មេរៀនទី 62
ម៉ូសាយ 19–20
សេចក្តីផ្ដើម
ក្រោយពីអាលម៉ា និង ប្រជាជនរបស់គាត់បានគេចពីកងទ័ពរបស់ស្ដេចណូអេ ស្ដេចណូអេ និង ប្រជាជនរបស់ទ្រង់បានចាប់ផ្ដើមរងទុក្ខនឹងលទ្ធផលនៃភាពមិនសុចរិតរបស់ពួកគេ ដូចដែលបានព្យាករណ៍ដោយអ័ប៊ីណាដៃ— ពួកគេត្រូវបានវាយប្រហារ និង ដាក់ក្នុងសេវកភាពដោយសាសន៍លេមិន ហើយស្ដេចណូអេបានរងទុក្ខដល់សុគតដោយភ្លើង ។ កូនប្រុសរបស់ណូអេ លិមហៃ បានក្លាយជាស្ដេចបន្ទាប់ពីណូអេសុគត ។ នៅពេលពួកសង្ឃរបស់ស្ដេចណូអេពីមុនបានចាប់ពង្រត់កូនស្រីនៃសាសន៍លេមិនមួយក្រុម សាសន៍លេមិនបានបន្ទោសដល់ប្រជាជនរបស់លិមហៃ ហើយបានរៀបចំដើម្បីវាយលុកពួកគេ ។ ប្រជាជនរបស់លិមហៃបានច្បាំងដោយក្លាហាន ហើយពួកគេបានរងរបួស ហើយបានចាប់យកស្ដេចនៃសាសន៍លេមិន ។ លិមហៃបាននាំសន្ដិភាពដល់ស្ដេចសាសន៍លេមិន ដែលក្រោយមកបានបញ្ចុះបញ្ចូលប្រជាជនរបស់ខ្លួនឲ្យត្រឡប់ទៅដែនដីខ្លួនវិញដោយសេចក្ដីសុខសាន្ដ ។
យោបល់សម្រាប់ការបង្រៀន
ម៉ូសាយ 19–20
សាសន៍នីហ្វៃនៅក្នុងដែនដីលីហៃ-នីហ្វៃបានទទួលនូវការបំពេញនៃការព្យាករណ៍របស់អ័ប៊ីណាដៃ
សូមឲ្យសិស្សគិតពីពេលមួយ ដែលនរណាម្នាក់បានព្រមានដល់ពួកគេពីគ្រោះថ្នាក់មួយដែលពួកគេមិនអាចមើលឃើញ ។ សូមឲ្យពួកគេប្រាប់ពីរបៀបដែលពួកគេត្រូវបានប្រទានពរ ដោយសារពួកគេបានធ្វើតាមការព្រមាននោះ ។ សូមជួយសិស្សឲ្យពិភាក្សាពីគោលបំណងនៃការព្រមានដោយការសួរសំណួរខាងក្រោម ៖
-
តើអ្វីជាគោលបំណងនៃការព្រមាននោះ ? តើនរណាដែលព្រមានអ្នកអំពីរឿងដែលអ្នកមិនគួរធ្វើ ឬ រឿងដែលអាចធ្វើឲ្យអ្នកគ្រោះថ្នាក់ ?
-
តើព្រះលាតត្រដាងការព្រមានខាងវិញ្ញាណដល់សាសនាចក្ររបស់ទ្រង់ដល់អ្នកណា ?
សូមរំឭកសិស្សថា ព្រះអម្ចាស់បានបញ្ជូនអ័ប៊ីណាដៃឲ្យទៅព្រមានសាសន៍នីហ្វៃអំពីលទ្ធផលនៃអំពើបាបរបស់ពួកគេ ។ ដើម្បីជួយសិស្សឲ្យរំឭកពីការព្យាករណ៍របស់អ័ប៊ីណាដៃដល់សាសន៍នីហ្វៃនៅក្នុងដែនដីលីហៃ-នីហ្វៃ សូមចម្លងតារាងខាងក្រោមដាក់លើក្ដារខៀន ។ សូមប្រាកដថា អ្នកទុកកន្លែងល្មមឲ្យសិស្សសរសេរនៅក្រោមវគ្គនៃសេចក្ដីយោងព្រះគម្ពីរនីមួយៗ ។
ការព្យាករណ៍អំពីប្រជាជនរបស់ស្ដេចណូអេ ( (ម៉ូសាយ 12:1–2; 17:17 ) |
ការបំពេញ ( ម៉ូសាយ 19:10, 14–15; 20:20; 21:2–4 ) |
ការព្យាករណ៍អំពីស្ដេចណូអេ ( ម៉ូសាយ 12:3; 17:18 ) |
ការបំពេញ ( ម៉ូសាយ 19:18–20 ) |
សូមឲ្យសិស្សម្នាក់អាន ម៉ូសាយ 12:1–2 ឮៗ ។ សូមឲ្យសិស្សរកនូវអ្វីដែលអ័ប៊ីណាដៃបានព្យាករណ៍ថានឹងកើតឡើងដល់ប្រជាជនរបស់ស្ដេចណូអេ ដោយសារពួកគេមិនព្រមប្រែចិត្ត ។ សូមឲ្យសិស្សម្នាក់សរសេរលទ្ធផលទាំងនេះនៅក្នុងប្រអប់នៅខាងឆ្វេងផ្នែកខាងលើនៃតារាងនៅលើក្ដារខៀន ។ សូមឲ្យសិស្សផ្សេងទៀតអាន ម៉ូសាយ 12:3 ឮៗ ។ សូមឲ្យសិស្សរកមើលអ្វីដែលអ័ប៊ីណាដៃបានព្យាករណ៍ថានឹងកើតឡើងដល់ស្ដេចណូអេ ។ សូមឲ្យសិស្សម្នាក់សរសេរលទ្ធផលនេះនៅក្នុងតារាង ។
ដើម្បីជួយសិស្សឲ្យគិតអំពីសារសំខាន់នៃការព្រមានខាងវិញ្ញាណដែលយើងទទួលតាមរយៈព្យាការី សូមចែកចាយនូវរឿងខាងក្រោមដោយអែលឌើរ ដេវីឌ អ ស្ដូន នៃក្រុមចិតសិបនាក់ ៖
« នាព្រឹកថ្ងៃអាទិត្យមួយ ជាងមួយឆ្នាំកន្លងទៅ យើងបានក្រោកឡើងនាថ្ងៃដ៏ល្អក្នុងទីក្រុង សានតូ ដូមីងហ្គូ នៃសាធារណរដ្ឋដូមីនីកាំង ។ ព្រះអាទិត្យនាំសមុទ្រការីប៊ីនបានរះ ហើយផ្ទៃមេឃស្រឡះ ។ ខ្យល់ដ៏ស្រទន់បានបក់មក ស្ទើរមិនធ្វើឲ្យស្លឹកឈើរង្គើ វាក្ដៅល្មម ហើយសុខសាន្ដ និង ស្ងប់ស្ងាត់ ។ ប៉ុន្ដែឆ្ងាយឯនាយសមុទ្រ លើសពីការមើលឃើញដោយភ្នែកយើងខាងសាច់ឈាមនាថ្ងៃនោះ ព្យុះដ៏កំណាចបានមក ដែលមិនអាចទប់ទល់បាន ។ មជ្ឈមណ្ឌលខ្យល់ព្យុះ ដោយមានការទទួលខុសត្រូវដើម្បីតាមដាន និង ព្យាករណ៍ផ្លូវនៃខ្យល់ព្យុះចច បានប្រាប់ពីព័ត៌មានជាបន្ដបន្ទាប់ភ្លាមៗដែលមាននៅក្នុងអ៊ិនធើណិត ។ នៅក្នុងព្រឹកដ៏សន្ដិភាព ស្ងប់ស្ងាត់នោះ ដោយក្រសែភ្នែកដែល ឃើញ ទៅលើផ្ទៃមេឃ ខ្ញុំបានឃើញផ្លូវនៃព្យុះដែលបានព្យាករណ៍នោះ សំដៅមកបេះដូងនៃទីក្រុងសានតូ ដូមីងហ្គូ ដូចជាព្រួញមួយ ។
« នៅក្នុងរយៈពេល 48 ម៉ោង ព្យុះនោះបានបក់បោកកោះយ៉ាងខ្លាំង … ដោយកំណាច ដោយបន្សល់នូវការបំផ្លាញ ភាពឯកោ និង ការស្លាប់ដោយការបោកបក់ដ៏ខ្លាំងនោះ ។ …
« ការខូចខាត និងការបំផ្លាញ និងការស្លាប់ដ៏ក្រៃលែងពីគ្រោះមហន្ដរាយនៃកម្លាំងខាងសាច់ឈាមដ៏ខ្លាំងនេះអាចកើតឡើង ការបំផ្លិចបំផ្លាញដែលខ្លាំងជាងនេះទៅទៀត នៅក្នុងជីវិតរបស់មនុស្សគឺខ្យល់ព្យុះខាងវិញ្ញាណ ។ កម្លាំងដ៏ខ្លាំងទាំងនេះជាញឹកញាប់បណ្ដាលឲ្យមានការខូចខាតយ៉ាងខ្លាំងជាងខ្យល់ព្យុះកំបុតត្បូងខាងសាច់ឈាមទៅទៀត ដោយសារវាបំផ្លាញព្រលឹងយើង ហើយឆក់យើងពីការរំពឹង និង ការសន្យាដ៏នៅអស់កល្បជានិច្ចរបស់យើង ។ …
« ប៉ុន្ដែយើងក៏មានអ្នកយាមខ្យល់ព្យុះខាងវិញ្ញាណដែរ អ្នកទាំងឡាយដែលត្រូវបានហៅឲ្យឃ្លាំមើល និង ព្រមាន ដោយជួយយើងឲ្យចៀសចេញពីការខូចខាតខាងវិញ្ញាណ ការបំផ្លាញ ហើយនិងសេចក្ដីស្លាប់ ។ អ្នកយាមរបស់យើងនៅលើប៉ម ដែលយើងស្គាល់ថាជាសាវក និង ព្យាការី ។ ពួកគាត់គឺជាភ្នែកខាងវិញ្ញាណរបស់យើងនៅលើមេឃ ហើយតាមរយៈការបំផុសគំនិត និង ការយល់ដឹង និង ប្រាជ្ញាដ៏បរិសុទ្ធ ពួកគាត់ដឹងពីផ្លូវដែលព្យុះទាំងនេះអាចនឹងមក ។ ពួកគាត់បន្ដបន្លឺសំឡេងដើម្បីព្រមានដល់យើងអំពីលទ្ធផលដ៏សោកសៅនៃការរំលងដ៏ចចេស និង គ្មានត្រាប្រណីនៃព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ។ ការព្រងើយនឹងការព្រមានទាំងនេះដោយមានចេតនា គឺត្រូវរងទុក្ខ សោកស្ដាយ និង បំផ្លាញ ។ ការធ្វើតាមពួកគាត់ គឺធ្វើតាមអ្នកបម្រើដែលត្រូវបានជ្រើសរើសរបស់ព្រះអម្ចាស់ទៅកាន់កន្លែងស្ងប់ស្ងាត់ និង សំបូរសប្បាយខាងវិញ្ញាណ » ( “ Spiritual Hurricanes ” Ensign ខែ វិច្ឆិកា ឆ្នាំ 1999 ទំព័រ 31–32 ) ។
-
តើរឿងនេះទាក់ទងនឹងតួនាទីរបស់អ័ប៊ីណាដៃក្នុងចំណោមប្រជាជនរបស់ស្ដេចណូអេដោយរបៀបណា ?
សូមប្រាប់សិស្សថា សកម្មភាពខាងក្រោមនឹងជួយពួកគេឲ្យស្គាល់សាច់រឿងនៃ ម៉ូសាយ 19–20 ហើយឃើញពីការបំពេញនៃការព្យាករណ៍របស់អ័ប៊ីណាដៃនៅក្នុងជំពូកទាំងនេះ ។ ក្រោយពីសកម្មភាពនេះ សិស្សនឹងបំពេញកូឡោនខាងស្ដាំនៃតារាងលើក្ដារខៀន ។
សូមសរសេរប្រយោគដប់មួយខាងក្រោមនៅលើក្ដារខៀនមុនចាប់ផ្ដើមថ្នាក់ ឬ សូមរៀបចំវាជាក្រដាសចែកឲ្យសិស្ស ។ សូមឲ្យសិស្សអាន ម៉ូសាយ 19–20 ។ នៅពេលពួកគេអាន សូមឲ្យពួកគេដាក់លេខតាមលំដាប់នៃព្រឹត្តិការណ៍ក្នុងបញ្ជី ។ អ្នកអាចប្រាប់សិស្សថា ការសង្ខេបជំពូកទាំងឡាយផ្ដល់នូវតម្រុយដែលអាចជួយបាន ។
សូមឲ្យសិស្សបំពេញសកម្មភាពរយៈពេលប្រាំទៅដប់នាទី ។ បន្ទាប់មក សូមប្រើបញ្ជីនេះដើម្បីរំឭកខ្សែរឿងនៃ ម៉ូសាយ 19–20 ។ ( លំដាប់នៃហេតុការណ៍ដែលត្រូវ គឺចាប់ពីខាងលើនៃបញ្ជី គឺមានដូចតទៅ ៖ 1, 4, 5, 2, 8, 11, 3, 10, 7, 6, 9 ។ )
សូមឲ្យសិស្សមើលទៅតារាងនៅលើក្ដារខៀន ។ សូមឲ្យសិស្សក្នុងថ្នាក់ធ្វើការជាពីរក្រុម ។ សូមឲ្យក្រុមមួយអាន ម៉ូសាយ 19:10, 14–15; 20:20; 21:2–4 ដើម្បីរកមើលពីរបៀបដែលការព្យាករណ៍របស់អ័ប៊ីណាដៃអំពីប្រជាជនរបស់ស្ដេចណូអេត្រូវបានបំពេញ ។ សូមឲ្យក្រុមទីពីរអាន ម៉ូសាយ 19:18–20 ដើម្បីរកមើលពីរបៀបដែលការព្យាករណ៍របស់អ័ប៊ីណាដៃអំពីស្ដេចណូអេត្រូវបានបំពេញ ។ សូមឲ្យសិស្សម្នាក់ពីក្រុមនីមួយៗសង្ខេបពីរបៀបដែលការព្យាករណ៍របស់អ័ប៊ីណាដៃត្រូវបានបំពេញ ។ សូមឲ្យសិស្សម្នាក់ទៀតសរសេរការសង្ខេបរបស់ពួកគេនៅក្នុងតារាង ។
សូមឲ្យសិស្សអាន ម៉ូសាយ 20:21 ដោយស្ងាត់ៗ ។
-
តើអ្វីទៅដែលគេឌានបាននិយាយ ថាជាមូលហេតុនៃការរងទុក្ខរបស់ប្រជាជននោះ ?
សូមឲ្យសិស្សពន្យល់ជាសម្ដីខ្លួនឯងពីអ្វីដែលគេឌានចង់ឲ្យប្រជាជនយល់ ។ ខណៈដែលពួកគេអាចប្រើពាក្យខុសគ្នា សិស្សគួរបង្ហាញការយល់ថា ការបដិសេធព្រះបន្ទូលនៃអ្នកបម្រើរបស់ព្រះអម្ចាស់នាំមកនូវការរងទុក្ខ និង ការសោកសង្រេង ។( អ្នកអាចសរសេរគោលការណ៍នេះលើក្ដារខៀន ។ )
សូមប្រាប់សិស្សថា ព្រះអម្ចាស់បានប្រទានការព្រមានស្រដៀងគ្នានេះទៅដល់អ្នកនៅក្នុងថ្ងៃចុងក្រោយដែលមិនបានស្ដាប់តាមសំឡេងរបស់ទ្រង់ ។ សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា 133:70–72 ឮៗ ។ អ្នកអាចស្នើថា សិស្សគួរសរសេរសេចក្ដីយោងនេះនៅគែមទំព័រនៃព្រះគម្ពីររបស់ពួកគេក្បែរ ម៉ូសាយ 20:21 ។
-
តើព្យាការី និង ពួកសាវកបង្រៀនអ្វីខ្លះនៅក្នុងជំនាន់របស់យើង ដែលនឹងជួយយើងឲ្យចៀសវាងពីការរងទុក្ខ និង ការសោកសង្រេង ? តើពួកគាត់បង្រៀនអ្វីខ្លះ ដែលនឹងជួយនាំយើងទៅកាន់សេចក្ដីសុខសាន្ដ និងសុភមង្គល ហើយជួយយើងឲ្យត្រឡប់ទៅកាន់វត្តមានរបស់ព្រះ ? ( អ្នកអាចបង្ហាញដល់សិស្សនូវការបោះពុម្ពសន្និសីទទូទៅថ្មីៗមួយពី Ensign និង និយាយអំពីចំណងជើងខ្លះៗនៃសុន្ទរកថាដែលថ្លែងដោយព្យាការី ។
សូមឲ្យសិស្សប្រាប់ពីពេលដែលពួកគេត្រូវបានប្រទានពរ ដោយសារពួកគេបានធ្វើតាមការប្រឹក្សារបស់អ្នកដឹកនាំសាសនាចក្រ ។
ដើម្បីជួយសិស្សឲ្យយល់ថា ការគោរពតាមពាក្យរបស់ព្យាការីអាចនាំមកនូវសន្ដិភាព និង ជួយយើងឲ្យត្រឡប់ទៅកាន់វត្តមានរបស់ព្រះវិញ សូមចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រ៉ូបឺត ឌី ហែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« សុវត្ថិភាពខាងវិញ្ញាណរបស់យើងស្ថិតលើការបែរទៅរកសំឡេងដ៏ច្បាស់របស់ព្យាការីដែលនៅរស់របស់យើង ។ ប្រសិនបើយើងស្ដាប់តាមសំឡេងរបស់គាត់ ហើយគោរពតាមការណែនាំរបស់គាត់ យើងនឹងអាចរស់នៅដូចដែលព្រះគ្រីស្ទចង់ឲ្យយើងរស់នៅ ហើយស៊ូទ្រាំដល់ទីបញ្ចប់ដើម្បីនៅថ្ងៃមួយ យើងជាមួយនឹងគ្រួសាររបស់យើង នឹងត្រឡប់ទៅកាន់វត្តមាននៃព្រះវរបិតាសួគ៌របស់យើង និង ព្រះអង្គសង្គ្រោះយេស៊ូវគ្រីស្ទ » (” Hear the Prophet’s Voice and Obey ,” Ensign ខែ ឧសភា ឆ្នាំ 1995 ឆ្នាំ 17 ) ។
សូមបញ្ចប់មេរៀននេះដោយការថ្លែងទីបន្ទាល់ពីសេចក្ដីសុខសាន្ដ និង សុវត្ថិភាពខាងវិញ្ញាណដែលមកពីការធ្វើតាមការប្រឹក្សានៃអ្នកបម្រើរបស់ព្រះអម្ចាស់ ។