សេចក្ដីផ្ដើមអំពីគម្ពីរនីហ្វៃទីមួយ
ហេតុអ្វីសិក្សាគម្ពីរនេះ ?
នៅពេលសិស្សសិក្សា នីហ្វៃទី 1 ពួកគេនឹងរកឃើញថា « សេចក្ដីមេត្តាករុណាដ៏ទន់ភ្លន់ទាំងឡាយនៃព្រះអម្ចាស់ មានមកលើជនទាំងអស់ណាដែលព្រះទ្រង់បានរើស ដោយសារសេចក្ដីជំនឿរបស់ពួកគេ ដើម្បីធ្វើឲ្យគេខ្លាំងពូកែ » ( នីហ្វៃទី1 1:20 ) ។ ពួកគេក៏នឹងរៀនបានថា ព្រះមានព្រះទ័យចង់ប្រទានពរដល់កូនចៅរបស់ទ្រង់ ។ លីហៃ និង ប្រជាជនរបស់គាត់បានមានបទពិសោធន៍ពីសេចក្ដីមេត្តាករុណា និង ពរជ័យពីព្រះ ដោយសារពួកគេធ្វើតាមព្រះបញ្ញត្តិរបស់ទ្រង់ ។ លីហៃ និង នីហ្វៃ បានស្វែងរកការណែនាំពីព្រះ ហើយទទួលបានការណែនាំនោះតាមរយៈសុបិនការនិមិត្ត លីអាហូណា និង ការណែនាំនៃព្រះវិញ្ញាណបរិសុទ្ធ ។ នីហ្វៃបានទទួល និង កត់ត្រានូវការនិមិត្តដ៏ធំសម្បើមមួយ ពីប្រវត្តិសាស្ដ្ររបស់ផែនដីដែលបានបង្ហាញគាត់ពីព្រះបញ្ញានៃព្រះចំពោះរាល់កិច្ចការទាំងឡាយ ដូចជា ពិធីបុណ្យជ្រមុជទឹក ការបម្រើ និង ការឆ្កាងនៃព្រះយេស៊ូវគ្រីស្ទ ការបំផ្លាញនៃសាសន៍នីហ្វៃ និង ជំនាន់ចុងក្រោយ ។ ព្រះបានជួយនីហ្វៃ និង បងប្អូនប្រុសរបស់គាត់ ឲ្យទទួលបានផ្ទាំងលង្ហិន ដូច្នេះពួកគេអាចមានព្រះគម្ពីរ ។ ទ្រង់ក៏បានជួយសង្រ្គោះលីហៃ និង ប្រជាជនរបស់គាត់ពីគ្រោះទុរភិក្សនៅឯទីរហោស្ថាន និង ការបំផ្លាញនៅលើមហាសមុទ្រ ដោយនាំពួកគេមកដែនដីសន្យាប្រកបដោយសុវត្ថិភាព ។ នៅពេលសិស្សសិក្សាពីបទពិសោធន៍របស់នីហ្វៃ និង លីហៃនៅក្នុងសៀវភៅនេះ ពួកអាចរៀនពីរបៀបដើម្បីស្វែងរក និង ទទួលបាននូវពរជ័យពីស្ថានសួគ៌។
តើនរណាបានសរសេរគម្ពីរនេះ ?
កូនប្រុសរបស់លីហៃ គឺនីហ្វៃ បានសរសេរសៀវភៅនេះ ដើម្បីឆ្លើយតបនឹងបទបញ្ញត្តិរបស់ព្រះអម្ចាស់ថា គាត់ត្រូវរក្សាទុកនូវកំណត់ត្រាមួយពីប្រជាជនរបស់គាត់ ។ នីហ្វៃ ប្រហែលជាបានកើតនៅក្នុង ឬ ជិតទីក្រុងយេរូសាឡិម ។ គាត់បានរស់នៅទីនោះ អំឡុងពេលការបម្រើរបស់ព្យាការីយេរេមា និង រជ្ជកាលនៃសេ្ដចសេដេគា ។ នីហ្វៃ បានស្វែងរកទីបន្ទាល់របស់គាត់អំពីពាក្យសម្ដីរបស់ឪពុករបស់គាត់ ទាក់ទងនឹងការបំផ្លាញក្រុងយេរូសាឡិម និង តម្រូវការឲ្យគ្រួសាររបស់ពួកគេចាកចេញពីទីក្រុង ។ នៅពេលគាត់បានបន្ដស្វែងរក និង ធ្វើតាមការទូន្មានរបស់ព្រះអម្ចាស់ នីហ្វៃបានក្លាយជាឧបករណ៍នៅក្នុងព្រះហស្ដរបស់ព្រះ ។ គាត់បានធ្វើតាម ហើយត្រឡប់ទៅក្រុងយេរូសាឡិមជាមួយនឹងបងៗរបស់គាត់ចំនួនពីរលើក —លើកទីមួយដើម្បីទៅយកផ្ទាំងលង្ហិន និង លើកក្រោយដើម្បីបញ្ចុះបញ្ចូលគ្រួសាររបស់អ៊ីសម៉ាអែល ឲ្យមកចូលរួមជាមួយនឹងគ្រួសាររបស់លីហៃនៅក្នុងទីរហោស្ថាន ។ ដោយមានជំនួយពីព្រះអម្ចាស់ នីហ្វៃបានសង់សំពៅ ដែលបានយកគ្រួសារគាត់ និង គ្រួសារផ្សេងទៀតឆ្លងកាត់មហាសមុទ្រទៅកាន់ដែនដីសន្យា ។ នៅពេលលីហៃ បានទទួលមរណភាព ព្រះអម្ចាស់បានជ្រើសរើសនីហ្វៃឲ្យក្លាយជាអ្នកដឹកនាំលើប្រជាជនរបស់គាត់ ។
តើគម្ពីរនេះត្រូវបានសរសេរទៅកាន់នរណា ហើយហេតុអ្វី ?
នីហ្វៃ មានគំនិតសរសេរសម្រាប់មនុស្សបីពួក ៖ កូនចៅរបស់ឪពុកគាត់ រាស្រ្តក្នុងសេចក្តីសញ្ញារបស់ព្រះអម្ចាស់នៅក្នុងសម័យចុងក្រោយ និង ប្រជាជនទាំងអស់ដែលនៅក្នុងពិភពលោកនេះ ( សូមមើល នីហ្វៃទី 2 33:3, 13 ) ។ គាត់បានសរសេរដើម្បីបញ្ចុះបញ្ចូលមនុស្សទាំងអស់ឲ្យមករកព្រះយេស៊ូវគ្រីស្ទ ហើយបានសង្គ្រោះ ( សូមមើល នីហ្វៃទី1 6:4 ) ។
តើនៅពេលណា ហើយនៅកន្លែងណាដែលគម្ពីរនេះត្រូវបានសរសេរឡើង ?
នីហ្វៃ បានសរសេរដំណើរឿងដែលក្លាយជានីហ្វៃទី 1 ប្រហែលជា 570 ឆ្នាំ ម. គ. ស. —គឺ 30 ឆ្នាំក្រោយពីគាត់ និង គ្រួសារបានចាកចេញពីទីក្រុងយេរូសាឡិម ( សូមមើល នីហ្វៃទី2 5:30) ។ គាត់បានសរសេរគម្ពីរនេះ នៅពេលគាត់ស្ថិតនៅដែនដីនីហ្វៃ ។
តើមានលក្ខណៈសម្គាល់អ្វីខ្លះនៃគម្ពីរនេះ ?
នីហ្វៃទី 1 រួមមានដំណើររឿងជាច្រើននៃការជួបជាមួយនឹងទេវតាក្នុងសុបិន ការនិមិត្ត និង ទទួលវិវរណៈផ្ទាល់ ។ ជំនួបទាំងនេះបង្ហាញថា ព្រះបង្រៀន ណែនាំ និង ការពារអ្នកដែលស្វែងរកទ្រង់ ៖
-
នៅពេលដែលលីហៃកំពុងតែអធិស្ឋាន បង្គោលដែលមានភ្លើងឆេះមួយផុសចេញមក ហើយគាត់ឃើញ និង ឮរឿងរ៉ាវជាច្រើនដែលធ្វើឲ្យគាត់ញាប់ញ័រ ( សូមមើល នីហ្វៃទី1 1:6–7 ) ។
-
លីហៃទទួលបាននូវការនិមិត្តមួយដែលគាត់បានឃើញព្រះ ហើយអានចេញពីសៀវភៅមួយពីការព្យាករណ៍នៃការបំផ្លាញក្រុងយេរូសាឡិម និង សេវកភាពនៃប្រជាជនរបស់ទីក្រុងនេះ ( សូមមើល នីហ្វៃទី1 1:8–14) ។
-
ព្រះអម្ចាស់បានដាក់បញ្ញត្តិដល់លីហៃ ឲ្យចាកចេញជាមួយនឹងគ្រួសាររបស់គាត់ទៅក្នុងទីរហោស្ថាន ( សូមមើល នីហ្វៃទី1 2:1–2 ) ។
-
ព្រះអម្ចាស់ ទូន្មានលីហៃឲ្យបញ្ជូនកូនប្រុសរបស់គាត់ត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ ដើម្បីយកផ្ទាំងលង្ហិន ( សូមមើល នីហ្វៃទី 1 3:2–4 ) ។
-
ទេវតាមួយអង្គ បានមកនៅពេលលេមិន និង លេមយួល កំពុងតែវាយនីហ្វៃ និង សាំ( សូមមើល នីហ្វៃទី1 3:29) ។
-
ព្រះអម្ចាស់ដាក់បញ្ញត្តិដល់ នីហ្វៃ និង បងៗគាត់ ត្រូវត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ ដើម្បីយកអ៊ីសម៉ាអែល និង គ្រួសាររបស់គាត់ ( សូមមើល នីហ្វៃទី 1 7:1–2) ។
-
លីហៃ និង នីហ្វៃ ទទួលបានការនិមិត្តដែលរួមមានដើមឈើជីវិត ការប្រសូត ការបម្រើ និង ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ប្រវត្តិនៃដែនដីសន្យា ការស្ដារឡើងវិញនៃដំណឹងល្អ និង វិបត្តិរវាងពួកអារក្ស និង សាសនាចក្រនៃកូនចៀមនៃព្រះ ( សូមមើល នីហ្វៃទី 1 8; 11–14) ។
-
នីហ្វៃ បានឃើញពីរបៀបដើម្បីសង់សំពៅ ដែលនឹងនាំប្រជាជនរបស់គាត់ ទៅដែនដីសន្យា ( សូមមើល នីហ្វៃទី 1 18:1) ។
នីហ្វៃទី 1 មាននូវដំណើររឿងនៃប្រជាជនមួយក្រុមដែលបានធ្វើដំណើរទៅដែនដីសន្យា ។ ក្រោយមក ព្រះគម្ពីរមរមនដាក់ឈ្មោះក្រុមពីរផ្សេងទៀត ដែលបានធ្វើដំណើរឆ្លងសមុទ្រមកកាន់ដែនដីសន្យាដែរ ៖ ប្រជាជនម៉ូសាយ ( សូមមើល អោមណៃ 1:14–17 ) និង ប្រជាជនយ៉ារេឌ ( សូមមើល អេធើរ 6:4–12 ) ។
សៀវភៅនីហ្វៃទី 1 ក៏បានណែនាំពីចំណុចសំខាន់ពីរ ៖ ដាវឡាបាន់ និង ត្រីវិស័យមួយ ឬ អ្នកនាំផ្លូវ ហៅថា លីអាហូណា ( សូមមើល នីហ្វៃទី 1 18:12; អាលម៉ា 37:38) ។ តាមរយៈលីអាហូណា ព្រះអម្ចាស់បានណែនាំគ្រួសាររបស់លីហៃ ឆ្លងកាត់ទីរហោស្ថាន និង ឆ្លងកាត់មហាសមុទ្រ ។ ដាវឡាបាន់ បានផ្ទេរបន្ដដល់ជំនាន់ជាច្រើន រហូតដល់ចុងបញ្ចប់នៃអរិយធម៌របស់សាសន៍នីហ្វៃ ។ ទាំងលីអាហូណា និង ដាវឡាបាន់ បានកប់ជាមួយនឹងផ្ទាំងមាស ហើយវាត្រូវបានបង្ហាញដល់ យ៉ូសែប ស្ម៊ីធ និង ពួកសាក្សីបីនាក់ ( សូមមើល គ. និង ស. 17:1–2 ) ។
គម្រោង
នីហ្វៃទី1 1–7 លីហៃ ដឹកនាំគ្រួសាររបស់គាត់ទៅកាន់ទីរហោស្ថាន ។ កូនប្រុសរបស់គាត់ ធ្វើតាមការបញ្ជារបស់ព្រះអម្ចាស់ ហើយត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ និង យកផ្ទាំងលង្ហិនមក រួចត្រឡប់ទៅវិញម្ដងទៀត ដើម្បីបញ្ចុះបញ្ចូលអ៊ីសម៉ាអែល និង គ្រួសាររបស់គាត់ឲ្យចូលរួមជាមួយនឹងពួកគេនៅក្នុងទីរហោស្ថាន ។
នីហ្វៃទី1 8–15 លីហៃ និង នីហ្វៃ ម្នាក់ៗទទួលបានការនិមិត្តមួយនៃដើមឈើជីវិត ។ នីហ្វៃ ចាំអំពីការនិមិត្តរបស់គាត់អំពីការបម្រើរបស់ព្រះអង្គសង្គ្រោះ និង ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ដែលនាំទៅរកការស្ដារឡើងវិញនៃដំណឹងល្អនៅក្នុងសម័យចុងក្រោយ ។
នីហ្វៃទី1 16–18 ព្រះអម្ចាស់ ណែនាំលីហៃ និង គ្រួសាររបស់គាត់ពីការធ្វើដំណើររបស់ពួកគេឆ្លងកាត់ទីរហោស្ថាន និង ឆ្លងកាត់មហាសមុទ្រទៅកាន់ដែនដីសន្យា ។
នីហ្វៃទី1 19–22 នីហ្វៃ ព្យាករណ៍អំពីព្រះយេស៊ូវគ្រីស្ទ ហើយការខ្ចាត់ខ្ចាយ និង ការប្រមូលផ្ដុំនៃអ៊ីស្រាអែល ។