មេរៀនទី 138
មរមន 3–4
សេចក្តីផ្ដើម
ក្រោយពីការដណ្ដើមដែនដីរបស់គេពីពួកសាសន៍លេមិនវិញបាន ពួកសាសន៍នីហ្វៃបានរៀបចំខ្លួនទៅច្បាំងម្ដងទៀត ។ លោកមរមនបានសុំអង្វរឲ្យពួកសាសន៍នីហ្វៃប្រែចិត្ត ។ ផ្ទុយទៅវិញ ពួកគេមានភាពឆ្មើងឆ្មៃចំពោះកម្លាំងខ្លួនឯង ហើយបានស្បថថានឹងសងសឹកចំពោះបងប្អូនរបស់គេដែលបានបរាជ័យនោះ ។ ដោយសារព្រះអម្ចាស់បានហាមឃាត់ប្រជាជនរបស់ទ្រង់កុំឲ្យសងសឹក នោះលោកមរមនបានបដិសេធមិនព្រមដឹកនាំកងទ័ពសាសន៍នីហ្វៃ ហើយពួកគេបានជួបនឹងបរាជ័យ ។ នៅពេលពួកសាសន៍នីហ្វៃរឹងទទឹងនៅក្នុងសេចក្ដីទុច្ចរិត នោះព្រះបានស្រោចការជំនុំជម្រះរបស់ទ្រង់មកលើពួកគេ ហើយពួកសាសន៍លេមិនបានចាប់ផ្ដើមបំផ្លាញពួកគេចេញពីផែនដីនេះ ។
យោបល់សម្រាប់ការបង្រៀន
មរមន 3:1–8
ព្រះអម្ចាស់ជួយពួកសាសន៍នីហ្វៃនៅក្នុងចម្បាំង ដើម្បីផ្ដល់ឱកាសដល់ពួកគេឲ្យប្រែចិត្ត ប៉ុន្ដែពួកគេបែរជាពង្រឹងដួងចិត្តរបស់ខ្លួនទៅវិញ
សូមសរសេរសំណួរខាងក្រោមនៅលើក្ដារខៀនមុនចាប់ផ្ដើមបង្រៀន ៖ តើអ្នកធ្លាប់មានអារម្មណ៍ថា ព្រះអម្ចាស់បានព្យាយាមទាញចំណាប់អារម្មណ៍របស់អ្នក ហើយលើកទឹកចិត្តដល់អ្នកឲ្យផ្លាស់ប្ដូរអ្វីមួយនៅក្នុងជីវិតរបស់យើងដែរឬទេ ?
សូមចាប់ផ្ដើមដោយការសុំឲ្យសិស្សចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរនៅលើក្ដារខៀន ។ ( សូមប្រាកដថា ពួកគេមិនមានអារម្មណ៍ត្រូវតែចែកចាយអ្វីដែលផ្ទាល់ខ្លួន ឬឯកជនពេកនោះទេ ) ។ សូមគិតផងដែរពីការចែកចាយបទពិសោធន៍របស់អ្នកផ្ទាល់ ) ។
សូមពន្យល់ថា ព្រះអម្ចាស់បានចង់ទាញចំណាប់អារម្មណ៍របស់សាសន៍នីហ្វៃ ដើម្បីឲ្យពួកគេនឹងផ្លាស់ប្ដូរផ្លូវដ៏ទុច្ចរិតរបស់ពួកគេ ។ ទោះជាយ៉ាងណាក្ដី ពួកសាសន៍នីហ្វៃបានពង្រឹងចិត្តរបស់ពួកគេ ហើយបានខកខានមិនបានយល់ថា ព្រះអម្ចាស់បានប្រទានពរដល់ពួកគេនៅក្នុងសង្គ្រាមប្រឆាំងនឹងពួកសាសន៍លេមិនឡើយ ។ ក្រោយពីពួកសាសន៍នីហ្វៃបានធ្វើសន្ធិសញ្ញាជាមួយនឹងពួកសាសន៍លេមិន និងពួកចោរកាឌីអានតុនហើយ ( សូមមើល មរមន 2:28 ) ព្រះអម្ចាស់បានការពារពួកគេ ដោយឲ្យពួកគេរស់នៅរយៈពេល 10 ឆ្នាំដោយគ្មានជម្លោះ ។ អំឡុងពេលប៉ុន្មានឆ្នាំនោះ លោកមរមនបានជួយពួកសាសន៍នីហ្វៃឲ្យរៀបចំខ្លួនសម្រាប់ការវាយប្រហារនៅថ្ងៃក្រោយ ( សូមមើល មរមន 3:1 ) ។
សូមឲ្យសិស្សម្នាក់អាន មរមន 3:2–3 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលអ្វីដែលព្រះអម្ចាស់បានមានព្រះទ័យឲ្យពួកសាសន៍នីហ្វៃធ្វើ អំឡុងពេលនៃសន្ដិភាពដែលទ្រង់បានប្រទានដល់ពួកគេ ។
-
តើព្រះអម្ចាស់បានបញ្ជាលោកមរមនឲ្យផ្ដល់សារអ្វីទៅដល់ពួកសាសន៍នីហ្វៃ ? តើពួកសាសន៍នីហ្វៃបានយល់ពីសារនេះដែរឬទេ ? តើពួកសាសន៍នីហ្វៃបានឆ្លើយតបទៅនឹងសារនេះដោយរបៀបណា ?
-
យោងតាម មរមន 3:3 ហេតុអ្វីបានជាព្រះអម្ចាស់ថែរក្សាពួកសាសន៍នីហ្វៃនៅក្នុងសង្គ្រាមថ្មីៗរបស់ពួកគេ ទោះបីជាមានអំពើទុច្ចរិតរបស់គេយ៉ាងណាក្ដី ?
-
តើសេចក្ដីពិតអ្វីដែលអ្នកអាចរកឃើញពីការទាក់ទងរបស់ព្រះអម្ចាស់ជាមួយនឹងពួកសាសន៍នីហ្វៃនៅក្នុង មរមន 3:2–3 ? ( សិស្សអាចឆ្លើយខុសៗគ្នា ។ សូមសង្ខេបចម្លើយរបស់ពួកគេ ដោយការសរសេរសេចក្ដីពិតខាងក្រោមនេះនៅលើក្ដារខៀន ៖ ព្រះអម្ចាស់ប្រទានដល់យើងនូវឱកាសដ៏គ្រប់គ្រាន់ល្មមដើម្បីប្រែចិត្តពីអំពើបាបរបស់យើង ។ អ្នកអាចណែនាំឲ្យ សិស្សអាចសរសេសេចក្ដីពិតនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ) ។
សូមសង្ខេប មរមន 3:4–8 ដោយការពន្យល់ថា ព្រះអម្ចាស់បានការពារពួកសាសន៍នីហ្វៃពីរដងទៀតនៅក្នុងសង្គ្រាម ទោះបីជាពួកគេទុច្ចរិត ហើយគ្មានឆន្ទៈបែរទៅរកទ្រង់វិញក្ដី ។
-
តើការការពាររបស់ព្រះអម្ចាស់លើពួកសាសន៍នីហ្វៃបានបង្រៀនអ្នកអំពីអត្តចរិតរបស់ទ្រង់យ៉ាងដូចម្ដេចខ្លះ ? ( ចម្លើយអាចរួមមាន ព្រះអម្ចាស់មានមេត្តាករុណា និងអត់ធ្មត់ ) ។
សូមបង្ហាញថា ព្រះអម្ចាស់ប្រទានដល់យើងទាំងអស់គ្នានូវ « ឱកាសមួយសម្រាប់ការប្រែចិត្ត » ( មរមន 3:3 ) ។ បន្ទាប់មក សូមឲ្យសិស្ស សញ្ជឹងគិត ក្នុងចិត្តពីសំណួរខាងក្រោម ៖
-
តើអ្នកធ្លាប់មានឆន្ទៈដើម្បីប្រែចិត្ត ហើយធ្វើការផ្លាស់ប្ដូរទៅតាមអ្វីដែលព្រះមានព្រះទ័យចង់ឲ្យអ្នកធ្វើដែរឬទេ ? តើមានការផ្លាស់ប្ដូរអ្វីដែលអ្នកអាចធ្វើនាពេលនេះ ដើម្បីក្លាយជាមនុស្សម្នាក់ដែលព្រះមានព្រះទ័យចង់ឲ្យអ្នកក្លាយទៅជាដែរឬទេ ?
សូមថ្លែងទីបន្ទាល់អំពីសេចក្ដីល្អ និងការអត់ធ្មត់របស់ព្រះ ក្នុងការប្រទានដល់យើងនូវឱកាសដើម្បីប្រែចិត្ត ។ សូមឲ្យសិស្សរកមើលឱកាស និងការអញ្ជើញឲ្យធ្វើការផ្លាស់ប្ដូរនៅក្នុងជីវិតរបស់គេ ហើយសូមលើកទឹកចិត្តពួកគេឲ្យធ្វើការផ្លាស់ប្ដូរតាមការបំផុសគំនិតនោះ ។
មរមន 3:9–22
ពួកសាសន៍នីហ្វៃកើនឡើងនៅក្នុងសេចក្ដីទុច្ចរិត ហើយលោកមរមនបដិសេធមិនព្រមដឹកនាំកងទ័ពរបស់ពួកគេ
សូមពន្យល់ថា ពួកសាសន៍នីហ្វៃមិនបានឆ្លើយតបទៅនឹងការអញ្ជើញរបស់ព្រះអម្ចាស់ឲ្យប្រែចិត្តឡើយ ប៉ុន្ដែគេបែរជាពង្រឹងដួងចិត្តរបស់ពួកគេទៅវិញ ។ សូមឲ្យសិស្សម្នាក់អាន មរមន 3:9–10 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលរបៀបដែលពួកសាសន៍នីហ្វៃធ្វើសកម្មភាពឆ្លើយតបទៅនឹងជ័យជំនះដ៏ច្រើនរបស់គេលើពួកសាសន៍លេមិន ។ ( អ្នកអាចប្រាប់សិស្សថាពាក្យ សងសឹក នៅក្នុង ខគម្ពីរទី 9 មានន័យថាចង់ព្យាយាមចង់សងសឹក ) ។
-
តើពួកសាសន៍នីហ្វៃបានឆ្លើយតបយ៉ាងណា បន្ទាប់ពីជ័យជំនះរបស់ពួកគេលើពួកសាសន៍លេមិន ?
-
ហេតុអ្វីបានជាវាខុសឆ្គងដែលពួកសាសន៍នីហ្វៃមានការលើកខ្លួនឡើងចំពោះកម្លាំងខ្លួនឯង ? តើមានការមានការលើកខ្លួនឡើងនេះបង្ហាញអំពីទំនាក់ទំនងរបស់ពួកគេដូចម្ដេចជាមួយនឹងព្រះ ?
សូមឲ្យសិស្សម្នាក់អាន មរមន 3:11–13 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលចម្លើយរបស់មរមន នៅពេលពួកសាសន៍នីហ្វៃបានស្បថថានឹងសងសឹក ។
-
តើមរមនបានធ្វើអ្វី នៅពេលពួកសាសន៍នីហ្វៃបង្ហាញពីបំណងដើម្បីសងសឹកនឹងពួកសាសន៍លេមិន ?
-
តើអ្នកធ្លាប់ចង់ព្យាយាមសងសឹកនឹងនរណាម្នាក់ដែរឬទេ ? តើអ្នកគិតថា ហេតុអ្វីបានជាការចង់ព្យាយាមសងសឹកគឺជាប្រតិកម្មពីធម្មជាតិមួយសម្រាប់មនុស្សជាច្រើន ?
-
មរមនបានដឹកនាំកងទ័ពពួកសាសន៍នីហ្វៃអស់រយៈពេលជាង 30 ឆ្នាំ ទោះបីជាពួកគេទុច្ចរិតក្ដី ។ តើការបដិសេធរបស់មរមនមិនព្រមដឹកនាំកងទ័ព បង្រៀនអ្វីខ្លះអំពីភាពធ្ងន់ធ្ងរក្នុងការសងសឹក ?
សូមឲ្យសិស្សម្នាក់អាន មរមន 3:14–16 ហើយសូមលើកទឹកចិត្តសិស្សឲ្យរកមើលអ្វីដែលព្រះអម្ចាស់បានបង្រៀនដល់មរមនអំពីការសងសឹក ។
-
តើព្រះអម្ចាស់មានព្រះទ័យយ៉ាងណាចំពោះការចង់ព្យាយាមសងសឹក ? ( ចម្លើយរបស់សិស្សអាចខុសៗគ្នា ។ សូមសង្ខេបចម្លើយរបស់ពួកគេ ដោយការសរសេរសេចក្ដីពិតខាងក្រោមនេះនៅលើក្ដារខៀន ៖ ព្រះអម្ចាស់ហាមមិនឲ្យយើងព្យាយាមសងសឹកឡើយ ) ។
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់ពីការណែនាំរបស់ព្រះអម្ចាស់នៅក្នុង ខគម្ពីរទី 14–16 សូមឲ្យសិស្សនិយាយម្ដងទៀតនូវផ្នែកទីមួយនៃ មរមន 3:15 ( « ការសងសឹកគឺជារបស់យើង ហើយយើងនឹងសង » ) ជាសម្ដីខ្លួនឯង ។
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីមិនសងសឹកគេ ? តើយើងអាចយកឈ្នះលើបំណងចង់សងសឹកដោយរបៀបណា ?
ដើម្បីជួយសិស្សឲ្យរៀនពីរបៀបយកឈ្នះលើអារម្មណ៍សងសឹក សូមឲ្យសិស្សម្នាក់អានឮៗនូវការណែនាំខាងក្រោមពីប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃគណៈប្រធានទីមួយ ។ ប្រសិនបើអាច សូមផ្ដល់ច្បាប់ចម្លងនៃប្រសាសន៍ដកស្រង់នេះដល់សិស្សម្នាក់ៗ ។
« យើងត្រូវស្គាល់ ហើយទទួលយកនូវអារម្មណ៍ខឹងសម្បារនេះ ។ វាត្រូវការការបន្ទាបខ្លួនដើម្បីធ្វើបែបនេះបាន ប៉ុន្ដែប្រសិនបើយើងលុតជង្គង់ចុះ ហើយសុំព្រះវរបិតាដើម្បីមានអារម្មណ៍នៃការអភ័យទោស នោះទ្រង់នឹងជួយយើង ។ ព្រះអម្ចាស់សុំឲ្យយើង ‹ អត់ទោសដល់មនុស្សទាំងអស់ › [គ. និង ស. 64:10] ដើម្បីការល្អរបស់យើងផ្ទាល់ ដោយសារ ‹ ការស្អប់បង្អាក់ការរីកចម្រើនខាងវិញ្ញាណ › ។ [ Orson F. Whitney, Gospel Themes ( ឆ្នាំ 1914 ), ទំព័រ 144 ។ ] មានតែនៅពេលយើងបញ្ចៀសខ្លួនយើងចេញពីការស្អប់ និងភាពជូរចត់ទេ ទើបព្រះអម្ចាស់អាចផ្ដល់នូវការលួងលោមដល់ដួងចិត្តរបស់យើងបាន ។ …
« … នៅពេលសោកនាដកម្មកើតឡើង យើងមិនគួរឆ្លើយតបដោយការព្យាយាមសងសឹកផ្ទាល់ខ្លួននោះទេ ប៉ុន្ដែយើងត្រូវអនុញ្ញាតឲ្យសេចក្ដីយុត្តិធម៌ដើរតាមផ្លូវរបស់វា ហើយបន្ទាប់មកបណ្ដោយឲ្យវាកន្លងទៅចុះ ។ វាមិនងាយស្រួលទេដើម្បីបណ្ដោយឲ្យវាទៅ ហើយធ្វើឲ្យដួងចិត្តយើងទទេស្អាតពីការឈឺចាប់ ។ ព្រះអង្គសង្គ្រោះបានប្រទានដល់យើងទាំងអស់គ្នានូវសេចក្តីសុខសាន្តដ៏មានតម្លៃមួយតាមរយៈដង្វាយធួនរបស់ទ្រង់ ប៉ុន្ដែការណ៍នេះអាចកើតឡើងតែនៅពេលយើងមានឆន្ទៈបោះបង់ចោលនូវអារម្មណ៍អវិជ្ជមាន គឺកំហឹង ការស្អប់ ឬការសងសឹកប៉ុណ្ណោះ » ( « The Healing Power of Forgiveness » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2007, ទំព័រ 69 ) ។
សូមឲ្យសិស្សម្នាក់អាន មរមន 3:17, 20–22 ឮៗ ហើយសូមឲ្យសិស្សក្នុងថ្នាក់រកមើលអ្វីដែលលោកមរមនបានចង់ឲ្យយើងដឹង ។ អ្នកអាចសុំឲ្យសិស្សគូសចំណាំការណែនាំរបស់លោកមរមនក្នុង « ការប្រែចិត្ត និងរៀបចំខ្លួនដើម្បីឈរនៅចំពោះការជំនុំជម្រះរបស់ព្រះគ្រីស្ទ » ( មរមន 3:22 ) ។
មរមន 4
ពួកសាសន៍លេមិនចាប់ផ្ដើមកំចាយពួកសាសន៍នីហ្វៃចេញពីផែនដី
សូមឲ្យសិស្សលើកដៃ ប្រសិនបើពួកគេស្គាល់នរណាម្នាក់ដែលបានធ្វើអ្វីមួយខុស ប៉ុន្ដែមិនត្រូវបានគេចាប់បាន ឬជួបនឹងលទ្ធផលនៃការធ្វើខុសនោះ ។ សូមឲ្យសិស្សសញ្ជឹងគិតពីសំណួរខាងក្រោមនេះ ៖
-
តើអ្នកធ្លាប់ឆ្ងល់ទេថា តើនៅពេលណាដែលលទ្ធផលនៃជម្រើសខុសនឹងតាមទាន់នរណាម្នាក់ដែលជ្រើសរើសធ្វើខុសដោយចេតនា ?
សូមឲ្យសិស្សអាន មរមន 4:1–2 ដោយស្ងាត់ៗដោយរកមើលអ្វីដែលបានកើតឡើងដល់កងទ័ពសាសន៍នីហ្វៃ នៅពេលពួកគេបានចង់សងសឹកនឹងពួកសាសន៍លេមិន ។ បន្ទាប់មក សូមឲ្យសិស្សអាន មរមន 4:4 ដោយស្ងាត់ៗដោយរកមើលមូលហេតុដែលកងទ័ពសាសន៍នីហ្វៃមិនបានជោគជ័យ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
សូមឲ្យសិស្សម្នាក់អាន មរមន 4:5 ឮ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលសេចក្ដីពិតដែលខគម្ពីរនេះបង្រៀនអំពីលទ្ធផលនៃការរឹងទទឹងនៅក្នុងអំពើទុច្ចរិត ។ នៅពេលសិស្សចែកចាយអ្វីដែលពួកគេបានរកឃើញ សូមសរសេរនៅលើក្ដារខៀននូវសេចក្ដីពិតខាងក្រោមពី មរមន 4:5 ៖ « សេចក្ដីជំនុំជម្រះនៃព្រះនឹងយកឈ្នះលើពួកទុច្ចរិត » ។ អ្នកអាចណែនាំថា សិស្សអាចគូសចំណាំសេចក្ដីពិតនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ។
សូមឲ្យសិស្សអាន មរមន 4:10–12 ដោយស្ងាត់ៗដោយរកមើលការពិពណ៌នានៃអំពើទុច្ចរិតរបស់ពួកសាសន៍នីហ្វៃ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
សូមឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗពី មរមន 4:13–14, 18, 21– 22 ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ហើយរកមើលរបៀបដែលការជំនុំជម្រះនៃព្រះដែលបានស្រោចមកលើពួកសាសន៍នីហ្វៃ ។
-
សម្រាប់អ្នក តើអ្វីជាផ្នែកដ៏ក្រៀមក្រំបំផុតនៃដំណើររឿងនេះ ?
សូមឲ្យសិស្សមើលទៅគោលការណ៍ដែលអ្នកបានសរសេរនៅលើក្ដារខៀន ។ សូមឲ្យពួកគេសញ្ជឹងគិតពីរបៀបដែលពួកគេអាចអនុវត្តសេចក្ដីពិតទាំងនេះនៅក្នុងជីវិតរបស់ពួកគេ ។ សូមលើកទឹកចិត្តពួកគេឲ្យធ្វើតាមការបំផុសពីព្រះវិញ្ញាណបរិសុទ្ធ ដែលពួកគេទទួលបាន នៅពេលពួកគេសញ្ជឹងគិត ។
សូមថ្លែងទីបន្ទាល់ពីសេចក្ដីល្អ និងសេចក្ដីស្រឡាញ់នៃព្រះអម្ចាស់ក្នុងការប្រទានដល់យើងនូវឱកាសដ៏គ្រប់គ្រាន់ល្មមដើម្បីប្រែចិត្ត ។ សូមថ្លែងទីបន្ទាល់ផងដែរថា លទ្ធផលនឹងតែងតែមកដល់អ្នកណាដែលរឹងទទឹងមិនព្រមប្រែចិត្ត ។