មេរៀនសិក្សានៅផ្ទះ
នីហ្វៃទី 4 1–មរមន 8:11 ( មេរៀនទី 28 )
សេចក្ដីផ្ដើមពីមេរៀននេះ
នៅក្នុងមេរៀននេះ សិស្សនឹងរំឭកពីសេចក្តីបំផ្លិចបំផ្លាញនៃពួកសាសន៍នីហ្វៃ ហើយរៀនអំពីបំណងប្រាថ្នារបស់លោកមរមនសម្រាប់ប្រជាជនរបស់លោកដើម្បី « បានឱបខ្ជាប់នៅក្នុងព្រះហស្ដនៃព្រះយេស៊ូវ » ( មរមន 5:11 ) ។ សិស្សនឹងរៀនពីរបៀបដើម្បីអញ្ជើញឲ្យមានសេចក្តីស្រឡាញ់ពីព្រះអម្ចាស់នៅក្នុងជីវិតរបស់ពួកគេផ្ទាល់ ។ តាមរយៈការបដិសេធមិនព្រមប្រែចិត្តនៃពួកសាសន៍នីហ្វៃ សិស្សនឹងយល់ពីលទ្ធផលដ៏សោកសៅដែលប្រជាជននឹងជួប នៅពេលពួកគេមិនប្រែចិត្ត ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី 4 1–មរមន 4
ប្រជាជនសាសន៍នីហ្វៃឃ្លាតចេញពីសេចក្តីសុចរិត និងសុភមង្គលទៅរកអំពើទុច្ចរិត
សូមឲ្យសិស្សប្រាប់ថាពួកគេបានសិក្សាប្រវត្តិសាស្ដ្រនៃពួកសាសន៍នីហ្វៃអស់ប៉ុន្មានឆ្នាំនាសប្ដាហ៍នេះ ។ សូមជួយពួកគេឲ្យប្រើកាលបរិច្ឆេទនេះនៅក្នុងការសង្ខេបជំពូកនេះ ឬនៅផ្នែកខាងក្រោមនៃទំព័រនៅក្នុង នីហ្វៃទី 4 1 និង មរមន 8 ដើម្បីរកមើលការណ៍នេះ ។ ( ជំពូកទាំងនេះកើតឡើងជិត 400 ឆ្នាំ ឬជាងមួយភាគបីនៃប្រវត្តិសាស្ដ្រនៃពួកសាសន៍នីហ្វៃ ) ។
សូមឲ្យសិស្សពាក់កណ្ដាលថ្នាក់ប្រើព្រះគម្ពីររបស់ពួកគេ និងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរដើម្បីរំឭកពីអ្វីដែលពួកគេបានរៀនអំពីសុភមង្គលរបស់ពួកសាសន៍នីហ្វៃនៅក្នុង នីហ្វៃទី 4 1 ។ សូមឲ្យសិស្សពាក់កណ្ដាលថ្នាក់ទៀតប្រើ មរមន 1–2 និងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់គេដើម្បីរំឭកថាតើអ្នកណាជាលោកមរមន ហើយហេតុអ្វីបានជាលោកគួរឲ្យកោតសរសើរម្ល៉េះ ។ សូមឲ្យក្រុមនីមួយៗសង្ខេបអ្វីដែលពួកគេបានរៀន ។ បន្ទាប់មក សូមឲ្យក្រុមទាំងអស់បង្ហាញពីសេចក្ដីសង្ខេបរបស់ពួកគេ ។
សូមសួរសិស្សថា ៖ តើសេចក្ដីពិតមួយដែលអ្នកបានរៀនពីការសិក្សាជំពូកទាំងនេះគឺជាអ្វី ហើយហេតុអ្វីបានជាវាសំខាន់ចំពោះអ្នក ?
សូមពន្យល់ថា ថ្វីបើលោកមរមនខិតខំជួយពួកសាសន៍នីហ្វៃខាងវិញ្ញាណឲ្យរៀបចំខ្លួនគេដើម្បីទៅច្បាំងក្ដី ក៏ពួកគេនៅតែបដិសេធមិនព្រមប្រែចិត្ត ហើយបែរទៅរកព្រះអម្ចាស់ដែរ ។ ជាលទ្ធផលមកពីអំពើទុច្ចរិតរបស់ពួកគេ ពួកគេត្រូវបានទុកឲ្យប្រើកម្លាំងរបស់ខ្លួនឯងផ្ទាល់ ហើយពួកសាសន៍លេមិនបានចាប់ផ្ដើមយកឈ្នះលើពួកគេ ( សូមមើល មរមន 3–4 ) ។
មរមន 5:8–24
លោកមរមនពន្យល់ថា ព្រះគម្ពីរមរមនត្រូវបានសរសេរដើម្បីបញ្ចុះបញ្ចូលប្រជាជនឲ្យជឿលើព្រះយេស៊ូវគ្រីស្ទ ។
សូមសួរសិស្សថា តើពួកគេធ្លាប់មានអារម្មណ៍សោកស្តាយចំពោះនរណាម្នាក់ដែលត្រូវពិបាកដោយសារលទ្ធផលដែលរើសធ្វើខុសនោះដែរឬទេ ។ អ្នកអាចចែកចាយឧទាហរណ៍ដែលសមរម្យ ( និងមិនវិនិច្ឆ័យសំបកក្រៅ ) នៃការសោកស្តាយដែលអ្នកមានចំពោះនរណាម្នាក់ដែលបានរងទុក្ខនឹងលទ្ធផលអវិជ្ជមានសម្រាប់ជម្រើសមួយដែលគេបានធ្វើ ។ សូមពន្យល់ថា លោកមរមនបានសរសេរថា ប្រជាជននៅថ្ងៃចុងក្រោយនឹងសោកស្តាយ នៅពេលពួកគេអានអំពីសេចក្តីបំផ្លិចបំផ្លាញនៃពួកសាសន៍នីហ្វៃ ។
សូមឲ្យសិស្សអាន មរមន 5:10–11 ស្ងាត់ៗ ដោយរកមើលអ្វីដែលលោកមរមនបានមានប្រសាសន៍ថា ពួកសាសន៍នីហ្វៃអាចបានរីករាយ ។ ក្រោយពីសិស្សឆ្លើយ សូមសួរសិស្សនូវសំណួរដូចខាងក្រោម ៖
-
តើអ្នកគិតថា វាមានន័យដូចម្ដេចដើម្បី « ត្រូវបានឱបខ្ជាប់នៅក្នុងព្រះហស្ដនៃព្រះយេស៊ូវ » ? ( ពាក្យ ឱបខ្ជាប់ មានន័យថា កាន់ឲ្យជាប់ ឬមានសុវត្ថិភាព ឬត្រូវបានឱបក្រសោប ដែលជាសញ្ញាមួយនៃការការពារ និងសេចក្ដីស្រឡាញ់ ) ។
-
យោងតាម មរមន 5:11 តើយើងអាចធ្វើអ្វីខ្លះដើម្បីទទួលបានការឱបក្រសោបប្រភេទនេះ ? ( តាមរយៈការប្រែចិត្ត យើងអាចត្រូវបាន « ឱបខ្ជាប់នៅក្នុងព្រះហស្ដរបស់ព្រះយេស៊ូវ » ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
សូមអាន ឬសូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ឃេន អេហ្វ. រីឆាត នៃពួកចិតសិបនាក់ ៖ សូមឲ្យសិស្សស្ដាប់រកអត្ថន័យនៃ « ឱបខ្ជាប់នៅក្នុងព្រះហស្ដរបស់ព្រះយេស៊ូវ » ។
« អ្នកទាំងអស់ណាដែលនឹងមក អាចត្រូវបាន ‹ ឱបខ្ជាប់នៅក្នុងព្រះហស្ដនៃព្រះយេស៊ូវ › ។ [ មរមន 5:11 ។ ] ព្រលឹងទាំងអស់អាចត្រូវបានព្យាបាលដោយព្រះចេស្ដារបស់ទ្រង់ ។ ការឈឺចាប់ទាំងអស់អាចត្រូវបានលួងលោម ។ នៅក្នុងទ្រង់ យើងអាច ‹ រកឃើញការសម្រាកដល់ព្រលឹង [ របស់យើង ] › ។ [ ម៉ាថាយ 11:29 ] ។ ស្ថានភាពខាងសាច់ឈាមរបស់យើងមិនអាចផ្លាស់ប្ដូរភ្លាមៗទេ ប៉ុន្ដែការឈឺចាប់ ការព្រួយបារម្ភ ការរងទុក្ខ និងការភ័យខ្លាចរបស់យើងអាចត្រូវបានលេបចូលក្នុងសេចក្ដីសុខសាន្ដ និងថ្នាំព្យាបាលរបស់ទ្រង់ » ( « The Atonement Covers All Pain » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2011, ទំព័រ 16 ) ។
សូមឲ្យសិស្សគិតអំពីពេលដែលពួកគេបានមានអារម្មណ៍ថាត្រូវបាន « ឱបខ្ជាប់នៅក្នុងព្រះហស្ដរបស់ព្រះយេស៊ូវ » ជាលទ្ធផលនៃការប្រែចិត្តមួយ ។ សូមឲ្យពួកគេសញ្ជឹងគិតផងដែរពីអ្វីដែលពួកគេអាចត្រូវធ្វើដើម្បីបានឱបខ្ជាប់នៅក្នុងព្រះហស្ដរបស់ទ្រង់នាពេលនេះ ។ សូមធ្វើទីបន្ទាល់អំពីការលួងលោម និងលទ្ធផលនៃការការពារដោយសារការប្រែចិត្ត ។
ដើម្បីបង្ហាញគោលការណ៍ផ្សេងទៀតនៅក្នុង មរមន 5 សូមដាក់គម្របមួយ ឬរបស់ដែលអណ្ដែតទឹកណាមួយនៅលើខ្ទះទឹក ។ សូមឲ្យសិស្សពីរ ឬបីនាក់ផ្លុំវាទៅក្នុងទិសដៅមានខុសគ្នា ។ សូមសួរថា តើឥទ្ធិពលខ្លាំងប៉ុណ្ណាដែលគម្របនោះទៅទិសដៅដែលវានឹងទៅ ។ សូមលើកទឹកចិត្តសិស្ស នៅពេលពួកគេបន្ដសិក្សា ដើម្បីឲ្យរកមើលរបៀបដែលគម្របនេះអាចដូចជាពួកសាសន៍នីហ្វៃ ។
សូមសរសេរនៅលើក្ដារខៀនថា ៖ នៅពេលយើងបដិសេធមិនព្រមប្រែចិត្ត … បន្ទាប់មក សូមឲ្យសិស្សម្នាក់អាន –មរមន 5:2, 16–19ឮៗ ហើយសូមឲ្យសិស្សក្នុងថ្នាក់រកមើលលទ្ធផលនៃការបដិសេធមិនព្រមប្រែចិត្តរបស់ពួកសាសន៍នីហ្វៃ ។ នៅពេលពួកគេឆ្លើយ អ្នកអាចសួរសំណួរខាងក្រោមនេះខ្លះដើម្បីជួយពួកគេឲ្យយល់ពាក្យ និងឃ្លានៅក្នុងខគម្ពីរនេះ ៖
-
នៅក្នុង ខទី 16 តើអ្នកគិតថា វាមានន័យយ៉ាងណាដែល « គ្មានព្រះគ្រីស្ទនិងព្រះនៅក្នុងពិភពលោកនេះ » ? ( ការរស់នៅដោយគ្មានសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ឬព្រះវរបិតាសួគ៌ និងដោយគ្មានឥទ្ធិពល និងការដឹកនាំពីស្ថានសួគ៌ ) ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដែលត្រូវ « រុញច្រានដូចជាអង្កាមដែលខ្យល់ផាត់ » ? ( មរមន 5:16 ) ។ ( អ្នកអាចពន្យល់ថា អង្កាមសំដៅលើស្មៅ និងសំបកស្រូវដែលត្រូវខ្យល់ផាត់នៅពេលច្រូតកាត់ ) ។
-
តើអ្នកគិតថា អ្នកនឹងមានអារម្មណ៍យ៉ាងណា ប្រសិនបើអ្នកស្ថិតនៅលើទូកដែលគ្មានយុថ្កាមួយនៅលើសមុទ្រ ដោយគ្មានផ្លូវដើម្បីចែវ ឬបត់បែនបានទេនោះ ? តើស្ថានភាពនេះស្រដៀងទៅនឹងស្ថានភាពនៃសាសន៍នីហ្វៃយ៉ាងដូចម្ដេច ?
សូមពន្យល់ថា មរមន 5 បង្រៀនថា នៅពេលយើងបដិសេធមិនព្រមប្រែចិត្ត ព្រះវិញ្ញាណនឹងដកព្រះកាយចេញ ហើយយើងនឹងបាត់ការដឹកនាំពីព្រះអម្ចាស់ ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ដើម្បីបំពេញប្រយោគដែលអ្នកបានចាប់ផ្ដើមសរសេរពីមុននោះ ។ សូមឲ្យសិស្សសញ្ជឹងគិតពីពេលវេលានៅក្នុងជីវិតរបស់ពួកគេ នៅពេលពួកគេអាចជួបនឹងគោលការណ៍នេះ ។
អ្នកអាចសុំឲ្យសិស្សនិយាយផ្ទុយទៅនឹងគោលការណ៍ទាំងពីរដែលបានសរសេរនៅលើក្ដារខៀននេះ ដោយការសួរនូវសំណួរខាងក្រោមនេះ ៖ តាមរយៈសេចក្ដីពិតទាំងពីរដែលបានសរសេរនៅលើក្ដារខៀននេះ តើលទ្ធផលនៃការប្រែចិត្តខុសពីលទ្ធផលនៃការបដិសេធមិនព្រមប្រែចិត្តដូចម្ដេច ?
សូមឲ្យសិស្សអាន មរមន 5:22–24 ស្ងាត់ៗ ដោយរកមើលអ្វីដែលលោកមរមនបានអញ្ជើញឲ្យយើងទាំងអស់គ្នាធ្វើ ដើម្បីឲ្យយើងនឹងមិនអាចក្លាយដូចជាពួកសាសន៍នីហ្វៃនៅក្នុងជំនាន់របស់គេ ។ អ្នកអាចលើកទឹកចិត្តឲ្យសិស្សគូសចំណាំអ្វីដែលពួកគេរកឃើញ ។
សូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិតនៃគោលការណ៍ទាំងពីរនេះនៅលើក្ដារខៀន ។
មរមន 6:1–8:11
ក្រោយពីបានឃើញពីសេចក្តីបំផ្លិចបំផ្លាញចុងក្រោយនៃប្រជាជនរបស់លោក លោកមរមនសរសេរដល់កូនចៅពួកសាសន៍លេមិន ហើយបន្ទាប់មកបានស្លាប់ ដោយទុកឲ្យកូនប្រុសរបស់លោក មរ៉ូណៃ នៅតែម្នាក់ឯង
សូមឲ្យសិស្សសង្ខេបសេចក្តីបំផ្លិចបំផ្លាញចុងក្រោយនៃប្រជាជនសាសន៍នីហ្វៃ ដោយប្រើក្បាលជំពូកនៃ មរមន 6–8 បើចាំបាច់ ។
សូមឲ្យសិស្សអានដោយស្ងាត់ៗ ហើយសញ្ជឹងគិតពី មរមន 7:10 ជាពាក្យចុងក្រោយដែលលោកមរមនបានសរសេរ មុនពេលលោកបានលាចាកលោកនេះ ។
មេរៀនបន្ទាប់ ( មរមន 8:12–អេធើរ 3 )
មរ៉ូណៃបាននិយាយជាមួយនឹងព្រះយេស៊ូវគ្រីស្ទ ហើយត្រូវបានបង្ហាញឲ្យឃើញពីជំនាន់របស់យើង ។ តើលោកមរ៉ូណៃបានព្រមានយើងអំពីអ្វីខ្លះ ? បងប្រុសរបស់យ៉ារេឌក៏បានមានសេចក្ដីជំនឿដ៏អស្ចារ្យដែរ ។ លោកបានឃើញព្រះយេស៊ូវគ្រីស្ទ ហើយបាននិយាយជាមួយនឹងទ្រង់ទល់មុខគ្នា ។ តើការដឹងថា ទាំងមរ៉ូណៃ និងបងប្រុសរបស់យ៉ារេឌបានឃើញ និងបាននិយាយជាមួយនឹងព្រះគ្រីស្ទ បានជួយអ្នកឲ្យទុកចិត្តលើប្រសាសន៍របស់ពួកលោកដោយរបៀបណា ?