មេរៀនទី 125
នីហ្វៃទី 3 15–16
សេចក្តីផ្ដើម
នៅពេលដែលព្រះយេស៊ូវគ្រីស្ទបានបន្តបង្រៀនដល់ប្រជាជននៅឯព្រះវិហារបរិសុទ្ធនៅក្នុងដែនដីបរិបូរណ៍ ទ្រង់បានប្រកាសថា ក្រិត្យវិន័យរបស់ម៉ូសេត្រូវបានបំពេញហើយ ថាទ្រង់គឺជាពន្លឺ និងជាច្បាប់ដែលប្រជាជនត្រូវមើលតាម ។ បន្ទាប់មក ទ្រង់បានពន្យល់ដល់ពួកសាវកទាំងដប់ពីរនាក់ថា ប្រជាជននៅក្នុងដែនដីអាមេរិកគឺជា « ចៀមឯទៀត » ដែលទ្រង់បានមានបន្ទូលនៅក្នុងទីក្រុងយេរូសាឡិម ( សូមមើល យ៉ូហាន 10:14–16 ) ។ ទ្រង់ក៏បានសន្យាថា អស់អ្នកណាដែលប្រែចិត្ត ហើយត្រឡប់មករកទ្រង់វិញនឹងត្រូវបានរាប់នៅក្នុងចំណោមប្រជាជនសេចក្ដីសញ្ញារបស់ទ្រង់ដែរ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី 3 15:1–10
ព្រះអង្គសង្គ្រោះប្រកាសថា ទ្រង់បានបំពេញច្បាប់របស់ម៉ូសេហើយ
សូមសរសេរសំណួរខាងក្រោមនៅលើក្ដារខៀនមុនចាប់ផ្ដើមបង្រៀន ។
ដើម្បីចាប់ផ្ដើមមេរៀននេះ សូមបង្ហាញសំណួរនៅលើក្ដារខៀន ហើយសួរ ៖
-
អ្នកខ្លះអាចឆ្ងល់ថាហេតុអ្វីបានជាព្រះអម្ចាស់ប្រទានព្រះបញ្ញត្តិទាំងឡាយ ។ តើអ្នកអាចពន្យល់ពីគោលបំណងនៃព្រះបញ្ញត្តិទាំងឡាយបានទេ ?
សូមប្រាប់សិស្សថា នៅពេលព្រះយេស៊ូវគ្រីស្ទបានបង្រៀនពួកសាសន៍នីហ្វៃ ទ្រង់បានបង្រៀនពួកគេថា គោលបំណងមួយនៃព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់គឺដើម្បីនាំប្រជាជនទៅរកទ្រង់ ។ សូមឲ្យសិស្សរកមើលគោលបំណងនេះនៅពេលពួកគេសិក្សា នីហ្វៃទី 3 15 ។
សូមពន្យល់ថា នៅពេលដែលព្រះអង្គសង្គ្រោះបានមានបន្ទូលទៅកាន់ហ្វូងមនុស្ស ទ្រង់បានជ្រាបថា អ្នកខ្លះនៅក្នុងចំណោមពួកគេបានមានសំណួរ ។ សូមឲ្យសិស្សអានត្រួសៗ នីហ្វៃទី 3 15:1–2 ដើម្បីរកមើលអ្វីដែលប្រជាជនទាំងនេះចង់ដឹង ។ ( ពួកគេបានឆ្ងល់ថា តើព្រះអង្គសង្គ្រោះចង់ឲ្យពួកគេធ្វើអ្វី « ទាក់ទងទៅនឹងក្រឹត្យវិន័យរបស់ម៉ូសេ » ។ ការថ្វាយបង្គំ ប្រពៃណី និងការរៀបចំសាសនាចក្ររបស់ពួកសាសន៍នីហ្វៃត្រូវបានកសាងឡើងនៅលើច្បាប់ម៉ូសេដើម្បីរៀបចំប្រជាជនសម្រាប់ការយាងមករបស់ព្រះយេស៊ូវគ្រីស្ទ និងដើម្បីជួយពួកគេឲ្យទន្ទឹងរង់ចាំដល់ពលិកម្មដ៏ធួនរបស់ទ្រង់ ។ ពិតប្រាកដណាស់ មនុស្សខ្លះច្រឡំអំពីអ្វីដែលពួកគេត្រូវធ្វើជំនួសឲ្យការកាន់តាមក្រឹត្យវិន័យរបស់ម៉ូសេ )។
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 15:3–5, 9 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលឃ្លានៅក្នុងការពន្យល់របស់ព្រះអង្គសង្គ្រោះដែលអាចបានធានាដល់ពួកសាសន៍នីហ្វៃថា សេចក្ដីជំនឿរបស់ពួកគេមិនចាំបាច់ផ្លាស់ប្ដូរទេ ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយឃ្លាដែលពួកគេរកឃើញ ។ សូមឲ្យពួកគេពន្យល់ពីមូលហេតុដែលពួកគេគិតថា ឃ្លាទាំងនេះអាចជួយដល់ពួកសាសន៍នីហ្វៃ ។
-
តើអ្នកគិតថា ព្រះយេស៊ូវកំពុងបង្រៀនអ្វី នៅពេលទ្រង់បានប្រកាសថា ទ្រង់គឺជា « ក្រឹត្យវិន័យ » ? ( នីហ្វៃទី 3 15:9 ) ។
សិស្សអាចផ្ដល់ចម្លើយខុសៗគ្នា ។ នៅពេលពួកគេឆ្លើយ សូមជួយពួកគេឲ្យរកឃើញនូវសេចក្ដីពិតខាងក្រោមនេះ ( សូមសរសេរសេចក្ដីពិតទាំងនេះនៅលើក្ដារខៀន ) ៖ ព្រះយេស៊ូវគ្រីស្ទគឺជាប្រភពនៃក្រឹត្យវិន័យ ។ ក្រឹត្យវិន័យទាំងអស់នៃដំណឹងល្អបង្ហាញយើងឲ្យមើលទៅព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។ ប្រសិនបើយើងធ្វើតាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ នោះយើងនឹងទទួលជីវិតដ៏នៅអស់កល្បជានិច្ច ។
-
ហេតុអ្វីបានជាសេចក្ដីពិតទាំងនេះអាចនឹងសំខាន់សម្រាប់ពួកសាសន៍នីហ្វៃយល់នាពេលនេះ ? ( អ្នកអាចលើកឡើងថា ដូចជាក្រឹត្យវិន័យរបស់ម៉ូសេដែរ ក្រឹត្យវិន័យថ្មីបានបង្ហាញទៅរកព្រះអង្គសង្គ្រោះ និងដង្វាយធួនរបស់ទ្រង់ ។ ខណៈពេលដែលរបៀបនៃការថ្វាយបង្គំរបស់មនុស្សខ្លះអាចផ្លាស់ប្ដូរ ពួកគេអាចនឹងបន្ដអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ និងគោរពតាមព្រះវរបិតាក្នុងព្រះនាមរបស់ទ្រង់ ) ។
សូមសង្ខេប នីហ្វៃទី 3 15:6–8 ដោយការពន្យល់ថា ព្រះអង្គសង្គ្រោះបានបញ្ជាក់ដល់ប្រជាជនថា គឺដូចជាពាក្យសម្ដីរបស់ព្យាការីទាក់ទងទៅនឹងព្រះដ៍ប្រោសលោះមួយអង្គដែលត្រូវបានបំពញនៅក្នុងទ្រង់ នោះការព្យាករណ៍របស់ពួកលោកទាក់ទងទៅនឹងហេតុការណ៍អនាគតក៏នឹងកើតឡើងដែរ ។ ទ្រង់ក៏បានពន្យល់ថា សេចក្ដីសញ្ញាដែលទ្រង់បានធ្វើជាមួយនឹងប្រជាជនរបស់ទ្រង់គឺនៅតែបន្ដ ហើយនឹងត្រូវបានបំពេញ ។
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 15:9–10 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាមដោយរកមើលអ្វីដែលព្រះអង្គសង្គ្រោះចង់ឲ្យប្រជាជនរបស់ទ្រង់ធ្វើជាមួយនឹងចំណេះដឹងរបស់ពួកគេអំពីសេចក្ដីពិតដែលត្រូវបានសរសេរនៅលើក្ដារខៀននេះ ។
-
តើវាមានន័យយ៉ាងណាចំពោះអ្នកដើម្បី « ផ្ចង់ទៅ » ព្រះគ្រីស្ទ ?
សូមឲ្យសិស្សរំឭក នីហ្វៃទី 3 15:9–10 ហើយសង្ខេបពីរបៀបដែលព្រះអម្ចាស់ចង់ឲ្យយើងរស់នៅតាមដំណឹងល្អ ហើយជាលទ្ធផល យើងទទួលបាន ពរជ័យ ។ ( សិស្សអាចសង្ខេបវគ្គនេះខុសៗគ្នា ប៉ុន្ដែចម្លើយរបស់ពួកគេគួរបង្ហាញពីគោលការណ៍ដូចខាងក្រោម ៖ ប្រសិនបើយើងផ្ចង់ទៅព្រះយេស៊ូវគ្រីស្ទដោយការកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ និងតស៊ូដល់ទីបញ្ចប់ នោះទ្រង់នឹងប្រទាននូវជីវិតដ៏នៅអស់កល្បជានិច្ចដល់យើង ) ។
-
តើវាអាចទៅរួចទេដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទដោយមិនកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ? ហេតុអ្វីមិនអាច ?
សូមឲ្យសិស្សគិតពីសំណួរដែលអ្នកបានសរសេរនៅលើក្ដារខៀនមុនពេលចាប់ផ្ដើមថ្នាក់ ។
-
តើវាអាចទៅរួចទេដែលបុគ្គលម្នាក់កាន់តាមព្រះបញ្ញត្តិទាំងឡាយតែខាងក្រៅដោយមិនផ្ចង់ទៅលើព្រះយេស៊ូវគ្រីស្ទ ?
-
តើមូលហេតុអ្វីខ្លះដែលបុគ្គលម្នាក់អាចគោរពតាមព្រះបញ្ញត្តិទាំងឡាយតែខាងក្រៅដោយមិនផ្ចង់ទៅលើព្រះយេស៊ូវគ្រីស្ទ ? ( ចម្លើយអាចមានកាតព្វកិច្ច ការភ័យខ្លាចការដាក់ទោស បំណងមួយដើម្បីមើលទៅល្អខាងសំបកក្រៅ ឬការស្រឡាញ់ច្បាប់ ) ។
-
តើអ្វីទៅជាមូលេហតុដែលយើងគោរពតាមព្រះបញ្ញត្តិ ? ( យើងគួរកាន់តាមព្រះបញ្ញត្តិ ដោយសារយើងស្រឡាញ់ព្រះអម្ចាស់ យើងចង់ធ្វើឲ្យទ្រង់សព្វព្រះទ័យ ហើយយើងចង់ទៅកាន់ទ្រង់ ) ។
-
តើអ្នកត្រូវបានប្រទានពរយ៉ាងណាខ្លះ នៅពេលអ្នកបានកាន់តាមព្រះបញ្ញត្តិទាំងឡាយដោយបំណងដ៏ពិតប្រាកដនោះ ?
សូមឲ្យសិស្សគិតពីព្រះបញ្ញត្តិមួយ ឬបទដ្ឋានដំណឹងល្អមួយដែលពិបាកសម្រាប់ពួកគេយល់ និងធ្វើតាម ។ សូមឲ្យពួកគេគិតពីអារម្មណ៍ដែលពួកគេមានអំពីព្រះបញ្ញត្តិ ឬបទដ្ឋាននេះ ប្រសិនបើសេចក្ដីស្រឡាញ់របស់ពួកគេដល់ព្រះអម្ចាស់ក្លាយជាមូលហេតុរបស់គេក្នុងការគោរពតាម ។ សូមលើកទឹកចិត្តឲ្យពួកគេគោរពតាមព្រះបញ្ញត្តិទាំងឡាយចេញពីសេចក្ដីស្រឡាញ់ដល់ព្រះអម្ចាស់ ។ សូមចែកចាយពីរបៀបដែលព្រះបញ្ញត្តិបានជួយដល់អ្នកឲ្យខិតកាន់តែជិតទៅរកព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះ ។
នីហ្វៃទី 3 15:11–16:5
ព្រះយេស៊ូវគ្រីស្ទមានបន្ទូលទៅកាន់សាវករបស់ទ្រង់ពាក់ព័ន្ធនឹងចៀមឯទៀតរបស់ទ្រង់
សូមឲ្យសិស្សលើកដៃ ប្រសិនបើពួកគេធ្លាប់មានអារម្មណ៍ថាមិនសូវសំខាន់ដូចមនុស្សម្នាក់ទៀត ។ សូមឲ្យពួកគេគិតថាតើពួកគេធ្លាប់មានអារម្មណ៍ថាត្រូវបានគេបំភ្លេច ឬឯកោ ឬប្រសិនបើពួកគេធ្លាប់ឆ្ងល់ថាតើព្រះវរបិតាសួគ៌ដឹងថាពួកគេជានរណាទេ ។
សូមសរសេរឃ្លាខាងក្រោមនៅលើក្តារខៀន ៖ ព្រះមានព្រះទ័យយកចិត្តទុកដាក់ដល់កូនចៅរបស់ទ្រង់ទាំងអស់ ហើយទ្រង់សម្ដែងអង្គទ្រង់ដល់ពួកគេ ។ សូមបញ្ជាក់ពីសេចក្ដីពិតនៃប្រយោគនេះ ហើយសូមឲ្យពួកគេរកមើលភស្ដុតាងនៃសេចក្ដីពិតនៅពេលដែលពួកគេសិក្សា នីហ្វៃទី 3 15 ទាំងឡាយ និងសេចក្ដីផ្ដើមនៃ នីហ្វៃទី 3 16 ។
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 15:11–17 ហើយសូមឲ្យសិស្សរកមើលអ្វីដែលព្រះអម្ចាស់បានមានបន្ទូលទៅកាន់ប្រជាជននៅក្នុងទីក្រុងយេរូសាឡិមអំពីប្រជាជនរបស់ទ្រង់នៅឯដែនដីអាមេរិក ។ អ្នកក៏អាចសុំឲ្យសិស្សអាន យ៉ូហាន 10:14–16 ។ ( សូមជួយសិស្សឲ្យយល់ថា « ចៀមឯទៀត » គឺសំដៅទៅលើអ្នកដើរតាមផ្សេងទៀតរបស់អ្នកគង្វាល ដែលគឺជាព្រះយេស៊ូវគ្រីស្ទ ។ ពាក្យ ក្រោល អាចសំដៅទៅលើហ្វូងចៀមមួយ ប៉ុន្ដែវាក៏តំណាងឲ្យក្រុមមនុស្សមួយដែលមានសេចក្ដីជំនឿដូចគ្នាដែរ ) ។
-
យោងតាម នីហ្វៃទី 3 15:17 តើព្រះអម្ចាស់បានសន្យាថានឹងបង្ហាញអង្គទ្រង់ដល់ចៀមឯទៀតរបស់ទ្រង់ ឬអ្នកដើរតាមផ្សេងទៀតដោយរបៀបណា ? ( ពួកគេនឹងស្ដាប់តាមសំឡេងរបស់ទ្រង់ ) ។
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 15:18–19 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលមូលហេតុដែលព្រះវរបិតាសួគ៌បានបញ្ជាឲ្យព្រះយេស៊ូវគ្រីស្ទបង្អង់ចំណេះដឹងរបស់ចៀមផ្សេងទៀតរបស់ទ្រង់ពីប្រជាជននៅក្នុងទីក្រុងយេរូសាឡិម ។ ក្រោយពីសិស្សរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញហើយ សូមសួរ ៖
-
តើគោលការណ៍អ្វីដែលយើងអាចរៀនពីការណ៍នេះ ? ( ចម្លើយរបស់សិស្សគួរឆ្លុះបញ្ចាំងអំពីគោលការណ៍ខាងក្រោមនេះ ៖ ព្រះប្រទានចំណេះដឹង និងសេចក្ដីពិតដល់យើងស្របតាមសេចក្ដីជំនឿ និងការគោរពតាមរបស់យើង ) ។
សូមសង្ខេប នីហ្វៃទី 3 15:21–23 ដោយការពន្យល់ថា ព្រះអម្ចាស់បានប្រាប់ពួកសាសន៍នីហ្វៃថា ពួកគេគឺជាចៀមផ្សេងទៀតដែលទ្រង់បានមានបន្ទូល ទោះជាយ៉ាងណាក្ដី ពួកសាសន៍យូដានៅក្នុងទីក្រុងយេរូសាឡមិនបានគិតថា ទ្រង់បានមានបន្ទូលអំពីពួកសាសន៍ដទៃ ឬពួកមិនមែនសាសន៍អ៊ីស្រាអែល។ ពួកគេមិនបានយល់ថា ពួកសាសន៍ដទៃនឹងមិនស្ដាប់ឮសំឡេងរបស់ទ្រង់ដោយផ្ទាល់ទេ ។
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 15:24 ឮៗ ហើយសូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកនូវរបៀបដែលព្រះអម្ចាស់បានធានាដល់ពួកសាសន៍នីហ្វៃអំពីការយកចិត្តទុកដាក់របស់ទ្រង់ដល់ពួកគេ ។ អ្នកអាចសួរសិស្សពីអារម្មណ៍ដែលពួកគេអាចមាន ប្រសិនបើពួកគេបានឮព្រះអម្ចាស់មានបន្ទូលទាំងនេះមកកាន់ពួកគេ ។
សូមឲ្យសិស្សអាន នីហ្វៃទី 3 16:1–3 ដោយស្ងាត់ស្ងៀម និងរកមើលថាតើនរណាផ្សេងទៀតដែលអាចនឹងស្តាប់ឮសំឡេងព្រះអង្គសង្គ្រោះ ។ សូមពន្យល់ថា យើងមិនមានកំណត់ត្រានៃកន្លែងផ្សេងទៀត និងប្រជាជនផ្សេងទៀតដែលព្រះអង្គសង្គ្រោះបានយាងទៅនោះទេ ប៉ុន្ដែវាច្បាស់ណាស់ថា ទ្រង់បានយាងទៅក្រុមផ្សេងទៀត ឬ« ក្រោល » ផ្សេងទៀត ។
ដើម្បីណែនាំគំនិតថា ព្រះអង្គសង្គ្រោះក៏សម្ដែងអង្គទ្រង់ដល់អ្នកដែលមិនស្ដាប់សំឡេងរបស់ទ្រង់នោះ សូមសួរសំណួរខាងក្រោមមុនពេលឲ្យសិស្ស ស្រាវជ្រាវ ព្រះគម្ពីររកចម្លើយ ៖
-
ចុះអ្នកដែលមិនស្ដាប់ឮសំឡេងរបស់ព្រះអង្គសង្គ្រោះវិញ ? តើទ្រង់បង្ហាញដល់ពួកគេថា ទ្រង់យកចិត្តទុកដាក់លើពួកគេដោយរបៀបណា ?
សូមឲ្យសិស្សស្រាវជ្រាវ នីហ្វៃទី 3 15:22–23 និង នីហ្វៃទី 3 16:4 ដោយរកមើលរបៀបដែលព្រះអម្ចាស់បានប្រកាសថា ទ្រង់នឹងសម្ដែងអង្គទ្រង់ដល់ពួកសាសន៍ដទៃ ( តាមរយៈការចែកចាយរបស់អ្នកដទៃ តាមរយៈសាក្សីនៃព្រះវិញ្ញាណបរិសុទ្ធ និងតាមរយៈការសរសេររបស់ព្យាការីទាំងឡាយ ) ។
-
តើការសម្ដែងទាំងនេះបង្ហាញថា ព្រះយកចិត្តទុកដាក់ដល់កូនចៅរបស់ទ្រង់ទាំងអស់ដោយរបៀបណា ?
-
តើព្រះអម្ចាស់បានសម្ដែងអង្គទ្រង់ដល់អ្នក និងគ្រួសាររបស់អ្នកតាមរបៀបណា ?
-
តើអ្នកអាចជួយដល់ការខិតខំរបស់ព្រះអម្ចាស់ដើម្បីសម្ដែងអង្គទ្រង់ដល់ប្រជារាស្រ្តទ្រង់ដោយរបៀបណា ?
នីហ្វៃទី 3 16:6–20
ព្រះយេស៊ូវគ្រីស្ទប្រកាសពីពរជ័យ និងការព្រមានដល់ពួកសាសន៍ដទៃ ដែលនឹងទទួលដំណឹងល្អនៅថ្ងៃចុងក្រោយ
សូមសួរសិស្សថា តើពួកគេធ្លាប់ចង់ក្លាយជាចំណែកមួយនៃក្រុមមួយ ឬក្លិបមួយទេ ។ សូមសួរថា តើលក្ខណៈសម្បត្តិអ្វីដែលតម្រូវឲ្យមានដើម្បីក្លាយជាសមាជិកនៃក្រុមដែលពួកគេចង់ចូលរួមនោះ ។ សូមណែនាំថា ក្រុមដ៏ធំបំផុតដែលយើងអាចក្លាយជាសមាជិកនោះគឺជាក្រុមនៃរាស្ត្រនៃសេចក្តីសញ្ញារបស់ព្រះអម្ចាស់ ។
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 16:6–7 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលអ្វីដែលព្រះអម្ចាស់បានមានបន្ទូលថានឹងកើតឡើងនៅក្នុងថ្ងៃចុងក្រោយ ដោយសារសាសន៍ដទៃដែលនឹងជឿលើទ្រង់ ព្រមទាំងវង្សអ៊ីស្រាអែលដែលនឹងលែងជឿលើទ្រង់នោះ ។ ( អ្នកអាចពន្យល់ថា ព្យាការីក្នុងព្រះគម្ពីរមរមនបានប្រើពាក្យ ពួកសាសន៍ដទៃ ដើម្បីសំដៅលើប្រជាជនដែលមិនបានចេញមកពីដែនដីបរិសុទ្ធ ។ ហេតុដូច្នេះហើយ ពាក្យនេះអាចសំដៅទៅលើសមាជិកនៃសាសនាចក្រ ក៏ដូចជាដល់អ្នកដែលមិនជឿ និងសមាជិកនៃសេចក្ដីជំនឿផ្សេងទៀតដែរ ) ។ ក្រោយពីសិស្សឆ្លើយហើយ សូមសង្ខេប នីហ្វៃទី 3 16:8–9 ដោយការពន្យល់ថា ព្រះយេស៊ូវគ្រីស្ទបានព្យាករណ៍ថា វាក៏នឹងមានពួកសាសន៍ដទៃដែលមិនជឿនៅថ្ងៃចុងក្រោយ ដែលនឹងខ្ចាត់ខ្ចាយ ហើយធ្វើបាបដល់សមាជិកនៃវង្សអ៊ីស្រាអែល ។ សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 16:10 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលអ្វីដែលនឹងកើតឡើងដល់ពួកសាសន៍ដទៃដែលមិនជឿទាំងនេះ ។
-
តើព្រះអម្ចាស់បានប្រកាសថា ពួកសាសន៍ដទៃដែលមិនជឿនឹងបាត់បង់អ្វី ?
-
តើការណ៍នេះអាចអនុវត្តចំពោះអស់អ្នកទាំងឡាយណាដែលដឹងអំពីសេចក្ដីពិត ប៉ុន្ដែធ្លាក់ទៅក្នុងសេចក្តីអំនួតដោយរបៀបណា ?
សូមពន្យល់ថា ព្រះអម្ចាស់បានសន្យាថានឹងរក្សាសេចក្ដីសញ្ញារបស់ទ្រង់ជាមួយនឹងវង្សអ៊ីស្រាអែល ដោយការនាំយកដំណឹងល្អទៅដល់ពួកគេ ( សូមមើល នីហ្វៃទី 3 16:11–12 ) ។ សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 16:13 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលអ្វីដែលតម្រូវឲ្យបុគ្គលម្នាក់មានដើម្បីក្លាយជាសមាជិកនៃរាស្ត្រនៃសេចក្តីសញ្ញារបស់ព្រះអម្ចាស់ ។ សូមសរសេរឃ្លាខាងក្រោមនៅលើក្តារខៀន ៖ « ប្រសិនបើយើង … នោះយើងនឹង … » ។ សូមឲ្យសិស្សប្រើ នីហ្វៃទី 3 16:13 ដើម្បីបំពេញប្រយោគនេះ ។ សិស្សគួរតែអាចរកឃើញនូវសេចក្ដីពិតខាងក្រោមនេះ ៖ ប្រសិនបើយើងប្រែចិត្ត ហើយត្រឡប់មកព្រះយេស៊ូវគ្រីស្ទវិញ នោះយើងនឹងអាចត្រូវបានរាប់ចូលនៅក្នុងចំណោមប្រជាជនរបស់ទ្រង់ដែរ ។
-
ហេតុអ្វីបានជាការរាប់ចូលនៅក្នុងចំណោមប្រជាជនរបស់ទ្រង់ ជាពរជ័យមួយនោះ ?
សូមបញ្ចប់ដោយការចែកចាយទីបន្ទាល់របស់អ្នកអំពីសេចក្ដីពិតដែលបានបង្រៀននៅក្នុងមេរៀនថ្ងៃនេះ ។