បណ្ណាល័យ
ការសិក្សា​នៅ​ផ្ទះ មេរៀន​ទី​ 3


មេរៀនសិក្សា​នៅ​ផ្ទះ

នីហ្វៃ​ទី​ 1 7–14 ( មេរៀន​ទី​ 3 )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូ​បង្រៀន​មេរៀន​នៅ​ផ្ទះ

សេចក្ដី​សង្ខេប​នៃ​មេរៀន​សិក្សា​នៅផ្ទះ​ប្រចាំ​ថ្ងៃ

សេចក្ដី​សង្ខេបពី​គោលលទ្ធិ និង សេចក្ដី​សញ្ញា​ខាងក្រោម ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា​នៅក្នុង នីហ្វៃ​ទី​1 7–14 ( មេរៀន​ទី​ 3 ) មិនត្រូវ​បាន​បម្រុង​ទុកសម្រាប់បង្រៀន​ជា​ផ្នែក​មួយ​នៃ​មេរៀន​របស់​អ្នក​នោះទេ ។ មេរៀន​ដែល​អ្នក​បង្រៀន ផ្ដោត​តែលើ​​គោលលទ្ធិ និង គោលការណ៍​ទាំងនេះ​ពីរ​បី​ប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​សេចក្ដី​ត្រូវការ​របស់​សិស្ស ។

ថ្ងៃ​ទី​1 ( នីហ្វៃ​ទី​1 7 )

នៅពេល​សិស្ស​សិក្សា​ពី​របៀប​ដែល​កូនប្រុស​របស់​លីហៃ បាន​ត្រឡប់​ទៅ​ទីក្រុង​យេរូសាឡិម​វិញ​ទៅ​យក​គ្រួសារ​របស់​អ៊ីសម៉ាអែល​​ទៅ​ជាមួយ​ពួកគេ​ទៅ​ដែនដី​សន្យា ពួកគេ​បាន​ដឹង​ថា ព្រះអម្ចាស់​បាន​បញ្ជា​យើង​ឲ្យ​រៀបការ និង ចិញ្ចឹម​កូនៗ​ថ្វាយ​ដល់​​ទ្រង់ ហើយ​ថា​ព្រះ​ទ្រង់​ឆ្លើយ​តប​ការអធិស្ឋាន តាមរយៈ​សេចក្ដី​ជំនឿ​របស់​យើង ។

ថ្ងៃទី​2 ( នីហ្វៃ​ទី1 8 )

សិស្ស​បាន​សិក្សា​ពី​ទស្សន​និមិត្ត​របស់​លីហៃ​ពី​ដើមជីវិត ។ ពួកគេ​បាន​ដឹង​ថា ការចូល​ទៅរក​ព្រះយេស៊ូវគ្រីស្ទ និង ការទទួល​​ដង្វាយ​ធួន​របស់​ទ្រង់​ នាំ​មក​នូវ​សុភមង្គល និង សេចក្ដី​អំណរ ។ នៅពេល​ពួកគេ​អាន​អំពី​ក្រុម​មនុស្ស​ផ្សេងៗ នៅក្នុង​សុបិន​នោះ និង ជោគជ័យ​ រួម​ទាំង​ការបរាជ័យ​របស់​ពួកគេ​នៅក្នុង​ការ​ដើរ​ទៅ​ដើម​ជីវិត និង ការទទួល​ទាន​ផ្លែឈើ​ ពួកគេ​ក៏​បាន​រៀន​ពី​គោលការណ៍​ខាងក្រោម ៖ អំនួត ភាព​លោកិយ និង ការ​ចុះចាញ់​តាម​ការល្បួង អាច​រារាំង​យើង​ពី​ការទទួល​បាន​ពរជ័យ​នៃ​ដង្វាយ​ធួន ។ ប្រសិន​បើ​យើង​កាន់​ខ្ជាប់​តាម​ព្រះបន្ទូល​នៃ​ព្រះ វា​នឹង​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​ការល្បួង និង ឥទ្ធិពល​ខាងលោកិយ ។ ការកាន់​ខ្ជាប់​តាម​ព្រះបន្ទូល​នៃ​ព្រះ នឹង​ជួយ​យើង​ឲ្យ​ខិត​កាន់តែ​ជិត​ទៅ​ព្រះអម្ចាស់ និង ទទួល​បាន​នូវ​ពរជ័យ​​នៃ​ដង្វាយ​ធួន ។

ថ្ងៃទី​3 (នីហ្វៃ​ទី​1 10–11)

សិស្ស​បាន​រៀន​ពី​អ្វី​ដែល​បាន​កើតឡើង នៅពេល​នីហ្វៃ​បាន​ស្វែងរក​ចង់ « ឃើញ និង ឮ និង ដឹង » ( នីហ្វៃទី​1 10:7 ) សម្រាប់​ខ្លួន​គាត់ នូវ​រឿងអ្វីៗ​ដែល​ឪពុក​របស់​គាត់ បាន​ឃើញ ។ តាមរយៈ​គំរូ​របស់​នីហ្វៃ ពួកគេ​បាន​ឃើញ​ថា​ ព្រះ​នឹង​បង្ហាញ​សេចក្ដីពិត​ទៅ​ដល់​អ្នក​ណា​ដែល​ព្យាយាម​ស្វែង​រក​ទ្រង់ ។ នីហ្វៃ​បាន​ទទួល​ការ​និមិត្ត​មួយ​ដែល​បាន​បង្រៀន​ពី​សេចក្ដីស្រឡាញ់​​របស់​ព្រះ​ចំពោះ​យើង ដែល​បង្ហាញ​តាមរយៈ​អំណោយ​ទាន​ជា​ព្រះរាជបុត្រា​របស់​ទ្រង់ ។ សិស្ស​មាន​ឱកាស​មួយ ដើម្បី​សរសេរ​ទុក​នូវ​អ្វី​ដែល​មាន​ន័យ​ចំពោះ​ពួកគេ ។

ថ្ងៃទី​ 4 ( នីហ្វៃ​ទី​1 12– 14 )

នៅក្នុង​សំណល់​អំពី​ការ​និមិត្ត​របស់​គាត់ នីហ្វៃ​បាន​ឃើញ​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​រៀបចំ​ផ្លូវ​សម្រាប់​ការស្ដារឡើង​វិញ ។ គាត់​បាន​ដឹង​ថា សេចក្ដី​ពិត​ដ៏​ច្បាស់ និង​ពិសេសៗនឹង​ត្រូវ​បាន​ដក​ចេញ​ពី​ព្រះគម្ពីរ​បរិសុទ្ធ ប៉ុន្ដែ​ថា​ព្រះគម្ពីរ​មរមន និង ព្រះគម្ពីរ​នៅ​ថ្ងៃ​ចុងក្រោយ នឹង​ស្ដារឡើង​វិញ​នូវ​សេចក្ដីពិត​ដ៏​ច្បាស់ និង​ពិសេសៗ​ទាំងនោះ ដែល​ជួយ​យើង​ឲ្យ​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ ហើយ​វា​ជួយ​យើង​ឲ្យ​ចូល​មក​រក​ទ្រង់ ។ នីហ្វៃ ក៏​បាន​ឃើញ​ជំនាន់​ចុងក្រោយ​ដែរ ។ សិស្ស​បាន​សញ្ជឹង​គិត ពី​គោលការណ៍​ថា នៅពេល​យើង​រស់នៅ​ដោយ​សុចរិត និង រក្សា​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ នោះព្រះចេស្ដា​នៃ​ព្រះ​នឹង​ជួយ​យើង​ឲ្យ​មាន​ជោគជ័យ​លើ​អំពើ​អាក្រក់ ។

សេចក្តី​ផ្ដើម

ការផ្ដោត​លើ​មេរៀន​ក្នុង​សប្ដាហ៍​នេះ គឺជា​ទស្សន​និមិត្ត​របស់​លីហៃ​នៅក្នុង នីហ្វៃ​ទី​1 8 ។ នៅពេល​អ្នក​បង្រៀន​មេរៀន​នេះ សូម​បញ្ជាក់​លើ​សេចក្ដី​អំណរ​ដែល​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ អាច​នាំ​មក​ដល់​ក្នុង​ជីវិត​របស់​យើង និង របៀប​ដែល​យើង​អាច​ជួប​នូវ​ពរជ័យ​នៃ​ដង្វាយ​ធួន​តាមរយៈ​ការរស់នៅ​តាម​ព្រះបន្ទូល​នៃ​ព្រះ ។ សិស្ស​នឹង​ប្រើ​ព្រះគម្ពីរ​របស់​ពួកគេ ការណែនាំ​ការសិក្សា​សិស្ស និង សៀវភៅកំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​តាមរយៈ​មេរៀន​នេះ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី1 7

ព្រះអម្ចាស់​បញ្ជា​កូនប្រុស​របស់​លីហៃ​ ឲ្យ​ត្រឡប់​ទៅ​ទីក្រុង​យេរូសាឡិម​វិញ​ទៅ​យក​អ៊ីសម៉ាអែល និង គ្រួសារ​របស់​គាត់

សូម​បង្ហាញ​រូបភាព​​គូស្វាមី​រៀបការ​រួច និង កូនៗ​របស់​ពួកគេ — ប្រហែល​ជា​រូបភាព​នៃ​គ្រួសារ​ផ្ទាល់​ខ្លួន​របស់​អ្នក​មួយ ឬ រូប​របស់​សិស្ស​ម្នាក់​ ដែល​អ្នក​បាន​អញ្ជើញ​គេ​ឲ្យ​យករូបភាព​នោះ​មក ។

សូម​សួរ​សិស្ស​ថា ៖ ហេតុអ្វី​បាន​ជាគ្រួសារ​មាន​សារៈសំខាន់​ចំពោះ​ផែនការ​របស់​ព្រះ ក្នុង​​ការសង្គ្រោះ​របស់​យើង ?

សូម​អញ្ជើញ​សិស្ស​រំឭកឡើងវិញ និងសង្ខេប នីហ្វៃ​ទី​1 7:1–5 ។ សូម​សួរ​រក​គោលការណ៍​ណា ដែល​ពួកគេ​បាន​រៀន​ពី​ខគម្ពីរ​ទាំងនេះ ។ ( សិស្ស​អាច​ចែកចាយ​គោលការណ៍​ផ្សេងៗ​គ្នា ។ គោលការណ៍​ដែល​បានបញ្ជាក់​នៅក្នុង​សៀវភៅ​សិក្សា​របស់​សិស្ស​គឺថា ព្រះអម្ចាស់​ដាក់​បញ្ញត្តិ​ដល់​យើង​ឲ្យ​រៀបការ និងចិញ្ចឹម​កូនៗ​យើងថ្វាយ​ទៅ​ទ្រង់ ។ )

នៅក្នុង​មេរៀន​របស់​ពួកគេ​សម្រាប់​ថ្ងៃ​ទី​ 1 សិស្ស​ត្រូវ​បាន​សុំ​ឲ្យ​សួរទៅ​ឪពុក ឬ ម្ដាយ អ្នក​ដឹកនាំ​សាសនាចក្រ ឬ គ្រូ​បង្រៀន​ដើម្បី​ស្នើ​របៀប​បី​យ៉ាង ដែល​យុវជន​សព្វថ្ងៃ​នេះ អាច​រៀបចំ​ចំពោះ​អាពាហ៍ពិពាហ៍ និង ការចិញ្ចឹម​កូន « ថ្វាយ​ ព្រះអម្ចាស់ » ។ សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

នីហ្វៃទី 1 8

លីហៃ មាន​ការ​និមិត្ត​ពី​ដើមឈើ​ជីវិត

សូម​រំឭក​សិស្ស​ថា ក្រោយ​ពី​នីហ្វៃ និង បងប្រុស​របស់គាត់ បាន​នាំ​អ៊ីសម៉ាអែល និង គ្រួសារ​របស់​គាត់​មក​កាន់​ទីរហោស្ថាន លីហៃបាន​មាន​សុបិន្ត​មួយ ។ នៅពេល​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 8:10–13 ឮៗ សូម​ឲ្យ​សិស្ស​ម្នាក់​ទៀត គូរ​អ្វី​ដែល​ខគម្ពីរ​នោះ​បាន​ពិពណ៌នា​ដាក់​លើ​ក្ដារខៀន ឬ នៅ​​លើក្រដាស​មួយ ។ ប្រសិន​បើ​អ្នក​មានអារម្មណ៍​ថា វា​សមរម្យ​ជាង​សម្រាប់​សិស្សក្នុងថ្នាក់​របស់​អ្នក អ្នក​អាច​បង្ហាញ​រូប​ភាព​នៃ​សុបិនសុបិន​របស់​លីហៃ (62620; សៀវភៅ​រូបភាព​ដំណឹងល្អ [2009] ទំព័រ 69) និង ឲ្យ​សិស្ស​រក​មើល​រូបផ្សេងៗ​ក្នុង​ខគម្ពីរ​នោះ ។

សូម​សួរ​សិស្ស​ថា ៖ តើ​ការពិពណ៌នា​របស់​លីហៃ​អ្វី ដែល​ធ្វើ​ឲ្យ​ផ្លែឈើ​នៃ​ដើម​នោះ ទាក់​ទាញ​ចិត្ត​អ្នក​បាន ?

សូម​រំឭក​សិស្ស​ថា ផ្លែឈើ​នៃ​ដើម​នោះ តំណាង​ឲ្យ « អំណោយ​ទាន​ដ៏​មហិមា​បំផុត​នៃ​ព្រះ » ( នីហ្វៃ​ទី​1 15:36 )—ពរជ័យ​នៃ​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើ​អ្ន​កមាន​សិស្ស​ម្នាក់​គូរ​រូបភាព អ្នក​អាច​សរសេរចំណាំ​ពី​អ្វី​ដែល​ផ្លែឈើ​នោះ តំណាង​នៅ​គំនូរ​នោះ ។

សូម​សួរ​សិស្ស​ថា ៖ តើ​យើង​អាច​រៀន​អ្វីពី នីហ្វៃ​ទី​1 8:10–13ពី​ការទទួល​បាន​នូវ​ពរជ័យ​នៃ​ដង្វាយ​ធួន ? ( ទោះបី​ជា​សិស្ស អាច​ប្រើ​ពាក្យ​ខុសគ្នា​ដើម្បី​បង្ហាញ​ក៏​ដោយ សូម​ប្រាកដ​ថា​គោលការណ៍​ខាងក្រោម​គឺច្បាស់ ៖ ការចូល​មក​រក​ព្រះយេស៊ូវគ្រីស្ទ និង ការទទួល​ទាន​នូវ​ដង្វាយ​ធួន​ នាំមក​នូវ​សុភមង្គល និង សេចក្ដី​អំណរ ។ អ្នក​អាច​សរសេរ​គោលការណ៍​នេះ នៅលើ​ក្ដារខៀន ) ។

នៅក្នុង​មេរៀន​របស់​ពួកគេ​សម្រាប់​ថ្ងៃទី​ 2 សិស្ស​ត្រូវ​ឆ្លើយ​នឹង​សំណួរ « តើ​នៅពេល​ណា​ដែល​ដង្វាយ​របស់​ព្រះអង្គសង្គ្រោះ បាន​នាំ​មក​នូវ​សុភមង្គល និង សេចក្ដីអំណរ​មក​ក្នុង​ជីវិត​របស់​អ្នក ? » សូម​អញ្ជើញ​សិស្ស​បើក​សៀវភៅកំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ហើយ​អាន​ចម្លើយ​របស់​ពួកគេ​ដោយ​ស្ងាត់ៗ ។

ដើម្បី​ជួយ​សិស្ស​ចែកចាយ​សេចក្ដីពិត​ និង ទីបន្ទាល់​ដ៏​មាន​ន័យ​ជាមួយ​នឹ​ងគ្នា​ទៅ​វិញ​ទៅមក សូម​លើក​ទឹកចិត្ត​សិស្ស​បីបួន​នាក់អាន ឬ ជជែក​អំពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ អ្នក​ក៏​អាច​ប្រាប់​អំពីគ្រា​មួយ នៅពេល​ដង្វាយ​ធួន​បាន​នាំ​មក​នូវ​សុភមង្គល និង សេចក្ដីអំណរ​មក​ក្នុង​ជីវិត​របស់​អ្នក ។

សូម​ពន្យល់​ថា ទស្សន​និមិត្ត​របស់​លីហៃ​មិនត្រឹមតែ​បង្រៀន​ថា ដង្វាយ​ធួននាំមក​នូវ​សេចក្ដីអំណរ​ដ៏​មហិមា​នោះ​ទេ វា​ក៏​បាន​បង្ហាញ​ពី​អ្វី​ដែល​យើង​ត្រូវធ្វើ​ដើម្បី​ទទួល​បាន​នូវ​ពរជ័យ​នៃ​ដង្វាយ​ធួន ។ សូម​អញ្ជើញ​សិស្ស​រំឭកឡើងវិញ នីហ្វៃ​ទី​1 8:19–26និង គូស​និមិត្ត​សញ្ញា​ផ្សេង​ទៀត ចេញ​ពីារ​និមិត្ត​របស់​លីហៃ ឬ ឲ្យពួកគេ​រក​និមិត្ត​សញ្ញា​ផ្សេង​ទៀត​នៅក្នុង​រូបភាព​សុបិន​របស់​លីហៃ ។ នៅពេល​ពួកគេគូរ ឬ រក​មើល​និមិត្ត​សញ្ញា សូមអញ្ជើញ​ពួកគេ​ឲ្យពន្យល់​ពី​ន័យ​នៃ​និមិត្តសញ្ញា​ដែល​ខុស​គ្នា ។ ( ប្រសិន​បើ​ពួកគេ​ត្រូវការ​ជំនួយ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ប្រើ​តារាង​ ដែល​ពួកគេ​បាន​បំពេញ​នៅក្នុង​សៀវភៅមគ្គុទេសន៍ការសិក្សារបស់​សិស្ស ។ )

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 8:30 ឮៗ ។ បន្ទាប់មក សួរ​ពួកគេ​នូវ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​អ្វី​ជា​តួនាទី​នៃ​ដំបងដែក —ព្រះបន្ទូល​នៃ​ព្រះ —នៅក្នុង​ទស្សន​និមិត្ត​របស់​លីហៃ ?

  • នៅពេល​អ្នក​សិក្សា នីហ្វៃ​ទី​1 8 តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​សារៈសំខាន់​នៃ​ព្រះបន្ទូល​នៃ​ព្រះ ?

  • តើ​ឃ្លា​ណានៅក្នុង នីហ្វៃទី​1 8:30 បង្ហាញ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ ដើម្បី​ទទួល​បាន​នូវ​ពរជ័យ​នៃ​ដង្វាយ​ធួន ?

  • តើ​អ្នក​គិត​ថា វា​មានន័យ​ដូចម្ដេច​ដើម្បី​ « ប្រជ្រៀត​គ្នា​ទៅ​មុខ ដោយ​កាន់​ដំបងដែក​យ៉ាង​ខ្ជាប់​ជានិច្ច » ?

សូម​សរសេរ​នៅលើ​ក្ដារខៀន​នូវ​គោលការណ៍​នៃដំណឹងល្អពីរ​ផ្សេង​ទៀត ដែល​ពួកគេ​បាន​សិក្សា​នៅក្នុង​សៀវភៅមគ្គុទេសន៍ការសិក្សារបស់​សិស្ស ៖ ប្រសិនបើ​យើង​កាន់​ខ្ជាប់​តាម​ព្រះបន្ទូល​នៃ​ព្រះជានិច្ច វា​នឹ​ងជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​ការល្បួង និង ឥទ្ធិពល​ខាង​លោកិយ ។ ការ​កាន់​ខ្ជាប់​តាម​ព្រះបន្ទូល​នៃ​ព្រះ ជួយ​យើ​ង​ឲ្យ​ខិត​កាន់​តែ​ជិត​ទៅ​រក​ព្រះអម្ចាស់ ហើយ​ទទួល​បាន​នូវ​ពរជ័យ​នៃ​ដង្វាយ​ធួន ។

សុំ​ឲ្យ​សិស្ស​គិតស្រមៃ​ថា ពួកគេ​គឺជា​អ្ន​កផ្សព្វផ្សាយ​សាសនា និង មាន​ឱកាស​ដើម្បីថ្លែង​ទីបន្ទាល់​អំពី​សារៈសំខាន់​នៃ​ការសិក្សា​ព្រះបន្ទូល​របស់​ព្រះ និង រស់នៅ​តាម​គោលការណ៍​នោះ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​នឹង​និយាយ ដោយ​ផ្អែក​លើ​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ សូម​គិត​ពី​ការចែកចាយ​អារម្មណ៍​របស់អ្នក​អំពី​អំណាច​នៃ​ព្រះគម្ពីរ និង ពាក្យ​សម្ដី​របស់​ព្យាការី ដែល​បាន​ជួយ​អ្នក​ឲ្យ​ចូល​មក​កាន់​តែ​ជិត​ព្រះអង្គសង្គ្រោះ ។

នីហ្វៃទី1 10–14

ដោយសារ​តែ​សេចក្ដីជំនឿ និង សេចក្ដីព្យាយាម​របស់​គាត់ នីហ្វៃទទួល​បាន​នូវ​វិវរណៈ​ផ្ទាល់ខ្លួន​អំពី​អ្វីៗ​ទាំងឡាយ​ដែល​ឪពុក​របស់​គាត់​បាន​បង្រៀន និង រឿង​ផ្សេងៗ​ជាច្រើន​ទៀត ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 10:17, 19ឮៗ ។ សូមឲ្យ​សិស្សក្នុងថ្នាក់​រក​មើល​ពរជ័យ​ដែល​កើតមាន នៅពេល​យើង​ស្វែងរក​ការណែនាំ​របស់​ព្រះអម្ចាស់​ដោយ​ឧស្សាហ៍​ព្យាយាម ។ សូម​ឲ្យ​សិស្ស​ម្នាក់ ឬ ពីរ​នាក់​ចែកចាយ​អ្វី​ដែល​ពួកគេ​គិត ថា​មាន​ន័យ​ចំពោះ​ពាក្យ​ថា « ស្វែងរក​ដោយ​ឧស្សាហ៍​ព្យាយាម » ។ ( អំឡុង​ពេល​មេរៀន​ថ្ងៃទី 3 របស់​ពួកគេ ពួកគេ​ត្រូវ​បានស្នើឲ្យសរសេរ​ពី​ន័យ​វា​​ នៅក្នុង​សៀវភៅមគ្គុទេសន៍ការសិក្សារបស់​សិស្ស​របស់​ពួកគេ ) ។

សូម​សង្ខេប នីហ្វៃទី​1 11– 14 ដោយ​និយាយ​ថា នីហ្វៃ​បាន​ទទួល​នូវ​វិវរណៈ​ផ្ទាល់​ខ្លួន ដោយសារ​គាត់​បាន​ស្វែងរក​ព្រះអម្ចាស់​ដោយ​ឧស្សាហ៍​ព្យាយាម ។ គាត់​បាន​ឃើញ​ការបម្រើ និង​ ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ ( នីហ្វៃ​ទី​1 11 ) ការបំផ្លាញ​នៅថ្ងៃ​អនាគត​របស់​ប្រជាជន​គាត់ ដោយសារ​តែ​អំនួត​ និង អំពើទុច្ចរិត​របស់​ពួកគេ ( នីហ្វៃទី​1 12 ) ពួកអាណានិគម​សាសន៍​ដទៃ​ពី​ដើម​នៅ​ដែនដី​សន្យា និង ការស្ដារឡើងវិញ​នូវ​សេចក្ដី​ពិត​ដ៏​ច្បាស់ និង​ពិសេសៗ ( នីហ្វៃទី​1 13) និង ប្រជាជន​ដែល​សុចរិត​បាន​ប្រឆាំង​នឹង​ការងារ​នៃ​ព្រះវិហារ​ដ៏​ធំ និង គួរខ្ពើម​ឆ្អើម​នៅក្នុង​ថ្ងៃ​ចុងក្រោយ ( នីហ្វៃ​ទី​1 14 ) ។

កំណត់​សម្គាល់ ៖ ដើម្បី​រៀបចំ​សកម្មភាព​ខាងក្រោម អ្នក​អាច​រំឭក​ឡើងវិញពី​មេរៀន​ដែល​ឆ្លើយ​តប​នឹង​សៀវភៅ​សិក្សា​នេះ និង សម្ភារនៅក្នុង​សៀវភៅមគ្គុទេសន៍ការសិក្សារបស់​សិស្ស​សម្រាប់​ថ្ងៃ​ទី 4 នៃ​មេរៀន​នេះ ។

សុំ​ឲ្យ​សិស្ស​ជ្រើសរើស​ជំពូក​មួយ នៅក្នុង​នីហ្វៃ​ទី​1 11– 14 ហើយ​ធ្វើ​ដូច​ខាងក្រោម ។ ( អ្នកអាចឲ្យ​ពួកគេ​ធ្វើ​ការណ៍​នេះ នៅលើ​ក្ដារខៀន ឬ លើ​ក្រដាស​មួយ ) ។

  • សូម​សរសេរ​សេចក្ដីសង្ខេប​មួយ នៃ​ជំពូក​ដែល​បាន​រើស​នេះ ។

  • សូម​សរសេរ​គោលការណ៍​ដំណឹងល្អ​មួយ ដែល​បាន​បង្រៀន​នៅក្នុង​ជំពូក​នោះ ។ ( ពួកគេ​អាច​ប្រើ​គោលការណ៍​ដែល​បាន​គូសចំណាំ​មួយ នៅក្នុង​សៀវភៅ​មគ្គុទេសន៍​ការសិក្សា ឬ រក​មើល​គោលការណ៍​មួយ​ដោយ​ខ្លួន​ឯងគេ​ផ្ទាល់ ) ។

  • សូម​សរសេរ​របៀប​ដែល​គោលការណ៍​នោះ អនុវត្ត​ចំពោះ​យើង​សព្វថ្ងៃ​នេះ ។

ក្រោយពី​ពួកគេ​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការរៀបចំ​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ ឬ ពីរនាក់​ឲ្យចែកចាយ​ទីបន្ទាល់​របស់ពួកគេ​អំពី​គោលការណ៍​ ដែល​ពួកគេ​បាន​ដឹង នៅពេល​ពួកគេ​សិក្សា​នីហ្វៃទី​1 7 –14 នៅក្នុង​សប្ដាហ៍​នេះ ។

ពីមុនឲ្យ​សិស្សក្នុងថ្នាក់​របស់​អ្នកចេញ​ទៅ សូម​កុំ​ភ្លេច​ប្រមូល​សៀវភៅកំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ និង តាមដាន​កិច្ចការ​ខ្លះ​របស់​គេ ។

មេរៀន​ក្រោយ ( នីហ្វៃ​ទី​1 15–19)

នៅក្នុង​មេរៀនក្រោយ សិស្ស​នឹង​សិក្សា​បន្ថែម​ទៀត​អំពី​ឧបសគ្គ​របស់​​លីហៃ និង រាស្ដ្រ​របស់​គាត់ នៅពេល​ពួកគេ​បន្ដ​ដំណើរ​នៅក្នុង​ទីរហោស្ថាន និង ចេញ​នាវា​ទៅដែនដី​សន្យា ។ សូម​គិតស្រមៃ​ពី​ការភ្ញាក់ផ្អើល​របស់ពួកគេ នៅពេល​ពួកគេ​ក្រោក​ឡើង​នៅពេល​ព្រឹកមួយ ហើយ​ឃើញ​ « ដុំមូល​មួយ​នៅ​លើ​ដី​ដែល​មាន​ក្បូរក្បាច់​ចម្លែក »—លីអាហូណា ។ តើ​លីអាហូណា​ធ្វើការ​ដោយ​របៀបណា ហើយ​តើ​វា​ណែនាំ​ពួកគេ​ដោយ​របៀបណា ? ហេតុអ្វី​បាន​ជា​នីហ្វៃ​ស្តីបន្ទោស​ដល់​បងៗ​របស់​គាត់​នៅក្នុង​សំពៅ ? តើ​នីហ្វៃ​ពិពណ៌នា​ដែនដី​សន្យា​យ៉ាង​ដូចម្ដេច​ដែរ ?