សេចក្ដីផ្ដើមអំពី គម្ពីរអេធើរ
ហេតុអ្វីបានជាត្រូវសិក្សាគម្ពីរនេះ ?
នៅពេលសិស្សសិក្សាគម្ពីរអេធើរ ពួកគេនឹងរៀនអំពីពួកសាសន៍យ៉ារេឌ —ប្រជាជនមួយក្រុមដែលបានធ្វើដំណើរទៅប៉ែកខាងលិច និងបានរស់នៅទីនោះអស់រយៈពេលជាច្រើនសតវត្សរ៍ មុនពេលប្រជាជនលីហៃទៅដល់ទីនោះ ។ សិស្សនឹងរៀនពីគោលការណ៍ដ៏សំខាន់ៗអំពីការអធិស្ឋាន វិវរណៈ និងទំនាក់ទំនងរវាងការអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ និងការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ ពួកគេក៏នឹងរៀនអំពីតួនាទីរបស់ព្យាការីក្នុងការបញ្ចុះបញ្ចូលមនុស្សឲ្យប្រែចិត្ត និងអំពីលទ្ធផលដែលបានកើតចំពោះអ្នកដែលបដិសេធ ព្រះយេស៊ូវគ្រីស្ទ និងព្យាការីរបស់ទ្រង់ ។
តើនរណាជាអ្នកនិពន្ធគម្ពីរនេះ ?
លោកមរ៉ូណៃបានសង្ខេបគម្ពីរនេះពីផ្ទាំងមាសទាំង 24 ដែលហៅថាផ្ទាំងអេធើរ ។ គម្ពីរនេះត្រូវបានហៅតាមឈ្មោះព្យាការី អេធើរ ដែលជាព្យាការីចុងក្រោយនៃពួកសាសន៍យ៉ារេឌ ហើយដែលបានបង្កើតកំណត់ត្រានៃប្រវត្តិសាស្ដ្ររបស់ពួកគេ ( សូមមើល អេធើរ 15:33–34 ) ។ ប្រហែលជា 500 ឆ្នាំ មុនពេលលោកមរ៉ូណៃបានសង្ខេបបញ្ជីពិសិដ្ឋរបស់លោក ប្រជាជនលិមហៃខ្លះបានរកឃើញផ្ទាំងអេធើរ នៅពេលពួកគេស្វែងរកដែនដីសារ៉ាហិមឡា ( សូមមើល ម៉ូសាយ 8:7–11; អេធើរ 1:2 ) ។ ព្យាការីសាសន៍នីហ្វៃ និងអ្នករក្សាកំណត់ត្រាទាំងឡាយបានប្រគល់ផ្ទាំងអេធើរបន្ដគ្នា រហូតដល់ផ្ទាំងទាំងនេះបានមកដល់ជាកម្មសិទ្ធិរបស់លោកមរ៉ូណៃ ។ លោកមរ៉ូណៃបានមានប្រសាសន៍ថា លោកមិនបានបញ្ចូលសូម្បីតែ « មួយភាគរយ » នៃកំណត់ត្រានេះនៅក្នុងសេចក្ដីសង្ខេបរបស់លោកឡើយ ( អេធើរ 15:33 ) ។
តើគម្ពីរនេះត្រូវបានសរសេរដល់នរណា ហើយតើហេតុអ្វី ?
ដោយសារមរ៉ូណៃបានសង្ខេបផ្ទាំងអេធើរ ក្រោយពីពួកសាសន៍យ៉ារេឌ និងប្រជាជនរបស់លោកផ្ទាល់ត្រូវបានបំផ្លាញ លោកបានមានបំណងចង់ឲ្យគម្ពីរនេះបានមានមកដល់ប្រជាជននៅក្នុងជំនាន់របស់យើង ។ លោកមរ៉ូណៃបានទូន្មានដល់ពួកសាសន៍ដទៃនៅថ្ងៃចុងក្រោយឲ្យប្រែចិត្ត បម្រើដល់ព្រះ និងបោះបង់ចោលនូវបក្សព័ន្ធសម្ងាត់ ( សូមមើល អេធើរ 2:11–12; 8:23 ) ។ លោកក៏បានកត់ត្រានូវព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទដែលបានអញ្ជើញដល់ « អស់អ្នករាល់គ្នានៅចុងផែនដីអើយ » ឲ្យប្រែចិត្ត មករកទ្រង់ ហើយទទួលបានចំណេះដឹងដែលបានបង្អាក់ពីលោកិយ ដោយសារតែការឥតជំនឿ ( សូមមើល អេធើរ 4:13–18 ) ។
តើនៅពេលណា និងនៅកន្លែងណាដែលគម្ពីរនេះត្រូវបាននិពន្ធ ?
លោកអេធើរបានបញ្ចប់កំណត់ត្រានៃប្រជាជនរបស់លោក ក្នុងអំឡុងពេលនិងក្រោយពេលសង្គ្រាមដ៏ធំចុងក្រោយដែលបានសម្លាប់មនុស្សទាំងអស់ ប៉ុន្ដែពួកសាសន៍យ៉ារេឌពីរនាក់បាននៅរស់ —ខ្លួនលោក និងកូរីអានទុមើរ ( សូមមើល អេធើរ 13:13–14; 15:32–33 ) ។ បន្ទាប់មក លោកបានលាក់ទុកកំណត់ត្រារបស់លោក « តាមរបៀបម្យ៉ាងដែលប្រជាជនលិមហៃបានប្រទះឃើញ » ( អេធើរ 15:33; សូមមើលផងដែរ ម៉ូសាយ 8:7–9 ) ។ លោកមរ៉ូណៃបានសង្ខេបបញ្ជីអេធើរនៅរវាងឆ្នាំ 400 ក្រោយគ្រិស្ដសករាជ និងឆ្នាំ 421 ក្រោយគ្រិស្ដសករាជ ( សូមមើល មរមន 8:3–6; មរ៉ូណៃ 10:1 ) ។ លោកមរ៉ូណៃបានសរសេរថា ពួកសាសន៍យ៉ារេឌត្រូវបានបំផ្លាញនៅក្នុង « ផ្ទៃដែនដីខាងជើងនេះ » ( អេធើរ 1:1 ) ដោយបង្ហាញថាលោកអាចបាននៅក្នុងដែនដី ដែលពួកគេត្រូវបានបំផ្លាញ នៅពេលលោកបានសង្ខេបកំណត់ត្រារបស់ពួកគេ ។
តើគម្ពីរនេះ មានលក្ខណៈពិសេសអ្វីខ្លះ?
មិនដូចជាគម្ពីរផ្សេងទៀតនៅក្នុងព្រះគម្ពីរមរមនឡើយ គម្ពីរអេធើរមិនបានទាក់ទងទៅនឹងប្រវត្តិសាស្ដ្រនៃកូនចៅរបស់លីហៃទេ ។ គម្ពីរនេះពណ៌នាពីរបៀបដែលពួកសាសន៍យ៉ារេឌបានចេញពីប៉មបាបិល ហើយបានធ្វើដំណើរទៅដែនដីសន្យា ដែលនៅទីបញ្ចប់ពួកគេត្រូវបានបំផ្លាញ ។ គម្ពីរអេធើរនេះ គឺជាសាក្សីទីពីរចំពោះកំណត់ត្រានៃពួកសាសន៍នីហ្វៃ ដោយបង្ហាញថា « សាសន៍ណាក៏ដោយដែលនឹងយកបានដែនដីនេះ [ ដែនដីសន្យា ] គឺត្រូវបម្រើព្រះ បើពុំនោះសោតទេ ពួកគេនឹងត្រូវកំចាត់ចេញ … កាលណាពួកគេទុំសុសនៅក្នុងអំពើទុច្ចរិត » ( អេធើរ 2:9 ) ។
ការយាងមកជាសាច់ឈាមរបស់ព្រះយេស៊ូវគ្រីស្ទទៅជួបនឹងបងប្អូនប្រុសរបស់យ៉ារេឌ « រាប់នៅក្នុងពេលដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ដ្រដែលបានកត់ត្រាទុក » ។ ហេតុការណ៍នេះ « បានធ្វើឲ្យបងប្រុសរបស់យ៉ារេឌជាព្យាការីម្នាក់នៅក្នុងព្យាការីដ៏អស្ចារ្យបំផុតរបស់ព្រះជារៀងរហូត » ( ជែហ្វ្រី អ័រ ហូឡិន Christ and the New Covenant ៖ The Messianic Message of the Book of Mormon [ ឆ្នាំ 1997 ], ទំព័រ 17 ) ។ ដំណើររឿងរបស់មរ៉ូណៃអំពីការនិមិត្តនេះ ផ្ដល់ជាសាក្សីមួយដ៏មានអំណាចអំពីព្រះយេស៊ូវគ្រីស្ទ និងបង្ហាញពីការបង្រៀនដ៏ប្លែកអំពីលក្ខណៈនៃរាងកាយខាងវិញ្ញាណ ( សូមមើល អេធើរ 3:4–17 ) ។
គម្រោង
អេធើរ 1–3 ព្រះអម្ចាស់រក្សាភាសារបស់ពួកសាសន៍យ៉ារេឌនៅឯប៉មបាបិល ហើយសន្យាថានឹងដឹកនាំពួកគេទៅរកដែនដីជម្រើសមួយ និងធ្វើឲ្យពួកគេក្លាយជាសាសន៍មួយដ៏ធំអស្ចារ្យ ។ ទ្រង់ដឹកនាំពួកគេទៅរកមាត់សមុទ្រ និងណែនាំពួកគេឲ្យធ្វើសំពៅសម្រាប់កាធ្វើដំណើររបស់ពួកគេ ឆ្លងកាត់មហាសមុទ្រ ។ ព្រះអម្ចាស់បង្ហាញអង្គទ្រង់ និង « ការណ៍ទាំងអស់ » ( អេធើរ 3:26 ) ដល់បងប្រុសរបស់យ៉ារេឌ ។
អេធើរ 4–5 មរ៉ូណៃបិទត្រាការសរសេររបស់បងប្រុសរបស់យ៉ារេឌ ។ លោកកត់ត្រាពីការពន្យល់របស់ព្រះយេស៊ូវគ្រីស្ទថា កំណត់ត្រាទាំងនេះនឹងត្រូវបានបង្ហាញដល់អស់អ្នកណាដែលអនុវត្តសេចក្ដីជំនឿលើទ្រង់ ។ លោកមរ៉ូណៃបង្រៀនថា សាក្សីទាំងបីនៅថ្ងៃចុងក្រោយនឹងចូលរួមជាមួយនឹងព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធក្នុងការធ្វើទីបន្ទាល់អំពីព្រះគម្ពីរមរមន ។
អេធើរ 6–11 ពួកសាសន៍យ៉ារេឌធ្វើដំណើរទៅកាន់ដែនដីសន្យា ។ ប្រជាជនបានមានកំណើនកើនឡើង ហើយចាប់ផ្ដើមរស់នៅពេញទូទាំងដែនដី ។ ចំណងនៃពួកសុចរិត និងស្ដេចទុច្ចរិតបានគ្រប់គ្រងលើជំនាន់ជាច្រើន ។ ពួកសាសន៍យ៉ារេឌស្ទើរតែត្រូវបានបំផ្លាញបង់ទាំងស្រុង ដោយសារតែបក្សព័ន្ធសម្ងាត់ ។ ព្យាការីជាច្រើនព្រមានប្រជាជនឲ្យប្រែចិត្ត ប៉ុន្ដែប្រជាជនបដិសេធចំពោះការណ៍នេះ ។
អេធើរ 12 លោកមរ៉ូណៃបង្រៀនថា សេចក្ដីជំនឿតម្រូវឲ្យមាន មុនពេលបុគ្គលម្នាក់អាចទទួលបានសាក្សីខាងវិញ្ញាណ ។ លោកបង្ហាញដល់ព្រះអម្ចាស់នូវការបារម្ភរបស់លោកថា ពួកសាសន៍ដទៃនាថ្ងៃអនាគតនឹងសើចចំអកដល់ភាពទន់ខ្សោយរបស់លោក ក្នុងការសរសេរនូវបញ្ជីពិសិដ្ឋ ហើយលោកកត់ត្រានូវចម្លើយរបស់ព្រះអម្ចាស់ដល់លោក ។ លោកមរ៉ូណៃដាស់តឿនដល់អ្នកអាននៅថ្ងៃចុងក្រោយឲ្យស្វែងរកព្រះយេស៊ូវគ្រីស្ទ ។
អេធើរ 13–15 លោកមរ៉ូណៃពិភាក្សាពីការព្យាករណ៍របស់លោកអេធើរអំពីទីក្រុងយេរូសាឡិមថ្មី ។ ក្រោយពីពួកសាសន៍យ៉ារេឌបដិសេធលោកអេធើរ លោកធ្វើជាសាក្សី និងកត់ត្រានូវសេចក្តីបំផ្លិចបំផ្លាញទាំងមូលរបស់ពួកគេ ។