បណ្ណាល័យ
មេរៀនទី 130 ៖ នីហ្វៃទី 3 21–22


មេរៀនទី 130

នីហ្វៃទី 3 21–22

សេចក្តីផ្ដើម

នៅពេល​ព្រះយេស៊ូវគ្រីស្ទ​បាន​បន្ដ​បង្រៀន​ដល់​ពួកសាសន៍​នីហ្វៃ ទ្រង់​បាន​ពន្យល់​ថា ការលេចចេញ​មក​នៃ​ព្រះគម្ពីរមរមន​នៅក្នុង​ថ្ងៃចុងក្រោយ​នឹង​ក្លាយជា​ទីសម្គាល់​មួយ​ដែល​ទ្រង់​បាន​ចាប់ផ្ដើម​ប្រមូល​សាសន៍​អ៊ីស្រាអែល ហើយ​បំពេញ​តាម​សេចក្ដីសញ្ញា​ជាមួយ​នឹង​ប្រជាជន​របស់​ទ្រង់ ។ ដោយ​ការបញ្ជាក់​ពី​សេចក្ដីស្រឡាញ់​ដ៏​ធំធេង​របស់​ទ្រង់​សម្រាប់​រាស្ត្រនៃសេចក្តីសញ្ញា​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​បាន​ដក​ស្រង់​ការ​ព្យាករណ៍​របស់​អេសាយ​អំពី​ការស្តារឡើងវិញ​នៃ​រាស្ត្រនៃ​សេចក្តី​សញ្ញា ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី 3 21:1–11

ព្រះយេស៊ូវគ្រីស្ទ​បង្រៀន​ថា ការលេចចេញ​មក​នៃ​ព្រះគម្ពីរ​មរមន​នៅក្នុង​ថ្ងៃចុងក្រោយ​នឹង​ក្លាយជា​ទីសម្គាល់​មួយ​ដែល​ទ្រង់​បាន​ចាប់ផ្ដើម​ប្រមូល​សាសន៍​អ៊ីស្រាអែល​

មុនចាប់ផ្ដើម​ថ្នាក់ សូម​គូស​សញ្ញា​ខាងក្រោម​នៅលើ​ក្ដារខៀន ( ឬ ប្រើ​សញ្ញា​ផ្សេង​​ទៀត​ដែលប្រើ​ទូទៅ​ក្នុង​តំបន់​ដែល​អ្នក​រស់នៅ ) ។

សញ្ញា​មនុស្ស​អង្គុយ​ក្នុង​រទេះពិការ
សញ្ញា​ឆ្លង​ផ្លូវ
សញ្ញា​ច្រកចេញ
សញ្ញា​ផ្លូវ​ពីរ

សូម​ឲ្យ​សិស្ស​រកមើល​អត្ថន័យ​នៃ​សញ្ញា​នីមួយៗ ។ បន្ទាប់មក សួរ​ពួកគេ​នូវ​សំណួរ​ដូច​ខាង​ក្រោម​នេះ ៖

  • តើ​សញ្ញា​ទាំងឡាយនេះ​ប្រើ​ដើម្បី​អ្វី ? ( ដើម្បី​រៀបចំ ព្រមាន និង​ណែនាំ​យើង ) ។

  • ហេតុអ្វី​បានជា​វា​សំខាន់​ដែល​សញ្ញា​មួយ​ត្រូវបាន​ដាក់បង្ហាញ​ដោយ​ត្រឹមត្រូវ ហើយ​​ថា អត្ថន័យ​របស់​ ​សញ្ញា​នោះ​ងាយ​​យល់ ?

សូម​រំឭក​សិស្ស​ថា ជារឿយៗព្រះគម្ពីរ​បាន​លើក​ឡើង​ពី​សញ្ញា​ដែល​រៀបចំ ព្រមាន និង​ណែនាំ​យើង​ទាក់ទង​នឹង​ការបំពេញ​តាម​ផែនការ​របស់​ព្រះ​វរបិតាសួគ៌ ។ សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 21:1– 2, 7 ដោយ​រកមើល​ពាក្យ ទីសម្គាល់ ។ អ្នក​អាច​ស្នើ​ថា ពួកគេ​គួរ​គូស​ចំណាំ​ពាក្យ​នេះ​ពេលណា​ដែល​វា​លេច​ឡើង​នៅក្នុង​ខគម្ពីរ​ទាំងនោះ ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​អាន​ ខគម្ពីរ​ទី 1 ដោយស្ងៀម​ស្ងាត់ និង​ដោយ​យកចិត្តទុកដាក់ ។

  • តើ​ហេតុអ្វីបានជា​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​ប្រទាន​នូវ​ទីសម្គាល់​ជាក់លាក់​នេះ ? ( ដើម្បីប្រជាជន​បាន​​ដឹង​ថា ទ្រង់​កំពុង​ប្រមូល​វង្ស​អ៊ីស្រាអែល ) ។​

​សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 21:1–7 ដោយ​ស្ងាត់ៗ ហើយ​សូម​ឲ្យ​ពួកគេ​កត់​ចំណាំ​ឃ្លា « ការណ៍​ទាំងនេះ» និង « កិច្ចការ​ទាំងនេះ » ហើយ​គិត​ពី​អ្វី​ដែល​ឃ្លា​ទាំងនេះ​សំដៅ​លើ ។

  • ដោយ​មាន​បន្ទូល​ទៅ​ពួកសាសន៍​នីហ្វៃ ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​អំពី « ការណ៍​ទាំងនេះ​ដែលយើង​បាន​ប្រកាស​ដល់​អ្នករាល់​គ្នា » ( នីហ្វៃទី 3 21:2 ) ។ តើ​ព្រះបន្ទូល​របស់​ទ្រង់​ដល់​ពួកសាសន៍​នីហ្វៃ​ត្រូវបាន​កត់ត្រា​នៅ​ទីណា ? ( នៅក្នុង​ព្រះ​គម្ពីរ​​​មរមន ) ។

  • យោងតាម​ខគម្ពីរ​ទាំងនេះ តើ​អ្វីទៅ​ជា​ទីសម្គាល់​មួយ​ដែល​ព្រះ​កំពុង​បំពេញ​សេចក្ដីសញ្ញា​របស់​ទ្រង់​នៅក្នុង​ថ្ងៃចុងក្រោយ ? ( សូម​ជួយ​សិស្ស​ឲ្យ​រកមើល​សេចក្ដីពិត​ខាងក្រោម [ សូម​សរសេរ​វា​នៅលើ​ក្ដារខៀន ] ៖​ ការលេចចេញ​មក​នៃ​ព្រះគម្ពីរមរមន​គឺជា​ទីសម្គាល់​មួយ​ដែល​ព្រះ​កំពុង​បំពេញ​សេចក្ដីសញ្ញា​របស់​ទ្រង់​ដើម្បី​ប្រមូល​ពួក​សាសន៍​អ៊ីស្រាអែល​នៅក្នុង​ថ្ងៃចុងក្រោយ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រ័សុល អិម ណិលសុន នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់ ៖ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​របៀប​ដែល​ព្រះគម្ពីរមរមន ជួយ​ប្រជាជន​ឲ្យ​ប្រមូល​ផ្ដុំ​គ្នា​ទៅរក​កិច្ចការ​របស់​ព្រះអម្ចាស់ ។

អែលឌើរ រ័សុល អិម ណិលសុន

« ព្រះគម្ពីរមរមន​គឺជា​ស្នូល​ចំពោះ​កិច្ចការ​នេះ ។ វា​ប្រកាស​ពី​គោលលទ្ធិ​នៃ​ការប្រមូល​ផ្ដុំ ។ វា​បណ្ដាល​ឲ្យ​ប្រជាជន​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ជឿលើ​ដំណឹងល្អ​របស់​ទ្រង់ និង​ចូលរួម​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ តាមពិត ប្រសិនបើ​គ្មាន​ព្រះគម្ពីរមរមន​ទេ ការប្រមូល​ផ្ដុំ​សាសន៍​អ៊ីស្រាអែល​ដែល​បាន​សន្យា​នឹង​មិន​កើតឡើង​ទេ » ( « The Gathering of Scattered Israel » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2006 ទំព័រ 80 ) ។

  • តើ​នៅពេល​ណា​ដែល​ព្រះគម្ពីរមរមន​បាន​ជួយ​អ្នក​តាម​របៀប​ទាំងនេះ ? តើ​នៅពេល​ណា​ដែល​អ្នក​បាន​ឃើញ​ព្រះគម្ពីរមរមន​ជួយ​ដល់​អ្នកដទៃ​តាម​របៀប​ទាំងនេះ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 321:9 ឮៗ ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​កត់ចំណាំ​ឃ្លា « កិច្ចការ​ដ៏​ធំ ហើយ​អស្ចារ្យ » ។ សូមបង្ហាញ​ថា ឃ្លា​នេះ​សំដៅលើ​ការស្តារឡើងវិញ​នៃ​ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដែល​រួមមាន​ការលេចចេញ​មក​នៃ​ព្រះគម្ពីរមរមន ។

  • តើ​អ្វី​ជា​ការណ៍​ដ៏ធំ ហើយ​អស្ចារ្យ​អំពី​ការស្តារឡើងវិញ​នៃ​ដំណឹងល្អនៃ​ព្រះយេស៊ូវគ្រីស្ទ ?

បងប្រុស យ៉ូសែប

សូម​បង្ហាញ​ថា នីហ្វៃទី 3 21:9 សំដៅ​លើ « បុរស​ម្នាក់ » ។ សូម​ឲ្យ​សិស្ស​គិត​ថា​តើ​បុរស​នេះ​អាច​ជា​នរណា ។ បន្ទាប់មក សូម​បង្ហាញ​រូបភាព​នៃ យ៉ូសែប ស៊្មីធ ( ប្រហែល​រូបភាព​បងប្រុស​យ៉ូសែប ឬ​រូបភាព​ការនិមិត្ត​លើក​ដំបូង [ Gospel Art Book ( ឆ្នាំ 2009 ) លេខ 87 ឬ​លេខ 90 ] ) ។ សូម​ប្រាប់​សិស្ស​ថា អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុមនៃ​ពួក​សាវក​ដប់ពីរនាក់​បាន​រកឃើញ​ថា​បុរស​នោះ​ជា យ៉ូសែប ស៊្មីធ ( សូមមើល Christ and the New Covenant ៖ The Messianic Message of the Book of Mormon[ ឆ្នាំ 1997 ] ទំព័រ 287–88 ) ។ សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 21:10–11 ដោយ​ស្ងាត់ស្ងៀម​ដោយ​សញ្ជឹងគិត​ពី​របៀប​ដែល​ព្យាការី យ៉ូសែប ស៊្មីធ សម​នឹង​ការពិពណ៌នា​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។

  • តើ​ព្រះ​បានបង្ហាញ​តាមរយៈ យ៉ូសែប ស៊្មីធ ថា « ចំណេះដឹង​គឺ​អស្ចារ្យ​ជាង​កលល្បិច​របស់​អារក្ស » ដោយ​របៀបណា ?

  • យោងតាម នីហ្វៃទី 3 21:11 តើ​នឹង​មាន​អ្វី​កើតឡើង​ដល់​អស់អ្នក​ទាំងឡាយ​ណា​ដែល​មិន​ជឿ​លើ​ព្រះបន្ទូល​របស់​ព្រះ​គ្រីស្ទ​ដែល​បាន​នាំ​ចេញ​មក​តាមរយៈ យ៉ូសែប ស៊្មីធ នោះ ? ( ពួកគេ​នឹង​ត្រូវ « កាត់ចេញ » ពី​ពរជ័យ​ដែល​នាំ​មក​តាមរយៈ​សេចក្ដីសញ្ញា ) ។

នីហ្វៃទី 3 21:12–22:17

ព្រះអង្គសង្គ្រោះ​មាន​បន្ទូល​អំពី​សេចក្តីបំផ្លិចបំផ្លាញ​នៃ​ពួក​អ្នក​មិន​ប្រែចិត្ត និង​ការស្តារឡើងវិញ​នូវ​រាស្ដ្រ​របស់​ទ្រង់​ដែល​នឹង​ប្រែចិត្ត ហើយ​ត្រឡប់​មក​ទ្រង់

សូម​សង្ខេប នីហ្វៃទី 3 21:12–21 ដោយ​ពន្យល់​ថា ព្រះអង្គសង្គ្រោះ​បាន​ប្រទាន​នូវ​ការព្រមាន​​មួយ​ដល់​អ្នកទាំងឡាយ​នៅក្នុង​ថ្ងៃចុងក្រោយ​ដែល​មិន​ជឿ​លើ​ទ្រង់ និង​មិន​ព្រម​ប្រែចិត្ត ។ ទ្រង់​បាន​មាន​បន្ទូល​ថា សម្ភារជា​កម្មសិទ្ធិ​របស់​ពួកគេ ទីក្រុង​ទាំងឡាយ កន្លែង​ដ៏​រឹងមាំ​ទាំងឡាយ និង​ការអនុវត្ត​តាម​ការអាក្រក់​នឹង​ត្រូវ​បំផ្លាញ ។ ទ្រង់​ក៏​បានមាន​បន្ទូល​ថា ពួកគេ​នឹង​ត្រូវ​កាត់ចេញ​ពី​រាស្ត្រនៃ​សេចក្តី​សញ្ញា​របស់​ទ្រង់ ។

សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 21:22, 25–28 ដោយ​ស្ងាត់ៗ​ដោយ​រកមើល​ពរជ័យ និង​ការទទួល​ខុសត្រូវ​ទាំងឡាយ​ដែល​នឹង​មក​ដល់​អ្នកទាំងឡាយ​នៅក្នុង​ថ្ងៃចុងក្រោយ​ដែល​នឹង​ប្រែចិត្ត ហើយ​ស្ដាប់​តាម​សំឡេង​របស់​ព្រះអង្គសង្គ្រោះ ។

សូម​សួរ​សិស្ស​ពី​របៀប​ដែល​ពួកគេ​អាច​សង្ខេប​ការបង្រៀន​ទាំងឡាយ​នៅក្នុង នីហ្វៃទី 3 21:12–22, 25–28 ។ សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យសរសេរ​ចម្លើយ​របស់ពួកគេ​នៅលើក្តារ​ខៀន ។ បន្ទាប់មក សង្ខេប​ចម្លើយ​ទាំងអស់​នៅលើ​ក្ដារខៀន​ដោយ​ការបង្ហាញ​ថា នៅពេល​យើង​ប្រែចិត្ត និង​ស្ដាប់​តាម​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ នោះ​យើង​នឹង​រួបរួមគ្នា​ជា​ផ្នែក​នៃ​រាស្ត្រនៃ​សេចក្តីសញ្ញា​របស់​ទ្រង់ ។ ( អ្នក​អាច​សរសេរ​សេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន ) ។

សូម​គូស​រូប​តង់​មួយ​នៅលើ​ក្ដារខៀន ឬ​នៅលើ​ក្រដាស​មួយ ( អ្នក​អាច​ធ្វើការណ៍​នេះ​មុនចាប់ផ្ដើម​ថ្នាក់ ) ។ សូម​ពន្យល់​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​ដកស្រង់​ការព្យាករណ៍​​មួយ​ថា ទ្រង់​បាន​បំផុស​ដល់​ព្យាការី អេសាយ ឲ្យ​សរសេរ​តាំងពី​រាប់​សតវត្សរ៍​មុន ។ នៅក្នុង​ការព្យាករ​ណ៍​​នេះ អេសាយ​បាន​បង្រៀន​សាសនាចក្រ ជាមួយ​នឹង​សេចក្ដីសញ្ញា និង​ពរជ័យ​ទាំងឡាយ​ទៅនឹង​ត្រសាល​មួយ ។

ត្រសាល
  • តើ​មាន​អត្ថប្រយោជន៍​អ្វីខ្លះ​ក្នុង​ការនៅក្រោម​ត្រសាល​មួយ ? ( ចម្លើយ​អាច​រួមមាន ត្រសាល​មួយ​ផ្ដល់​នូវ​ការការពារ​ពី​ព្យុះ និង​បាំង​​ព្រះអាទិត្យ ) ។

  • តើ​សាសនាចក្រ​ប្រៀបដូចជា​ត្រសាល​មួយ​ដោយ​របៀប​ណា ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 22:2 ឮៗ ។

  • ហេតុអ្វី​បានជា « ត្រសាល » នេះ​អាច​ត្រូវ​ពង្រីក និង​ពង្រឹង​នៅក្នុង​ថ្ងៃចុងក្រោយ ? ( ដោយសារ​មនុស្ស​ជាច្រើន​នឹង​ចូលរួម​នៅក្នុង​សាសនាចក្រ ឬ​ត្រឡប់​មក​រក​សេចក្ដីសញ្ញា​របស់​ពួកគេ​ជាមួយ​នឹង​ព្រះ​អម្ចាស់ ) ។​ តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​ពង្រីក​ត្រសាលនេះ និងពង្រឹង​ដល់​ចំរឹង​ទាំងឡាយ ? ( សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​តាម​ចម្លើយ​របស់​ពួកគេ​ទៅនឹង​សំណួរ​នេះ ) ។

សូម​ពន្យល់​ថា នៅក្នុង​ការព្យាករ​ណ៍​ដដែល​នេះ អេសាយ​បាន​ប្រើ​ការប្រៀបធៀប​ផ្សេង​ទៀត ។ លោក​បាន​សំដៅ​លើ​វង្សអ៊ីស្រាអែល​ជា​ភរិយា​មួយ ដែល​មាន​ស្វាមី​ជា​ព្រះអម្ចាស់ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 22:4–5 ឮៗ ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ពាក្យ​នៃ​ការលួងលោម​សម្រាប់​ភរិយា​នោះ ។

  • តើ​ពាក្យ​នៃ​ការលួងលោម​អ្វីខ្លះ​ដែល​អ្នក​ឃើញ​នៅក្នុង នីហ្វៃទី 3 22:4  ? ( ចម្លើយ​អាច​រួមមាន « អ្នក​នឹង​មិន​ដែល​ត្រូវ​ខ្មាស់​ឡើយ » និង « អ្នក​នឹង​មិន​នឹក​ចាំ​ពី​សេចក្ដី​ដែល​គេ​ត្មិះដៀល​ពី​កាល​នៅ​វ័យ​ក្មេង » ) ។ ហេតុអ្វីបានជា​វា​ជា​ការលួងលោម​ដែល​ដឹង​ថា« ស្វាមី» គឹជា « ព្រះដ៍ប្រោសលោះ ជា​អង្គ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល » ? ( នីហ្វៃទី 3 22:5 ) ។

  • តើ​ខគម្ពីរ​ទាំងនេះ​ស្រដៀង​គ្នា​ទៅនឹង​ចម្លើយ​របស់​ព្រះអង្គសង្គ្រោះ​ចំពោះ​យើង​នៅពេល​យើង​មាន​បាប​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​អាន នីហ្វៃ​ទី 3 22:7–10 ដោយ​ស្ងាត់ស្ងៀម​ដោយ​រកមើល​សេចក្ដីសន្យា​ដែល​ព្រះអង្គសង្គ្រោះ​​ធ្វើ​ជាមួយ​នឹង​រាស្ត្រនៃសេចក្តីសញ្ញា​របស់​ទ្រង់​ដែល​ត្រឡប់​មក​កាន់​ទ្រង់​វិញ ។

  • តើ​ព្រះអង្គសង្គ្រោះ​បាន​សន្យា​អ្វីខ្លះ ដល់​អស់​អ្នក​ទាំងឡាយ​ណា​ដែល​ត្រឡប់​មក​កាន់​ទ្រង់​វិញ ?

  • តើ​សេចក្ដីពិត​ណាខ្លះ​ដែល​យើង​រៀន​អំពី​ព្រះអម្ចាស់​នៅក្នុង​ខគម្ពីរ​ទាំងនេះ ? ( សិស្ស​អាច​ចែកចាយ​ចម្លើយ​ខុសគ្នា​ខ្លះៗចំពោះ​សំណួរ​នេះ ។ សូម​ប្រាកដ​ថា ពួកគេ​រកឃើញ​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ព្រះអម្ចាស់​បង្ហាញ​នូវ​សេចក្ដីល្អ និង​សេចក្ដីមេត្តាករុណា​ដ៏​និរន្ដរ៍​ដល់​ប្រជាជន​ដែល​ត្រឡប់​មករក​ទ្រង់​វិញ ។ អ្នក​អាច​សរសេរ​សេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន ។ អ្នក​ក៏​អាច​គិត​ពី​ការសុំ​ឲ្យ​សិស្ស​សរសេរ​វា​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ នីហ្វៃទី 3 22:7– 10 ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី នីហ្វៃទី 3 22:4–10 សូម​គិត​ពី​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់ ៖

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« ទោះបីជា​មាន​ភាពសោះ​កក្រោះ និង​ពេល​ខ្លះ មិន​ស្មោះត្រង់ ប៉ុន្ដែ​ស្វាមី ( ព្រះគ្រីស្ទ ) នឹង​នៅតែ​ទទួល​យក និង​ប្រោសលោះ​ដល់​កូនក្រមុំ​របស់​ទ្រង់ ( អ៊ីស្រាអែល ) ។ រូបភាព​នៃ​ព្រះយេហូវ៉ា​ជា​កូនកំលោះ ហើយ​សាសន៍​អ៊ីស្រាអែល​ជា​កូនក្រមុំ​គឺ​នៅក្នុង​ចំណោម​ការប្រៀបធៀប​ដែល​ត្រូវ​បាន​គេ​ប្រើ​ទូទៅ​បំផុត​នៅក្នុង​ព្រះគម្ពីរ ដោយ​ការប្រើ​ដោយ​ព្រះអម្ចាស់ និង​ព្យាការី​របស់​ទ្រង់​ដើម្បី​រៀបរាប់​ពី​ទំនាក់ទំនង​រវាង​ទេវតា និង​កូនចៅ​នៃ​សេចក្ដីសញ្ញា ។

« … ក្នុង​ឱកាស​នេះ ព្រះគ្រីស្ទ​បាន​ខឹង​យ៉ាងខ្លាំង​នឹង​ពួកសាសន៍​អ៊ីស្រាអែល​ដែល​បាន​ត្រឡប់​ក្រោយ ប៉ុន្ដែ​នោះ​តែងតែ​ជា​ការណ៍​ខ្លី និង​បណ្ដោះអាសន្ន—‘ មួយ​រយៈ​តូច ’ ។ សេចក្ដីមេត្តា និង​ករុណា​តែងតែ​ត្រឡប់ និង​យកឈ្នះ​លើ​ផ្លូវ​ដ៏​មាន​ការធានា​ដ៏​ខ្លាំង​បំផុត​ជានិច្ច ។ ភ្នំ និង​ទីទួល​ទាំងឡាយ​អាច​លិច​បាត់ ។ ទឹក​សមុទ្រ​ដ៏ធំធេង​អាច​រីងស្ងួត ។ រឿង​ដែល​កម្រ​នៅក្នុង​ពិភពលោក​នេះ​អាច​កើតឡើង ប៉ុន្ដែ​សណ្ដានចិត្ត​ល្អ និង​សេចក្ដីសុខសាន្ដ​របស់​ព្រះអម្ចាស់​នឹង​មិន​ដែល​ត្រូវបាន​យក​ចេញពី​រាស្ត្រនៃសេចក្តីសញ្ញា​របស់​ទ្រង់​ឡើយ ។ ទ្រង់​បាន​ស្បថ​នឹង​សម្បថ​ស្ថានសួគ៌​ថា ទ្រង់​នឹងមិន​​ខឹង​ពួកគេ​ជារៀងរហូត​ឡើយ » ( Christ and the New Covenant, 290 ) ។

  • តើ​មាន​ភស្ដុតាង​អ្វី​ខ្លះ​នៃ​សេចក្ដីមេត្តាករុណា និង​សណ្ដានចិត្ត​របស់​ព្រះអង្គសង្គ្រោះ​ដែល​អ្នក​បាន​ឃើញ​នៅក្នុង​ជីវិត​របស់​អ្នក ? ( សូម​ប្រាកដា​ថា សិស្ស​យល់​ថា ពួកគេ​មិន​ចាំបាច់​ត្រូវ​ចែកចាយ​អ្វី​ដែល​ផ្ទាល់ខ្លួន​ពេក​នោះទេ ) ។

  • តើ​ការស្គាល់​ពី​សេចក្ដីមេត្តាករុណា និង​ព្រះទ័យ​ល្អ​របស់​ព្រះអង្គសង្គ្រោះ​អាច​ជះឥទ្ធិពល​ដល់​សេចក្តីស្មោះត្រង់របស់យើង​ចំពោះ​សេចក្តីសញ្ញា​ដោយ​របៀបណា ?

សូម​ពន្យល់​ថា ព្រះអង្គសង្គ្រោះ​បាន​បន្ដ​បង្រៀន​ដល់​ពួកសាសន៍​នីហ្វៃ​អំពី​ពរជ័យ​ដែល​រង់ចាំ​ពួកសុចរិត ។ សូម​ឲ្យ​សិស្ស​ស្រាវជ្រាវ​ក្នុង នីហ្វៃទី 3 22:13–17 ដោយ​ស្ងាត់ស្ងៀម​ដោយ​រកមើល​ពរជ័យ​ដែល​បាន​សន្យា​មួយ​ដែល​មាន​អត្ថន័យ​ជាពិសេស​ដល់​ពួកគេ ។ សូម​បង្ហាញ​ថា នៅពេល​យើង​អាន​អំពី​ពរជ័យ​ដែល​បាន​សន្យា​ទាំងនេះ យើង​ឃើញថា ប្រជាជន​របស់​ព្រះអម្ចាស់​នឹង​ត្រូវ​បាន​ស្ថាបនា​នៅក្នុង​សេចក្ដីសុចរិត ហើយ​ព្រម​ទាំង​នឹង​អាច​យក​ឈ្នះ​លើ​សេចក្ដីទុច្ចរិត​បាន ។

សូម​បញ្ចប់​ដោយ​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដីពិត​ដែល​ត្រូវបាន​ពិភាក្សា​នៅក្នុង​មេរៀន​នេះ ។ សូម​ឲ្យ​សិស្ស​សរសេរ​ប្រយោគ​បី ឬ​បួន​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ អំពី​រឿងមួយ​ដែល​ពួកគេ​អាច​ធ្វើ​នៅថ្ងៃនេះ​ដើម្បី​សម​នឹង​ទទួល​បាន​ពរជ័យ​ដែល​ព្រះអម្ចាស់​ចង់​ប្រទាន​ដល់​ពួកគេ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃទី 3 21:12–13 ។ « ជា​កូនសិង្ហ​ក្នុង​ចំណោម​សត្វព្រៃ »

ដោយ​យោង​លើ​ការបង្រៀន​នៅក្នុង នីហ្វៃទី 3 20:16 អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​ដូច​ខាង​ក្រោម ។ ប្រសាសន៍​របស់​លោក​ក៏​អាច​ត្រូវបាន​អនុវត្ត​ក្នុង នីហ្វៃទី 3 21:12–13ដែរ ។

« បន្ទូលទាំងនេះរបស់​ព្រះអម្ចាស់​យើង ទៅកាន់​ពួកសាសន៍​នីហ្វៃ​ត្រូវបាន​ដកស្រង់​ពី មីកា 5:8–9 និង​មាន​សេចក្ដីយោង​ទៅរក​ការវិនាស​ហិនហោច និង​ការឆេះ​នៅ​ទីបញ្ចប់​ដែល​នឹង​បំផ្លាញ​ពួកទុច្ចរិត​នៅ​ពេល​ការយាង​មក​ជា​លើកទីពីរ ។ លើកលែង​តែ​មនុស្ស​មួយចំនួន​ដែល​ជា​អ្នកដើរតាម​ព្រះគ្រីស្ទ​ដោយ​បន្ទាបខ្លួន ពួកសាសន៍​ដទៃ​នឹង​មិន​ប្រែចិត្ត​ឡើយ ។ ពួកគេ​នឹង​សប្បាយរីករាយ​ក្នុង​សេចក្ដីខ្ពើមឆ្អើម និង​អំពើបាប​របស់​ពួកគេ​ប្រឆាំង​នឹង​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ហើយ​ពួកគេ​នឹង​ត្រូវ​ឆេះ​ដោយពន្លឺ​​នៃ​ការយាងមក​របស់​ព្រះអម្ចាស់​យើង ខណៈពេល​ដែល​ពួកសុចរិត— នៅទីនេះ​ត្រូវបាន​ហៅ​ថា​ជា​កូនចៅ​នៃ​យ៉ាកុប— ត្រូវ​គោរព​តាម​នៅ​ថ្ងៃនោះ ។ ហើយ​បន្ទាប់មក នៅក្នុង​រូបភាព​នៃ​ការព្យាករណ៍ វា​នឹង​ក្លាយ ដូចជា​កូនចៅ​សំណល់​នៃ​អ៊ីស្រាអែល​បំផ្លាញ​សត្រូវ​របស់​គេ ដូចជា​កូន​សត្វ​សិង្ហ​មួយ​នៅក្នុង​ហ្វូងចៀម » (The Millennial Messiah: The Second Coming of the Son of Man [ ឆ្នាំ 1982 ] ទំព័រ 248 ) ។

នីហ្វៃទី 3 21:22 ។ « យើង​នឹង​ស្ថាបនា​សាសនាចក្រ​របស់​យើង​នៅក្នុង​ចំណោម​ពួកគេ »

ការប្រមូល​នៃ​សាសន៍​អ៊ីស្រាអែល​កើតឡើង​នៅពេល​ប្រជាជន​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ក្លាយជា​ផ្នែក​មួយ​នៃ​សាសនាចក្រ​របស់​ទ្រង់ ( សូមមើល នីហ្វៃទី 1 15:14–16; នីហ្វៃទី 2 9:1–2; នីហ្វៃទី 3 5:20–26; 21:22; មរមន 9:36–37) ។ អែលឌើរ ប្រ៊ូស អរ ម៉ាក់ខនឃី បាន​បង្រៀន ៖

« គ្មាននរណាម្នាក់​នឹង​ត្រូវបានប្រមូល​ផ្ដុំ​ជាមួយ​នឹង​សាសន៍​អ៊ីស្រាអែល​ឡើយ រហូតដល់​ពួកគេ​ទទួល​យក​ព្រះអង្គ​ដែល​បាន​ត្រូវ​ឆ្កាង ។… ការប្រមូល​សាសន៍​យូដា​បច្ចុប្បន្ន​នៅ​ប្រទេស​ប៉ាឡេស្ទីន​គឺ​ជា​រឿង​នយោបាយ មិនមែន​ខាងវិញ្ញាណ​នោះទេ ហើយ​វា​មិន​មែន​ជា​ការប្រមូល​ផ្ដុំ​នៃ​សាសន៍​អ៊ីស្រាអែល​ដែល​ត្រូវបាន​ព្យាករណ៍​នោះទេ ។

« ការប្រមូល​ផ្ដុំ​នៃ​សាសន៍​អ៊ីស្រាអែល​រួមមាន​ការចូលរួម​សាសនាចក្រនៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ដែល​សាសនាចក្រ​គឺជា​ព្រះវិហារ​ដ៏​ពិត និង​នៅរស់​តែមួយ​គត់​នៅលើ​ផែនដី​នេះ » (A New Witness for the Articles of Faith [ ឆ្នាំ 1985 ] ទំព័រ 564, 565 សូមមើល​ផងដែរ ទំព័រ 511, 519–20 និង The Millennial Messiah: The Second Coming of the Son of Man [ ឆ្នាំ 1982 ] ទំព័រ 229 ) ។

នីហ្វៃទី 3 21:22–25 ។ ទីក្រុង​យេរូសាឡិម​ថ្មី

ដានីយ៉ែល អេចឆ៍ ល័ដឡូ បាន​បញ្ជាក់​អ្នកដែល​នឹង​កសាង​ទីក្រុង​យេរូសាឡិម​ថ្មី ៖

« ទីក្រុង ‹ យេរូសាឡិម​ថ្មី › នៅ​ថ្ងៃចុងក្រោយ​នឹង​ត្រូវបាន​កសាង​នៅលើ​ទ្វីប​អាមេរិក​ដោយ (1) ‹ ពួកសំណល់​នៃ​យ៉ាកុប › (2) ពួកសាសន៍​ដទៃ​ដែល ‹ នឹង​ចូលមក​ក្នុង​សេចក្ដីសញ្ញា ហើយ​ត្រូវបាន​រាប់​នៅក្នុង​ចំណោម … ពួកសំណល់​នៃ​យ៉ាកុប › និង (3) ‹ ពួកវង្ស​អ៊ីស្រាអែល​ជាច្រើន​ដែល​នឹង​ចូលមក › ។នីហ្វៃទី 3 21:22–25 ។ សូម​អាន​ផងដែរ នីហ្វៃទី 3 20:22; អេធើរ 13:1–12) » (A Companion to Your Study of the Book of Mormon [1976] ទំព័រ 281 ) ។

នីហ្វៃទី 3 22:2 ។ « បោះ​ចំរឹង​ឲ្យ​មាំ​ឡើង​ចុះ »

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​ពន្យល់​ពី​អត្ថន័យ​នៃ​ពាក្យ ចំរឹង ថា​វា​ត្រូវ​បាន​ប្រើ​នៅក្នុង នីហ្វៃទី 3 22:2 និង​នៅក្នុង​វគ្គ​ព្រះគម្ពីរ​ផ្សេង​ទៀត ៖

« ពាក្យ ចំរឹង គឺជា​ការបង្ហាញ​និមិត្ត​សញ្ញា​មួយ ។ សូម​ស្រមៃ​ក្នុង​គំនិត​របស់​អ្នក​នូវត្រសាល​ដ៏​ធំ​មួយ​ដែល​ត្រូវបាន​លើក​ចង​ដោយ​ចំណង​ដែល​ចងភ្ជាប់​ទៅនឹង​ចំរឹង​ជាច្រើន​ដែល​ដោត​យ៉ាងមាំ​ទៅក្នុង​ដី ។

« ព្យាការី​បាន​ប្រៀបប្រដូច​ស៊ីយ៉ូន​នៅ​ថ្ងៃចុង​ក្រោយ​ទៅនឹង​ត្រសាល​ដ៏​ធំ​មួយ​នៅលើ​ផែនដី ។ ត្រសាល​នោះត្រូវ​បាន​ចង​ដោយ​ខ្សែ​យ៉ាង​ជាប់​ ទៅនឹង​ចំរឹង ។ មែនហើយ ចំរឹង​ទាំងនោះ​គឺជា​តំបន់​ភូមិសាស្ដ្រ​ខុសៗគ្នា​ដែល​មាន​ទូទាំង​ផែនដី ។ ថ្មីៗ​នេះ សាសន៍​អ៊ីស្រាអែល​ត្រូវបាន​ប្រមូល​ផ្ដុំ​នៅ​ស្តេក​ខុសៗ​គ្នា​នៃ​ទីក្រុង​ស៊ីយ៉ូន » ( « Strengthen Thy Stakes » Ensign ខែ មករា ឆ្នាំ 1991 ទំព័រ 2 ) ។