មេរៀនទី 124
នីហ្វៃទី 3 14
សេចក្តីផ្ដើម
នៅពេលដែលព្រះយេស៊ូវគ្រីស្ទបានបន្ដទេសនកថារបស់ទ្រង់នៅឯព្រះវិហារបរិសុទ្ធនៅក្នុងដែនដីបរិបូរណ៍ នោះទ្រង់បានព្រមានដល់ប្រជាជនអំពីការកាត់សេចក្ដីអ្នកដទៃ និងបានបង្រៀនពួកគេឲ្យស្វែងរកនូវពរជ័យពីព្រះវរបិតាសួគ៌ដោយការអធិស្ឋាន និងការធ្វើតាមព្រះឆន្ទៈរបស់ទ្រង់ ។ ព្រះអង្គសង្គ្រោះក៏បានព្រមានពួកគេអំពីព្យាការីក្លែងក្លាយ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើតាមព្រះឆន្ទៈរបស់ព្រះដែរ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី 3 14:1–6
ព្រះអង្គសង្គ្រោះបង្រៀនអំពីការកាត់សេចក្ដីសុចរិត
ដើម្បីរៀបចំសិស្សឲ្យសិក្សាពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះ អំពីការកាត់សេចក្ដីសុចរិត សូមអានរឿងខាងក្រោមដែលបានតំណាលដោយប្រធាន ថូម៉ាស អេស ម៉នសុន ៖
« គូស្វាមីវ័យក្មេងមួយគូ លីសា និងចន បានផ្លាស់ទីលំនៅទៅសង្កាត់ថ្មីមួយ ។ នាព្រឹកមួយខណៈពេលដែលពួកគេកំពុងបរិភោគអាហារពេលព្រឹក លីសាបានមើលទៅក្រៅបង្អួច ហើយបានឃើញអ្នកជិតខាងរបងតែមួយកំពុងតែហាលខោអាវ ។
« ‹ ខោអាវនោះបោកមិនស្អាតសោះ ! › លីសាលាន់មាត់ ។ ‹ អ្នកជិតខាងរបស់យើងមិនដឹងពីរបៀបដើម្បីបោកខោអាវឲ្យស្អាតទេ ! ›
ចនបានក្រឡេកមើល ប៉ុន្ដែមិនមាត់ឡើយ ។
« រាល់ពេលដែលអ្នកជិតខាងរបស់នាងហាលខោអាវ លីសានិយាយពាក្យដដែលៗ ។
« ពីរបីសប្ដាហ៍ក្រោយមក លីសា ភ្ញាក់ខ្លួនពេលមើលទៅបង្អួចរបស់នាង ហើយឃើញខោអាវយ៉ាងស្អាតដាក់ហាលនៅសួនច្បាររបស់អ្នកជិតខាងនាង ។ នាងបាននិយាយទៅកាន់ស្វាមីនាងថា ‹ មើលន៎ ចន !— នាងបានរៀនចេះពីរបៀបបោកខោអាវឲ្យស្អាតហើយ ខ្ញុំឆ្ងល់ថាតើនាងបានធ្វើវាដោយរបៀបណា ។ ›
« ចនបានឆ្លើយថា ‹ អូនសម្លាញ់ បងមានចម្លើយសម្រាប់អូន ។ អូននឹងចាប់អារម្មណ៍ពេលដឹងថា បងបានក្រោកពីព្រលឹមនាព្រឹកនេះ ហើយបានជូតសម្អាតបង្អួចរបស់យើង ! › » ( « Charity Never Faileth » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 122 ) ។
-
តើមេរៀនអ្វីដែលយើងអាចរៀនពីរឿងនេះ ?
សូមពន្យល់ថា នីហ្វៃទី 3 14 រួមមានការបន្ដនៃការបង្រៀនរបស់ព្រះអង្គសង្គ្រោះមួយទៅដល់ប្រជាជននីហ្វៃនៅឯព្រះវិហារបរិសុទ្ធ ។ សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 14:1–2 ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ហើយរកមើលការព្រមានដែលព្រះយេស៊ូវគ្រីស្ទបានប្រាប់អំពីការកាត់សេចក្ដីអ្នកដទៃ ។ អ្នកអាចពន្យល់ថាពាក្យ វាល់ ដែលមាននៅក្នុង នីហ្វៃទី 3 14:2 មានន័យថាវាស់ ឬកាត់សេចក្ដី ។ ឃ្លា « ដោយរង្វាល់ដែលអ្នករាល់គ្នាវាល់ » សំដៅលើបទដ្ឋានដែលបុគ្គលម្នាក់ប្រើដើម្បីវាល់ ឬកាត់សេចក្ដីមនុស្សផ្សេងទៀត ។
-
តើអ្នកនឹងបង្ហាញសេចក្ដីពិតនៅក្នុង នីហ្វៃទី 3 14:2 ជាសម្ដីរបស់អ្នកផ្ទាល់ដោយរបៀបណា ? ( ចម្លើយរបស់សិស្សអាចឆ្លុះបញ្ចាំងអំពីសេចក្ដីពិតខាងក្រោមនេះ ៖ យើងនឹងត្រូវគេកាត់សេចក្ដីស្របតាមរបៀបដែលយើងកាត់សេចក្ដីអ្នកដទៃ ។)
ដើម្បីជួយសិស្សឲ្យយល់ពីការបញ្ជារបស់ព្រះអង្គសង្គ្រោះដើម្បី « កុំកាត់សេចក្ដី » នៅក្នុង នីហ្វៃទី 3 14:1 សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមឲ្យសិស្សស្ដាប់រកនូវប្រភេទនៃការកាត់សេចក្ដីដល់អ្នកដទៃដែលយើងត្រូវចៀសវាង ។
« ការវិនិច្ឆ័យចុងក្រោយ … គឺថាឱកាសនាពេលអនាគតដែលយើងទាំងអស់គ្នានឹងឈរនៅខាងមុខកៅអីនៃការជំនុំជម្រះរបស់ព្រះគ្រីស្ទដើម្បីទទួលការជំនុំជម្រះស្របតាមកិច្ចការរបស់យើង ។ … ខ្ញុំជឿថា ការបញ្ជានៃព្រះគម្ពីរដើម្បី ‹ កុំកាត់សេចក្ដី › សំដៅយ៉ាងច្បាស់បំផុតទៅលើការវិនិច្ឆ័យចុងក្រោយនេះ ។ …
« … ហេតុអ្វីបានជាព្រះអង្គសង្គ្រោះដាក់បញ្ញត្តិថា កុំឲ្យយើងវិនិច្ឆ័យការកាត់សេចក្ដីនៅថ្ងៃចុងក្រោយ ? ខ្ញុំជឿថា បទបញ្ញត្តិនេះត្រូវបានប្រទានឲ្យ ដោយសារយើងគិតថានឹងធ្វើការវិនិច្ឆ័យថ្ងៃចុងក្រោយ នៅពេលណាដែលយើងស្តែងថា មនុស្សមួយចំនួននឹងទៅស្ថាននរក ( ឬទៅស្ថានសួគ៌ ) ដោយសារទង្វើមួយចំនួន នៅក្នុងពេលណាមួយ ។ នៅពេលយើងធ្វើដូចនេះ —ហើយមានការល្បួងដ៏ធំមួយឲ្យធ្វើដូច្នេះ— យើងនឹងធ្វើឲ្យខ្លួនឯង និងបុគ្គលដែលយើងវិនិច្ឆ័យឈឺចាប់ ។ …
« … ដំណឹងល្អគឺជាដំណឹងល្អនៃសេចក្ដីសង្ឃឹម ហើយគ្មាននរណាម្នាក់ក្នុងចំណោមយើងត្រូវបានប្រគល់សិទ្ធិឲ្យបដិសេធអំណាចនៃដង្វាយធួន ដើម្បីនាំមកនូវការសម្អាតនៃអំពើបាបរបស់បុគ្គល ការអភ័យទោស និងការកែប្រែជីវិតទៅតាមលក្ខខណ្ឌសមរម្យឡើយ » ( « ‘Judge Not’ and Judging » Ensign, ខែ សីហា ឆ្នាំ 1999, ទំព័រ 7, 9 ) ។
-
តើសេចក្ដីថ្លែងការណ៍របស់អែលឌើរ អូក ជួយអ្នកឲ្យយល់ពីបទបញ្ញត្តិរបស់ព្រះអង្គសង្គ្រោះដើម្បី « វិនិច្ឆ័យ » គេ ដោយរបៀបណា ?
សូមបង្ហាញរបស់ដែលល្អិតៗ ដូចជាបំណែកឈើតូច ។ សូមពន្យល់ថាអត្ថន័យផ្សេងទៀត នៃពាក្យល្អិតគឺ កំទេច ។ បន្ទាប់មកសូមបង្ហាញ ( ឬ សូមគូសនៅលើក្ដារខៀន ) នូវធ្នឹមឈើមួយ ឬឈើវែងមួយមែក ។ សូមប្រាប់សិស្សថា ព្រះអង្គសង្គ្រោះបានសំដៅលើកំទេចមួយ និងធ្នឹមមួយ ដើម្បីជួយយើងឲ្យយល់ពីបញ្ហាដែលនឹងកើតឡើង នៅពេលយើងវិនិច្ឆ័យអ្នកដទៃដោយមិនសុចរិត ។ សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 14:3–5 ឮៗ ហើយសូមឲ្យសិស្សក្នុងថ្នាក់គិតអំពីអ្វីដែលតំណាងឲ្យកំទេច និងធ្នឹម ។
-
តើកំទេចតំណាងឲ្យអ្វី ? ( កំហុសមួយដែលយើងមើលឃើញនៅលើអ្នកដទៃ ) ។ តើធ្នឹមតំណាងឲ្យអ្វី ? ( កំហុសរបស់យើងផ្ទាល់ ។ )
សូមបង្ហាញថា រឿងតំណាលរបស់ព្រះអង្គសង្គ្រោះផ្ដោតលើវត្ថុដែលជាប់នៅក្នុងភ្នែក ។ របស់បែបនោះនឹងប៉ះពាល់ដល់ការគិតរបស់បុគ្គលម្នាក់ ។
-
តើកំហុសរបស់យើងអាចប៉ះពាល់ដល់របៀបដែលយើងមើលទៅអ្នកដទៃដោយរបៀបណា ?
សូមឲ្យសិស្សគិតថាតើវាសមទេ ដែលវិនិច្ឆ័យអ្នកដទៃនោះ ។ សូមឲ្យពួកគេសញ្ជឹងគិតពីសំណួរនេះមួយសន្ទុះ ។ បន្ទាប់មក សូមពន្យល់ថា នៅក្នុងការបកប្រែដ៏បំផុសគំនិតនៃ ម៉ាថាយ 7:1 ព្យាការី យ៉ូសែប ស៊្មីធ បានបញ្ជាក់ពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះអំពីការវិនិច្ឆ័យអ្នកដទៃ ។ យោងតាម យ៉ូសែប ស៊្មីធ ព្រះអង្គសង្គ្រោះ បានមានបន្ទូលថា « កុំថ្កោលទោសគេឡើយ ដើម្បីមិនឲ្យមានគេថ្កោលអ្នកវិញ ៖ ប៉ុន្ដែកាត់សេចក្ដីសុចរិតវិញ » ( ការបកប្រែរបស់ យ៉ូសែប ស៊្មីធ ម៉ាថាយ 7:1 [ នៅក្នុង ម៉ាថាយ 7:1, លេខយោង ក] ) ។ សូមឲ្យសិស្សម្នាក់អានការពន្យល់ខាងក្រោមនៅក្នុង ពិតចំពោះសេចក្ដីជំនឿ ៖
« ពេលខ្លះមនុស្សមានអារម្មណ៍ថា វាខុសក្នុងការវិនិច្ឆ័យអ្នកដទៃតាមរបៀបណាក្ដី ។ ខណៈពេលដែលវាពិតថា អ្នកមិនគួរដាក់ទោសអ្នកដទៃ ឬវិនិច្ឆ័យពួកគេដោយមិនសុចរិត នោះអ្នកនឹងត្រូវវិនិច្ឆ័យលើគំនិត ស្ថានភាព ហើយនិងមនុស្សនោះពេញមួយជីវិតរបស់អ្នក ។ ព្រះអម្ចាស់បានប្រទានព្រះបញ្ញត្តិជាច្រើនថា អ្នកមិនអាចរក្សាបានទេ បើអ្នកកាត់សេចក្ដីនោះ » ( ពិតចំពោះសេចក្ដីជំនឿ ៖ សេចក្ដីយោងដំណឹងល្អ [ ឆ្នាំ 2004 ], ទំព័រ 90 ) ។
ដើម្បីជួយសិស្សឲ្យឃើញថា ព្រះអង្គសង្គ្រោះបានបង្រៀនអំពីសារៈសំខាន់នៃការវិនិច្ឆ័យសុចរិត សូមឲ្យពួកគេអាន នីហ្វៃទី 3 14:6 ដោយស្ងាត់ស្ងៀម ។ សូមឲ្យពួកគេរកមើលការវិនិច្ឆ័យខ្លះដែលទ្រង់បានណែនាំយើងឲ្យធ្វើ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
-
តើវាមានន័យយ៉ាងណា កុំឲ្យរបស់បរិសុទ្ធដល់ឆ្កែ ឬបោះកែវមុក្ដារបស់ខ្លួននៅមុខជ្រូកឡើយ ? ( ការចែកចាយអ្វីមួយដែលពិសិ្ឋដល់អ្នកទាំងឡាយណាដែលនឹងមិនកោតសរសើរដល់វា ឬផ្ដល់កិត្តិយសដល់ភាពពិសិដ្ឋរបស់វា ) ។
-
តើការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុង នីហ្វៃទី 3 14:6 តម្រូវឲ្យយើងវិនិច្ឆ័យអ្នកដទៃដោយរបៀបណា ?
ក្រោយពីសិស្សឆ្លើយហើយ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដាល្លិន អេក អូក អំពីស្ថានភាពផ្សេងទៀតដែលយើងត្រូវធ្វើការវិនិច្ឆ័យ ៖
« យើងទាំងអស់គ្នាធ្វើការ វិនិច្ឆ័យក្នុងការជ្រើសរើសមិត្តភក្ដិ ក្នុងការជ្រើសរើសរបៀបដែលយើងនឹងចំណាយពេលរបស់យើង និងប្រាក់កាសរបស់យើង ហើយប្រាកដណាស់ គឺក្នុងការជ្រើសរើសដៃគូដ៏អស់កល្បជានិច្ច ។ …
« … ការវិនិច្ឆ័យដ៏សុចរិតនឹងត្រូវបានដឹកនាំដោយព្រះវិញ្ញាណនៃព្រះអម្ចាស់ មិនមែនដោយកំហឹង ដោយការសងសឹក ការច្រណែន ឬការចាប់អារម្មណ៍ផ្ទាល់ខ្លួននោះទេ » ( « ‘Judge Not’ and Judging » ទំព័រ 9 ) ។
-
តើហេតុអ្វីបានជាវាសំខាន់ដើម្បីធ្វើការវិនិច្ឆ័យសុចរិតក្នុងផ្នែកដូចជា ការជ្រើសរើសមិត្តភក្ដិ ការសម្រេចចិត្តលើរបៀបដែលយើងចំណាយពេល និងប្រាក់កាសរបស់យើង និងការជ្រើសរើសដៃគូដ៏អស់កល្បជានិច្ច ?
-
តើមានស្ថានភាពផ្សេងទៀតណាខ្លះដែលយើងត្រូវធ្វើការវិនិច្ឆ័យដោយសុចរិតលើអ្នកដទៃ ? ( សិស្សអាចលើកឡើងពីការជ្រើសរើសរវាងនិយោជកមានសក្ដានុពល ឬការជ្រើសរើសថាតើត្រូវទទួលយកការអញ្ជើញទៅជួបគ្នាឬទេ ) ។
នីហ្វៃទី 3 14:7–11
ព្រះអង្គសង្គ្រោះបង្រៀនអំពីការស្វែងរកពរជ័យទាំងឡាយពីព្រះវរបិតាសួគ៌
សូមឲ្យសិស្សអាន នីហ្វៃទី 3 14:7–11 ស្ងាត់ៗ ដោយរកមើលការបង្រៀនរបស់ព្រះអង្គសង្គ្រោះអំពីព្រះឆន្ទៈរបស់ព្រះវរបិតាសួគ៌ក្នុងការឆ្លើយតបចំពោះការអធិស្ឋានរបស់យើង ។ សូមពន្យល់ថា ប្រសិនបើឪពុកលើផែនដី ដែលមានចិត្តល្អ និងជាទីស្រឡាញ់ប៉ុន្ដែមិនឥតខ្ចោះ នឹងផ្ដល់នំបុ័ង និងត្រីដល់កូនចៅរបស់ខ្លួន ជំនួសឲ្យដុំថ្ម និងពស់ពិស នោះព្រះវរបិតាសួគ៌ដែលមានព្រះទ័យល្អ និងជាទីស្រឡាញ់ដ៏ឥតខ្ចោះ ប្រាកដជាឆ្លើយតបនឹងការអធិស្ឋានសុំជំនួយរបស់កូនចៅរបស់ទ្រង់ ។
-
តើគោលការណ៍អ្វីដែលយើងអាចរៀនពី នីហ្វៃទី 3 14:7–11 ? ( សិស្សអាចរកឃើញនូវគោលការណ៍ខុសគ្នា ។ គោលការណ៍មួយដែលអ្នកអាចបញ្ជាក់គឺ ព្រះវរបិតាសួគ៌ប្រទានពរដល់យើង នៅពេលយើងអធិស្ឋានសុំជំនួយពីទ្រង់ ) ។
-
ហេតុអ្វីបានជាវាសំខាន់ដល់អ្នកដើម្បីដឹងថា ព្រះវរបិតាសួគ៌នឹងឆ្លើយចំពោះការអធិស្ឋានរបស់អ្នក ?
-
តើនៅពេលណាដែលអ្នកទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ដល់អ្នក តាមរយៈរបៀបដែលទ្រង់បានឆ្លើយតបទៅនឹងការអធិស្ឋានរបស់អ្នក ? ( អ្នកអាចឲ្យសិស្សសញ្ជឹងគិតពីសំណួរនេះមួយសន្ទុះ មុនពេលពួកគេឆ្លើយ ។ សូមគិតផងដែរពីការចែកចាយបទពិសោធន៍របស់អ្នកផ្ទាល់ ) ។
នីហ្វៃទី 3 14:12–27
ព្រះអង្គសង្គ្រោះបង្រៀនយើងពីសារៈសំខាន់នៃការធ្វើតាមព្រះឆន្ទៈរបស់ព្រះវរបិតាសួគ៌
សូមឲ្យសិស្សអាន នីហ្វៃទី 3 14:12 ដោយស្ងាត់ស្ងៀម ហើយសុំឲ្យពួកគេគិតពីរបៀបដែលការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុងខគម្ពីរនេះអាចជួយពួកគេឲ្យក្លាយដូចជាព្រះវរបិតាសួគ៌កាន់តែខ្លាំង ។
-
តើការគោរពតាមការណែនាំនៅក្នុង នីហ្វៃទី 3 14:12 អាចជួយយើងឲ្យក្លាយដូចជាព្រះវរបិតាសួគ៌កាន់តែខ្លាំងដោយរបៀបណា ?
សូមប្រាប់សិស្សថា នៅពេលដែលព្រះអង្គសង្គ្រោះបន្ដបង្រៀន នោះទ្រង់បានប្រើ ភាពស្រដៀងគ្នា ដ៏មានព្រះចេស្តាដើម្បីជួយយើងឲ្យយល់ពីសារៈសំខាន់នៃការធ្វើតាមព្រះឆន្ទៈរបស់ព្រះវរបិតាសួគ៌ ។
ដើម្បីរៀបចំសិស្សឲ្យសិក្សាពី ភាពស្រដៀងគ្នារបស់ព្រះអង្គសង្គ្រោះនៅក្នុង នីហ្វៃទី 3 14 សូមដឹកនាំនូវសកម្មភាពខាងក្រោម ។
សូមបំបែកសិស្សជាក្រុមដែលមានគ្នា 2 ឬ 4 នាក់ក្នុងមួយក្រុម ។ សូមឲ្យក្រដាសដល់សិស្ស ។ សូមសរសេរវគ្គព្រះគម្ពីរខាងក្រោមនៅលើក្ដារខៀន ហើយសូមដាក់កិច្ចការមួយឲ្យដល់ក្រុមនីមួយៗ ៖ នីហ្វៃទី 3 14:13–14; នីហ្វៃទី 3 14:15–20; នីហ្វៃទី 3 14:24–27 ។ ( ប្រសិនបើអ្នកមានសិស្សច្រើន សូមដាក់វគ្គព្រះគម្ពីរឲ្យសិស្សច្រើនជាងមុនក្នុងក្រុមនីមួយៗ ) ។ សូមឲ្យសិស្សអានកិច្ចការព្រះគម្ពីររបស់គេ ហើយគូសរូបភាពនៃភាពស្រដៀងគ្នាដែលព្រះអង្គសង្គ្រោះបានប្រើ ។ សូមឲ្យពួកគេសរសរអ្វីដែលពួកគេរៀនពីភាពស្រដៀងគ្នាផងដែរ ។
ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សបង្ហាញរូបភាពរបស់គេដល់សិស្សក្នុងថ្នាក់ ហើយពន្យល់អ្វីដែលពួកគេបានរៀន ។ នៅពេលសិស្សបង្ហាញពីអ្វីដែលពួកគេបានរៀន សូមសួរសំណួរដូចខាងក្រោម ៖
-
តើការគោរពតាមការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទដូចជាការដើរតាមផ្លូវដ៏តូចចង្អៀតមួយដោយរបៀបណា ? តើការបដិសេធការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទដូចជាការដើរតាមផ្លូវដ៏ធំទូលាយមួយដោយរបៀបណា ? ( សូមមើល នីហ្វៃទី 3 14:13–14 ) ។តើរបៀបណាខ្លះដែលការបង្រៀនរបស់ព្រះអង្គសង្គ្រោះខុសពីការបង្រៀនរបស់ពិភពលោក ?
-
ហេតុអ្វីបានជាសត្វចចកនឹងក្លែងខ្លួនធ្វើជាចៀម ? ( សូមអាន នីហ្វៃទី 3 14:15 ) ។តើភាពស្រដៀងគ្នានេះប្រាប់យើងអំពីបំណង និងសកម្មភាពរបស់ព្យាការីក្លែងក្លាយអ្វីខ្លះ ?
-
ប្រសិនបើដើមឈើនៅក្នុង នីហ្វៃទី 3 14:16–20 តំណាងឲ្យមនុស្ស តើផ្លែវាអាចតំណាងឲ្យអ្វី ? ( ចម្លើយអាចរួមមាន គំនិតរបស់មនុស្ស សម្ដី សកម្មភាព និងឥទ្ធិពលទៅលើអ្នកដទៃ ) ។
-
នៅពេលណាដែលយើងស្ដាប់តាមព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ និងធ្វើតាមទ្រង់ តើយើងអាចដូចជាបុរសម្នាក់ដែលសង់ផ្ទះរបស់គាត់នៅលើថ្មដោយរបៀបណា ? ( សូមមើល នីហ្វៃទី 3 14:24–25 ) ។ប្រសិនបើយើងជ្រើសរើសមិនធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ តើយើងអាចដូចជាបុរសម្នាក់ដែលសង់ផ្ទះរបស់គាត់នៅលើខ្សាច់ដោយរបៀបណា ? ( សូមមើល នីហ្វៃទី 3 14:26–27 ) ។
ក្រោយពីការបង្ហាញ និងការពិភាក្សារបស់សិស្សហើយ សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 14:21–23 ឮៗ ។
-
តើយើងអាចរៀនអ្វីខ្លះពី នីហ្វៃទី 3 14:21 ? ( សិស្សអាចប្រើពាក្យខុសគ្នា ប៉ុន្ដែពួកគេគួរបង្ហាញនូវសេចក្ដីពិតដូចខាងក្រោម [ សូមសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ] ៖ យើងត្រូវតែធ្វើតាមព្រះឆន្ទៈរបស់ព្រះវរបិតាសួគ៌ដើម្បីចូលទៅក្នុងនគរស្ថានសួគ៌ ។)
-
តើសេចក្ដីពិតនេះទាក់ទងទៅនឹងការបង្ហាញនៃផ្លូវដ៏ធំ និងចង្អៀត ដើមឈើដ៏ល្អ និងអាក្រក់ និងបុរសដ៏ឆ្លាត និងបុរសល្ងង់ដោយរបៀបណា ?
សូមឲ្យសិស្សមានពេលសញ្ជឹងគិត និងអនុវត្តអ្វីដែលពួកគេបានរៀនពី នីហ្វៃទី 3 14 ។ សូមឲ្យពួកគេសរសេរនៅក្នុងសៀវភៅសរសេរ ឬកំណត់ហេតុការសិក្សាព្រះគម្ពីរអំពីរបៀបដែលពួកគេនឹងពង្រឹងការខិតខំរបស់ពួកគេ ក្នុងការធ្វើតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុង នីហ្វៃទី 3 14 ។ បើមានពេលវេលា សូមឲ្យសិស្សពីរបីនាក់សង្ខេបពីអ្វីដែលពួកគេបានរៀន និងចែកចាយអ្វីដែលពួកគេនឹងធ្វើដោយសារតែអ្វីដែលពួកគេបានរៀននេះ ។ អ្នកអាចបញ្ចប់ដោយការថ្លែងទីបន្ទាល់អំពីពរជ័យដែលអ្នកបានទទួល នៅពេលដែលអ្នកបានធ្វើតាមព្រះឆន្ទៈរបស់ព្រះវរបិតាសួគ៌ ។