មេរៀនទី 142
មរមន 9
សេចក្តីផ្ដើម
មរ៉ូណៃបានបញ្ចប់បញ្ជីរបស់ឪពុកលោក ដោយការដង្ហោយហៅអ្នកដែលមិនជឿលើព្រះយេស៊ូវគ្រីស្ទ ឲ្យត្រឡប់មករកព្រះអម្ចាស់តាមរយៈការប្រែចិត្ត ។ លោកបានបង្រៀនថា ព្រះគឺជាព្រះនៃអព្ភូតហេតុ ដែលមិនបានផ្លាស់ប្ដូរ ហើយថាអព្ភូតហេតុនឹងឈប់មានដោយសារតែការឥតជំនឿប៉ុណ្ណោះ ។ លោកបានលើកទឹកចិត្តប្រជាជនឲ្យជឿលើព្រះយេស៊ូវគ្រីស្ទ និងអធិស្ឋានដល់ព្រះវរបិតាដោយអស់ពីចិត្តរបស់គេនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទដើម្បីទទួលបានអ្វីដែលពួកគេត្រូវការ ។
យោបល់សម្រាប់ការបង្រៀន
មរមន 9:1–6
លោកមរ៉ូណៃហៅអស់អ្នកទាំងឡាយណាដែលមិនជឿលើព្រះយេស៊ូវគ្រីស្ទឲ្យប្រែចិត្ត
សូមឲ្យសិស្សគិតអំពីស្ថានភាពមួយ ដែលពួកគេមានអារម្មណ៍ថាមិនស្រណុកចិត្ត ។ សូមឲ្យសិស្សពីរបីនាក់ប្រាប់អំពីបទពិសោធន៍របស់ពួកគេ និងពន្យល់ពីមូលហេតុដែលពួកគេមានអារម្មណ៍ថាមិនស្រណុកចិត្ត ។ អ្នកក៏អាចសួរពួកគេពីអ្វីដែលនឹងធ្វើឲ្យពួកគេមានអារម្មណ៍ស្រណុកចិត្តជាងនេះនៅក្នុងស្ថានភាពទាំងនេះ ។
សូមឲ្យសិស្សអាន មរ៉ូណៃ 9:1–5 ស្ងាត់ៗដោយរកមើលស្ថានភាពមិនស្រណុកចិត្តដែលលោកមរ៉ូណៃបានរៀបរាប់ ។ ( អ្នកក៏អាចសុំឲ្យសិស្សអាន អាលម៉ា 12:12–15 ហើយសរសេរសេចក្ដីយោងនេះនៅក្បែរ មរមន 9:1–5 ) ។
-
នៅពេលថ្ងៃនៃសេចក្តីជំនុំជំរះចុងក្រោយ តើពួកទុច្ចរិតនឹងមានអារម្មណ៍ដូចម្ដេចនៅក្នុងវត្តមាននៃព្រះ ជាព្រះវរបិតា និងព្រះយេស៊ូវគ្រីស្ទ ? ហេតុអ្វីបានជាពួកគេមានអារម្មណ៍បែបនេះ ?
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ ៖
« មិនអាចមានសេចក្ដីសង្គ្រោះនោះទេ បើគ្មានការប្រែចិត្តនោះ ។ មនុស្សម្នាក់មិនអាចចូលទៅក្នុងនគរព្រះនៅក្នុងអំពើបាបរបស់គេបានឡើយ ។ វានឹងជារឿងមិនអាចទៅរួចដែលមនុស្សម្នាក់អាចចូលមកក្នុងវត្តមាននៃព្រះវរបិតា ហើយរស់នៅក្នុងវត្តមានរបស់ព្រះនៅក្នុងអំពើបាបរបស់គេនោះ ។ …
« ខ្ញុំគិតថា មានមនុស្សដ៏អស្ចារ្យជាច្រើននៅលើផែនដី ដែលពួកគេភាគច្រើនប្រហែលជានៅក្នុងសាសនាចក្រ —យ៉ាងហោចណាស់ពួកគេខ្លះនៅក្នុងសាសនាចក្រ— ដែលមានគំនិតមួយថា ពួកគេអាចឆ្លងកាត់ជីវិតនេះដោយការធ្វើអ្វីដែលពួកគេរីករាយ រំលងក្រឹត្យវិន័យរបស់ព្រះអម្ចាស់ ហើយនៅទីបញ្ចប់ពួកគេនឹងមកក្នុងវត្តមានរបស់ទ្រង់ ។ ពួកគេគិតថា ពួកគេនឹងប្រែចិត្ត ប្រហែលជានៅក្នុងពិភពវិញ្ញាណ ។
« ពួកគេគួរតែអានពាក្យទាំងនេះរបស់លោកមរ៉ូណៃ [ ការដកស្រង់ មរមន 9:3–5] ។
« តើអ្នកគិតថា មនុស្សម្នាក់ដែលមានជីវិតពោរពេញទៅដោយការពុករលួយ ដែលបានប្រឆាំងនឹងព្រះ ដែលមិនបានមានវិញ្ញាណនៃការប្រែចិត្ត នឹងរីករាយ ឬសុខស្រួល នឹងអាចត្រូវបានអនុញ្ញាតឲ្យចូលមកក្នុងវត្តមាននៃព្រះឬ ? » ( Doctrines of Salvation, ed. ប្រ៊ូស អ័រ ម៉ាក់ខន់ឃី, វ៉ុលទី 3 [ ឆ្នាំ 1954–56 ], 2:195–96; អក្សរផ្ដេកនៅក្នុងច្បាប់ដើមត្រូវបានលុបចេញ ) ។
-
ហេតុអ្វីបានជាយើងត្រូវប្រែចិត្តពីអំពើបាបរបស់យើងថ្ងៃនេះ ហើយមិនចាំដល់ថ្ងៃនៃការជំនុំជម្រះ ? ( ដើម្បីជួយសិស្សឲ្យឆ្លើយនឹងសំណួរនេះ អ្នកអាចសុំឲ្យពួកគេអាន អាលម៉ា 34:33–38 ) ។
សូមឲ្យសិស្សម្នាក់អាន មរមន 9:6 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលអ្វីដែលអ្នកដែលមិនជឿ ត្រូវធ្វើដើម្បីឲ្យពួកគេអាចមានអារម្មណ៍សុខស្រួលនៅក្នុងវត្តមាននៃព្រះ ។ ក្រោយពីសិស្សរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញហើយ សូមឲ្យពួកគេរកមើលពាក្យ និងឃ្លានៅក្នុង មរមន 9:6 ដែលរៀបរាប់ពីអ្នកដែលបានត្រឡប់ទៅរកព្រះអម្ចាស់ និងបានអធិស្ឋានសុំការអភ័យទោស ។ អ្នកអាចណែនាំថា សិស្សគួរគូសចំណាំពាក្យ និងឃ្លាដែលពួកគេរកឃើញ ។
សូមឲ្យសិស្សសរសេរនៅក្នុងសៀវភៅសរសេរ ឬក្នុងកំណត់ហេតុការសិក្សាព្រះគម្ពីរនូវគោលការណ៍មួយដែលសង្ខេប មរមន 9:6 ។ អំពាវនាវឲ្យ សិស្សពីរ ឬបីនាក់ អានអ្វីដែលពួកគេបានសរសេរ ។ ទោះបីជាសិស្សអាចប្រើពាក្យខុសគ្នា ប៉ុន្ដែពួកគេគួរបង្ហាញនូវសេចក្ដីពិតខាងក្រោមនេះ ៖ ប្រសិនបើយើងប្រែចិត្ត យើងនឹងមិនមានកំហុស នៅពេលយើងមកកាន់វត្តមាននៃព្រះឡើយ ។
សូមធ្វើទីបន្ទាល់ថា តាមរយៈការប្រែចិត្ត និងការរស់នៅដោយសុចរិត នោះយើងអាចរៀបចំខ្លួនដើម្បីរស់នៅដោយស្រណុកចិត្តនៅក្នុងវត្តមានរបស់ព្រះអម្ចាស់ ។ សូមឲ្យសិស្សសញ្ជឹងគិតពីអ្វីដែលពួកគេគួរធ្វើនាពេលនេះ ដើម្បីរៀបចំខ្លួនទៅជួបនឹងព្រះអម្ចាស់ ។
មរមន 9:7–20
លោកមរ៉ូណៃប្រកាសថា ព្រះសម្ដែងនូវអព្ភូតហេតុ ហើយឆ្លើយតបនឹងការអធិស្ឋាននៃពួកអ្នកស្មោះត្រង់
សូមសរសេរពាក្យ អព្ភូតហេតុ នៅលើកា្ដរខៀន ។ សូមសួរសិស្សថា តើពួកគេនឹងឲ្យនិយមន័យពាក្យនេះដូចម្ដេច ។ ក្រោយពីសិស្សពីរបីនាក់បានឆ្លើយហើយ សូមឲ្យសិស្សក្នុងថ្នាក់បើកមើល អព្ភូតហេតុ នៅក្នុងវចនានុក្រមនៃព្រះគម្ពីរបរិសុទ្ធ ។ សូមឲ្យពួកគេអានការផ្ដើម ដោយរកមើលព័ត៌មានដែលអាចបញ្ជាក់ ឬបន្ថែមលើនិយមន័យដែលពួកគេបានស្នើនោះ ។
-
តើអ្នកគិតថា ហេតុអ្វីបានជាមនុស្សខ្លះមិនជឿលើអព្ភូតហេតុ ?
សូមសង្ខេប មរមន 9:7–8 ដោយការពន្យល់ថា លោកមរ៉ូណៃបានមានប្រសាសន៍ដល់ប្រជាជននៅក្នុងថ្ងៃចុងក្រោយ ដែលនឹងថ្លែងថា វិវរណៈ ការព្យាករណ៍ អំណោយទានខាងវិញ្ញាណ និងអព្ភូតហេតុលែងកើតមានទៀតហើយ ។
សូមបំបែកសិស្សធ្វើជាគូ ។ សូមឲ្យដៃគូមួយអាន មរមន 9:9–11 ដោយស្ងាត់ៗ ខណៈពេលដែលដៃគូដទៃទៀតអាន មរមន 9:15–19 ដោយស្ងាត់ៗ ។ សូមឲ្យសិស្សម្នាក់ៗសរសេរចំណុចសំខាន់ៗ ដែលលោកមរ៉ូណៃបានសរសេរដើម្បីបញ្ចុះបញ្ចូលប្រជាជនឲ្យជឿលើអព្ភូតហេតុ ។ នៅពេលសិស្សបានមានពេលសរសេរគ្រប់គ្រាន់ហើយ សូមឲ្យពួកគេរៀបរាប់ដល់ដៃគូរបស់ពួកគេ នូវអ្វីដែលពួកគេបានសរសេរ ។
នៅខាងឆ្វេងនៃក្ដារខៀន សូមសរសេរ អព្ភូតហេតុនឹងឈប់ នៅពេលយើង …
នៅខាងស្ដាំនៃក្ដារខៀន សូមសរសេរ អព្ភូតហេតុអាចកើតឡើង នៅពេលយើង …
សូមឲ្យសិស្សម្នាក់អាន មរមន 9:20 ឮៗ ហើយសូមឲ្យសិស្សក្នុងថ្នាក់រកមើលមូលហេតុចំនួនបី ដែលព្រះអាចនឹងឈប់សម្ដែងនូវអព្ភូតហេតុដល់កូនចៅរបស់ទ្រង់ ។ សូមឲ្យសិស្សម្នាក់សរសេរមូលហេតុទាំងនេះនៅលើក្ដារខៀនដើម្បីបំពេញប្រយោគនៅលើខាងឆ្វេងនៃក្ដារខៀន ដូចដែលបានបង្ហាញនៅក្នុងតារាងខាងក្រោមនេះ ។
សូមឲ្យសិស្សរៀបប្រយោគនីមួយៗឡើងវិញ ដែលទាក់ទងទៅនឹងមូលហេតុដែលបណ្ដាលឲ្យអព្ភូតហេតុឈប់កើតមានតាមរបៀបមួយ ដែលបង្ហាញលក្ខខណ្ឌមួយដែលធ្វើឲ្យអព្ភូតហេតុកើតមានបាន ។ ចម្លើយរបស់ពួកគេគួរស្រដៀងទៅនឹងឧទាហរណ៍ដែលមាននៅខាងស្ដាំនៃតារាងនេះ ។
អព្ភូតហេតុនឹងឈប់ នៅពេលយើង … |
អព្ភូតហេតុអាចកើតមាន នៅពេលយើង … |
---|---|
ការធ្លាក់ចុះនៅក្នុងការឥតជំនឿ |
ការកើនឡើងសេចក្ដីជំនឿរបស់យើង |
ការចាកចេញពីផ្លូវត្រូវ |
ការរស់នៅតាមផ្លូវត្រូវ ឬកាន់តាមព្រះបញ្ញត្តិរបស់ព្រះ |
ការមិនស្គាល់ព្រះដែលយើងគួរទុកចិត្ត |
មកស្គាល់ ហើយទុកចិត្តលើព្រះ |
សូមឲ្យសិស្សរំឭកមួយភ្លែតនូវ មរមន 9:9, 19 ដោយរកមើលការបង្រៀនរបស់មរ៉ូណៃអំពីលក្ខណៈរបស់ព្រះ ។ ក្រោយពីពួកគេរៀបរាប់អ្វីដែលពួកគេបានរកឃើញ សូមសួរថា ៖
-
ដោយសារយើងដឹងថា ព្រះមិនផ្លាស់ប្ដូរ ហើយថាទ្រង់បានសម្ដែងនូវអព្ភូតហេតុនៅក្នុងចំណោមកូនចៅរបស់ទ្រង់ពីពេលមុនៗមក តើយើងអាចដឹងអ្វីខ្លះអំពីព្រះឆន្ទៈរបស់ទ្រង់ដើម្បីសម្ដែងអព្ភូតហេតុនៅក្នុងជីវិតរបស់យើងសព្វថ្ងៃនេះ ? ( ទោះបីជាសិស្សអាចប្រើពាក្យខុសគ្នាក្ដី ក៏ពួកគេគួរបង្ហាញនូវគោលការណ៍ខាងក្រោមនេះ ៖ ព្រះតែងតែបានសម្ដែងនូវអព្ភូតហេតុ ហើយដោយសារទ្រង់មិនផ្លាស់ប្ដូរ នោះទ្រង់នៅតែធ្វើនូវអព្ភូតហេតុស្របតាមសេចក្ដីជំនឿរបស់យើង ។ អ្នកអាចសរសេរគោលការណ៍នេះនៅលើក្ដារខៀន ហើយអ្នកអាចណែនាំថា សិស្សគួរសរសេរវានៅក្បែរ មរមន 9:19–20 នៅក្នុងព្រះគម្ពីររបស់គេ ) ។
សូមពន្យល់ថា យើងអាចទទួលបាននូវអំណាចដ៏ប្រកបដោយអព្ភូតហេតុនៃព្រះនៅក្នុងជីវិតរបស់យើងតាមរបៀបជាច្រើន ។ ដើម្បីជួយសិស្សឲ្យពិចារណាពីរបៀបដែលព្រះនៅតែជាព្រះនៃអព្ភូហេតុ សូមឲ្យសិស្សម្នាក់អាននូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយស៊ិស្ទើរ ស៊ីឌនី រិកដុន នៃគណៈប្រធានថ្នាក់បឋមសិក្សាទូទៅ ៖
« ខ្ញុំបានរៀន … ថាព្រះអម្ចាស់នឹងជួយយើងនៅគ្រប់ផ្នែកនៃជីវិតរបស់យើង នៅពេលយើងព្យាយាមបម្រើដល់ទ្រង់ ហើយធ្វើតាមព្រះឆន្ទៈរបស់ទ្រង់ ។
« ខ្ញុំជឿថា យើងទាំងអស់គ្នាអាចថ្លែងជាសាក្សីដល់អព្ភូតហេតុដ៏តូចៗទាំងនេះ ។ យើងដឹងថា កូនក្មេងតូចៗដែលអធិស្ឋានសុំជំនួយដើម្បីស្វែងរករបស់ដែលបាត់ ហើយក៏រកឃើញរបស់នោះ ។ យើងដឹងថាយុវវ័យដែលបង្កើនសេចក្ដីក្លាហានដើម្បីឈរជាសាក្សីម្នាក់ចំពោះព្រះ និងទទួលបានព្រះហស្តសជាជំនួយរបស់ទ្រង់ ។ យើងស្គាល់មិត្តភក្តិដែលបង់ដង្វាយមួយភាគក្នុងដប់របស់ពួកគេ នូវប្រាក់ដែលនៅសេសសល់ ហើយបន្ទាប់មក តាមរយៈអព្ភូតហេតុ ពួកគេឃើញថាខ្លួនគេអាចបង់ថ្លៃសាលារបស់គេ ឬថ្ងៃជួលរបស់គេ ឬអាចមានអាហារសម្រាប់គ្រួសាររបស់គេ ។ យើងអាចចែកចាយបទពិសោធន៍នៃការអធិស្ឋានដែលបានឆ្លើយតប និងពរជ័យនៃបព្វជិតភាពដែលបានផ្ដល់នូវការជម្រុញទឹកចិត្ត នាំមកនូវការលួងលោម ឬស្ថាបនាសុខភាពឡើងវិញ ។ អព្ភូតហេតុប្រចាំថ្ងៃទាំងនេះមកជាមួយយើងដោយព្រះហស្ដរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់យើង » ( « A God of Miracles » Ensign, ខែ ឧសភា ឆ្នាំ 2001, ទំព័រ 12 ) ។
-
តើបទពិសោធន៍អ្វីដែលអ្នកបានមានដែលបញ្ជាក់ថា ព្រះនៅតែជាព្រះនៃអព្ភូហេតុដដែល ?
មរមន 9:21–37
លោកមរ៉ូណៃទូន្មានដល់អ្នកមិនជឿទាំងឡាយឲ្យជឿលើព្រះយេស៊ូវគ្រីស្ទ ហើយអធិស្ឋាននៅក្នុងព្រះនាមរបស់ទ្រង់
សូមឲ្យសិស្សម្នាក់អាន មរមន 9:21 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលអ្វីដែលលោកមរ៉ូណៃបានបង្រៀនអំពីការអធិស្ឋានទៅរកព្រះវរបិតាសួគ៌ ។
-
តើសេចក្ដីសន្យាអ្វីដែលលោកមរ៉ូណៃបានផ្ដល់ ? ( ចម្លើយរបស់សិស្សគួរឆ្លុះបញ្ចាំងអំពីគោលការណ៍ខាងក្រោមនេះ ៖ ប្រសិនបើយើងអធិស្ឋានដោយសេចក្តីជំនឿ និងនៅក្នុងព្រះនាមនៃព្រះគ្រីស្ទ នោះព្រះវរបិតាសួគ៌នឹងប្រទានដល់យើងនូវអ្វីដែលយើងសុំ ) ។
ដើម្បីជួយសិស្សឲ្យយល់ពីអត្ថន័យនៃការអធិស្ឋាន « នៅក្នុងព្រះនាមនៃព្រះគ្រីស្ទ » សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោម ៖
« យើងអធិស្ឋាននៅក្នុងព្រះនាមនៃព្រះគ្រីស្ទ នៅពេលគំនិតរបស់យើងគឺជាគំនិតរបស់ព្រះគ្រីស្ទ ហើយបំណងរបស់យើងគឺជាបំណងរបស់ព្រះគ្រីស្ទ —នៅពេលព្រះបន្ទូលរបស់ទ្រង់ស្ថិតនៅជាមួយយើង ( យ៉ូហាន 15:7 ) ។ នោះយើងនឹងសុំអ្វីដែលសមរម្យសម្រាប់ព្រះប្រទានឲ្យយើង ។ ការអធិស្ឋានជាច្រើនបន្ដមិនទាន់បានឆ្លើយ ដោយសារពួកវាមិនបានធ្វើឡើងនៅក្នុងព្រះនាមនៃព្រះគ្រីស្ទសោះឡើយ ពួកវាមិនបានតំណាងឲ្យគំនិតរបស់ទ្រង់ទោះតាមរបៀបណាក្ដី ផ្ទុយទៅវិញចេញពីបំណងផ្ទាល់ខ្លួននៃដួងចិត្តរបស់មនុស្ស » ( Bible Dictionary, “Prayer” ) ។
អ្នកអាចសួរសំណួរខាងក្រោមនេះ ៖
-
តើយើងអាចធានាថា អ្វីៗដែលយើងអធិស្ឋានសុំ ឆ្លុះបញ្ចាំងពីអ្វីដែលព្រះអម្ចាស់មានព្រះទ័យចង់បានពីយើងដែរឬទេ ?
-
តើនៅពេលណាដែលអ្នកបានឃើញសេចក្ដីសន្យាដែលមាននៅក្នុង មរមន 9:21 ត្រូវបានបំពេញ ? ( អ្នកអាចឲ្យពេលដល់សិស្សគិតអំពីសំណួរនេះ មុនពេលពួកគេឆ្លើយ ) ។
សូមសង្ខេប មរមន 9:22–25 ដោយការពន្យល់ថា ព្រះអង្គសង្គ្រោះបានសន្យាដល់ពួកសិស្សរបស់ទ្រង់នូវពរជ័យជាច្រើន នៅពេលទ្រង់បានបញ្ជូនពួកគេចេញទៅបង្រៀនដំណឹងល្អ ។ សូមឲ្យសិស្សមើលត្រួសៗក្នុង មរមន 9:22–25 ហើយរកមើលពរជ័យទាំងនោះមួយចំនួន ។
-
តើវាមានន័យចំពោះអ្នកថា ព្រះអង្គសង្គ្រោះនឹង « បញ្ជាក់ពាក្យ [ របស់ទ្រង់ ] ទាំងអស់ » ? ( មរមន 9:25 ) ។
សូមឲ្យសិស្សអាន មរមន 9:27–29 ស្ងាត់ៗ ដោយរកមើលលក្ខណៈ និងសកម្មភាពដែលនឹងជួយពួកគេឲ្យសក្តិសមនឹងទទួលបានជំនួយពីព្រះ ។ អ្នកអាចសុំឲ្យសិស្សសរសេរសេចក្ដីសង្ខេបនៃខគម្ពីរទាំងនេះនៅក្នុងសៀវភៅសរសេរ ឬក្នុងកំណត់ហេតុការសិក្សាព្រះគម្ពីរ ។
ដើម្បីបញ្ចប់មេរៀននេះ សូមសង្ខេប មរមន 9:30–34 ដោយការប្រាប់សិស្សថា លោកមរ៉ូណៃបានបារម្ភថា មនុស្សខ្លះនៅក្នុងថ្ងៃចុងក្រោយនឹងបដិសេធសារលិខិតនៃព្រះគម្ពីរមរមន ដោយសារតែភាពមិនឥតខ្ចោះនៃអ្នកទាំងឡាយដែលសរសេរវា និងដោយសារភាសាដែលវាបានសរសេរនោះ ។ សូមឲ្យសិស្សម្នាក់អាន មរមន 9:35–37 ឮៗ ។ សូមឲ្យសិស្សក្នុងមើលតាម ដោយរកមើលមូលហេតុដែលលោកមរ៉ូណៃ និងអ្នកផ្សេងទៀតបានអធិស្ឋានសូមឲ្យព្រះគម្ពីរមរមននឹងចេញមកនៅក្នុងជំនាន់ចុងក្រោយ ។ ( ដូច្នេះកូនចៅនៃបងប្អូនរបស់ពួកគេ សាសន៍លេមិន អាចត្រូវបានស្ដារឡើងវិញទៅដល់ « ចំណេះដឹងនៃព្រះគ្រីស្ទ » ហើយដល់សេចក្ដីសញ្ញាដែលព្រះបានធ្វើជាមួយនឹងវង្សអ៊ីស្រាអែល ) ។
ដើម្បីជួយសិស្សឲ្យសង្ខេបអ្វីដែលពួកគេបានរៀនថ្ងៃនេះ សូមសួរសំណួរដូចខាងក្រោមនេះ ៖
-
តើព្រះគម្ពីរមរមនគឺជាភស្ដុតាងថា ព្រះគឺជាព្រះនៃអព្ភូហេតុ ហើយថាទ្រង់ឆ្លើយតបការអធិស្ឋានដោយរបៀបណា ?
-
តើសេចក្ដីពិតអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ ដែលនឹងមានឥទ្ធិពលដល់ការអធិស្ឋានផ្ទាល់ខ្លួនរបស់អ្នក ?
ការរំឭកគម្ពីរមរមន
សូមចំណាយពេលខ្លះដើម្បីជួយសិស្សឲ្យរំឭកគម្ពីរមរមន ។ សូមឲ្យពួកគេគិតអំពីអ្វីដែលពួកគេបានរៀនពីគម្ពីរនេះ ទាំងនៅក្នុងថ្នាក់សិក្ខាសាលា និងនៅក្នុងការសិក្សាវគ្គគម្ពីរផ្ទាល់ខ្លួនរបស់គេ ។ ប្រសិនបើចាំបាច់ សូមឲ្យពួកគេសង្ខេបដោយខ្លីៗអំពីសេចក្ដីសង្ខេបជំពូកខ្លះនៅក្នុងមរមន ដើម្បីជួយពួកគេឲ្យចងចាំ ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយអ្វីមួយពីគម្ពីរមរមន ដែលបំផុសគំនិតដល់ពួកគេ ឬដែលបានជួយដល់ពួកគេឲ្យមានសេចក្ដីជំនឿកាន់តែខ្លាំងទៅលើព្រះយេស៊ូវគ្រីស្ទ ។