បណ្ណាល័យ
យោបល់​សម្រាប់​ថ្ងៃដែល​អាច​​បត់បែន​តាម​ពេល


យោបល់​សម្រាប់​ថ្ងៃដែល​អាច​​បត់បែន​តាម​ពេល

ការណែនាំ​ពី​ល្បឿន​ក្នុង​ការបង្រៀន​សម្រាប់​គ្រូបង្រៀន​ប្រចាំ​ថ្ងៃ​ផ្អែកលើ​ឆ្នាំសិក្សា 36 សប្ដាហ៍ ឬ 180 ថ្ងៃ ។ សៀវភៅ​ណែនាំ​នេះ​មាន​នូវ 160 មេរៀន​ប្រចាំថ្ងៃ ដោយមាន 20 ថ្ងៃ​ដែល​មិនមាន​អ្វី​ត្រូវ​បង្រៀន ។ « ថ្ងៃ​ដែល​អាច​បត់បែន​តាម​ពេល » ទាំង 20 ថ្ងៃ​នេះ​គួរ​ប្រើ​ដោយ​ឈ្លាសវៃ​សម្រាប់​គោលដៅ និង​សកម្មភាព​មាន​ន័យ រួមមាន​ដូច​ខាងក្រោម​នេះ ៖

  1. ការសម្រប​មេរៀន​ប្រចាំថ្ងៃ ។ អ្នក​អាច​ចំណាយពេល​បន្ថែម​លើ​មេរៀន​មួយ ដែល​ត្រូវការ​ពេល​យូរ​បង្រៀន​ឲ្យ​មាន​ប្រសិទ្ធភាព ។ អ្នក​ក៏​អាច​ប្រើ​គំនិត​ជំនួយ​ក្នុង​ការបង្រៀន​ដែលមាន​​នៅ​ចុងបញ្ចប់​នៃ​មេរៀន​មួយ​ចំនួន ឬ​យកពេល​ដើម្បី​ឆ្លើយ​នឹង​សំណួរ​របស់​សិស្ស​អំពី​វគ្គ​ព្រះគម្ពីរ​ពិសេស​ណាមួយ ឬ​ប្រធានបទ​ដំណឹងល្អ​ណាមួយ ។ ថ្ងៃ​ដែល​អាច​បត់បែន​តាម​ពេល​នេះ នាំ​​ឲ្យ​អ្នក​មាន​ផល​ប្រយោជន៍​ពី​ឱកាស​ទាំងនេះ ខណៈពេល​ធ្វើតាម​កាលវិភាគ​បង្រៀន និង​បំពេញ​កិច្ចការ​របស់​អ្នក​ក្នុងការបង្រៀន​តាមស៊េរី​ព្រះគម្ពីរ ។

  2. ការ​ចេះ​ចាំ​ស្ទាត់​នូវ​វគ្គ​បទគម្ពីរ​សំខាន់ៗ និងគោលលទ្ធិ​គ្រឹះ​ទាំងឡាយ ។អ្នក​អាច​ប្រើ​សកម្មភាព​រំឭក​ទាំងឡាយ​សម្រាប់​វគ្គ​ចំណេះចំណានខគម្ពីរ ដែល​មាន​នៅក្នុង​សៀវភៅ​ណែនាំ និង​នៅក្នុង​សេចក្ដី​បន្ថែម​នេះ ។ អ្នក​អាច​បង្កើត​សកម្មភាព​រំឭក​ចំណេះចំណានខគម្ពីរ​បន្ថែម​ដែល​បំពេញ​តាម​តម្រូវការ និង​ចំណាប់អារម្មណ៍​ជាពិសេស​ដល់​សិស្ស​អ្នក ។ អ្នក​ក៏​អាច​ប្រើ​ផ្នែក​នៃ​ថ្ងៃដែល​អាច​​បត់បែន​តាម​ពេល​នេះ​សម្រាប់​សកម្មភាព ដែល​ជួយ​ដល់​សិស្ស​ឲ្យ​រំឭក និង​យល់​កាន់តែ​ច្បាស់​អំពី​គោលលទ្ធិ​គ្រឹះ​ទាំងឡាយ ។ នៅ​ដើម​ឆ្នាំ​នេះ អ្នក​អាច​ប្រើ​ថ្ងៃ​ដែល​អាច​បត់បែន​តាម​ពេល ​ដើម្បីធ្វើ​​ការ​វាយ​តម្លៃ​លើ​​គោលលទ្ធិ​គ្រឹះ ( BDA ) ដែលរៀបចំ​​ឡើង​ដើម្បី​ជួយ​ដល់​គ្រូបង្រៀនស្ទង់​មើលពី​ទំហំ​ដែល​សិស្ស​អាច​យល់ ជឿតាម ដឹង​ពី​របៀប​អនុវត្ត និង​អាច​ពន្យល់​គោលលទ្ធិ​គ្រឹះ​នៃ​សាសនាចក្រ​ខ្លះ ។ សូម​រកមើល​កម្មវិធី​វាយ​តម្លៃលើ​គោលលទ្ធិ​គ្រឹះ និង​កម្មវិធីស្ទង់​មើល​​ផ្សេង​ទៀត​នៅក្នុង​គេហទំព័រ ស&វ ( si.lds.org ) សូម​ប្រើ​ពាក្យគន្លឹះ assessment ។ របាយការណ៍ BDA ជួយ​ដល់​គ្រូបង្រៀន​ដែល​បាន​ធ្វើ​តាម​កម្មវិធីនេះ​ឲ្យ​វិភាគ​ពី​តម្រូវការ​របស់​សិស្ស និង​ចេះសម្រួល​ការបង្រៀន​ឲ្យ​ត្រូវ​​នឹង​តម្រូវការ​របស់​សិស្ស​ល្អ​បំផុត ។

  3. ការរំឭកឡើងវិញ​នូវ​ឯកសារចាស់ៗ ។ វា​នឹង​ជួយ​សិស្ស​ឲ្យ​ក្រឡេកមើល​ទៅ​ពេល​ដែល​គេ​បាន​រៀន​នៅក្នុង​មេរៀន​មុនៗ ឬ​ពី​គម្ពីរ​ក្នុង​ព្រះគម្ពីរ​ណាមួយ ។ អ្នក​អាច​ផ្ដល់​ឱកាស​ដល់​សិស្ស​ឲ្យ​ពន្យល់​ពី​សេចក្ដីពិត​មួយ​ពី​មេរៀន​មុន ហើយ​ចែកចាយ​របៀប​ដែល​សេចក្ដីពិត​នោះ​បាន​មាន​ឥទ្ធិពល​ដល់​ជីវិត​របស់​អ្នក ។ អ្នក​ក៏​អាច​បង្កើត និង​ធ្វើ​សំណួរ​ចម្លើយ​​មួយ ឬ​សកម្មភាព​រៀនសូត្រ​ដែល​រំឭក​ពី​ឯកសារ​មេរៀន​មុនៗ ។

  4. ការ​អាក់​ខាន​មិន​បង្រៀន​តាម​កាលវិភាគ ។ សកម្មភាព ឬ​ការប្រជុំ​នៅ​សាលារៀន ព្រឹត្តិការណ៍​ក្នុង​សហគមន៍ អាកាសធាតុ និង​ការអាក់ខាន​ផ្សេងទៀត​ដែល​អាច​តម្រូវ​ឲ្យ​អ្នក​មិន​បង្រៀន ឬ​បង្រៀន​ក្នុងពេល​ខ្លី​តាម​កាលៈទេសៈ ។ ថ្ងៃ​ដែល​អាច​បត់​បែន​តាម​ពេលនេះ អាច​ត្រូវប្រើ​ជំនួស​​ការអាក់ខាន​បែបនោះ ។