សេចក្ដីផ្ដើមអំពី គម្ពីរមរ៉ូណៃ
ហេតុអ្វីបានជាត្រូវសិក្សាគម្ពីរនេះ ?
នៅពេលសិស្សសិក្សាគម្ពីរមរ៉ូណៃ ពួកគេអាចទទួលបានកម្លាំងពីគំរូដ៏មានអំណាច និងការបង្រៀននានារបស់លោកមរ៉ូណៃ ព្រមទាំងឪពុករបស់លោកគឺ លោកមរមន ។ ពួកគេនឹងរៀនអំពីពិធីបរិសុទ្ធ និងការអនុវត្តជាមូលដ្ឋាននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ សារៈសំខាន់នៃការធ្វើការសុចរិតដោយមានបំណងដ៏ពិតប្រាកដ របៀបក្នុងការកាត់សេចក្ដីរវាងអំពើល្អ និងអំពើអាក្រក់ ទំនាក់ទំនងរវាងសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីសប្បុរស ហើយនិងសេចក្ដីសង្គ្រោះនៃកូនក្មេងតូចៗ ។ សិស្សក៏នឹងអានអំពីការដាស់តឿនរបស់លោកមរ៉ូណៃឲ្យអធិស្ឋានដើម្បីដឹងដោយខ្លួនឯងថា ព្រះគម្ពីរមរមនគឺជាព្រះគម្ពីរពិត ( សូមមើល មរ៉ូណៃ 10:3–5 ) និងដើម្បី « មករកព្រះគ្រីស្ទ ហើយឲ្យបានល្អឥតខ្ចោះនៅក្នុងទ្រង់ » ( មរ៉ូណៃ 10:32 ) ។
តើនរណាជាអ្នកសរសេរ គម្ពីរនេះ ?
លោកមរ៉ូណៃបានសរសេរគម្ពីរនេះ ដែលរួមមានពាក្យសម្ដីរបស់លោកផ្ទាល់ ព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទដល់ពួកសិស្សរបស់ទ្រង់ទាំងដប់ពីរនាក់ជាពួកសាសន៍នីហ្វៃ ( សូមមើល មរ៉ូណៃ 2 ) និងពាក្យសម្ដីរបស់ឪពុកលោក គឺលោកមរមន ( មរ៉ូណៃ 7–9 ) ។ មុនពេលពួកសាសន៍នីហ្វៃត្រូវបានបំផ្លាញបង់ លោកមរ៉ូណៃបានបម្រើនៅក្នុងចំណោមពួកគេ ជាមេទ័ពម្នាក់ និងជាអ្នកដឹកនាំសាសនាចក្រមួយរូប ( សូមមើល មរមន 6:12 មរ៉ូណៃ 8:1 ) ។ ដូចជាអ្នកសរសេរ និងអ្នកចងក្រងសំខាន់ផ្សេងទៀតក្នុងព្រះគម្ពីរមរមនដែរ លោកមរ៉ូណៃគឺជាសាក្សីម្នាក់របស់ព្រះអង្គសង្គ្រោះ ។ លោកបានថ្លែងទីបន្ទាល់ថា « ខ្ញុំបានឃើញព្រះយេស៊ូវ ហើយថាទ្រង់បានមានព្រះបន្ទូលជាមួយនឹងខ្ញុំ » ( អេធើរ 12:39 ) ។ លោកមរ៉ូណៃស្មោះត្រង់ចំពោះទីបន្ទាល់របស់លោកជាខ្លាំង ដោយមិនព្រមបដិសេធចោលព្រះគ្រីស្ទ អំឡុងពេលមួយដែលពួកសាសន៍លេមិនបានសម្លាប់សាសន៍នីហ្វៃគ្រប់រូប ដែលមិនព្រមបដិសេធទ្រង់ ( សូមមើល មរ៉ូណៃ 1:1–3 ) ។ នៅក្នុងឆ្នាំ 1823 ប្រហែលជា 1,400 ឆ្នាំក្រោយពីការបញ្ចប់កំណត់ត្រានៃព្រះគម្ពីរមរមន លោកមរ៉ូណៃបានចេញមកជួបនឹងព្យាការី យ៉ូសែប ស៊្មីធ ជាអង្គដែលបានរស់ឡើងវិញមួយ ហើយបានប្រាប់ដល់ យ៉ូសែប ថាកំណត់ត្រាត្រូវបានលាក់ទុកនៅក្នុងកូនភ្នំក្បែរផ្ទះរបស់លោក ( សូមមើល យ៉ូសែប ស៊្មីធ—ប្រវត្តិ 1:29–35 ) ។ នៅពេលនោះ និងនៅអំឡុងពេលបួនឆ្នាំក្រោយមក លោកមរ៉ូណៃបានណែនាំដល់ យ៉ូសែប ស៊្មីធ ថា « អំពីរឿងដែលព្រះអម្ចាស់ទ្រង់នឹងធ្វើ ហើយតើដោយរបៀបណា និងដោយនូវអ្វីដែលនគរព្រះនឹងត្រូវចាត់ចែងនៅគ្រាក្រោយបង្អស់ » ( យ៉ូសែប ស៊្មីធ—ប្រវត្តិ 1:54 ) ។
តើគម្ពីរនេះត្រូវបានសរសេរដល់នរណា ហើយតើហេតុអ្វី ?
លោកមរ៉ូណៃបានមានប្រសាសន៍ថា « ខ្ញុំសរសេរនូវការណ៍ខ្លះទៀត ដែលប្រហែលជាអាចមានប្រយោជន៍ដល់ពួកបងប្អូនរបស់ខ្ញុំ គឺពួកសាសន៍លេមិននៅថ្ងៃណាមួយក្នុងអនាគត » ( មរ៉ូណៃ 1:4, សូមមើលផងដែរ មរ៉ូណៃ 10:1 ) ។ លោកក៏បានប្រកាសថា លោកបាននិយាយ « ទៅមនុស្សទាំងអស់នៅចុងផែនដី » ដោយព្រមានថា នៅក្នុងថ្ងៃជំនុំជម្រះនៃព្រះ នោះមនុស្សទាំងអស់នឹងត្រូវទទួលខុសត្រូវចំពោះពាក្យដែលលោកបានសរសេរ ( សូមមើល មរ៉ូណៃ 10:24, 27 ) ។ ក្នុងការរៀបចំហេតុការណ៍នេះ លោកមរ៉ូណៃបានអញ្ជើញមនុស្សទាំងអស់ឲ្យ « មករកព្រះគ្រីស្ទ » ( មរ៉ូណៃ 10:30, 32 ) ។
តើនៅពេលណា និងនៅកន្លែងណាដែលគម្ពីរនេះត្រូវបានសរសេរ ?
លោកមរ៉ូណៃ ហាក់ដូចជាបានសរសេរ និងចងក្រងគម្ពីរនេះចន្លោះឆ្នាំ 401 គ្រិស្ដសករាជ និងឆ្នាំ 421 គ្រិស្ដសករាជ ( សូមមើល មរមន 8:4–6, មរ៉ូណៃ 10:1 ) ។ លោកមិនបាននិយាយពីកន្លែងដែលលោកបានស្ថិតនៅ នៅពេលលោកបានសរសេរគម្ពីរនេះនោះ —មានតែថា លោកបានដើរទៅកន្លែងណាដែលលោកអាចទៅដើម្បីមានសុវត្ថិភាពដល់ជីវិតរបស់លោក ( សូមមើល មរ៉ូណៃ 1:1–3 ) ។
តើមានលក្ខណៈពិសេសអ្វីខ្លះនៅក្នុងគម្ពីរនេះ ?
គម្ពីរនេះផ្ដល់នូវសេចក្ដីលម្អិតជាច្រើនទាក់ទងទៅនឹងការណែនាំរបស់ព្រះយេស៊ូវគ្រីស្ទដល់ពួកសិស្សសាសន៍នីហ្វៃទាំងដប់ពីរនាក់របស់ទ្រង់ នៅពេលទ្រង់បានប្រទានដល់ពួកគេនូវអំណាចដើម្បីផ្ដល់នូវអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល មរ៉ូណៃ 2; សូមមើលផងដែរ នីហ្វៃទី 3 18:36–37 ) ។ វាក៏រួមមានការណែនាំដែលមាននៅតែនៅក្នុងព្រះគម្ពីរមរមន ដែលទាក់ទងទៅនឹងការសម្ដែងនូវការតែងតាំងបព្វជិតភាព និងការអធិស្ឋានដែលត្រូវប្រើនៅក្នុងពិធីបរិសុទ្ធនៃពិធីសាក្រាម៉ង់ ( សូមមើល មរ៉ូណៃ 3–5 ) ។ លក្ខណៈពិសេសខុសគ្នាផ្សេងទៀតនៃគម្ពីរនេះ រួមមានការបង្រៀនរបស់លោកមរមនអំពីការបែងចែកអំពើល្អ និងអំពើអាក្រក់ ( សូមមើល មរ៉ូណៃ 7:12–19 ) ការបម្រើរបស់ពួកទេវតា ( សូមមើល មរ៉ូណៃ 7:29–39 ) សេចក្ដីសប្បុរស ជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ ( សូមមើល មរ៉ូណៃ 7:44–48 ) និង សេចក្ដីសង្គ្រោះដល់កូនក្មេងតូចៗ ( សូមមើល មរ៉ូណៃ 8 ) ។ វាក៏រួមមានការរៀបរាប់របស់លោកមរមនអំពីការពុករលួយរបស់ពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន មុនពេលចម្បាំងលើកចុងក្រោយរបស់ពួកគេនៅឯភ្នំគូម៉ូរ៉ា ( សូមមើល មរ៉ូណៃ 9 ) ។ លោកមរ៉ូណៃក៏បញ្ចូលនូវការបង្រៀនរបស់លោកផ្ទាល់អំពីអំណោយទាននៃព្រះវិញ្ញាណ ( សូមមើល មរ៉ូណៃ 10:8–26 ) ។ លោកក៏បានកត់ត្រាការអញ្ជើញមួយ ដែលមាននៅក្នុង មរ៉ូណៃ 10:3–5 ដែលផ្ដល់ជាកូនសោរមួយរួមចំណែកដល់ព្រះគម្ពីរមរមននេះ ។ ដោយយោងទៅលើវគ្គនេះ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានពន្យល់ថា ព្រះគម្ពីរមរមន « គឺជាគម្ពីរតែមួយគត់ដែលរួមមាននៅក្នុងគម្របរបស់វានូវសេចក្ដីសន្យាមួយថា ដោយសារព្រះចេស្ដាដ៏មានអានុភាព នោះអ្នកអានអាចដឹងដោយពិតជាក់ច្បាស់អំពីសេចក្ដីពិតរបស់វា » ( « A Testimony Vibrant and True » Ensign, ខែ សីហា ឆ្នាំ 2005 ទំព័រ 4 ) ។
គម្រោង
មរ៉ូណៃ 1–6 ខណៈពេលដែលដើរស្វែងរកសុវត្ថិភាពដល់ជីវិតរបស់លោក មរ៉ូណៃកត់ត្រានូវពិធីបរិសុទ្ធ និងការអនុវត្តនានានៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។ ការណ៍ទាំងនេះរួមមានការផ្ដល់ជាអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ការធ្វើការតែងតាំងនៃបព្វជិតភាព ការបម្រើសាក្រាម៉ង់ និងគុណសម្បត្តិសម្រាប់ពិធីបុណ្យជ្រមុជទឹក ។ លោកមរ៉ូណៃក៏ពិភាក្សាអំពីការធំធាត់ខាងវិញ្ញាណនៃសមាជិកសាសនាចក្រ ក៏ដូចជាគោលបំណងនៃការប្រជុំក្នុងសាសនាចក្រ និងរបៀបដែលពួកគេត្រូវដឹកនាំផងដែរ ។
មរ៉ូណៃ 7 មរ៉ូណៃកត់ត្រាពីទេសនកថាដែលធ្វើឡើងដោយលោកមរមន ដែលបានបង្រៀនអំពីពន្លឺនៃព្រះគ្រីស្ទ សារៈសំខាន់នៃការធ្វើទង្វើសុចរិតដោយមានបំណងប្រាថ្នាពិតប្រាកដ ការបែងចែកពីភាពខុសគ្នារវាងអំពើល្អ និងអំពើអាក្រក់ ការតោងជាប់តាមការណ៍ល្អគ្រប់យ៉ាង និងទំនាក់ទំនងរវាងសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីសប្បុរស ។
មរ៉ូណៃ 8–9 មរ៉ូណៃកត់ត្រាសំបុត្រពីលោកមរមនដែលពន្យល់ពីមូលហេតុដែលកូនក្មេងតូចៗមិនត្រូវជ្រមុជទឹក និងការរៀបរាប់ពីអំពើទុច្ចរិតដ៏ធំអស្ចារ្យនៅក្នុងចំណោមពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន ។
មរ៉ូណៃ 10 មរ៉ូណៃដាស់តឿនដល់មនុស្សទាំងអស់ដែលនឹងអានព្រះគម្ពីរមរមនឲ្យអធិស្ឋានដើម្បីដឹងអំពីសេចក្ដីពិតពេញលេញរបស់វា ដើម្បីកុំបដិសេធនឹងអំណាច និងអំណោយទាននៃព្រះ និងដើម្បីមករកព្រះគ្រីស្ទ ហើយឲ្យបានល្អឥតខ្ចោះនៅក្នុងទ្រង់ ។