បណ្ណាល័យ
មេរៀនទី 118 ៖ នីហ្វៃទី 3 6–7


មេរៀនទី 118

នីហ្វៃទី3 6–7

សេចក្តីផ្ដើម

បន្ទាប់ពី​ការដោះលែង​ដ៏​អព្ភូតហេតុ​របស់​ពួកគេ​ចេញពី​ក្រុម​ពួកចោរ​កាឌីអានតុន ពួកសាសន៍​នីហ្វៃ​បាន​អររីករាយ​នឹង​សេចក្ដីសុខសាន្ដ​រយៈពេល​ប្រហែល​បី​ឆ្នាំ ។ ប៉ុន្ដែ​សេចក្ដីឆ្មើងឆ្មៃ ការបែងចែក​ឋានៈ និង​ការបៀតបៀន​កើតមាន​នៅក្នុង​ចំណោម​ប្រជាជន ។ ខណៈពេល​ដែល​អ្នកខ្លះ​នៅតែ​បន្ដ​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ មាន​មនុស្ស​ជាច្រើន​បាន​ចូលទៅក្នុង​បក្សព័ន្ធ​សម្ងាត់ ។ ដោយសារតែ​បក្សព័ន្ធ​សម្ងាត់ ទើប​មេចៅក្រម​ត្រូវបាន​គេ​ធ្វើឃាត ហើយ​ការគ្រប់​គ្រងរបស់​ពួកសាសន៍​នីហ្វៃ​ត្រូវបាន​ផ្ដួលរំលំ ។ ប្រជាជន​បែងចែក​ទៅជា​កុលសម្ព័ន្ធ ហើយ​បាន​ចាត់តាំង​អ្នកដឹកនាំ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ នីហ្វៃ​បាន​បម្រើ​ដល់​ប្រជាជន​ដោយ​អំណាច និង​សិទ្ធិអំណាច​ដ៏​អស្ចារ្យ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី 3 6:1–18

បន្ទាប់ពី​រយៈពេល​ដ៏​រុងរឿង សាសន៍នីហ្វៃ​បាន​ក្លាយទៅជា​ឆ្មើងឆ្មៃ ហើយ​សាសនាចក្រ​ត្រូវ​បាក់បែក

សូម​សរសេរ​សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន​មុនចាប់ផ្ដើម​បង្រៀន ។ សូម​ឲ្យ​សិស្ស​ឆ្លើយ​នឹង​សំណួរ ហើយ​ពន្យល់​ពី​ចម្លើយ​របស់​ពួកគេ ។

តើ​វា​អាច​ទៅរួច​ទេ​ដែល​នរណាម្នាក់​ក្លាយជា …

មាន​បាន ហើយ​បន្ទាបខ្លួន ?

ក្រីក្រ ហើយ​ឆ្មើងឆ្មៃ ?

ចេះដឹង ហើយ​បន្ទាបខ្លួន ?

មិន​ចេះដឹង ហើយ​ឆ្មើងឆ្មៃ ?

សូម​លើកទឹកចិត្ត​ឲ្យ​សិស្ស​បន្ដ​គិត​អំពី​សំណួរ​ទាំងនេះ នៅពេល​ពួកគេ​សិក្សា នីហ្វៃទី 3 6 ។ សូម​សង្ខេប នីហ្វៃទី 3 6:1–9 ដោយ​ការពន្យល់​ថា ក្រោយពី​ពួកសាសន៍​នីហ្វៃ និង​ពួកសាសន៍​លេមិន​បាន​បង្រ្កាប​ពួកចោរ​កាឌីអានតុន​ហើយ ពួកគេ​បាន​ស្ថាបនា​សេចក្ដីសុខសាន្ដ​នៅលើ​ដែនដី ហើយ​បាន​ចាប់ផ្ដើម​រីកចម្រើន​ឡើង ។ ប៉ុន្ដែ​បាន​តែ​មួយ​​រយៈពេល​ខ្លី​ប៉ុណ្ណោះ សេចក្ដីសុខសាន្ដ និង​ការរីកចម្រើនរបស់​ពួកគេ​ត្រូវបាន​គំរាមកំហែង ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 6:5, 10–12 ឮៗ​ ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​បាន​ចាប់ផ្ដើម​គំរាមកំហែង​ដល់​សេចក្ដីសុខសាន្ដ និង​ការរីកចម្រើន​របស់​ប្រជាជន ។

  • តើ​អ្វី​បាន​ចាប់ផ្ដើម​កើតឡើង ដែល​គំរាមកំហែង​ដល់​សេចក្ដីសុខសាន្ដ និង​ការរីកចម្រើន​របស់​ប្រជាជន ?

  • តើ​អ្នក​ធ្លាប់​បាន​ឃើញ​ថា​ការ​មាន​ទ្រព្យ​កាន់​តែ​ច្រើន ឬ​ការរៀនសូត្រកាន់​តែ​ច្រើន ​ដឹកនាំ​ទៅរក​បញ្ហា​ដូចគ្នា​នេះ ​នៅក្នុង​សាលារៀន សហគមន៍ ឬ​ប្រទេស​របស់​អ្នក​ដែរ​ឬ​ទេ ? ប្រសិនបើ​មាន តើ​តាម​របៀប​ណា ?

សូម​គូស​បន្ទាត់​ពុះ​ក្ដារខៀន​ជាពីរ ។ សូម​សរសេរ ភាពឆ្មើងឆ្មៃ នៅ​ផ្នែកខាង​លើ​នៃ​ក្ដារខៀន​ម្ខាង ហើយ បន្ទាបខ្លួន នៅ​ម្ខាង​ទៀត ។ សូម​ឲ្យ​សិស្ស​សិក្សា នីហ្វៃទី 3 6:13–14 ដោយ​រកមើល​ពាក្យ និង​ឃ្លា​ទាំងឡាយ​ដែល​ពិពណ៌នា​ពី​របៀប​ដែល​ប្រជាជន​បាន​ឆ្លើយតប នៅពេល​ការមានបាន និង​ការរៀនសូត្រកាន់​តែ​ច្រើន ចាប់ផ្ដើម​បំបែក​ពួកគេ ។ ( អ្នក​អាច​ត្រូវ​ពន្យល់​ថា បណ្តុះ​បង្អាប់ជេរប្រមាថ មានន័យ​ថា ​ការរិះគន់​ដោយ​កំហឹង ឬ​និយាយ​ពាក្យ​ត្រគោះបោះបោក​ដាក់​នរណាម្នាក់ ) ។ នៅពេល​សិស្សអាន​ចប់ សូម​ឲ្យ​ពួកគេ​សរសេរ​នៅក្នុង​ផ្នែក​ត្រឹមត្រូវ​លើ​ក្ដារខៀន​នូវ​ពាក្យ ឬ​ឃ្លា​ដែល​ពួកគេ​បាន​រកឃើញ ។

  • តើ​ភស្ដុតាង​អ្វីខ្លះ​ដែល​អ្នក​ឃើញ​នៅក្នុង នីហ្វៃទី 3 6:13 ដែល​អ្នកខ្លះ​ដែល​ត្រូវបាន​បៀតបៀន​ដោយ​ភាពឆ្មើងឆ្មៃ​ហើយ​ប្រព្រឹត្តិ​អំនួត​ខ្លួនគេ ?

  • តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​ការត្រឡប់​នូវ « ការ​បណ្តុះ​បង្គាប់សងនឹងការ​បណ្តុះ​បង្គាប់ » វិញ ( ឬ​ការរិះគន់​សងនឹង​ការរិះគន់​វិញ​នោះ ) គឺជា​ការសម្ដែង​នៃ​សេចក្ដីឆ្មើងឆ្មៃ​មួយ ?

  • តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ងើចសរសើរ ​ចំពោះ ពួកសាសន៍​លេមិន​ដែល​បាន​ប្រែចិត្តជឿ បាន​ឆ្លើយតបនៅ​ពេល​នេះ ?

  • តើ​គោលការណ៍​អ្វី​ដែល​យើង​អាច​រៀន​ពី នីហ្វៃទី 3 6:13–14 ? ( ចម្លើយ​របស់​សិស្ស​អាច​ខុសគ្នា ប៉ុន្ដែ​ពួកគេ​គួរ​បង្គប់​នូវ​​គោលការណ៍​ដូចខាងក្រោម​នេះ ៖ យើង​អាច​ជ្រើសរើស​ដើម្បី​បន្ទាបខ្លួន និង​ស្មោះត្រង់​ដោយ​មិន​គិត​ពី​កាលៈទេសៈ​របស់​យើង ) ។

សូម​នាំ​សិស្ស​ឲ្យ​មើល​ទៅ​ក្ដារខៀន​ផ្នែក​ខាង​ចម្លើយ​នៃ​ការបន្ទាបខ្លួន ។ សូម​សួរ​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​សកម្មភាព​អ្វីខ្លះ​ដែល​យើង​អាច​ធ្វើ ដើម្បី​ជួយ​ខ្លួន​យើង​ឲ្យ​នៅតែ​បន្ទាបខ្លួន និង​ស្មោះត្រង់​ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​នោះ ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន​ខាង​ផ្នែក​មាន​ចំណងជើង​ថា បន្ទាបខ្លួន ) ។

  • សូម​គិត​ពី​បុគ្គល​ម្នាក់​ដែល​អ្នក​មាន​អារម្មណ៍​ថា​ជា​គំរូ​ដ៏​ល្អ​មួយ​ក្នុង​ការជ្រើសរើស​យក​ការបន្ទាបខ្លួន និង​ស្មោះត្រង់ ដោយ​មិន​គិត​ពី​កាលៈទេសៈ​របស់​គាត់ ។ តើ​បុគ្គល​នេះ​ជា​គំរូ​មួយ​នៃ​ការបន្ទាបខ្លួន​ដោយ​របៀប​ណា ?

សូម​ពន្យល់​ថា ដោយសារ​តែ​ពួកសាសន៍​នីហ្វៃ​ភាគច្រើន​មិន​បាន​ប្រែចិត្ត​ចេញពី​សេចក្ដីឆ្មើងឆ្មៃ​របស់​គេ នោះស្ថានភាព​របស់​ពួកគេ​កាន់តែ​លំបាក​ទៅៗ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេណ​គ្នា​អាន​ឮៗ​ពី នីហ្វៃទី 3 6:15–18 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើលតាម ដោយ​រកមើល​របៀប​ដែល​អំនួត​របស់​មនុស្ស​អាច​នាំ​ឲ្យ​សាតាំង​អាច​គ្រប់​គ្រង​លើ​ពួកគេបាន ។

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វីខ្លះ អំពី​ទំនាក់ទំនង​រវាង​អំនួត និង​អំណាច​របស់​សាតាំង​ក្នុង​ការល្បួង​យើង ? ( នៅពេល​សិស្ស​ឆ្លើយ សូម​ជួយ​ពួកគេ​ឲ្យ​រកឃើញ​នូវ​សេចក្ដីពិត​ខាងក្រោម ៖ នៅពេល​យើង​អួតអាង នោះ​យើងនាំឲ្យ​សាតាំង​មាន​អំណាច​កាន់តែ​ខ្លាំង​ក្នុង​ការល្បួង​យើង ហើយ​ដឹកនាំ​យើង​ឲ្យ​ប្រព្រឹត្ត​អំពើបាប​បន្ថែម​ទៀត ។ អ្នក​អាច​លើកទឹកចិត្ត​ឲ្យ​ពួកគេ​សរសេរ​គោលការណ៍​នេះ​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ ) ។

  • យោងតាម នីហ្វៃទី 3 6:15–18 តើ​ពាក្យ និង​ឃ្លា​ណាខ្លះ​ដែល​ពិពណ៌នា​ពី​ការផ្លាស់ប្ដូរ​ដួងចិត្ត​ដ៏​ទុច្ចរិត​ដែល​ប្រជាជន​ទាំងនេះ​បាន​ជួបប្រទះ​ដោយសារតែ​សេចក្ដីឆ្មើងឆ្មៃ ? ( ពួកគេ « បាន​ប្រគល់​ខ្លួន … ឲ្យ​ដឹកនាំ​ដោយ … [ សាតាំង ] ទោះ​ជា​វា​មាន​សេចក្ដីប៉ង​ប្រាថ្នា​ចង់​នាំ​ពួកគេ​ទៅ​ទីណា ហើយ​ឲ្យ​ធ្វើ​អំពើទុច្ចរិត​ណា​ក៏​ដោយ​ដែល​វា​មាន​សេចក្ដីប៉ង​ប្រាថ្នា​ចង់​ឲ្យ​ពួកគេ​ធ្វើ » ។ ពួកគេ​ស្ថិតនៅក្នុង « ស្ថានភាព​ទុច្ចរិត​មួយ​ដ៏​គួរ​ស្ញែងខ្លាច » ហើយ​បាន « បះបោរ​ដោយ​ចេតនា​ទាស់​នឹង​ព្រះ » ) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​សេចក្ដីឆ្មើងឆ្មៃ​ប៉ះពាល់​ដល់​កម្រិត​ដែល​សាតាំង​អាច​មាន​ឥទ្ធិពល​លើ​យើង ?

ប្រធាន ហិនរី ប៊ី អាវរិង

បន្ថែម​លើ​ចម្លើយ​របស់​សិស្ស សូម​គិត​ពី​ការសុំ​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ ។ សូម​ឲ្យ​សិស្ស​ស្ដាប់​និង​រកមើល​​នូវ​អ្វីដែល​ប្រធាន អាវរិង បាន​ព្រមាន​ថា​ជា​គ្រោះថ្នាក់​មួយ​នៃ​ការឆ្មើងឆ្មៃ ។

« ការឆ្មើងឆ្មៃ​បង្កើត​សំឡេង​មួយ​ពី​ក្នុង​ខ្លួន​យើង ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​នឹង​ស្ដាប់​ឮ​សំឡេង​ដ៏​ស្ងាត់ៗ​នៃ​ព្រះវិញ្ញាណ ។ នៅក្នុង​ការឥតប្រយោជន៍​របស់​យើង នោះ​មិន​យូរ​មិន​ឆាប់ យើង​នឹង​លែង​ស្ដាប់​ឮ​សំឡេង​នៃ​ព្រះ​វិញ្ញាណ ។ យើង​អាច​គិត​ភ្លាម​ថា យើង​មិន​ត្រូវការ​សំឡេង​នោះ​ទេ » ( « Prayer » Ensign, ខែ វិច្ឆិកា ឆ្នាំ 2001, ទំព័រ 16 ) ។

  • ហេតុអ្វី​បានជា​វា​មាន​គ្រោះថ្នាក់​ពេល​យើង​លែង​ស្ដាប់​ឮ​សំឡេង​នៃ​ព្រះវិញ្ញាណ​នោះ ? ( សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា នៅពេល​យើង​ព្រងើយ​កន្តើយ​នឹង​សំឡេង​ខ្សឹប​នៃ​ព្រះវិញ្ញាណបរិសុទ្ធ នោះ​យើង​នឹង​ងាយចាញ់​ការល្បួង​របស់​ពួកអារក្ស ) ។

សូម​នាំ​សិស្ស​មើល​ទៅ​បញ្ជី​នៃ​ចម្លើយ​ខាង​ផ្នែក​បន្ទាបខ្លួន​នៅលើ​ក្ដារខៀន​ម្ដង​ទៀត ។ សូម​ឲ្យ​ពួកគេ​រើស​យក​ចម្លើយពី​ការបន្ទាបខ្លួន​មួយ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា វា​នឹង​ជួយ​ដល់​ពួកគេ​ផ្ទាល់​បាន​ខ្លាំងបំផុត ។ សូម​ឲ្យ​ពួកគេ​មាន​ពេល​ពីរ​បី​នាទី​ដើម្បី​សរសេរ​អំពី​របៀប​ដែល​ពួកគេ​អាច​ចាប់ផ្ដើម​អនុវត្ត​សំណើរ​នោះ​ភ្លាមៗ​នៅ​ឯសាលារៀន ឬ​នៅ​ផ្ទះ ។

នីហ្វៃទី3 6:19–7:14

បក្សព័ន្ធ​សម្ងាត់​បំផ្លាញ​ការ​គ្រប់​គ្រងនៃ​ពួកសាសន៍​នីហ្វៃ ហើយ​ប្រជាជន​បាក់បែក​ទៅជា​កុលសម័្ពន្ធ

សូម​ចម្លង​បន្ទាត់ពេលវេលា​ខាងក្រោម​ដាក់លើ​ក្ដារខៀន ៖

បន្ទាត់ពេលវេលា

សូមបំបែក​សិស្ស​ក្នុង​ថ្នាក់​ទៅជា​បួនក្រុម ហើយ​ចាត់តាំង​ឲ្យ​ក្រុ​នីមួយៗ​អាន​នូវ​វគ្គ​ព្រះគម្ពីរ​មួយ​ដែល​សរសេរ​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​អាន​វគ្គ​​ដែល​ដាក់​ឲ្យ​គេ​អាន​ស្ងាត់ៗ ដោយ​រកមើល​ព្រឹត្តិការណ៍​ដ៏​សំខាន់ៗដែល​បាន​កើតឡើង​ចំពោះ​ពួកសាសន៍​នីហ្វៃ ។ ក្រោយពី​សិស្ស​បាន​មានពេល​អាន​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ម្នាក់​ពី​ក្រុម​នីមួយៗ​សរសេរ​នូវ​ព្រឹត្តិការណ៍​ដ៏សំខាន់ៗ​ពី​វគ្គ​ដែល​ដាក់​ឲ្យ​ពួក​គេ​អានតាម​ផ្នែកដែល​​ត្រឹមត្រូវ​តាម​បន្ទាត់ពេលវេលា ( សិស្ស​ផ្សេង​ទៀត​ពី​ក្រុម​នីមួយៗ​អាច​ជួយ​គ្នា​បាន ) ។ នៅពេល​ពួកគេ​អានបញ្ចប់​ហើយ សូម​ពន្យល់​ថា​បញ្ជី​ព្រឹត្តិការណ៍​នេះ​បង្ហាញ​ពី​របៀប​ដែល​ពួកបក្សព័ន្ធ​សម្ងាត់​បាន​ដឹកនាំ​ទៅរក​ការធ្លាក់ចុះ​នៃ​ការ​គ្រប់​គ្រង​របស់​ពួកសាសន៍​នីហ្វៃ និង​ការបែកបាក់​ប្រជាជនទៅជា​កុលសម្ព័ន្ធ​ដ៏​ច្រើន ។

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេនគ្នា​អាន​ឮៗ​ពី នីហ្វៃទី 3 6:27–30 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ហើយ​រកមើល​អ្នកបង្កើត និង​គោលបំណង​នៃ​បក្សព័ន្ធ​សម្ងាត់ ។ នៅពេល​សិស្ស​បាន​រកឃើញ​អ្នក​បង្កើត​នៃ​បក្សព័ន្ធ​សម្ងាត់ ( អារក្ស ) ហើយ សូម​សួរថា ៖

  • តើ​ពាក្យ និង​ឃ្លា​ណាខ្លះ​ដែល​រៀបរាប់​ពី​គោលបំណង​របស់​បក្សព័ន្ធ​សម្ងាត់​នេះ ? ( ចម្លើយ​អាច​រួមមាន « រួបរួមគ្នា​ប្រឆាំង​នឹង​ភាពសុចរិត​ទាំងឡាយ » « បំផ្លាញ » ប្ររាស្រ្ត​របស់​ព្រះអម្ចាស់ « រឹង​ទទឹង​នឹង​ច្បាប់ និង​សិទ្ធិ​ទាំងឡាយ​របស់​ប្រទេស​គេ » ហើយ « ដែនដី​លែង​មាន​ឥស្សរភាព​តទៅ​ទៀត » ) ។

  • តើ​អ្នកដែល​ធ្វើឃាត​ព្យាការី​បាន​រួចពី​ការដាក់​ទោស​ដោយ​របៀបណា ? ( មិត្តភក្ដិ និង​គ្រួសារ​របស់​គេ ដែល​ធ្លាប់​ជា​សមាជិក​នៃ​បក្សព័ន្ធ​សម្ងាត់ បាន​រួបរួម​គ្នា​ជួយ​ពួកគេ​ឲ្យ​លាក់​សកម្មភាព​របស់​គេ​ជា​ការសម្ងាត់ ហើយ​បញ្ចៀស​លទ្ធផល​នៃ​ទង្វើ​របស់​គេ ) ។

  • សូម​ស្រមៃ​ថា អ្នក​មាន​មិត្តភក្ដិ​ខ្លះ​ដែល​ចង់​បញ្ចៀស​លទ្ធផល​នៃ​សកម្មភាព​របស់​ពួកគេ ។ តើ​អ្នក​អាច​ជួយ​ពួកគេ​ឲ្យ​បែរជា​រស់នៅ​តាម​ដំណឹងល្អ និង​បទដ្ឋាន​នៃ​ដំណឹងល្អ​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេនគ្នា​អាន​ឮៗ​ពី នីហ្វៃទី 3 7:1–8 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ហើយ​រកមើល​ឥទ្ធិពល​នៃ​បក្សព័ន្ធ​សម្ងាត់​ទាំងនេះ​នៅក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ ។ សូម​ពន្យល់​ថា អារក្ស​ទាក់ទាញ​មនុស្ស​ឲ្យ​ចូលទៅក្នុង​បក្សព័ន្ធ​សម្ងាត់​តាម​គ្រប់​របៀប​ ដើម្បី​បំផ្លាញ​ភាពសុចរិត និង​បង្កើន​នូវ​អំពើទុច្ចរិត ។ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា របៀប និង​ការជម្រុញ​របស់​ពួកបក្សព័ន្ធ​សម្ងាត់​ជាញឹកញាប់​មិន​អាច​មើលឃើញ​ទេ ហើយ​ជានិច្ចកាល​វា​មិន​ងាយ​នឹង​ការពារ​នោះទេ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ចៀសចេញ​ពី​ទំនាក់ទំនង​ជាមួយ​នឹង​ក្រុម ឬ​បុគ្គល​ណា​ដែលចូលរួម​នឹង​បក្សព័ន្ធ​សម្ងាត់ ទោះ​​តាមទំរង់​ណាក្ដី ។

នីហ្វៃទី3 7:15–26

អំឡុងពេល​ដែល​មាន​តែ​មនុស្ស​មួយ​ចំនួន​ស្មោះត្រង់ នីហ្វៃ​បន្ដ​បម្រើ ហើយ​អ្នកខ្លះ​បាន​ប្រែចិត្ត​ជឿ ។

  • តើ​អ្នក​គិត​ថា អ្នក​នឹង​មាន​អារម្មណ៍​យ៉ាងណា ប្រសិនបើ​អ្នក​បាន​រស់នៅ​ក្នុង​ចំណោម​ប្រជាជន​នីហ្វៃ ក្រោយពេល​​រដ្ឋាភិបាល​ត្រូវបាន​គេ​ផ្ដួល​រំលំ​នោះ ? ហេតុអ្វី ?

  • តើ​អ្នក​គិត​ថា អ្នក​នឹង​បែរ​ទៅ​រក​ការ​ដឹកនាំ និង ការបង្ហាញ​ផ្លូវ​ពី​ទីណា​វិញ​ទៅ ?

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​ពី នីហ្វៃទី 3 7:15–20 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​មូលហេតុ​ដែល​ពួកគេ​អាច​ចង់​ធ្វើតាម​នីហ្វៃ​នៅក្នុង​កាលៈទេសៈ​បែប​នេះ ។ សូម​គិត​ពី​ការ​ឲ្យ​សិស្ស​ឈប់បន្តិច ​បន្ទាប់​ពី​អាន​ខ​នីមួយៗ ឬ​ឈប់​រាល់​ពីរ​ខគម្ពីរ​ម្ដង ដើម្បី​ ​អ្នក​អាច​សុំ​ឲ្យ​សិស្ស​ពន្យល់​ពី​មូលហេតុ​ដែល​ពួកគេ​អាច​ត្រូវបាន​បំផុសគំនិត​ក្នុង​ការធ្វើតាម​នីហ្វៃ ។

  • តើ​អ្វី​ជា​សារលិខិត​របស់​នីហ្វៃ​ទៅដល់​ប្រជាជន​នៅ​ពេល​នេះ ? ( សូមមើល នីហ្វៃទី3 7:16 ) ។

  • តើ​អ្នកដឹកនាំ​សាសនាចក្រ​សព្វថ្ងៃនេះ​ដូចជា​នីហ្វៃ​ដោយ​របៀបណា ?

  • តើ​នៅពេលណា​ដែល​អ្នក​បាន​ឃើញ​អ្នកដឹកនាំ​សាសនាចក្រ​ម្នាក់ « បម្រើ​ដោយ​អានុភាព និង​សិទ្ធិ​អំណាច​ដ៏​ធំ » ? ( នីហ្វៃទី 3 7:17 ) ។

សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 7:21–26 ដោយ​ស្ងាត់ស្ងៀម ​ហើយ​រកមើល​របៀប​នៃ​អស់អ្នកដែល​បាន​ប្រែចិត្ត​ត្រូវ​បាន​ប្រទានពរ ដោយសារ​ការធ្វើតាម​នីហ្វៃ និង​ការប្រែចិត្ត​ពី​អំពើបាប​របស់​គេ ។ សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ពន្យល់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

  • តើ​គោលការណ៍​អ្វី​ដែល​យើង​អាច​រៀន​ពី​គំរូ​នៃ​អស់អ្នកដែល​បាន​ប្រែចិត្ត ហើយ​ធ្វើតាម​នីហ្វៃ ?

សិស្ស​អាច​ចែកចាយ​សេចក្ដីពិត​ជាច្រើន ប៉ុន្ដែ​ពួកគេ​គួរ​រកឃើញ​នូវ​គោលការណ៍​ខាងក្រោម​នេះ ៖ ប្រសិនបើ​យើង​ប្រែចិត្ត ហើយ​ធ្វើ​តាម​អ្នកបម្រើ​របស់​ព្រះអម្ចាស់ នោះ​យើង​នឹង​ទទួល​បាន​ការតាមថែរក្សា​ពី​ព្រះវិញ្ញាណបរិសុទ្ធ ។

  • ហេតុអ្វីបានជា​ការប្រែចិត្ត​មាន​សារៈសំខាន់​ដើម្បី​ឲ្យ​យើង​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ជាមួយ​នឹង​យើង ?

  • តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​ការធ្វើតាម​អ្នកបម្រើ​របស់​ព្រះអម្ចាស់​ជួយ​យើង​ឲ្យ​កាន់តែ​ទទួល​បាន ​ការដឹកនាំ​ពី​ព្រះវិញ្ញាណបរិសុទ្ធ ?

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃ​គណៈប្រធាន​ទីមួយ ៖

ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« ខ្ញុំ​បាន​បញ្ចប់​ថា ការដឹកនាំ​នៃ​ព្រះវិញ្ញាណ​នៅក្នុង​ទំហំ​ដ៏​ធំ​ អាស្រ័យ​លើ​ការមាន​ភាពសុខដុម​ជាមួយ​នឹង​ប្រធាននៃសាសនាចក្រ គណៈប្រធានទីមួយ និង​កូរ៉ុមនៃពួកដប់ពីរនាក់— អ្នកទាំងឡាយ​ណា​ដែល​ត្រូវបាន​តែងតាំង … ជា​ព្យាការី អ្នកមើលឆុត និង​អ្នកទទួល​វិវរណៈ ។ ខ្ញុំ​មិន​ដឹង​ថា ​យើង​អាចនឹង​រំពឹង​ថា​​មាន​ភាពសុខដុម​ពេញលេញ​ជាមួយ​នឹង​ព្រះវិញ្ញាណនៃព្រះអម្ចាស់បាន​​ដោយ​របៀប​ណា​ទេ ប្រសិនបើ​យើង​មិន​ចុះសម្រុង​នឹង​ប្រធាននៃសាសនាចក្រ និង​ព្យាការី អ្នក​មើលឆុត និង​អ្នកទទួល​វិវណៈ​ផ្សេងទៀត​ផង​នោះ » ( « Called and Chosen » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2005 ទំព័រ 53 ) ។

  • តើ​នៅពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​ពីព្រះចេស្ដា​​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ដោយសារ​អ្នក​បាន​ជ្រើសរើស​គោរព​តាម​អ្នកបម្រើ​របស់​ព្រះអម្ចាស់នោះ ?

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​សរសេរ​ពីអារម្មណ៍​ដែល​ពួកគេមាន​​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ ដើម្បី​អនុវត្ត​សេចក្ដីពិត​ដែល​ពួកគេ​បាន​រៀន​នៅ​ថ្ងៃនេះ ។ សូម​បញ្ជាក់​ថា ទោះបីជា​នៅពេល​អ្នកដទៃ​ជ្រើសរើស​រស់នៅ​ផ្ទុយនឹង​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់​ក្ដី ដូចជា​ក្នុង​ករណី​នៃ​ប្រជាជន​នីហ្វៃ ក៏​យើង​អាច​ជ្រើសរើស​ធ្វើតាម​ព្រះ និង​អ្នកបម្រើ​ដែលទ្រង់​​បាន​ជ្រើសរើស​​ដោយ​រាបសា​បាន​ដែរ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃទី 3 6:10–18 ។ ឥទ្ធិពល​នៃ​ការឆ្មើងឆ្មៃ

នៅក្នុង នីហ្វៃទី 3 6:10–18 យើង​អាន​អំពី​របៀប​ដែល​ការឆ្មើងឆ្មៃ​អាច​បណ្ដាល​ឲ្យ​មាន​ការបែកបាក់​នៅក្នុង​ចំណោម​ប្រជាជន ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​បង្រៀន​ថា ទំនោរ​ក្នុង​ការប្រៀបធៀប​ខ្លួន​យើង​ទៅនឹង​មនុស្ស​ដទៃ​អាច​ជា​ការបង្ហាញ​មួយ​នៃ​ការឆ្មើងឆ្មៃ ។ លោក​ក៏​បាន​ព្រមាន​អំពី​របៀប​ដែល​ការឆ្មើងឆ្មៃ​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ព្រះ និង​អ្នកដទៃផងដែរ ៖

« មនុស្សឆ្មើងឆ្មៃ​ធ្វើឲ្យ​មនុស្ស​គ្រប់រូប​ក្លាយ​ជា​សត្រូវ​របស់ពួកគេ​ ដោយ​ការជីក​អណ្ដៅ​ដាក់​ចំណេះដឹង គំនិត កិច្ចការ ទ្រព្យសម្បត្តិ ទេពកោសល្យ ឬ​សម្ភារ​ខាង​លោកិយ​ផ្សេង​ទៀតរបស់ពួកគេ​​ប្រឆាំង​នឹង​អ្នកដទៃ ។ ស៊ី អេស លូវីស បាន​ថ្លែង​ថា ៖ ‹ មនុស្ស​ឆ្មើងឆ្មៃ​មិនរីករាយដោយសារ​មាន​អ្វីមួយ​​នោះទេ ប៉ុន្តែដោយ​​ការមាន​ច្រើនជាងមនុស្ស​ដែល​នៅ​ក្បែរខ្លួន​វិញ ។… វា​ជា​ការប្រៀបធៀប​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អំនួត ៖ គឺជា​ការរីករាយដោយ​បាន​នៅ​លើ​មនុស្ស​ដទៃទៀត ។ ពេល​ដែល​ការប្រកួតប្រជែង​បានបាត់ទៅ នោះ​ការ​ឆ្មើងឆ្មៃ​ក៏​បាត់​ដែរ › (Mere Christianity, New York: Macmillan, 1952, ទំព័រ 109–10 ) ។…

« ការ​ឆ្មើងឆ្មៃ​ជះឥទ្ធិពល​ដ៏អាក្រក់​ដល់​​ទំនាក់ទំនង​របស់​យើង​ទាំងអស់— ទំនាក់ទំនង​យើង​ជាមួយ​នឹង​ព្រះ និង​អ្នកបម្រើ​របស់​ទ្រង់ រវាង​ស្វាមី និង​ភរិយា ឪពុកម្ដាយ និង​កូន និយោជក និង​និយោជិក គ្រូបង្រៀន និង​សិស្ស ព្រមទាំង​មនុស្សជាតិ​ទាំងឡាយ ។ កម្រិត​នៃ​ការឆ្មើងឆ្មៃ​របស់​យើង​បញ្ជាក់​ពី​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​ព្រះ​របស់​យើង និង​បងប្អូនប្រុសស្រី​របស់​យើង » ( « Beware of Pride » Ensign ខែ ឧសភា ឆ្នាំ 1989 ទំព័រ 4, 6 ) ។