បណ្ណាល័យ
មេរៀនទី 110 ៖ ហេលេមិន 8–9


មេរៀនទី 110

ហេលេមិន 8–9

សេចក្តី​ផ្ដើម

ក្រោយពី​នីហ្វៃ​បាន​ប្រកាសឲ្យប្រជាជន​​ត្រូវ​តែ​ប្រែចិត្ត បើ​មិន​ដូច្នោះ​ទេ​ពួកគេ​នឹង​ត្រូវ​បំផ្លាញ នោះ​ចៅក្រម​ពុករលួយ​ជាច្រើន​ចាក់រុក​ប្រជាជន​ជាច្រើន​ឲ្យ​ប្រឆាំង​ទាស់​នឹង​គាត់ ។ ប្រជាជន​ខ្លះ​ការពារ​គាត់​យ៉ាងដាច់ខាត ។ នីហ្វៃ​បាន​បង្រៀន​ថា ប្រជាជន​ដែល​បដិសេធ​សាក្សី​របស់​គាត់​ក៏​បាន​បដិសេធ​នូវ​ទីបន្ទាល់​ទាំងឡាយ​នៃ​ព្យាការី​ទាំងឡាយ​ដែល​បាន​រស់នៅ​ពី​មុន​គាត់​ដែរ ព្យាការី​ទាំងអស់​នោះ​បាន​ធ្វើទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ដើម្បី​បង្ហាញ​ថាគាត់​គឺជា​ព្យាការី​ម្នាក់ នីហ្វៃ​បាន​លាតត្រដាង​ថា មេចៅក្រម​ត្រូវបាន​គេ​ធ្វើ​ឃាត ។ នៅពេ​ល​សម្ដី​របស់​នីហ្វៃ​ត្រូវបាន​បញ្ជាក់ ប្រជាជន​ខ្លះ​ទទួល​ស្គាល់​គាត់​ថា​ជា​ព្យាការី​ម្នាក់ ។

យោបល់​សម្រាប់​ការបង្រៀន

ហេលេមិន 8:1–10

ចៅក្រុម​ពុករលួយ​ទាំងឡាយ​មាន​បំណង​ចាក់រុក​ប្រជាជន​ឲ្យ​ប្រឆាំង​នឹង​នីហ្វៃ

  • តើ​ឥទ្ធិពលមួយចំនួន​​ដែល​ព្យាយាម​បញ្ចុះបញ្ចូល​អ្នក​មិន​ឲ្យ​ជឿ​លើ​ពាក្យសម្ដី​របស់​ព្យាការីនោះ​មាន​អ្វីខ្លះ ?

នៅពេល​សិស្ស​ពិភាក្សា​សំណួរ​នេះ សូម​ឲ្យ​សិស្ស​ម្នាក់​សរសេរ​ចម្លើយ​របស់​ពួក​គេ​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​រកមើល​ទីសម្គាល់​អំពី​អ្វី​ដែល​ពួកគេ​គួរ​ធ្វើ នៅពេល​ពួកគេ​ជួប​នឹង​ឥទ្ធិពល​ដូច​ដែល​ពួកគេ​នឹង​អាន​នៅក្នុង ហេលេមិន 8 នា​ពេល​សព្វថ្ងៃ​នេះ ។

សូម​រំឭក​សិស្ស​ថា នីហ្វៃ​បាន​ថ្លែង​សារលិខិត​​នៃ​ការប្រែចិត្តដ៏​​ដោយ​ម៉ឺងម៉ាត់​មួយ​ដល់​ប្រជាជន​របស់​គាត់ ( សូមមើល ហេលេមិន 7 ) ។ សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ប្ដូរវេនគ្នា​អាន​ឮៗ​ពី ហេលេមិន 8:1–6 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​ពី​របៀបដែល​ចៅក្រម​មាន​ប្រតិកម្ម​ទៅនឹង​ការបង្រៀន​របស់​នីហ្វៃ ។ អ្នក​អាច​បង្ហាញ​ថា ចៅក្រម​ខ្លះ​ជា​បក្សពួក​នៃ​ក្រុមសម័្ពន្ធ​សម្ងាត់​ពួកចោរ​កាឌីអានតុន ។

  • តើ​​សារលិខិត​របស់​ចៅក្រម​ទៅកាន់​ប្រជាជន​មានអ្វីខ្លះ ? ( ពួកគេ​បាន​ព្យាយាម​បញ្ចុះបញ្ចូល​ប្រជាជន​ឲ្យ​ខឹង​នឹង​នីហ្វៃ ) ។

  • យោងតាម ហេលេមិន 8:4, តើ​ហេតុអ្វីបានជា​ចៅក្រម​មិន​ដាក់ទោស​នីហ្វៃ ?

សូម​ឲ្យ​សិស្ស​គិត​អំពី​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ ប្រសិនបើ​មាន​នរណាម្នាក់​ព្យាយាម​បញ្ចុះបញ្ចូល​ពួកគេ​​មិនឲ្យ​​ស្ដាប់​តាម​ពាក្យសម្ដី​របស់​ព្យាការី ។

សូម​ប្រាប់​សិស្ស​ថា ប្រជាជន​ខ្លះ​បាន​និយាយ​ប្រឆាំង​នឹង​គំនិត​របស់​ចៅក្រម ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន ហេលេមិន 8:7–9 ឮៗ ។ សូម​បង្ហាញ​ថា ដូចជា​ប្រជាជន​ខ្លះ​នៅក្នុង​ហ្វូងមនុស្ស​នោះ​ដែរ យើង​អាច​បង្កើន​សំឡេង​របស់​យើង​ដើម្បី​គាំទ្រ​ព្យាការី ទោះបីជា​នៅពេល​ដែល​វា​ជា​រឿងដែល​គេ​​មិន​សូវនិយម​ធ្វើ​ក៏ដោយ ។

  • ​នៅក្នុង​ជីវិត​របស់​អ្នក តើ​​អ្នកធ្លាប់បាន​​តំឡើង​សំឡេង​របស់​អ្នក​គាំទ្រ​ព្យាការី​ដែល​កំពុង​រស់នៅ​ដែរឬទេ ទោះបីជា​ការបង្រៀន​របស់​គាត់​មិន​មាន​ប្រជាប្រិយភាពក្ដី​នោះ ? តើ​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​យ៉ាងណា​នៅក្នុង​ជីវិត​របស់​អ្នក ? តើ​វា​ជះឥទ្ធិពល​ដល់​អ្នកដទៃ​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​អាន ហេលេមិន 8:10 ដោយស្ងៀម​​ស្ងាត់​ដើម្បី​រកមើល​ពី​របៀប​ដែល​ពាក្យសម្ដី​របស់​ប្រជាជន​ទាំងនេះ​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា ។

  • តើ​មាន​ភាពខុសគ្នា​យ៉ាងណា នៅពេល​ប្រជាជន​ខ្លះ​បាន​គាំទ្រ​ដល់​ព្យាការី​នោះ ? តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​វា​សំខាន់​សម្រាប់​យើង​ដើម្បី​ធ្វើ​រឿងបែបនេះ​ក្នុងពេល​​​សព្វថ្ងៃ ?

សូម​ឲ្យសិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ អិម រ័សុល បាឡឺដ នៃ​កូរ៉ុមនៃពួកសាវក​ដប់ពីរនាក់ ៖

អែលឌើរ អិម រ័សុល បាឡឺដ

« យើង​ត្រូវ​ចាំ​ដល់​សម្ដី​របស់​អេដមុន បួក ថា ៖ ‹ រឿង​ចាំបាច់​តែមួយគត់​​សម្រាប់​ជោគជ័យរបស់​អំពើអាក្រក់​នោះគឺធ្វើ​ឲ្យ​មនុស្ស​ល្អ​មិន​​ធ្វើ​អ្វីទាំងអស់ › ។ [ Attributed in John Bartlett, comp., Familiar Quotations, 15th ed. ( ឆ្នាំ 1980 ), Ix ។ ] យើង​ត្រូវ​បន្លឺ​សំឡេង​របស់​យើង​ជាមួយ​នឹង​ពលរដ្ឋ​ដទៃទៀតនៅ​​ទូទាំង​ពិភពលោកដែលខ្វល់ខ្វាយ ​ដើម្បី​ប្រឆាំង​នឹង​និន្នាការ​នាពេល​ថ្មីៗ​នេះ ។ យើង​ត្រូវ​ប្រាប់​អ្នកឧបត្ថម្ភ​ការចាក់ផ្សាយ​ដ៏​មិន​ល្អ​ទាំងឡាយ​ថា យើង​ទទួល​បាន​គ្រប់គ្រាន់ហើយ ។ យើង​ត្រូវ​គាំទ្រ​កម្មវិធី និង​ការផលិត​ដែល​វិជ្ជមាន និង​លើកតម្កើង ។ ដោយចូលរួម​ជាមួយ​គ្នា​នឹង​អ្នកជិតខាង និង​មិត្តភក្ដិ​ដែល​ចែកចាយ​ពី​ការខ្វាយខ្វល់​ទាំងឡាយ យើង​អាច​ផ្ញើ​សារលិខិត​ដ៏​ច្បាស់​មួយ​ទៅដល់​អ្នកដែល​ទទួលខុសត្រូវ » ( « Let Our Voices Be Heard » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2003 ទំព័រ 18 ) ។

  • តើ​យើង​អាច​ប្រឆាំង​នឹង​ឥទ្ធិពល​ដែល​មាន​បំណង​បញ្ចុះបញ្ចូល​យើង​ឲ្យ​ប្រឆាំង​នឹង​ពាក្យសម្ដី​របស់​ព្យាការី​ដោយ​របៀបណា ?

  • តើ​មាន​របៀប​ដ៏​សមរម្យ​ណាខ្លះ​ដើម្បី​និយាយ​ប្រឆាំង​នឹង​ឥទ្ធិពល​អាក្រក់ និង​គាំទ្រ​ដល់​ពាក្យសម្ដី​របស់​ព្យាការី ?

សូម​ឲ្យ​សិស្ស​ប្រាប់​ពី​ពេល​មួយ​ដែល​ពួកគេ ឬ​នរណាម្នាក់​ដែល​គេ​ស្គាល់​បាន​ក្រោកឈរ​ឡើង​ប្រឆាំង​នឹង​ឥទ្ធិពល​បែប​នោះ ។

ហេលេមិន 8:11–24

ហេលេមិន​បង្រៀន​ថា ព្យាការី​ទាំងអស់​ថ្លែងទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ហេលេមិន 8:13 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ហើយ​រកមើល​អ្វី​ដែល​នីហ្វៃ​បាន​និយាយ​ថា​ប្រជាជន​បាន​បដិសេធ ។ សូម​បង្ហាញ​សិស្ស​​រូបភាព​ម៉ូសេ និង​សត្វ​ពស់​លង្ហិន ( 62202 សៀវភៅ​រូបភាព​ដំណឹងល្អ [ ឆ្នាំ 2009 ] លេខកូដ 16 ) ។ សូម​ឲ្យ​ពួកគេ​អាន ហេលេមិន 8:14–15 ហើយ​រកមើល​អ្វី​ដែល​ម៉ូសេ​បាន​បង្រៀន​អំពី​ព្រះអង្គ​សង្គ្រោះ ។

ម៉ូសេ និង​សត្វ​ពស់​លង្ហិន
  • តើ​មាន​របៀបអ្វី​ខ្លះ ដែល​បុគ្គល​ម្នាក់​អាច « នឹង​សម្លឹង​មើល​ទៅ​ព្រះរាជបុត្រា​នៃ​ព្រះ​ដោយ​នូវ​សេចក្ដីជំនឿ » ?

  • ដើម្បី​មាន « វិញ្ញាណ​ទន់ទាប » ដូចដែល​បាន​បង្ហាញ​នៅក្នុង ហេលេមិន 8:15 គឺ​ត្រូវ​បន្ទាបខ្លួន ប្រែចិត្ត ហើយ​ទទួល​យក​តាម​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ ។ ហេតុអ្វីបានជា​ឥរិយាបថ​នេះ​សំខាន់ នៅពេល​យើង​សម្លឹង​មើល​ទៅ​ព្រះអង្គ​សង្គ្រោះ ?

  • តើ​ការដឹង​ពី​បេសកកម្ម​របស់​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​យើង​ឲ្យ​ប្រឆាំង​នឹង​អំពើអាក្រក់បាន​​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​និយាយ​ការបង្រៀន​នៅក្នុង ហេលេមិន 8:15 ម្ដង​ទៀត ដោយ​និយាយ​ពី​សម្ដី​ខ្លួន​ឯង ។ ឧទាហរណ៍ ពួកគេ​អាច​និយាយ​ថា ប្រសិនបើ​យើង​ផ្ដោតទៅលើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​អនុវត្ត​សេចក្តីជំនឿ​ទៅលើ​ទ្រង់ យើង​នឹង​ទទួល​បាន​ជីវិតដ៏នៅអស់កល្បជានិច្ច ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ហេលេមិន 8:16 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​អ្នក​ផ្សេង​ទៀត​ដែល​បាន​បង្រៀន​នូវ​សារលិខិត​ដែល​បាន​បង្ហាញ​នៅក្នុង ហេលេមិន 8:15 ។ ហើយ​បន្ទាប់មក សូម​ឲ្យ​សិស្ស​សិក្សា​ត្រួសៗ​ក្នុង ហេលេមិន 8:17–22 រកមើល​ឈ្មោះ​នៃ​ព្យាការី​ផ្សេង​ទៀត​ដែល​បាន​ថ្លែងទីបន្ទាល់​អំពី​ព្រះគ្រីស្ទ ។ សូម​ឲ្យ​សិស្ស​ពិចារណា​ពី​ទីបន្ទាល់​ជាច្រើន​អំពី​ព្រះយេស៊ូវគ្រីស្ទ ដែល​ពួកគេ​បាន​អាន ឬ​បាន​ឮ​ពី​ព្យាការី​ពី​បុរាណ និង​ព្យាការី​ថ្ងៃ​ចុងក្រោយ​ទាំងឡាយ ។

សូម​ពន្យល់​ថា មនុស្ស​ជាច្រើន​បាន​បដិសេធ​នីហ្វៃ និង​សារលិខិត​របស់​គាត់ ។ សូម​ឲ្យ​សិស្ស​អាន ហេលេមិន 8:24–26 ហើយ​រកមើល​ផលវិបាក​​ដែល​សាសន៍​នីហ្វៃ​បាន​ជួប ដោយសារ​ពួកគេ​បាន​បដិសេធ​ទីបន្ទាល់​របស់​ព្យាការី​ទាំងឡាយ ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​អ្នកទាំងឡាយ​ដែល​បដិសេធន​សេចក្ដីពិត​ ហើយ​​បះបោរ​ប្រឆាំង​នឹង​ព្រះម្ដង​ហើយ​ម្ដងទៀត​​ជួប​នឹងផលវិបាក​ដ៏​ធ្ងន់ធ្ងរ​បែបនេះ ?

  • តើ​​សារលិខិត​របស់​ព្យាការី​បាន​ជួយ​អ្នក​ឲ្យងាក​មករក​ព្រះអម្ចាស់​វិញ​នៅពេលណា ?

សូម​ឲ្យ​សិស្ស​សញ្ជឹងគិត​ពី​របៀប​ដែល​ពួកគេ​អាច​ខិតខំ​បន្ថែមទៀត​ដើម្បី​ងាក​មក​រក​ព្រះអង្គសង្គ្រោះ​វិញ ។ សូម​លើក​ទឹកចិត្ត​​ពួកគេ​ឲ្យ​ផ្ដោតលើ​របៀប​មួយ​ដែល​ពួកគេ​នឹង​កែលម្អ​​នៅក្នុង​សប្ដាហ៍​ក្រោយ ។

ហេលេមិន 8:25–9:41

នីហ្វៃ​បង្ហាញ​ថា មេចៅក្រមត្រូវ​បាន​ធ្វើ​ឃាត

សូម​សង្ខេប ហេលេមិន 8:25–28 ដោយ​ការពន្យល់​ថា ជា​ភស្ដុតាង​ថា ប្រជាជន​ស្ថិតនៅក្នុង​ស្ថានភាព​ដ៏​មាន​បាប​មួយ ហើយ​ថា​នីហ្វៃ​បាន​និយាយ​ប្រាប់​ពី​ព្រះបន្ទូលព្រះ នោះ​នីហ្វៃ​បាន​បង្ហាញ​ថា មេចៅក្រម​ត្រូវបាន​គេ​ធ្វើ​ឃាត ។ សូម​ចាត់​សិស្ស​ជា​ដៃគូ ។ សូម​ឲ្យ​ដៃគូ​នីមួយៗ​ស្រមៃ​ថា ពួកគេ​ជា​អ្នកស៊ើប​អង្កេត​ម្នាក់​លើ​ករណី​នេះ ដើម្បី​រកមើល​ ហើយ​សម្រេចចិត្ត​​ថា​តើ​នរណា​ជា​អ្នក​សម្លាប់​មេចៅក្រម ។ សូម​សរសេរ​សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន ឬ​បញ្ចូល​វា​នៅលើ​ក្រដាស​​សម្រាប់​ចែក​ឲ្យ​​ដៃគូ​នីមួយៗ ។

ថ្ងៃទីមួយ​នៃ​ការស៊ើបអង្កេត ៖

  1. នៅពេល​មនុស្ស​ប្រាំ​នាក់​បាន​​ស៊ើបអង្កេត​លើ​ការប្រកាស​​របស់​នីហ្វៃ តើ​ពួកគេ​បាន​រកឃើញ​អ្វីខ្លះ ? ​ហេតុអ្វីបានជា​ពួកគេ​បាន​ដួល​ទៅលើ​ដី ? ( សូមមើល ហេលេមិន 9:1–5 ) ។

  2. តើ​​ប្រជាជន​សង្ស័យ​ថា​នរណា​ជា​ឃាតករ ? ( សូមមើល ហេលេមិន 9:7–9 ) ។

ថ្ងៃទីពីរ​នៃ​ការស៊ើបអង្កេត ៖

  1. តើ​នរណា​​ត្រូវ​បានគេ​ដោះលែង ? ( សូមមើល ហេលេមិន 9:10–13, 18 ) ។.

  2. តើ​នរណា​ត្រូវ​បាន​ចោទប្រកាន់ ? ( សូមមើល ហេលេមិន 9:16–17, 19 ) ។

  3. តើ​ព័ត៌មាន​បន្ថែម​អ្វីខ្លះ​ដែល​នីហ្វៃ​បាន​ចែកចាយ ? ( សូមមើល ហេលេមិន 9:25–36 ) ។

  4. តើ​នរណា​ជា​ឃាតករ ? ( សូមមើល ហេលេមិន 9:37–38 ) ។

សូម​ឲ្យ​ដៃគូ​ស្វែងរក​ចម្លើយ​នៅ​ក្នុង​​សំណួរ​ទី 1 និង​ទី 2 ។ នៅពេល​ពួកគេ​មាន​ពេល​គ្រន់គ្រាន់​ហើយ សូម​សួរ ៖

  • នៅពេល​បុរស​ទាំងប្រាំនាក់​នោះ​បាន​​រកឃើញ​ឃាតករ​ដែល​សម្លាប់​មេចៅក្រម តើ​ពួកគេ​ជឿ​លើ​អ្វី ? តើ​ពួកគេ​ភ័យខ្លាច​អ្វី ? ( សូមមើល ហេលេមិន 9:5 ) ។

សូម​ឲ្យ​ដៃគូ​ឆ្លើយ​​សំណួរ​ទាំងអស់​ដើម្បី​បំពេញ​ការស៊ើបអង្កេត​របស់​គេ ។ រួច​​សួរថា ៖

  • យោង​តាម​នីហ្វៃ តើ​ស៊ីអានទុម​បាន​​និយាយ​អ្វីខ្លះ​ ក្រោយពី​ការសារភាព​កំហុស​របស់ខ្លួន​មក ? ( សូម​មើល ហេលេមិន 9:36 ) ។

  • យោងតាម ហេលេមិន 9:39–41​ហេតុអ្វី​បាន​ជា​មនុស្ស​ខ្លះ​ជឿ​តាម​នីហ្វៃ ?

សូម​ឲ្យ​សិស្ស​សង្ខេប​ពី​អ្វី​ដែល​ពួកគេ​បាន​រៀននៅ​ក្នុង​ ហេលេមិន 9 អំពី​ពាក្យសម្ដី​របស់​ព្យាការី ។ សិស្ស​អាច​បង្ហាញ​គំនិតជាច្រើន​​ខុសៗគ្នា ប៉ុន្ដែ​សូម​ប្រាកដ​ថា ពួកគេ​រកឃើញ​នូវ​គោលការណ៍​ខាងក្រោម ៖ ពាក្យ​សម្ដី​របស់​ព្យាការី​នឹង​ត្រូវបាន​បំពេញ ។ ដើម្បី​បញ្ជាក់ពី​​សេចក្ដីពិត​នេះ អ្នក​អាច​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្តីសញ្ញា 1:37–38 ។

  • តើ​បទពិសោធន៍​អ្វី​ខ្លះ​ដែល​បាន​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​ថា យើង​មាន​ព្យាការី​នៅលើ​ផែនដី​សព្វថ្ងៃ​នេះ ?

សូម​បញ្ចប់​ជាមួយ​នឹង​​ទីបន្ទាល់​របស់​អ្នក​ថា ពាក្យសម្ដី​ព្យាការី​នឹង​ត្រូវ​បាន​បំពេញ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

ហេលេមិន 8:14–15 ។ « សត្វ​ពស់​លង្ហិន »

នៅពេល​នីហ្វៃ​បាន​និយាយ​អំពី​ម៉ូសេ​ដែល​បាន​លើក « សត្វពស់​លង្ហិន » ឡើង នោះ​លោក​បាន​សំដៅ​ទៅ​លើគ្រា​​មួយ​ដែល​កូនចៅ​អ៊ីស្រាអែល​ត្រូវ​បាន​ញាំញី​ដោយ « ពស់​ភ្លើង » ( សូមមើល ជនគណនា 21:6–9 សូម​ចំណាំ​ថាពាក្យ លង្ហិន មាន​ន័យ​ថា​ទង់ដែង ) ។ ការផ្ដើម​ចំពោះ​បញ្ហា​របស់​សាសន៍​អ៊ីស្រាអែល​គឺ​ថា ពួកគេ​បាន​និយាយ​អាក្រក់​អំពី​ព្រះ និង​ព្យាការី​របស់​ទ្រង់ ( សូមមើល ជនគណនា 21:5) ។ អ្នកទាំងឡាយ​ណា​ដែល​មើល​ទៅ​រូបពស់​លង្ហិន​នោះ​នឹង​បាន​ជា​សះស្បើយ ហើយ​អ្នកទាំងឡាយ​ណា​ដែល​មិន​មើល​ទេ​នឹង​ត្រូវ​វិនាស​បង់ ( សូមមើល ជនគណនា 21:9; នីហ្វៃទី 1 17:41) ។

ដូចជា​សាសន៍​អ៊ីស្រាអែល​ទាំងនោះ​ដែរ មនុស្ស​ជាច្រើន​នៅក្នុង​សម័យ​របស់​នីហ្វៃ​បាន​និយាយ​ប្រឆាំង​ទាស់​នឹង​ព្រះ និង​ព្យាការី​របស់​ទ្រង់ ។ នៅពេល​នីហ្វៃ​លើក​ឡើង​ពី​ដំណើររឿង​នៃ​សត្វពស់​លង្ហិននេះ​ លោក​បាន​បញ្ជាក់​ថា ប្រជាជន​របស់​គាត់ « នឹង​សម្លឹង​មើល​ទៅ​ព្រះរាជបុត្រា​នៃ​ព្រះ​ដោយ​នូវ​សេចក្ដីជំនឿ » ហើយ​រស់នៅ​តាម (ហេលេមិន 8:15 សូម​មើល​ផងដែរ យ៉ូហាន 3:14–15 ដែល​ព្រះយេស៊ូវគ្រីស្ទ​ទ្រង់​ផ្ទាល់​បាន​យោងទៅលើ​សត្វពស់​លង្ហិន​មួយ​ជា​ទីសម្គាល់​នៃ​ការមកដល់​នៃ​ការឆ្កាង​របស់​ទ្រង់ ។ ព្រះយេស៊ូវគ្រីស្ទ ព្រះយេស៊ូវគ្រីស្ទ ) ។ បន្ទាប់មក នីហ្វៃ​បាន​រំឭក​ប្រជាជន​ថា ព្យាការី​ទាំងអស់​បាន​ធ្វើ​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ ( សូមមើល ហេលេមិន 8:16–23) ។