មេរៀនទី 122
នីហ្វៃទី 3 12
សេចក្តីផ្ដើម
ព្រះយេស៊ូវគ្រីស្ទបានបង្រៀនដល់ពួកសាសន៍នីហ្វៃអំពីរបៀបដើម្បីទទួលបានពរជ័យនៃដំណឹងល្អរបស់ទ្រង់ និងបានណែនាំពួកគេឲ្យមានឥទ្ធិពលដល់អ្នកដទៃចំពោះការណ៍ល្អ ។ ទ្រង់ប្រកាសថា ទ្រង់បានបំពេញច្បាប់របស់ម៉ូសេ ហើយទ្រង់បានប្រទានដល់ប្រជាជននូវច្បាប់ដ៏ខ្ពស់ជាងដើម្បីរៀបចំពួកគេឲ្យក្លាយដូចជាទ្រង់ និងព្រះវរបិតាដែលគង់នៅស្ថានសួគ៌របស់យើង ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី 3 12:1–12
ព្រះយេស៊ូវគ្រីស្ទបង្រៀនដល់ហ្វូងមនុស្សអំពីពរជ័យដែលយើងទទួលបាន នៅពេលយើងរស់នៅតាមដំណឹងល្អរបស់ទ្រង់
សូមសរសេរសំណួរខាងក្រោមនៅលើក្ដារខៀនមុនចាប់ផ្ដើមបង្រៀន ៖
នៅពេលចាប់ផ្ដើមមេរៀននេះ សូមឲ្យសិស្សសញ្ជឹងគិតអំពីសំណួរទាំងនេះ ។ សូមឲ្យពួកគេគិតពីសំណួរនេះពេញមួយមេរៀននេះ ។
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 12:483 ឮៗ ។ សូមបង្ហាញថា នេះគឺជាវគ្គចំណេះចំណានខព្រះគម្ពីរ ។ អ្នកអាចណែនាំថា សិស្សគួរគូសចំណាំវគ្គនេះដើម្បីឲ្យងាយស្រួលនឹងរកឃើញវា ។
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រ័សុល អិម ណិលសុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់អំពីព្រះបញ្ញត្តិដើម្បីបានល្អឥតខ្ចោះ ៖
« យើងមិនត្រូវអាក់អន់ចិត្ត ប្រសិនបើការព្យាយាមទៅកាន់ភាពល្អឥតខ្ចោះ ហាក់ដូចជាយ៉ាប់យ៉ឺន [ ពិបាក ] និងមិនចេះចប់មិនចេះហើយនោះ ។ ភាពល្អឥតខ្ចោះគឺជាការរង់ចាំ ។ យើងអាចទទួលបានពេញលេញតែក្រោយពីការរស់ឡើងវិញ និងតែតាមរយៈព្រះអម្ចាស់ប៉ុណ្ណោះ ។ ការល្អឥតខ្ចោះរង់ចាំដល់អ្នកទាំងឡាយណាដែលស្រឡាញ់ទ្រង់ ហើយកាន់តាមព្រះបញ្ញត្តិរបស់ទ្រង់» ( « Perfection Pending » Ensign, ខែ វិច្ឆិកា ឆ្នាំ 1995, ទំព័រ 88 ) ។
-
តើអ្នកគិតថា ហេតុអ្វីបានជាការឥតខ្ចោះអាចមក « តែតាមរយៈព្រះអម្ចាស់ » ?
សូមរំឭកសំណួរបីនៅពេលចាប់ផ្ដើមមេរៀននេះ ។ សូមសួរសិស្សថា តើពួកគេអាចនឹងផ្លាស់ប្ដូរចម្លើយរបស់គេចំពោះសំណួរទាំងនោះទេ ក្រោយពីការអាន នីហ្វៃទី 3 12:48 និងការស្ដាប់ការពន្យល់របស់អែលឌើរ ណិលសុន ហើយ ។ សូមជួយសិស្សឲ្យយល់ថា ព្រះវរបិតាសួគ៌មិនរំពឹងឲ្យយើងឥតខ្ចោះ កាលមានជីវិតលើផែនដីនោះទេ ប៉ុន្ដេនៅពេលយើងខិតខំយ៉ាងឧស្សាហ៍ព្យាយាមកាន់តាមព្រះបញ្ញត្តិទាំងឡាយ និងនៅពេលយើងទុកចិត្តទៅលើដង្វាយធួន នោះយើងអាចនឹងល្អឥតខ្ចោះនៅទីបញ្ចប់ ។
សូមសរសេរពាក្យថា ត្រូវបានប្រទានពរ នៅលើក្ដារខៀន ។ សូមឲ្យសិស្សអាន នីហ្វៃទី 3 12:1–12 ដោយស្ងាត់ស្ងៀមដោយរកមើលឥរិយាបទដែលព្រះអង្គសង្គ្រោះសុំឲ្យយើងកែប្រែ ព្រមទាំងពរជ័យទាំងឡាយដែលទ្រង់សន្យានឹងប្រទានជាលទ្ធផល ។
-
តើពរជ័យអ្វីខ្លះដែលបានមកក្នុងជីវិតរបស់អ្នក ជាលទ្ធផលនៃការរស់នៅតាមការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុង នីហ្វៃទី 3 12:1–12 ?
សូមបង្ហាញពីភាពញឹកញាប់នៃពាក្យថា ត្រូវបានប្រទានពរ មាននៅក្នុងខគម្ពីរទាំងនេះ ។ សូមចែកចាយទីបន្ទាល់អ្នកអំពីរបៀបដែលអ្នកត្រូវបានប្រទានពរ នៅពេលអ្នកបានរស់នៅតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ។
សូមឲ្យសិស្សសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់អំពីពរជ័យមួយដែលពួកគេចង់បានដូចដែលបានរៀបរាប់នៅក្នុង នីហ្វៃទី 3 12:1–12 ។ សូមពួកគេសរសេរនូវឥរិយាបទដែលពួកគេត្រូវកែប្រែដើម្បីទទួលបាននូវពរជ័យនោះ ។ បន្ទាប់មក សូមឲ្យពួកគេសរសេរអ្វីដែលពួកគេនឹងធ្វើដើម្បីកែប្រែឥរិយាបទនោះ ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយនូវអ្វីដែលពួកគេបានសរសេរ និងពីមូលហេតុ ។
នីហ្វៃទី3 12:13–16
ព្រះអង្គសង្គ្រោះដាស់តឿនដល់ហ្វូងមនុស្សឲ្យធ្វើជាគំរូដ៏សុចរិតដល់ពិភពលោក
សូមបង្ហាញក្រឡអំបិល ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលផលប្រយោជន៍នៃអំបិល ។ នៅពេលសិស្សឆ្លើយ សូមប្រាកដថា បានពន្យល់ថា អំបិលបន្ថែមរសដល់អាហារ ហើយថាវាជាគ្រឿងប្រឡាក់មិនឲ្យសាច់ស្អុយ ។ អ្នកក៏អាចនឹងពន្យល់ថា នៅក្រោមច្បាប់ម៉ូសេ ពួកសង្ឃត្រូវបានបញ្ជាឲ្យផ្ដល់អំបិលជាមួយនឹងការថ្វាយយញ្ញបូជារបស់ពួកគេ ( សូមមើល លេវីវិន័យ 2:13 ) ។ ហេតុដូច្នេះហើយ អំបិលគឺជាសញ្ញាមួយនៃសេចក្ដីសញ្ញារវាងព្រះអម្ចាស់ និងប្រជាជនរបស់ទ្រង់ ។
សូមឲ្យសិស្សអាន នីហ្វៃទី 3 12:13 ដោយស្ងាត់ស្ងៀម និងរកមើលអ្នកដែលព្រះអង្គសង្គ្រោះបានប្រៀបធៀបទៅនឹងអំបិល ។ នៅពេលសិស្សឆ្លើយ សូមពន្យល់ថា ព្រះអង្គសង្គ្រោះសំដៅមិនត្រឹមតែសំដៅលើហ្វូងមនុស្សនៅឯព្រះវិហារបរិសុទ្ធនៅថ្ងៃនោះប៉ុណ្ណោះទេ គឺថែមទាំងទៅដល់អស់អ្នកទាំងឡាយណាដែលត្រូវបានជ្រមុជទឹកចូលក្នុងសាសនាចក្ររបស់ទ្រង់ និងរស់នៅតាមដំណឹងល្អរបស់ទ្រង់ទៀតផង ។
-
ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ តើយើងអាចក្លាយដូចជាអំបិលតាមវិធីណា ? ( យើងត្រូវជួយរក្សា ឬសង្គ្រោះប្រជាជន និងត្រូវពង្រឹងពិភពលោកដោយការមានឥទ្ធិពលលើអ្នកដទៃដោយអំពើល្អ ) ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដែលអំបិលនឹងត្រូវបាត់បង់រសជាតិរបស់វានោះ ?
នៅពេលសិស្សពិភាក្សាពីសំណួរនេះ អ្នកអាចអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ខាឡូស អ៊ី. អាសាយ នៃក្រុមចិតសិបនាក់ ៖
« អំបិលនឹងមិនបាត់បង់រសរបស់វាតាមពេលវេលានោះទេ ។ រសជាតិត្រូវបាត់បង់តាមរយៈការលាយ និងការបំពុល ។ … រសជាតិ និងគុណភាពចាកចេញពីមនុស្ស នៅពេលគេបំពុលគំនិតរបស់គេដោយគំនិតមិនស្អាតស្អំ ពោលពាក្យប្រមាថដោយការនិយាយកុហក់ និងអនុវត្តកម្លាំងរបស់គេខុសទៅលើការធ្វើអំពើអាក្រក់ » ( « Salt of the Earth: Savor of Men and Saviors of Men » Ensign, ខែ ឧសភា ឆ្នាំ 1980, ទំព័រ 42 ) ។
-
ហេតុអ្វីបានជាយើងត្រូវតែបរិសុទ្ធដើម្បីមានឥទ្ធិពលលើអ្នកដទៃចំពោះការណ៍ល្អ ?
សូមពន្យល់ថា ព្រះអង្គសង្គ្រោះបានប្រើនិមិត្តសញ្ញាផ្សេងទៀតដើម្បីបង្រៀនពីរបៀបដែលសមាជិកក្នុងសេចក្តីសញ្ញានៃសាសនាចក្ររបស់ទ្រង់គួរមានឥទ្ធិពលលើអ្នកដទៃចំពោះការណ៍ល្អ ។ សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 12:14–16 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលពីរបៀបដែលព្រះអង្គសង្គ្រោះបានប្រើពន្លឺដើម្បីបង្រៀនពីតួនាទីរបស់រាស្ត្រនៃសេចក្តីសញ្ញារបស់ទ្រង់នៅក្នុងពិភពលោកនេះ ។ មុនពេលសិស្សអាន អ្នកអាចពន្យល់ថា កញ្ជើគឺជាកន្ដ្រកមួយ ។
-
តើសមាជិកនៃសាសនាចក្រអាចក្លាយជាពន្លឺដល់អ្នកដទៃដោយរបៀបណា ? តើអ្នកគិតថា វាមានន័យយ៉ាងណាដើម្បីឲ្យពន្លឺរបស់យើងចែងចាំងឡើង ? ( នៅពេលសិស្សឆ្លើយនឹងសំណួរនេះ សូមជួយពួកគេឲ្យឃើញពីរបៀបដែលគំរូរបស់ពួកគេចំពោះការរស់នៅដ៏សុចរិតអាចជួយដល់មនុស្សផ្សេងទៀត ) ។
-
តើសមាជិកសាសនាចក្រខ្លះអាចគ្របពន្លឺរបស់គេយ៉ាងដូចម្ដេច ?
-
យោងតាម នីហ្វៃទី 3 12:16 តើហេតុអ្វីបានជាព្រះអង្គសង្គ្រោះចង់ឲ្យយើងបំភ្លឺពន្លឺរបស់យើង ? ( នៅពេលយើងធ្វើជាគំរូដ៏សុចរិត នោះយើងអាចជួយដល់អ្នកដទៃឲ្យតម្កើងដល់ព្រះវរបិតាសួគ៌ ។ អ្នកអាចណែនាំថា សិស្សគួរសរសេរគោលការណ៍នេះជាសម្ដីរបស់គេផ្ទាល់នៅក្នុងព្រះគម្ពីររបស់គេ ) ។
-
តើគំរូដ៏សុចរិតរបស់នរណាដែលបានជួយអ្នកឲ្យខិតកាន់តែជិតទៅរកព្រះវរបិតាសួគ៌ និងពង្រឹងបំណងរបស់អ្នកក្នុងការរស់នៅតាមដំណឹងល្អ ?
សូមឲ្យសិស្សសញ្ជឹងគិតពីគំរូដែលពួកគេបានធ្វើដល់អ្នកដែលនៅជុំវិញខ្លួនគេ ។ សូមលើកទឹកចិត្តពួកគេឲ្យគិតអំពីរបៀបដែលពួកគេអាចជួយអ្នកដទៃឲ្យបង្កើនសេចក្ដីស្រឡាញ់របស់គេទៅលើព្រះវរបិតាសួគ៌ និងជម្រុញបំណងរបស់គេដើម្បីធ្វើតាមទ្រង់កាន់តែខ្លាំង ។
នីហ្វៃទី3 12:17–48
ព្រះយេស៊ូវគ្រីស្ទបង្រៀនដល់ហ្វូងមនុស្សអំពីក្រិត្យវិន័យដ៏ខ្ពស់ដែលនឹងជួយពួកគេឲ្យក្លាយដូចជាទ្រង់ និងព្រះវរបិតាសួគ៌
សូមពន្យល់ថា ព្រះអង្គសង្គ្រោះបានបន្ដបង្រៀនដល់ពួកសាសន៍នីហ្វៃពីរបៀបដើម្បីមកកាន់ទ្រង់ និងចូលទៅក្នុងនគរស្ថានសួគ៌ ។ សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 12:19–20 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលពាក្យមួយដែលសរសេរច្រើនដងនៅក្នុងខគម្ពីរទាំងនេះ ។
-
តើពាក្យសំខាន់អ្វីដែលព្រះអង្គសង្គ្រោះទ្រង់បានប្រើបីដង សម្រាប់ជាផ្នែកនៃការអញ្ជើញឲ្យមករកទ្រង់នេះ ? ( ព្រះបញ្ញត្តិ ) ។
សូមពន្យល់ថា នីហ្វៃទី 3 12:21–47 រួមមានព្រះបញ្ញត្តិជាក់លាក់ខ្លះដែលព្រះអង្គសង្គ្រោះបានប្រទានដែលនឹងជួយយើងឲ្យមករកទ្រង់ ហើយកាន់តែក្លាយដូចជាទ្រង់ ។ នៅពេលទ្រង់បានបង្រៀនពីព្រះបញ្ញត្តិទាំងនេះដល់ពួកសាសន៍នីហ្វៃ ទ្រង់បានសំដៅទៅលើបញ្ញត្តិដែលជាផ្នែកនៃក្រិត្យវិន័យរបស់ម៉ូសេ ហើយបន្ទាប់មកបានបង្រៀនអំពីច្បាប់ដ៏ខ្ពស់ជាង ។ ទ្រង់បានសំដៅលើការយល់ដឹងតាមបែបប្រពៃណី អំពីក្រិត្យវិន័យរបស់ម៉ូសេ នៅពេលទ្រង់បានប្រើឃ្លាដូចជា « សេចក្ដីដែលមនុស្សពីបុរាណបានថ្លែង » និង « បានចែងទុកមកថា » ។ នៅពេលទ្រង់បានមានបន្ទូលថា « ប៉ុន្ដែយើងប្រាប់អ្នករាល់គ្នាថា » នោះទ្រង់បានបង្ហាញពីរបៀបដែលទ្រង់ចង់ឲ្យយើងកាន់តាមព្រះបញ្ញត្តិនោះនាសព្វថ្ងៃនេះ ។
ដើម្បីជួយសិស្សឲ្យសិក្សាពីខគម្ពីរទាំងនេះ សូមគូសតារាងខាងក្រោមដាក់លើក្ដារខៀន ។ សូមបំបែកសិស្សទៅជាបួនក្រុម ។សូមដាក់កិច្ចការមួយជួរដល់ក្រុមនីមួយៗ ក្នុងតារាង ហើយសូមឲ្យពួកគេអានខគម្ពីរដែលអមមកជាមួយ ហើយឆ្លើយនឹងសំណួរ ។
តើការយល់ដឹងបែបប្រពៃណីពីក្រិត្យវិន័យរបស់ម៉ូសេជាអ្វី ? |
តើព្រះអង្គសង្គ្រោះបានណែនាំយើងឲ្យរស់នៅដោយរបៀបណា ? |
តើយុវជន ឬយុវនារីអាចធ្វើអ្វីខ្លះដើម្បីអនុវត្តការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ? |
---|---|---|
ចំពោះអត្ថប្រយោជន៍ដែលសិស្សអាន នីហ្វៃទី 3 12:22 អ្នកអាចពន្យល់ថា អាចោរម្សៀត គឺជាពាក្យប្រមាថ ឬចំអក ដែលបង្ហាញពីការស្អប់ខ្ពើម ឬការមើលងាយ ( សូមមើល ម៉ាថាយ 5:22 ) ។ អ្នកក៏អាចពន្យល់ថា អែលឌើរ ដេវីឌ អ៊ី. សូរិនសុន នៃក្រុមចិតសិបនាក់បានបង្រៀនថាឃ្លា « ព្រមព្រៀងជាមួយនឹងអ្នកដើមចោទអ្នកជាប្រញាប់ » ( នីហ្វៃទី 3 12:25 ) មានន័យថា « ដោះស្រាយភាពខុសគ្នារបស់យើងភ្លាមៗ ក្រែងចំណង់នៃពេលនោះទាក់ទាញទៅក្នុងភាពសាហាវខាងសាច់ឈាម ឬស្មារតី ហើយយើងធ្លាក់ជាចំណាប់ខ្មាំងនៃកំហឹងរបស់យើង » ( « Forgiveness Will Change Bitterness to Love » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2003 ទំព័រ 11 ) ។
នៅពេលសិស្សបានសិក្សាខគម្ពីរដែលដាក់ឲ្យគេហើយ សូមឲ្យក្រុមនីមួយៗរៀបរាប់ពីចម្លើយរបស់គេ ។ អ្នកអាចឲ្យពួកគេសរសេរចម្លើយរបស់ពួកគេនៅក្នុងតារាងនៅលើក្ដារខៀន ។
-
តើអ្វីដែលហាក់ដូចជាបានផ្លាស់ប្ដូររវាងក្រិត្យវិន័យរបស់ម៉ូសេ និងក្រិត្យវិន័យដ៏ខ្ពស់ដែលបានបង្រៀនដោយព្រះយេស៊ូវគ្រីស្ទ ?
អ្នកអាចបង្ហាញថា ក្រិត្យវិន័យដ៏ខ្ពស់ផ្ដោតខ្លាំងទៅលើបំណង គំនិត និងការលើកទឹកចិត្តរបស់យើង ជាជាងសំបកក្រៅរបស់យើង ។
-
នៅពេលយើងខិតខំក្លាយទៅជាឥតខ្ចោះ ហេតុអ្វីបានជាវាសំខាន់ដើម្បីផ្ដោតទៅលើបំណង គំនិត និងការលើកទឹកចិត្តយើង ?
សូមឲ្យសិស្សជ្រើសរើសការបង្រៀនមួយរបស់ព្រះអង្គសង្គ្រោះនៅក្នុង នីហ្វៃទី 3 12 និងសរសេរឲ្យបានមួយកថាខ័ណ្ឌអំពីរបៀបដែលពួកគេនឹងពង្រឹងលើផ្នែកនោះ ។
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 12:19–20 ឮៗ ។ សូមជួយសិស្សឲ្យយល់ថា តាមរយៈការប្រែចិត្ត និងការខិតខំដោយឧស្សាហ៍ព្យាយាម ដើម្បីកាន់តាមព្រះបញ្ញត្តិដែលព្រះអង្គសង្គ្រោះបានបង្រៀន នោះយើងអាចក្លាយជាឥតខ្ចោះតាមរយៈដង្វាយធួន ហើយ « ចូលទៅក្នុងនគរស្ថានសួគ៌ » ( នីហ្វៃទី 3 12:20 ) ។
ក្រោយពីសិស្សបានបញ្ចប់សកម្មភាពទាំងនេះហើយ សូមឲ្យពួកគេចែកចាយអ្វីដែលមានអត្ថន័យបំផុតចំពោះពួកគេ ។ សូមសង្ខេបជំពូកនេះ ដោយសរសេរគោលការណ៍ខាងក្រោមនៅលើក្ដារខៀន ៖ នៅពេលយើងមកកាន់ព្រះគ្រីស្ទ ហើយកាន់តាមព្រះបញ្ញត្តិរបស់ទ្រង់ យើងអាចក្លាយដូចជាទ្រង់ និងព្រះវរបិតាដែលគង់នៅឯស្ថានសួគ៌របស់យើង ដែលទ្រង់បានឥតខ្ចោះ ។ សូមរំឭកសិស្សថា ដើម្បីទទួលបានកម្រិតណាមួយ នៃភាពឥតខ្ចោះ យើងត្រូវតែពឹងផ្អែកលើដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ សូមឲ្យសិស្សសរសេរអំពីរបៀបមួយ ឬពីរដែលពួកគេនឹងអនុវត្តតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ដែលពួកគេបានរៀននាថ្ងៃនេះ ។ សូមបញ្ចប់ដោយការចែកចាយទីបន្ទាល់របស់អ្នកអំពីគោលការណ៍ដែលអ្នកបានសរសេរនៅលើក្ដារខៀន ។