មេរៀនទី 63
ម៉ូសាយ 21–22
សេចក្តីផ្ដើម
ក្រោយពីបរាជ័យបីដងក្នុងការរំដោះខ្លួនគេពីសេវកភាពនៃសាសន៍លេមិន នៅទីបញ្ចប់ប្រជាជនរបស់លិមហៃបានបែរទៅរកព្រះអម្ចាស់ឲ្យដោះលែងពួកគេ ។ ក្រោយមក អាំម៉ូន និង បងប្អូនប្រុសរបស់គាត់បានមកដល់ក្នុងដែនដីលីហៃ-នីហ្វៃ ។ ក្រោយពីការធ្វើសេចក្ដីសញ្ញាថានឹងបម្រើដល់ព្រះអម្ចាស់ ប្រជាជនរបស់លិមហៃបានរត់ចេញពីសេវកភាពរបស់សាសន៍លេមិន ហើយអាំម៉ូនបានដឹកនាំពួកគេទៅសារ៉ាហិមឡា ។
យោបល់សម្រាប់ការបង្រៀន
ម៉ូសាយ 21:1–22
ក្រោយពីប្រជាជនរបស់លិមហៃបះបោរប្រឆាំងនឹងសាសន៍លេមិន ហើយត្រូវបានបង្ក្រាបបីដងមក ពួកគេបានបន្ទាបខ្លួនចំពោះមុខព្រះអម្ចាស់ ហើយចាប់ផ្ដើមរីកចម្រើន
សូមសរសេរពាក្យ ការជាប់ឃុំឃាំង និង ការដោះលែង នៅលើក្ដារខៀន ។
-
តើអ្នកស្រមៃពីអ្វីនៅពេលអ្នកគិតពីពាក្យទាំងនេះ ?
-
តើអារម្មណ៍អ្វីដែលអ្នកគិតដល់ ដែលទាក់ទងនឹងពាក្យទាំងនេះ ?
-
តើពាក្យទាំងនេះអាចមានអ្វីខ្លះ ដែលទាក់ទងនឹងផែនការនៃសេចក្ដីសង្គ្រោះ ?
សូមពន្យល់ថា ម៉ូសាយ 21–24 រួមមានដំណើររឿងនៃក្រុមមនុស្សពីរក្រុមដែលស្ថិតក្នុងការជាប់ឃុំឃាំងដល់កម្លាំងនៃសាសន៍លេមិន ហើយទីបំផុតត្រូវបានដោះលែងដោយព្រះអម្ចាស់ ។ នៅក្នុង ម៉ូសាយ 21–22 យើងអានអំពីលិមហៃ និង ប្រជាជនរបស់គាត់ ដែលធ្លាក់ក្នុងសេវកភាព ដែលជាលទ្ធផលនៃអំពើទុច្ចរិតរបស់ពួកគេ ។ ការជាប់ឃុំឃាំងខាងសាច់ឈាមរបស់ពួកគេឆ្លុះបញ្ចាំងពីការជាប់ឃុំឃាំងខាងវិញ្ញាណដែលពួកគេទទួលដោយសារតែអំពើបាបរបស់ពួកគេ ។ ដំណើររឿងនៃក្រុមទីពីរនេះ នៅក្នុង ម៉ូសាយ 23–24 នឹងមាននៅមេរៀនបន្ទាប់ទៀត ។ វាប្រាប់ពីប្រជាជនរបស់អាលម៉ា ដែលទទួលបទពិសោធន៍នៃការជាប់ឃុំឃាំង និង សេចក្ដីទុក្ខវេទនាក្រោយពីពួកគេទទួលបុណ្យជ្រមុជទឹក ។ រឿងទាំងពីរបង្រៀនពីសេចក្ដីពិតដ៏សំខាន់អំពីព្រះចេស្ដារបស់ព្រះអម្ចាស់ ក្នុងការដោះលែងយើងពីអំពើបាប និង សេចក្ដីទុក្ខវេទនា ។ សូមលើកទឹកចិត្តសិស្សឲ្យគិតអំពីព្រះចេស្ដារបស់ព្រះអម្ចាស់ក្នុងការដោះលែងយើងចេញពីអំពើបាប នៅពេលពួកគេសិក្សាពីការជាប់ឃុំឃាំង និង ការដោះលែងរបស់ប្រជាជននៅក្នុង ម៉ូសាយ 21–22 ។
សូមឲ្យសិស្សអាន ម៉ូសាយ 21:2–6 ស្ងាត់ៗ ។ សូមឲ្យពួកគេរកមើលពាក្យ និង ឃ្លាដែលពិពណ៌នាពីអ្វីដែលលិមហៃនិងប្រជាជនរបស់គាត់ជួប និងពីអារម្មណ៍ដែលពួកគេមានអំពីវា ។ សូមបញ្ជាក់ពីការលំបាកដែលប្រជាជនរបស់លិមហៃបានជួប អ្នកអាចលើកទឹកចិត្តសិស្សឲ្យគូសចំណាំឃ្លា « ហើយគ្មានផ្លូវណាដែលគេអាចដោះខ្លួន » នៅក្នុង ម៉ូសាយ 21:5 ។
-
តើសេចក្ដីលម្អិតអ្វីខ្លះនៅក្នុង ម៉ូសាយ 21:6 ស្នើថា ប្រជាជនមិនទាន់បានបន្ទាបខ្លួនគេ ហើយបែរទៅរកព្រះអម្ចាស់នោះ ?
-
តើដំណោះស្រាយអ្វីដែលប្រជាជនរបស់លិមហៃស្នើដើម្បីស្វែងរកការធូរស្បើយពីសេចក្ដីទុក្ខវេទនារបស់ពួកគេ ?
សូមសង្ខេប ម៉ូសាយ 21:7–12 ដោយការប្រាប់សិស្សថា ប្រជាជនរបស់លិមហៃបានទៅច្បាំងបីដងដើម្បីដោះលែងខ្លួនគេពីសាសន៍លេមិន ប៉ុន្ដែពួកគេបានចាញ់ ហើយរងទុក្ខនឹងការបាត់បង់ដ៏ច្រើនរាល់ដង ។
-
តើមានផ្លូវណាខ្លះ ដែលប្រជាជនអាចធ្វើក្រោយពីបំណងមិនបានជោគជ័យលើកទីបីរបស់ពួកគេក្នុងការដោះលែងខ្លួនគេនោះ ?
សូមឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗពី ម៉ូសាយ 21:13–16 ដើម្បីរៀនពីរបៀបដែលប្រជាជនបានឆ្លើយតប ។ សូមពិចារណាពីការសួរសំណួរខាងក្រោមនេះមួយចំនួន ឬ ទាំងអស់ ៖
-
តើប្រជាជនបានផ្លាស់ប្ដូរដោយរបៀបណា ក្រោយពីការបរាជ័យលើកទីបីរបស់ពួកគេ ?
-
យោងតាម ម៉ូសាយ 21:15 ហេតុអ្វីបានជាព្រះអម្ចាស់ក្រនឹងឮការអធិស្ឋានរបស់ពួកគេ ?
-
នៅក្នុង ម៉ូសាយ 11:23–25 តើអ័ប៊ីណាដៃបានប្រាប់អ្វីដល់ប្រជាជន ថាពួកគេនឹងត្រូវធ្វើមុនពេលព្រះអម្ចាស់នឹងឮដល់ការអធិស្ឋានរបស់ពួកគេឲ្យដោះលែងនោះ ?
-
ទោះបីជាប្រជាជនមិនត្រូវបានដោះលែងដោយភ្លាមៗពីការជាប់ឃុំឃាំងក្ដី តើព្រះអម្ចាស់បានប្រទានពរដល់ពួកគេ នៅពេលពួកគេចាប់ផ្ដើមប្រែចិត្តដោយរបៀបណា ? ( នៅពេលសិស្សឆ្លើយ សូមលើកទឹកចិត្តពួកគេឲ្យគូសចំណាំឃ្លា « ចាប់ផ្ដើមចម្រើនឡើងបន្ដិចម្ដងៗ » នៅក្នុង ម៉ូសាយ 21:16 ។ )
-
តើការណ៍នេះបង្រៀនអ្វីខ្លះ អំពីអ្វីដែលព្រះអម្ចាស់នឹងធ្វើនៅពេលប្រជាជនបន្ទាបខ្លួនគេ ចាប់ផ្ដើមប្រែចិត្ត និង សុំជំនួយពីទ្រង់ ?
សូមសង្ខេប ម៉ូសាយ 21:16–22 ដោយការពន្យល់ថា អំឡុងពេលដែលប្រជាជនរបស់លិមហៃស្ថិតក្នុងសេវកភាព ព្រះអម្ចាស់បានចម្រើនពួកគេដើម្បីឲ្យពួកគេមិនសេ្រកឃ្លាន ។ ព្រមទាំងគ្មាន « ការរំខានឆាឆៅគ្នារវាងពួកលេមិន នឹងប្រជាជនរបស់លិមហៃទៀតឡើយ » ( ម៉ូសាយ 21:22 ) ។
សូមឲ្យសិស្សនិយាយពីគោលការណ៍ដែលពួកគេបានរៀនពីដំណើររឿងនៃប្រជាជនរបស់លិមហៃ ។ ទោះបីជាសិស្សអាចចែកចាយគោលការណ៍ខុសគ្នាក្ដី សូមប្រាកដថា ពួកគេយល់ថា នៅពេលយើងបន្ទាបខ្លួនយើង អំពាវនាវដល់ព្រះអម្ចាស់ ហើយប្រែចិត្តពីអំពើបាបរបស់យើង ទ្រង់នឹងឮការអធិស្ឋានរបស់យើង ហើយបញ្ឈប់បន្ទុកនៃអំពើបាបរបស់យើងតាមពេលវេលារបស់ទ្រង់ផ្ទាល់ ។( អ្នកអាចសរសេរគោលការណ៍នេះនៅលើក្ដារខៀន ។ អ្នកក៏អាចឲ្យសិស្សសរសេរនៅក្នុងព្រះគម្ពីររបស់ពួកគេក្បែរ ម៉ូសាយ 21:15–16 ឬ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេ
-
តើអ្នកគិតថា យើងអាចទទួលបានប្រយោជន៍ពីការរង់ចាំឲ្យព្រះអម្ចាស់ដោះលែងយើងពីបន្ទុកនៃអំពើបាបរបស់យើងយ៉ាងដូចម្ដេច ?
ដើម្បីជួយសិស្សឲ្យអនុវត្តអ្វីដែលពួកគេបានរៀន សូមឲ្យពួកគេគិតពីសំណួរខាងក្រោមនេះមួយសន្ទុះ ហើយសរសេរចម្លើយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេ ។ ( អ្នកអាចសរសេរសំណួរនៅលើក្ដារខៀន
-
តើអ្នកធ្វើអ្វី ដើម្បីស្វែងរកព្រះចេស្ដារបស់ព្រះអម្ចាស់ដើម្បីដោះលែងពីអំពើបាបរបស់អ្នក ?
-
តើអ្នកត្រូវបាន « ចម្រើនឡើងបន្ដិចម្ដងៗ » តាមរបៀបណាខ្លះ នៅពេលអ្នកបានស្វែងរកជំនួយរបស់ព្រះអម្ចាស់ ?
ម៉ូសាយ 21:23–22:16
លិមហៃ អាំម៉ូន និង គេឌានបានសាមគ្គីគ្នាដើម្បីជួយប្រជាជនឲ្យរួចផុតពីសេវកភាព និង ត្រឡប់ទៅដែនដីសារ៉ាហិមឡាវិញ
កំណត់ចំណាំ ៖ អ្នកអាចរំឭកសិស្សថា ម៉ូសាយ 7 និង 8 រួមមាននូវដំណើររឿងអំពីអាំម៉ូន និងបងប្អូនប្រុសរបស់គាត់ក្នុងការស្វែងរកស្ដេចលិមហៃ និងប្រជាជនរបស់គាត់ ។ ជំពូក 14 បន្ទាប់ទៀត ម៉ូសាយ 9–22 ប្រាប់ពីប្រវត្តិសាស្ដ្រនៃប្រជាជនរបស់លិមហៃ ដោយចាប់ផ្តើមប្រមាណជា 80 ឆ្នាំមុនពេលអាំម៉ូនបានរកឃើញពួកគេ ។ ប្រវត្តិសាស្ដ្រនេះបញ្ចប់ដោយការប្រាប់ជាថ្មីពីហេតុការណ៍ខ្លះដែលមាននៅក្នុងជំពូកមុនៗ ។ ដោយសារមូលហេតុនេះហើយ បរិបទភាគច្រើននៃ ម៉ូសាយ 21:23–30 មាននៅក្នុងមេរៀនអំពី ម៉ូសាយ 7–8 និង ម៉ូសាយ 18 ។ ដើម្បីជួយសិស្សឲ្យចងចាំពីហេតុការណ៍ដែលបានកត់ត្រានៅក្នុង ម៉ូសាយ 21:23–30 វាអាចផ្ដល់ជាអត្ថប្រយោជន៍ដល់អ្នកក្នុងការរំឭកដោយខ្លីៗនៃការធ្វើដំណើរទាំងមូលក្នុង ម៉ូសាយ 7–24 នៅក្នុងសេចក្ដីបន្ថែមនៅចុងបញ្ចប់នៃសៀវភៅណែនាំនេះ ។
សូមរំឭកសិស្សថា ប្រជាជនរបស់លិមហៃទទួលស្គាល់ថា សេចក្ដីទុក្ខវេទនារបស់ពួកគេមកពីពួកគេបានបដិសេធការអញ្ជើញរបស់ព្រះអម្ចាស់ឲ្យប្រែចិត្ត ( សូមមើល ម៉ូសាយ 12:1–2; 20:21 ) ។ ដោយចំណេះដឹងអំពីអំពើបាបរបស់ពួកគេនេះ ប្រជាជនរបស់លិមហៃបានចាប់ផ្ដើមដំណើរការនៃការប្រែចិត្ត និង ការប្រែចិត្តជឿ ។ សូមចែកចាយនិយមន័យខាងក្រោមនៃការប្រែចិត្ត ៖
« [ ការប្រែចិត្ត ] គឺសំខាន់ចំពោះសុភមង្គលរបស់អ្នកនៅក្នុងជីវិតនេះ និង ពេញទាំងភាពអស់កល្ប ។ ការប្រែចិត្តគឺជាសំខាន់ជាងការគ្រាន់តែដឹងពីការធ្វើខុស ។ វាជាការផ្លាស់ប្តូរនៃចិត្ត និងគំនិត ។ … វារួមមានការបែរចេញពីអំពើបាប ហើយទៅរកព្រះសុំការអភ័យទោស ។ វាត្រូវបានជម្រុញដោយសេចក្ដីស្រឡាញ់ដល់ព្រះ និង បំណងដ៏ស្មោះត្រង់ក្នុងការគោរពតាមព្រះបញ្ញត្តិរបស់ទ្រង់ » ( ពិតចំពោះសេចក្ដីជំនឿ ៖ សេចក្ដីយោងនៃដំណឹងល្អ [ ឆ្នាំ 2004 ] ទំព័រ 132 ) ។
សូមឲ្យសិស្សអាន ម៉ូសាយ 21:32–35 ដោយស្ងាត់ស្ងៀម ។ សូមឲ្យពួកគេរកពាក្យ និង ឃ្លាដែលបង្ហាញថា លិមហៃ និង ប្រជាជនរបស់គាត់បានប្រែចិត្ត ហើយបែរដួងចិត្តរបស់ពួកគេទៅរកព្រះអម្ចាស់ ។ អ្នកអាចស្នើថា ពួកគេគួរគូសចំណាំពាក្យ និង ឃ្លាទាំងនេះ ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយអ្វីដែលពួកគេរកឃើញ ។ ( ចម្លើយរបស់ពួកគេអាចរួមមាន លិមហៃ និង ប្រជាជនរបស់គាត់ជាច្រើនបានចូលទៅក្នុងសេចក្ដីសញ្ញាដើម្បីបម្រើព្រះ ហើយកាន់តាមព្រះបញ្ញត្តិរបស់ទ្រង់ ថាពួកគេចង់ទទួលបុណ្យជ្រមុជទឹក ហើយថាពួកគេនឹងបម្រើព្រះដោយអស់ពីចិត្តរបស់ពួកគេ ) ។
សកម្មភាពខាងក្រោមនឹងជួយសិស្សឲ្យឃើញថា ព្រះអម្ចាស់បានជួយប្រជាជនរបស់លិមហៃឲ្យរួចពីសេវកភាព នៅពេលពួកគេគោរពដល់សេចក្ដីសញ្ញាក្នុងការបម្រើដល់ទ្រង់ ហើយកាន់តាមព្រះបញ្ញត្តិរបស់ទ្រង់ ។ សូមសរសេរសំណួរខាងក្រោម និង សេចក្ដីយោងព្រះគម្ពីរនៅលើក្ដារខៀនមុនចាប់ផ្ដើមថ្នាក់ ។
សូមបែងចែកសិស្សជាបីក្រុម ។ សូមឲ្យក្រុមនីមួយៗរៀបចំឆ្លើយនឹងសំណួរមួយនៅលើក្ដារខៀនដោយការសិក្សាវគ្គព្រះគម្ពីរដែលមាននោះ ។ ពីរបីនាទីក្រោយមក សូមឲ្យសិស្សម្នាក់ពីក្រុមនីមួយៗរាយការណ៍ពីចម្លើយដែលពួកគេបានរៀបចំ ។ ការណ៍នេះក៏នឹងជាពេលល្អមួយដើម្បីឲ្យសិស្សបន្ថែម « ប្រជាជនរបស់លិមហៃរត់ចេញ » ទៅលើឌីយ៉ាក្រាមរបស់ពួកគេអំពីសេចក្ដីសង្ខេបនៃការធ្វើដំណើរនៅក្នុង ម៉ូសាយ 7–24 ។ ( សម្រាប់ឌីយ៉ាក្រាមពេញលេញ សូមមើលសេចក្ដីបន្ថែមនៅចុងបញ្ចប់នៃសៀវភៅណែនាំនេះ ។ ) អ្នកក៏អាចឲ្យសិស្សបើកទៅប្រដាប់ដាក់ក្នុងព្រះគម្ពីរមរមនដើម្បីរកអ្វីដែលនឹងកើតឡើងនៅទីបញ្ចប់ដល់ប្រជាជនរបស់លិមហៃ ( សូមមើល ម៉ូសាយ 22:13–14 ) ។
សូមបង្ហាញថា ខណៈពេលយើងមិនត្រូវការស្វែងរកការដោះលែងពីសេវកភាពខាងសាច់ឈាម ដូចជាប្រជាជនរបស់លិមហៃ យើងទាំងអស់គ្នាត្រូវការការដោះលែងពីអំពើបាប ។
-
តើអ្នកបានរៀនអ្វីខ្លះពី ម៉ូសាយ 21–22 ដែលនឹងផ្ដល់ការលើកទឹកចិត្តដល់នរណាម្នាក់ដែលត្រូវទទួលបទពិសោធន៍ពីព្រះចេស្ដានៃព្រះអម្ចាស់ដើម្បីដោះលែងយើងពីអំពើបាប ?
សូមបញ្ចប់ដោយការថ្លែងទីបន្ទាល់អំពីព្រះចេស្ដានៃព្រះអម្ចាស់ដើម្បីដោះលែងយើងពីអំពើបាប ។ សូមបញ្ជាក់ថា នៅពេលយើងបន្ទាបខ្លួន ស្រែកហៅរកព្រះអម្ចាស់ ហើយប្រែចិត្តពីអំពើបាបរបស់យើង ទ្រង់នឹងឮការអធិស្ឋានរបស់យើង ហើយបញ្ឈប់បន្ទុកនៃអំពើបាបរបស់យើងតាមពេលវេលារបស់ទ្រង់ផ្ទាល់ ។