្រម​ប្រែចិត្ត​ឡើយ ។ លោក​មរមន​ទៅ​យក​ផ្ទាំង​នីហ្វៃ​ពី​កូនភ្នំ​មួយ​ដែល​ហៅ​ថា ស៊ិម ហើយ​ចាប់ផ្ដើម​ធ្វើ​កំណត់​ត្រា​របស់​គាត់ ។​ ក្រោយពី​ទទួល​បាន​ជ័យជំនះ​បី​បួន​លើក​មក ប្រជាជន​បាន​ចាប់ផ្ដើម​មាន​ភាពឆ្មើងឆ្មៃ​លើ​កម្លាំង​របស់​ខ្លួន ហើយ​ស្បថ​ថា​នឹង​ប្រឆាំង​នឹង​ពួកសាសន៍​លេមិន ។ លោក​មរមន បដិសេធ​មិន​ព្រម​ដឹកនាំ​ពួកគេ​ទៀត​ឡើយ ។ លោក​សរសេរ​ដើម្បី​បញ្ចុះបញ្ចូល​មនុស្ស​ទាំងអស់​នៅក្នុង​ថ្ងៃចុងក្រោយ ដើម្បី​រៀបចំ​ខ្លួន​ឈរ​នៅ​ចំពោះ​មុខ​កៅអី​ការជំនុំជម្រះ​របស់​ព្រះគ្រីស្ទ ។

មរមន 4 ដោយគ្មាន​ការ​ដឹកនាំ​ពី​មរមន​ទៀត នោះ​ពួកកងទ័ព​សាសន៍​នីហ្វៃ​បន្ដ​ទៅ​ច្បាំង​ប្រឆាំង​នឹង​ពួកសាសន៍​លេមិន ។ កងទ័ព​រាប់ពាន់​នាក់​ពី​ទាំង​សងខាង​ត្រូវ​ស្លាប់ ។ កូនចៅ​របស់​លីហៃ ធ្លាក់​ខ្លួន​ទុច្ចរិត​កាន់តែ​ខ្លាំង​ជាង​ពេល​ណាៗ​ទាំងអស់​នៅក្នុង​ប្រវត្តិសាស្ដ្រ​របស់​ពួកគេ ហើយ​ពួកសាសន៍​លេមិន​ចាប់ផ្ដើម​បំផ្លាញ​ពួក​សាសន៍​នីហ្វៃ ។ លោក​មរមន ទទួល​បន្ទុក​លើ​កំណត់ត្រា​សាសន៍​នីហ្វៃ​ទាំងអស់ ហើយ​ផ្លាស់ទី​ចេញពី​កូនភ្នំ ស៊ិម ទៅ​កូនភ្នំ​មួយ​ហៅ​ថា គូមូរ៉ា ។

មរមន 5–7 លោក​មរមន​បន្ដ​គ្រប់គ្រង​កងទ័ព​របស់​សាសន៍​នីហ្វៃ ទោះបីជា​លោក​ដឹង​ថា ពួកគេ​នឹង​ត្រូវ​បំផ្លាញក្តី ។ លោក​ព្យាករណ៍​អំពី​ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន ។ លោក​ប្រមូល​ពួកសាសន៍​នីហ្វៃ​នៅឯ​កូនភ្នំ​គូមូរ៉ា​ ដើម្បី​ធ្វើ​ចម្បាំង​ប្រឆាំង​នឹង​ពួក​សាសន៍​លេមិន​ជា​លើក​ចុងក្រោយ ។ លោក​មរមន​សរសេរ​ដើម្បី​បញ្ចុះបញ្ចូល​កូនចៅ​របស់​សាសន៍​លេមិន​ឲ្យ​ជឿ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក ។

មរមន 8–9 ក្រោយពី​ការស្លាប់​របស់​លោក​មរមន មរ៉ូណៃ​បន្ដ​ការកត់​ត្រា ។ លោក​ព្យាករណ៍​អំពី​ព្រះគម្ពីរមរមន​ថា​នឹង​លេចចេញ​មក​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​នៅក្នុង​ថ្ងៃមួយ​នៃ​ការឥត​ជំនឿ និង​អំពើទុច្ចរិត ។ លោក​ថ្លែងទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បង្រៀន​ថា អព្ភូតហេតុ និង​ទីសម្គាល់​នានា​អម​មក​ដោយ​សេចក្ដីជំនឿ​ទៅលើ​ទ្រង់ ។ លោក​ដាស់​តឿន​អស់​អ្នកទាំងឡាយ​ណា​ដែល​អាន​ពាក្យ​របស់​លោក​ឲ្យ​មក​រក​ព្រះអម្ចាស់ ហើយ​ត្រូវបាន​សង្គ្រោះ ។