មេរៀនទី 127
នីហ្វៃទី 3 ជំពូក 18
សេចក្តីផ្ដើម
នៅពេលព្រះយេស៊ូវគ្រីស្ទបានបញ្ចប់ថ្ងៃទីមួយនៃការបម្រើរបស់ទ្រង់នៅក្នុងចំណោមពួកសាសន៍នីហ្វៃ ទ្រង់បានដឹកនាំពិធីសាក្រាម៉ង់ ។ ទ្រង់បានបញ្ជាពួកគេឲ្យទទួលទានសាក្រាម៉ង់ អធិស្ឋានទៅព្រះវរបិតាជានិច្ច ហើយពង្រីកសម័្ពន្ធមិត្តជាមួយនឹងមនុស្សទាំងអស់ ។ ព្រះអង្គសង្គ្រោះបានសន្យានូវពរជ័យដ៏ធំដល់អ្នកទាំងឡាយណាដែលគោរពតាម ។ បន្ទាប់មក ទ្រង់បានផ្ដល់ការណែនាំដល់ពួកសាវកសាសន៍នីហ្វៃដប់ពីរនាក់ ដែលទាក់ទងទៅនឹងការបម្រើរបស់ពួកលោកនៅក្នុងសាសនាចក្រ ។ មុនពេលយាងទៅស្ថានសួគ៌វិញ ទ្រង់បានប្រទានដល់ពួកលោកនូវអំណាចដើម្បីផ្ដល់នូវអំណោយទានព្រះវិញ្ញាណបរិសុទ្ធ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី 3 18:1–14
ព្រះយេស៊ូវគ្រីស្ទធ្វើពិធីសាក្រាម៉ង់ដល់ពួកសាសន៍នីហ្វៃ
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ជើរ៉ល អិន ឡាន នៃពួកចិតសិបនាក់ ។ ( សូមប្រាប់សិស្សថា ឈ្មោះ Czenkusch គឺអានថា « សិន ឃុស » ) ។ សូមលើកទឹកចិត្តសិស្សឲ្យស្រមៃអ្វីដែលអាចដូចកាលដែលក្លាយជាអ្នកឡើងភ្នំដែលបានលើកឡើងដោយអែលឌើរ ឡាន ។
« មួយរយៈពេលកន្លងទៅ មានអត្ថបទមួយដ៏គួរឲ្យចាប់អារម្មណ៍អំពីការឡើងភ្នំនៅក្នុងទស្សនាវដ្ដីវេជ្ជសាស្ដ្រ ។ …
« អត្ថបទនេះគឺអំពីបុរសម្នាក់ឈ្មោះ សិនឃុស ដែលបើកសាលាហាត់ឡើងភ្នំ ។ … សិនឃុស បានពិពណ៌នាប្រាប់អ្នកសម្ភាសន៍ម្នាក់អំពីប្រព័ន្ធខ្សែពួរយឺតនៅក្នុងការឡើងភ្នំ ។ នេះគឺជាប្រព័ន្ធដែលអ្នកឡើងភ្នំការពារខ្លួនគេកុំឲ្យធ្លាក់ចុះ ។ អ្នកឡើងភ្នំម្នាក់មានសុវត្ថិភាព ហើយការពារខ្សែពួរនោះសម្រាប់អ្នកឡើងភ្នំបន្ទាប់ទៀត ជាធម្មតាវាព័ទ្ធជុំវិញខ្លួនរបស់គេ ។ ‹ អ្នកស្ថិតនៅក្នុងខ្សែយឺត › មានន័យថា ‹ ខ្ញុំការពារអ្នកបានហើយ ។ ប្រសិនបើមានអ្វីមួយកើតឡើង ខ្ញុំនឹងការពារអ្នកកុំឲ្យធ្លាក់ចុះ ។ › វាជាផ្នែកដ៏សំខាន់មួយនៃការឡើងភ្នំ ។ ឥឡូវ សូមកត់ចំណាំអ្វីដែលកើតឡើងបន្ទាប់នៅក្នុងអត្ថបទនេះ ៖ ‹ ខ្សែយឺតបានធ្វើឲ្យសិនឃុសបានមានពេលដ៏ល្អបំផុត និងអាក្រក់បំផុតក្នុងការឡើងភ្នំ ។ ពេលមួយ សិនឃុស ធ្លាប់បានធា្លក់ពីជ្រោះដ៏ខ្ពស់មួយ ដោយការកន្ដ្រាក់មេបច្ចេកវិទ្យាបីចេញ ហើយទាញខ្សែយឺតរបស់គាត់ចេញពីផ្នែកលយចេញក្រៅ ។ គាត់ត្រូវបានបញ្ឈប់ ដាំក្បាលចុះ 10 ហ៊្វីតថ៍ កម្ពស់ពីដី នៅពេលអ្នកយឺតខ្សែរបស់គាត់ [ ដន ] បានចាប់ការធ្លាក់ដោយកម្លាំងសន្ធឹងដៃរបស់គាត់ ។ សិនឃុស បាននិយាយថា « ដន បានសង្គ្រោះជីវិតរបស់ខ្ញុំ » ។ « តើអ្នកឆ្លើយតបទៅនឹងបុរសម្នាក់ដូចនោះយ៉ាងណា ? ជូនគាត់នូវខ្សែឡើងភ្នំដែលប្រើហើយមួយសម្រាប់កាដូថ្ងៃគ្រីស្ទម៉ាស ? ទេ អ្នកចងចាំគាត់ ។ អ្នកនឹងតែងតែចងចាំដល់គាត់ › » [ Eric G. Anderson « The Vertical Wilderness » Private Practice, ខែ វិច្ឆិកា ឆ្នាំ 1979, ទំព័រ 21 ; សេចក្ដីបញ្ជាក់បន្ថែម ] » ( « The Grace and Mercy of Jesus Christ » នៅក្នុង Jesus Christ: Son of God, Savior, ed. Paul H. Peterson, Gary L. Hatch, and Laura D. Card [ ឆ្នាំ 2002 ], ទំព័រ 48 ) ។
-
តើហេតុអ្វីបានជាអ្នកគិតថា អ្នកឡើងភ្នំបានមានអារម្មណ៍ថា ការជូនអំណោយជាវត្ថុដល់អ្នកសង្គ្រោះរបស់គាត់អាចនឹងជារបៀបមួយដែលមិនគ្រប់គ្រាន់ដើម្បីបង្ហាញអំណរគុណ ?
សូមឲ្យសិស្សអាន នីហ្វៃទី 3 18:1–7 ដោយស្ងាត់ស្ងៀម ដោយរកមើលអ្វីព្រះអង្គសង្គ្រោះបានមានបន្ទូលទៅដល់ពួកសាសន៍នីហ្វៃ ថាពួកគេគួរធ្វើដើម្បីចងចាំដល់ទ្រង់ ។ ( អ្នកអាចណែនាំ សិស្សឲ្យគួរគូសចំណាំពាក្យ ការចងចាំ និង ចងចាំ នៅក្នុង នីហ្វៃទី 3 18:7 ។ ) ក្រោយពីសិស្សរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញហើយ សូមសួរសំណួរខាងក្រោម ៖
-
តើការទទួលយកពិធីសាក្រាម៉ង់ជួយយើងឲ្យចងចាំដល់ពលិកម្មរបស់ព្រះអង្គសង្គ្រោះជំនួសយើងដោយរបៀបណា ?
-
យោងតាម នីហ្វៃទី 3 18:7 តើពួកសាសន៍នីហ្វៃត្រូវចងចាំអ្វី នៅពេលពួកគេទទួលបាននំប៉័ង ?
សូមឲ្យសិស្សមានពេលមើលនៅ នីហ្វៃទី 3 11:14–15 ។ បន្ទាប់មក សួរពួកគេនូវសំណួរដូចខាងក្រោមនេះ ៖
-
ហេតុអ្វីបានជាការចងចាំដល់ព្រះកាយរបស់ព្រះអង្គសង្គ្រោះអាចជាការណ៍ដ៏សំខាន់ជាពិសេសសម្រាប់ពួកសាសន៍នីហ្វៃ ?
-
ទោះបីជាអ្នកមិនបានឃើញស្នាមរបួសនៅលើព្រះកាយរបស់ព្រះអង្គសង្គ្រោះដូចជាពួកសាសន៍នីហ្វៃក្ដី ហេតុអ្វីបានជាវានៅតែសំខាន់សម្រាប់អ្នកដើម្បីទទួលយកនំប៉័ងសាក្រាម៉ង់ដើម្បី « រំឭកពីព្រះកាយ » នៃព្រះអង្គសង្គ្រោះ ? ( គ. និង ស. 20:77 ) ។
-
តើយើងអាចធ្វើអ្វីខ្លះដើម្បីតែងតែចងចាំដល់ព្រះអង្គសង្គ្រោះនោះ ?
សូមសរសេរឃ្លាខាងក្រោមនៅលើក្តារខៀន ៖ នៅពេលយើងទទួលយកសាក្រាម៉ង់ យើងធ្វើជាសាក្សីដល់ព្រះវរបិតាថា …
សូមឲ្យសិស្សអាន នីហ្វៃទី 3 18:8–11 ដោយស្ងាត់ស្ងៀម ដោយរកមើលពាក្យ ឬឃ្លាដែលបំពេញប្រយោគនៅលើក្ដារខៀន ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយអ្វីដែលពួកគេបានរកឃើញ ។ ( សិស្សអាចបំពេញប្រយោគតាមរបៀបនេះ ៖ នៅពេលយើងទទួលទានសាក្រាម៉ង់ យើងធ្វើជាសាក្សីដល់ព្រះវរបិតាថា យើងនឹងតែងតែចងចាំដល់ព្រះយេស៊ូវគ្រីស្ទជានិច្ច ។ ចម្លើយមួយទៀតអាចដូចខាងក្រោម ៖ នៅពេលយើងទទួលយកសាក្រាម៉ង់ យើងធ្វើជាសាក្សីដល់ព្រះវរបិតាថា យើងនឹងព្រមធ្វើអ្វីៗទាំងអស់ដែលព្រះអង្គសង្គ្រោះបានបញ្ជាដល់យើង ) ។
សូមប្រើសំណួរខាងក្រោមនេះខ្លះ ឬទាំងអស់ដើម្បីជួយសិស្សឲ្យយល់កាន់តែស៊ីជម្រៅ និងកោតសរសើរដល់តួនាទីនៃពិធីសាក្រាម៉ង់ក្នុងការជួយយើងឲ្យចងចាំដល់ព្រះអង្គសង្គ្រោះ ៖
-
តើផ្នែកនៃជីវិត និងការបម្រើរបស់ព្រះអង្គសង្គ្រោះណាខ្លះ ដែលយើងអាចចងចាំក្នុងពេលពិធីបរិសុទ្ធសាក្រាម៉ង់ ? ( ចម្លើយអាចរួមមាន ការសុគត និងការពលិកម្មដ៏ធួនរបស់ទ្រង់ ការប្រសូតដ៏បន្ទាបខ្លួនរបស់ទ្រង់ អព្ភូតហេតុ និងការបង្រៀនរបស់ទ្រង់ ការយកចិត្តទុកដាក់ដោយសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះអ្នកដទៃ និងការដែលទ្រង់ស្ដាប់បង្គាប់តាមព្រះវរបិតាសួគ៌ ) ។
-
ទោះបីជាការទទួលយកពិធីសាក្រាម៉ង់ចំណាយពេលតិចក្ដី ក៏ឥទ្ធិពលនៃការរៀបចំ និងការចូលរួមនៅក្នុងពិធីបរិសុទ្ធនេះអស់កល្បដែរ ។ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីតែងតែចងចាំដល់ព្រះអង្គសង្គ្រោះ ក្រោយពីយើងបានទទួលទានពិធីសាក្រាម៉ង់ និងអំឡុងពេលពេញមួយសប្ដាហ៍នោះ ?
-
តើសេចក្តីស្មោះស និងការយកចិត្តទុកដាក់ដែលយើងផ្ដល់នៅក្នុងការទទួលទានសាក្រាម៉ងអាចជួយយើងឲ្យរំឭកដល់ព្រះអង្គសង្គ្រោះពេញមួយសប្ដាហ៍ដោយរបៀបណា ?
-
តើពិធីសាក្រាម៉ង់មានន័យយ៉ាងណា ប្រសិនបើយើងមិនបានចងចាំដល់ទ្រង់ទេនោះ ?
-
យោងតាម នីហ្វៃទី 3 18:7, 11 តើព្រះអង្គសង្គ្រោះបានសន្យាដល់អស់អ្នកទាំងឡាយណាដែលទទួលយកពិធីសាក្រាម៉ង់ និងចងចាំដល់ទ្រង់អ្វីខ្លះ ? ( នៅពេលយើងទទួលពិធីសាក្រាម៉ង់ និងចងចាំដល់ព្រះអង្គសង្គ្រោះជានិច្ចនោះ យើងនឹងទទួលបានព្រះវិញ្ញាណរបស់ទ្រង់នៅជាមួយនឹងយើង ) ។
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 18:12–14 ឮៗ ហើយបន្ទាប់មក សូមឲ្យសិស្សម្នាក់ទៀតអាន ហេលេមិន 5:12 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ទាំងអស់មើលតាម ដោយសញ្ជឹងគិតពីទំនាក់ទំនងរវាងវគ្គព្រះគម្ពីរទាំងពីរ ។
-
តើការទទួលទានសាក្រាម៉ង់ជាទៀងទាត់អាចជួយអ្នកឲ្យយកព្រះយេស៊ូវគ្រីស្ទធ្វើជាមូលដ្ឋានគ្រឹះដែលអ្នកត្រូវសង់ជីវិតរបស់អ្នកលើដោយរបៀបណា ?
ដើម្បីជួយសិស្សឲ្យចងចាំដល់ព្រះយេស៊ូវគ្រីស្ទជាងមុន សូមឲ្យពួកគេសរសេរនៅក្នុងសៀវភៅសរសេរ សៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ឬ សៀវភៅកំណត់ហេតុផ្ទាល់ខ្លួនអំពីអ្វីដែលពួកគេធ្វើដើម្បីចងចាំដល់ព្រះអង្គសង្គ្រោះរាល់ថ្ងៃសម្រាប់សប្ដាហ៍ក្រោយ ។ សូមលើកទឹកចិត្តសិស្សឲ្យគិតពីការសរសេរអំពីគំនិតដែលពួកគេបានមាន អំឡុងពេលសាក្រាម៉ង់ ឬរបៀបដែលការចងចាំដល់ព្រះអង្គសង្គ្រោះដែលត្រូវបានទទួលនៅក្នុងគំនិត ពាក្យសម្ដី និងសកម្មភាពរបស់គេ ។
សូមតាមដានសិស្សនៅពេលបង្រៀនលើកក្រោយៗ ដោយការជម្រុញពួកគេឲ្យបន្ដសរសេររាល់ថ្ងៃ ។ អំឡុងពេលសប្ដាហ៍ អ្នកអាចឲ្យពួកគេមានពេលពីរបីនាទីនៅពេលចាប់ផ្ដើមថ្នាក់ដើម្បីសរសេរអ្វីដែលពួកគេកំពុងធ្វើដើម្បីចងចាំដល់ព្រះអង្គសង្គ្រោះ ។
នីហ្វៃទី 3 18:15–25
ព្រះយេស៊ូវបង្រៀនដល់ពួកសាសន៍នីហ្វៃឲ្យអធិស្ឋានដល់ព្រះវរបិតាជានិច្ច និងជួបជុំគ្នាជាញឹកញាប់
សូមបំបែកសិស្សធ្វើការជាដៃគូ ។ សូមឲ្យដៃគូនីមួយៗអាន នីហ្វៃទី 3 18:15–21 រួមគ្នា ដោយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀនយើងឲ្យធ្វើដើម្បីប្រឆាំងនឹងការល្បួង ។ នៅពេលពួកគេអានចប់ហើយ សូមឲ្យដៃគូទាំងអស់សរសេរប្រយោគមួយ ដែលពួកគេមានអារម្មណ៍ថានឹងសង្ខេបការបង្រៀនទាំងនេះអំពីការយកឈ្នះលើការល្បួង ។ សូមឲ្យដៃគូបីបួនគូចែកចាយអ្វីដែលពួកគេបានសរសេរ ។ ( ទោះបីជាសិស្សអាចប្រើពាក្យខុសគ្នាដើម្បីបង្ហាញពីការសង្ខេបរបស់ពួកគេក្ដី ក៏ពួកគេគួរគូសបញ្ជាក់នូវសេចក្ដីពិតខាងក្រោមនេះ ៖ ប្រសិនបើយើងប្រយ័ត្ន និងអធិស្ឋានជានិច្ចទៅរកព្រះវរបិតា នោះយើងនឹងអាចប្រឆាំងនឹងការល្បួងរបស់សាតាំង ) ។
-
តើអ្នកគិតថាពាក្យ ប្រយត័្ន មានន័យយ៉ាងណានៅក្នុង នីហ្វៃទី 3 18:18 ? ( ការទទួលការព្រមានខាងវិញ្ញាណ ការមិនធ្វេសប្រហែស ឬការចាំយាម ) ។
-
តើអ្នកគិតថា ហេតុអ្វីបានជាទាំងការប្រយត័្ន និងការអធិស្ឋានមានសារៈសំខាន់ក្នុងការប្រឆាំងនឹងការល្បួង ?
សូមបង្ហាញថា នីហ្វៃទី 3 18:15, 20–21 នេះគឺជាវគ្គចំណេះចំណានព្រះគម្ពីរ ។ អ្នកអាចណែនាំថា សិស្សគួរគូសចំណាំវគ្គនេះដើម្បីឲ្យងាយស្រួលនឹងរកឃើញវា ។
-
តើការអធិស្ឋានជួយយើងឲ្យនៅតែប្រយ័ត្ន និងទទួលបានការដាស់តឿនចំពោះការខំល្បួងរបស់សាតាំងលើយើងដោយរបៀបណា ?
សូមឲ្យសិស្សឆ្លើយនឹងសំណួរខាងក្រោមនៅក្នុងសៀវភៅសរសេរ ឬកំណត់ហេតុការសិក្សាព្រះគម្ពីរ ។ ( អ្នកអាចសរសេរសំណួរនេះនៅលើក្ដារខៀន ឬអានវាយឺតៗដើម្បីឲ្យសិស្សអាចកត់វាបាន ) ។
-
តើការអធិស្ឋានបានជួយអ្នកឲ្យប្រឆាំងការល្បួងរបស់សាតាំងដោយរបៀបណា ?
-
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីពង្រឹងការអធិស្ឋានផ្ទាល់ខ្លួនរបស់អ្នក ?
-
តើពរជ័យអ្វីខ្លះដែលអ្នកបានឃើញពីការអធិស្ឋានជាមួយនឹងក្រុមគ្រួសាររបស់អ្នក ?
-
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីជួយគ្រួសាររបស់អ្នកឲ្យមានការអធិស្ឋានជាគ្រួសារដ៏ថិតថេរ និងមានអត្ថន័យ ?
ប្រសិនបើមានពេល សូមគិតពីការសុំសិស្សពីរបីនាក់ឲ្យចែកចាយដល់សិស្សក្នុងថ្នាក់នូវអ្វីដែលពួកគេបានសរសេរ ។
សូមឲ្យសិស្សគិតពីនរណាម្នាក់ ដែលពួកគេនឹងជួយឲ្យខិតកាន់តែជិតទៅរកព្រះអង្គសង្គ្រោះ ។ សូមសរសេរគោលការណ៍ខាងក្រោមនៅលើក្ដារខៀន ហើយលើកទឹកចិត្តសិស្សឲ្យសរសេរវា ។ នៅពេលយើងបម្រើដល់អ្នកដទៃ យើងអាចជួយពួកគេឲ្យមកកាន់ព្រះគ្រីស្ទ ។ សូមឲ្យសិស្សអាន នីហ្វៃទី 3 18:22–24 ដោយស្ងាត់ស្ងៀម ។
-
តើព្រះអង្គសង្គ្រោះសុំឲ្យយើងធ្វើអ្វីខ្លះ ដើម្បីជួយអ្នកដទៃឲ្យមកកាន់ទ្រង់ ? ( យើងមិនគួររុញអ្នកដទៃឲ្យចេញពីការប្រជុំនៃសាសនាចក្រយើងទេ ហើយយើងគួរអធិស្ឋានសម្រាប់ពួកគេ ) ។
-
ព្រះអង្គសង្គ្រោះបានមានបន្ទូលថា ទ្រង់គឺជាពន្លឺ ដែលយើងត្រូវលើកឡើងបង្ហាញដល់ពិភពលោក ។ តើយើងម្នាក់ៗអាចដោះស្រាយនឹងជីវិតរបស់យើងដោយការលើកពន្លឺរបស់ព្រះអង្គសង្គ្រោះឡើងដោយរបៀបណា ?
សូមអានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រ៉ូបឺត ឌី ហែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមឲ្យសិស្សស្ដាប់រកអ្វីដែលអែលឌើរ ហែល បានមានប្រសាសន៍ថានឹងកើតឡើង នៅពេលយើងរស់នៅដោយសុចរិត ។
« តើវាមិនធ្វើឲ្យព្រះយេស៊ូវគាប់ព្រះទ័យទេឬ នៅពេលយើងអាចអនុញ្ញាតឲ្យពន្លឺរបស់យើងបញ្ចាំងចេញទៅ រហូតដល់អស់អ្នកទាំងឡាយដែលធ្វើតាមយើងនឹងដើរតាមព្រះអង្គសង្គ្រោះដែរនោះ ? មានអ្នកដែលកំពុងស្វែងរកពន្លឺដែលនឹងឆ្លងកាត់ទ្វារនៃពិធីបុណ្យជ្រមុជទឹកដោយរីករាយទៅរកផ្លូវដ៏ត្រង់ និងតូចចង្អៀតដែលនាំទៅរកជីវិតដ៏អស់កល្បជានិច្ច ( សូមមើល នីហ្វៃទី 2 31 ) ។ តើអ្នកនឹងធ្វើជាពន្លឺនោះដែលនឹងដឹកនាំពួកគេទៅរកកំពង់ផែដ៏មានសុវត្ថិភាពមួយទេ ? ( « That Ye May Be the Children of Light » [ Brigham Young University fireside address, ថ្ងៃទី 3 ខែ វិច្ឆិកា ឆ្នាំ 1996 ], ទំព័រ 8, speeches.byu.edu ) ។
-
តើអ្នកគិតយ៉ាងណា នៅពេលអ្នកគិតអំពីសំណួរ « តើវាមិនធ្វើឲ្យព្រះយេស៊ូវគាប់ព្រះទ័យទេឬ នៅពេលយើងអាចអនុញ្ញាតឲ្យពន្លឺរបស់យើងបញ្ចាំងចេញទៅ រហូតដល់អស់អ្នកទាំងឡាយដែលធ្វើតាមយើងនឹងដើរតាមព្រះអង្គសង្គ្រោះដែរនោះ ?
សូមពន្យល់ថា ការអធិស្ឋានសម្រាប់អ្នកដទៃ ការអញ្ជើញឲ្យពួកគេឲ្យចូលរួមនៅក្នុងការប្រជុំសាសនាចក្រ និងការធ្វើជាគំរូដូចជាព្រះគ្រីស្ទ គឺជារបៀបដែលយើងអាចបម្រើដល់អ្នកដទៃ ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយបទពិសោធន៍មួយដែលពួកគេបានលើកពន្លឺរបស់ព្រះអង្គសង្គ្រោះឡើង ដើម្បីជួយដល់នរណាម្នាក់ដែលមករកទ្រង់ ។
នីហ្វៃទី 3 18:26–39
ព្រះអង្គសង្គ្រោះបង្រៀនពួកសាវករបស់ទ្រង់ឲ្យពង្រីកការរាប់អានទៅដល់មនុស្សគ្រប់រូប
សូមសង្ខេប នីហ្វៃទី 3 18:26–39 ដោយការពន្យល់ថា ក្រោយពីព្រះអង្គសង្គ្រោះបានមានបន្ទូលដល់ហ្វូងមនុស្សថា ទ្រង់ងាកទៅរកពួកសាវកដប់ពីរនាក់ដែលទ្រង់បានជ្រើសរើស និងបានណែនាំពួកលោកអំពីរបៀបដឹកនាំ និងចាត់ចែងការងារនៃសាសនាចក្រ ។ សូមឲ្យសិស្សអាន នីហ្វៃទី 3 18:32 ដោយស្ងាត់ស្ងៀមដោយរកមើលរបៀបដែលយើងគួរឆ្លើយតបទៅនឹងមនុស្សដែលបានវង្វេងចេញពីសេចក្ដីជំនឿ ។
-
ហេតុអ្វីបានជាវាជាការសំខាន់ដែលយើងត្រូវបន្ដបម្រើដល់មនុស្សដែលបានវង្វេងចេញពីសេចក្ដីជំនឿ ?
សូមគិតពីការចែកចាយបទពិសោធន៍មួយដែលអ្នកបានជួយបម្រើដល់កូនចៅរបស់ព្រះម្នាក់ និងបានជួយបុគ្គលម្នាក់ឲ្យមករកព្រះគ្រីស្ទ ។