មេរៀនទី 146
អេធើរ 4–5
សេចក្តីផ្ដើម
ព្រះអម្ចាស់បានបញ្ជាដល់លោកមរ៉ូណៃឲ្យបិទត្រានូវការនិមិត្តដែលបានកត់ត្រាទុកអំពីបងប្រុសរបស់លោកយ៉ារេឌ និងបានពន្យល់ថា ការសរសេរទាំងនេះនឹងត្រូវបានបង្ហាញ នៅពេលប្រជាជនមានសេចក្ដីជំនឿដូចជាបងប្រុសរបស់យ៉ារេឌ ។ លោកមរ៉ូណៃបានព្យាករណ៍ថា សាក្សីបីនាក់នឹងថ្លែងទីបន្ទាល់អំពីសេចក្ដីពិតពេញលេញនៃព្រះគម្ពីរមរមននៅក្នុងថ្ងៃចុងក្រោយ ។
យោបល់សម្រាប់ការបង្រៀន
អេធើរ 4:1–7
លោកមរ៉ូណៃកត់ត្រា និងបិទត្រានូវដំណើរឿងពេញលេញនៃការនិមិត្តរបស់បងប្រុសរបស់យ៉ារេឌ
សូមឲ្យសិស្សគិតអំពីវត្ថុមួយដែលមានតម្លៃជាពិសេស ដល់ពួកគេ ឬដល់គ្រួសាររបស់ពួកគេ ហើយថាពួកគេអាចរក្សាទុកវាកុំឲ្យក្មេងៗប៉ះពាល់វា ។ ជាឧទាហរណ៍ អ្នកអាចបង្ហាញ ឬរៀបរាប់ពីអ្វីមួយដែលមានតម្លៃដល់អ្នក ។
-
ហេតុអ្វីបានជាអ្នកនឹងមិនអនុញ្ញាតឲ្យក្មេងម្នាក់ឈោងចាប់យកវត្ថុបែបនោះបាន ?
-
តើក្មេងម្នាក់នោះនឹងត្រូវរៀន ឬធ្វើអ្វីខ្លះ មុនពេលអ្នកនឹងទុកចិត្តលើគេថាគេអាចកាន់វត្ថុនោះបាន ?
សូមពន្យល់ថា សេចក្ដីពិតនៃដំណឹងល្អមានតម្លៃជាខ្លាំងដល់ព្រះអម្ចាស់ ។ ទ្រង់ចង់ចែករំលែកវាទាំងអស់ដល់យើង ប៉ុន្ដែទ្រង់រង់ចាំ រហូតដល់យើងរួចរាល់ជាស្រេចដើម្បីទទួលវា ។ នៅពេលសិស្សសិក្សាពី អេធើរ 4 អំឡុងពេលមេរៀននេះ សូមអញ្ជើញពួកគេឲ្យរកមលើគោលការណ៍នានាដែលអាចជួយពួកគេឲ្យរៀបចំដើម្បីទទួលបានសេចក្ដីពិតមកពីព្រះអម្ចាស់ ។
សូមឲ្យសិស្សម្នាក់អាន អេធើរ 4:1– 5 ហើយសូមឲ្យសិស្សក្នុងថ្នាក់រកមើលអ្វីដែលព្រះអម្ចាស់បានបញ្ជាឲ្យលោកមរ៉ូណៃកត់ត្រា និងបិទត្រាទុក ។
-
តើលោកមរ៉ូណៃត្រូវបានបញ្ជាឲ្យ « បិទទុក » អ្វី ?
សូមពន្យល់ថា លោកមរ៉ូណៃបានបញ្ចប់កំណត់ត្រាអំពីបងប្រុសរបស់យ៉ារេឌនៅក្នុងរបៀបមួយដែលជាញឹកញាប់ត្រូវបានហៅថា ចំណែកបិទត្រាទុកនៃព្រះគម្ពីរមរមន ។ ( អ្នកអាចបង្ហាញតារាងដែលមានចំណងជើងថា ប្រភពនៃព្រះគម្ពីរមរមន ដែលស្ថិតនៅក្នុងឧបសម្ព័ន្ធនៅចុងបញ្ចប់នៃសៀវភៅណែនាំនេះ ) ។
-
តើលោកមរ៉ូណៃបានរៀបរាប់អ្វីដែលបងប្រុសរបស់យ៉ារេឌបានឃើញដោយរបៀបណា ? ( សូមមើល អេធើរ 4:4 ) ។
ដើម្បីជួយសិស្សឲ្យសិក្សាបន្ថែមទៀតអំពីអ្វីដែលព្រះអម្ចាស់បានបង្ហាញដល់បងប្រុសរបស់យ៉ារេឌ សូមឲ្យពួកគេអាន អេធើរ 3:25–26 និង នីហ្វៃទី 2 27:8–10 ដោយស្ងាត់ស្ងៀម ។ បន្ទាប់មក សួរពួកគេនូវសំណួរដូចខាងក្រោមនេះ ៖
-
យោងតាម អេធើរ 3:25–26 តើព្រះអម្ចាស់បានបង្ហាញអ្វីដល់បងប្រុសរបស់យ៉ារេឌ ?
-
យោងតាម នីហ្វៃទី 2 27:10 តើចំណែកបិទត្រាទុកនៃព្រះគម្ពីរមរមនរួមមានអ្វីខ្លះ ?
សូមឲ្យសិស្សម្នាក់អាន អេធើរ 4:6–7 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម និងរកមើលលក្ខខណ្ឌដែលត្រូវតែមាន មុនពេលវិវរណៈទាំងឡាយដែលត្រូវបានប្រទានដល់បងប្រុសរបស់យ៉ារេឌ ត្រូវបានប្រកាសប្រាប់ ។ អ្នកអាចអញ្ជើញសិស្សឲ្យគូសចំណាំអ្វីដែលពួកគេរកឃើញនៅក្នុងព្រះគម្ពីររបស់ពួកគេ ។
-
តើលក្ខខណ្ឌអ្វីខ្លះដែលអ្នកបានរកឃើញ ?
-
តើគោលការណ៍អ្វីខ្លះអំពីការទទួលបាននូវវិវរណៈ ដែលយើងអាចរៀនពីវគ្គគម្ពីរនេះ ? ( សូមជួយសិស្សឲ្យឃើញថា នៅពេលយើងប្រែចិត្ត និងអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ នោះយើងអាចទទួលបានវិវរណៈបន្ថែមទៀត ) ។
-
តើអ្នកគិតថា ហេតុអ្វីបានជាយើងត្រូវប្រែចិត្ត និងត្រូវតែស្អាតស្អំដើម្បីទទួលបានវិវរណៈបន្ថែមទៀត ?
ដើម្បីជួយសិស្សឲ្យយល់ពីអត្ថន័យនៃ « អនុវត្តសេចក្ដីជំនឿ … ដូចដែលបងរបស់យ៉ារេឌបានធ្វើ » ( អេធើរ 4:7 ) សូមឲ្យពួកគេសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់អំពីអ្វីដែលពួកគេអាចចងចាំឲ្យច្រើនតាមដែលអាចធ្វើទៅបានថា បងប្រុសរបស់យ៉ារេឌបានបង្ហាញសេចក្ដីជំនឿលើព្រះអម្ចាស់ ។ អ្នកអាចណែនាំថា ពួកគេគួរតែរំឭក អេធើរ 1–3 នៅពេលពួកគេប្រមូលនូវគំនិតទាំងនេះ ។ នៅពេលពួកគេមានពេលគ្រប់គ្រាន់ដើម្បីសញ្ជឹងគិត និងសរសេរហើយ សូមឲ្យសិស្សពីរបីនាក់អានឧទាហរណ៍ខ្លះដែលពួកគេបានសរសេរ និងឲ្យគេពន្យល់ពីមូលហេតុដែលឧទាហរណ៍ទាំងនោះបានធ្វើឲ្យពួកគេរំភើប ។
សូមរំឭកសិស្សអំពីវត្ថុដ៏មានតម្លៃដែលពួកគេបានគិត នៅពេលចាប់ផ្ដើមថ្នាក់ និងពីលក្ខខណ្ឌដែលពួកគេនឹងដាក់មុនពេលពួកគេទុកចិត្តលើក្មេងម្នាក់ ។ សូមធ្វើទីបន្ទាល់ថា តាមរបៀបដូចគ្នានេះ ព្រះអម្ចាស់តម្រូវឲ្យកូនចៅរបស់ទ្រង់បំពេញតាមលក្ខខណ្ឌមួយចំនួន មុនពេលទ្រង់នឹងបង្ហាញសេចក្ដីពិតទាំងឡាយរបស់ទ្រង់ដល់ពួកគេ ។ ទ្រង់តម្រូវឲ្យយើងបង្ហាញនូវការរៀបចំជាស្រេចខាងវិញ្ញាណ និងសេចក្ដីជំនឿរបស់យើង ។
អេធើរ 4:8–19
ព្រះអម្ចាស់បង្រៀនពីអ្វីដែលយើងត្រូវធ្វើ ដើម្បីទទួលបានវិវរណៈបន្ថែមទៀត
សូមលើកក្រណាត់មួយផ្ទាំងឡើង ។ សូមពន្យល់ថា ព្រះអម្ចាស់បានបង្រៀនគោលការណ៍ទាំងឡាយដែលអាចជួយយើងឲ្យទទួលបាននូវវិវរណៈ ។ នៅពេលទ្រង់បានបង្រៀនពីគោលការណ៍ទាំងនេះ ទ្រង់បានសំដៅទៅលើវាំងននមួយ ។ វាំងនន គឺជាស្បៃមួយ ឬក្រណាត់មួយផ្ទាំងដែលត្រូវបានប្រើដើម្បីគ្រប ឬបាំងអ្វីមួយ ។
សូមឲ្យសិស្សអាន អេធើរ 4:15 ដោយស្ងាត់ស្ងៀម ហើយរកមើលឃ្លាដែលរួមមាននូវពាក្យ វាំងនន ។
-
តើវាំងននប្រភេទណាដែលព្រះអម្ចាស់សំដៅលើនោះ ? ( « វាំងនននៃការឥតជំនឿ » មួយ ) ។ តើការឥតជំនឿដូចជាវាំងននមួយដោយរបៀបណា ?
-
ពាក្យ ហែក មានន័យថាជ្រៀក ឬបែងចែក ។ តើអ្នកគិតថា វាមានន័យយ៉ាងណាក្នុងការ « ហែកវាំងនននៃការឥតជំនឿមួយ » ?
សូមឲ្យសិស្សម្នាក់អាន អេធើរ 4:8 ឮៗ ហើយសិស្សម្នាក់ទៀតអាន អេធើរ 4:11 ឮៗ ហើយម្នាក់ទៀតអាន អេធើរ 4:15 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម និងរកមើលអ្វីដែលអាចរារាំងយើងពីការទទួលបាននូវវិវណៈ និងអ្វីដែលអាចជួយយើងឲ្យ « ហែកវាំងនននៃការឥតជំនឿ » ហើយទទួលបាននូវវិវរណៈបន្ថែមទៀត ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដើម្បី « តតាំងទាស់នឹងព្រះបន្ទូលនៃព្រះអម្ចាស់ » ? ( អេធើរ 4:8 ) ។
-
យោងតាម អេធើរ 4:8 តើលទ្ធផលអ្វីដែលយើងនឹងជួប នៅពេលយើងតតាំងទាស់នឹងព្រះបន្ទូលនៃព្រះអម្ចាស់ ?
-
ស្របតាម អេធើរ 4:11 តើអ្វីជាពរជ័យមួយ ដែលយើងទទួលបាន នៅពេលយើងជឿតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ?
សូមសរសេរឃ្លាមិនពេញលេញខាងក្រោមនៅលើក្តារខៀន ៖
សូមឲ្យសិស្សបំពេញប្រយោគនេះ ស្របតាមអ្វីដែលពួកគេបានរៀនពីក្នុងខគម្ពីរទាំងនេះ ។ ទោះបីជាសិស្សអាចមានចម្លើយខុសគ្នាក្ដី សូមប្រាកដថា ពួកគេរកឃើញគោលការណ៍ខាងក្រោម ៖ នៅពេលយើងជឿតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ នោះព្រះអម្ចាស់នឹងប្រទានពរដល់យើងឲ្យទទួលបានវិវរណៈបន្ថែមទៀត ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ។ អ្នកក៏អាចអញ្ជើញសិស្សឲ្យសរសេរវានៅក្នុងព្រះគម្ពីររបស់គេក្បែរ អេធើរ 4:11 ។
ដើម្បីជួយសិស្សឲ្យយល់ពីគោលការណ៍នេះ សូមសួរ ៖
-
តើអ្នកគិតថា ហេតុអ្វីបានជាយើងត្រូវជឿលើសេចក្ដីពិត ដែលយើងបានទទួលរួចមកហើយ មុនពេលព្រះអម្ចាស់នឹងប្រទានដល់យើងបន្ថែមទៀតនោះ ?
សូមឲ្យសិស្សម្នាក់សរសេរនៅលើក្ដារខៀននូវគំរូនៃការអនុវត្តសេចក្ដីជំនឿខាងក្រោមនៅក្នុងព្រះបន្ទូលព្រះអម្ចាស់ ៖ ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ; ការធ្វើតាមការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ ; ការធ្វើតាមអ្នកដឹកនាំសាសនាចក្រក្នុងស្រុក ; ការសិក្សាព្រះគម្ពីរនៅក្នុងសាសនាចក្រ និងក្នុងថ្នាក់សិក្ខាសាលា ; ការធ្វើតាមពាក្យសម្ដីរបស់ព្យាការីថ្ងៃចុងក្រោយ ។.
សូមឲ្យសិស្សសញ្ជឹងគិតពីរបៀបដែលការបង្ហាញជំនឿទៅលើព្រះបន្ទូលព្រះអម្ចាស់តាមរបៀបមួយ នៃរបៀបទាំងនេះ បានដឹកនាំពួកគេឲ្យទទួលបានវិវរណៈបន្ថែមទៀត ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយអ្វីដែលពួកគេបានជួប ។
សូមសំដៅជាថ្មីម្ដងទៀតទៅលើឧទាហរណ៍ដែលបានសរសេរនៅលើក្ដារខៀន ។ សូមឲ្យសិស្សពិចារណាពីឧទាហរណ៍ទាំងនោះ នៅពេលពួកគេសញ្ជឹងគិតដោយស្ងាត់ស្ងៀមអំពីរបៀបណាដែលល្អដើម្បីបង្ហាញជំនឿរបស់ពួកគេទៅលើព្រះបន្ទូលនៃព្រះ ។ សូមណែនាំ ចំពោះឧទាហរណ៍នីមួយៗ ពួកគេគួរវាយតម្លៃលើខ្លួនគេពី 1 ដល់ 10 ដោយការដាក់លេខ 10 មានន័យថា ឧទាហរណ៍នេះសំដៅទៅលើអ្វីមួយដែលពួកគេបានធ្វើល្អប្រសើរ ។ សូមឲ្យសិស្សសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់អំពីរបៀបមួយដែលពួកគេអាចបង្ហាញនូវសេចក្ដីជំនឿកាន់តែខ្លាំងជាងមុន ទៅតាមការដឹកនាំដែលពួកគេបានទទួលពីព្រះអម្ចាស់រួចមកហើយនោះ ។ សូមចែកចាយទីបន្ទាល់របស់អ្នកអំពីគោលការណ៍ដែលអ្នកបានសរសេរនៅលើក្ដារខៀន ហើយសូមលើកទឹកចិត្តសិស្សឲ្យធ្វើតាមគោលដៅដែលពួកគេបានសរសេរមកនោះ ។
សូមលុបឃ្លា « ជឿលើព្រះបន្ទូលព្រះអម្ចាស់ » ពីលើក្ដារខៀន ។ សូមបង្ហាញថា ព្រះអម្ចាស់បានបង្រៀនពីគោលការណ៍បន្ថែមទៀតអំពីការទទួលបានវិវរណៈ ។ សូមឲ្យសិស្សអាន អេធើរ 4:13–15 ដោយស្ងាត់ស្ងៀម ដោយរកមើលរឿងផ្សេងៗទៀតដែលពួកគេអាចធ្វើបាន ដើម្បីទទួលបានវិវរណៈពីព្រះអម្ចាស់ ។
នៅពេលសិស្សបានមានពេលអានហើយ សូមឲ្យពួកគេផ្តល់យោបល់ពីរបៀបដើម្បីបំពេញប្រយោគនេះ ។ ចម្លើយអាចរួមមានគោលការណ៍ដូចខាងក្រោម ៖ នៅពេលយើងចូលមករកព្រះអម្ចាស់ នោះព្រះអម្ចាស់នឹងប្រទានពរដល់យើងឲ្យទទួលបានវិវរណៈបន្ថែមទៀត ។ នៅពេលយើងអធិស្ឋានដោយរាបសា នោះព្រះអម្ចាស់នឹងប្រទានពរដល់យើងឲ្យទទួលបានវិវរណៈបន្ថែមទៀត ។
ដើម្បីជួយសិស្សឲ្យយល់ពីគោលការណ៍ទាំងនេះកាន់តែច្បាស់ សូមគិតពីការសួរសំណួរដូចខាងក្រោមនេះ ៖
-
តើវាមានន័យយ៉ាងណាចំពោះអ្នក ដើម្បីមករកព្រះអម្ចាស់ ? ( ចម្លើយអាចរួមមាន ការសិក្សាព្រះបន្ទូលរបស់ទ្រង់ ការបែរដួងចិត្តទៅរកទ្រង់ ការប្រែចិត្ត និងការធ្វើតាម ព្រមទាំងគោរពតាមទ្រង់ ) ។
-
តើវាមានន័យយ៉ាងណា ដែលមានចិត្តសង្រេង និង វិញ្ញាណទន់ទាប ? ( ការបន្ទាបខ្លួន ប្រែចិត្ត និងទទួលយកតាមព្រះឆន្ទៈរបស់ព្រះអម្ចាស់ ) ។ តើហេតុអ្វីបានជាឥរិយាបថទាំងនេះចាំបាច់ នៅពេលយើងអធិស្ឋានសុំឲ្យមានវិវរណៈបន្ដមកពីព្រះអម្ចាស់ ?
សូមឲ្យសិស្សពិចារណាពីរបៀបដែលពួកគេអាចអនុវត្តគោលការណ៍ទាំងនេះនៅក្នុងការខិតខំរបស់គេដើម្បីទទួលបានវិវរណៈ ។
សូមសង្ខេប អេធើរ 4:17–19 ដោយការពន្យល់ថា ព្រះអម្ចាស់បានប្រកាសថា ការលេចចេញមកនៃព្រះគម្ពីរមរមននឹងជាទីសម្គាល់មួយថា កិច្ចការថ្ងៃចុងក្រោយរបស់ព្រះបានប្រកាសហើយ ។ ទ្រង់ក៏បានតឿនឲ្យប្រជាជនទាំងឡាយប្រែចិត្ត និងចូលមករកទ្រង់ដែរ ។
អេធើរ 5
លោកមរ៉ូណៃប្រកាសថា សាក្សីបីនាក់នឹងឃើញ ព្រមទាំងថ្លែងទីបន្ទាល់អំពីផ្ទាំងចំណារទាំងឡាយ
សូមលើករូបភាព យ៉ូសែប ស៊្មីធ កំពុងបកប្រែព្រះគម្ពីរមរមន ឡើង ( សៀវភៅរូបភាពដំណឹងល្អ [ ឆ្នាំ 2009 ], លេខ 92 ) ។ សូមឲ្យសិស្សម្នាក់អាន អេធើរ 5:1–3 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយស្រមៃមើលនូវអ្វីដែលវាអាចកើតមានឡើង ពេល យ៉ូសែប ស៊្មីធ បកប្រែព្រះគម្ពីរមរមន ហើយដឹងថាការប្រឹក្សានេះត្រូវបានសរសេរដោយផ្ទាល់ដល់លោក ដោយលោកមរ៉ូណៃកាលពីជាង 1,400 ឆ្នាំមុននោះ ។
-
តើលោកមរ៉ូណៃបានមានប្រសាសន៍អ្វីខ្លះ អំពីផ្ទាំងចំណារទាំងឡាយដែលលោកបាន « បិទត្រាទុក » នោះ ?
-
យោងតាម អេធើរ 5:2–3 តើយ៉ូសែប នឹងត្រូវមានអភ័យឯកសិទ្ធិដើម្បីធ្វើអ្វីជាមួយនឹងផ្ទាំងចំណារទាំងនោះ ?
សូមឲ្យសិស្សប្រាប់ឈ្មោះសាក្សីនៃព្រះគម្ពីរមរមនបីនាក់ និងរំឭកពីអ្វីដែលពួកលោកបានជួប ។ ( ប្រសិនបើសិស្សត្រូវការជំនួយ សូមឲ្យពួកគេអាន « ទីបន្ទាល់នៃពួកសាក្សីបីនាក់ » នៅដើមទំព័រនៃព្រះគម្ពីរមរមន ) ។ អ្នកអាចពន្យល់ថា បន្ថែមទៅលើសាក្សីបីនាក់ អ្នកផ្សេងទៀតបានថ្លែងទីបន្ទាល់អំពីភាពពិតនៃផ្ទាំងចំណារមាស រួមមានសមាជិកនៃក្រុមព្រះ ( សូមមើល អេធើរ 5:4 ) មរ៉ូណៃ ( សូមមើល អេធើរ 5:6 ) យ៉ូសែប ស្ម៊ីធ និងសាក្សីប្រាំបីនាក់ ។
-
តើអ្នកអាចក្លាយជាសាក្សីម្នាក់នៃព្រះគម្ពីរមរមនដោយរបៀបណា ទោះបីជាមិនបានមើលឃើញផ្ទាំងចំណារក្ដី ? តើទីបន្ទាល់របស់អ្នកអំពីព្រះគម្ពីរមរមនអាចមានឥទ្ធិពលលើមនុស្សផ្សេងទៀតដោយរបៀបណា ?
ដើម្បីបញ្ចប់មេរៀននេះ សូមឲ្យសិស្សពីរបីនាក់ចែកចាយទីបន្ទាល់របស់ពួកគេអំពីព្រះគម្ពីរមរមន ។