មេរៀនទី 155
មរ៉ូណៃ 7:1–19
សេចក្តីផ្ដើម
លោកមរ៉ូណៃបានកត់ត្រាទេសនកថាដែលឪពុករបស់លោក លោកមរមន បានធ្វើជាច្រើនកន្លងទៅ ។ មេរៀននេះ រួមមានផ្នែកទីមួយនៃទេសនកថា ដែលលោកមរមនបានបង្រៀនអំពីការធ្វើកិច្ចការសុចរិតដោយមានបំណងដ៏ពិតប្រាកដ និងអំពីរបៀបដែលយើងអាចបែងចែករវាងការល្អ និងការអាក្រក់ ។ មេរៀនទី 156 ប្រាប់ពីទេសនកថាទាំងស្រុង ។
យោបល់សម្រាប់ការបង្រៀន
មរ៉ូណៃ 7:1–11
លោកមរមនបង្រៀនដល់អ្នកដើរតាមព្រះយេស៊ូវគ្រីស្ទឲ្យធ្វើកិច្ចការល្អដោយមានបំណងពិតប្រាកដ
សូមបង្ហាញផ្លែឈើមួយដែលបង្ហាញពីភាពល្អខាងក្រៅ ។
-
តើអ្នកធ្លាប់រកឃើញផ្លែឈើមួយដែលមិនល្អខាងក្នុង ដូចជាអ្វីដែលមើលឃើញពីខាងក្រៅដែរទេ ? ( សូមឲ្យសិស្សពីរបីនាក់ចែកចាយឧទាហរណ៍ ។ អ្នកក៏អាចភ្ជាប់ទៅនឹងបទពិសោធន៍ផ្ទាល់ខ្លួនដែរ )។
-
តើបុគ្គលម្នាក់អាចដូចជាផ្លែឈើមួយដែលមើលទៅល្អខាងក្រៅ ប៉ុន្ដែរលួយខាងក្នុងដោយរបៀបណា ?
សូមពន្យល់ថា លោកមរ៉ូណៃបានកត់ត្រាពាក្យសម្ដីរបស់ឪពុករបស់លោក លោកមរមន អំពីសារៈសំខាន់នៃការមាន ភាពសុចរិតនៅក្នុងចិត្តរបស់យើង ក៏ដូចជាការធ្វើកិច្ចការសុចរិតដែរ ។ សូមឲ្យសិស្សម្នាក់អាន មរ៉ូណៃ 7:2–3 ឮៗហើយសូមឲ្យសិស្សក្នុងថ្នាក់រកមើលដែលលោកមរមនបានសំដៅលើ ។ ( លោកបានសំដៅលើសមាជិកនៃសាសនាចក្រ )។
បន្ទាប់ពីសិស្សរៀបរាប់ពីអ្វីដែលពួកគេបានរៀនហើយ សូមឲ្យសិស្សម្នាក់អាន មរ៉ូណៃ 7:4–5 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ហើយកំណត់ពីរបៀបដែលលោកមរមនបានដឹងពីមនុស្សទាំងនេះថាជា « អ្នកដើរតាមព្រះគ្រីស្ទដោយសុខសាន្ដ » ( មរ៉ូណៃ 7:3 ) ។
សូមសរសេរឃ្លា បំណងពិត នៅលើក្ដារខៀន ។
-
តើអ្នកគិតថាឃ្លានេះមានអត្ថន័យយ៉ាងណា ?
នៅពេលសិស្សពិភាក្សាពីសំណួរនេះ អ្នកអាចសុំឲ្យពួកគេម្នាក់អានការពន្យល់ខាងក្រោមដោយអែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« យើងមិនត្រឹមតែត្រូវ ធ្វើ អ្វីដែលត្រូវនោះទេ ។ យើងត្រូវថែមទាំងត្រូវធ្វើសកម្មភាពសម្រាប់មូលហេតុត្រឹមត្រូវផងដែរ ។ ពាក្យសម័យថ្មីគឺ ការជម្រុញដែលល្អ ។ ជាញឹកញាប់ ព្រះគម្ពីរបង្ហាញពីឥរិយាបថខាងសតិដ៏សមរម្យដោយពាក្យ បំណងដ៏ពេញលេញនៃដួងចិត្ត ឬ បំណងពិត ។
« ព្រះគម្ពីរបញ្ជាក់យ៉ាងច្បាស់ថា ព្រះទ្រង់ជ្រាបពីការជម្រុញរបស់យើង ហើយនឹងកាត់សេចក្ដីសកម្មភាពរបស់យើងដោយសមស្រប » ( Pure in Heart [ ឆ្នាំ 1988 ] ទំព័រ 15 ) ។
សូមឲ្យសិស្សស្រាវជ្រាវ មរ៉ូណៃ 7:6–10 ដោយស្ងាត់ស្ងៀមដោយរកមើលការព្រមានរបស់ព្រះអម្ចាស់ដល់មនុស្សដែលធ្វើអំពើល្អ ដោយគ្មានបំណងពិត ។
-
តើការព្រមានអ្វីខ្លះ ដែលព្រះអម្ចាស់បានប្រទានដល់អស់អ្នកដែលធ្វើកិច្ចការល្អដោយគ្មានបំណងពិតនោះ ? ( ទ្រង់បានព្រមានថា កិច្ចការរបស់ពួកគេនឹងមិនបានប្រយោជន៍ដល់ពួកគេឡើយ ហើយថាកិច្ចការរបស់ពួកគេនឹងត្រូវរាប់ថាជាទុច្ចរិត ជាជាងសុចរិត )។
-
តើគោលការណ៍អ្វី ដែលយើងអាចរៀនអំពីខគម្ពីរទាំងនេះ ? ( ខណៈពេលដែលសិស្សអាចលើកឡើងពីសេចក្ដីពិតមួយចំនួន សូមជួយពួកគេឲ្យរកឃើញពីគោលការណ៍ខាងក្រោមនេះ ៖ ដើម្បីត្រូវបានប្រទានពរចំពោះកិច្ចការល្អរបស់យើង យើងត្រូវតែធ្វើវាដោយមានបំណងពិត ) ។
-
បន្ថែមលើពរជ័យដែលចង់បានពីព្រះអម្ចាស់ តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ដើម្បីធ្វើការល្អដោយមានបំណងពិត ?
-
តើមានភាពខុសគ្នាអ្វីខ្លះដែលអ្នកបានកត់សម្គាល់ នៅពេលអ្នកបានធ្វើកិច្ចការល្អដោយមានបំណងសុចរិតនោះ ?
សូមបង្ហាញថា លោកមរមនបានលើកទឹកចិត្តយើងឲ្យអធិស្ឋានដោយស្មោះអស់ពីចិត្ត ( សូមមើល មរ៉ូណៃ 7:9 ) ។ សូមឲ្យសិស្សម្នាក់អានការប្រឹក្សាខាងក្រោមពីប្រធាន ព្រិកហាំ យ៉ង់ ៖
« វាមិនសំខាន់ថា អ្នក ឬ ក៍ខ្ញុំមានអារម្មណ៍ថាចង់អធិស្ឋានឬក៏អត់នោះទេ នៅពេលការអធិស្ឋានមកដល់ ចូរអធិស្ឋានចុះ ។ ប្រសិនបើយើងមិនមានអារម្មណ៍ថាចង់អធិស្ឋាន យើងត្រូវអធិស្ឋានរហូតដល់យើងចង់ធ្វើ » ( Teachings of Presidents of the Church: Brigham Young [ ឆ្នាំ 1997 ], ទំព័រ 45 ) ។
-
តើការជ្រើសរើសដើម្បីអធិស្ឋាន ទោះបីជានៅពេលយើងមិនចង់ អាចជួយយើងឲ្យអធិស្ឋានដោយស្មោះអស់ពីចិត្តនៅចុងបញ្ចប់ដោយរបៀបណា ?
-
តើការប្រឹក្សារបស់ប្រធាន ព្រិកហាំ យ៉ង់ អាចទាក់ទងទៅនឹងការគោរពតាមព្រះបញ្ញត្តិផ្សេងទៀតក្រៅពីការអធិស្ឋានដោយរបៀបណា ? ( ប្រសិនបើសិស្សពិបាកនឹងឆ្លើយសំណួរនេះ សូមគិតពីការចែកចាយគំរូខាងក្រោម ៖ មនុស្សខ្លះអាចមិនចូលរួមសាសនាចក្រដោយអស់ពីចិត្តទេ ។ ទោះជាយ៉ាងណាក្ដី ប្រសិនបើពួកគេបន្ដមកព្រះវិហារ និងធ្វើអ្វីទាំងអស់ដែលពួកគេអាចធ្វើដើម្បីចូលរួម និងថ្វាយបង្គំ នោះពួកគេនឹងទទួលបានបទពិសោធន៍ដែលនឹងជួយពួកគេឲ្យរកឃើញសេចក្ដីអំណរក្នុងការមកព្រះវិហារ ។ មូលហេតុមកព្រះវិហាររបស់គេនឹងផ្លាស់ប្ដូរ ។ ពួកគេនឹងចូលរួម ដោយសារពួកគេចង់ទៅទីនោះ —ពួកគេចង់ថ្វាយបង្គំព្រះ រំឭកសេចក្ដីសញ្ញារបស់គេ និងបម្រើដល់អ្នកដទៃ ) ។
ដើម្បីជួយសិស្សឲ្យអនុវត្តការបង្រៀនរបស់លោកមរមនក្នុងការធ្វើកិច្ចការល្អដោយស្មោះអស់ពីចិត្ត នោះសូមរៀបចំសកម្មភាពខាងក្រោមនេះមុនបង្រៀន ៖ សូមរៀបចំកាត់ក្រដាសបីបួនតូចៗ ។ នៅលើក្រដាសនីមួយៗ សូមសរសេរព្រះបញ្ញត្តិមួយ ។ ឧទាហរណ៍ដូចជា ការតមអាហារ ការបង់ដង្វាយមួយភាគក្នុងដប់ ការបម្រើដល់អ្នកដទៃ ការសិក្សាបទគម្ពីរ ការគោរពដល់ឪពុកម្ដាយ និងព្រះបញ្ញត្តិផ្សេងទៀតដែលអ្នកមានអារម្មណ៍ថា អាចជួយដល់សិស្សរបស់អ្នកពិភាក្សា ។ សូមដាក់ក្រដាសនោះនៅក្នុងប្រអប់មួយ ។
នៅក្នុងថ្នាក់ សូមឲ្យសិស្សម្នាក់មកខាងមុខថ្នាក់ ។ សូមឲ្យគាត់យកក្រដាសមួយពីប្រអប់នោះ ហើយអានវាដល់សិស្សក្នុងថ្នាក់ ។ បន្ទាប់មក សូមឲ្យសិស្សធ្វើតាមការណ៍ខាងក្រោមមួយ ឬក៏ទាំងពីរ ៖
-
សូមចែកចាយពីអារម្មណ៍ពេលពួកគេទទួលបានពរជ័យ នៅពេលពួកគេបានគោរពតាមព្រះបញ្ញត្តិដោយស្មោះអស់ពីចិត្ត ។
-
សូមផ្ដល់យោបល់ក្នុងការគោរពតាមព្រះបញ្ញត្តិដោយស្មោះអស់ពីចិត្ត ។
អ្នកអាចធ្វើសកម្មភាពនេះពីរបីដង ។
ក្រោយពីធ្វើសកម្មភាពនេះហើយ សូមគិតពីការចែកចាយបទពិសោធន៍ដែលអ្នកបានមាន នៅពេលអ្នកបានគោរពតាមបទបញ្ញត្តិមួយរបស់ព្រះដោយស្មោះអស់ពីចិត្ត ។
មរ៉ូណៃ 7:12–19
លោកមរមនបង្រៀនពីរបៀបដើម្បីវិនិច្ឆ័យរវាងសេចក្ដីល្អ និងសេចក្តីអាក្រក់
សូមពន្យល់ថា អេសាយបានព្យាករណ៍ថា នៅក្នុងថ្ងៃចុងក្រោយ មនុស្សខ្លះនឹងហៅសេចក្ដីអាក្រក់ថាជាល្អ ហើយល្អថាជាអាក្រក់ ( សូមមើល អេសាយ 5:20; នីហ្វៃទី 2 15:20 ) ។
-
តើមានគំរូអ្វីខ្លះនៃមនុស្សដែលហៅសេចក្ដីអាក្រក់ថាជាល្អ ហើយសេចក្តីល្អថាជាអាក្រក់ ?
-
តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ដើម្បីកុំច្រឡំការល្អ ជាមួយនឹងការអាក្រក់ ?
សូមឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗពី មរ៉ូណៃ 7:12–17 ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម និងរកមើលគោលការណ៍ដែលអាចជួយយើងឲ្យកាត់សេចក្ដីល្អ ពីសេចក្តីអាក្រក់ ។ អ្នកអាចលើកទឹកចិត្តពួកគេឲ្យគូសចំណាំឃ្លាដែលមានន័យជាពិសេសដល់ពួកគេ ។ ដើម្បីជួយដល់សិស្សឲ្យរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញហើយ សូមសួរសំណួរខាងក្រោម ៖
-
តើយើងអាចដឹងថា អ្វីមួយចេញពីព្រះដោយរបៀបណា ? ( សូមប្រាកដថា សិស្សគួររកឃើញនូវសេចក្ដីពិតខាងក្រោមនេះ ៖ អ្វីដែលមកពីព្រះ អញ្ជើញឲ្យយើងធ្វើការល្អ ជឿដល់ព្រះយេស៊ូវគ្រីស្ទ និងសេចក្ដីស្រឡាញ់ បម្រើដល់ព្រះ ) ។
-
តើយើងអាចដឹងថា អ្វីមួយចេញពីសាតាំងដោយរបៀបណា ? ( សូមប្រាកដថា សិស្សគួររកឃើញនូវសេចក្ដីពិតខាងក្រោមនេះ ៖ អ្វីៗដែលបញ្ចុះបញ្ចូលយើងឲ្យធ្វើអាក្រក់ បដិសេធព្រះយេស៊ូវគ្រីស្ទ ឬប្រឆាំងនឹងព្រះ ចេញមកពីសាតាំង ) ។
-
តើមានរបៀបណាខ្លះដែលព្រះអញ្ជើញ និងទាក់ទាញយើងឲ្យធ្វើការល្អជានិច្ច ?
-
តើសាតាំងហៅ និងអូសទាញយើងឲ្យធ្វើអំពើបាបដោយរបៀបណា ?
ដើម្បីរៀបចំសិស្សឲ្យអនុវត្តតាមការបង្រៀនរបស់លោកមរមនអំពីការកាត់សេចក្ដីរវាងការល្អ និងការអាក្រក់ សូមឲ្យពួកគេសរសេរពីកម្មវិធីទូរទស្សន៍ដែលពួកគេចូលចិត្ត រឿង ចម្រៀង ក្រុមតន្រ្ដី ទំព័រអ៊ិនធើណិត កម្មវិធីទូរស័ព្ទ ល្បែងវីដេអូ ឬរបស់ផ្ទាល់ខ្លួននានា ។ ( អ្នកអាចបញ្ជាក់បញ្ជីនេះដោយយោងតាមតម្រូវការ និងចំណាប់អារម្មណ៍របស់សិស្ស ) ។ ក្រោយពីសិស្សបានមានពេលសរសេរគ្រប់គ្រាន់ហើយ សូមឲ្យពួកគេទុកវាមួយអន្លើសិន ។ សូមប្រាប់ពួកគេថា ពួកគេនឹងមានឱកាសមួយដើម្បីគិតថែមទៀតអំពីបញ្ជីរបស់គេក្នុងពេលពីរបីនាទីទៀត ។
-
យោងតាម មរ៉ូណៃ 7:16 តើអ្វីដែលត្រូវបានផ្ដល់មនុស្សគ្រប់គ្នាដើម្បីជួយយើងឲ្យស្គាល់ល្អ ចេញពីអាក្រក់ ?
សូមពន្យល់ថា ព្រះវិញ្ញាណនៃព្រះគ្រីស្ទក៏ត្រូវបានហៅថាជាពន្លឺនៃព្រះគ្រីស្ទដែរ ( សូមមើល មរ៉ូណៃ 7:18 ) ។ ដើម្បីជួយសិស្សឲ្យយល់ពីពន្លឺនៃព្រះគ្រីស្ទ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ព្រះវិញ្ញាណបរិសុទ្ធ និងពន្លឺនៃព្រះគ្រីស្ទខុសពីគ្នា ។ …
« ដោយមិនគិតពីពន្លឺខាងក្រោមនេះ ចំណេះដឹងនៃការត្រូវ និងខុសនេះ ត្រូវបានហៅថាជាពន្លឺនៃព្រះគ្រីស្ទ ន័យខាងសីលធម៌ ឬសតិសម្បជញ្ញៈ វាអាចដឹកនាំយើងទៅរកការចេះប្រមាណដល់សកម្មភាពរបស់យើង —រហូតដល់យើងកាត់បន្ថយ ឬបំបាត់វាបាន ។ …
« បុរស ស្ដ្រី និងកុមាររាល់រូបក្នុងគ្រប់ជាតិសាសន៍ ជំនឿ ឬពណ៌សម្បុរ —គ្រប់គ្នាមិនថាកន្លែងណាដែលពួកគេរស់នៅ ឬអ្វីដែលពួកគេជឿ ឬអ្វីដែលពួកគេធ្វើ —មាននៅក្នុងខ្លួនគេនូវពន្លឺនៃព្រះគ្រីស្ទដែលមិនអាចត្រូវបំផ្លាញបាន » ( « The Light of Christ » Ensign, ខែ មេសា ឆ្នាំ 2005, ទំព័រ 8–10 ) ។
-
តើបុគ្គលម្នាក់អាចកាត់បន្ថយ ឬបំបាត់ពន្លឺនៃព្រះគ្រីស្ទដែលមាននៅក្នុងខ្លួនគេដោយរបៀបណា ?
សូមឲ្យសិស្សអាន មរ៉ូណៃ 7:18–19 ដោយស្ងាត់ស្ងៀម និងរកមើលការប្រឹក្សារបស់លោកមរមនអំពីរបៀបដើម្បីឆ្លើយតបទៅនឹងពន្លឺនៃព្រះគ្រីស្ទដែលមាននៅក្នុងខ្លួនយើង ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរៀន ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណាក្នុងការ « ព្យាយាមស្វែងរកនៅក្នុងពន្លឺនៃព្រះគ្រីស្ទ » ?
-
តើគោលការណ៍អ្វីដែលយើងអាចរៀនពី មរ៉ូណៃ 7:19 ? ( ចម្លើយរបស់សិស្សគួររកឃើញនូវគោលការណ៍ដូចខាងក្រោមនេះ ៖ នៅពេលយើងព្យាយាមស្វែងរកនៅក្នុងពន្លឺនៃព្រះគ្រីស្ទ យើងអាចបែងចែករវាងល្អ និងអាក្រក់បាន ។ ប្រសិនបើយើងក្ដាប់ជាប់នូវគ្រប់ទាំងអ្វីៗដែលល្អ យើងនឹងក្លាយជាកូនរបស់ព្រះគ្រីស្ទ ។ ប្រសិនបើសិស្សត្រូវការជំនួយដើម្បីយល់ពីឃ្លា « កូនរបស់ព្រះគ្រីស្ទ » អ្នកអាចបើកទៅមើលមេរៀនទី 55 នៅក្នុងសៀវភៅណែសិក្សានេះ ) ។
-
តើនៅពេលណាដែលអ្នកបានស្វែងចង់ដឹងថា តើអ្វីមួយល្អ ឬសមរម្យនោះ ? តើអ្នកបានធ្វើអ្វីខ្លះដើម្បី « ព្យាយាមស្វែងរក » ដើម្បីដឹងថាតើវាជាការណ៍ល្អ ឬសមរម្យឬអត់នោះ ?
សូមឲ្យសិស្សបើកទៅបញ្ជីដែលពួកគេបានសរសេរមុននេះ ។ សូមបង្ហាញ ឬអានឮៗនូវសំណួរខាងក្រោមនេះ ហើយសូមឲ្យសិស្ស « ព្យាយាមស្វែងរកនៅក្នុងពន្លឺនៃព្រះគ្រីស្ទ » ( មរ៉ូណៃ 7:19 ) នៅពេលពួកគេកត់ត្រាចម្លើយរបស់គេចំពោះសំណួរទាំងនេះ ។ សូមកុំបង្ខំក្នុងការធ្វើសកម្មភាពនេះ ។ សូមឲ្យសិស្សមានពេលគ្រប់គ្រាន់ដើម្បីសញ្ជឹងគិត និងសរសេរ ។ សូមប្រាប់សិស្សថា អ្នកនឹងមិនសុំឲ្យពួកគេចែកចាយចម្លើយរបស់គេទេ ។
-
តើរឿងទាំងនេះអញ្ជើញអ្នកឲ្យធ្វើល្អ ជឿលើព្រះយេស៊ូវគ្រីស្ទ និងស្រឡាញ់ព្រះ និងបម្រើដល់ទ្រង់បានល្អប៉ុណ្ណា ?
-
តើរឿងទាំងនេះណាខ្លះដែលព្យាយាមបញ្ចុះបញ្ចូលអ្នកឲ្យធ្វើអាក្រក់ សង្ស័យលើព្រះយេស៊ូវគ្រីស្ទ ឬឈប់បម្រើដល់ព្រះនោះ ?
-
តើអ្នកមានអារម្មណ៍ថា អ្នកគួរលុបចោលរឿងទាំងនេះខ្លះៗចេញពីជីវិតរបស់អ្នកទេ ? បើដូច្នោះ តើអ្នកនឹងធ្វើវាដោយរបៀបណា ?
សូមបង្ហាញថា ពេលខ្លះវាអាចពិបាកដើម្បីធ្វើអ្វីដែលយើងដឹងថាត្រឹមត្រូវ នៅពេលវាតម្រូវឲ្យលះបង់អ្វីដែលយើងចូលចិត្ត ។ ដើម្បីជួយសិស្សឲ្យគាំទ្រដល់គ្នាទៅវិញទៅមកក្នុងការខិតខំនេះ សូមសួរ ៖
-
តើដំបូន្មានអ្វីដែលអ្នកនឹងផ្ដល់ ដើម្បីជួយដល់នរណាម្នាក់ឲ្យលះបង់អ្វីដែលមិនល្អ ឬសមរម្យ ?
ដើម្បីបញ្ចប់ សូមបញ្ជាក់ថា នៅពេលយើងធ្វើតាមពន្លឺនៃព្រះគ្រីស្ទ នោះយើងអាចស្គាល់ថា អ្វីដែលល្អ ចៀសវាងការបោកបញ្ឆោតរបស់សាតាំង និងរស់នៅជាអ្នកដើរតាមរបស់ព្រះយេស៊ូវគ្រីស្ទ ។