បណ្ណាល័យ
មេរៀន​ទី 147 ៖ អេធើរ 6


មេរៀន​ទី 147

អេធើរ 6

សេចក្តីផ្ដើម

ក្រោយពី​ការរៀបចំ​ស្របតាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះអម្ចាស់​ហើយ ពួកប្រជាជន​យ៉ារេឌ​បាន​ឡើង​ទៅក្នុង​ភេត្រា ដោយ​ទុកចិត្ត​ថា ព្រះអម្ចាស់​នឹង​នាំ​ពួកគេ​ឆ្លងកាត់​ការធ្វើដំណើរ​ដ៏​ពិបាក​របស់​គេ​ទៅកាន់​ដែនដី​សន្យា ។ ព្រះអម្ចាស់​បាន​បញ្ជូន​ខ្យល់​ដែល​រុញ​ភេត្រា​ដោយ​រលក​សមុទ្រ និង​ជ្រមុជ​ទៅក្នុង​ទឹក​ជាច្រើន​ដង ប៉ុន្ដែ​ខ្យល់​បាន​ច្រាន​ភេត្រា​ទាំងនោះ​ទៅដល់​ដែនដី​សន្យា ។ ក្នុង​ការស្ថាបនា​ខ្លួនគេ​នៅក្នុង​ដែនដី​ថ្មី​នេះ ប្រជាជន​បាន​ជ្រើសរើស​ឲ្យ​មាន​ស្ដេច​មួយ​អង្គ ទោះបីជា​មាន​ការព្រមាន​ពី​បងប្រុស​របស់​យ៉ារេឌ​ក្ដី ។

យោបល់​សម្រាប់​ការបង្រៀន

អេធើរ 6:1–12

ព្រះអម្ចាស់​បណ្ដាល​ឲ្យ​មាន​ខ្យល់​បក់​ដល់​ភេត្រា​របស់​ពួកសាសន៍​យ៉ារេឌ​ទៅកាន់​ដែនដី​សន្យា

សូម​សរសេរ​ឃ្លា​ដូច​ខាងក្រោម​នៅលើ​ក្ដារខៀន​មុនចាប់ផ្ដើម​បង្រៀន ៖

ការចែក​ចាយ​ដំណឹងល្អ​ជាមួយ​នឹង​មិត្តភក្ដិ

ការរក្សាសីលធម៌ស្អាត​ស្អំ

ការជ្រើសរើស​មិត្តភក្ដិ​ដែល​មាន​បទដ្ឋាន​ខ្ពស់

ការដាក់​អាទិភាព​ត្រឹមត្រូវ​នៅក្នុង​ជីវិត

សូម​បង្ហាញ​ថា ទាំង​នេះ​គឺជា​ឧទាហរណ៍​នៃ​រឿង​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​ធ្វើ ។ ទោះជា​យ៉ាងណាក្ដី ក៏​ប្រជាជន​ខ្លះ​គិត​ថា​រឿងទាំងនេះ​ពិបាក​ធ្វើ​ខ្លាំងណាស់ ។ សូម​ឲ្យ​សិស្ស​គិត​អំពី​ឧទាហរណ៍​ផ្សេងទៀត​ដែល​អាច​បន្ថែម​ទៅក្នុង​បញ្ជី​នេះ ។ សូម​ពន្យល់​ថា ដំណើររឿង​នៃ​ការធ្វើដំណើរ​របស់​ពួកសាសន៍​យ៉ារេឌ​ទៅកាន់​ដែនដី​សន្យា​រួមមាន​គោលការណ៍​ជាច្រើន​ដែល​អាច​ដឹកនាំ​យើង នៅពេល​យើង​គិត​ថា​វា​ពិបាក​នឹង​ធ្វើ​តាម​អ្វី​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​យើង​ធ្វើ ។ សូម​អញ្ជើញ​សិស្ស នៅពេល​ពួកគេ​សិក្សា អេធើរ 6 ឲ្យ​រកមើល​គោលការណ៍​នានា​ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ទប់ទល់​នឹង​ឧបសគ្គ​នានា​ដូចជា​អ្វី​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អេធើរ 2:24–25 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម ដោយ​រកមើល​ការព្រមាន​របស់​ព្រះអម្ចាស់​ដល់​ពួកសាសន៍​យ៉ារេឌ​អំពី​ភាពលំបាក​នៃ​ការធ្វើដំណើរ​របស់​ពួកគេ​ទៅកាន់​ដែនដី​សន្យា ។

  • តើ​ព្រះអម្ចាស់​បាន​សន្យា​ថា​ទ្រង់​នឹង​ធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​ដល់​ពួកសាសន៍​យ៉ារេឌ​ឲ្យ​ធ្វើដំណើរ​ដោយ​សុវត្ថិភាព​ទៅកាន់​ដែនដី​សន្យា ?

សូម​រំឭក​សិស្ស​ថា ដើម្បី​ប្រឈម​នឹង​រលក ព្រមទាំង​ខ្យល់​ផង ពួក​សាសន៍​យ៉ារេឌ​បាន​សាងសង់​ភេត្រា​ជាច្រើន​ដែល « ជិតជា​ខ្លាំង​ដូចជា​ចាន​មួយ » ( អេធើរ 2:17 ) ដោយ​មាន​ប្រហោង​នៅ​ខាងលើ និង​ខាង​ក្រោម​ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​ទទួល​បាន​ខ្យល់​ពី​ខាងក្រៅ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន អេធើរ 6:1–4 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម និង​រកមើល​របៀប​ផ្សេងទៀត​ដែល​ពួកសាសន៍​យ៉ារេឌ​បាន​រៀបចំ​ដើម្បី​ប្រឈម​ទៅនឹង​ភាពលំបាក​ទាំងនេះ ។

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាងណា ដែល​ពួកសាសន៍​យ៉ារេឌ​បាន​ចុះ​ភេត្រា « ដោយ​ទីពឹង​ដល់​ព្រះអម្ចាស់ ជា​ព្រះ​របស់​ពួកគេ » ? ( ពួកគេ​បាន​ទុកចិត្ត​ទៅលើ​ព្រះ​ក្នុង​ការយកចិត្តទុកដាក់ និង​ការថែទាំ​ដល់​ពួកគេ ) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​វា​សំខាន់​សម្រាប់​ពួកសាសន៍​យ៉ារេឌ​ដើម្បី​ទីពឹង​ដល់​ព្រះអម្ចាស់ ក្រោយពី​បាន​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​រៀបចំ​ខ្លួនគេ​ហើយ​នោះ ?

  • ហេតុអ្វីបានជា​វា​អាច​នឹងពិបាក​ទុកចិត្ត​ទៅលើ​ព្រះអម្ចាស់​នៅក្នុង​ស្ថានភាព​បែបនេះ ? ( ប្រសិនបើ​សិស្ស​មិន​បាន​និយាយ​នូវ​ចំណុច​​ខាងក្រោម​នេះ​ទេ អ្នក​អាច​បង្ហាញ​ថា ពួកសាសន៍​យ៉ារេឌ​ត្រូវតែ​កសាង​ភេត្រា​ផ្ទាល់ខ្លួន​របស់​ពួកគេ ពួកគេ​មិន​អាច​កាច់ចង្កូត​ទូក​ទាំងនោះ​បាន​នោះ​ទេ ហើយ​ពួកគេ​ក៏​មិន​ដឹង​ពី​ផ្លូវ​ទៅកាន់​ដែនដី​សន្យា ឬ​រយៈពេល​នៃ​ការធ្វើ​ដំណើរ​ដែរ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ មើលឃើញ ពី​ព្រឹត្តិការណ៍​ដែល​បាន​តំណាល​ប្រាប់​នៅក្នុង អេធើរ 6 សូម​ឲ្យ​ពួកគេ​គូស​គម្រោង​សាមញ្ញ​មួយ​នៃ​ភេត្រា​របស់​ពួកសាសន៍​យ៉ារេឌ​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់ ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​គូស ឬ​សរសេរ​នូវ​មាតិកា​នៃ​ភេត្រា​ស្របតាម អេធើរ 6:1–4 ។

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​ពី អេធើរ 6:5–11 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​រូបភាព​របស់​គេ​ដែល​បាន​គូស​ហើយ​នោះ នៅពេល​ពួកគេ​ស្ដាប់ និង​ស្រមៃ​នូវ​អ្វី​ដែល​វា​អាច​មាន​អារម្មណ៍​បែបណា​ក្នុង​ការធ្វើ​ដំណើរ​នៅក្នុង​ទូក​បែប​នោះ ។

  • តើ​អ្នកគិត​ថា តើ​អ្វី​ជា​ការពិបាក​ក្នុង​ការធ្វើ​ដំណើរ​នៅក្នុង​ភេត្រា​របស់​ពួកសាសន៍​យ៉ារេឌ ?

  • យោងតាម អេធើរ 6:11 តើ​ពួកសាសន៍​យ៉ារេឌ​បាន​ធ្វើ​ដំណើររឿង​របៀប​នេះ​អស់​រយៈពេល​ប៉ុន្មាន ?

  • តើ​អ្នកគិត​ថា​ឃ្លា « រលកទាំងឡាយ​ដូចជា​ភ្នំ » មាន​ន័យយ៉ាងណា ? ( អេធើរ 6:6 ) ។តើ​អ្នក​គិត​ថា អ្នក​នឹង​មាន​អារម្មណ៍​យ៉ាងណា ប្រសិនបើ​អ្នក​ស្ថិតនៅក្នុង​ភេត្រា​របស់​ពួកសាសន៍​យ៉ារេឌ នៅពេល​មាន​រលក​បែបនោះ​បក់បោក​មក​ហាក់​ដូចជា « ត្រូវកប់​នៅក្នុង​ជម្រៅ​សមុទ្រ​ជាច្រើន » ? ( អ្នក​អាច​រំឭក​សិស្ស​ថា ពួកសាសន៍​យ៉ារេឌ​ត្រូវតែ​រង់ចាំ​ភេត្រា​របស់​ពួកគេ​ឲ្យ​អណ្ដែត​ឡើង​ទៅលើ​ទឹក មុនពេល​ពួកគេ​អាច​បើក​ប្រហោង​ដើម្បីឲ្យ​ខ្យល់​ចូល ) ។

ដើម្បី​ជួយ​សិស្សឲ្យ​រៀបចំ​ដើម្បី​ស្វែងរក​គោលការណ៍​មួយ សូម​សួរ ៖

  • តើ​ពួកសាសន៍​យ៉ារេឌ​បាន​បង្ហាញ​ការទុកចិត្ត​របស់​ពួកគេ​ទៅលើ​ព្រះអម្ចាស់ នៅពេល​ពួកគេ​បាន​ឆ្លងកាត់​សមុទ្រ​ដោយ​របៀបណា ? ( សូមមើល អេធើរ 6:7, 9 ) ។

  • តើ​ឃ្លា​ណា​ខ្លះ​នៅក្នុង អេធើរ 6:5–11 ដែល​រៀបរាប់​ពី​អ្វី ដែល​ព្រះអម្ចាស់​បាន​ធ្វើ​សម្រាប់​ពួកសាសន៍​យ៉ារេឌ ដោយសារតែ​ការទុកចិត្ត​របស់​ពួកគេ​ទៅលើ​ទ្រង់ ?

សូម​ឲ្យ​សិស្ស​អាន អេធើរ 6:12 ដោយ​ស្ងាត់ស្ងៀម ដោយ​រកមើល​លទ្ធផល​នៃ​ការធ្វើ​ដំណើរ​របស់​ពួកសាសន៍​យ៉ារេឌ ។

  • ហេតុអ្វី​បានជា​ពួកសាសន៍​យ៉ារេឌ​បាន​ស្រក់ទឹកភ្នែក​នៃ​សេចក្ដីអំណរ ? តើ​ព្រះអម្ចាស់​បាន​ប្រទាន « សេចក្ដីមេត្តា​ករុណា​ដ៏​ទន់ភ្លន់ » អ្វី​ដល់​ពួកគេ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​រកឃើញ​នូវ​គោលការណ៍​មួយ​ដែល​បាន​បង្ហាញ​ដោយ​បទពិសោធន៍​របស់​ពួកសាសន៍​យ៉ារេឌ សូម​សួរ ៖

  • ដោយ​ផ្អែកលើ​អ្វី​ដែល​អ្នកបានរៀន​ពី​ការធ្វើ​ដំណើរ​របស់​ពួកសាសន៍​យ៉ារេឌ តើ​ព្រះអម្ចាស់​នឹង​ធ្វើ​អ្វី​សម្រាប់​យើង នៅពេល​យើង​ទុកចិត្ត​ទៅលើ​ទ្រង់ និង​ធ្វើតាម​ព្រះឆន្ទៈ​របស់​ទ្រង់ ? ( គោលការណ៍​មួយ​នៃ​គោលការណ៍​ទាំងឡាយ​ដែល​សិស្ស​គួរ​រកឃើញ​គឺ​ថា នៅពេល​យើង​ទុកចិត្ត​ទៅលើ​ព្រះអម្ចាស់ និង​ធ្វើតាម​ព្រះឆន្ទៈ​របស់​ទ្រង់ នោះ​ទ្រង់​នឹង​ដឹកនាំ​ខ្សែ​ជីវិត​របស់​យើង ។ សូម​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​សញ្ជឹងគិត​ពី​គោលការណ៍ និង​ចែក​រំលែក​ពី បទពិសោធន៍ ដែល​បាន​ជួយ​ដល់​ពួគគេ​ឲ្យ​ដឹង​ថា វា​គឺជា​ការពិត ។ អ្នក​ក៏​អាច​ចង់​ចែករំលែក​របៀប​ដែល​អ្នក​ដឹង​ថា វា​គឺជា​ការពិត​បាន​ដែរ ) ។

សូម​ឲ្យ​សិស្ស​គិត​ពិចារណា​ពី​របៀប​ដែល​ពួកគេ​អាច​ទុកចិត្ត​ទៅលើ​ព្រះអម្ចាស់​កាន់តែ​ខ្លាំង​ថែមទៀត និង​ធ្វើតាម​ការដឹកនាំ​របស់​ទ្រង់ នៅក្នុង​ស្ថានភាព​លំបាក​ដែល​ពួកគេ​អាច​ជួប​នាពេល​នេះ ។ សូម​ពន្យល់​ថា ពួកគេ​អាច​ស្វែងរក​គោលការណ៍​ផ្សេង​ទៀត​បាន​នៅក្នុង អេធើរ 6:1–12 ។ សូម​លុប​អ្វីៗ​នៅលើ​ក្ដារខៀន​ចោល លើកលែង​តែ​ប្រយោគ​អំពី​ការទុកចិត្ត​ទៅលើ​ព្រះអម្ចាស់ ។ សូម​គូស​ភេត្រា​សាមញ្ញ​មួយ​នៅលើ​ក្ដារខៀន​មួយ​ចំហៀង ។ នៅលើ​ក្ដារខៀន​មួយ​ចំហៀង​ទៀត សូម​សរសេរ ដែនដី​សន្យា ។

  • តើ​ដែនដី​សន្យា​អាច​ត្រូវ​បាន​ប្រៀបធៀប​ទៅនឹង​អ្វី​នៅក្នុង​ផែនការនៃ​សេចក្ដីសង្គ្រោះ ? ( ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ) ។

  • នៅពេល​យើង​ជួប​នឹង​ការពិបាក​នៃ​ជីវិត តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ពួកសាសន៍​យ៉ារេឌ​ទាំងនេះ​ដោយ​របៀបណា ? តើ​ព្រះអម្ចាស់​ជួយ​យើង ដូចជា​ទ្រង់​បាន​ជួយ​ដល់​ពួកសាសន៍​យ៉ារេឌ អំឡុងពេល​ការធ្វើ​ដំណើរ​របស់​យើង​ឆ្លងកាត់​ជីវិត​រមែងស្លាប់​នេះ​ដោយ​របៀបណា ? ( ចម្លើយ​របស់​សិស្ស​គួរ​ឆ្លុះបញ្ចាំង​អំពី​គោលការណ៍​ខាងក្រោម​នេះ ៖ ប្រសិនបើ​យើង​ទុកចិត្ត​ទៅលើ​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ថែទាំ​យើង នៅពេល​យើង​លូតលាស់​ធំឡើង និង​រៀបចំ​ដើម្បី​ទទួល​បាន​ជីវិតដ៏នៅអស់កល្បជានិច្ច ។ អ្នក​អាច​ណែនាំ​ សិស្ស​គួរ​សរសេរ​គោលការណ៍​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​គេ​ក្បែរ អេធើរ 6:5–12 ) ។

សូម​ឲ្យ​សិស្ស​គិត​អំពី​ទុក្ខវេទនា​ដែល​ពួកគេ​បាន​ជួបប្រទះ ឬ​កំពុង​តែ​ជួប​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ​នាពេល​បច្ចុប្បន្ន​នេះ ។ សូម​ឲ្យ​ពួកគេ​សរសេរ​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​អំពី​អារម្មណ៍​របស់​ពួកគេ​មាន នៅពេល​ពួកគេ​បាន​ឆ្លើយតប​ដោយ​សេចក្ដីជំនឿ​ចំពោះ​ទុក្ខវេទនា​ទាំងនេះ និង​របៀប​ដែល​ព្រះអម្ចាស់​បាន​គាំទ្រ​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែករំលែក​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ បន្ទាប់មក សួរ​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ ៖

  • ដោយ​ផ្អែកលើអ្វី​ដែល​អ្នក​បាន​សិក្សា​នៅ​ថ្ងៃនេះ តើ​អ្នក​មាន​ដំបូន្មាន​អ្វី​ដែល​នឹង​ផ្ដល់​ទៅ​ដល់​នរណាម្នាក់​ដែល​កំពុង​ជួប​នឹង​ឧបសគ្គ ឬក៏​ទុក្ខវេទនា​នោះ ?

អេធើរ 6:13–18

ពួកសាសន៍​យ៉ារេឌ​បង្រៀន​កូនចៅ​របស់​ពួកគេ​ឲ្យ​ដើរ​ចំពោះ​មុខព្រះអម្ចាស់​ដោយ​បន្ទាបខ្លួន

សូម​សង្ខេប អេធើរ 6:13–18 ដោយ​ការពន្យល់​ថា នៅពេល​ពួកសាសន៍​យ៉ារេឌ​បាន​មក​ដល់​ដែនដី​សន្យា នោះ​ពួកគេ​បាន​ចាប់ផ្ដើម​កសាង​គ្រួសារ​របស់​ពួកគេ និង​ដាំ​ដំណាំ​ជាច្រើន ។ សូម​ឲ្យ​សិស្ស​អាន អេធើរ 6:17 ដោយ​ស្ងាត់ស្ងៀម​ដោយ​រកមើល​អ្វី​ដែល​ពួកសាសន៍​យ៉ារេឌ​បានបង្រៀន​ដល់​កូនចៅ​របស់​ពួកគេ ។ បន្ទាប់មក សួរ​ពួកគេ​នូវ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាងណា « ដើម្បី​ដើរ​យ៉ាងរាបទាប​នៅចំពោះ​ព្រះអម្ចាស់ » ? តើ​ឧទាហរណ៍​ណាខ្លះ​ដែល​អ្នក​បាន​ឃើញ​ពី​មនុស្ស​ដែល​បាន​ធ្វើតាម​គោលការណ៍​នេះ ? តើ​ឪពុក​ម្ដាយ​របស់​អ្នក និង​អ្នកដទៃ​បាន​លើកទឹកចិត្ត​ដល់​អ្នក​ឲ្យ​ដើរ​យ៉ាងរាបទាប​នៅចំពោះ​ព្រះអម្ចាស់​ដោយ​របៀបណា ?

  • តើ​វា​មាន​ន័យ​យ៉ាងណា​ដើម្បី​ត្រូវបាន​បង្រៀន « ពី​ស្ថានលើ » ?

  • តើ​អ្នក​គិតដូចម្តេចដែរ អំពីទំនាក់ទំនង​រវាង​ការដើរ​យ៉ាងរាប​ទាប​នៅចំពោះ​ព្រះអម្ចាស់ និង​ការត្រូវបាន​បង្រៀន​ពី​ស្ថានលើ ? ( ចម្លើយ​របស់​សិស្ស​គួរ​ឆ្លុះបញ្ចាំង​អំពី​គោលការណ៍​ខាងក្រោម​នេះ ៖ ប្រសិនបើ​យើង​ដើរ​យ៉ាងរាបទាប​នៅចំពោះ​ព្រះអម្ចាស់ នោះ​យើង​នឹង​ត្រូវបាន​បង្រៀន​មកពី​ស្ថានលើ ) ។

អ្នក​អាច​សុំ​ឲ្យ​សិស្ស​សរសេរ​អំពី​គ្រា​មួយ នៅពេល​ដែល​ពួកគេ​បាន​មាន​អារម្មណ៍​ថា ពួកគេ « ត្រូវបាន​បង្រៀន​ពី​ស្ថានលើ » ។ សូម​អញ្ជើញ​ពួកគេ​ពីរ​បី​នាក់​ឲ្យ​ចែករំលែក​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ សូម​ឲ្យ​សិស្ស​ធ្វើ​តាម​គោលការណ៍​ដែល​បាន​កត់ត្រា​នៅក្នុងអេធើរ 6:17 ។

អេធើរ 6:19–30

ពួកសាសន៍​យ៉ារេឌ​ជ្រើសរើស​ស្ដេច

សូម​សង្ខេប អេធើរ 6:19–22 ដោយ​ការពន្យល់​ថា នៅពេល​លោក​យ៉ារេឌ និង​បងប្រុស​របស់​លោក​បាន​មាន​វ័យ​ចំណាស់​ទៅ ពួកសាសន៍​យ៉ារេឌ​បាន​សុំ​ឲ្យ​មាន​សេ្ដច​មួយ​អង្គ ។ សូម​ឲ្យ​សិស្ស​ស្រាវជ្រាវ​នៅក្នុង អេធើរ 6:23 ដើម្បី​រក​អ្វី ដែល​បងប្រុស​របស់​យ៉ារេឌ​បាន​ព្រមាន​ថា​នឹង​កើតឡើង ប្រសិនបើ​ពួកគេ​នឹង​ជ្រើសរើស​ស្ដេច​មួយ​នោះ ។

សូម​បញ្ចប់​ដោយ​ទីបន្ទាល់​របស់​អ្នក​អំពី​គោលការណ៍​នៅក្នុង​មេរៀន​នេះ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

អេធើរ 6:1–12 ។ ពួកសាសន៍​យ៉ារេឌ​ឆ្លងកាត់​មហា​សមុទ្រ​ដោយ​មាន​សុវត្ថិភាព

ប្រធាន ថូម៉ាស អេស ម៉នសុន​បាន​បង្រៀន​អំពី​របៀប​ដែល​យើង​អាច​រៀបចំ​ខ្លួន​ទទួល​ឧបសគ្គ​ដែល​នឹង​កើត​ឡើង​ចំពោះ​យើង ៖

« យើង​រស់នៅ​ក្នុង​ជំនាន់​មួយ ដែល​មនុស្ស​ជាច្រើន​នៅក្នុង​ពិភពលោក​បាន​ធ្លាក់​ចុះ​ពី​យុថ្កា​សុវត្ថិភាព​ដែល​មាន​ទាក់ទង​ទៅនឹង​បទបញ្ញត្តិ​ទាំងឡាយ ។ វា​គឺជា​សម័យបន្ធូរ​ពេកពន់ ជាសង្គម​ដែល​ពេញចិត្ត​ក្នុងការមិនគោរព​គ្នា​និង​រំលង​នូវ​ច្បាប់​របស់​ព្រះ ។ ជាញឹកញាប់ យើង​ឃើញ​ថា​ខ្លួនយើង​កំពុង​ហែល​បញ្រ្ចាស​ខ្សែ​ទឹកហូរ ហើយ​ពេលខ្លះ ខ្សែ​ទឹក​ហូរ​ហាក់​ដូចជាហូរ​ទាញ​​យើង​ចេញ​ទៅ ។

« ខ្ញុំ​ត្រូវ​បាន​រំលឹក​អំពី​ព្រះបន្ទូល​របស់​ព្រះ​អម្ចាស់ ដែល​មាន​នៅ​ក្នុង​សៀវភៅ​របស់​អេធើរ នៅ​ក្នុង​ព្រះគម្ពីរមរមន ។ ព្រះ​អម្ចាស់​បាន​មាន​បន្ទូល​ថា ‹ ដ្បិត​អ្នក​រាល់​គ្នា​មិន​អាច​ឆ្លង​កាត់​ទី​ជំរៅ​ដ៏​ធំ​នេះ​បាន​ទេ លើក​លែង​តែ យើង​រៀប​ចំ​ឲ្យ​អ្នក​តទល់​នឹង​រលក​នៃ​សមុទ្រ ហើយ​ខ្យល់​ដែល​បក់ នឹង​ទឹក​ជំនន់​ដែល​នឹង​មក › [អេធើរ 2:25] ។ បង​ប្អូន​ប្រុស​ស្រី​ទាំង​ឡាយ ទ្រង់​បាន​រៀប​ចំ​ យើង ។ បើ​យើង​ស្តាប់​តាម​ព្រះបន្ទូល​របស់​ទ្រង់ ហើយ​រស់​នៅ​តាម​ព្រះ​បញ្ញត្តិ យើង​នឹង​រស់​នៅ​ក្នុង​សម័យកាល​នៃ​ភាព​អណាធិបតេយ្យ​និង​អំពើ​អាក្រក់—​ជា​គ្រា​ដែល​អាច​យក​មក​ប្រៀប​ទៅ​នឹង​រលក និងខ្យល់ ហើយ​និង​ទឹក​ជំនន់ ដែល​អាច​បំផ្លាញ ។ ទ្រង់​គិត​អំពី​យើង​រាល់​គ្នា ។ ទ្រង់​ស្រឡាញ់​យើង ហើយ​នឹង​ប្រទានពរ​ដល់​យើង នៅពេល​យើង​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ » ( « Closing Remarks » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2009 ទំព័រ 109 ) ។

អេធើរ 6:22–24 ។ ពួកសាសន៍​យ៉ារេឌ​ជ្រើសរើស​ស្ដេច

ពាសពេញក្នុងព្រះគម្ពីរ ព្យាការី​ទាំងឡាយ​បាន​ព្រមាន​អំពី​គ្រោះថ្នាក់​នៃ​ការមាន​ស្ដេច ។ សូម​ពិចារណា​អំពី​គំរូ​ខាងក្រោម​នេះ ៖

  1. បងប្រុស​របស់​យ៉ារេឌ​បាន​ព្រមាន​ប្រជាជន​របស់​លោក​ថា ការមាន​ស្ដេច​នឹង​ដឹកនាំ​ពួកគេ​ឲ្យ​ធ្លាក់​ទៅក្នុង​ការជាប់​ឃុំឃាំង ( សូមមើល អេធើរ 6:23) ។

  2. ស្ដេច​ម៉ូសាយ​បាន​ព្រមាន​ប្រជាជន​របស់​ទ្រង់​អំពី ភាព​គ្រោះថ្នាក់​នៃ​ការត្រូវបាន​ដឹកនាំ​ដោយ​ស្ដេច​ដែល​មិន​សុចរិត ។ ទ្រង់​បាន​ណែនាំ​ ពួកគេ​គួរ​តែ​បង្កើត​នូវ​ប្រព័ន្ធ​នៃ​សេចក្ដីយុត្តិធម៌​មួយ ។ ( សូម​មើល ម៉ូសាយ 29) ។

  3. ព្យាការី​សាំយូអែល​ក្នុង​ព្រះគម្ពីរសញ្ញាចាស់​បាន​ព្រមាន​អំពី​បញ្ហា​នៃ​ការគ្រប់គ្រង​របស់​ស្ដេច នៅពេល​ប្រជាជន​របស់​លោក​ចង់​មាន​ស្ដេច​មួយ​អង្គ​ដែល​ពួកគេ​អាច​ក្លាយ « ដូចជា​សាសន៍​ទាំងអស់ » ( សូមមើល សាំយូអែលទី 1 8 ) ។

បោះពុម្ព