មេរៀនទី 126
នីហ្វៃទី 3 17
សេចក្តីផ្ដើម
នៅថ្ងៃទីមួយរបស់ព្រះអង្គសង្គ្រោះជាមួយនឹងពួកសាសន៍នីហ្វៃជិតនឹងបញ្ចប់ នោះទ្រង់បានដឹងថា មនុស្សជាច្រើនមិនបានយល់ច្បាស់អំពីព្រះបន្ទូលរបស់ទ្រង់នោះទេ ។ ទ្រង់បានបង្រៀនពួកគេអំពីរបៀបដើម្បីទទួលបានការយល់ដឹងបន្ថែម ហើយទ្រង់បានបញ្ជាក់ពីសារៈសំខាន់នៃការអធិសា្ឋន និងការសញ្ជឹងគិត ។ ប្រជាជនបានយំ នៅពេលទ្រង់បានប្រកាសថា ទ្រង់នឹងយាងចាកចេញទៅ ។ ដោយពោរពេញដោយសេចក្ដីមេត្តាករុណា ព្រះអង្គសង្គ្រោះបាននៅយូរបន្ដិចដើម្បីព្យាបាលអ្នកឈឺ អធិស្ឋានឲ្យប្រជាជន និងប្រទានពរដល់កូនចៅរបស់ពួកគេ ។ ពួកសាសន៍នីហ្វៃត្រូវបានយកឈ្នះដោយសេចក្ដីអំណរ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី 3 17:1–3
ព្រះយេស៊ូវណែនាំប្រជាជននីហ្វៃឲ្យសញ្ជឹងគិតពីព្រះបន្ទូលរបស់ទ្រង់ ហើយអធិស្ឋានសុំការយេល់ដឹង
សូមឲ្យសិស្សស្រមៃថា ខ្លួនគេនៅក្នុងស្ថានភាពដូចខាងក្រោម ៖ អ្នក និងមិត្តភក្តិអង្គុយនៅជួរខាងមុខនៅសន្និសីទទូទៅ ឬនៅសន្និសីទប្រចាំតំបន់ដែលមានព្យាការីកំពុងមានប្រសាសន៍ ។ ខណៈពេលដែលអ្នកនៅទីនោះ អ្នកទាំងពីរនាក់បានជួបនឹងលោក ។ នៅពេលដែលសន្និសីទចប់ អ្នកនិងមិត្តរបស់អ្នកទៅផ្ទះ ។
-
តើអ្នកគិតថា អ្នក និងមិត្តរបស់អ្នកនឹងនិយាយអំពីរឿងនេះក្រោយពីការប្រជុំទេ ?
សូមរំឭកសិស្សថា ភាគច្រើនព្រះយេស៊ូវគ្រីស្ទបានបង្រៀនពួកសាសន៍នីហ្វៃពីអ្វីដែលនឹងកើតឡើង ។ នៅពេលទ្រង់រៀបនឹងចេញទៅ ទ្រង់បានដឹងថា ប្រជាជនមិនបានយល់ច្បាស់ពីអ្វីដែលទ្រង់បានបង្រៀនឡើយ ។ សូមឲ្យសិស្សអាន នីហ្វៃទី 3 17:1–3 ដោយស្ងាត់ស្ងៀម ដោយរកមើលអ្វីព្រះអង្គសង្គ្រោះបានមានបន្ទូលទៅដល់ពួកសាសន៍នីហ្វៃ ថាពួកគេគួរធ្វើដើម្បីទទួលបានការយល់ដឹងបន្ថែមទៀតនោះ ។ ( អ្នកអាចណែនាំថា សិស្សគួរគូសចំណាំអ្វីដែលពួកគេរកឃើញ ) ។ ក្រោយពីសិស្សរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញហើយ សូមសួរ ៖
-
តើវាមានន័យយ៉ាងណាដើម្បីសញ្ជឹងគិតនោះ ?
សូមឲ្យសិស្សម្នាក់អានឭៗពីសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកនូវអ្វីដែលលោកបានបង្រៀនអំពីអត្ថន័យនៃការសញ្ជឹងគិត ។
« ការអាន ការសិក្សា និងការសញ្ជឹងគិតគឺមិនដូចគ្នាទេ ។ យើងអានពាក្យ ហើយយើងអាចទទួលបានគំនិត ។ យើងសិក្សា ហើយយើងអាចរកឃើញនូវគំរូ និងការទាក់ទងគ្នានៅក្នុងព្រះគម្ពីរ ។ ប៉ុន្ដែនៅពេលយើងសញ្ជឹងគិត យើងបានអញ្ជើញវិវរណៈដោយព្រះវិញ្ញាណ ។ ចំពោះរូបខ្ញុំ ការសញ្ជឹងគិតគឺជាការគិត និងការអធិស្ឋានដែលខ្ញុំធ្វើក្រោយពីការអាន និងការសិក្សានៅក្នុងព្រះគម្ពីរយ៉ាងយកចិត្តទុកដាក់ » ( « Serve with the Spirit » Ensign ឬ លីអាហូណា, ខែ វិច្ឆិកា ឆ្នាំ 2010, ទំព័រ 60 ) ។
-
តើអ្នកគិតថា ការសញ្ជឹងគិត និងការអធិស្ឋានអាចធ្វើការរួមគ្នាដើម្បីជួយយើងឲ្យយល់ពីអ្វីដែលយើងរៀននៅក្នុងព្រះវិហារ ឬថ្នាក់សិក្ខាសាលាដោយរបៀបណា ?
សូមបង្ហាញថា ការណែនាំរបស់ព្រះអង្គសង្គ្រោះនៅក្នុង នីហ្វៃទី 3 17:3 ថាពួកសាសន៍នីហ្វៃគួរតែ « រៀបចំគំនិត [ របស់ពួកគេ ] សម្រាប់ថ្ងៃស្អែក » នៅពេលទ្រង់ត្រឡប់មកបង្រៀនពួកគេម្ដងទៀត ។
-
តើបុគ្គលម្នាក់អាចធ្វើអ្វីខ្លះ ដើម្បីរៀបចំគំនិតរបស់គេមុនពេលចូលរួមនៅក្នុងព្រះវិហារ ឬថ្នាក់សិក្ខាសាលា ?
-
តើមានភាពខុសគ្នាអ្វីខ្លះ នៅពេលដែលយើងរៀបចំគំនិតរបស់យើងសម្រាប់ការសិក្សាពីឱកាសបែបនោះ ?
ដើម្បីជួយសិស្សឲ្យរកមើលគោលការណ៍មួយដែលបានបង្រៀននៅក្នុង នីហ្វៃទី 3 17:1–3 សូមសរសេរប្រយោគមិនពេញលេញខាងក្រោមនៅលើក្ដារខៀន ហើយសូមឲ្យសិស្សបំពេញវាដោយផ្អែកលើអ្វីដែលពួកគេបានរៀន ។
ទោះបីជាសិស្សអាចប្រើពាក្យខុសគ្នាក្ដី ក៏ពួកគេគួររកឃើញនូវគោលការណ៍ខាងក្រោមនេះដែរ ៖ តាមរយៈការសញ្ជឹងគិត និងការអធិស្ឋានដល់ព្រះវរបិតា យើងអាចទទួលបានការយល់ដឹងដ៏ធំអស្ចារ្យ ។
សូមសរសេរឃ្លាខាងក្រោមនៅលើក្ដារខៀន ៖
សូមឲ្យសិស្សជ្រើសរើសសកម្មភាពមួយដែលបានសរសេរនៅលើក្ដារខៀន ។ សូមឲ្យពួកគេមានពេលគិតអំពី (1) របៀបដែលពួកគេបានធ្វើវា និង (2) របៀបដែលវាបានជួយពួកគេឲ្យរៀនបន្ថែមពីបទពិសោធន៍នៅក្នុងព្រះវិហារ ឬថ្នាក់សិក្ខាសាលារបស់ពួកគេ ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយគំនិតរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។ សូមលើកទឹកចិត្តសិស្សឲ្យគិតពីរបៀបដែលពួកគេអាចពង្រីកផ្នែកមួយក្នុងចំណោមផ្នែកទាំងបី និងបង្កើតគម្រោងពីរបៀបដែលពួកគេនឹងធ្វើដូច្នោះ ។ អ្នកអាចណែនាំថា ពួកគេគួរសរសេរផែនការរបស់ពួកគេនៅក្នុងសៀវភៅសរសេរ ឬនៅក្នុងកំណត់ហេតុការសិក្សាព្រះគម្ពីរ ។ សូមប្រាប់សិស្សថា ផ្នែកបន្ទាប់ទៀតនៃមេរៀននេះនឹងផ្ដល់ឱកាសដល់ពួកគេដើម្បីអនុវត្តការសញ្ជឹងគិត ។
នីហ្វៃទី 3 17:4–25
ព្រះអង្គសង្គ្រោះព្យាបាលអ្នកឈឺនៅក្នុងពួកសាសន៍នីហ្វៃ អធិស្ឋានដល់ព្រះវរបិតាសម្រាប់ប្រជាជន និងប្រទានពរដល់កូនចៅរបស់ពួកគេ
សូមបង្ហាញរូបភាពនៃព្រះយេស៊ូវកំពុងបង្រៀននៅក្នុងអឌ្ឍគោលខាងលិច ( លេខកូដ 62380; កញ្ចប់រូបភាពដំណឹងល្អ [ ឆ្នាំ 2009 ], លេខ 82 ) ។ សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 17:4 ។ សូមបង្ហាញឃ្លា « ឥឡូវនេះ យើងយាងទៅឯព្រះវរបិតាវិញ » ។ សូមឲ្យសិស្សស្រមៃថា ពួកគេទើបតែចំណាយពេលមួយថ្ងៃជាមួយនឹងព្រះអង្គសង្គ្រោះ ហើយទ្រង់បានប្រកាសថា ដល់ពេលទ្រង់ត្រូវយាងទៅវិញហើយ ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយរបៀបដែលពួកគេអាចមានអារម្មណ៍នៅក្នុងស្ថានភាពនេះ ។ សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 17:5 ឮៗ ហើយសូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលពីរបៀបដែលពួកសាសន៍នីហ្វៃបានឆ្លើយតប នៅពេលដែលព្រះអង្គសង្គ្រោះបានបង្ហាញបំណងរបស់ទ្រង់ថានឹងចាកចេញ ។
សូមពន្យល់ថា ប្រសិនបើវាមិនមែនសម្រាប់បំណងដ៏សុចរិតនៃសាសន៍នីហ្វៃទេ ហេតុការណ៍ដែលបានកត់ត្រានៅក្នុង នីហ្វៃទី 3 17 និង 18 នឹងមិនអាចកើតមានឡើងឡើយ ។ សកម្មភាពខាងក្រោមត្រូវបានរចនាឡើងដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីសេចក្ដីស្រឡាញ់ដែលព្រះយេស៊ូវគ្រីស្ទមានដល់ប្រជាជនរបស់ទ្រង់ និងដើម្បីជួយពួកគេឲ្យស្វែងរកសេចក្ដីពិតទាំងឡាយដោយឯករាជ្យនៅក្នុងព្រះគម្ពីរអំពីលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមសរសេរសេចក្ដីយោងព្រះគម្ពីរខាងក្រោមនៅលើក្ដារខៀន ហើយសូមឲ្យសិស្សចម្លងវាចូលទៅក្នុងសៀវភៅសរសេរ ឬក្នុងកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេ ។
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ដែលថ្លែងដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖
« បុរសនោះគឺអស្ចារ្យបំផុត និងត្រូវបានប្រទានពរ និងរីករាយបំផុត ដែលមានជីវិតខិតជិតកៀកទៅនឹងគំរូនៃព្រះគ្រីស្ទ ។ នេះគ្មានអ្វីទាក់ទងទៅនឹងទ្រព្យសម្បត្តិ អំណាច ឬកិតិ្តនាមនៃពិភពលោកនោះទេ ។ ការសាកល្បងដ៏ពិតតែមួយគត់នៃភាពអស្ចារ្យ ការប្រទានពរខ្លាំង ភាពរីករាយគឺជារបៀបមួយដែលជីវិតមួយអាចក្លាយទៅកាន់តែដូចជាលោកចៅហ្វាយ គឺព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់គឺជាផ្លូវដ៏ពិត សេចក្ដីពិតដ៏ពេញលេញ និងជីវិតដ៏បរិបូរណ៍» ( « Jesus Christ—Gifts and Expectations » Ensign, ខែ ធ្នូ ឆ្នាំ 1988, ទំព័រ 2 ) ។
សូមឲ្យសិស្សមានពេលពី 5 ទៅ 10 នាទីដើម្បីសិក្សាដោយស្ងាត់ស្ងៀមអំពីវគ្គព្រះគម្ពីរនីមួយៗដែលអ្នកបានសរសេរនៅលើក្ដារខៀន ។ សូមឲ្យពួកគេរកមើលសេចក្ដីពិតអំពីលក្ខណៈសម្បត្តិរបស់ព្រះអង្គសង្គ្រោះ ។ នៅពេលពួកគេសិក្សា ពួកគេគួររកឃើញយ៉ាងតិចណាស់សេចក្ដីពិតមួយពីវគ្គព្រះគម្ពីរនីមួយៗ ។ សូមឲ្យពួកគេសរសេរនូវសេចក្ដីពិតដែលពួកគេរកឃើញ ។
នៅពេលសិស្សបានបញ្ចប់ការសិក្សាហើយ សូមឲ្យពួកគេបីបួននាក់សរសេរនៅលើក្ដារខៀន នៅក្រោមសេចក្ដីយោងព្រះគម្ពីរដែលត្រូវគ្នា នូវសេចក្ដីពិតមួយដែលពួកគេបានរៀនអំពីព្រះអង្គសង្គ្រោះ ។ នៅពេលសិស្សបានបញ្ចប់សកម្មភាពនេះហើយ សូមសួរសំណួរខាងក្រោមនេះ ៖
-
ហេតុអ្វីបានជាវាសំខាន់សម្រាប់យើងដើម្បីដឹងពីសេចក្ដីពិតទាំងនេះអំពីព្រះអង្គសង្គ្រោះ ?
-
តើមានភស្ដុតាងអ្វីខ្លះដែលអ្នកបានរកឃើញថា ព្រះអង្គសង្គ្រោះងាយដឹងពីតម្រូវការ និងបំណងរបស់យើង ?
-
តើផ្នែកនៃដំណើររឿងនេះមួយណាដែលបំផុសគំនិតអ្នកបំផុត ? ហេតុអ្វី ?
-
តើអ្នកគិតថា ហេតុអ្វីបានជាប្រជាជនត្រូវបានយកឈ្នះដោយសេចក្ដីរីករាយ ? ( សូមមើល នីហ្វៃទី 3 17:18 ) ។
-
តើអ្នកគិតថា ហេតុអ្វីបានជាសេចក្ដីរីករាយរបស់ព្រះអង្គសង្គ្រោះពេញលេញនៅថ្ងៃនោះ ? ( សូមមើល នីហ្វៃទី 3 17:20 ) ។
សូមឲ្យសិស្សសង្ខេបអ្វីដែលពួកគេបានរៀនពី នីហ្វៃទី 3 17:6–25 ។ សិស្សអាចផ្ដល់នូវចម្លើយផ្សេងៗគ្នា ។ សេចក្ដីពិតមួយដែលពួកគេអាចរកឃើញនោះគឺ ព្រះអង្គសង្គ្រោះមានសេចក្ដីមេត្តាករុណាដ៏ធំធេងសម្រាប់យើង ។ សូមសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ។ អ្នកអាចណែនាំថា សិស្សគួរសរសេរសេចក្ដីពិតនេះ ឬសេចក្ដីពិតផ្សេងទៀតដែលពួកគេបានរកឃើញនៅរឹមទំព័រនៃព្រះគម្ពីររបស់ពួកគេក្បែរ នីហ្វៃទី 3 17:6 ។
ដើម្បីជួយសិស្សឲ្យកោតសរសើរដល់របៀបនៃការយល់ដឹងអំពីលក្ខណៈសម្បត្តិរបស់ព្រះយេស៊ូវគ្រីស្ទ ជួយយើងឲ្យបង្កើនសេចក្ដីជំនឿរបស់យើង សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោម ៖
« អ្នកអាចអនុវត្តសេចក្ដីជំនឿទៅលើព្រះគ្រីស្ទ នៅពេលអ្នកមានការធានាមួយថា ទ្រង់នៅរស់ គំនិតដ៏ត្រឹមត្រូវមួយនៃលក្ខណៈសម្បត្តិរបស់ទ្រង់ និងចំណេះដឹងមួយថា អ្នកកំពុងខិតខំរស់នៅតាមឆន្ទៈរបស់ ទ្រង់ » ( (ពិតចំពោះសេចក្ដីជំនឿ ៖ សេចក្ដីយោងដំណឹងល្អ [ ឆ្នាំ 2004 ], ទំព័រ 54 ) ។
-
តើការយល់ដឹងពីធម្មជាតិនៃសេចក្ដីមេត្តាករុណារបស់ព្រះអង្គសង្គ្រោះជួយអ្នកឲ្យអនុវត្តសេចក្ដីជំនឿទៅលើទ្រង់ដោយរបៀបណា ?
សូមបង្ហាញឃ្លា « រងទុក្ខដោយជំងឺណាក៏ដោយ » នៅក្នុង នីហ្វៃទី 3 17:9 ។
-
តើជំងឺប្រភេទណាខ្លះអាច មាននៅក្នុងការរងទុក្ខ « ណាក៏ដោយ » នោះ ? ( ជំងឺគ្រប់ប្រភេទនៃរាងកាយ សតិអារម្មណ៍ ស្មារតី និងខាងវិញ្ញាណ ) ។
សូមឲ្យសិស្សសញ្ជឹងគិតពីរបៀបដែលពួកគេអាច « រងទុក្ខ » និងអ្វីដែលពួកគេនឹងសុំឲ្យព្រះអង្គសង្គ្រោះព្យាបាលពួកគេ ប្រសិនបើទ្រង់នឹងប្រទានពរដល់ពួកគេរៀងៗខ្លួននោះ ។ សូមរំឭកពួកគេថា ទោះបីជាព្រះអង្គសង្គ្រោះមិននៅទីនេះដើម្បីបម្រើដល់យើងផ្ទាល់អង្គទ្រង់ក្ដី ក៏ព្រះចេស្ដារបស់ទ្រង់ដើម្បីប្រទានពរ និងព្យាបាលនៅមានតាមរយៈបព្វជិតភាព ដែរ ។
-
តើអ្នកនឹងទៅរកនរណាសម្រាប់ការប្រសិទ្ធពរដោយបព្វជិតភាព ?
-
តើនៅពេលណាដែលជាលើកចុងក្រោយដែលអ្នកមានអារម្មណ៍ថាកំពុងព្យាបាលដោយឥទ្ធិពលរបស់ព្រះអង្គសង្គ្រោះនៅក្នុងជីវិតរបស់អ្នក ?
សូមរំឭកសិស្សអំពីគោលការណ៍នៃការសញ្ជឹងគិតដែលពួកគេបានពិភាក្សានៅពេលដើមដំបូង ។ សូមណែនាំថា របៀបមួយដែលពួកគេអាចសញ្ជឹងគិតគឺតាមរយៈ ការស្រមៃថាខ្លួនគេនៅក្នុងស្ថានភាពដែលបានរៀបរាប់នៅក្នុងដំណើររឿងព្រះគម្ពីរដែលពួកគេអាន ។ សូមឲ្យសិស្សដាក់ខ្លួនគេនៅក្នុងចំណោមពួកសាសន៍នីហ្វៃ នាពេលនៃហេតុការណ៍ដែលបានប្រាប់នៅក្នុង នីហ្វៃទី 3 17 នោះ ។ សូមឲ្យសិស្សមានពេលសរសេរនៅក្នុងសៀវភៅសរសេរ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ អំពីអ្វីដែលពួកគេអាចបានឮ ឃើញ មានអារម្មណ៍ និងបានរៀន ប្រសិនបើពួកគេស្ថិតនៅក្នុងចំណោមពួកសាសន៍នីហ្វៃ និងបានទាក់ទងជាមួយនឹងព្រះអង្គសង្គ្រោះនាឱកាសនោះ ។ អ្នកអាចណែនាំថា ពួកគេគួរសរសេរអំពីការរងទុក្ខមួយដែលពួកគេអាចសុំឲ្យព្រះអង្គសង្គ្រោះព្យាបាល ។ នៅពេលពួកគេសរសេរចប់ហើយ សូមគិតពីការឲ្យសិស្សពីរបីនាក់អានអ្វីដែលពួកគេបានសរសេរទៅដល់សិស្សក្នុងថ្នាក់ ។ សូមប្រាកដថា ពួកគេយល់ថា ពួកគេមិនគួរមានអារម្មណ៍ថាត្រូវតែចែកចាយអ្វីៗដែលផ្ទាល់ខ្លួនពេក ឬឯកជនពេកនោះទេ ។
ក្រោយពីសិស្សពីរបីនាក់បានចែកចាយអ្វីដែលពួកគេបានសរសេររួចហើយ អ្នកអាចសុំឲ្យពួកគេម្នាក់ ឬពីរនាក់ចែកចាយពីរបៀបដែលពួកគេដឹងថា ព្រះយេស៊ូវគ្រីស្ទស្រឡាញ់ និងមានសេចក្ដីមេត្តាករុណាដល់ពួកគេ ។ សូមលើកទឹកចិត្តសិស្សឲ្យសញ្ជឹងគិតអំពីមេរៀននេះ និងទុកចិត្តលើសេចក្ដីមេត្តាករុណារបស់ព្រះអង្គសង្គ្រោះ នៅពេលពួកគេពឹងផ្អែកសុំជំនួយពីទ្រង់ សម្រាប់បំណង ភាពទន់ខ្សោយ ការឈឺចិត្ត និងឧបសគ្គរបស់ពួកគេ ។