បណ្ណាល័យ
មេរៀនទី 113 ៖ ហេលេមិន 13


មេរៀនទី 113

ហេលេមិន 13

សេចក្តី​ផ្ដើម

ពីរបី​ឆ្នាំ​មុនពេល​ការប្រសូត្រ​របស់​ព្រះអង្គ​សង្គ្រោះ ព្រះអម្ចាស់​បាន​បញ្ជូន​ព្យាការី​សាសន៍​លេមិន​ម្នាក់​ឈ្មោះ​ថា សាំយូអែល ឲ្យ​ទៅបង្រៀន​ពី​ការប្រែចិត្ត​ដល់​សាសន៍​នីហ្វៃ ។ លោក​បាន​ប្រកាស​ដល់​សាសន៍​នីហ្វៃ​នៅក្នុង​ដែនដី​សារ៉ាហិមឡា​ពី​ដំណឹងល្អ​ដ៏​រីករាយ​នៃ​សេចក្តីប្រោសលោះ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ លោក​ក៏​បាន​ប្រឈម​នឹង​ពួកគេ​អំពី​ការបដិសេធ​ព្យាការី និង​ធម្មជាតិ​របស់​គេ​ដែល​ស្វែងរក​សុភមង្គល​នៅក្នុង​អំពើទុច្ចរិត ។ លោក​បាន​ព្រមាន​ពួកគេ​អំពី​សេចក្តីបំផ្លិចបំផ្លាញ​ដែល​នឹង​មក​ដល់​ពួកគេ ប្រសិនបើ​ពួកគេ​មិន​ព្រម​ប្រែចិត្ត​ទេ​នោះ ។

យោបល់​សម្រាប់​ការបង្រៀន

ហេលេមិន 13

សាំយូអែល​ព្រមាន​សាសន៍​នីហ្វៃ​អំពី​សេចក្តីបំផ្លិចបំផ្លាញ​របស់​គេ ប្រសិនបើ​ពួកគេ​ពុំ​ប្រែចិត្ត​ទេ

មុន​ចាប់ផ្ដើមថ្នាក់​សូម​រៀបចំ​ក្រដាស​ចែកដល់​សិស្ស​ដែល​មាន​នៅ​ចុងបញ្ចប់​នៃ​មេរៀន​នេះ ។ អ្នក​អាច​កាត់​ក្រដាស​ជា​បី ដោយ​មាន​កិច្ចការ​ក្រុម​មួយ​នៅលើ​ក្រដាស​នីមួយៗ ។ មុន​បង្រៀន សូម​ចម្លង​គម្រោង​ខាងក្រោម​នៃ ហេលេមិន 13 ដាក់លើ​ក្ដារខៀន​ផងដែរ ។

ហេលេមិន 13:1–4 ។ ព្រះអម្ចាស់​ហៅ​សាំយូអែល​ជា​សាសន៍​លេមិន​ឲ្យ​បង្រៀន​ដល់​សាសន៍​នីហ្វៃ ។

ហេលេមិន 13:5–23 ។ សាំយូអែល​ព្រមាន​សាសន៍​នីហ្វៃ​អំពី​សេចក្តីបំផ្លិចបំផ្លាញ​ដែល​នឹង​មក​ដល់​ពួកគេ ប្រសិនបើ​ពួកគេ​ពុំ​ព្រម​ប្រែចិត្ត​ទេ ។

ហេលេមិន 13:24–39 ។ សាំយូអែល​ព្រមាន​ដល់​ប្រជាជន​អំពី​លទ្ធផល​នៃ​ការបដិសេធ​ព្យាការី​ទាំងឡាយ និង​ការមិន​ព្រម​ប្រែចិត្ត ។

សាំយូអែល​ជា​សាសន៍​លេមិន​នៅលើ​កំផែង ។

សូម​ចាប់ផ្ដើម​មេរៀន​ដោយបង្ហាញ​រូបភាព​របស់​សាំយូអែល ជា​សាសន៍​លេមិន​នៅលើ​កំផែង ( 62370 សៀវភៅ​រូបភាព​ដំណឹងល្អ [ ឆ្នាំ 2009 ] ល.រ. 81 ) ។ សូម​សួរ​សិស្សថា តើ​ពួកគេ​ដឹង​ពី​មូលហេតុ​ដែល​សាសន៍​នីហ្វៃ​ចង់​សម្លាប់​សាំយូអែល​ទេ ។ ក្រោយពី​សិស្ស​ឆ្លើយ​ហើយ សូម​ពន្យល់​ថា ហេលេមិន 13–16 រួមមាន​ដំណើររឿងពី​​ព្យាការី​សាសន៍​លេមិន គឺ​សាំយូអែល ។ ដំណើររឿង​នេះ​គឺ​ចម្លែក​ដោយសារ​មាន​រយៈពេល​តែ​មួយ​គត់​នៅក្នុង​ព្រះគម្ពីរ​មរមន​ដែល​យើង​រៀន​អំពី​ព្យាការី​ជា​សាសន៍​លេមិន ដែល​ហៅ​សាសន៍​នីហ្វៃ​ឲ្យ​ប្រែចិត្ត ។ អំឡុងពេល​នេះ សាសន៍​លេមិន​គឺ​សុចរិត​ជាង​សាសន៍​នីហ្វៃ ។ សូម​យោង​ទៅ​គម្រោង​នៅលើ​ក្ដារខៀន​ដើម្បី​ឲ្យ​សិស្ស​យល់​ពី​សេចក្ដីសង្ខេប​ខ្លី​មួយ​នៃ ហេលេមិន 13 ។

សូមបំបែក​ថ្នាក់​ជា​បីក្រុម ។ ( បើ​អាច សូម​ឲ្យ​ក្រុម​នីមួយៗ​មាន​ចំនួន​ស្មើគ្នា ) ។ សូម​ឲ្យ​សិស្ស​ម្នាក់ៗ​មាន​កិច្ចការ​នៃ​ក្រុម​របស់​ខ្លួន ( ដែល​មាន​នៅ​ចុងបញ្ចប់​នៃ​មេរៀន​នេះ ) ។ សូម​ប្រាប់​សិស្ស​ថា ពួកគេ​នឹង​សិក្សា​ចំណែក​មួយ​នៃ ហេលេមិន 13 រៀងៗខ្លួន ហើយ​បន្ទាប់មក​បង្រៀន​ដល់​គ្នា​ទៅវិញទៅមក​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ សូមឲ្យ​សិស្ស​ម្នាក់ៗ​រៀបចំ​ដើម្បី​បង្រៀន​គោលការណ៍​ពី​វគ្គ​ព្រះគម្ពីរ​ក្នុង​កិច្ចការ​របស់​គេ ហើយ​រៀបចំ​ចម្លើយ​ចំពោះ​សំណួរ​ដែល​មាន​មក​នោះ ។ សូម​ឲ្យ​សិស្ស​មាន​ជម្រើស​ដើម្បី​សរសេរ​ចម្លើយ​របស់​គេ ។ ( សកម្មភាព​នេះ​នឹង​ឲ្យ​សិស្ស​ទាំងអស់​ចូលរួម និង​អនុញ្ញាត​ឲ្យ​មាន​បរិយាកាស​ល្អ​មួយ​ដែល​សិស្ស​អាច​ចែកចាយ​អារម្មណ៍ គំនិត និង​ទីបន្ទាល់​របស់​គេ​ដល់​គ្នា​ទៅវិញទៅមក ) ។

ក្រោយពី​សិស្ស​​មាន​ពេល​ល្មម​ដើម្បី​សិក្សា​រៀងៗខ្លួន​ហើយ សូម​ឲ្យ​ពួកគេ​ធ្វើការ​ជា​ក្រុម​ដែល​មាន​គ្នា​បី​នាក់ ។ បើ​អាច សូម​ឲ្យ​ក្រុម​នីមួយៗ​មាន​សិស្ស​ម្នាក់​ដែល​បាន​សិក្សា ហេលេមិន 13:1–7, 11 ម្នាក់​ដែល​បាន​សិក្សា ហេលេមិន 13:17–23 និង​ម្នាក់​ដែល​បាន​សិក្សា ហេលេមិន 13:24–33 ។ សូម​ឲ្យ​សិស្ស​ម្នាក់ៗ​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ជាមួយ​នឹង​សមាជិក​ក្រុម​ដទៃ​ទៀត ។ អំឡុងពេលពិភាក្សា​ក្នុង​ក្រុម​តូចៗ សូម​ដើរ​មើល​ជុំវិញ ហើយ​ជួយ​ដឹកនាំ​ចម្លើយ​របស់​សិស្ស ។ នៅពេល​សមរម្យ សូម​បន្ថែម​គំនិត​របស់​អ្នក​ទៅនឹង​ការពិភាក្សា​ដែល​អ្នក​ឮ ។

នៅពេល​សិស្ស​មាន​ពេល​បង្រៀន​ដល់​គ្នា​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​ពួកគេ​ពីរ​បី​នាក់ ចែកចាយ ដល់​សិស្ស​ក្នុង​ថ្នាក់​ទាំងមូល​នូវ​សេចក្ដីពិត ឬ​គំនិត​មួយ​ដែល​ពួកគេ​បាន​រៀន​ពី​សិស្ស​ផ្សេង​ទៀត​អំឡុងពេល​ធ្វើ​សកម្មភាព​នេះ ។

សូម​សង្ខេប ហេលេមិន 13:9–14 ដោយ​ពន្យល់​ថា សាសន៍​នីហ្វៃ​នឹងត្រូវ​បានបំផ្លាញ​ក្នុងពេល 400 ឆ្នាំ ( សូមមើល ហេលេមិន 13:9–10 ) ហើយ​មូលហេតុ​តែ​មួយ​គត់​ដែល​ពួកគេ​មិន​ត្រូវ​បាន​បំផ្លាញ​បង់​នោះ​គឺ​ថា ប្រជាជន​សុចរិត​នៅតែ​រស់នៅ​ក្នុង​ចំណោម​ពួកគេ ( សូមមើល ហេលេមិន 13:13–14 ) ។ សូម​ថ្លែងទីបន្ទាល់​ថា សាំយូអែល​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​សាសន៍​នីហ្វៃ​ដោយ​ព្រះអម្ចាស់ ហើយ​លោក​បាន​និយាយ​អ្វី​ដែល​ព្រះអម្ចាស់​បាន​បញ្ចូល​ទៅក្នុង​ដួងចិត្ត​របស់​លោក នៅពេល​លោក​សុំ​ឲ្យ​សាសន៍​នីហ្វៃ​ប្រែចិត្ត ហើយ​ត្រឡប់មករក​ព្រះអម្ចាស់​វិញ ( សូមមើល ហេលេមិន 13:11 ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ហេលេមិន 13:27–28 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើលតាម ដោយ​រកមើល​របៀប​ដែល​សាសន៍​នីហ្វៃ​បាន​ឆ្លើយតប​ចំពោះ​ពួក​ព្យាការី​ក្លែងក្លាយ ។

  • យោងតាម​សាំយូអែល តើ​សាសន៍​នីហ្វៃ​បាន​ឆ្លើយតប​យ៉ាងណា​ដល់​អ្នកដែល​បាន​បង្រៀន​ការណ៍​ខុសឆ្គង​នោះ? តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​អ្នកខ្លះ​ទទួល​យក​ការដាស់តឿន​របស់​លោក ហើយ​អ្នកផ្សេង​ទៀត​បាន​បដិសេធ ?

  • តើ​ប្រយោគ និង​ឥរិយាបថ​ដែល​យើង​អាច​នៅក្នុង ហេលេមិន 13:27 កើត​មាន​ច្បាស់​នៅក្នុង​ជំនាន់​របស់​យើង​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖

« របៀប​ដែល​យើង​​ឆ្លើយតប​នឹង​ពាក្យសម្ដី​របស់​ព្យាការី​ដែល​កំពុង​រស់នៅ នៅពេល​លោក​ប្រាប់​យើង​ពី​អ្វី​ដែល​យើង​ត្រូវ​ដឹង ប៉ុន្ដែ​ដែល​យើង​មិន​ចង់​ស្ដាប់ គឺជា​ការសាកល្បង​មួយ​នៃ​សេចក្ដីស្មោះត្រង់​របស់​យើង » ( « Fourteen Fundamentals in Following the Prophet » [BYU devotional address, ថ្ងៃទី 26 ខែ កុម្ភៈ ឆ្នាំ 1980 ] ទំព័រ 3–4, speeches.byu.edu ) ។

  • តើ​ការណែនាំអ្វីខ្លះ​​ពី​ព្យាការី​ដែល​អាចមាន​ការ​​ពិបាក​សម្រាប់​មនុស្ស​មួយ​ចំនួន​ដើម្បី​ធ្វើតាម​នា​សព្វថ្ងៃនេះ ?

  • តើ​អ្វីទៅ​​ជា​គំរូ​មួយ​នៃ​ការណែនាំ​ពី​ព្យាការី​ដែល​អ្នក​បាន​ជ្រើសរើស​ដើម្បី​គោរព​តាម ? តើ​អ្នក​ត្រូវបាន​ប្រទានពរ​ដោយសារ​អ្នក​បាន​ធ្វើ​តាម​ការណែនាំ​នេះ​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​សរសេរ​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ​អំពី​របៀប​មួយ​ដែល​ពួកគេ​អាច​ចម្រើន​ឡើង​នៅក្នុង​ការធ្វើ​តាម​ការណែនាំ​របស់​ព្យាការី​ដែល​កំពុង​រស់នៅ ។

នៅពេល​សិស្ស​បាន​មាន​ពេល​សរសេរ​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ម្នាក់​អាន ហេលេមិន 13:33–37 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​អ្វី​ដែល​សាសន៍​នីហ្វៃ​ដែល​មិន​ប្រែចិត្ត​នឹង​ជួប​នៅទីបញ្ចប់ និង​អ្វី​ដែល​ពួកគេ​នឹង​និយាយ​អំពី​ខ្លួនគេ ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​ផ្សេង​ទៀត​អាន ហេលេមិន 13:38 ឮៗ ។ សូម​ឲ្យ​សិស្ស​រកមើល​សេចក្ដីពិត​ដ៏​ក្រៀមក្រំ​ដែល​សាំយូអែល​បាន​ប្រកាស ទាក់ទង​នឹង​កូនចៅ​ជំនាន់​ក្រោយ​នៃ​សាសន៍​នីហ្វៃ ។

  • តើ​សេចក្ដីពិត​ដ៏​ក្រៀមក្រំ​អ្វី ដែល​សាំយូអែល​បាន​ប្រកាស​អំពី​កូនចៅ​ជំនាន់​ក្រោយ​នៃ​សាសន៍​នីហ្វៃ ?

  • តើ​អ្នក​គិត​ថា សាំយូអែល​ចង់​មាន​ន័យ​យ៉ាងណា នៅពេល​លោក​បាន​មាន​ប្រសាសន៍​ថា « ថ្ងៃ​សាកល្បង​របស់​ពួកគេ​បាន​កន្លង​ទៅហើយ » ? ( កូនចៅ​ជំនាន់​ក្រោយ​នៃ​សាសន៍​នីហ្វៃ​នឹង​ពន្យារពេល​នៃ​ការប្រែចិត្ត​រហូត​ដល់​វា​ហួស​ពេល​សម្រាប់​ពួកគេ​ប្រែចិត្ត ។ ហើយ​ដោយសារ​ពួកគេ​មិន​ប្រែចិត្ត អំពើបាប​របស់​ពួកគេ​នឹង​ដឹកនាំ​ពួកគេ​ទៅរក​សេចក្តីបំផ្លិចបំផ្លាញ ) ។

  • តើ​មាន​អ្វី​ខុស​ក្នុង​ការស្វែងរក « សុភមង្គល​នៅក្នុង​អំពើទុច្ចរិត » ? ( សូម​ជួយ​សិស្ស​ឲ្យ​ឃើញ​ថា សុភមង្គល​ដ៏​ពិត​ចេញ​មក​តែ​នៅពេល​យើង​រក្សា​តាម​បញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ​ប៉ុណ្ណោះ ) ។

  • តើ​មាន​របៀប​ណា​ខ្លះដែល​ប្រជាជន​ស្វែងរក​សុភមង្គល​នៅក្នុង​ការធ្វើ​អំពើទុច្ចរិត​នោះ ?

សូម​រំឭក​សិស្សពី​ដំណើររឿង​ផ្សេង​ទៀត​នៅក្នុង​ព្រះគម្ពីរមរមន ដែល​បន្តក្នុងការ​បះបោរ និង​អំពើទុច្ចរិត​រហូត​ដល់​ដួងចិត្ត​របស់ពួក​គេ​​រឹងទទឹង​មិន​ទទួល​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។ ( ឧទាហរណ៍​រួមមាន លេមិន ​និង​លេមយួល​ដែល​ក្លាយជា « មិន​អាច​ចាប់អារម្មណ៍ » [នីហ្វៃទី 1 17:45] ហើយ​បដិសេធ​មិន​ព្រម​ស្ដាប់​តាម​ព្រះ ហើយ​សេ្ដច​ណូអេ​ និង​ប្រជាជន​របស់​ទ្រង់ ដែល​បាន​បដិសេធ​មិន​ព្រម​ប្រែចិត្ត ទោះបីជា​ឮ​ការព្រមាន​របស់​ព្យាការី​អ័ប៊ីណាដៃ​ក្ដី ) ។ សាំយូអែល​បាន​បញ្ជាក់​ថា ការបដិសេធ​របស់​សាសន៍​នីហ្វៃ​មិន​ព្រម​ប្រែចិត្ត​នឹង​នាំ​ទៅរក​សេចក្តីបំផ្លិចបំផ្លាញ​នៃ​ប្រជាជន​ជំនាន់​ក្រោយ​របស់​គេ ។

សូម​ជួយ​ឲ្យ​សិស្ស​យល់​ថា នៅក្នុង​កម្រិត​ផ្ទាល់ខ្លួន​មួយ មាន​សេចក្ដីសង្ឃឹម​សម្រាប់​អ្នកទាំងអស់​ដែល​នឹង​ជ្រើសរើស​ដើម្បី​ប្រែចិត្ត ។ តាមរយៈ​ការប្រែចិត្ត យើង​អាច​ទទួល​បាន​ការអភ័យទោស​ពី​ព្រះអម្ចាស់ ហើយ​រារាំង​ដួងចិត្ត​របស់​យើង​កុំ​ឲ្យ​រឹងទទឹង ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ថា យើង​អាច​កែតម្រូវ​ផ្លូវ​របស់​យើង​តាម​រយៈ​ការប្រែចិត្ត សូម​អាន​សេចក្ដីថ្លេងការណ៍​ខាងក្រោម​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃ​គណៈប្រធានទីមួយ ៖

« អំឡុងពេល​ខ្ញុំ​ហ្វឹកហ្វាត់​ដើម្បី​ក្លាយជា​មេបញ្ជាការ​ទ័ពជើង​អាកាស ខ្ញុំ​បាន​រៀន​ពី​របៀបដើម្បី​រុករក​យន្ដហោះ​ក្នុង​រយៈ​ចម្ងាយ​ដ៏​ឆ្ងាយ ។ ការហោះ​នៅលើ​មហាសមុទ្រ​ដ៏​ធំធេង ការឆ្លង​កាត់​វាលខ្សាច់​ដ៏​ល្វឹងល្វើយ និងការភ្ជាប់​ទ្វីប​នានា​ត្រូវការ​ការគ្រោង​ដ៏​ប្រុងប្រយ័ត្ន​ដើម្បី​ធានា​ពី​ការទៅដល់​គោលដៅ​ដែល​បាន​គ្រោង​ទុកដោយ​សុវត្ថិភាព ។ ការហោះហើរ​មិន​ឈប់​ទាំងនេះ​ខ្លះ​អាច​មាន​រយៈពេល​ទៅដល់ 14 ម៉ោង និង​នៅលើ​ចម្ងាយ​ផ្លូវ​ជិត 9,000 ម៉ាយល៍ ។

« មាន​ចំណុច​នៃ​ការសម្រេច​ចិត្ត​ដ៏​សំខាន់​មួយ​អំឡុងពេល​ការហោះហើរ​ដ៏​យូរ​បែបនោះ ដែល​ជា​ទូទៅ​ហៅ​ថា ចំណុច​នៃ​ការត្រឡប់​មកវិញ​ដោយ​សុវត្ថិភាព ។ មក​ដល់​ចំណុច​នេះ យន្ដហោះ​មាន​សាំង​គ្រប់គ្រាន់​ដើម្បី​បែរ​យន្ដហោះ ហើយ​ត្រឡប់​ទៅវិញ​ដោយ​សុវត្ថិភាព​ទៅកាន់​​អាកាសយានដ្ឋាន​ដែល​បាន​ចាកចេញ​មក ។ ដោយឆ្លង​ចំណុច​នៃ​ការត្រឡប់​មកវិញ​ដោយ​សុវត្ថិភាព​ មេបញ្ជាការ​បាន​បាត់បង់​ជម្រើស​នេះ ហើយ​ត្រូវ​តែ​បន្ដ​ទៅមុខ ។ នេះ​ជា​មូលហេតុ​ដែល​ចំណុច​នេះ​ជាញឹកញាប់​សំដៅ​លើ ចំណុច​នៃ​ការមិន​ត្រឡប់​មកវិញ ។

« … សាតាំង​ចង់​ឲ្យ​យើង​គិត​ថា នៅពេល​យើង​បាន​ធ្វើ​អំពើបាប យើង​បាន​ឆ្លង​ហួស​ពី ‹ ចំណុច​នៃ​កា​មិន​ត្រឡប់​មក​វិញ ›—ថា​វា​ហួស​ពេល​នឹង​ប្ដូរ​ផ្លូវ​របស់​យើង ។ …

« … ដើម្បី​ធ្វើ​ឲ្យ​យើង​អស់​សង្ឃឹម មាន​អារម្មណ៍​វេទនា​ដូចជា​វា​ដែរ ហើយ​ជឿ​ថា​យើង​លែង​ត្រូវ​បាន​អភ័យទោស​ឲ្យ នោះ​សាតាំង​អាច​ប្រើ​ពាក្យ​ខុស​ពី​ព្រះគម្ពីរ​ដែល​បញ្ជាក់​ពី​សេចក្ដីយុត្តិធម៌​របស់​ព្រះ ដើម្បី​បង្កប់​ន័យ​ថា​គ្មាន​សេចក្ដីមេត្តាករុណា​ឡើយ ។ …

« ព្រះគ្រីស្ទ​បានយាង​​មកដើម្បី​​សង្គ្រោះ​យើង ។ ប្រសិនបើ​យើង​បាន​ដើរ​លើ​ផ្លូវ​ខុស នោះ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​អាច​ធានាដល់​យើង​ថា អំពើបាប​គឺ​មិន​មែន​ជា​ចំណុច​នៃ​ការមិនអាច​​ត្រឡប់​មក​វិញ​នោះទេ ។ ការត្រឡប់​មក​វិញ​ដោយ​សុវត្ថិភាព​កើត​មាន ប្រសិនបើ​យើង​នឹង​ធ្វើ​តាម​ផែនការ​របស់​​ព្រះ​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​យើង » ( « Point of Safe Return » EnsignLiahona ខែ ឧសភា ឆ្នាំ 2007 ទំព័រ 99 ) ។

  • តើ​សម្ដី​របស់​ប្រធាន អុជ្វដូហ្វ អាច​ផ្ដល់​សេចក្ដីសង្ឃឹម​ដល់​ជនម្នាក់​ដែល​បាន​ធ្វើ​បាប​ដោយ​របៀបណា ?

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​សញ្ជឹងគិត​ពី​សេចក្ដីពិត​ដែល​ពួកគេ​បាន​ពិភាក្សា ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើតាម​ការបំផុស​គំនិត​នានា​ដែល​ពួកគេ​បាន​ទទួល​ពី​ព្រះវិញ្ញាណបរិសុទ្ធ ។ សូម​ធ្វើទីបន្ទាល់​ថា សុភមង្គល​នឹង​មក​ដល់​អ្នកទាំងឡាយ​ណា​ដែល​ធ្វើ​តាម​ការអញ្ជើញ​របស់​ព្រះអម្ចាស់​ក្នុង​ការប្រែចិត្ត ។

កំណត់​ចំណាំ ៖ សូម​រៀបចំ​ក្រដាស​ខាងក្រោម​សម្រាប់​ក្រុមទាំង​បី​ដែល​បាន​រៀបរាប់​នៅក្នុង​មេរៀននេះ​​ពី​មុន ។

ក្រុមទី 1—ហេលេមិន 13:1–7, 11

ព្យាការី​និយាយ​ពី​សារលិខិត​ដែល​ព្រះ​បាន​បញ្ចូល​ទៅក្នុង​ដួងចិត្ត​លោក ។

  1. តើ​ខ​មួយ​ណា​ដែល​អ្នក​មាន​អារម្មណ៍​ថា​បង្រៀន​ពី​សេចក្ដីពិត​នេះ ?

  2. តើ​សារលិខិត​អ្វី​ដែល​ព្រះ​បាន​បញ្ចូល​ទៅក្នុង​ដួងចិត្ត​របស់​សាំយូអែល ?

  3. តើ​អ្នក​គិត​ថា ហេតុ​អ្វី​បានជា​វា​អាចជារឿង​​ពិបាក​សម្រាប់​សាំយូអែល​ដើម្បី​បញ្ជូន​សារលិខិត​នេះ ?

  4. តើ​ឥទ្ធិពល​អ្វី​ដែល​សាំយូអែល​បាន​សង្ឃឹម​ថា​សារលិខិត​លោក​នឹង​មាន​ដល់​សាសន៍​នីហ្វៃ ?

  5. តើ​នៅពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​ថា ឪពុកម្ដាយ ឬ​អ្នកដឹកនាំ​សាសនាចក្រ​ត្រូវ​បាន​បំផុស​ឲ្យ​ចែក​នូវ​សារលិខិត​មួយ​ដល់​អ្នក ? តើ​វា​បាន​ជះឥទ្ធិពល​ដល់​អ្នក​យ៉ាងណា​ដែរ ?

  6. តើ​សេចក្ដីពិត​បន្ថែម​អ្វីខ្លះ​ដែល​អ្នក​អាច​រកឃើញ​នៅក្នុង​ខគម្ពីរ​នេះ ?

ក្រុមទី 2—ហេលេមិន 13:17–23

នៅពេល​ណា​ដែល​យើង​មិន​បាន​ចងចាំ​ដល់​ព្រះអម្ចាស់ នោះ​យើង​ងាយ​នឹង​ក្លាយជា​មានភាព​ឆ្មើងឆ្មៃ ហើយ​ធ្វើអំពើ​​ទុច្ចរិត ។

  1. តើ​ខ​មួយ​ណា​ដែល​អ្នក​មាន​អារម្មណ៍​ថា​បង្រៀន​សេចក្ដីពិត​នេះ ?

  2. តើ​បណ្ដាសា​អ្វី​ដែល​សាំយូអែល​បាន​និយាយ​ថា​នឹង​មក​ដល់​សាសន៍​នីហ្វៃ ប្រសិនបើ​ពួកគេ​រឹងទទឹង​នៅក្នុង​អំពើទុច្ចរិត ?

  3. តើអំពើ​បាប​ផ្សេងទៀត​ដែល​សេចក្ដីស្រឡាញ់​លើ​ទ្រព្យសម្បត្តិ​របស់​សាសន៍​នីហ្វៃ​បាន​នាំ​ទៅរក​មាន​អ្វីខ្លះ ?

  4. តើ​រឿង​មួយចំនួន​ដែល​យុវជន​អាច​ផ្តោតចិត្ត​គេ​លើ ហើយដែល​វា​នាំ​ទៅរកភាព​ឆ្មើង​ឆ្មៃ និង​អំពើបាបនោះ​មានអ្វីខ្លះ ?

  5. តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​វា​សំខាន់​ដើម្បី « ចងចាំ​ដល់​ព្រះអម្ចាស់ជា​ព្រះ​របស់​អ្នក​នូវ​អ្វីៗ​ដែល​ទ្រង់់​បាន​ប្រទានពរ​ដល់​អ្នក » ? (ហេលេមិន 13:22 ) ។

  6. តើ​សេចក្ដីពិត​បន្ថែម​អ្វីខ្លះ​ដែល​អ្នក​អាច​រកឃើញ​នៅក្នុង​ខគម្ពីរ​នេះ ?

ក្រុមទី 3—ហេលេមិន 13:24–33

ប្រសិនបើ​យើង​បដិសេធ​ពាក្យសម្ដី​នៃ​ព្យាការី​របស់​ព្រះអម្ចាស់ យើង​នឹង​ជួប​នឹង​ការសោកស្ដាយ និង​ភាពសោកសង្រេង ។

  1. តើ​ខ​មួយ​ណា​ដែល​អ្នក​មាន​អារម្មណ៍​ថា​បង្រៀន​ពី​សេចក្ដីពិត​នេះ ?

  2. យោងតាម​សាំយូអែល ហេតុអ្វីបានជា​សាសន៍​នីហ្វៃ​បាន​បដិសេធ​ពួក​ព្យាការី​ដ៏​ពិត ?

  3. តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​មនុស្ស​ខ្លះ​ទទួល​យក​ព្យាការី​ក្លែងក្លាយ​ជា​ព្យាការី ដូចដែល​សាំយូអែល​បាន​រៀបរាប់​នោះ ?

  4. តើ​មាន​ការបង្រៀន​ជាក់លាក់​ណាខ្លះ​ពី​ព្យាការី និង​សាវក​ដែល​កំពុង​រស់នៅ ?

  5. តើ​អ្វីខ្លះ​ជា « ការដឹកនាំ​ដោយ​ពួកឆ្កួតវង្វេង និង​ពួកខ្វាក់ » ( ហេលេមិន 13:29 ) ដែល​ព្យាការី និង​សាវក​ដែល​កំពុង​រស់​នៅ​បាន​ព្រមាន​ដល់​យើង​ឲ្យ​ចៀសវាង ?

  6. តើ​សេចក្ដីពិត​បន្ថែម​អ្វីខ្លះ​ដែល​អ្នក​អាច​រកឃើញ​នៅក្នុង​ខគម្ពីរ​នេះ ?

វិចារណកថា និង ព័ត៌មាន​សាច់រឿង

ហេលេមិន 13:3 ។ « អ្វីៗ​ដែល​នឹង​មក​សណ្ឋិត​ក្នុង​ចិត្ត​លោក »

ព្យាការី​សាំយូអែល​មិន​បាន​លើក​ដាក់​មក​លើ​ខ្លួន​លោក​ក្នុង​ការសម្រេចចិត្ត​ពី​អ្វី​ដែល​ត្រូវ​បង្រៀន​ដល់​សាសន៍​នីហ្វៃ​ឡើយ ។ យើង​អាន​នៅក្នុង ហេលេមិន 13:3 ថា​លោក​បាន​បង្រៀន « អ្វីៗ​ដែល​នឹង​មក​សណ្ឋិត​ក្នុង​ចិត្ត​លោក » ។ ប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់​បាន​ពន្យល់​ពី​របៀបដែល​វិវរណៈ​បែបនោះ​ជា​មក​កាន់​យើង​ញឹកញាប់​បំផុត ៖

« វិវរណៈ​មក​ជា​ពាក្យសម្ដី​ដែល​យើង​មាន អារម្មណ៍ ញឹកញប់​ជាង ឮ ។ នីហ្វៃ​បាន​ប្រាប់​ដល់​បងប្រុស​ដ៏​ចចេស​របស់​លោក​ដែល​ត្រូវ​បាន​ទេវតា​មក​ជួប​ថា ‹ បងរាល់​គ្នា​មាន ចិត្ត វក់ ទើប​មិន​អាច​ចាប់ អារម្មណ៍ ពី​ព្រះបន្ទូល​របស់​ព្រះអង្គ​ឡើយ › ។នីហ្វៃទី 1 17:45 ការ​គូស​បញ្ជាក់​បាន​បន្ថែម ] ។

« ព្រះគម្ពីរ​គឺ​ពោរពេញ​ទៅ​ដោយ​ការបង្ហាញ​បែបនោះ​ដូចជា ‹ ស្បៃ​ត្រូវ​បាន​បើក​ពី​គំនិត​របស់​ពួកយើង ហើយ​ភ្នែក​នៃ​យោបល់​របស់​ពួកយើង​ត្រូវបាន​បើកឡើង › [គ .និង ស. 110:1] ឬ ‹ យើង​នឹង​ប្រាប់​អ្នក​នៅក្នុង​គំនិត​របស់​អ្នក និង​នៅក្នុង​ចិត្ត​របស់​អ្នក › [គ. និង ស. 8:2] ឬ ‹ យើង​បាន​បំភ្លឺ​គំនិត​របស់​អ្នក › [គ . និង ស . 6:15] ឬ ‹ ប្រាប់​គំនិត​ទាំងឡាយ​ដែល​យើង​នឹង​ដាក់​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​ចុះ › [គ. និង ស. 100:5] ។ មាន​ខគម្ពីរ​រាប់​រយ​ដែល​បង្រៀន​អំពី​វិវរណៈ » ( « Personal Revelation: The Gift, the Test, and the Promise » Ensign ខែ វិច្ឆិកា ឆ្នាំ 1994 ទំព័រ 60 ) ។

ហេលេមិន 13:23–29 ។ ការធ្វើតាម​ព្យាការី​ដែលកំពុង​រស់នៅ

អែលឌើរ អិម រ័សុល បាឡឺដ នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់​បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការធ្វើតាម​ព្យាការី និង​សាវក​ដែល​កំពុង​រស់នៅ​ថា ៖

« បងប្អូន​ប្រុសស្រី​ជាទីស្រឡាញ់​របស់​ខ្ញុំ សូម​យកចិត្ត​ទុកដាក់​លើ​អ្វីៗ​ទាំងឡាយ​ដែល​អ្នកដឹកនាំ​សាសនាចក្រ​បាន​បង្រៀន ។… សូម​អនុវត្ត​តាមការបង្រៀន​ដែល​នឹង​ជួយ​អ្នក និង​គ្រួសារ​របស់​អ្នក ។ សូម​ឲ្យ​យើង​ទាំងអស់​គ្នា ដោយ​មិន​គិត​ពី​សា្ថនភាព​គ្រួសារ​របស់​យើង នាំ​យក​ការបង្រៀន​របស់​ព្យាការី និង​ពួកសាវកចូល​មក​ក្នុង​ផ្ទះ​របស់​យើង ដើម្បី​ពង្រឹង​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​គ្នា និង​ជាមួយ​នឹង​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ និង​ជាមួយ​នឹង​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​សូម​សន្យា​ដល់​អ្នក​ដោយ​នៅក្នុង​ព្រះនាម​នៃ​ព្រះអម្ចាស់​ថា ប្រសិនបើ​អ្នក​នឹង​ស្ដាប់​តាម​ដោយ​មិន​ត្រឹម​តែ​ប្រើ​ត្រចៀក​ស្ដាប់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ស្ដាប់​ដោយ​ដួងចិត្ត​របស់​អ្នក នោះ​ព្រះវិញ្ញាណបរិសុទ្ធ​នឹង​បញ្ជាក់​ពី​សេចក្ដីពិត​ដល់​អ្នក​នូវ​សារលិខិត​ដែល​បាន​បញ្ជូន​ដោយ [ ប្រធាននៃសាសនាចក្រ ] អ្នកណែនាំ​របស់​ទ្រង់ សាវក​ទាំងឡាយ និង​អ្នកដឹកនាំ​ផ្សេង​ទៀត​នៅក្នុង​សាសនាចក្រ ។ ព្រះវិញ្ញាណ​នឹង​បំផុសគំនិត​​អ្នក​ឲ្យ​ដឹង​ពី​អ្វី​ដែល​គួរ​ធ្វើ​ក្នុង​នាម​ជា​បុគ្គល និង​គ្រួសារ​ទាំងឡាយ​ដើម្បី​ធ្វើតាម​ការណែនាំ​របស់​យើង ដើម្បីឲ្យ​ទីបន្ទាល់​របស់​អ្នក​អាច​នឹង​ត្រូវ​ពង្រឹង ហើយ​ដើម្បី​​អ្នក​អាច​មាន​សន្ដិភាព និង​សេចក្ដីអំណរ » ( « His Word Ye Shall Receive » Ensign ខែ ឧសភា ឆ្នាំ 2001 ទំព័រ 67 ) ។

ហេលេមិន 13:38 ។ សុភមង្គល​មិន​អាចកើត​​ចេញ​ពី​ការធ្វើ​អំពើទុច្ចរិតឡើយ

សាំយូអែល​បាន​ព្រមាន​សាសន៍​នីហ្វៃ​ថា ប្រសិនបើ​ពួកគេ​រឹងរូស​ក្នុង​ការ​ស្វែងរក​សុភមង្គល​ដោយ​ការធ្វើ​អំពើទុច្ចរិត នោះ​ពួកគេ​នឹង​ត្រូវ​បាន​បំផ្លាញ ។ អែលឌើរ រីឆាត ជី ស្កត នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់​បាន​បង្រៀន​ថា សុភមង្គល​កើតមាន​តែ​តាមរយៈ​សេចក្តីសុចរិត​ប៉ុណ្ណោះ ៖

« តើ​អ្នក​មាន​កត់សម្គាល់​ពី​របៀប​ដែល​សាតាំង​ធ្វើការ​ដើម្បី​ចាប់​យក​គំនិត និង​អារម្មណ៍​ដោយ​រូបភាព​មិន​ល្អ តន្ដ្រី​ដែល​ឮៗ និង​ការបំផុស​ញាណ​ខាង​រាងកាយ​ទាំងឡាយ​ដើម្បី​ទាក់យើង​ទេ ? វា​ខំ​យ៉ាង​ព្យាយាម​ដើម្បី​បំពេញ​ជីវិត​ដោយ​សកម្មភាព ការកំសាន្ដ និង​ការពង្វក់​ដើម្បី​ឲ្យ​មនុស្ស​មិន​អាច​គិត​ពី​លទ្ធផល​នៃ​ការអញ្ជើញ​ដ៏​បង្ខំ​របស់​វា ។ ចូរ​គិត​អំពី​វា ។ អ្នកខ្លះ​ត្រូវ​វក់​នឹង​ការរំលង​ច្បាប់​មូលដ្ឋាន​បំផុត​របស់​ព្រះ ដោយសារ​តែ​សម្មភាព​ទាក់ទាញ​បាន​បង្ហាញ​ថា​អាច​ទទួល​យក​បាន ។ វា​ធ្វើ​មក​ដើម្បី​ទាក់ទាញ ថែម​ទាំង​ឲ្យ​យើង​ចង់​បាន​ទៀត​ផង ។ វា​ហាក់ដូចជា​គ្មាន​លទ្ធផល​ធ្ងន់ធ្ងរ​ឡើយ ប៉ុន្ដែ​វា​មើល​ទៅ​ជា​ការរីករាយ និង​ការសប្បាយ​ដ៏​យូរអង្វែង ។ ប៉ុន្ដែ​សូម​ឃើញ​ថា ការសម្ដែង​ទាំងនោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ការនិពន្ធ និង​អ្នកសម្ដែង ។ លទ្ធផល​នៃ​ការសម្រេច​ចិត្ត​ដែល​បាន​ធ្វើ​ហាក់​ត្រូវ​បាន​បញ្ឆោត​ទៅតាម​អ្វី​ដែល​អ្នកផលិត​ចង់​បាន ។

« ជីវិត​មិន​មែន​តាម​របៀប​នោះ​ទេ ។ មែនហើយ សិទ្ធិជ្រើសរើស​ខាង​សីលធម៌​អនុញ្ញាត​ឲ្យ​អ្នក​ជ្រើសរើស​អ្វី​ដែល​អ្នក​ចង់ ប៉ុន្ដែ​អ្នក​មិន​អាច​គ្រប់គ្រង​លទ្ធផល​នៃ​ជម្រើស​ទាំងនោះ​ឡើយ ។ មិន​ដូច​ជា​ការបង្កើត​ដ៏​ខុសឆ្គង​របស់​មនុស្សឡើយ ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​របស់​យើងកំណត់នូវ​​លទ្ធផល​នៃជម្រើស​របស់​អ្នក ។ ការគោរព​តាម​នឹងនាំ​ទៅរក​សុភមង្គល ខណៈ​ដែល​ការរំលង​ព្រះបញ្ញត្តិ​របស់​ទ្រង់​នឹង​មិននាំ​ទៅរក​សុភមង្គល​ឡើយ » ( « How to Live Well amid Increasing Evil » EnsignLiahona ខែ ឧសភា ឆ្នាំ 2004 ទំព័រ 102 ) ។

ហេលេមិន 13:38 ។ « ហួសពេល​ជា​អស់កល្ប​ជានិច្ច​ទៅ »

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន ៖

« វា​ពិត​ដែល​ថា គោលការណ៍​នៃ​ការប្រែចិត្ត​ដ៏​អស្ចារ្យ​គឺ​តែងតែ​កើតមាន ប៉ុន្ដែ​សម្រាប់​ពួកទុច្ចរិត និង​ពួកបះបោរ មាន​ការបារម្ភ​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​ប្រយោគ​នេះ ។ ឧទាហរណ៍ អំពើបាប​គឺជា​ការ​បង្កើត​ទម្លាប់​ដ៏​ខ្លាំងក្លា ហើយ​ពេល​ខ្លះ​ផ្លាស់ប្ដូរ​មនុស្ស​ទៅ​ចំណុច​ដ៏​សោកសៅ​មួយ​នៃ​ការមិន​ត្រឡប់​មក​វិញ ។ បើ​គ្មាន​ការប្រែចិត្ត វា​ក៏​​គ្មាន​ការអភ័យទោស​ដែរ ហើយបើ​គ្មាន​ការអភ័យទោស នោះ​ពរជ័យ​ទាំងអស់​នៃ​ភាព​ដ៏​អស់កល្ប​ជានិច្ច​នឹង​ជាប់​ក្នុង​គ្រោះថ្នាក់ ។ នៅពេល​អ្នករំលង​ខិត​កាន់តែ​ជ្រៅទៅៗ​នៅក្នុង​អំពើបាប​របស់​គេ ហើយ​កំហុស​​កាន់តែចាក់ឫសយ៉ាង​ជ្រៅ ហើយ​ឆន្ទៈ​ដើម្បី​ផ្លាស់ប្ដូរ​មានភាពទន់ខ្សោយ នោះ​ការ​ខិត​ទៅរក​ភាពអស់​សង្ឃឹម​កាន់តែ​កើនឡើង ហើយ​គេ​រអិល​ចុះ​ទៅ​កាន់តែជ្រៅ រហូត​ដល់គេ​មិន​ចង់​ឡើង​មកវិញ ឬ​ក៏​គេ​គ្មាន​កម្លាំង​នឹង​ឡើង​មក​វិញ​បាន » (The Miracle of Forgiveness [ ឆ្នាំ 1969 ] ទំព័រ 117 ) ។