មេរៀនទី 137
មរមន 1–2
សេចក្តីផ្ដើម
ទោះបីជាលោកមរមនបានធំឡើងនៅក្នុងសម័យដែលមានអំពើទុច្ចរិតច្រើនក្រាស់ក្រៃក្ដី ក៏លោកបានជ្រើសរើសធ្វើជាមនុស្សស្មោះត្រង់ដែរ ។ ដោយសារតែសេចក្ដីស្មោះត្រង់របស់លោក លោកត្រូវបានប្រាប់ថា លោកនឹងត្រូវទទួលបន្ទុកលើបញ្ជីដ៏ពិសិដ្ឋរបស់ប្រជាជននាពេលក្រោយនៃជីវិតរបស់លោកដែរ ។ នៅអាយុ 15 ឆ្នាំ លោកបាន « ជួបនឹងព្រះអម្ចាស់ » ( មរមន 1:15 ) ។ លោកបានប្រាថ្នាជួយដល់ពួកសាសន៍នីហ្វៃឲ្យប្រែចិត្ត ប៉ុន្ដែដោយសារតែការបះបោរដ៏ខ្លាំងរបស់ពួកគេ នោះលោកត្រូវបានព្រះអម្ចាស់ហាមឃាត់មិនឲ្យបង្រៀនពួកគេ ។ នៅវ័យដ៏ក្មេងនេះ លោកត្រូវបានតែងតាំងដើម្បីឲ្យដឹកនាំកងទ័ពពួកសាសន៍នីហ្វៃ ។ ដោយសារពួកសាសន៍នីហ្វៃជាច្រើនបានបាត់បង់ព្រះវិញ្ញាណបរិសុទ្ធ និងអំណោយទានផ្សេងទៀតពីព្រះ នោះពួកគេត្រូវបានទុកឲ្យប្រយុទ្ធនឹងចម្បាំងដោយកម្លាំងរបស់ខ្លួនគេផ្ទាល់ប្រឆាំងនឹងពួកសាសន៍លេមិន ។
យោបល់សម្រាប់ការបង្រៀន
មរមន 1:1–5
លោកមរមនដឹងថា នៅថ្ងៃណាមួយលោកនឹងត្រូវទទួលបន្ទុកលើបញ្ជីដ៏ពិសិដ្ឋរបស់ពួកសាសន៍នីហ្វៃ
សូមសរសេរសំណួរខាងក្រោមនៅលើក្ដារខៀន មុនពេលចាប់ផ្ដើមបង្រៀនដើម្បីឲ្យសិស្សអាចគិតអំពីសំណួរនេះ នៅពេលពួកគេមកដល់ថ្នាក់ ៖ តើអ្នកមានអារម្មណ៍យ៉ាងណា នៅពេលមនុស្សផ្សេងហៅអ្នកថាជាពួកមរមន ?
នៅពេលចាប់ផ្ដើមថ្នាក់ សូមឲ្យសិស្សឆ្លើយនឹងសំណួរនៅលើក្ដារខៀន ។ ក្រោយពីពួកគេបានពិភាក្សាពីសំណួរនេះហើយ សូមឲ្យសិស្សម្នាក់អាននូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ៖
« ទោះពេលខ្លះខ្ញុំសោកស្ដាយដែលមានមនុស្សខ្លះមិនហៅសាសនាចក្រនេះតាមឈ្មោះត្រឹមត្រូវយ៉ាងណាក្តី តែខ្ញុំរីករាយដែលឈ្មោះខ្លីដែលពួកគេប្រើនេះគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់មួយដែលបានបង្កើតដោយបុរសដ៏អស្ចារ្យម្នាក់ និងគម្ពីរមួយដែលផ្ដល់នូវទីបន្ទាល់ដ៏ឥតប្រៀបផ្ទឹមទាក់ទងទៅនឹងព្រះប្រោសលោះនៃពិភពលោកនេះ ។
« អ្នកណាដែលបានស្គាល់បុរសឈ្មោះ មរមន នេះ តាមរយៈការអាន និងការសញ្ជឹងគិតពីប្រសាសន៍របស់លោក អ្នកណាដែលអានគម្ពីរដ៏មានតម្លៃនៃប្រវត្តិសាស្ដ្រនេះ ដែលបានប្រមូល និងរក្សាទុកជាច្រើនផ្នែកដោយសារលោក នោះគេនឹងដឹងថា មរមន គឺមិនមែនជាពាក្យនៃការប្រមាថនោះទេ ប៉ុន្ដែថាវាតំណាងឲ្យការល្អដ៏អស្ចារ្យ —ការល្អដែលចេញពីព្រះ » ( « Mormon Should Mean ‘More Good ’ » Ensign, ខែ វិច្ឆិកា ឆ្នាំ 1990, ទំព័រ 52–53 ) ។
ដើម្បីជួយសិស្សឲ្យយល់ពីបរិបទនៃ មរមន 1–2 សូមពន្យល់ថា 320 ឆ្នាំក្រោយពីព្រះអង្គសង្គ្រោះបានយាងមកជួបនឹងពួកសាសន៍នីហ្វៃ មនុស្សស្ទើរគ្រប់គ្នានៅលើដែនដីបានរស់នៅក្នុងភាពទុច្ចរិត ។ នៅអំឡុងពេលនេះ អាំម៉ូរ៉ុន ដែលជាបុរសសុចរិតបានបម្រើជាអ្នករក្សាកំណត់ត្រាម្នាក់ ត្រូវបាន « បង្ខិតបង្ខំដោយព្រះវិញ្ញាណបរិសុទ្ធបានលាក់នូវបញ្ជីដ៏ពិសិដ្ឋទាំងនេះ » ( សូមមើល នីហ្វៃទី 4 1:47–49 ) ។ ក្នុងពេលប្រហែលគ្នានេះដែរ អាំម៉ូរ៉ុនបានទៅជួបនឹងក្មេងប្រុសអាយុ 10 ឆ្នាំម្នាក់ឈ្មោះ មរមន ហើយបានណែនាំគាត់អំពីការទទួលខុសត្រូវនាពេលអនាគតរបស់គាត់លើបញ្ជីទាំងនេះ ។
សូមឲ្យសិស្សអាន មរមន 1:2 ស្ងាត់ៗ ដោយរកមើលពាក្យ និងឃ្លាដែលអាំម៉ូរ៉ុនបានប្រើដើម្បីរៀបរាប់ពីលោក មរមន ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។ សូមសរសេរឈ្មោះ មរមន នៅលើក្ដារខៀន ហើយសរសេរនូវចម្លើយរបស់គេនៅពីក្រោមវា ។ អ្នកអាចត្រូវពន្យល់ថាពាក្យ ដ៏ម៉ឺងម៉ាត់ មានន័យថា ស្ងាត់ស្ងៀម ម៉ត់ចត់ និងគិតគូរវែងឆ្ងាយ ។
-
តើអ្នកគិតថា យើងគួរតែម៉ឺងម៉ាត់ក្នុងការណ៍អ្វីខ្លះ ? ( ចម្លើយអាចរួមមាន ការបម្រើ និងការទទួលទានសាក្រាម៉ង់ ការសិក្សាព្រះគម្ពីរ ភាពបរិសុទ្ធ និងការនិយាយ និងថ្លែងពីព្រះអង្គសង្គ្រោះ ) ។ ហេតុអ្វីបានជាយើងគួរតែម៉ឺងម៉ាត់អំពីរឿងទាំងនេះ ?
សូមពន្យល់ថា មនុស្សម្នាក់អាចម៉ឺងម៉ាត់ និងនៅតែមានការរីករាយ និងសំណើច ។ ទោះជាយ៉ាងណាក្ដី មនុស្សម៉ឺងម៉ាត់ម្នាក់យល់ពីពេលដែលត្រូវលេងសើច និងពេលដែលត្រូវម៉ត់ចត់ ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដើម្បី « ចេះសង្កេតដោយឆាប់រហ័ស » ?
ជាផ្នែកនៃការពិភាក្សានេះ សូមឲ្យសិស្សម្នាក់អានការពន្យល់ខាងក្រោមដោយអែលឌើរ ដាវីឌ អេ បែដណា ជាកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« នៅពេលយើងចេះសង្កេតដោយឆាប់រហ័ស យើងនឹងត្រូវបំផុសឲ្យមើល ឬកត់ចំណាំ និងគោរពតាម ។ មូលដ្ឋានគ្រឹះទាំងពីរនេះ —ទាំងការមើល និងការគោរពតាម— គឺសំខាន់ដើម្បីចេះសង្កេតដោយឆាប់រហ័ស ។ ហើយព្យាការី មរមន គឺជាគំរូដ៏អស្ចារ្យមួយនៃការអនុវត្តអំណោយទាននេះ ។ …
« … អំណោយទានខាងព្រះវិញ្ញាណនៃការចេះសង្កេតដោយឆាប់រហ័ស គឺសំខាន់ជាខ្លាំងសម្រាប់យើងនៅក្នុងពិភពលោកមួយដែលយើងរស់នៅនាពេលនេះ និងនឹងរស់នៅនាពេលខាងមុខ » ( « Quick to Observe » Ensign, ខែ ធ្នូ 2006, ទំព័រ 34 ) ។
-
តើសមត្ថភាពដើម្បីមើល និងគោរពតាមការណែនាំរបស់ព្រះអម្ចាស់យ៉ាងឆាប់រហ័សអាចជួយយើងដោយរបៀបណា ?
សូមឲ្យសិស្សសរសេរនៅក្នុងសៀវភៅសរសេរ ឬក្នុងកំណត់ហេតុការសិក្សាព្រះគម្ពីរអំពីអ្វីមួយដែលពួកគេគួរតែម៉ត់ចត់ជាងនេះ— អ្វីមួយដែលពួកគេគួរកាន់តែម៉ឺងម៉ាត់ ។ សូមឲ្យពួកគេសរសេរពីការដឹកនាំពីព្រះអម្ចាស់ដែល ពួកគេអាចគោរពតាមបានដោយល្អជាងនេះផងដែរ ។ សូមលើកទឹកចិត្តសិស្សឲ្យខិតខំធ្វើការដោយម៉ឺងម៉ាត់ និងចេះសង្កេតដោយឆាប់រហ័សជាងនេះ ។
សូមឲ្យសិស្សម្នាក់អាន មរមន 1:3–5 ឮៗហើយសូមឲ្យសិស្សក្នុងថ្នាក់រកមើលការណែនាំរបស់អាំម៉ូរ៉ុនដល់លោកមរមន ។
-
តើអាំម៉ូរ៉ុនបានសុំឲ្យមរមនធ្វើអ្វី ?
-
តើអ្នកគិតថា ហេតុអ្វីបានជាលោកមរមនត្រូវតែម៉ឺងម៉ាត់ និងចេះសង្កេតដោយឆាប់រហ័សដើម្បីបំពេញតាមការទទួលខុសត្រូវទាំងនេះ ?
មរមន 1:6–19
ដោយសារតែការបះបោរដោយចេតនារបស់ប្រជាជន ព្រះអម្ចាស់ហាមលោកមរមនមិនឲ្យបង្រៀនពួកគេ
សូមសួរសិស្សថា តើពួកគេធ្លាប់បានបាត់បង់អ្វីមួយដែលពួកគេស្រឡាញ់ ឬមានអ្វីមួយដ៏មានតម្លៃដែលត្រូវបានគេយកទេ ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយពីបទពិសោធន៍ទាំងនេះ ។
សូមសង្ខេប មរមន 1:6–12 ដោយការពន្យល់ថា ខណៈពេលដែលលោកមរមននៅក្នុងវ័យយុវវ័យរបស់លោក លោកបានថ្លែងជាសាក្សីពីសង្រ្គាមមួយចំនួនរវាងពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន ។ លោកក៏បានធ្វើជាសាក្សីពីការរីករាលដាលនៃអំពើទុច្ចរិតនៅក្នុងចំណោមប្រជាជនទាំងឡាយនៅលើដែនដីដែរ ។
សូមពន្យល់ថា ដោយសារសាសន៍នីហ្វៃបានធ្លាក់ខ្លួនទុច្ចរិតបំផុត ពួកគេបានបាត់បង់អំណោយទានដ៏មានតម្លៃពីព្រះអម្ចាស់ ។ សូមបំបែកសិស្សជាពីរក្រុម ។ សូមចាត់ឲ្យក្រុមទីមួយអាន មរមន 1:13–14, 18 ស្ងាត់ៗ ដោយរកមើលអំណោយទានដែលព្រះអម្ចាស់បានចាប់ផ្ដើមដកចេញពីពួកសាសន៍នីហ្វៃ ។ សូមចាត់ឲ្យក្រុមទីពីរអាន មរមន 1:14, 16–17, 19 ដោយរកមើលមូលហេតុដែលព្រះអម្ចាស់បានយកអំណោយទានទាំងនេះចេញពីពួកសាសន៍នីហ្វៃ ។ សូមឲ្យសិស្សពីក្រុមនីមួយៗចែកចាយគំហើញរបស់គេដល់សិស្សក្នុងថ្នាក់ ។
-
យោងតាម មរមន 1:13–14 តើមានអ្វីកើតឡើង នៅពេលប្រជាជនបះបោរ ហើយបែរចេញពីព្រះអម្ចាស់ ? ( សិស្សអាចឆ្លើយផ្សេងៗគ្នា ។ សូមគិតពីការសង្ខេបចម្លើយរបស់គេ ដោយការសរសេរនូវសេចក្ដីពិតខាងក្រោមនៅលើក្ដារខៀនថា ៖ នៅពេលប្រជាជនប្រែជាទុច្ចរិត ហើយលែងជឿលើព្រះ ពួកគេបាត់បង់អំណោយទានខាងព្រះវិញ្ញាណ ដែលពួកគេបានទទួលពីព្រះអម្ចាស់ ហើយមិនអាចទទួលបាននូវឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធបានឡើយ ) ។
សូមបង្ហាញថា ការបះបោររបស់ពួកសាសន៍នីហ្វៃគឺខ្លាំងក្លា ។ ទោះជាយ៉ាងណាក្ដី គោលការណ៍នេះអនុវត្តចំពោះយើងរៀងៗខ្លួន នៅពេលយើងមិនគោរពប្រតិបត្តិតាមព្រះបញ្ញត្តិរបស់ព្រះ ។
-
តើអំណោយទានមួយណាដែលមាននៅក្នុង មរមន 1:13–14, 18 ដែលពិបាកបំផុតសម្រាប់អ្នកពេលបាត់បង់វា ?
សូមឲ្យសិស្សម្នាក់អាន មរមន 1:15 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលអ្វីដែលលោកមរមនបានជួប ខណៈពេលដែលពួកសាសន៍នីហ្វៃជាច្រើនបានបាត់បង់អំណោយទានពីព្រះ និងឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ។
-
តើអ្នកគិតថា ហេតុអ្វីបានជាលោកមរមនអាចមានបទពិសោធន៍ខាងវិញ្ញាណ ទោះបីជាលោកស្ថិតនៅក្នុងកណ្ដាលនៃអំពើទុច្ចរិតដ៏ខ្លាំងក្លាយ៉ាងណាក្ដី ?
មរមន 2:1–15
លោកមរមនដឹកនាំកងទ័ពសាសន៍នីហ្វៃ និងសោកស្ដាយចំពោះអំពើទុច្ចរិតរបស់ពួកគេ
សូមឲ្យសិស្សម្នាក់ដែលមានអាយុ 15 ឆ្នាំ ( ឬជិតអាយុ 15 ឆ្នាំ ) ឲ្យអាន មរមន 2:1–2 ឮៗ ។ សូមឲ្យសិស្សរកមើលការទទួលខុសត្រូវដែលមរមនបានទទួល នៅពេលលោកមានអាយុ 15 ឆ្នាំ ( កាលលោក « ដប់ប្រាំមួយឆ្នាំ » ) ។ សូមឲ្យសិស្សស្រមៃពីអ្វីដែលនឹងកើតឡើងសម្រាប់មនុស្សអាយុ 15 ឆ្នាំម្នាក់ត្រូវដឹកនាំកងទ័ពមួយ ។
-
តើលក្ខណៈទាំងឡាយដែលត្រូវបានរៀបរាប់នៅក្នុង មរមន 2:1 បានជួយលោកមរមន ជាអ្នកដឹកនាំម្នាក់នៃកងទ័ពមួយនេះតាមរបៀបណាខ្លះ ?
សូមសង្ខេប មរមន 2:3–9 ដោយប្រាប់សិស្សថា ពួកសាសន៍លេមិនបានវាយប្រហារលើពួកកងទ័ពសាសន៍នីហ្វៃដោយកម្លាំងមួយ ដែលពួកសាសន៍នីហ្វៃខ្លាច និងបានដកថយទ័ព ។ ពួកសាសន៍លេមិនបានបង្ក្រាបពួកគេពីកន្លែងមួយទៅកន្លែងមួយទៀត រហូតដល់ពួកសាសន៍នីហ្វៃបានប្រជុំគ្នានៅក្នុងកន្លែងមួយ ។ នៅទីបំផុត កងទ័ពរបស់មរមនតទល់នឹងពួកសាសន៍លេមិន ហើយបានធ្វើឲ្យពួកគេគេចខ្លួនបាត់ទៅ ។
សូមឲ្យសិស្សអាន មរមន 2:10–15 ដោយស្ងាត់ៗដោយរកមើលស្ថានភាពខាងវិញ្ញាណនៃពួកសាសន៍នីហ្វៃ ក្រោយពីសង្គ្រាមទាំងនេះ ។
-
ហេតុអ្វីបានជាសាសន៍នីហ្វៃសោកសង្រេង ? ( សូមមើល មរមន 2:10–13 ។ ពួកគេសោកស្ដាយ ដោយសារពួកគេមិនអាចរក្សារបស់របររបស់ពួកគេ ។ និយាយម៉្យាងទៀតថា ពួកគេសោកសង្រេងដោយសារតែលទ្ធផលនៃអំពើបាបរបស់ពួកគេ មិនមែនដោយសារពួកគេសោកស្ដាយចំពោះសកម្មភាពរបស់គេឡើយ ) ។
-
យោងតាម មរមន 2:13–14 តើលោកមរមនបានដឹងថា ទុក្ខសោករបស់ប្រជាជនមិនមែនជាការបង្ហាញនៃការប្រែចិត្តដ៏ពិតដោយរបៀបណា ?
ដើម្បីជួយសិស្សឲ្យឃើញពីភាពខុសគ្នារវាង « សេចក្ដីទុក្ខសោក … នាំទៅរកសេចក្ដីប្រែចិត្ត » និង « សេចក្ដីទុក្ខព្រួយរបស់អ្នកជាប់ទោស » សូមសរសេរពាក្យខាងក្រោមនៅលើក្ដារខៀន ៖
សូមឲ្យសិស្សរំឭក មរមន 2:12–15 ដោយរកមើលលក្ខណៈនៃក្រុមប្រជាជនទាំងពីរនេះ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។ ចម្លើយរបស់ពួកគេគួរបង្ហាញពីសេចក្ដីពិតខាងក្រោម ៖
អ្នកដែលមានទុក្ខសោកទៅរកសេចក្ដីប្រែចិត្ត ទទួលស្គាល់នូវសេចក្ដីល្អនៃព្រះ និងមករកព្រះគ្រីស្ទដោយមានចិត្តទន់ទាប ។
អ្នកដែលមានទុក្ខព្រួយដោយគ្រាន់តែព្រោះលទ្ធផលនៃអំពើបាប បន្ដបះបោរប្រឆាំងនឹងព្រះ ។
សូមពន្យល់ថា លោកមរមនបានប្រើឃ្លា « សេចក្ដីទុក្ខព្រួយរបស់អ្នកជាប់ទោស » ( មរមន 2:13 ) ដើម្បីរៀបរាប់ពីទុក្ខសោកនៃអ្នកដែលរងទុក្ខដោយសារតែលទ្ធផលនៃសកម្មភាពរបស់ពួកគេ ប៉ុន្ដែមិនព្រមប្រែចិត្ត ។ លក្ខណៈនេះមិនដឹកនាំទៅរកការអត់ទោស និងសន្តិភាពឡើយ ។ វានាំទៅរកការជាប់ទោស ដែលមានន័យថា មនុស្សម្នាក់ត្រូវបានបញ្ឈប់ពីការរីកចម្រើនទៅរកជីវិតដ៏នៅអស់កល្បជានិច្ចរបស់គេ ។
សូមឲ្យសិស្សសញ្ជឹងគិតពីរបៀបដែលពួកគេឆ្លើយតប នៅពេលពួកគេដឹងថា ពួកគេមានអំពើបាប ។ សូមលើកទឹកចិត្តពួកគេឲ្យមករកព្រះអង្គសង្គ្រោះដោយមានចិត្តទន់ទាប ដើម្បីឲ្យពួកគេអាចត្រូវបានអភ័យទោស ទទួលបានសន្ដិភាព ហើយរួបរួមនឹងព្រះ ។
មរមន 2:16–29
លោកមរមនទទួលបានផ្ទាំងចំណារ ហើយកត់ត្រាដំណើររឿងនៃអំពើទុច្ចរិតរបស់ប្រជាជន ។
សូមសង្ខេប មរមន 2:16–18 ដោយការពន្យល់ថា នៅពេលសង្គ្រាមជាមួយនឹងពួកសាសន៍លេមិនបានបន្ដ លោកមរមនបានឃើញថា ខ្លួនលោកនៅក្បែរកូនភ្នំមួយហៅថា ស៊ិម ជាកន្លែងដែលអាំម៉ូរ៉ុនបានលាក់បញ្ជីនៃសាសន៍នីហ្វៃ ។ លោកបានប្ដូរទីតាំងផ្ទាំងនីហ្វៃ ហើយបានចាប់ផ្ដើមកត់ត្រាអ្វីដែលលោកបានសង្កេតនៅក្នុងចំណោមប្រជាជន តាំងពីពេលដែលលោកនៅជាកុមារ ។
សូមឲ្យសិស្សម្នាក់អាន មរមន 2:18–19– ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលការរៀបរាប់របស់មរមនអំពីស្ថានភាពខាងវិញ្ញាណរបស់ប្រជាជននៅក្នុងជំនាន់របស់លោក ។ សូមឲ្យពួកគេរកមើលផងដែរនូវការបង្ហាញផ្ទាល់ខ្លួនរបស់លោកអំពីសេចក្ដីសង្ឃឹម ។
-
តើលោកមរមនបានរៀបរាប់ពីស្ថានភាពខាងវិញ្ញាណនៅក្នុងជំនាន់របស់លោកដោយរបៀបណា ? ( « ឆាកអំពីអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយមិនឈប់ឈរ » ) ។
-
តាមរយៈអ្វីដែលអ្នកបានរៀនអំពីលោកមរមន តើអ្នកគិតថា ហេតុអ្វីបានជាលោកអាចមានទំនុកចិត្តរហូតដល់លោកអាច « នឹងត្រូវបានតម្កើងឡើងនៅថ្ងៃចុងក្រោយបង្អស់ » ? ( អ្នកអាចជួយសិស្សឲ្យយល់ថា នៅពេលលោកមរមនបាននិយាយអំពី « ការនឹងត្រូវបានតម្កើងឡើងនៅថ្ងៃចុងក្រោយបង្អស់ » លោកបានសំដៅទៅលើការត្រូវរស់ឡើងវិញ និងបាននាំទៅក្នុងវត្តមាននៃព្រះដើម្បីនៅជាមួយនឹងទ្រង់ជារៀងរហូត ) ។
-
តើគំរូសុចរិតរបស់មរមន ជួយដល់អ្នកដូចម្ដេចខ្លះ ? ( សិស្សអាចចែកចាយនូវចម្លើយខុសៗគ្នា ។ ចម្លើយរបស់ពួកគេគួរតែបង្ហាញពីគោលការណ៍ខាងក្រោម ៖ យើងអាចជ្រើសរើសដើម្បីរស់នៅដោយសុចរិត ទោះបីជារស់នៅក្នុងសង្គមដ៏ទុច្ចរិតមួយក្ដី ។ អ្នកអាចសុំឲ្យសិស្សម្នាក់សរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ) ។
-
តើនៅពេលណាដែលអ្នកបានឃើញមិត្តភក្ដិ ឬសមាជិកគ្រួសារឈរយ៉ាងរឹងមាំក្នុងការគោរពប្រតិបត្តិតាមព្រះឆន្ទៈរបស់ព្រះ ទោះបីជានៅពេលអ្នកនៅជុំវិញគេមិនគោរពប្រតិបត្តិតាមក្ដី ?
សូមលើកទឹកចិត្តសិស្សឲ្យគិតអំពីផ្នែកដ៏ជាក់លាក់មួយនៃជីវិតរបស់គេ ដែលពួកគេអាចធ្វើអ្វីច្រើនជាងនេះដើម្បីឈរសម្រាប់អ្វីដែលត្រូវ ។ សូមឲ្យពួកគេសរសេរនៅក្នុងសៀវភៅសរសេរ ឬក្នុងកំណត់ហេតុការសិក្សាព្រះគម្ពីរ អំពីរបៀបដែលពួកគេនឹងឆ្លើយតបនៅពេលដែលពួកគេជួបនឹងឧបសគ្គណាមួយនៅពេលក្រោយ ។ សូមថ្លែងទីបន្ទាល់ថា ដូចជាមរមនដែរ យើងអាចជ្រើសរើសដើម្បីរស់នៅដោយសុចរិត ហើយថាព្រះអម្ចាស់នឹងជួយយើងឲ្យឈរដោយរឹងមាំសម្រាប់អ្វីដែលត្រូវ ទោះបីជានៅពេលអ្នកដទៃនៅជុំវិញយើងមិនធ្វើក្ដី ។