មេរៀនទី 109
ហេលេមិន 6–7
សេចក្តីផ្ដើម
បន្ទាប់ពីការខិតខំផ្សព្វផ្សាយរបស់នីហ្វៃ និងលីហៃ សាសន៍លេមិនបានកើនឡើងនៅក្នុងសេចក្ដីសុចរិត ។ ទោះជាយ៉ាងណាក្ដី សាសន៍នីហ្វៃបានក្លាយជាទុច្ចរិត ហើយបានចាប់ផ្ដើមគាំទ្រពួកចោរកាឌីអានតុន ហើយព្រះវិញ្ញាណនៃព្រះអម្ចាស់បានដកថយចេញពីពួកគេ ។ នីហ្វៃបានព្យាករថា ប្រសិនបើសាសន៍នីហ្វៃបន្ដរស់នៅក្នុងសេចក្ដីទុច្ចរិត ពួកគេនឹងត្រូវបំផ្លាញចោល ។ គាត់ក៏បានព្យាករថា ដោយសារតែសេចក្តីសុចរិតរបស់សាសន៍លេមិន ព្រះអម្ចាស់នឹងមានសេចក្ដីមេត្តាករុណាដល់ពួកគេ ហើយរក្សាពួកគេវិញ ។
យោបល់សម្រាប់ការបង្រៀន
ហេលេមិន 6
សាសន៍លេមិនបានក្លាយជាសុចរិត និងប្រយុទ្ធនឹងពួកចោរកាឌីអានតុន ខណៈដែលសាសន៍នីហ្វៃកើនឡើងនៅក្នុងភាពទុច្ចរិត ហើយគាំទ្រដល់ពួកចោរកាឌីអានតុន
សូមគូសតារាងខាងក្រោមនៅកណ្ដាលក្ដារខៀន ៖
សូមឲ្យសិស្សរកមើល ហើយគិតអំពីឥរិយាបថ និងសកម្មភាពដែលធ្វើឲ្យមានការកើនឡើងនូវព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតរបស់ពួកគេ និងការថយចុះនូវព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។
សូមពន្យល់ថា មរមនបានកត់ត្រាថា ព្រះអម្ចាស់បានដកព្រះវិញ្ញាណរបស់ទ្រង់ចេញពីសាសន៍នីហ្វៃ ហើយចាប់ផ្ដើមស្រោចព្រះវិញ្ញាណរបស់ទ្រង់មកលើសាសន៍លេមិន ( សូមមើល ហេលេមិន 6:35–36 ) ។ សូមរំឭកសិស្សថា សាសន៍នីហ្វៃ « បានក្លាយទៅជាមនុស្សទន់ខ្សោយ ដោយសារតែអំពើរំលងរបស់គេ » ( ហេលេមិន 4:26 ) ។ « ព្រះវិញ្ញាណនៃព្រះអម្ចាស់ឈប់រក្សាគេទៀតហើយ » ( ហេលេមិន 4:24 ) ហើយពួកគេ « បានទុំល្មមសម្រាប់ការបំផ្លិចបំផ្លាញហើយ » ( ហេលេមិន 5:2 ) ។
សូមឲ្យសិស្សម្នាក់អាន ហេលេមិន 6:2 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលសកម្មភាព និងឥរិយាបថដែលនឹងនាំសាសន៍នីហ្វៃបន្ដ « [ ទុំ ] ល្មមសម្រាប់ការបំផ្លិចបំផ្លាញដ៏អស់កល្បជានិច្ច » ( ហេលេមិន 6:40 ) ។ នៅពេលសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ សូមឲ្យសិស្សម្នាក់សរសេរចម្លើយរបស់គេនៅខាងក្រោមក្ដារខៀន នៅក្រោម ឬនៅក្បែរសញ្ញាព្រួញចុះក្រោម ។ ( អ្នកអាចពន្យល់ថាពាក្យ លែងខ្លាចបាប មានន័យថាមិនប្រែចិត្ត ហើយគ្មានការសោកស្ដាយ ។
សូមរំឭកសិស្សថា ដោយសារតែការខិតខំផ្សព្វផ្សាយសាសនារបស់នីហ្វៃ និងលីហៃកាលពីឆ្នាំមុន សាសន៍លេមិនរាប់ពាន់នាក់នៅក្នុងដែនដីសារ៉ាហិមឡាបានជ្រមុជទឹក ហើយសាសន៍លេមិនភាគច្រើននៅក្នុងដែនដីនីហ្វៃបានប្រែចិត្តជឿលើដំណឹងល្អ ( សូមមើល ហេលេមិន 5:19–20, 50–51 ) ។ សូមឲ្យសិស្សម្នាក់អាន ហេលេមិន 6:1, 3–5 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលសកម្មភាព និងឥរិយាបថដែលនាំសាសន៍លេមិនឲ្យរីករាយនឹងការកើនឡើងនូវព្រះចេស្ដានៃព្រះវិញ្ញាណ ។ នៅពេលសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញហើយ សូមឲ្យសិស្សមា្នក់សរសេរចម្លើយរបស់គេនៅពាក់កណ្ដាលនៃក្ដារខៀន នៅលើ ឬនៅក្បែរសញ្ញាព្រួញឡើងលើ ។
-
តើការរឹងប៉ឹង និងការខ្ជាប់ខ្ជួននៅក្នុងសេចក្ដីជំនឿមានន័យយ៉ាងណាចំពោះអ្នក ? ( សូមមើល ហេលេមិន 6:1 ។ )
-
តើសមាជិកសាសនាចក្របានឆ្លើយតបយ៉ាងណាទៅនឹងការប្រែចិត្តជឿរបស់សាសន៍លេមិន ? ( អ្នកអាចបង្ហាញថា ការចែកចាយដំណឹងល្អ និងមានមិត្តភាពល្អនឹងពួកបរិសុទ្ធអាចនាំមកនូវសេចក្ដីអំណរដ៏ខ្លាំង ទោះបីជានៅពេលយើងហ៊ុំព័ទ្ធដោយអំពើទុច្ចរិតក្ដី ។ )
សូមសង្ខេប ហេលេមិន 6:7–14 ដោយការពន្យល់ថា ប្រហែលរយៈពេលបីឆ្នាំ សាសន៍នីហ្វៃ និងសាសន៍លេមិនបានរីករាយនឹងសន្ដិភាព ។ នៅពេលឧស្សាហកម្ម និងជំនួញបានកើនឡើងរវាងពួកគេ ប្រជាជនទាំងពីរបានរីកចម្រើន ។ បន្ទាប់មក នៅក្នុងឆ្នាំទី 66 នៃរជ្ជកាលនៃចៅក្រម នោះមានមេចៅក្រមពីររូបត្រូវបានគេធ្វើឃាត ។ សូមឲ្យសិស្សម្នាក់អាន ហេលេមិន 6:16–17 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលឥរិយាបថ និងសកម្មភាពបន្ថែមទៀតដែលបណ្ដាលមកឲ្យព្រះវិញ្ញាណចាកចេញពីសាសន៍នីហ្វៃ ។ នៅពេលសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ សូមឲ្យសិស្សម្នាក់សរសេរចម្លើយរបស់គេនៅពាក់កណ្ដាលខាងក្រោមនៃក្ដារខៀន នៅក្រោម ឬនៅក្បែរសញ្ញាព្រួញចុះក្រោម ។
សូមចែកចាយការពិតខាងក្រោមដល់សិស្សរបស់អ្នក ៖
បេះដូងមានសារសំខាន់ដល់ការរស់នៅខាងរាងកាយរបស់យើង ។ វាបូមឈាមតាមរយៈរាងកាយយើង ដើម្បីអុកស៊ីសែន និងជីវជាតិផ្សេងទៀតអាចទៅកាន់កោសិការបស់យើងទាំងអស់ ។ ដោយមានទំហំប្រហែលប៉ុនកណ្ដាប់ដៃ បេះដូងរបស់មជ្ឈិមវ័យបូមឈាមជាមធ្យម 7,570 លីត្រប្រចាំថ្ងៃ ។ បេះដូងលោតប្រហែល 70 ដងក្នុងមួយនាទី ឬប្រហែល 100,000 ដងក្នុងមួយថ្ងៃ ។
-
ដោយដឹងពីលក្ខណៈដ៏សំខាន់នៃបេះដូងក្នុងរាងកាយរបស់អ្នក តើអ្នកនឹងសុខចិត្តធ្វើអ្វីខ្លះដើម្បីរក្សាបេះដូងឲ្យមានសុខភាពល្អ ?
សូមសរសេរសេចក្ដីយោងព្រះគម្ពីរខាងក្រោមនៅលើក្ដារខៀន ៖ ហេលេមិន 6:17, 21, 26, 28–31 ។ សូមបង្ហាញថា ខគម្ពីរនីមួយៗនៅក្នុងសេចក្ដីយោងនេះប្រើពាក្យ ចិត្ត ឬដួងចិត្ត, សំដៅលើបេះដូងខាងវិញ្ញាណរបស់យើង ។ សូមឲ្យសិស្សមានពេលសិក្សាខគម្ពីរទាំងនេះ និងសញ្ជឹងគិតដល់ចម្លើយចំពោះសំណួរខាងក្រោម ។ ( ដើម្បីចំណេញពេល សូមសរសេរសំណួរទាំងនេះនៅលើក្ដារខៀន មុនចាប់ផ្ដើមថ្នាក់ ឬរៀបចំវាជាក្រដាសចែកដល់សិស្ស ខណៈសិស្សសិក្សាខគម្ពីរទាំងនេះដែលបានសរសេរនៅលើក្ដារខៀន ) ។
សូមឲ្យសិស្សពីរបីនាក់ឆ្លើយនឹងសំណួរ ។ បន្ទាប់មកសូមឲ្យសិស្សម្នាក់អានឮៗនូវសេចក្ដីថ្លែងការណ៍ដោយប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកដប់សាវកពីរនាក់ ។ សូមឲ្យសិស្សស្ដាប់រកមើលដោយប្រុងប្រយ័ត្ននូវរបៀបដែលសាតាំងព្យាយាមល្បួងចិត្តយើង ។
« វាអាចមានវិវរណៈក្លែងបន្លំ ការបំផុសគំនិតមកពីអារក្ស ការល្បួង ! ដរាបណាអ្នកនៅរស់ ទោះតាមរបៀបមួយណាក្ដី មារសត្រូវនឹងព្យាយាមដឹកនាំអ្នកឲ្យវង្វេង ។ …
« ប្រសិនបើអ្នកធ្លាប់ទទួលបានការបំផុសគំនិតមួយឲ្យធ្វើអ្វីមួយដែលធ្វើឲ្យអ្នក មានអារម្មណ៍ ថាមិនស្រណុកក្នុងចិត្ត អ្វីមួយដែលអ្នកដឹងនៅក្នុង គំនិតរបស់អ្នកថាខុស ហើយផ្ទុយទៅនឹងគោលការណ៍នៃសេចក្ដីសុចរិត សូមកុំឆ្លើយតបនឹងវា ! » ( « Personal Revelation: The Gift, the Test, and the Promise » Ensign ខែ វិច្ឆិកា ឆ្នាំ 1994 ទំព័រ 61 ) ។
សូមបន្ថែម ការស្ដាប់តាម និងការចុះចាញ់ការល្បួង ទៅលើបញ្ជីនៅពាក់កណ្ដាលក្ដារខៀនខាងក្រោម ។ សូមឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗក្នុង ហេលេមិន 6:20–21, 37–38 ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលប្រតិកម្មខុសគ្នារវាងសាសន៍លេមិន និងសាសន៍នីហ្វៃចំពោះឥទ្ធិពលនៃពួកចោរកាឌីអានតុន ។
សូមប្រាប់សិស្សថា ក្រោយពីមរមនបានកត់ត្រាអ្វីដែលបានកើតឡើងដល់សាសន៍នីហ្វៃ និងសាសន៍លេមិនហើយ គាត់បានបង្ហាញពីមេរៀនដែលយើងអាចរៀនពីបទពិសោធន៍របស់ពួកគេ ។ សូមសរសេរប្រយោគមិនពេញលេញខាងក្រោមនៅលើក្ដារខៀន ៖
សូមឲ្យសិស្សអាន ហេលេមិន 6:34–36 ដោយរកមើលព័ត៌មានដែលនឹងជួយពួកគេឲ្យបំពេញប្រយោគនៅលើក្ដារខៀន ។
-
ដោយផ្អែកលើអ្វីដែលអ្នកបានអាននៅក្នុងខគម្ពីរទាំងនេះ តើអ្នកនឹងបំពេញប្រយោគទាំងឡាយនៅលើក្ដារខៀនដោយរបៀបណា ? ( អ្នកអាចបំពេញប្រយោគទាំងឡាយនៅលើក្ដារខៀនដោយប្រើចម្លើយរបស់សិស្ស ) ។
-
តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះអំពីអ្វីដែលយើងអាចធ្វើដើម្បីទទួលបានព្រះវិញ្ញាណគង់នៅជាមួយនឹងយើង? ( ទោះបីជាសិស្សអាចមានចម្លើយខុសគ្នាច្រើនក្ដី សូមប្រាកដថាពួកគេបង្ហាញថា នៅពេលយើងជឿ ហើយគោរពតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ទ្រង់នឹងស្រោចព្រះវិញ្ញាណរបស់ទ្រង់មកលើយើង ។ សិស្សក៏គួរបង្ហាញថា នៅពេលយើងអនុញ្ញាតឲ្យសាតាំងក្ដាប់ដួងចិត្តរបស់យើងបាន នោះព្រះវិញ្ញាណនៃព្រះអម្ចាស់នឹងដកថយចេញពីយើង ) ។
សូមទាញចំណាប់អារម្មណ៍របស់សិស្សទៅលើបញ្ជីដែលពួកគេបានសរសេរនៅខាងលើ និងនៅខាងក្រោមសញ្ញាព្រួញនៅលើក្ដារខៀន ។ សូមបង្ហាញថា សកម្មភាព និងឥរិយាបថនៅពាក់កណ្ដាលខាងលើនៃក្ដារខៀនតំណាងឲ្យឆន្ទៈជឿលើ ហើយគោរពតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ខណៈដែលសកម្មភាព និងឥរិយាបថនៅពាក់កណ្ដាលខាងក្រោមនៃក្ដារខៀនតំណាងឲ្យអំពើទុច្ចរិត និងដួងចិត្តរឹងរូស ។
-
តើអ្នកកំពុងធ្វើអ្វីខ្លះ ដើម្បីអញ្ជើញព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធមកក្នុងជីវិតរបស់អ្នក ហើយធ្វើឲ្យឥទ្ធិពលរបស់សាតាំងនៅក្រៅដួងចិត្តរបស់អ្នក ?
-
តើការធ្វើសកម្មភាពមួយនៅលើពាក់កណ្ដាលខាងលើនៃក្ដារខៀនបានជួយអញ្ជើញព្រះវិញ្ញាណបរិសុទ្ធមកក្នុងជីវិតរបស់អ្នកដោយរបៀបណា ? ( អ្នកក៏អាចសុំឲ្យសិស្សសញ្ជឹងគិតថាតើពួកគេបានធ្វើសកម្មភាពណាខ្លះ ឬបានប្រកាន់យកឥរិយាបថណាខ្លះដែលបានសរសេរនៅលើពាក់កណ្ដាលខាងក្រោមនៃក្ដារខៀន ហើយគិតពីរបៀបដែលវានឹងមានលទ្ធផលធ្វើឲ្យចុះខ្សោយនូវព្រះចេស្ដានៃព្រះវិញ្ញាណនៅក្នុងជីវិតរបស់ពួកគេ ) ។
សូមឲ្យសិស្សសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេអំពីអ្វីមួយដែលពួកគេនឹងធ្វើដើម្បីអញ្ជើញព្រះវិញ្ញាណនៃព្រះអម្ចាស់មកក្នុងជីវិតរបស់ពួកគេ ។ សូមលើកទឹកចិត្តពួកគេឲ្យធ្វើតាមគោលដៅរបស់ពួកគេ ។
ហេលេមិន 7
នីហ្វៃបង្រៀនដល់សាសន៍នីហ្វៃទុច្ចរិតទាំងឡាយ ហើយបញ្ជាពួកគេឲ្យប្រែចិត្ត
សម្រាប់សំណួរនីមួយៗដូចមានខាងក្រោមនេះ សូមឲ្យសិស្សប្រើព្រះគម្ពីររបស់ពួកគេដើម្បីស្វែងរកចម្លើយឲ្យបានលឿនតាមដែលពួកគេអាចធ្វើទៅបាន ។ សូមណែនាំពួកគេឲ្យឈរ នៅពេលពួកគេបានរកឃើញចម្លើយ ។ សូមហៅសិស្សដែលក្រោកឈរមុនគេឆ្លើយនឹងសំណួរនីមួយៗ ។ បន្ទាប់មក សូមឲ្យសិស្សអង្គុយចុះមុនពេលអ្នកអានសំណួរបន្ទាប់ទៀត ។
-
យោងតាម ហេលេមិន 7:1 តើព្យាការីឈ្មោះអ្វីដែលបានត្រឡប់មកពីដែនដីភាគខាងជើងវិញ ?
-
តើឃ្លាមួយណានៅក្នុង ហេលេមិន 7:2 ពិពណ៌នាពីអ្វីដែលនីហ្វៃបានបង្រៀនប្រជាជននៅក្នុងដែនដីភាគខាងជើង ?
-
យោងតាម ហេលេមិន 7:3 ហេតុអ្វីបានជានីហ្វៃបានចាកចេញពីដែនដីទៅភូមិភាគខាងជើង ?
-
យោងតាម ហេលេមិន 7:4 តើនរណាដែលបានទទួលតំណែងជាចៅក្រមនៅពេលនីហ្វៃបានត្រឡប់ទៅកាន់ដែនដីសារ៉ាហិមឡាវិញ ?
សូមឲ្យសិស្សម្នាក់អាន ហេលេមិន 7:5 ឮៗហើយសូមឲ្យសិស្សក្នុងថ្នាក់រកមើលរបៀបដែលពួកចោរកាឌីអានតុនបានគ្រប់គ្រងប្រជាជន ។
សូមសង្ខេប ហេលេមិន 7:6–12 ដោយការពន្យល់ថា នៅពេលនីហ្វៃបានឃើញស្ថានភាពប្រជាជនរបស់លោក « នោះចិត្តលោកបានពោរពេញទៅដោយសេចក្ដីព្រួយនៅក្នុងទ្រូងលោក » ( ហេលេមិន 7:6 ) ។ លោកបានទៅលើប៉មក្នុងសួនច្បាររបស់លោកដើម្បីអធិស្ឋាន ហើយបានទួញយំដោយសារអំពើទុច្ចរិតរបស់ប្រជាជន ។ នៅពេលប្រជាជនបានឮលោកអធិស្ឋាន ហើយទួញយំ នោះមានមនុស្សជាច្រើនបានប្រមូលគ្នាចង់ដឹងពីមូលហេតុដែលលោកបានក្រៀមក្រំយ៉ាងនេះ ។ លោកបានប្រើឱកាសនេះដើម្បីបង្រៀនដល់ពួកគេ ។
សូមឲ្យសិស្សអាន ហេលេមិន 7:15–16 ដោយស្ងៀមស្ងាត់ ។
-
ហេតុអ្វីបានជានីហ្វៃនិយាយថាប្រជាជន « ត្រូវតែមានចិត្តអស្ចារ្យ » ?
-
តើសាតាំងចង់បានអ្វី ?
សូមឲ្យសិស្សឈប់បន្ដិច ហើយគិតអំពីរូបភាពដែលនីហ្វៃបានប្រើ ។ ក្រោយពីសាតាំងបានក្ដាប់ដួងចិត្តរបស់ប្រជាជនហើយ នោះវាចង់ទាញទម្លាក់ព្រលឹងរបស់ពួកគេចុះទៅក្នុងភាពវេទនាដ៏អស់កល្ប ។
-
តើអ្នកគិតថា ហេតុអ្វីបានជានីហ្វៃបានព្រមានប្រជាជនអំពីបំណងរបស់សាតាំង ? តើនីហ្វៃចង់ឲ្យពួកគេចៀសចេញពីអ្វី ?
សូមឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗពី ហេលេមិន 7:17–22, 26–28 ។ សូមឲ្យសិស្សពាក់កណ្ដាលថ្នាក់រកមើលអំពើបាបរបស់សាសន៍នីហ្វៃ ហើយសូមឲ្យសិស្សពាក់កណ្ដាលថ្នាក់ទៀតរកមើលផលវិបាកដែលនីហ្វៃបានព្រមានថានឹងកើតឡើង ប្រសិនបើប្រជាជនមិនព្រមប្រែចិត្តទេនោះ ។
នៅពេលសិស្សពាក់កណ្ដាលថ្នាក់ដំបូងរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញហើយ សូមបង្ហាញពីភាពស្រដៀងគ្នាទៅនឹងអ្វីដែលបានសរសេរនៅពាក់កណ្ដាលខាងក្រោមនៃក្ដារខៀន ។ នៅពេលសិស្សពាក់កណ្ដាលទៀតរៀបរាប់ សូមសួរសំណួរខាងក្រោមនេះ ៖
-
តើឃ្លាអ្វីខ្លះនៅក្នុង ហេលេមិន 7:22 ដែលបង្ហាញពីអ្វីមួយដែលព្រះអម្ចាស់ដកយកពីអ្នកទាំងឡាយណាដែលមិនព្រមប្រែចិត្តនោះ ? ( អ្នកអាចស្នើសុំឲ្យសិស្សគូសចំណាំឃ្លានេះនៅក្នុងព្រះគម្ពីររបស់គេ ) ។
-
យោងតាម ហេលេមិន 7:28 តើមានអ្វីខ្លះកើតឡើងនៅពេលប្រជាជនបដិសេធមិនព្រមប្រែចិត្តនោះ ? ( ពួកគេនឹងត្រូវវិនាសបង់ ។ អ្នកអាចពន្យល់ថា នៅក្នុងករណីរបស់សាសន៍នីហ្វៃ ការមិនព្រមប្រែចិត្តរបស់ពួកគេមានន័យថា ពួកគេនឹងត្រូវវិនាសបង់ទាំងខាងរាងកាយ និងខាងវិញ្ញាណ ) ។
សូមសរសេរសេចក្ដីពិតខាងក្រោមនៅលើក្ដារខៀន ៖ ប្រសិនបើយើងមិនព្រមប្រែចិត្តពីអំពើបាបរបស់យើងទេ នោះយើងនឹងបាត់បង់ការការពារពីព្រះអម្ចាស់ និងពរជ័យទាំងឡាយនៃជីវិតដ៏នៅអស់កល្បជានិច្ច ។
ដើម្បីជួយសិស្សឲ្យយល់ពីគោលការណ៍នេះ សូមឲ្យពួកគេពន្យល់ពីផលវិបាកដែលអាចកើតដល់ប្រជាជននៅក្នុងស្ថានភាពខាងក្រោម៖ (1) យុវជនម្នាក់មិនព្រមសារភាពពីការញៀននឹងរឿងអាសអាភាសរបស់គាត់ឡើយ (2) អាទិភាពដ៏សំខាន់របស់យុវនារីម្នាក់គឺត្រូវក្លាយជាអ្នកល្បីល្បាញ ហើយមានប្រជាប្រិយភាពម្នាក់ ទោះបីជាឪពុកម្ដាយនាងបានបង្រៀននាងរឿងផ្សេងពីនេះក្ដី (3) ទោះបីជាគាត់បានស្ដាប់តាមការបង្រៀនរបស់ព្យាការីឲ្យធ្វើការសិក្សាស្រាវជ្រាវព្រះគម្ពីរ ហើយអធិស្ឋានក្ដី ក៏យុវជនម្នាក់បដិសេធមិនព្រមធ្វើដូច្នោះដែរ ។
សូមឲ្យសិស្សសញ្ជឹងគិតអំពីរបៀបដែលពួកគេអាចត្រូវប្រែចិត្ត ។ សូមលើកទឹកចិត្តពួកគេឲ្យប្រែចិត្ត ដើម្បីឲ្យពួកគេអាចមានកម្លាំង និងការការពារពីព្រះអម្ចាស់នៅក្នុងជីវិតរបស់គេជានិច្ច ។